ចលនាអក្សរសិល្ប៍ខ្មែរ
កាលដើមឡើយ
អ្នកសិក្សាបានបែងចែកចលនាអក្សរសិល្ប៍ជាបួន គឺចលនាព្រាហ្មណ៍ និយម ចលនាពុទ្ធិនិយម
ចលនាខេមរនិយម និងចលនាបរទេសនិយម។
ក្រោយមកដោយមានភាពមិនច្បាស់លាស់ក្នុងការកំណត់នូវប្រភេទចលនាបែបបរទេស
និយម ទើបយើងបែងចែកចលនាអក្សរសិល្ប៍ត្រឹមតែបី គឺចលនាព្រាហ្មណ៍និយម
ចលនាពុទ្ធិនិយម និងចលនាខេមរនិយម។
១-ចលនាអក្សរសិល្ប៍ព្រាហ្មណ៍និយម
ព្រហ្មញ្ញសាសនាបានចាក់ឫសយ៉ាងជ្រៅក្នុងក្រអៅបេះដូងខ្មែរ។
នៅពេល បច្ចុប្បន្នទោះបីជាព្រហ្មញ្ញសាសនាត្រូវរលុបរលាយស្ទើរតែអស់គ្មានសល់
រូបរាងពីសង្គមខ្មែរក៏ដោយ ក៏ឥទ្ធិពលនៃសាសនានេះ នៅតែមានអាទិភាព
ក្នុងចិត្តគំនិតទំនៀមទម្លាប់ប្រពៃណីក្នុងសង្គមខ្មែរ និងជ្រៀតចូលលាយឡំ
ក្នុងព្រះពុទ្ធសាសនា ព្រមទាំងអក្សររបស់ខ្មែរផងដែរ។
អក្សរព្រាហ្មណ៍និយមមានលក្ខណៈពិសេសដូចតទៅៈ
ក-ផ្តើមរឿង
អ្នកនិពន្ធច្រើនលើកគុណបារមី
មហិទ្ធិរិទ្ធរបស់អវតានៃព្រះវិស្ណុ ឫអ្នកនិពន្ធពណ៌ ពីទេសភាពព្រៃព្រឹក្សាជុំវិញអាស្រមឥសី
រួចចូលដល់ដំណើររឿង។
ខ-តួរឿង
អត្ថន័យក្នុងដំណើររឿងច្រើនលើកពីចម្បាំងរាំងជល់តៗគ្នាមិនចេះចប់។
ទំនាស់វិបត្តិមានពីតឹងតែងទៅធូរស្រាល ពីធូរស្រាលទៅតឹងតែង រួចបង្កើត សោកនាដកម្ម…។
បញ្ហារបស់រឿងច្រើនដោះស្រាយដោយប្រើហិង្សា
ឬអសន្តិវិធី។
បញ្ហាស្នេហាក្នុងអក្សរសិល្ប៍ព្រាហ្មណ៍និយមជាស្នេហាឈ្នានីស
ហើយ បញ្ហាស្នេហារច្រើនជាប្រភេទនៃសង្គ្រាមទៀតផង
តួអង្គក្នុងរឿងមាន អាទិទេព អវតា
មនុស្សសាមញ្ញ គ្រុឌ យក្ស ពានរ…។
ពាក្យពេចន៍ដែលប្រើប្រាស់ក្នុងអក្សរសិល្ប៍ព្រាហ្មណ៍និយមច្រើនជាពាក្យ
សំស្រ្កឹត លាយឡំនឹងពាក្យខ្មែរបុរាណ និងមានពាក្យបាលីបន្តិចបន្តូច។
គ-បញ្ចប់រឿង
អ្នកនិពន្ធបញ្ចប់ដោយអោយសភាវៈល្អឈ្នះសភាវៈអាក្រក់ដូចជា
យក្ស អសុរៈ ជាដើម។
ឥទ្ធិពលសាសនាព្រាហ្មណ៍ចំពោះសង្គមខ្មែរ
ព្រហ្មញ្ញសាសនាចូលមកចាក់ឫសនៅលើកទឹកដីកម្ពុជាតាំងតែពីស.វទី១មកម្លេះ។
ភស្តុតាងឥទ្ធិពលព្រហ្មញ្ញសាសនាក្នុងសង្គមខ្មែរមានដូចជាៈ
-ព្រះរាជាខ្មែរសម័យមុនកាន់សាសនាព្រាហ្មណ៍
-អក្សរសំស្រ្កឹត
-អក្សរសិល្ប៍បែបព្រាហ្មណ៍និយម
-សំណង់ប្រាសាទរាប់ពាន់
-ពិធីនានានៅក្នុងរាជវាំង
-ប្រជារាស្រ្តខ្មែរនៅតែជឿទៅលើអាទិទេពនិងកម្លាំងក្រៅខ្លួន
-ទំនៀមទម្លាប់សែនព្រេនក្នុងពិធីមង្គលការ
សង់ផ្ទះ ឡើងផ្ទះ ។ល។
-ស្រង់ទឹកព្រះ ព្រះសង្ឃ យាយតា និងមាតាបិតា
-បង្កើតចិត្តក្លាហាន
-មានរូបចម្លាក់ជាច្រើនដូចជា ព្រះព្រហ្ម
ព្រះវិស្ណុ ព្រះសិវៈ លិង្គព្រះឥសូរ..។
២-អក្សរសិល្ប៍ពុទ្ធិនិយម
ក-ចលនានៃអក្សរសិល្ប៍ពុទ្ធិនិយម
ដោយយោងទៅលើអត្ថន័យរបស់រឿង
យោងទៅលើការបរិច្ឆេទតែងនិពន្ធ គេចែកអក្សរពុទ្ធិនិយមជាបីប្រភេទគឺ
អក្សរសិល្ប៍ពុទ្ធិនិយមសុទ្ធសាធ អក្សរសិល្ប៍ពុទ្ធិនិយមក្លែងក្លាយ
និងអក្សរសិល្ប៍ពុទ្ធិនិយមក្លែងក្លាយហួសហេតុ។
១-អក្សរសិល្ប៍ពុទ្ធិនិយមសុទ្ធសាធ
សំគាល់លើស្នាដៃអក្សរសិល្ប៍ក្នុងរឿងទសជាតក ជាគម្ពីរសំខាន់របស់ព្រះពុទ្ធ
សាសនា។ទសជាតកគឺរឿងទាំង១០ ដែលលើកពីការតស៊ូរបស់ព្រះសម្មាសម្ពុទ្ធ
ក្នុងពេលព្រះអង្គយោលយកកំណើតជាតួអង្គព្រះពោធិសត្វក្នុងជាតិផ្សេងៗ ក្នុង
ការកសាងបារមីដើម្បីបានត្រាស់ជាព្រះសម្មាសម្ពុទ្ធ។
គម្ពីរទសជាតកត្រូវបានប្រជាជនខ្មែរ
និយមរាប់រកក្រៃលែង។ កាលពីជំនាន់ដើម គេតែងប្រជុំគ្នាធ្វើបុណ្យជារៀងរាល់ឆ្នាំ
ដោយប្រមូលផ្តុំប្រជុំគ្នាស្តាប់គម្ពីរទស ជាតកគឺនៅថ្ងៃទី១ គេស្តាប់ព្រះធម្មគោរព
ថ្ងៃទី២ ទី២ និងទី៤ ស្តាប់លោកទេសន៍ ជាតកទាំង៩ តៗគ្នាជាលំដាប់លំដោយ។
នៅថ្ងៃទី៥គេស្តាប់លោកទេសន៍មហា វេស្សន្តរជាតកពេញមួយថ្ងៃ។ នៅថ្ងៃទី៦
គេស្តាប់ធម៌ទេសនាពីពុទ្ធប្រវត្តិ ជា ពិសេសគឺបឋមសត្រាស់
ហើយនៅយប់នេះគេធ្វើពិធីពុទ្ធាភិសេក នៅថ្ងៃស្អែក ឡើងជាថ្ងៃទី៧
គេធ្វើសង្គាយនាឆ្លងបុណ្យ។
រឿងទាំង១០នៃទសជាតក ដែលចាត់ទុកជាស្នាដៃនៃអក្សរសិល្ប៍ពុទ្ធិនិយម សុទ្ធសាធរួមមាន៖
១-រឿងតេមិយជាតក
៦-រឿងភូរិទត្តជាតក
២-រឿងមហាជាតក ៧-រឿងចន្ទកុមារជាតក
៣-រឿងសុវណ្ណសាមជាតក ៨-រឿងនារទជាតក
៤-រឿងនេមិរាជជាតក ៩-រឿងវិធូរបណ្ឌិតជាតក
៥-រឿងមហោសថជាតក ១០-រឿងមហាវេស្សន្តរជាតក
២-រឿងមហាជាតក ៧-រឿងចន្ទកុមារជាតក
៣-រឿងសុវណ្ណសាមជាតក ៨-រឿងនារទជាតក
៤-រឿងនេមិរាជជាតក ៩-រឿងវិធូរបណ្ឌិតជាតក
៥-រឿងមហោសថជាតក ១០-រឿងមហាវេស្សន្តរជាតក
២-អក្សរសិល្ប៍ពុទ្ធិនិយមក្លែងក្លាយ
ត្រូវបានស្តែងចេញតាមរយៈស្នាដៃអក្សរសិល្ប៍រឿងបញ្ញាសជាតក។
អ្នកនិពន្ធខិត ខំបង្កើតស្នាដៃនេះឡើយ
ដោយពឹងផ្អែកលើគោលទស្សនៈទ្រឹស្តីនៃលទ្ធិពុទ្ធសាស
នាផងនិងបញ្ចូលបន្ថែមគោលនិយមនៃសាសនាព្រាហ្មណ៍ខ្លះ។ តាមការស្រាវ ជ្រាវរឿងបញ្ញាសជាតក
ត្រូវបាននិពន្ធឡើយក្នុងអំឡុងព.ស២០០០-២២០០ គឺរវាង គ.ស១៤៥៧-១៦៥៨
ដោយសារភិក្ខុសង្ឃខ្មែរ ថៃ ឡាវ ភូមា ចេញទៅសិក្សាធម្ម វិន័យនៅលង្កាទ្វីប។
លុះចេះដឹងស្ទាត់ហើយក៏ត្រឡប់មកស្រុកវិញ ចាប់និពន្ធរឿង រ៉ាវតាមទំនាក់ទំនងនិទានជាតក។
នៅប្រទេសកម្ពុជាយើង រឿងបញ្ញាសជាតក
ដំបូងសរសេរជាពាក្យបាលីរហូតមក សតវត្សរ៍ទី១៨ និង១៩
ទើបត្រូវបានកវីបណ្ឌិតយើងប្រែសំរាយជាពាក្យកាព្យស្លោក ក៏មានជាបទល្ខោនក៏មាន។
ប្រជាពលរដ្ឋខ្មែរនិយមរាប់អានមើលកំសាន្តក្នុងពេលលំហែពីការងារ
រឺចូលចិត្តយក រឿងរ៉ាវនេះទៅនិទានដំណាលដល់កូនចៅតៗគ្នា។
បញ្ញាសជាតករបស់ខ្មែរយើងរួមមាន៖
១-សមុទ្ទឃោស
១៨-សធកុមារ
៣៥-សុធនុ
២-រតនប្បជោត
១៩-សិរីវិបុលកិត្តិ
៣៦-វិបុលរាជ
៣-សិរីចូឌាមណី
២០-ចន្ទរាជ
៣៧-សព្វមិត្ត
៤-សិរីធរសដ្ឋី
២១-សព្វសិទ្ធិ
៣៨-ទុលកបណ្ឌិត
៥-អាទិត្តរាជ
២២-ទុកមានិក
៣៩-មហាសុរសេន
៦-សុវណ្ណកុមារ
២៣-ធនករាជ
៤០-វីរិយបណ្ឌិត
៧-ធម្មាសោក
២៤-សុទស្សនមហារាជ
៤១-វដ្តង្គុរាជ
៨-បោរាណកបិលបុរនរិន្ទ ២៥-ធម្មិកបណ្ឌិត
៤២-មហាបុរិស
៩-ធម្មរាជ
២៦-នរជីវ
៤៣-សុរូប
១០-មហាបទុមកុមារ
២៧-ភណ្ឌាគារិកកុមហារ ៤៤-ពហុលគាវី
១១-សេតបណ្ឌិត
២៨-បុប្ផារាជ
៤៥-ពារាណសិរាជ
១២-ព្រហ្មឃោសរាជ
២៩-ទេវទុក្ខកុមារ
៤៦-សលភ
១៣-សិទ្ធិសារកុមារ
៣០-នរជីវ
៤៧-អតិទេវរាជ
១៤-សិម្ភនាទ
៣១-សុវណ្ណសង្ខរាជកុមារ
៤៨-សុរព្ភ
១៥-ទេវន្ទ
៣២-សុវណ្ណកច្ឆប
៤៩-សុបិនកុមារ
១៦-សុវណ្ណវង្ស
៣៣-សិទ្ធិសារ
៥០-សិរីរាជកុមារ
១៧-ចន្ទឃាត
៣៤-សទ្ធាតិស្សចក្កវត្តិ
៣-អក្សរសិល្ប៍ពុទ្ធិនិយមក្លែងក្លាយហួសហេតុ
ជាអក្សរសិល្ប៍ពុទ្ធិនិយមមួយបែប
ដែលពុំមែនជាទសជាតក ឬបញ្ញាសជាតក
ជាស្នាដៃអក្សរសិល្ប៍ខ្មែរកើតនៅសម័យកណ្តាលដែលទទួលឥទ្ធិពលតិច រឺច្រើន
ពីលទ្ធិពុទ្ធសាសនាដែរ។ អ្នកនិពន្ធច្រើនលើកយកទស្សនៈកម្មផលមកផ្សំជាមួយ
ជីវិតលោកិយសច្ចៈ គួបផ្សំសកម្មអច្ឆរិយ ការហោះហើរដើរលើអាកាស មន្តអាគម
នៃលទ្ធិព្រាហ្មណ៍។
អក្សរប្រភេទនេះច្រើនជាសាស្រ្តាល្បែង
ដែលកើតឡើងនៅសតវត្សរ៍ទី១៨ ឬ១៩ ដែលមានឈ្មោះអ្នកនិពន្ធច្បាស់លាស់ មានដូចជា
ក្រុងសុភមិត្រ កោសាធិបតីកៅ ភោគកុលកុមារ ឧកញ៉ាព្រះឃ្លាំងនង កាកី ព្រះបាទអង្គដូង
មរណមាតា ឥន្ទបញ្ញាអ៊ុក
ខ-លក្ខណៈពិសេសនៃអក្សរសិល្ប៍ពុទ្ធនិយម
១-ផ្នែកអត្ថបទ
អត្ថន័យរឿងច្រើនទាក់ទងការកសាងបារមីរបស់តួអង្គព្រះពោធិសត្វទាក់ទងនឹងជំនឿកម្មផល។
២-បញ្ហាចោទ និងដំណោះស្រាយ
បញ្ហាចោទ
និងដំណោះស្រាយនៅលើទំនាស់វិបត្តិរវាងព្រះពោធិសត្វ និងទ្រព្យសម្បត្តិ
រវាងទ្រព្យសម្បតិ្តនិងបិតា ភរិយាដើម្បីលោភៈ ទោសៈ មោហៈ
និងស្នេហារវាងទ្រព្យសម្បតិ្ត និងពលរដ្ឋ។
ដំណោះស្រាយបញ្ហានៅក្នុងរឿងគឺតាមបែបសន្តិវិធីអហិង្សា។
បង្ហាញពីស្នេហាស្មោះត្រង់រវាងពោធិសត្វនិងកន្សៃសារពេជ្ញ។
នៅទីបញ្ចប់ពោធិសត្វទទួលជ័យជំនះបានជួបជុំគ្រួសារ
ឡើងសោយរាជ្យត្រូវបានមហាជនគោរព និងសរសើរចំពោះបារមីព្រះអង្គ។
៣-ផ្នែកអត្ថរូប : មានលក្ខណៈឯកភាពគ្នាដូចតទៅ៖
ក-ផ្តើមរឿងៈ អ្នកនិពន្ធច្រើនផ្តើមរឿងដោយធ្វើបទនមស្សការគោរពព្រះពុទ្ធ
ព្រះធម៌ ព្រះសង្ឃនិងការនឹកគុណដល់មាតាបិតា និងគ្រូបាធ្យាយ។
ខ-តួរឿង(ដំណើររឿង): ជាការបរិយាយប្រៀបធៀបបាននឹងធម៌ទេសនារបស់ព្រះពុទ្ធអង្គចំពោះភិក្ខុសង្ឃ
ពុទ្ធបរិស័ទទាំងឡាយដើម្បីមើលឃើញពីការកសាងបារមីរបស់ព្រះពោធិសត្វដ៏ស្វិតស្វាញក្នុងអនេកជាតិ។
ច្រើនបំពេចិត្តគំនិតពុទ្ធសាសនិកជនឲ្យជឿបុណ្យបាបខ្លាចអំពើអាក្រក់។
បរិយាយលាយឡំរវាងពុទ្ធចក្រ និងអាណាចក្រ។តួអង្គក្នុងអក្សរសិល្ប៍ពុទ្ធនិយមៈ តួអង្គឯកប្រុសជាពោធិសត្វ
តួអង្គឯកស្រីជានាងកន្សៃសារពេជ្ញ ដែលជាគូរបស់ព្រះពោធិសត្វ។កាលអាកាសៈ ច្រើនប្រព្រឹត្តទៅក្នុងនគរពារាណសី សាវត្ថី
ស្រុកស្រីពិរាស្រ្ត កលិង្គរាស្រ្ត លង្កា ព្រៃហេមពាន្ត…ពោលគឺនៅប្រទេសឥណ្ឌា។
គ-បញ្ចប់រឿងៈ បញ្ចប់ដោយការសរជាតិ
ឲ្យតួអង្គពោធិសត្វសម្រេចជោគជ័យក្នុងសកម្មភាពអ្វីមួយដោយការលើកសរសើរប្រសិទ្ធពរ
ចំពោះការបំពេញកុសលកម្ម
រក្សាសីលរហូតអស់ជន្មាយុរួចទៅកើតក្នុងឋានតុសិតទេវលោកសោយរាជ្យសម្បត្តិទិព្វសុខក្សេមក្សាន្ត។
គោលគំនិតអប់រំអក្សរសិល្ប៍ពុទ្ធនិយម៖ អប់រំឲ្យមានជំនឿលើកម្មផល
អប់រំកាយវាចាចិត្ត អប់រំឲ្យស្រឡាញ់សន្តិភាព ឲ្យមានចិត្តមេត្តាករុណានិងចេះធ្វើទានដល់អ្នកក្រ
កុំឲ្យលោភលន់ហួសហេតុ ប្រកាន់ភ្ជាប់នូវសេចក្តីព្យាយាម ឲ្យប្រើប្រាស់បញ្ញា……
សន្និដ្ឋាន អក្សរសិល្ប៍ពុទ្ធិនិយមជាផ្នែកមួយអក្សរសិល្ប៍ជាតិ
ដែលជាមធ្យោបាយដ៏សំខាន់ក្នុងអប់រំយុវជន ប្រជាពលរដ្ឋខ្មែរយើងឲ្យប្រព្រឹត្តអំពើល្អគ្រប់បែបយ៉ាង
មានសណ្តាប់ធ្នាប់សមសួន និងមានប្រពៃណីល្អប្រសើរ
សាកសមជាពលរដ្ឋដែលគោរពព្រះពុទ្ធសាសនា និងមានអរិយធម៌ខ្ពស់។
អក្សរសិល្ប៍ពុទ្ធនិយមត្រូវតែមានតួនាទីសមស្របនៅក្នុងកម្មវិធីសិក្សាក្នុងសាលារៀននាពេលបច្ចុប្បន្ន។
៣-ចលនាខេមរនិយម(អក្សរសិល្ប៍ទំនើប)
អក្សរទំនើបគឺជាបញ្ញតិ្តដែលប្រទេសជាច្រើននៅលើសាកលលោកបានប្រើប្រាស់។
បញ្ញត្តិនោះជាប់ទាក់ទងនឹងសង្គមទំនើប។
សង្គមទំនើបជាសមិទ្ធផលនៃការរីកចំរើនផ្នែកបច្ចេកវិទ្យានិងវិទ្យាសាស្រ្តរបស់មនុស្សជាតិ។
នៅទ្វីបអ៊ឺរ៉ុបបញ្ញត្តិ អក្សរសិល្ប៍ទំនើប បានកើតឡើងដំបូងនៅស.វទី១៩។
នៅប្រទេសចិនបញ្ញតិ្តអក្សរសិល្ប៍បានលេចចេញនៅរវាងឆ្នាំ១៨៤០។
នៅប្រទេសវៀតណាមបញ្ញតិ្តអក្សរសិល្ប៍ទំនើបបានលេចចេញនៅស.វទី២០។ចំណែកនៅកម្ពុជា
ការសិក្សាពីអក្សរសិល្ប៍ខ្មែរទំនើបទើបតែចាប់ផ្តើមតាមលក្ខណៈទំនើបនៅក្រោយពេលដែលបារាំងចូលស្រុកខ្មែរ
ហើយស្នាដៃអក្សរសិល្ប៍ដែលមានលក្ខណៈទំនើបពេញលេញបានប្រសូតចេញនៅចុងស.វទី៣០
តាមរយៈស្នាដៃរឿង សូផាត របសលោក រីម គិន និងស្នាដៃ ទឹកទន្លេសាប របស់លោក គឹម ហាក់ ។ យើងដឹងហើយថា
អក្សរសិល្ប៍បុរាណខ្មែរជាអក្សរសិល្ប៍បែបប្រពៃណី
ដែលទទួលឥទ្ធិពលយ៉ាងខ្លាំងក្លាពីព្រហ្មញ្ញសាសនា និងពុទ្ធសាសនា។
អក្សរសិល្ប៍ខ្មែរសម័យអាណានិគមនិយមបារាំង
បានចាប់ផ្តើមពេលដែលបារាំងបានបង្ខំឲ្យសម្តេចព្រះនរោត្តមចុះសន្ធិសញ្ញាឆ្នាំ១៨៦៣
រហូតដល់ប្រទេសកម្ពុជាទទួលបានឯករាជ្យពីបារាំងនៅថ្ងៃទី០៩ ខែវិច្ឆិកា
ឆ្នាំ១៩៥៣។ យើងអាចបែងចែកអក្សរសិល្ប៍ជា៣ដំណាក់កាលសំខាន់ៗ៖
-ដំណាក់កាលបារាំងចូលស្រុកខ្មែរដំបូងៈ អក្សរសិល្ប៍ខ្មែរនៅតែបន្តអត្ថិភាពអក្សរសិល្ប៍បែបប្រពៃណី។
សង្គមខ្មែរចាប់ផ្តើមទទួលនូវឥទ្ធិពលទំនើបផ្នែកទាំងរដ្ឋបាល
អប់រំនិងវិទ្យាសាស្ត្របច្ចេកទេស ដូចជា
ស្រុកខ្មែរចាប់ផ្តើមមានរោងពុម្ពនៅឆ្នាំ១៨៧៧ ហើយរហូតដល់ឆ្នាំ១៩០៨
ទើបគេឃើញមានបោះពុម្ពស្នាដៃអក្សរសិល្ប៍ជាអក្សរខ្មែរគឺរឿងបណ្តាំតាមាស ដែលមានអក្ខរាវិរុទ្ធប្រហាក់ប្រហែលនឹងអក្ខរាវិរុទ្ធសម័យឧត្តុង្គ
មានលក្ខណៈស្មុគស្មាញពិបាកអាន ហើយពិបាកយល់។ ឧទាហរណ៍ បន្ឌាំតាមាស ប៉ា្ឈ
ដ្បិតកាល្ន៉ោះពួកកងទាព់សៀម ន្យីាយ…….។
-ដំណាក់ចាប់លេចចេញនូវស្នាដៃមួយចំនួនៈ ដែលវិធីនិម្មិតកម្មបានប្រែប្រួលពីទស្សនៈសាសនាមករកទស្សនៈលោកិយសច្ចៈ
(ខេមរនិយមជាមូលដ្ឋាន) វិញ។
ទោះជាយ៉ាងណាវិធីនៃការសរសេរនៅតែប្រើប្រាស់នូវកំណាព្យដែលជាឥទ្ធិពលនៃអក្សរសិល្ប៍សម័យមុនៗដដែល។
ឧទាហរណ៍ ស្នាដៃរឿងទុំទាវ របស់ភិក្ខុសោម ឆ្នាំ១៩១៥
បានងាកចេញពីឥទ្ធិពលសាសនា វិលមករកទស្សនៈលោកិយសច្ចៈខាងផ្នែកអត្ថន័យ
តែផ្នែកអត្ថរូបនៅរក្សាប្រហាក់ប្រហែលនឹងសម័យមុនៗដដែល។
-ដំណាក់ចុងក្រោយៈ លុះដល់ឆ្នាំ១៩៣៨ ស្នាដៃអក្សរសិល្ប៍បែបទំនើបពេញលក្ខណៈ បានចាប់កំណើតតាមរយៈស្នាដៃរបស់លោក រីន គិន រឿងសូផាត ដែលបានបោះពុម្ពនៅឆ្នាំ១៩៤២ នៅទីក្រុងព្រៃនគរ។ ឯស្នាដៃ ទឹកទន្លេសាប របស់អ្នកនិពន្ធ គឹម ហាក់ បានតែងនិពន្ធនឹងចុះផ្សព្វផ្សាយក្នុងទស្សនាវដ្តីកម្ពុជសុរិយានាឆ្នាំ១៩៣៩។ អ្នកនិពន្ធទាំងពីរនាក់ បានទទួលការបណ្តុះបណ្តាលចំណេះដឹងទំនើបរបស់បារាំង មានទស្សនៈលោកិយសច្ចៈ ផ្តាច់ចេញពីវិធីនិម្មិតកម្មដែលទទួលឥទ្ធិពលសាសនា ដូច្នេះហើយបានជាគេសង្កេតឃើញថា វិធីសាស្រ្តនៃការសរសេររឿងទាំងឡាយ គឺអ្នកនិពន្ធយកតាមលំនាំបច្ចិមប្រទេស។ មានទស្សនៈខ្លះយល់ថា អក្សរសិល្ប៍សម័យអាណានិគមបារាំងសុទ្ធតែជាអក្សរសិល្ប៍ប្រតិកិរិយាបម្រើឲ្យពួកបារាំងទាំងអស់ ដូចជា ចម្រៀងប្រជាប្រិយពោលថា កញ្ចាញ់ចេកអើយទុំលើមែកស្វាយ ស្រុកយើងសប្បាយដោយសារបារាំង….ជាដើម។ តាមពិតនៅសម័យនោះ អក្សរសិល្ប៍មិនមែនសុទ្ធតែមានប្រតិកិរិយានោះទេ ទោះបីជាបារាំងធ្វើអាណានិគមមកលើសង្គមខ្មែរមែន តែបារាំងមិនអាចបំបិទ ឬវាយបំបាក់ស្មារតីជាតិខ្មែរតាមរយៈអក្សរសិល្ប៍បានឡើយ។ អ្នកនិពន្ធខ្មែរភាគច្រើនមានឧត្តមគតិជាតិខ្ពស់ មានទឹកចិត្តស្រឡាញសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ ជាពិសេសគឺសិទ្ធិបុគ្គល និងរក្សានូវព្រលឹង និង អត្តសញ្ញាណជាតិយ៉ាងរឹងប៉ឹង។ ឧត្តមគតិស្រលាញ់ជាតិយ៉ាងពិតប្រាកដបានស្តែងឡើងតាមរយៈប្រជាប្រិយមួយថា កញ្ចាញ់ចេកអើយទុំលើមែកស្វាយ ស្រុកយើងអន្តរាយដោយសារបារាំង…។ មានស្នាដៃជាច្រើនទៀត ដែលបង្ហាញពីការប្រែប្រួលនៃវិធីនិម្មិតកម្មពីអក្សរសិល្ប៍បែបប្រពៃណីមកជាអក្សរសិល្ប៍បែបទំនើបដូចជា រឿងទាវទុំ របស់ភិក្ខុ សោម រឿងកុលាបប៉ៃលិន របស់លោក ញ៉ុក ថែម ជាដើម។ ចំណែកឯវិធីកម្មអក្សរសិល្ប៍បែបទំនើប ពុំមានក្បួនខ្នាត ឬវិធានច្បាស់លាស់ដូចនៅក្នុងចលនាបែបព្រាហ្មណ៍និយម និងចលនាបែបពុទ្ធិនិយមទេ។ ការនិពន្ធអក្សរសិល្ប៍បែបខេមរនិយមទាំងផ្នែកផ្តើមរឿង តួរឿង និងបញ្ចប់រឿង អាស្រ័យលើចំណេះដឹង បទពិសោធន៍ ចំណង់ចំណូលចិត្តរបស់អ្នកនិពន្ធម្នាក់។
No comments:
Post a Comment