ប្រវត្តិព្រះត្រៃបិដក - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ប្រវត្តិព្រះត្រៃបិដក

ចែករំលែកចំណេះដឹង

 

ព្រះត្រៃបិដកខ្មែរប្រែចប់មុនគេក្នុងចំណោមប្រទេសកាន់ពុទ្ធសាសនា
ព្រះត្រៃបិដកជាភាសាខ្មែរខ្មែរបានប្រែព្រះត្រៃបិដកចប់មុនគេក្នុងចំណោមប្រទេសពុទ្ធសាសនាក្នុងលោក
សាសនាធំៗ សុទ្ធតែមានគម្ពីរ ដែលស្តីពីវចនៈរបស់មេសាសនា ។ គម្ពីរនេះ គេប្រកាន់ទុកជាគម្ពីរស័ក្តិសិទ្ធ ស្មើនឹងមេសាសនាដែរ ។
គម្ពីរព្រាហ្មណ៍ឈ្មោះ វេទ គេទុកជា “គ្រុតិ” (ការបានស្តាប់ឮមក=Révélation) ពីព្រះមហេឝ្វរ (អាទិទេព) ។ គម្ពីរនេះ ចាស់បរមបូរាណបំផុតក្នុងលោក ដែលមនុស្សលោកអាចធ្វើឱ្យកើតឡើងបាន តែមិនដែលមានការរើរៀបចំ (ផ្ទៀងផ្ទាត់) ពីអតីតកាលទេ ទើបតែមានការរើរៀបចំក្នុងពេលដែលគម្ពីរនេះ មានប្រែប្រួល ក្រោមជាលើ លើជាក្រោមទៅហើយ ប្រមានជា ៧០០ ឆ្នាំកន្លងទៅនេះ ។
គម្ពីរគ្រិស្តឈ្មោះ ប៊ីប (Bible)។ គម្ពីរនេះ ក្រោយមរណកាលព្រះយេស៊ូភ្លាម គេមិនទាន់បានរៀបចំចងក្រងជាគម្ពីរនៅឡើយទេ តមកយូរបន្តិច ទើបមានសាវ័ករើរៀបចំចងក្រងទុកជាគម្ពីរ ហើយមានការបន្ថែមមន្ថយច្រើន មិនគង់វង្សនៅត្រង់តាមដើមទាំងស្រុងទេ ។ គម្ពីរ ប៊ីប នេះទៀតក៏ជា “Révélation” (ការបានឮមក) ពីព្រោះអាទិទេពដែរ ។
គម្ពីរឥស្លាមឈ្មោះ កូរ អាន (Qor An) ប្រៃថា “ការអាន” (Lecture) ។ គម្ពីរនេះ មានលក្ខណៈជាច្បាប់សម្រាប់ប្រទេសជាតិ ច្រើនជាជាងលទ្ធិសាសនា ដោយពិសេស ជាច្បាប់សង្គមស្តីពីគ្រូសារ ឬទ្រព្យមត៌ក ។ បទបញ្ញត្តដែលមេសាសនានេះ តែងតាំងឡើង បានបង្គាប់ឱ្យចារឹកទុកលើស្លឹករឹតខ្លះ លើស្បែកសត្វខ្លះ លើឈើខ្លះ លើថ្មខ្លះ ឬសាក់លើទ្រូងមនុស្សខ្លះ ហើយមានអត្ថបទខ្លះ ជាកាព្យនៃកវីនិពន្ធដ៏ពិរោះ ជាភាសាអារ៉ាប់ដ៏ប្រសើរ ។
គម្ពីរលទ្ធិសាសនាជាពាហិរសាសនាទាំង៣ខាងលើនេះ ជាវចនៈនៃព្រះអាទិទេព (មហេឝ្វរ) មិនមែនជារបស់មនុស្សលោកតែងទេ ហើយមិនមែនជាគម្ពីរច្រើនសៀវភៅទេ មានចំនួនតិចណាស់ បើប្រៀបធៀបនឹងគម្ពីរព្រះត្រៃបិដកជារបស់ពុទ្ធសាសនា ។
ក្នុងព្រះពុទ្ធសាសនា គម្ពីរព្រះត្រៃបិដក ជាឃ្លាំងផ្ទុកព្រះពុទ្ធវចនៈ គឺវចនៈនៃអង្គព្រះសម្ពុទ្ធ (Pensée du Bouddha) ដែលទ្រង់ទេសនាទូន្មានរវាង៤៥វស្សា ចាប់តាំងពីទ្រង់បានត្រាស់ដឹងព្រះសម្មាសម្ពោធិញ្ញាណរហូតមកដល់ទ្រង់បរិនិព្វាន ។ វចនៈដែលទ្រង់សម្កែងនេះហៅថា ធម្មវិន័យ ដែលព្រះអង្គសម្ដែងបញ្ញត្ត (ធម្មោ ច វិនយោ ច ទេសិតោ បញ្ញត្តោ) ធម្មវិន័យនេះ មាន៣ ចំណែកគឺ សុត្តន្ត វិន័យ អភិធម្ម ទាំង៣ នេះ ព្រះថេរទាំងឡាយបានសង្គាយនា (ផ្ទៀងផ្ទាត់) ចងក្រងហើយដាក់ទុកមួយក្រុមៗហៅថា តិបិដក ឬព្រះត្រៃបិដក “កញ្ជើបី” (Triple Corbeille)។ ពាក្យថា “បិដក” នេះ បើប្រែថា “ទូ ឬបណ្ណាល័យ” ក៏សឹងតែបានដែរ ។ បើប្រៀបធៀបមើល ឃើញថា គម្ពីរព្រះត្រៃបិដកនេះ មានចំនួនច្រើនជាងគម្ពីរវេទច្រើនណាស់ ច្រើនជាងគម្ពីរប៊ីប១១ដង ច្រើនជាគម្ពីរកូរអានជាអនេក។
គម្ពីរព្រះត្រៃបិដកនេះ បរិសុទ្ធគង់វង្សនៅដូចដើមគ្រប់ប្រការ មានលក្ខណៈជាគម្ពីរសាសនាពេញបរិបូណ៌ ព្រោះមិនមែនជាវចនៈអាទិទេព មិនមែនជាលទ្ធិសាសនា ឬពាហិរសាសនាទេ ។ ក្រោយពុទ្ធបរិនិព្វានភ្លាម មានការធ្វើសង្គាយនាផ្ទៀងផ្ទាត់ភ្លាម ធ្វើឱ្យបានគង់វង្សបរិសុទ្ធនៅដូចដើម មិនមានការបន្ថែមបន្ថយ ឬធ្វើក្រោមជាលើ លើជាក្រោមទេ ហើយសម្រេចប្រើគ្រប់កាលទាំងពួងទៀតផង។
គម្ពីរព្រះត្រៃបិដកមាន៣ចំណែកគឺ វិនយបិដក (១៣ភាគ) សុត្តន្តបិដក (៦៤ភាគ) និងអភិធម្មបិដក (៣៣ភាគ) ។ គម្ពីរទាំង៣នេះ មានអដ្ឋកថា ដីកា យោជនា ប្រកបទៀតផង។
ក វិនយបិដក ជាគម្ពីរស្តីពីច្បាប់ក្រឹត្យក្រម (Discipline) ដែលអង្គព្រះសម្ពុទ្ធទ្រង់បញ្ញត្ត ទ្រង់អនុញ្ញាត ទុកសម្រាប់ជាផ្លូវប្រតិបត្តិរបស់ ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ។ គម្ពីរវិន័យនេះ មានសេចក្តីពិស្តារណាស់ ជាកញ្ចក់ឆ្លុះមើលជីវប្រវត្តិអង្គព្រះសម្ពុទ្ធ ក្នុងកាលដែលទ្រង់គង់ធរមាននៅឡើយ ព្រមទាំងហេតុការណ៍ផ្សេងៗ នៅប្រទេសឥណ្ឌាសម័យព្រះអង្គ ដូចប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ ការរចនា និងវិទ្យាសាស្ត្រផ្សេងៗ ។ល។ វិនយបិដកនេះ មាន៥ គម្ពីរគឺ
១ អាទិកម្ម (ទោសធ្ងន់)
២ បាចិត្តិយ (ទោសស្រាល)
៣ មហាវគ្គ (វគ្គធំ)
៤ ចុល្លវគ្គ (វគ្គតូច)
៥ បរិវារ (បទរាយរង)
ខ សុត្តន្តបិដក ជាគម្ពីរស្តីពីសូត្រ (Aphorisme) ដែលអង្គព្រះសម្ពុទ្ធទ្រង់ត្រាស់ទេសនាក្នុងសម័យផ្សេងៗ ។ មានសូត្រខ្លះ ព្រះអរិយសាវ័កសម្ដែង ដូចព្រះសារីបុត្តត្ថេរ ព្រះមោគ្គល្លានត្ថេរ ព្រះអានន្ទត្ថេរ ។ គម្ពីរសុត្តន្ត ឬគម្ពីរព្រះសូត្រមាន ៥ គម្ពីរគឺ
១ ទីឃនិកាយ សូត្រមានសេចក្តីពិស្តារ
២ មជ្ឈិមនិកាយ សូត្រមានសេចក្តីមធ្យម
៣ សំយុត្តនិកាយ សូត្រមានសេចក្តីប្រហែលៗគ្នា
៤ អង្គុត្តរនិកាយ សូត្រមានសេចក្តីជាក្រុមជាពួក
៥ ខុទ្ទកនិកាយ សូត្រមានសេចក្តីខ្លីៗ
ដទៃពីនេះ មាននិកាយតូចៗ តទៅទៀតចំនួន ១៥ និកាយគឺ ៖
១ ខុទ្ទកបាឋ អត្ថបទខ្លី
២ ធម្មបទ ផ្លូវនៃសច្ចធម៌
៣ ឧទាន គាថាធ្វើឱ្យកើតក្តីរីករាយ
៤ ឥតិវុត្តក សូត្រដែលស្តីថា “មានដូច្នេះ”
៥ សុត្តនិបាត សមុច្ច័យនៃសូត្រ
៦ វិមានវត្ថុ និទានស្តីពីវិមាននៅទេវបុរី
៧ បេតវត្ថុ និទានស្តីពីប្រេត
៨ ថេរគាថា គាថាព្រះថេរទេសនា
៩ ថេរីគាថា គាថាព្រះនាងថេរីទេសនា
១០ ជាតក និទានជាតក
១១ និទ្ទេស ការសម្ដែងពន្យល់
១២ បដិសម្ភិទា វិជ្ជាវិភាគ
១៣ អបទាន ជីវភាពព្រះអរហន្ត
១៤ ពុទ្ធវង្ស ប្រវត្តិអង្គព្រះសម្ពុទ្ធ
១៥ ចរិយាបិដក វិធីប្រតិបត្តិតាមពុទ្ធចរិយា
គ អភិធម្មបិដក ជាគម្ពីរស្តីពីធម៌មានអាថ៌ជ្រាលជ្រៅល្អិតសុខុមបំផុត (Métaphysique) បានដល់ទស្សនវិជ្ជាព្រះសម្ពុទ្ធ ដែលមានអាថ៌គម្ពីរភាពជាអត្ថបទផ្ទុយពីសុត្តន្តវិដក ដែលមានតែអត្ថបទមានអាថ៌រាក់ៗ គឺ សុត្តន្តបិដកជា វោហារទេសនា (Parole Conventionnelle), ឯអភិធម្មបិដក ជាបរមត្ថទេសនា (Parole definitive) ស្តីពីចិត្ត (conscience) ចេតសិក (Mental concomitant) រូប (Matiére) និព្វាន ។ អភិធម្មបិដកនេះព្រះសម្ពុទ្ធទេសនាទុកថា សត្វទាំងអស់ជា “បុគ្គល ឬបុគ្គលបញ្ញត្តិ” (concept) ដោយការវែកញែកយ៉ាងល្អិតសុខុម ទាល់តែចែកលែងកើត ហើយចែករំលែកធម៌ដោយបរុយាយហ្មត់ចត់បំផុត ។ គម្ពីរនេះមានទាំងអស់ ៧ គម្ពីរគឺ ៖
១ ធម្មសង្គណី ការចាត់របៀបធម៌
២ វិភង្គ ការចែករំលែកធម៌
៣ កថាវត្ថុ ចំណុចធម៌ដែលមានសេចក្តីផ្ទុយគ្នា
៤ បុគ្គលបញ្ញត្តិ បញ្ញត្តិថា “បុគ្គល”
៥ ធាតុកថា ការវែកញែកធាតុ
៦ យមក ធម៌គូៗគ្នា
៧ បដ្ឋាន ធម៌ជាបច្ច័យទាក់ទងគ្នា
បិដកទាំងបីរួមឈ្មោះថា តិបិដក ឬត្រៃបិដក ។ ប្រទេសកម្ពុជាយើងបោះពុម្ពជាសៀវភៅខ្នាតធំមានចំនួន ១១០ សៀវភៅ ជាចំនួនដែលលើសផុតគណនា បើប្រៀបធៀបទៅនឹង ពាហិរសាសនាទាំងអស់ក្នុងលោក ។
អំពីសង្គាយនា
ដើម្បីឱ្យបរិសុទ្ធគង់នៅដូចដើម ក្រោយពុទ្ធបរិនិព្វានភ្លាម ព្រះមហាថេរទាំងឡាយចាត់ការធ្វើសង្គាយនាព្រះពុទ្ធវចនៈភ្លាម ដោយហេតុថាសុភទ្ទភិក្ខុធ្វើឱ្យខូចការរៀបរយក្នុងពុទ្ធសាសនា ។ ព្រះអរហន្តជាសង្គីតិការចារ្យ ៥០០ អង្គ មានព្រះមហា កស្សបត្ថេរ ជាប្រធាន ហើយជាអ្នកសួរ ។ ដើមឡើយសួរវិន័យ ព្រះឧបាលិត្ថេរ ជាអ្នកឆ្លើយ តមកសួរធម៌ ព្រះអានន្ទត្ថេរ ឆ្លើយសុត្តន្ត និងអភិធម្ម ។ កាលនោះ មិនទាន់មានចារឹកជាលាយលក្ខណ៍អក្សរទេ សួរឆ្លើយយល់ឃើញថាត្រឹមត្រូវហើយ ទើបព្រះអរហន្តទាំង ៥០០ អង្គ ស្វាធ្យាយគឺសូត្រព្រមគ្នាគ្រប់ទាំង ៥០០ អង្គ ចងចាំរត់មាត់ស្ទាត់ ។ ការចងចាំរត់មាត់ទទេបែបនេះ លោកហៅថា មុខបាឋ ។ ធ្វើដូច្នេះ ហៅថា សង្គាយនា ។ សង្គាយនានេះ ធ្វើអស់ថិរវេលា ៧ខែ ទើបចប់ស្រេច។
សង្គាយនានេះ ឈ្មោះបឋមសង្គាយនា ធ្វើក្រោយពុទ្ធបរិនិព្វានប្រមាណ៣ខែ គឺពុទ្ធសករាជកន្លងទៅបានប្រមាណ ៣ ខែ មុនគ្រិស្តសករាជ ៤៧៦([1]) ឆ្នាំ ធ្វើនៅក្នុងក្រុងរាជគ្រឹះ លើភ្នំវេភារៈ ត្រង់កន្លែងមួយស្ងាត់ ឈ្មោះសត្តបណ្ណគុហា ក្រោមការឧបត្ថម្ភព្រះបាទ អជាតសត្រូវ ដែនមគធៈសព្វថ្ងៃហៅថា រដ្ឋពិហារ ប្រទេសឥណ្ឌា ។
កាលវេលាកន្លងទៅបាន ១០០ ឆ្នាំ មានកើតការប្រព្រឹត្តកន្លងពុទ្ធបញ្ញត្តិ ជាហេតុនាំឱ្យសៅហ្មងមណ្ឌលសង្ឃក្នុងសាសនា ។ ពួកវជ្ជីបុត្ត គឺភិក្ខុជាបព្វជិតកូនចៅអ្នកដែនវជ្ជី ប្រព្រឹត្តកន្លងសិក្ខាបទ ១០ ប្រការ លោកហៅថាវត្ថុ ១០ ប្រការ ។ នេះជាដើមហេតុ នាំឱ្យកើតមានការសង្គាយនា លើកទីពីរឡើង ។ ព្រះយសត្ថេរ (កាកណ្ឌបុត្ត) ប្រកាសការប្រព្រឹត្តកន្លងវិន័យនេះឱ្យព្រះសង្ឃជ្រាបទូទៅ ។
សង្គាយនានេះ ធ្វើឡើងនៅក្រោមអធិបតិភាពព្រះសព្វកាមិត្ថេរ ។ ព្រះរេវតត្ថេរ (សហជាតិ)ជាអ្នកសួរ ព្រះសព្វកាមិត្ថេរ ជាអ្នកឆ្លើយ ព្រះសង្គិតិកាចារ្យជាព្រះអរហន្ត សុទ្ធសឹងជាតិបិដកធរចំនួន ៧០០ អង្គ ធ្វើនៅវត្តវាលុការាម ក្រុងវេសាលី ដែនវជ្ជី ក្រោមព្រះរាជូបត្ថម្ភ ព្រះបាទ កាលាសោក ជាព្រះរាជានៅក្រុងបាដលិបុត្ត([2]) (បត្ន) ប្រទេសឥណ្ឌា ពុទ្ធសករាជកន្លងទៅបានចំនួន ១០០ ឆ្នាំមុនគ្រិស្តសករាជ ៣៧៧ ឆ្នាំ ។ ព្រះសង្ឃនៅចងចាំព្រះពុទ្ធវចនៈដោយមុខបាឋដដែល។ តាមប្រពៃណីតមកនិយាយថា សង្គាយនានេះឈ្មោះទុតិយសង្គាយនា ធ្វើអស់ថិរវេលា៨ខែទើបចប់ស្រេច ។
កាលវេលាកន្លងទៅបានប្រមាណ ២១៨ ឆ្នាំក្រោយពុទ្ធបរិនិព្វាន មានព្រះមហាក្សត្រមួយព្រះអង្គ ព្រះនាមធម្មាសោករាជ ។ កាលនេះ មានការច្របូកច្របល់ឡើងក្នុងធម្មវិន័យព្រះពុទ្ធសាសនា ។ មានអត្ថបទខ្លះនិយាយថា ពួកអ្នកកាន់លទ្ធិព្រាហ្មណ៍ ចូលមកបួសបន្លំជាភិក្ខុ ក្នុងមណ្ឌលពុទ្ធសាសនា ដោយអាស្រ័យការបរិបូណ៌លាភសក្ការៈ ដែលកើតមានឡើងក្នុងរជ្ជកាលព្រះបាទធម្មាសោកមហារាជ ហើយពោលពាក្យអធម្មវាទីចម្រូងចម្រាស់ ធ្វើក្តីបរិសុទ្ធធម្មវិន័យឱ្យកើតទៅជាសទ្ធម្មបដិរូប (Mélanges)។ សេចក្តីខាងលើនេះមានសេចក្តីពិតច្រើនណាស់ព្រោះថា ហេតុការណ៍នេះ ជាបុព្វហេតុនាំឱ្យលទ្ធិសាសនាព្រាហ្មណ៍ក្លាយទៅជាលទ្ធិសាសនាហិណ្ឌូមួយត្រឡប់ទៀត ព្រមទាំងជាបុព្វហេតុឱ្យពុទ្ធសាសនាបែកទៅជានិកាយ ហើយសាបសូន្យចេញពីដែនដីឥណ្ឌា ។ ក្នុងកាលនោះឯង ពុទ្ធសាសនាបែកចេញទៅជានិកាយថេរវាទ ឬវិភជ្ជវាទ និងអាចរិយវាទ ឬមហាសាង្ឃិក តទៅ កើតប្រាកដជាពុទ្ធសាសនាលទ្ធិមហាយានមាននិកាយច្រើនរាប់មិនអស់ ។
សង្គាយនាគ្រានេះហៅ តតិយសង្គាយនា ទុកជាមហាសង្គាយនាដ៏ល្អណាស់ ព្រោះជាសង្គាយនាដើម្បីរក្សាសេចក្តីបរិសុទ្ធិធម្មវិន័យឱ្យគង់នៅ តាមដើម ។ ព្រះមហាមោគ្គលិបុត្តតិស្ស ដែលប្រោសព្រះបាទធម្មាសោកមហារាជឱ្យចូលកាន់សាសន៍ពុទ្ធរតន៍ ជាអធិបតីក្នុងការសង្គាយនា មានព្រះអរហន្តជាសង្គីតិកាចារ្យចំនួន ១០០០ អង្គ ចូលប្រជុំនៅក្នុងអសោការាម ក្រុងបាដលិបុត្រដែនមគធៈ ធ្វើអស់ថិរវេលា៩ខែទើបចប់ស្រេច ក្រោមព្រះរាជូបត្ថម្ភព្រះបាទធម្មាសោកមហារាជ ។ សង្គាយនានេះ ក្នុងកាលប្រវត្តិខ្លះមិនឃើញប្រាប់កាលបរិច្ឆេទទេ([3]) ប្រាប់តែកាលបរិច្ឆេទព្រះបាទធម្មាសោកឡើងសោយរាជ្យ ព្រះសង្ឃនៅចងចាំព្រះពុទ្ធវចនៈដោយមុខបាឋដដែលទៀត ។ ក្នុងសង្គាយនាទីបីនេះ ទើបមានការបញ្ចូលសមណទូតទៅប្រកាសពុទ្ធសាសនាឱ្យផុតចេញពីព្រំប្រទល់ប្រទេសឥណ្ឌា ។
នៅជម្ពូទ្វីប ប្រទេសឥណ្ឌាមានសង្គាយនាទីបួនមួយទៀត([4]) ធ្វើនៅដែនកស្មីរ ក្រោមព្រះរាជូបត្ថម្ភនៃព្រះបាទកនិស្កៈ ។
សង្គាយនាទីបីធ្វើស្រេចហើយ សង្ឃសុំនិមន្តព្រះមហិន្ទត្ថេរជាព្រះរាជបុត្រព្រះបាទធម្មាសោក ជាសមណទូតទៅប្រកាសពុទ្ធសាសនានៅលង្កាទ្វីប ។ និមន្តទៅដល់ ព្រះមហិន្ទត្ថេរបានប្រោសព្រះបាទទេវានម្បិយតិស្ស ជាព្រះមហាក្សត្រកោះលង្កា ព្រមទាំងប្រជាជននៅកោះឱ្យចូលកាន់សាសន៍ពុទ្ធរ័តន ។
ដើម្បីប្រតិស្ឋានពុទ្ធសាសនា ព្រះបាទទេវានម្បិយតិស្សក្រាបបង្គំទូលព្រះមហិន្ទត្ថេរ សូមធ្វើសង្គាយនាធម្មវិន័យ ។ សង្គាយនានេះមិនមានហេតុជាក្តីសៅហ្មងកើតឡើងក្នុងព្រះពុទ្ធសាសនាទេ ធ្វើដើម្បីប្រតិស្ឋានពុទ្ធសាសនានៅកោះលង្កា ។ មុនធ្វើការសង្គាយនា ព្រះបាទទេវានម្បិយតិស្សបញ្ជូនទូតឱ្យចូលទៅក្រាបបង្គំគាល់ព្រះបាទធម្មាសោកមហារាជទៅជម្ពូទ្វីប(ប្រទេសឥណ្ឌា) សូមនិមន្តព្រះនាងសង្ឃមិត្តាថេរី ជាព្រះរាជបុត្រីព្រះអង្គ ព្រមទាំងសាខាព្រះមហាពោធិព្រឹក្សទៅកាន់កោះលង្កាផង ត្បិតព្រះនាងអនុឡាទេវីជាព្រះអនុជថ្លៃសព្វព្រះទ័យបព្វជាជាភិក្ខុនី ។ កាលបើព្រះនាងសង្ឃមិត្តាថេរីនិមន្តដល់កោះលង្កាព្រមទាំងព្រះមហាពោធិព្រឹក្សហើយ សង្គាយនានេះក៏ចាប់ផ្តើមធ្វើឡើង ។
កាលនោះ ព្រះសង្ឃលង្កាបានសិក្សាព្រះពុទ្ធវចនៈចេះចាំស្ទាត់ច្រើនអង្គបានចូលរួមធ្វើសង្គីតិកាចារ្យ នៅវត្តថូបារាមក្នុងក្រុងអនុរាធបុរៈ ធ្វើអស់ថិរវេលាចំនួន១០ខែទើបចប់ស្រេច ក្នុងពុទ្ធសករាជ២៣៦(មុនគ្រិស្តសករាជ២៤១ឆ្នាំ) សង្គាយនានេះទុកជាចតុត្ថសង្គាយនា។សង្គាយនារាប់ពីទីបួននេះតទៅនៅប្រទេសឥណ្ឌា មិនមានកាលប្រវត្តិត្រាទុកមកទេ មានតែនៅក្នងកាលប្រវត្តិកោះលង្កា គឺគម្ពីរមហាវង្សនិងទីប
វង្ស ។
ក្នុងកាលប្រវត្តិនៅកោះលង្កា មានសេចក្តីថា ព្រះបាទវដ្តគាមិនីអភ័យ ព្រះមហាក្សត្រកោះលង្កា ទ្រង់កសាងវត្តមួយនៅក្នុងក្រុងអនុរាធបុរៈ ហើយឱ្យឈ្មោះថា“អភយគិរិវិហារ” ប្រគេនមហាថេរព្រះនាមតិស្ស([5]) ។ ព្រះមហាថេរអង្គនេះ កាន់តាមលទ្ធិវជ្ជីបុត្តភិក្ខុផ្ទុយពីធម្មវិន័យ ជាហេតុនាំឱ្យមានការទំនាស់ដល់ព្រះសង្ឃនៅវត្តមហាវិហារ ។ ការមិនចុះសម្រុងគ្នានេះហើយដែលជាហេតុនាំឱ្យកើតសង្គាយនាទីប្រាំឡើង ជាការសង្គាយនាសំខាន់ នាំឱ្យចារឹកព្រះពុទ្ធវចនៈឡើងកាន់ស្លឹករឹត ជាលាយលក្ខណ៍អក្សរមុនដំបូងបង្អស់ក្នុងប្រវត្តិពុទ្ធសាសនា ។
សង្គាយនានេះ ទុកជាបញ្ចមសង្គាយនា សង្គាយនាចារឹកពុទ្ធវចនៈជាលាយលក្ខណ៍អក្សរនៅក្នុងវត្តមហាវិហារ ព្រះពុទ្ធត្ថេរជាប្រធាន ជាអ្នកសួរ ព្រះតិស្សត្ថេរជាអ្នកឆ្លើយ ក្រោមព្រះរាជូបត្ថម្ភព្រះបាទវដ្តគាមិនីអភ័យ ព្រះមហាក្សត្រកោះលង្កា ធ្វើអស់ថិរវេលាមួយឆ្នាំចប់ស្រេច ក្នុងពុទ្ធសករាជ ៥២០ (មុនគ្រិស្តសករាជ២៤ឆ្នាំ) ។
ចំណេរកាលតមក មានការសង្គាយនារាយរងបន្តមកទៀត នៅកោះលង្កា នៅប្រទេសភូមា នៅប្រទេសសៀម ។ នៅប្រទេសភូមា មានការសង្គាយនាហើយចារឹកព្រះពុទ្ធវចនៈជាលាយលក្ខណ៍អក្សរដាក់លើផែនថ្មកែវច្រើនរយផ្ទាំងនៅក្រុងមណ្ឌលេ នៅក្រុងប៉េគូ (ហង្សាវតី) នៅថាទង “ស្រុកមាស”([6]) ។
នៅប្រទេសកម្ពុជាយើង តាំងពីព្រេងនាយដែលមានពុទ្ធសាសនាមកប្រតិស្ឋាននៅលើទឹកដីយើង មិនមានប្រវត្តិស្តីទុកថា បានធ្វើសង្គាយនាព្រះត្រៃបិដកទេ ។ ក្នុងរាជ្យព្រះបាទសម្តេចព្រះស៊ីសុវត្ថិមុនីវង្សព្រះបរមខត្តិយកោដ្ឋ ទើបមានការសង្គាយនាព្រះត្រៃបិដកជាពុទ្ធវចនៈនេះឡើងដំបូង ។ ការសង្គាយនាគ្រានេះ ស៊ីវេលាបីរាជ្យ គឺរាជ្យព្រះបាទសម្តេចព្រះស៊ីវត្ថិមុនីវង្ស រាជ្យព្រះបាទសម្តេចព្រះនរោត្តមសីហនុវរ្ម័ន និងរាជ្យព្រះបាទសម្តេច ព្រះនរោត្តមសុរាម្រឹត គឺតាំងពីពុទ្ធសករាជ ២៤៧៣ (គ.ស. ១៩២៩) ដល់ពុទ្ធសករាជ ២៥១៣ (១៩៦៩) ស៊ីវេលាអស់ ៤០ ឆ្នាំគត់ ។ សង្គាយនានៅប្រទេសកម្ពុជានេះ លោកទុកជាឆដ្ឋសង្គាយនា ឬជាឧត្តមសង្គាយនា “សង្គាយនាដ៏ឧត្តម” ព្រោះមានក្តីពិសេសមួយ ដែលមិនដែលកើតមាននៅក្នុងប្រវត្តិពុទ្ធសាសនា គឺការប្រែព្រះពុទ្ធវចនៈជាភាសាបាលី ដែលមានរាប់ពាន់ឆ្នាំមកហើយទៅជាភាសាជាតិខ្មែរ គឺទំព័រម្ខាងជាបាលី ម្ខាងទៀតជាខ្មែរ ។ នេះជាការពិសេសលើសសង្គាយនាទាំងពួងដែលមានមកហើយ ។ ប្រទេសកាន់ពុទ្ធសាសនាក្តី មិនកាន់ព្រះពុទ្ធសាសនាក្តី កាលបើបានដឹងកិច្ចការដ៏ពិសេសនេះហើយ តែងតែកោតស្ងើចក្រៃលែង ។
ខ្លឹមព្រះធម៌ការសង្គាយនាជាភាសាបាលីដោយមុខបាឋក្តី ចារឹកជាលាយលក្ខណ៍អក្សរក្តី ប្រែជាភាសាជាតិក្តី សុទ្ធតែជការប្រសើរបំផុត ឈ្មោះថា ការរក្សាព្រះពុទ្ធវចនៈទុកដើម្បីឱ្យគង់នៅបរិសុទ្ធដដែល ឈ្មោះថា ញ៉ាំងពុទ្ធសាសនាឱ្យឋិតថេរចីរកាលអង្វែងតទៅ ឈ្មោះថា សាងព្រះសម្ពុទ្ធគ្រប់កាលទាំងពួង បើព្រះពុទ្ធវចននេះ គង់វង្សនៅដរាបណា ឈ្មោះថាព្រះសម្ពុទ្ធគង់ធរមាននៅដរាបនោះ សមដូចពុទ្ធភាសិតថាៈ
#វក្កលិ ! #អ្នកណាឃើញធម៌តថាគត អ្នកនោះឈ្មោះថា ឃើញរូបតថាគត អ្នកណាឃើញរូបតថាគត អ្នកនោះឈ្មោះថា ឃើញធម៌តថាគតដែរ ។
ការបានធ្វើសង្គាយនាព្រះពុទ្ធវចនៈតាំងពីដើមទី ជាការប្រសើរបំផុត ។ ការងារប្រសើរបែបនេះ មិនមានក្នុងពាហិរសាសនាទេ ។ ពុទ្ធសាសនិកជនសប្បាយចិត្តណាស់ កាលបើបានឃើញសាសនារបស់ខ្លួនមានការងារប្រសើរ សប្បាយចិត្តណាស់ កាលបើបានឃើញថា ព្រះសម្ពុទ្ធជាបរមគ្រូរបស់ខ្លួននៅជាមួយខ្លួនគ្រប់កាលវេលា និងបានដឹកដៃនាំខ្លួនដែលខ្វាក់ឱ្យដើរត្រង់តាមមាគ៌ាប្រសើរទៅរកក្តីសុខពិត ដោះស្រាយប្រស្នាជីវិតរបស់ខ្លួនឱ្យដល់អវសាន មិនមានភពថ្មីតទៅទៀត សមដូចពុទ្ធភាសិតថាៈ « អានន្ទ អ្នកណាមួយ ភិក្ខុក្តី ភិក្ខុនីក្តី ឧបាសកក្តី ឧបាសិកាក្តី ប្រតិបត្តិធម៌ត្រឹមត្រូវតាមធម៌ ប្រតិបត្តិដោយភក្តីភាព ប្រតិបត្តិតាមគន្លងធម៌ អ្នកនោះឈ្មោះថា បូជាតថាគត ធ្វើសក្ការៈ គោរពរាប់អានដោយការបូជាដ៏ប្រសើរបំផុត » ។
សេចក្តីក្នុងបច្ឆិមពុទ្ធវចនៈនេះ ប្រែថា “បើអ្នកណាមួយប្រតិបត្តិតាមពុទ្ធវចនៈដោយត្រឹមត្រូវ អ្នកនោះនឹងបានឃើញធម៌(លុះនិព្វាន)ឥតសង្ស័យឡើយ” ព្រោះថា អត្តាធីនភាព(Emancipation) មនុស្សលោកឋិតនៅក្នុងអភិសម័យ (Réalisation) ។ ចំណុចនេះ សំខាន់បំផុត ពាហិរសាសនាធ្វើឱ្យសម្រេចដូចពុំបានឡើយ ។
ព្រះត្រៃបិដកជាពុទ្ធវចនៈនេះ អ្នកប្រាជ្ញក្នុងបច្ចុប្បន្នកាល កោតស្ងើចក្រៃលែង កោតស្ងើចថា ពុទ្ធវចនៈនេះប្រសើរបំផុត បើជាសីលធម៌ ជាសីលធម៌ដ៏លើស, បើជាវិទ្យាសាស្ត្រ ជាវិទ្យាសាស្ត្រដ៏លើស, បើជាទស្សនវិជ្ជា ជាទស្សនវិជ្ជាដ៏លើស, បើជាសាសនា ជាសាសនាដ៏លើស ។ ទស្សនវិទូ អ្នកវិទ្យាសាស្រ្ត អ្នកសីលធម៌ ដែលបានសិក្សាព្រះពុទ្ធវចនៈនេះហើយពោលថា “ការរកឃើញរបស់យើងសព្វថ្ងៃនេះ ព្រះសម្ពុទ្ធរកឃើញរួចហើយ ប្រមាណជា២៥១៣ឆ្នាំ មុនយើងទៅទៀត” ។
#អ្នកប្រាជ្ញស្រាវជ្រាវបុរាណវត្ថុនៅប្រទេសឥណ្ឌា ដែលបានធ្វើការគាស់កកាយពុទ្ធស្ថាន មានសំវេជនីយដ្ឋានជាដើម ពោលថា “ទីឋានទាំងនេះ បើជាទីឋានមនុស្សសាមញ្ញដូចយើងគ្រប់គ្នានុ៎ះ មិនមានប្រយោជន៍អ្វីនឹងមកធ្វើការគាស់កកាយរក អស់ប្រាក់កាស អស់កម្លាំងទេ ព្រោះទីឋានទាំងនេះ សព្វថ្ងៃ ទៅជាទីឋានគួរឱ្យកើតសង្វេគបំផុត កាលដើមធ្លាប់រុងរឿង ឥឡូវទៅជាទីរហោឋាន គេបោះបង់ចោល ។ តែការនេះ មិនមែនដូច្នោះឡើយ ” ព្រះសម្ពុទ្ធនេះ ជាមនុស្សប្លែកណាស់ ជាអច្ឆរិយបុគ្គល មិនមានពីរក្នុងលោកនេះទេ មើលពុទ្ធវចនៈដោយហ្មត់ចត់ ឃើញថា មិនមានលោកណា ដែលចេះនិយាយពិតប្រាកដដូចព្រះអង្គ (Objectivisme) ។ ពុទ្ធវចនៈ “ជាមេសីលធម៌ ជាមេវិទ្យាសាស្ត្រ ជាមេទស្សនវិជ្ជា ជាមេសេដ្ឋកិច្ច ។ល។ សម្រាប់មនុស្សលោក ” ។ ការប្រើកម្លាំងទ្រព្យ កម្លាំងកាយ ក្នុងការរាវរកពុទ្ធស្ថាននេះ ជាការចំណេញ មានប្រយោជន៍ឥតគណនា ឈ្មោះថា “ធ្វើអង្គព្រះសម្ពុទ្ធឲ្យគង់ធរមានឡើងវិញ” ។
#ក្នុងពិធីបុណ្យសម្ពោធឆ្លងពុទ្ធសាសនា ២៥០០ នៅប្រទេសឥណ្ឌា លោកបណ្ឌិតនេរុ បានចំណាយថវិកាជាតិ រៀបចំពុទ្ធស្ថានទាំងឡាយឱ្យបានជាទីរមណីយដ្ឋានឡើងវិញ ។ ប្រជាជនហិណ្ឌូ បានស្តីបន្ទោសលោកយ៉ាងសន្ធឹកបន្ទោសថា “ម្តេចឡើយ ក៏ចំណាយថវិកាជាតិជារបស់ហិណ្ឌូ ទៅតុបតែងពុទ្ធស្ថានដែលមិនមែនជាហិណ្ឌូទៅវិញ ” ។
លោកបណ្ឌិតនេរុ កាលនោះ លោកឆ្លើយតបខ្លីថា “ចុះព្រះពុទ្ធ ជាកូនចៅអ្នកណា? ជាជនជាតិអ្វី? សព្វថ្ងៃក្នុងពិភពលោកទាំងមូលនេះ លទ្ធិហិណ្ឌូ (Hindouisme) របស់អ្នក ក្រៅពីប្រជាជនហិណ្ឌូ តើមាននរណាទទួលស្គាល់ដែរ ឬទេ? ឯព្រះពុទ្ធ មានគេទទួលស្គាល់ពេញសកលលោក ។ ការចំណាយថវិកាជាតិ ដើម្បីព្រះពុទ្ធជាការចំណាយដ៏ប្រសើរ ជាការបូជាដ៏ប្រសើរបំផុត គួរអស្ចារ្យប្លែកណាស់ ! អង្គព្រះសម្ពុទ្ធជាមនុស្សដូចយើងគ្រប់គ្នា តែទ្រង់ជាសពេជ៌្ញ ត្រាស់ទេសនាត្រឹមត្រូវ ពុទ្ធវចនៈទាំងអស់ជាសច្ចធម៌ ។ ទឹកដីលោកយើងនេះ កើតមានឡើងរាប់ហ្មឹនឆ្នាំកន្លងទៅហើយ តើមានមនុស្សលោកប៉ុន្មាន ដែលចេះនិយាយត្រូវប្រាកដដូចអង្គព្រះសម្ពុទ្ធ ក្នុងប្រវត្តិសាស្ត្រលោកយើងនេះ? ។ សំណួរនេះ មិនបានទទួលចម្លើយល្អទេ ។ ចំណុចនេះ មុខគួរឱ្យកោតស្ងើចក្រៃលៃងចំពោះព្រះពុទ្ធវចនៈដែលជនជាតិខ្មែរយើងគ្រប់គ្នាស្គាល់ថា “ព្រះត្រៃបិដក” នេះ ។ អ្នកប្រាជ្ញច្រើននាក់បានសិក្សាពុទ្ធវចនៈ សិក្សាដោយហ្មត់ចត់ អ្នកប្រាជ្ញខ្លះ ពោលថា “តាមពុទ្ធវចនៈ (Pensée Bouddhique)” នេះ ព្រះពុទ្ធមិនមែនជា “អ្នកប្រាជ្ញកណ្តាលហ្វូងមនុស្សល្ងង់ទេ ទ្រង់ជាអ្នកប្រាជ្ញកណ្តាលហ្វូងអ្នកប្រាជ្ញខ្ពស់ទាំងឡាយ” សម័យឧបនិស័ទ ខាងដើមសម័យពុទ្ធកាល មានអ្នកប្រាជ្ញច្រើននាក់ណាស់ (សុទ្ធសឹងជាអ្នកគិតប្រសើរ = Grands Penseurs) ។
ក្នុងប្រវត្តិសាស្ត្រលោកនេះ លទ្ធិសាសនាទាំងអស់ សុទ្ធតែជាពាហិរសាសនា (Religions) ។ វចនៈគឺពាក្យរបស់មេសាសនាទាំងនោះគឺ មេគណាចារ្យ ព្រាហ្មណ៍ គ្រិស្ត មោហម័ត ឡៅត្សឹ ខុងត្សឹ សោរោអាស្ត្រ ទាំងអស់នេះ សុទ្ធតែជាវាទៈ (Doctrine), ជាទិដ្ឋិ (Dogme), ជាអន្តរវាទ (Doctrine ésotérique), ជាពាហិរវាទ (Doctrine exotérique), ទីបំផុតជាអាចរិយមុដ្ឋិ “កណ្តាប់ដៃអាចារ្យ = អាទេព (Dieu) ពោលគឺស្រេចហើយតែមេសាសនាថា ” ។
#ធម្មវិន័យព្រះសម្ពុទ្ធប្រកបដោយហេតុផល មិនមានក្នុង មិនមានក្រៅទេ ក្នុងមហាបរិនិព្វានសូត្រ ព្រះអង្គទ្រង់ត្រាស់ទុកថាៈ “អានន្ទ ! ធម្មវិន័យតថាគតសម្ដែងហើយ មិនមានក្នុង មិនមានក្រៅទែ = ទេសិតោ អានន្ទ មយា ធម្មោ អនន្តរំ អពាហិរំ ” ។ ពុទ្ធវចនៈបញ្ជាក់ច្បាស់ថា “ធម៌ព្រះអង្គ មិនមែនជាអន្តរវាទ (Doctrine ésotérique) ទេ, មិនមែនជា ពាហិរវាទ (Doctrine exotérique)ទេ។ ទីបំផុត ធម៌អង្គព្រះសម្ពុទ្ធមិនមែនជា អាចរិយមុដ្ឋិ = កណ្តាប់ដៃមេសាសនា (Dieu) ទេ។ ក្នុងប្រវត្តិសាសនាសាកលលោកមិនដែលមានមេសាសនាណាអាចពោលដូចអង្គព្រះសម្ពុទ្ធដូច្នេះបានឡើយ ។
ដើម្បីបញ្ចប់ សូមលើកយកសម្ដីលោក រិស ដេវិត (Rhys Dawids) មកពោល លោកនេះបានសិក្សាហើយបានបង្កើតសមាគមមួយឈ្មោះ “ បាលីតិក្សសូសៃយេទី (Pali Text Society) ” នៅក្រុងឡុង បានបោះពុម្ពព្រះត្រៃបិដកជាពុទ្ធវចនៈផ្សាយទូទៅក្នុងសកលលោក ។ អ្នកប្រាជ្ញទូទៅស្គាល់សមាគមនេះ ។ លោកបញ្ចេញយោបល់របស់លោកចំពោះពុទ្ធវចនៈនេះថាៈ “ ពាក្យសម្ដីមេសាសនាទាំងអស់ ទាំងតូច ទាំងធំ មិនមានមេសាសនាណាម្នាក់អាចប្រមូលគោលធម្មបដិបត្តិ ដើម្បីកសាងមនុស្សលោកឱ្យប្រសើរស្មើដោយអដ្ឋង្គិកមគ្គរបស់ព្រះសម្ពុទ្ធបានឡើយ ។
#ព្រះសម្ពុទ្ធចេះប្រមូលគោលប្រតិបត្តិសម្រាប់ទូន្មានមនុស្សយ៉ាងខ្លីត្រឹមតែ៨ ម៉ាត់ ។ ធម៌នេះ បើមនុស្សបានយកមកប្រតិបត្តិហ្មត់ចត់ (ធម្មានុធម្មបដិបត្តិ, អនុធម្មចារ) មនុស្សនឹងបានសម្រេចផលសមតាមប្រាថ្នា ឥតសង្ស័យឡើយ ។ ខ្លួនខ្ញុំដែលបានឃើញធម្មវិន័យប្រសើររបស់ ព្រះអង្គយ៉ាងនេះហើយ ខ្ញុំហ៊ានប្រកាសខ្លួនខ្ញុំនៅកណ្តាលប្រជាជនអង់ឡេសថាៈ «ខ្ញុំជាពុទ្ធសាសនិក» ពេញទ្រពង់មាត់ឥតកោតញញើតឡើយ ។
#ដូច្នេះ ព្រះត្រៃបិដកជាពុទ្ធវចនៈ មានតម្លៃផុតគណនានឹងត្រារាប់បាន សម្រាប់កសាងមនុស្សលោកឱ្យមានគុណសម្បត្តិខ្ពង់ខ្ពស់ មានអរិយធម៌ខ្ពង់ខ្ពស់ ។ ប្រស្នាទុក្ខដែលមនុស្សលោកខំដោះស្រាយយូរអង្វែងហើយមិនទាន់បានសម្រេចផលនោះ បានសម្រេចដោយពុទ្ធវចនៈនេះឯង ។ ពុទ្ធវចនៈជាមធ្យោបាយប្រសើរវិសេស ឬជាច្រកចេញឱ្យផុតពីទុក្ខមិនមានសេសសល់ឡើយ ។
#វិទ្យាសាស្ត្រប្រសើរណាស់ដែរ ដើរផ្លូវស្របតាមពុទ្ធសាសនា តែជាផ្លូវវែង (បបញ្ចធម៌) មិនមានទីបំផុត ជាដំណើរលោកិយវិស័យ ។ សព្វថ្ងៃមនុស្សលោកពេញចិត្តចំពោះវិទ្យាសាស្ត្រ តែវិជ្ជានេះ ដោះស្រាយទុក្ខមិនអស់ជើងទេ ។ ប្រស្នាសុខពីរប្រការគឺ អាមិសសុខ និងនិរាមិសសុខ វិទ្យាសាស្ត្រដោះស្រាយទុក្ខបានខ្លះ ចំពោះតែអាមិសសុខ ឯពុទ្ធសាសនាដោះស្រាយទុក្ខបានអស់ជើង គឺបានសុខទាំងពីរប្រការខាងលើនេះឯង ។
#ផ្លូវលោក #ផ្លូវធម៌មនុស្សលោកបានត្រាយផ្លូវទុកមកស្រេចហើយ តែការដោះស្រាយនូវប្រស្នាទុក្ខស្រេចហើយតែមនុស្សម្នាក់ៗដើរទេ ។ មាគ៌ាត្រង់ទៅដល់គោលបំណងមានគ្រប់ តែបើមនុស្សមិនដើរតាម ផ្លូវក៏ទុកជាឥតប្រយោជន៍ ទឹកសម្រាប់លាងគ្រឿងប្រលាក់ (បាប)ឱ្យស្អាតមាន តែបើគេមិនត្រូវការទឹកលាង នឹងថា ទោសទឹកក៏ឥតអង្គឺមានដែរ ។ ដាវមុត តែបើមុតនៅតែក្នុងស្រោម ក៏មិនមានប្រយោជន៍អ្វីដែរ ។ ព្រះត្រៃបិដកជាពុទ្ធវចនៈ ជាព្រះពុទ្ធមួយព្រះអង្គដែលគង់ធរមាននៅ តែបើមិនមានអ្នកដើរតាម ព្រះពុទ្ធគង់នៅដោយឡែក មនុស្ស សត្វ ទេពតា មារ ព្រហ្ម អង្គុយនៅដោយឡែក ។
(ប្រមូលចងក្រងដោយគណៈកម្មាធិការជាតិនៃខេមរយានកម្មរៀបរៀងដោយ ព្រះវិរិយបណ្ឌិតោ ប៉ាង ខាត់ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ ព.ស ២៥៣៨ គ.ស.១៩៩៥)
_________________________
([1]) ក្នុងពុទ្ធសាសនា គេរាប់យកថ្ងៃទីមួយ ក្រោយពុទ្ធនិព្វានជាថ្ងៃផ្តើមពុទ្ធសករាជ ។ ក្នុងលទ្ធិសាសនាគ្រិស្ត គេបានយកថ្ងៃកំណើតព្រះយេស៊ូ ជាថ្ងៃផ្តើមគ្រិស្តសករាជ ។ លទ្ធិសាសនាឥស្លាម គេរាប់យកថ្ងៃព្រះមោហាម៉ាត់ចូលទៅកាន់ក្រុងយ៉ាត្រិបគឺ ម៉េឌីន (Medina=ក្រុងមុនី) ជាសករាជ ។
([2]) កាលនោះ ដែនវជ្ជីធ្លាក់ទៅក្រោមអំណាចដែនមគធ ។
([3]) កាលប្រវត្តិខ្លះថា ក្នុងពុទ្ធសករាជ២៣៦ ។
([4]) ពុទ្ធសាសនាប្រទេសដទៃទៀត ពុំរាប់សង្គាយនានេះថា ជាសង្គាយនាទី៤ទេ ។
([5]) ព្រះមហាថេរតិស្សអង្គនេះ មាននាមបញ្ញត្តិមួយទៀតថា ធម្មរុចិយៈ ជាអ្នកតែងគម្ពីរមួយឈ្មោះថាវិមគ្គិមគ្គ ជាគម្ពីរប្រណាំងនឹងគម្ពីរវិសុទ្ធិមគ្គ ជាស្នាដៃព្រះពុទ្ធឃោសាចារ្យ ព្រឹត្តការណ៍បែបនេះ កើតមាននៅឧបទ្វីបអាស៊ីភាគអគ្នេយ៍នេះដែរ គឺគម្ពីរសារត្ថសង្គហៈ ជាស្នាដៃព្រះនន្ទាចារ្យ ប្រណាំងនឹងគម្ពីរទីបនីអដ្ឋកថាមង្គលសូត្រ ជាស្នាដៃរព្រះសុមង្គលាចារ្យ ។
([6]) ប្រពៃណីជនជាតិមនថា ទីនេះហើយជា សុវណ្ណភូមិ ។
ព្រះសម្មាសម្ពុទ្ធជាម្ចាស់មុននឹងចូលបរិនិព្វានត្រូវបានព្រះអានន្ទទូលសួរថា "បពិត្រព្រះអង្គទ្រង់ចម្រើន ! ក្រោយពីព្រះអង្គ បរិនិព្វានទៅហើយ តើព្រះអង្គនឹងតែងតាំងអ្នកណាជំនួសព្រះអង្គ? "
ព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់ឆ្លើយជាភាសាបាលីថា
"យោ វោ អានន្ទ មយា ធម្មោ ច វិនយោ ច ទេសិតោ បញ្ញត្តោ សោ វោ មមច្ចយេន សត្ថា"
ប្រែថា "ម្នាលអានន្ទ ! ធម៌ណាដែលតថាគតសម្តែងហើយ និង វិន័យណាដែលតថាគតបញ្ញត្តទុកហើយ ដល់អ្នកទាំងឡាយ លុះអំណះពីតថាគតទៅ ធម៌និងវិន័យនោះនឹងបានជាសាស្តារបស់អ្នកទាំងឡាយ"
សេចក្តីខាងលើនេះសបញ្ជាក់ឱ្យឃើញថា ព្រះបរមសាស្តាទ្រង់តែងតាំងព្រះធម្មវិន័យ គឺ ព្រះត្រៃបិដកឱ្យជាសាស្តារបស់ ពុទ្ធសាសនិកជន ។ ក្រោយពីព្រះអង្គបរិនិព្វានទៅ
បាន ៣ខែ ព្រះអរហន្តសាវ័ក ៥០០ អង្គ ដឹកនាំដោយព្រះមហាកស្សបថេរៈ បានជួបប្រជុំគ្នាធ្វើសង្គាយនាគឺប្រមែប្រមូលរួបរួមពាក្យប្រាមប្រៀនរបស់ព្រះបរមសាស្តា
ទុកជាវគ្គជាស្នើ គម្ពីរដែលប្រមូល រួបរួមពុទ្ធវចនៈនេះហៅថា ព្រះត្រៃបិដក ដែលចាត់ទុកថាជាគម្ពីរដ៏ចំណាស់បំផុតរបស់ព្រះពុទ្ធសាសនា ព្រោះជាគម្ពីរកត់ត្រា ចារឹកវចនៈរបស់ព្រះពុទ្ធជាម្ចាស់និងរបស់ព្រះអរហន្តសាវ័កទុកជាបែបផែនជាង ២៥៥៤ ឆ្នាំកន្លងមកហើយ ។
ការធ្វើសង្គាយនាចាត់ជាដំណើរការផ្ទៀងផ្ទាត់ពុទ្ធវចនៈទុកក្នុងរូបបែបសុក្រិតបំផុត មានដំណើរវិវត្តមក តាំងពីសម័យពុទ្ធកាលរហូតដល់ការ សង្គាយនាព្រះធម្មវិន័យលើកទី ១,២,៣,៤, ៥,៦ តាមលំដាប់ គោលការណ៍ព្រះធម្មវិន័យរបស់ព្រះពុទ្ធសាសនា បន្តវេនមកដោយមុខបាឋៈ(Oral Tradition) គឺ ការទន្ទេញចាំមាត់ទទេ ដែលការទន្ទេញចាំមាត់នេះមានមកជារៀងរហូត លុះត្រាដល់សម័យធ្វើ សង្គាយនាព្រះធម្មវិន័យលើកទី ៥ ក្នុងប្រទេសស្រីលង្កា ។
#សង្គាយនាកត់ត្រាចារឹកពុទ្ធវចនៈដោយមុខបាឋៈបានធ្វើឡើងក្នុងពុទ្ធសករាជ ៤៣៣ ឆ្នាំ គឺ ក្រោយព្រះពុទ្ធជាម្ចាស់បរិនិព្វានទៅបាន ៤៣៣ ឆ្នាំ ក្នុងរជ្ជកាលរបស់ព្រះបាទ
វដ្តគាមណីអភ័យ ដោយមានព្រះរក្ខិតមហាថេរៈជាប្រធាន ធ្វើនៅមល័យជនបទ មូលហេតុដែលត្រូវកត់ត្រា ចារឹកពុទ្ធវចនៈទុកក្នុងគម្ពីរស្លឹករឹតព្រោះការទ្រទ្រង់ដោយមាត់
ទទេ អាចមានកំហុសខុសឆ្គង បានដោយងាយ ព្រោះសតិបញ្ញាក្នុងការទន្ទេញចាំមាត់
របស់កុលបុត្រ ដែលមានសទ្ធា ចាប់ឱនថយជាបណ្តើរៗហើយ ម្យ៉ាងទៀត ព្រះសង្ឃ
ត្រូវទទួល រងគ្រោះថ្នាក់ ដោយគ្រោះធម្មជាតិ និង មហន្តរាយនៃសង្គ្រាមជារឿយ ៗ ធ្វើឱ្យគ្មានពេលវេលាទន្ទេញចាំ ពុទ្ធវចនៈបានខ្លាចក្រែងអ្នកទ្រទ្រង់ ពុទ្ធវចនៈត្រូវរងគ្រោះថ្នាក់ដល់ជីវិត ព្រោះពិចារណាឃើញហេតុភេទទាំងអស់នេះ ទើបត្រូវកត់ត្រាចារឹកពុទ្ធវចនៈទុកក្នុងសត្រាស្លឹករឹត លើសពីនេះទៀត ក៏មានការកត់ត្រាចារឹកអដ្ឋកថាទុកផងដែរ ។
ហេតុនោះគម្ពីរព្រះត្រៃបិដកទើបចាត់ជាគម្ពីរដ៏ល្អពិសិដ្ឋដែលគួរដល់ការសិក្សាស្រាវជ្រាវនិងបដិបត្តិតាម ។
ការដែលពោលថាគម្ពីរព្រះត្រៃបិដកមានសារៈសំខាន់គួរដល់ការសិក្សាស្រាវជ្រាវព្រោះ៖
• ជាទីរួបរួមពុទ្ធវចនៈគឺ ព្រះតម្រាស់របស់ព្រះពុទ្ធជាម្ចាស់ទុក
• ជាតំណាងអង្គព្រះបរមសាស្តារបស់ពុទ្ធសាសនិកជនព្រោះជាទីចារឹក ព្រះធម្មវិន័យទុក
• ជាប្រភពដើមនៃព្រះធម្មវិន័យរបស់ព្រះពុទ្ធសាសនា
•ជាបទដ្ឋានត្រួតពិនិត្យជំនឿនិងសេចក្តីបដិបត្តិក្នុងព្រះពុទ្ធសាសនា
ការវិនិច្ឆ័យអ្វីណា នីមួយថាត្រូវឬខុស ថាជាពុទ្ធសាសនាឬមិនមែន ត្រូវអាស្រ័យព្រះធម្មវិន័យដែលមាន ចែងក្នុងព្រះត្រៃបិដកជាគ្រឿងអារកាត់
• ជាឯកសារយោង ឬ ភស្តុតាងសម្អាងគោលការណ៍ដែលចែងថា
ជាពុទ្ធសាសនា
•ចាត់ជាគម្ពីរគួរឱ្យជឿជាក់បំផុតជាងគម្ពីរណាៗលើលោកដែលអះអាង
ឱ្យមនុស្ស សម័យបច្ចុប្បន្នដឹងថា កាលពី ២៥៥៤ ឆ្នាំមុនព្រះពុទ្ធជាម្ចាស់បានត្រាស់អ្វីទុកខ្លះ
• ចាត់ជាវណ្ណកម្មបុរាណដែលបន្សល់ទុកមកឱ្យអនុជនជំនាន់ក្រោយ
ព្រោះហេតុនេះ ការសិក្សាស្រាវជ្រាវព្រះត្រៃបិដកទើបចាត់ជាកិច្ចការសំខាន់បំផុត
មួយ របស់ពុទ្ធសាសនិកជន ជាកិច្ចការ បន្តវេនអាយុរបស់ព្រះពុទ្ធសាសនា ឬថាជាការងារបន្តសន្តតិវង្សនៃព្រះពុទ្ធសាសនាក៏បានព្រោះដរាបណានៅមានការសិក្សា
ស្រាវជ្រាវព្រះត្រៃបិដកដើម្បីយកទៅបដិបត្តិ ព្រះពុទ្ធសាសនាក៏ស្ថិតស្ថេរគង់វង្សនៅ
ដរាបនោះ ប៉ុន្តែបើមិនមានការសិក្សាស្រាវជ្រាវព្រះត្រៃបិដកទេ បើទុកជាមានការ
បដិបត្តិខ្លះក៏ដោយ ក៏ការបដិបត្តិនោះមិនប្រព្រឹត្តទៅតាមគោលការណ៍ របស់
ព្រះពុទ្ធសាសនាដែរ គឺ ព្រះពុទ្ធសាសនានឹងមិនស្ថិតស្ថេរនៅយូរអង្វែងឡើយ ពោលគឺ នឹងរោយរៀវអន្តរធាន ទៅជារឿយ ៗ ។
#ព្រះធម៌ ឬ ធម្មៈ ( Dharma or Dhamma ) ដែល ព្រះពុទ្ធ បាន សម្តែង អស់ រយៈពេល ៤៥ឆ្នាំ ត្រូវបានព្រះអរិយសាវ័ក ប្រមូលចងក្រង មានចំនួន ប្រាំបីម៉ឺនបួនពាន់ ( ៨៤០០០ ) ព្រះធម្មក្ខន្ធ ។ #ពួកសាសន វិទូបស្ចឹមប្រទេស ហៅ ព្រះធម៌ ថា ទស្សនវិជ្ជា ( Philosophy ) ។
ព្រះធម៌នេះ កាលព្រះសម្មាសម្ពុទ្ធគង់ព្រះជន្មជាធរមាននៅឡើយ មិនមានចារឹកជាអក្សរទេ។ ក្រោយ ព្រះពុទ្ធបរិនិព្វានព្រះ អរិយសាវ័កច្រើនអង្គបានធ្វើសង្គាយនា ( ផ្ទៀងផ្ទាត់ ) ពុទ្ធវចនៈ ហើយ ទន្ទេញ ចាំ រត់មាត់ រក្សា ព្រះ ធម៌ តៗ គ្នា ពី ជំនាន់ មួយ ទៅ ជំនាន់ មួយទៀត ទុក រហូតមកដល់ បច្ចុប្បន្ន នេះ។
លុះព្រះពុទ្ធសាសនាកន្លងទៅប្រមាណ៥០០ឆ្នាំ ទើបព្រះសង្ឃសាវ័កចារឹក ព្រះធម៌ជាលាយលក្ខណ៍ អក្សរនៅកោះលង្កា ( Sri Lanka ) ។
ព្រះពុទ្ធសម្តែងទុកថា ធម៌ព្រះអង្គនេះ ហៅថា ធម្មវិន័យគឺ ៖ ធម្ម១ វិន័យ១ ហើយចែកចេញជាបីផ្នែកគឺ ៖
១- ព្រះវិនយបិដក មាន១៣ភាគ ២,១០០០ (ពីរម៉ឺនមួយពាន់) ធម្មក្ខន្ធ។
២- សុត្តន្តបិដក ឬ ព្រះសូត្រ មាន៦៤ភាគ ២,១០០០ (ពីរម៉ឺនមួយពាន់) ធម្មក្ខន្ធ។
៣- អភិធម្មបិដក មាន៣៣ភាគ ៤,២០០០ (បួនម៉ឺនពីរពាន់) ធម្មក្ខន្ធ។
#ស្រាវជ្រាវដោយភិក្ខុ យិន រតនសុធាវី (កោសលមុនី)
#វត្តវេឡុវនារាមព្រៃឫស្សី សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ
ឯសារយោង

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត