តើលោកអ្នកជឿលើបុណ្យបាបដែរឬទេ?
បុណ្យបានមកពីការស្ដាប់ធម៌ ការស្ដាប់ព្រះធម៌នេះ សំខាន់ខ្លាំងណាស់ បើមិនបានស្ដាប់ទេនោះ យើងក៏មិនស្គាល់ បុណ្យ បាប គុណ ទោស ល្អ អាក្រក់ ត្រៃលក្ខណ៍ សច្ចធម៌នោះដែរ។
[ រស់នៅក្នុងលោកនេះបើយើងជាមនុស្សឆ្លាតក្នុងព្រះធម៌ចេះអប់រំចិត្តឱ្យបានល្អតាមធម៌តែបន្តិច ក៏យើងអាចរស់នៅបានសេចក្តីសុខស្ងប់ជាមួយព្រះធម៌មានចិត្តត្រជាក់ស្ងប់ស្ងាត់អស្ចារ្យទទួលបានសេចក្តីពេញចិត្តក្នុងជីវិតប្រចាំថ្ងៃនេះជាធម្មជាតិនៃជីវិត។ ]
……………………………….……………………….
ទ្រព្យតិច ឬទ្រព្យច្រើន សុទ្ធតែកើតឡើងអំពីបុណ្យ បើមិនមានបុណ្យទេនឹងមានទ្រព្យធនមកពីណា បើមិនមែនបុណ្យទេបានអ្វីមកកើតជាមនុស្សនេះ បើគ្មានបុណ្យឧបត្ថម្ភគាំទ្រទេបានអ្វីឱ្យយើងមានជីវិតនៅរស់នេះ បើគ្មានបាបទេ តើអកុសលវិបាក គឺផលនៃអំពើអកុសលមានមកពីណា។
ហេតុអ្វីក៏ក្បត់បុណ្យ ទៅចុះចូលបម្រើបាបវិញ ? ឬគិតថា បាបនាំឱ្យផុតទុក្ខឬ ? ត្រូវដឹងថា អំពើបាបមិនដែលឱ្យផលល្អឡើយ។
មួយវិញទៀត អំពើល្អ និងអំពើអាក្រក់ពុំអាចលុបលាង ឬស៊ីសងគ្នាបានទេ ដោយហេតុថា អំពើល្អរមែងនាំមកនូវផលល្អ ឯអំពើអាក្រក់រមែងនាំមកនូវផលអាក្រក់ ។ ដាំក្រូច បេះផលក្រូច ដាំស្វាយ បេះផលស្វាយ ដាំមៀន បេះផលមៀន ពុំដែលមានដាំដើមល្មុត បេះផលល្ហុងនោះទេ។
រីឯការធ្វើបុណ្យក៏ដូចគ្នាដែរ ពុំមែនមានន័យថា យកកុសលកម្មទៅទូទាត់ ស៊ីសងគ្នាជាមួយអកុសលកម្ម ឲ្យរួចជ្រះស្រឡះ ដូចយើងយកប្រាក់ទៅសងជំពាក់គេឲ្យរួចគ្នានោះទេ។ អកុសលកម្ម ដែលបុគ្គលបានប្រព្រឹត្ត ត្រូវតែទទួលផលអាក្រក់ ចៀសមិនរួចដាច់ខាត។
ឯបុណ្យ ឬកុសលកម្ម ដែលយើងធ្វើ គឺដើម្បីបំភ្លេចអកុសលកម្ម កុំឲ្យកើតមានក្នុងសន្តានចិត្តតទៅទៀត រួចព្យាយាមសាងអំពើល្អតទៅមុខជានិច្ចនិរន្តរ៍ ដើម្បីសេចក្តីសុខសេចក្តីចម្រើន ក្នុងបច្ចុប្បន្នជាតិ និងអនាគតជាតិ។
ព្រះពុទ្ធសម្តែងថា ចិត្តជាបុណ្យ បុណ្យជាសុខ។ ដូចនេះ ទើបយើងតាំងចិត្តធ្វើបុណ្យប្រាថ្នាសេចក្តីសុខ ។ តាមច្បាប់នៃកម្ម បើយើងប្រព្រឹត្តអាក្រក់តិច ប្រព្រឹត្តល្អបានច្រើន យើងទទួលផលអាក្រក់តិច ផលល្អច្រើននាអនាគតជាតិ ។ ផ្ទុយទៅវិញ បើយើងសាងបាបច្រើនជាងធ្វើបុណ្យ យើងទទួលលទ្ធផលអាក្រក់ច្រើនជាងល្អនៅអនាគតជាតិ៕
……………………………….……………………….

No comments:
Post a Comment