ពិធីបុណ្យចូលឆ្នាំខ្មែរ - Business Buddhism

Website

ពិធីបុណ្យចូលឆ្នាំខ្មែរ

ចែករំលែកចំណេះដឹង
មនុស្ស​គ្រប់​ជាតិ​សាសន៍ តែង​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ថ្មី​ដែល​ជា​ប្រពៃណី​របស់​ប្រជាជាតិ​រៀងៗ​ខ្លួន។​ គ្រាន់​តែ​គេ​និយម​កំណត់​ពេល​វេលា​នៃ ការរៀបចំ​បុណ្យ​នេះបែ្លកៗ​​គ្នា​ស្រប​ទៅ​តាម​ ជំនឿ​ទំនៀម​ទម្លាប់ និង​ប្រពៃណី​របស់​គេ​ប៉ុណ្ណោះ។​ ជនជាតិ​ខ្មែរ​យើង ក៏​មាន​ប្រវត្តិ​ធ្វើ​បុណ្យចូលឆ្នាំ​តាំង​ពី​បុរាណកាល​ជា​រៀង​រាល់​ឆ្នាំ​រហូត​មក យើង​បាន​ប្រទះ ​​ឃើញ​ឯកសារ​ជាច្រើន ដែល​និយាយ​ពី​ពិធី​បុណ្យចូលឆ្នាំ​និង​ឧស្សាហ៍ ​បាន​ស្តាប់​ការនិទានរឿង​របស់​ចាស់ទុំ​ជា​ច្រើន។​

ប្រវត្តិៈ

មាន​តំណាល​ថា នៅ​ដើម​នៃ​ភទ្ទកប្បមាន សេដ្ឋី​ម្នាក់​មាន​បុត្រ​មួយ ឈ្មោះ​ធម្មបាល​កុមារ ជា​អ្នក​មាន​​ចំណេះវិជ្ជា​ដ៏​វិសេស​រៀន ចេះចប់​ត្រៃវេទ​តាំងពី​អាយុ​បាន ៧ឆ្នាំ។ សេដ្ឋី​បិតា​បាន​សាង ប្រាសាទ​ឲ្យ​នៅ​ទៀប​ដើម​ជ្រៃ​មួយ​ធំ នៅ​ឆ្នេរ​ទន្លេ ដែល​ជា​ទី​នៅ​នៃ​បក្សី​ទាំង​ឡាយ​ធម្មបាល​កុមារ​នោះ បាន​ចេះ​ទាំង​ភាសាបក្សី ទាំង​ពួង​ផង ហើយ​បាន​ជា​អាចារ្យ​សម្ដែង​មង្គល ផេ្សងៗ​ដល់​មនុស្ស​ទាំង​ពួង​ផង​។ គ្រា​នោះ​មនុស្ស​លោក​រមែង​រាប់​អាន​ព្រះមហាព្រហ្ម និង​កុបិលមហាព្រហ្ម ១អង្គ​ទៀត​ដែល​ជា​អ្នកសម្ដែង​មង្គល​ដល់​មនុស្ស​ទាំង​ពួង។ ពេល​នោះ​កុបិលមហាព្រហ្ម បាន​ជ្រាប​ព័ត៌‌មាន​ក៏​ចុះ​មក​សួរ​បញ្ហា និង​ធម្ម​បាល​កុមារ ៣ "ខ" ដោយ​សន្យា​ទុក​ថា បើ​ដោះ​ប្រស្នា​បាន​នឹង​កាត់ព្រះសិរ​ទ្រង់ដើម្បី បូជា​ចំពោះ​ធម្មបាលកុមារ​តែ​បើដោះ​មិន​រួច​នឹង​កាត់​ក្បាល​ធម្មបាល​កុមារ​វិញ។ ធម្មបាល​កុមារ​សុំ​ឲ្យ​​ពន្យារ​ពេល​ចំនួន ៧​ថ្ងៃ​សិន​ដើម្បី​គិត​ប្រស្នា​។ លុះ​កន្លង​ទៅ ៦​ថ្ងៃ​ហើយ​ក៏​នៅ​តែ​គិត​មិន​ឃើញ​ដឹង​ខ្លួន​ថា​ព្រឹក​នេះ​នឹង ត្រូវ​ស្លាប់​ដោយ​អាជ្ញា​កុបិល​មហាព្រហ្ម​ជា​ប្រាកដ​ហើយ។

ដូច្នេះ ​គួរ​តែ​រត់ ទៅ​លាក់​ខ្លួន ពួន​អាត្មា​ឲ្យ​ស្លាប់​ដោយ​ខ្លួន​ឯង​ប្រសើរ​ជាង ទើប​ចុះ​ពី​ប្រាសាទ​ទៅ​ដេក​ពួន​នៅ ក្រោម​ដើម ត្នោត​មួយ​គូ ដើម​ត្នោត​នោះ សត្វឥន្ទ្រី​ញី​ឈ្មោល​ធ្វើ​សំបុក អាស្រ័យ​នៅ វេលា​យប់​ឥន្ទ្រី​ញី​សួរ​ឥន្ទ្រី​ឈ្មោល​ថា ព្រឹកនេះ​យើង​បាន​អាហារ​ពី​ណា​ស៊ី? ឥន្ទ្រី​ឈ្មោល​ឆ្លើយ​ថា យើង​នឹង​ស៊ី​សាច់​ធម្មបាល​កុមារ ដែល​ត្រូវ​កុបិល​មហា​ព្រហ្ម​​សម្លាប់ ព្រោះ​ដោះ​ប្រស្នា​មិន​រួច។ ឥន្ទ្រី​ញី​សួរ​ថា ប្រស្នា​នោះ​ដូច​ម្ដេច​ ? ឥន្ទ្រី​ឈ្មោល​ឆ្លើយ​ថា : វេលា​ព្រឹក​សិរី​សួស្ដី​ស្ថិត​នៅ​ទីណា ? ត្រូវ​ឆ្លើយ​ថា នៅ​មុខ ហេតុ​នេះ​ទើប​មនុស្ស​​ទាំងឡាយ​ត្រូវ​យក​ទឹក​លប់​មុខ ខ​១ ទៀត​ថា ថ្ងៃ​ត្រង់​សិរី​ស្ថិត​នៅ​ត្រង់ណា ? ត្រូវ​ឆ្លើយ​ថា នៅ​ទ្រូង​ហេតុ​នោះ​ទើប​មនុស្ស​ត្រូវ​យក​ទឹក​លាង​ទ្រូង ខ​១ ទៀត​ថា វេលា​ល្ងាច​សិរី​ស្ថិត​នៅ​ទី​ណា ? ត្រូវ​ឆ្លើយ​ថា នៅ​ជើង​ហេតុ​នេះ ទើប​មនុស្ស​ទាំង​ឡាយ​ត្រូវ​យក​ទឹក​លាង​ជើង​។ ធម្មបាល​កុមារ​បាន​លឺ​ដូច្នេះ ក៏​ត្រឡប់​ទៅ​ប្រាសាទ​វិញ។

ព្រឹក​ឡើង​កុបិល​មហាព្រហ្ម​ក៏​មក​សួរ​ប្រស្នា​ ធម្មបាល​កុមារ ឆ្លើយ​ដោះស្រាយ តាម​ដែល​បាន​លឺ​មក កុបិលមហាព្រហ្ម ហៅ​ទេពធីតា​ទាំង ៧​នាក់​ដែលជា បាទ​បរិចាវិកា​ព្រះឥន្ទ្រ មក​ប្រាប់​ថា ឥឡូវ​បិតា​ត្រូវ​កាត់ព្រះសិរ​ដើម្បីបូជាចំពោះ​ធម្មបាលកុមារ តែ​បើ​ដាក់​ក្បាល​នោះ​លើ​ផែនដី នោះ​នឹង​កើត​ជា​ភ្លើង​ឆេះ​ទាំង​លោក​ធាតុ បើ​បោះ​ទៅ​លើអាកាស​ភ្លៀង​នោះនឹងរាំង ​បើ​ចោលក្នុង​មហាសមុទ្រ​នោះទឹកនឹង​រីង​ស្ងួត​ហួត​អស់ ដូច្នេះ​សូម​ឲ្យ​កូន​ទាំង ៧​នាក់ យកពាន​មក​ទទួលព្រះសិរបិតា ថា​ហើយ​ព្រះអង្គក៏​កាត់ព្រះសិរ​ហុច ទៅ​ឲ្យ ព្រះនាង​ទុង្សា​ជា​កូន​ច្បង ព្រះនាង​ទុង្សាក៏បាន​យក​ពានមក​ទទួលព្រះសិរ​បិតា រួច​ហែ​ប្រទក្សិណ​​ភ្នំព្រះសុមេរុ ៦០​នាទីទើប​អញ្ជើញ​ទៅ​ប្រតិស្ឋានទុក ក្នុង​មណ្ឌលេះ​​នៅ​ក្នុង​គុហាគន្ធមាលី ភ្នំកៃលាស បូជា​គ្រឿង​ទិព្វ​ផេ្សងៗ ព្រះវិស្សកម្មទេវបុត្រ ក៏​និមិត្ត​រោង​ទិព្វធ្វើពី​កែវ ៧​ប្រការ ឈ្មោះ​ថា "ភគ វតីសភា" ឲ្យ​ជា​ទីប្រជុំ​នៃ​ទេវតាលុះ​ដល់​គម្រប់ ១ឆ្នាំជា សង្ក្រាន្តត​នាង​ទេពធីតា​ទាំង ៧​ក៏​ផ្លាស់​វេនគ្នា មក​អញ្ជើញ ព្រះសិរ​កុបិល​មហា​ព្រហ្ម ចេញ​មក​ហែ​ប្រទក្សិណ ភ្នំព្រះសុមេ​រុ​ជារៀងរាល់ៗ​ឆ្នាំ​ហើយ​ត្រឡប់​ទៅ​ស្ថាន​ទេវលោកដើម្បីតម្កល់​វិញ។
 
ឈ្មោះទេពធីតាមហាសសង្ក្រាន្តត និងគ្រឿងអាភរណៈ 
ថ្ងៃ ទេពធីតាមហាសសង្ក្រាន្ត! គ្រឿងអាភរណៈ
ថ្ងៃអាទិត្យ ទុង្សា សៀតផ្កាទទឹម គ្រឿងប្រចាប់បទុមរាគ ភក្សាហារផ្លែឧទុម្ពរ អាវុធស្តាំកងច័ក្រ ឆ្វេងស័ង្ខពាហនៈគ្រុឌ
ថ្ងៃច័ន្ទ គោរាគ សៀតផ្កាអង្គាបុស្ស គ្រឿងប្រដាប់បុក្តា ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន ឆ្វេងឈើច្រត់ ពាហនៈខ្លា
ថ្ងៃអង្គារ គោរាក្សសា សៀតផ្កាឈូក គ្រឿងប្រដាប់មោរា ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ឆ្វេងធ្នូ ពាហនៈអស្សតរ
ថ្ងៃពុធ មណ្ឌា សៀតផ្កាចម្ប៉ា គ្រឿងងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះសិប្បី អាវុធស្តាំម្ជុល ឆ្វេងឈើច្រត់ ពាហនៈ លា
ថ្ងៃព្រហស្បតិ៍ កិរិណី សៀតផ្កាមណ្ឌា គ្រឿងប្រដាប់មរកត ភក្សាហារសណ្ដែក ល្ង អាវុធស្តាំកង្វេរ ឆ្វេងកាំភ្លើង ពាហនៈដំរី
ថ្ងៃសុក្រ កិមិរា សៀតផ្កា ចង្កុលនី គ្រឿងប្រដាប់បុស្សរាគម័ ភក្សាហារចេកណាំវ៉ា អាវុធស្តាំព្រះខ័ន ឆ្វេងពិណពាហនៈក្របី
ថ្ងៃសៅរ៏ មហោទរា សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលវត័ន៍ ភក្សាហារសាច់ទ្រាយ អាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៍ ពាហនៈក្ងោក
ទំនៀមចូលឆ្នាំ

ទំនៀម​​ពិធី​​ចូល​ឆ្នាំ​​ប្រព្រឹត្ត​​ទៅ​​ចំនួន ៣ថ្ងៃ។ ថ្ងៃ​ដំបូង​ជា​ថ្ងៃមហាសង្ក្រាន្តត ថ្ងៃទី២ ជាថ្ងៃ​វណបត ថ្ងៃទី៣ ជាថ្ងៃ​ឡើង​ស័ក។ អែ​ការ​កំនត់​ខែ ថ្ងៃ ម៉ោង នាទី​ដែល​ឆ្នាំ​ចាស់​ត្រូវ​ផុត​កំនត់ ហើយ​ទេព្តា​ឆ្នាំ​ថ្មី​ត្រូវ​ចុះ​មក​ទទួល​តំនែង​ពី​ទេព្តា​ឆ្នាំ​ចាស់​នោះ គេ​អាច​ដឹង​បាន​យ៉ាង​ទៀង​ទាត់ ដោយ​អាស្រ័យ​តាម​ក្បួន​ហោរាសាស្ត្រ​បែប​បុរាណ​គឺ​ក្បួន​មហាសសង្ក្រាន្តត​នេះ​អែង។

តើ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​របស់​ខ្មែរ​យើង​ត្រូវ​លើ​ខែ​ណា ? ថ្ងៃ​ណា ? ចាប់​ពី​ត្រឹម​សម័យ​ក្រុង​នគរធំ​ឡើង​ទៅ​ខ្មែរ​យើង​ប្រើ​ចន្ទគតិ (វិធី​ដើរ​នៃ​ព្រះចន្ទ) ទើប​កំនត់​យក​ខែ​មិគ​សិរ​ជា​ខែ​ចូល​ឆ្នាំ ហើយ​ជា​ខែទី​១ ខែកក្តិក ជា​ខែ​ទី១២ ។ លុះ​ក្រោយ​មក​ទើប​គេ​និយម​ប្រើ​សុរិយគតិ (វិធី​ដើរ​នៃ​ព្រះអាទិត្យ) ជា​សំខាន់​វិញ​ហើយ​កំនត់​ចូលឆ្នាំ​ក្នុង​ខែចែត្រ (ខែទី៥) ដែល​ជា​ឆ្នាំ​កំនត់​ព្រះអាទិត្យ​ចូល​កាន់​មេ​រាសី ហើយ​ថ្ងៃ​ចូល​ឆ្នាំរ​មែង​ត្រូវ​លើថ្ងៃ​ទី១៣ នៃខែមេសា (ចែត្រ) រៀង​រាល់ឆ្នាំ ប៉ុន្តែ​យូរៗ​ទៅ​មាន​ភ្លាត់​ម្តងៗ ចូល​ឆ្នាំ​ក្នុង​ថ្ងៃទី១៤ ក៏មានខ្លះដែរ ។ មហាសសង្ក្រាន្តត​ដែល​ប្រើ​របៀប​គន់គូរ​តាម​សុរិយគតិ​មាន​ឈ្មោះ​ថា «សាមញ្ញសសង្ក្រាន្តត» (ព្រះអាទិត្យ​ដើរ​ត្រង់​ពី​លើ​ក្បាល​ជា​សសង្ក្រាន្តត)។

មហាសសង្ក្រាន្តត​ដែល​ប្រើ​របៀប​គន់​គូរ​តាម​ចន្ទគតិ​ហៅថា «អាយន្តសសង្ក្រាន្តត» (ពេល​ដែល​ព្រះអាទិត្យ​ដើរ​បញ្ឈៀង​មិន​ត្រង់​ពី​លើ) ។ គេ​នៅ​ប្រើ​ចន្ទ​គតិ​អែប​គ្នា នឹ​ង​សុរិយគតិ​ដែរ ព្រោះ​ចន្ទគតិ​មាន​ទំនាក់ទំនង​នឹង​ពុទ្ធប្បញ្ញត្តិ​ច្រើន ។ ចំនែក​ឯ​ថ្ងៃ​ចូលឆ្នាំ​តាម​ចន្ទគតិ​មិន​បាន​ទៀង​ទាត់​ជា​ថ្ងៃ​ណា​មួយ​ទេ ជួន​កាល​ចូល​ឆ្នាំ​ក្នុង​វេលា​ខ្នើត ជួនកាល​ទៀត​ក្នុង​វេលា​រនោច​ទៅ​វិញ ។ ប៉ុន្តែ​នៅ​ក្នុង​រវាង​១​ខែគឺ​មិន​មុន​ថ្ងៃ ៤​កើត ខែ​ចែត្រ និង​មិន​ហួស​ថ្ងៃ ៤​កើត ខែ​ពិសាខ​ទេ ដូចនេះ​សសង្ក្រាន្តត​ខ្លះ​ធ្លាក់​ទៅ​ក្នុង​ខែ​ពិសាខ​ក៏​មាន ។

 
ចំពោះ​ពិធី​ផ្សេងៗ​ខ្មែរ​យើង​មាន​រៀបចំ​តាម​ប្រពៃណី​ដូច​ត​ទៅ នៅ​ពេល​មុន​ចូល​ឆ្នាំ​គេ​នាំ​គ្នា​ប្រុង​ប្រៀប រក​ស្បៀង​អាហារ​សំអាត​ផ្ទះ​សំបែង រែក​ទឹក​ដាក់​ពាង រក​អុស​ទុក​កាត់​សំលៀក​បំពាក់​ថ្មីៗ​ជា​ដើម ។ ថ្ងៃ​ចូល​ឆ្នាំ​មក​ដល់​គេ​រៀប​គ្រឿង​សក្ការៈ​បូជា​សំរាប់​ទទួល​ទេវតា​ថ្មី​មាន : បាយ​សី​មួយ​គូ ស្លា​ធម៌​១​គូ ធូប​៥ ទៀន​៥ ទឹកអប់​១​គូ ផ្កា​ភ្ញី លាជ ទឹក​មួយ​ផ្តិល និង​ភេសជ្ជៈ នំនែក ផ្លែ​ឈើ​គ្រប់​មុខ​។ ចំនែក​ផ្ទះ​សំបែង​គេ​តុបតែង​រំលេច​ដោយ​អំពូល​អគ្គិសនី​ខ្សែ​តូចៗ​ចំរុះ​ពណ៌ រឺ​ចង្កៀង​គោម គ្រប់​ពណ៌​សំរាប់​ទទួល​ទេព្តា​ថ្មី​។ លុះ​ដល់​វេលា​កំនត់​ទេព្តាថ្មី​ចុះ​មក​ហើយ គេ​នាំ​កូន​ចៅ​អង្គុយ​ជុំ​គ្នា នៅ​ជិត​កន្លែង​រៀប​គ្រឿង​សក្ការៈ​នោះ ហើយ​អុជ​ទៀន ធូប​បាញ់​ទឹកអប់ បន់​ស្រន់​សុំ​សេចក្តី​សុខ​ចំរើន​គ្រប់​ប្រការ​ពី​ទេព្តា​ថ្មី ។ ចំពោះ​គ្រឿង​សក្ការៈ ​និង​ក្រយា​ស្ងើយ​ដាក់​ថ្វាយ​ទេព្តោ​នាះ គេ​និយម​តំរូវ​តាម​ចិត្ត​ទេវតា​ដែល​នឹង​ត្រូវ​ចុះ​ក្នុង​ឆ្នាំ​នីមួយៗ​។ ឧទាហរណ៍ : បើ​ទេវតា​ដែល​ត្រូវ​ចុះ​មក​នោះ​សោយ​ល្ង សន្តែក គេ​ដាក់​សន្តែក ល្ង ថ្វាយ...ឯ​ពិធី ៣​ថ្ងៃ​នៃ​ថ្ងៃ​ចូល​ឆ្នាំ​នោះ​គឺ :
 
  • ថ្ងៃទី១ : គេ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត ។ ពេល​ល្ងាច​គេនាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង​វា​លុក​ចេតិយ​នៅ​ជុំវិញ​ព្រះវិហារ រឺ​នៅ​ជុំវិញ​ដើម​ពោធិ​ណា​មួយ​នៅ​ក្នុង​វត្ត​នោះ ។ នៅ​ពេល​ព្រលប់​គេ​ប្រគេន​ភេសជ្ជៈ​ដល់​ព្រះសង្ឃ និមន្ត​លោក​ចំរើន ព្រះបរិត្ត និង​សំដែង​ធម្ម​ទេសនា ។
  • ថ្ងៃទី២ : កូនចៅ​ជូន​សំលៀក​បំពាក់ នំ​ចំនី លុយ​កាក់​ដល់​អ្នក​មាន​គុណ មាន​ឪពុក​ម្តាយ ជី​ដូន​ជីតា​ជា​ដើម ។ ជួន​កាល​គេ​ធ្វើ​ទាន ដល់​មនុស្ស​បំរើ រឺ​អ្នកក្រីក្រ​ទៀត​ផង ។ ពេល​រសៀល​គេ​នាំ​គ្នា​ទៅ​ពូន​ភ្នំ​ខ្សាច់​ទៀត ហើយ​សូត្រធម៌​អធិដ្ឋាន​ភ្នំខ្សាច់​ដែល​គេ​សន្មត់​ទុក​ដូច​បូចូឡាមនីចេតិយ ហើយ​និមន្ត​ព្រះសង្ឃ​បង្សុកូល​ចេតិយ​បញ្ជូន​មគ្គផល​ដល់​វិញ្ញាណ​ក្ខន្ធ​បង រឺ​ប្អូន ដែល​បាន​ស្លាប់​ទៅ ។
  • ថ្ងៃទី៣ : ពេល​ព្រឹក​និមន្ត​ព្រះសង្ឃ​ឆ្លង​ភ្នំខ្សាច់ ។ ពេល​ល្ងាច​និមន្ត​ព្រះសង្ឃ​ស្រង់​ទឹក និង​ស្រង់ព្រះពុទ្ធរូប (តាម​ការ​និយម​នៃស្រុក​ខ្លះ) ។ នៅ​ក្នុង​ឱកាស​​បុណ្យ​ចូលឆ្នាំ​ថ្មី​នេះ គេ​នាំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​កំសាន្ដ​សប្បាយ​ជា​ច្រើន ដូច​ជា​លេង បោះ​អង្គញ់ ចោល​ឈូង ទាញ​ព្រ័ត្រ លាក់​កន្សែង ចាប់​កូន​ខ្លែង​ជា​ដើម និង​មាន​របាំត្រុដិ (ច្រើន​មាន​នៅខេត្តបាត់ដំបង សៀមរាប) ជា​ពិសេស​ទៀត​គឺ​រាំ​វង់​តែ​អាស្រ័យ​ទៅ​តាម​ការ​និយម​ចូលចិត្ត​របស់​មនុស្ស​ម្នាក់ៗ គឺ​ខ្លះ​និយម​នាំ​គ្នា​ដើរ​​កំសាន្ដ​បន្ត ខ្លះ​និយម​ធ្វើ​បុណ្យ​ទាន​តាម​វត្ត​អារាម។
វាលុកចេតិយៈ
ពាក្យ​សាម​ញ្ញ​ហៅ​ថា «ពូនភ្នំខ្សាច់» ។ ការ​ពូន​ភ្នំនេះ​គឺ​គេ​យក​ខ្សាច់​សុទ្ធ​មក​ចាក់​នៅ​កន្ដាល​ទីធ្លា​ដែល​គេ​បាន​កំនត់ រួចពូនអោយ​ចេញ​ជា​រាង​ចេតិយបែរមុខ​ទៅទិស​ខាងកើត ហើយ​គេ​សន្មត់​ហៅ​ថា «វាលុកចេតិយ» គឺ​តំនាង​អោយ​ព្រះចូលាមនី​ចេតិយ​​ដែល​សាង​សំរាប់​បញ្ចុះ​ព្រះកេសា និង​ព្រះចង្កូមកែវ​នៃ​ព្រះពុទ្ធបរមគ្រូ ។ ការពូន​​ភ្នំ​នេះ បច្ចុប្បន្ន​តំបន់​ខ្លះ គេ​និយម​ពូន​ភ្នំ​អង្ករនៅសាលា​​ឆាន់ រឺ​ក្នុង​ព្រះវិហារ​ផង​ដែរ។ ភ្នំខ្សាច់​ដែល​គេ​ពូន​មិន​មាន​កំនត់​ថា ត្រូវ​មាន​ខ្នាត​តូច​ខ្ពស់​ទាប​ប៉ុណ្ណា​ទេ គឺ​ប្រព្រឹត្ត​ទៅ​តាម​ការពេញ​ចិត្ត​របស់​អ្នក​ស្អាង​។ ប៉ុន្តែ​ចាំ​បាច់​ត្រូវ​មាន​ភ្នំ​មួ​យ​នៅ​កន្ដាល ហើយ​ត្រូវ​មាន​ភ្នំ​តូច​ៗ ៤ ​ព័ទ្ធ​ជុំវិញ​គ្រប់​ទិស​តូច​ទាំង ៤ ។

នៅ​ជុំវិញ​ភ្នំ​គេ​មាន​ធ្វើរាជ​វត័ តុប​តែង​លំអ​ស្លឹក​ដូង ស្លឹក​រំសែ​ជា​បួន​ជ្រុង​មាន​ទ្វារ ចេញ​ចូល​តាម​ទិស​ធំ​ទាំង ៤ ។ នៅ​ជុំវិញរាជ​វ័តគេ​មាន​រៀប​រាន​ទេវតា​គ្រប់​ទិស​ទាំង ៨។ នៅ​លើ​រាន​ទេវតា​និមួយៗ​គេ​រៀប​ស្លាធម៌​មួយ​គូ​បាយ​សី​មួយ​ថ្នាក់ មួយ​គូ ទៀន​៥ ធូប​៥ ផ្កាភ្ញី និង​អុជ​ទៀន​ធូប​ថ្វាយ ។ នៅ​ពី​មុខ​ភ្នំ​ខ្សាច់​ក្រៅ​រាជវត័ គេ​រៀប​រាន​ធំៗ​បី​ទៀត សំរាប់​ថ្វាយ​ព្រះយម​រាជ ស្ថិត​នៅកន្ដាលខាង​ឆ្វេង​រាន​ព្រះយម​រាជ គឺ​រាន​ព្រះពុទ្ធ​គុណ និង​ខាងស្តាំ​គឺ​រាន​ព្រះពិស្នុ​ការរាន​ធំ​ទាំង​បី​នេះ គឺ​គេ​រៀប​គ្រឿង​សក្ការៈ​បូជា​ដូច​រាន​ទេវតា​ដែរ តែ​បាយ​សី​ខ្ពស់​រហូត​ដល់ ៩​ថ្នាក់ និង​មាន​ដាក់​សំលៀកបំពាក់​ឆ្វេងស្តាំ ហើយ​មាន​ដាក់​ក្រយា​ថ្វាយ​សោយ​ទៀត​ផង។ ការ​សាង​វា​លុក​ចេតិយ​នេះ ដោយ​គេ​សំគាល់​ថា នឹង​បាន​ជា​ផល្លា​និសង្ស​វិសេស​វិសាល​ណាស់ ដូច​មាន​សំដែង​ក្នុង​រឿង «អានិសង្សវាលុកចេតិយ» មហា​សំការ​សូត្រ ។

មានត... អានបន្ថែម
 
អត្ដន័យនៃបុណ្យចូលឆ្នាំខ្មែរ
តើខ្មែរយើង និយមចូលឆ្មាំថ្មី នៅ ថ្ងៃ ខែ ឆ្មំាណា ?ឯកសាយោង:
 
ចុចអានបន្ត:..https://en.wikipedia.org/wiki/Cambodian_New_Year
ជារៀងរាល់ឆ្នាំ ខ្មែរនិយមរៀបចំពិធី បុណ្យចូលឆ្នាំថ្មី ប្រពីណី ជាតិនៅថ្ងៃទី១៣ មេសា (យូរៗ ម្ដង ថ្ងៃទី១៤ ) ត្រូវនិងខែចែត្រ តាម ចន្ទគតិ ។ ខ្មែរកំណត់យកពេល​បុណ្យ​ ចូលឆ្នាំថ្មី ខែមេសា (ខែចែត្រ) នេះ ពីព្រោះខែចែត្រ ជាដើមឆ្នាំ​ដែលព្រះអាទិត្យ ចូលកាន់មេរាសី គឺព្រះអាទិត្យ ដើរចំពីក្បាល ជាសង្ក្រាន ។ តាម​ប្រពីណី ខ្មែរនិយមរៀបចំចូលឆ្នាំ ចំនួន ៣ ថ្ងៃគឺ ៖ ថ្ងៃទីមួយ ជាថ្ងៃចូលឆ្នាំ ថ្ងៃទីពីរ ជា​ថ្ងៃ វណបទ ថ្ងៃទីបីជាថ្ងៃឡើងស័ក ជនជាតិណាក៏ពួកគេ​ ប្រារព្ឋធ្វើបុណ្យ ចូល​ឆ្នាំថ្មីរបស់ គេដែរ ។

ចំពោះខ្មែរយើង នាំគ្នារៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពីណីជាតិ ជារៀងរាល់ឆ្នាំ ព្រោះយើងយលថាបុណ្យចូលឆ្នាំថ្មី មានអត្ដន័យយ៉ាងជ្រាលជ្រៅ ។ ខ្មែរមានជំនឿថា ក្នុងអឡុងពេលមួយឆ្នាំនៃការរស់នៅ គេតែងជួបប្រទះអពមង្គល​ ឧបទ្រពចង្រៃផ្សេងៗ​ ជូនកាលមានទុក្ខសោក ជួនកាលមានគ្រោះអាសន្ដអន្ឋក្រ ជួនកាលមានគ្រោះជំងឺរូបរឹតរាងកាយ ជូនកាលទៀត បានប្រព្រិត្ដអំពើសៅហ្មង មិនគប្បី។​ លុះផុតឆ្នាំចាស់ទៅ គេនាំគ្នាធ្វើបុណ្យ គេស្លៀកពាក់ថ្មីៗ គេនាំ​គ្នាដើរ​លេង​កំសាន្ដ ដើម្បីអោយអស់កង្វល់ ហើយអោយមានសេរីសួស្ដី មានសេរីសូស្ដី មានសុភមង្គលនៅក្នុងឆ្នាំថ្មី ។
ឯកសាយោង:
ចុចអានបន្ត:..https://en.wikipedia.org/wiki/Cambodian_New_Year

 

No comments:

Post a Comment