សុភាសិតវាចាកថា សារវន្តកថា - Business Buddhism

Website

សុភាសិតវាចាកថា សារវន្តកថា

ចែករំលែកចំណេះដឹង
ព្រះ​គ្រូ​ញាណ​សំវរ ញាណ – ឈឺន ក្រុម​ពុទ្ធ​សាសនបណ្ឌិត្យ ប្រែ​និង​រៀបរៀង សុភាសិត​វាចាកថា 
 

នមត្ថុរតនត្តយស្ស

 

សូម​នមស្ការ​ចំពោះ​ព្រះ​រតនត្រ័យ​គឺព្រះ​ពុទ្ធ ព្រះ​ធម៌ ព្រះ​សង្ឃ ដោយ​សេចក្ដី​គោរព។

គ្រា​នេះ​នឹង​រៀបរៀង​សេចក្ដី​ក្នុង​មង្គល​ទី​១០ តាម​ន័យ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​សម្ដែង​ទុក​ក្នុង​មង្គល​សូត្រ​ថា សុភាសិតា ច យា វាចា ឯតម្មង្គលមុត្តមំ ប្រែ​ថា វាចាឯ​ណា​ដែល​បុគ្គល​ពោល​ដោយ​ល្អ ដោយ​ពីរោះ​ដោយ​ប្រពៃ​នេះ ជា​មង្គល​ដ៏​ឧត្ដម។

ក៏​ឯវាចា​សព្ទ​នេះ ព្រះ​អដ្ឋកថា​ចារ្យ​លោក​អធិប្បាយ​ចង​វិគ្គហ​ថា វុច្ចតីតិ វាចា ធម្មជាតិ​ឯ​ណា​ដែល​បុគ្គល​ពោល ធម្មជាតិ​នោះ ហៅ​ថា វាចា។

ឯ​វាចា​នោះ លោក​កំណត់​យក​សំឡេង​ជា​ប្រមាណ វាចា​សព្ទ​ក្នុង​បទ​ដទៃ ដូច​ក្នុង​វចីកម្ម​កថា លោក​សម្ដែង​អំពី​វចី​សុចរិត​ទាំង​៤​គឺ វៀរ​ពាក្យ​កុហក ពាក្យ​ទ្រគោះ ពាក្យ​ញុះញង់ ពាក្យ​រោយ​រាយ​ឥត​ប្រយោជន៍ លោក​កំណត់​យក​ចេតនា​ជា​ប្រមាណ គឺ​បុគ្គល​មាន​ចេតនា​ជា​កុសល។

ពោល​ពាក្យ​ពិត​មិន​កុហក​ជា​ដើម ហៅ​ថា​វចី​សុចរិតឬហៅ​ថា​ពាក្យ​សុភាសិត​ក៏​បាន តែ​មិន​រាប់​ចូល​ក្នុង​មង្គល​ទី​១០​នេះ​ឡើយ ឯ​មង្គល​ទី​១០​នេះ​លោក​សំដៅ​យក​តែ​សំឡេង​ជា​ប្រមាណ គឺ​បុគ្គល​មាន​ចេតនា​យ៉ាង​ណា​ៗ​ក៏​ដោយ ឱ្យ​តែ​ពោល​បញ្ចេញ​ល្អ​ពីរោះ​នាំ​ឱ្យ​កើត​សេចក្ដី​ជ្រះ​ថ្លា ឬ​ឱ្យ​កើត​សេចក្ដី​នឿយ​ណាយ​ចាក​រាគាទិក្កិលេសកើត​មគ្គ​កើត​ផល​ហៅ​ថា សុភាសិត​វាចា គឺ​ពាក្យ​ជា​សុភាសិត។

ម្យ៉ាង​ទៀត ឯ​លក្ខណៈ​​របស់​ពាក្យ​សុភាសិត​នោះ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​សម្ដែង​ទុក​ក្នុង​សុភាសិត​សូត្រ គម្ពីរ​អង្គុត្តរ​និកាយ បញ្ចក​និបាត​ថា មាន​៥​ប្រការ​ដោយ​បាលី​ថា ៖

 

បញ្ចហិ ភិក្ខវេ អង្គេហិ សមន្នាគតា វាចា សុភាសិតា ហោតិ ន ទុពា្ភសិតា អនវជ្ជា ច អននុជ្ជា ច វិញ្ញូនំ។

 

ម្នាល​ភិក្ខុ​ទាំង​ឡាយ វាចា​ប្រកប​ដោយ​អង្គ​៥​ឈ្មោះ​ថា សុភាសិត មិន​បាន​ឈ្មោះ​ថា​ទុព្ភាសិត​ឡើយ ជា​វាចា​ប្រាស​ចាក​ទោស គឺ​រាគាទិក្កិលេសទាំង​មិន​លុះ​ទៅ​ដោយ​អំណាច​អគតិ​ទាំង​៤​ជា​ដើម​ផង ជា​វាចា​ដែល​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​មិន​គប្បី​តិះដៀល​ផង។

លុះ​ព្រះ​អង្គ​ទ្រង់​សម្ដែង​ដូច្នេះ​រួច​ហើយ ទើប​ទ្រង់​សម្ដែង​ជា​ពាក្យ​កថេតុកម្យតាបុប្ផា​ថា កតមេហំ បញ្ចហិ វាចា​ប្រកប​ដោយ​អង្គ​៥​នោះ​តើ​ដូចម្ដេច​ខ្លះ ?

ទើប​ទ្រង់​វិសជ្ជនា​ដោយ​ព្រះ​អង្គ​ឯង​ថា អង្គ​៥​នោះ​គឺ កាលេន ច ភាសិតា ហោតិ វាចា​ដែល​បុគ្គល​ពោល​ក្នុង​កាល​គួរ​ ១។

សច្ចា ច ភាសិតា ហោតិ វាចា​ដែល​បុគ្គល​ពោល​ដោយ​ពិត​ត្រង់​ ១។

សណ្ហា ច ភាសិតា ហោតិ វាចា​ដែល​បុគ្គល​ពោល​ដោយ​ល្អិតល្អ​ពីរោះ ​១។

អត្ថសញ្ហិតា ច ភាសិតាហោតិ វាចា​ដែល​បុគ្គល​ពោល​ប្រកប​ដោយ​ប្រយោជន៍​ខ្លួននិង​ប្រយោជន៍​អ្នក​ដទៃ ​១។

មេត្តចិត្តេន ច ភាសិតា ហោតិ វាចា​ដែល​បុគ្គល​ពោល​ប្រកប​ដោយ​ចិត្ត​មេត្តា​ ១។

ន័យ​មួយ​ទៀត​លក្ខណៈ​ពាក្យ​សុភាសិត​នោះ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​សម្ដែង​ទុក​ក្នុង​សុភាសិត​សូត្រ គម្ពីរ​អង្គុត្តរ​និកាយ ចតុកនិបាត​ថា មាន​៤​ប្រការ ដោយ​បាលី​ថា ចតូហិ ភិក្ខវេ អង្គេហិ សមន្នាគតា វាចា សុភាសិតា ហោតិ ន ទុញ្ហាសិតា អនវជ្ជា ច អននុវជ្ជា ច វិញ្ញូនំ ម្នាល​ភិក្ខុ​ទាំង​ឡាយ វាចា​ប្រកប​ដោយ​អង្គ​៤ ឈ្មោះ​ថា​សុភាសិត មិន​បាន​ឈ្មោះ​ថា ទុញ្ភសិត​ឡើយ ជា​វាចា​ប្រាស​ចាក​ទោស គឺ​រាគា​ទិក្កិលេស ទាំង​មិន​លុះ​ទៅ​ដោយ​អំណាច​អគតិ​ទាំង​៤​ជា​ដើម​ផង ជា​វាចា​ដែល​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​មិន​គប្បី​តិះដៀល​ផង។ល។ ឯ​វាចា​ប្រកប​ដោយ​អង្គ​៤​នោះ​គឺ ៖

ឥធ ភិក្ខវេ ភិក្ខុ សុភាសិតំយេវ ភាសតិ នោ ទុញ្ហសិតំ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ពោល​វាចា​ជា​សុភាសិត​ ១។

ធម្មំយេវ ភាសតិ នោ អធម្មំ ពោល​វាចា​ដែល​មាន​ធម៌ មិន​ពោល​វាចា​ដែល​មិន​មាន​ធម៌​ ១។

បិយមេវ ភាសតិ នោ អប្បិយំ ពោល​វាចា​ជា​ទី​ស្រឡាញ់ មិន​ពោល​វាចា​មិន​ជា​ទី​ស្រឡាញ់​ ១។

សច្ចំយេវ ភាសតិ នោ អលិកំ ពោល​វាចា​ពិត​ត្រង់ មិន​ពោល​វាចា​កុហក​ ១។

លុះ​ព្រះ​អង្គ​សម្ដែង​ដូច្នេះ​រួច​ហើយ ទើប​ទ្រង់​ត្រាស់​ជា​បទ​គាថា​នេះ​ត​ទៅ​ទៀត​ថា សុភាសិតំ ឧត្ដមមាហុ សន្ដោ ធម្មំ ភណេ នាហំ តំ ទុតិយំ បិយំ ភណេ នាប្បិយំ តំ តតិយំ សច្ចំ ភណេ នាលិកំ តំ ចតុត្ថំ ប្រែ​ថា សប្បុរស​ទាំង​ឡាយ​មាន​ព្រះ​ពុទ្ធ​ជា​ដើម តែង​ពោល​សរសើរ​ពាក្យ​សុភាសិត​ថា​ជា​ពាក្យ​ដ៏​ឧត្ដម បុគ្គល​គប្បី​ពោល​ពាក្យ​ដែល​មាន​ធម៌ មិន​គប្បី​ពោល​ពាក្យ​ដែល​មិន​មាន​ធម៌​ឡើយ ពាក្យ​នោះ​ជា​ទី​២ បុគ្គល​គប្បី​ពោល​ពាក្យ​ដែល​ជា​ទី​ស្រឡាញ់ មិន​គប្បី​ពោល​ពាក្យ​ដែល​មិន​ជា​ទី​ស្រឡាញ់​ឡើយ ពាក្យ​នោះ​ជា​ទី​៣ ​បុគ្គល​គប្បី​ពោល​ពាក្យ​ពិត​ត្រង់ មិន​គប្បី​ពោល​ពាក្យ​កុហក​ឡើយ ពាក្យ​នោះ​ជា​ទី​៤។

 

ទោស​នៃ​ទុញ្ភសិតា​វាចា
 

លំដាប់​ត​ពី​នេះ​នឹង​សម្ដែង​ខាង​ទោស​នៃ​ទុញ្ភសិតា​វាចា​ជា​មុន ទោស​នៃ​ទុញ្ភសិតា​វាចា​នោះ ក៏​គឺ​វចី​ទុច្ចរិត​ទាំង​៤​យ៉ាង​នោះ​ឯង ដូច​នឹង​សម្ដែង​ត​ទៅ​នេះ ៖

១- ទោស​ពោល​ពាក្យ​មិន​ពិត ជា​ហេតុ​ដក​ចោល​នូវ​គុណ​គឺ ​សច្ច​វាចា។

២- ទោស​ពោល​ពាក្យ​បេសុញ្ញវាទ ឬ​បិសុណាវាទ ជា​ហេតុ​ដក​ចោល​នូវ​គុណ គឺ​សុភាសិត និង​​គុណ​គឺ​សេចក្ដី​នៅ​រួបរួម​ដោយ​មិត្រ​សម្លាញ់​ខ្លួន។

៣- ទោស​ពោល​ពាក្យ​ផរុស​វាទ ជា​ហេតុ​ដក​ចោល​នូវ​គុណ​គឺ​បិយ​វាចា​ដែល​គេ​ស្រឡាញ់។

៤- ទោស​ពោល​ពាក្យ​សម្ផប្ប​លាប ជា​ហេតុ​ដក​ចោល​នូវ​គុណ​គឺ​សម្មា​វាចា ដែល​ជា​ពាក្យ​ធម៌។

ន័យ​ដទៃ​ទៀត​ថា

១- ទោស​ពោល​ពាក្យ​មុសាវាទ ជា​ហេតុ​ឱ្យ​គេ​ពោល​បង្កាច់​មិន​ពិត។

២- ទោស​ពោល​ពាក្យ​បិសុណាវាទ ជា​ហេតុ​ឱ្យ​គេ​បំបែក​មិត្រ​សម្លាញ់​ខ្លួន។

៣- ទោស​ពោល​ពាក្យ​ផរុសវាទ ជា​ហេតុ​ឱ្យ​គេ​ស្អប់​ព្រោះ​ពាក្យ​សម្ដី​ខ្លួន។

៤- ទោស​ពោល​ពាក្យ​សម្ផប្បលាប ជា​ហេតុ​ឱ្យ​គេ​មិន​អើពើ​នឹង​ពាក្យ​សម្ដី​ខ្លួន ទាំង​នាំ​ឱ្យ​ខាត​ខូច​ប្រយោជន៍​ដែល​ខ្លួន​ត្រូវ​បាន ត្រឡប់​ទៅ​ជា​មិន​បាន​វិញ​ក៏​មាន សម​ដូច​និទាន​ដែល​មាន​ក្នុង​គម្ពីរ​តេរស​និបាត នាំ​មក​សម្ដែង​អំពី​ទោស​នៃ​មុសាវាទ​ថា កាល​ក្នុង​អតីតកាល​កន្លង​ទៅ​យូរ​ហើយ ព្រះ​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់​នៃ​យើង​នៅ​ជា​ពោធិសត្វ​នៅ​ឡើយ ទៅ​កើត​ក្នុង​ត្រកូល​ចណ្ឌាល​ក្នុង​ចណ្ឌាល​គ្រាម ព្រះ​អង្គ​ជា​បណ្ឌិត​ចេះ​មន្ត​ធ្វើ​ឈើ​ឱ្យ​មាន​ផ្កា​ផ្លែ​ក្នុង​រដូវ​មិន​គួរ​កាល។ ថ្ងៃ​មួយ​ពោធិសត្វ​ចេញ​ទៅ​ព្រៃ​ពី​ព្រឹក ទើប​រាយ​មន្ត​ធ្វើ​ដើម​ស្វាយ​មួយ​ដើម នៅ​ចម្ងាយ​៧​ជំហាន​អំពី​កន្លែង​ដែល​ព្រះ​អង្គ​ឈរ ទើប​ព្រះ​អង្គ​យក​ទឹក​ចំនួន​១០០​កម្បង់​ទៅ​ស្រប់​លើ​ដើម​ស្វាយ​ៗ នោះ​មាន​ស្លឹក​ចាស់​ជ្រុះ​អស់​មួយ​រំពេច លាស់​ស្លឹក​ខ្ចី​ឡើង​បញ្ចេញ​ផ្កា​ផ្លែ​ទុំ​ក្នុង​ពេល​នោះ ពោធិសត្វ​បេះ​យក​មក​បរិភោគ​ក៏​មាន​ឱជារស​ប្រហែល​ដូច​រស​ទិព្វ ព្រះ​អង្គ​បរិភោគ​លុះ​ត្រា​តែ​ឆ្អែត ហើយ​បេះ​ដាក់​អំរែក​រែក​ទៅ​ផ្ទះ ចែក​បុត្ត​ភរិយា​ផង លក់​ដូរ​ផង។

កាល​នោះ មាន​ព្រាហ្មណ៍​ម្នាក់ បាន​សូម​រៀន​មន្ត​ពី​ពោធិសត្វ​​ ៗ ក៏​ឱ្យ​រៀន​ហើយ​ផ្ដាំ​ថា បើ​មាន​អ្នក​ណា​មួយ​សួរ​ថា ព្រាហ្មណ៍​ឯង​រៀន​មន្ត​នេះ​ពី​សម្នាក់​អ្នក​ណា​ៗ ចូរ​ព្រាហ្មណ៍​ឯង​ប្រាប់​គេ​ឱ្យ​ត្រង់​កុំ​កុហក​ហ្នះ តែ​ប្រាប់​ដោយ​មុសាវាទ​ហើយ​មន្ត​នេះ នឹង​វិនាស​ទៅ​វិញ​មិន​លែង​ឡើយ ព្រាហ្មណ៍​ទទួល​បណ្ដាំ​ហើយ ដើរ​រៀង​ៗ​ទៅ​ដល់​ក្រុង​ពារាណសី បាន​ចូល​ទៅ​ធ្វើ​ជា​នាយ​ច្បារ​ក្នុង​សម្នាក់​ព្រះ​បាទ​ពារាណសី តែង​ប្រតិបត្តិ​តាម​វិធី​មន្ត ផ្លែ​ស្វាយ​ក៏​ចេះ​តែ​ផ្លែ​ឥត​អាក់​មិន​ថា​រដូវ​ណា​ព្រាហ្មណ៍​ក៏​បាន​រង្វាន់​ច្រើន​បរិបូណ៌។

ថ្ងៃ​ជា​ខាង​ក្រោយ​ទៀត ព្រះ​បាទ​ពារាណសី​មាន​បន្ទូល​សួរ​ថា នែ​ព្រាហ្មណ៍​អ្នក​ឯង​រៀន​មន្ត​នេះ​មក​ពី​សម្នាក់​អ្នក​ណា គ្រូ​ដើម​របស់​អ្នក​ឈ្មោះ​អ្វី ព្រាហ្មណ៍​អៀន​ខ្មាស​មិន​ហ៊ាន​ក្រាប​ទូល​ទៅ​ឈ្មោះ​ពោធិសត្វ​ជា​គ្រូ​ដើម ព្រោះ​ពោធិសត្វ​នៅ​ក្នុង​ត្រកូល​ចណ្ឌាល ប្រែ​ជា​ក្រាប​ទូល​ដោយ​ពាក្យ​មុសាវាទ​ថា រៀន​មន្ត​នេះ​ពី​សម្នាក់​អាចារ្យ​ទិសាបាមោក្ខ​វិញ មន្ត​ក៏​អន្តរ​ធាន​បាត់​ទៅ​ក្នុង​មួយ​រំពេច​នោះ ព្រាហ្មណ៍​មិន​ដឹង​ជា​មន្ត​របស់​ខ្លួន​វិនាស​សោះ។ លុះ​ដល់​ព្រះ​បាទ​ពារាណសី​យាង​ទៅ​ប្រពាត​ឱទ្យាន​ស្ដេច​មាន​បន្ទូល​ថា នែ​មាណព ចូរ​អ្នក​នាំ​ផ្លែ​ស្វាយ​មក​មើល ព្រាហ្មណ៍​រាយ​មន្ត​ទៅ​មិន​បាន​កើត​ផ្លែ​ស្វាយ​ដូច​បំណង ទើប​ដឹង​ជាក់​ថា មន្ត​របស់​អាត្មា​វិនាស​ហើយ ស្ដេច​សួរ​ពីរ​បី​ដង ទើប​ព្រាហ្មណ៍​ក្រាប​ទូល​តាម​ពិត ស្ដេច​ទ្រង់​ខ្ញាល់​បង្គាប់​ឱ្យ​ធ្វើ​ទោស រាជ​បុត្រ​ក៏​ធ្វើ​ទោស​តាម​ព្រះ​រាជ​ឱង្ការ​ហើយ​ប្រាប់​ថា បើ​ព្រាហ្មណ៍​ឯង​ទៅ​សូម​ទោស​គ្រូ​ដើម​របស់​អ្នក ក្រែង​អ្នក​នឹង​បាន​មន្ត​នេះ​មក​វិញ ទើប​អ្នក​នឹង​បាន​នៅ​ក្នុង​ដែន​នេះ​ត​ទៅ​ទៀត បើ​អ្នក​មិន​ទៅ​សូម​ទោស​ទេ ចូរ​អ្នក​ដើរ​ចេញ​ពី​ដែន​នេះ​ឱ្យ​ឆាប់​ទៅ ព្រាហ្មណ៍​ដល់​នូវ​ទោស​រក​ទីពឹង​មិន​បាន ទើប​ដើរ​ទៅ​កាន់​សម្នាក់​ពោធិសត្វ​ជា​គ្រូ​ដើម សូម​រៀន​មន្ត​ទៀត ព្រះ​អង្គ​មិន​ព្រម​ឱ្យ​រៀន ហើយ​ទ្រង់​ត្មះ​តិះដៀល​ថា ឱ្យ​រៀន​ទៀត​ឯ​ណា​បាន មនុស្ស​ពោល​ពាក្យ​មុសាវាទ​ដូច​ព្រាហ្មណ៍​ឯង​នេះ​មាន​មន្ត​មក​ពី​ណា ចូរ​ព្រាហ្មណ៍​ឯង​ចៀស​ចេញ​ទៅ យើង​មិន​គាប់​ចិត្ត​នឹង​បុគ្គល​ពោល​មុសាវាទ​ដូច​ព្រាហ្មណ៍​ឯង​នេះ​ទេ ព្រាហ្មណ៍​ដល់​នូវ​ទោស​រក​ទីពឹង​មិន​បាន ទើប​មក​គិត​ក្នុង​ចិត្ត​ថា បើ​អាត្មា​អញ​រក​ទីពឹង​មិន​បាន​ដូច្នេះ ហើយ​នឹង​រស់​នៅ​ជា​មនុស្ស​ធ្វើ​អ្វី ស្លាប់​ទៅ​វិញ​ប្រសើរ​ជាង​ គិត​ហើយ​ក៏​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ ដល់​នូវ​មរណភាព​ឥត​ទីពឹង​ឡើយ។

បុគ្គល​អ្នក​ប្រព្រឹត្ត​ពោល​ពាក្យ​មុសាវាទ ហើយ​គង់​នឹង​ដល់​នូវ​ទោស​ទុក្ខ​ដូច​រឿង​ព្រាហ្មណ៍​នេះ​ឯង។

 

ចប់​រឿង អម្ពមន្តជាតក

 

មាន​រឿង​ដទៃ​ទៀត​ក្នុង​គម្ពីរ​តិក្កនិបាត

មាន​សេចក្ដី​ដំណាល​ថា ក្នុង​អតីតកាល​កន្លង​ទៅ​យូរ​ហើយ​មាន​សេដ្ឋី​បុត្រ​បី​នាក់​ជា​សម្លាញ់​នឹង​គ្នា នៅ​ក្នុង​ក្រុង​ពារាណសី ឯ​ក្នុង​ក្រុង​នោះ​មាន​ស្រះ​ឈូក​មួយ មាន​បុរស​ម្នាក់​អ្នក​រក្សា​ស្រះ​ឈូក​ជា​មនុស្ស​កំបុត​ច្រមុះ។ ថ្ងៃ​មួយ​សេដ្ឋី​បុត្រ​ទាំង​បី​នាក់​ចង់​ប្រដាប់​តែង​ខ្លួន​ដោយ​កម្រង​ផ្កា ទើប​នាំ​គ្នា​ដើរ​ចូល​ទៅ​កាន់​សម្នាក់​អ្នក​រក្សា​ស្រះ​ឈូក​ដោយ​ប៉ង​ថា យើង​ទាំង​អស់​គ្នា​នឹង​ពោល​ពាក្យ​មិន​ពិត ​សរសើរ​គុណ​បុរស​កំបុត្រ​ច្រមុះ​នេះ ហើយ​នឹង​សូម​ផ្កា​គាត់ លុះ​គិត​ហើយ ​ទើប​ចូល​ទៅ​ឈរ​ជិត​បុរស​នោះ លុះ​គិត​ហើយ​ ទើប​ចូល​ទៅ​ឈរ​ជិត​បុរស​នោះ សេដ្ឋី​បុត្រ​ជា​បឋម (ទី១) កាល​រៀប​នឹង​សូម​ផ្កា​ក៏​សូត្រ​ជា​បទ​គាថា​ថា ៖

 

យថា កេសា ច មស្សុចឆិន្នំ ឆិន្នំ វិរូហតិ

ឯវំរូហតុ តេ នាសា បទុមំ ទេហិ យាចិតោ

 

ប្រែ​ថា សក់​និង​ពុក​ចង្កា​គេ​កោរ​កាត់​ហើយ​គង់​ដុះ​ឡើង​វិញ​បាន​យ៉ាង​ណា ច្រមុះ​របស់​អ្នក​ចូរ​ឱ្យ​ដុះ​ឡើង​ដូច​សក់​និង​ពុក​ចង្កា​នោះ​ចុះ ឯ​ខ្ញុំ​ត្រូវ​ការ​សូម​ផ្កា​អ្នក អ្នក​ចូរ​ឱ្យ​ផ្កា​ដល់​ខ្ញុំ។

សេដ្ឋី​បុត្រ​ជា​គម្រប់​ពីរ កាល​រៀប​នឹង​សូម​ផ្កា​ក៏​សូត្រ​ជា​បទ​គាថា ថា

 

យថា សារទិកំ ពីជំខេត្តេ វុត្តំ វិរូហតិ

ឯវំ រូហតុ តេ នាសាបទុមំទេហិ យាចិតោ

 

ប្រែ​ថា ធម្មតា​ពូជ​ដែល​បុគ្គល​សាប​ព្រោះ ក្នុង​ស្រែ​ឬ​ក្នុង​ចម្ការ ក្នុង​រដូវ​សរទកាល គឺ​រដូវ​សម្រក​តែង​លូត​លាស់​ដុះ​ឡើង​បាន​យ៉ាង​ណា ច្រមុះ​របស់​អ្នក​ចូរ​ឱ្យ​លូតលាស់​ដុះ​ឡើង​ដូច​ពូជ​ទាំង​នោះ​ចុះ ឯ​ខ្ញុំ​ត្រូវ​ការ​សូម​ផ្កា​អ្នក អ្នក​ចូរ​ឱ្យ​ផ្កា​ដល់​ខ្ញុំ។

បុរស​អ្នក​រក្សា​ស្រះ​ឈូក​ក៏​ខឹង​អន់​ចិត្ត មិន​ឱ្យ​ផ្កា​ឈូក​ដល់​សេដ្ឋី​បុត្រ​ទាំង​ពីរ​នាក់​នោះ​ឡើយ ព្រោះ​សេដ្ឋី​បុត្រ​ទាំង​ពីរ​នាក់​នោះ​ពោល​ពាក្យ​មុសាវាទ។

ឯ​សេដ្ឋី​បុត្រ​ជា​គម្រប់​បី កាល​រៀប​នឹង​សូម​ផ្កា​ក៏​ពោល​ពាក្យ​ពិត​សូត្រ​ជា​បទ​គាថា​ថា

 

ឧភោបិ បលបន្តេ តេ អបិ បទុមានិ ទស្សតិ

វជ្ជុំ វា តេ ន វា វជ្ជុំ នត្ថិ នាសាយ រូហនា

ទេហិ សម្ម បទុមានិ តស្ស មេ សម្ម យាចិតោ

 

ប្រែ​ថា សេដ្ឋី​បុត្រ​ទាំង​ពីរ​នាក់​នោះ ពោល​ពាក្យ​មិន​ពិត​ចំពោះ​អ្នក​ដោយ​គំនិត​គិត​ថា អ្នក​នឹង​ឱ្យ​ផ្កា​មិន​ខាន ក៏​នាំ​គ្នា​ពោល​ពាក្យ​ប្រៀបធៀប​ក្ដី មិន​ពោល​ក្ដី ពាក្យ​នោះ​មិន​ជា​ប្រមាណ​ដល់​ចិត្ត​អ្នក ឯ​ចំណែក​ខ្ញុំ​ៗ​គិត​ថា ធម្មតា​ច្រមុះ​បើ​កំបុត​ហើយ​វា​មិន​ដែល​ដុះ​វិញ​ទេ តែ​ពាក្យ​នេះ​ខ្ញុំ​មិន​ពោល​សំដៅ​ដល់​ច្រមុះ​អ្នក​ទេ ខ្ញុំ​មក​នេះ​មាន​បំណង​តែ​នឹង​សូម​ផ្កា​ប៉ុណ្ណោះ អើ​សម្លាញ់​ ខ្ញុំ​ត្រូវ​ការ​សូម​ផ្កា​អ្នក ចូរ​សម្លាញ់ ​អ្នក​ឱ្យ​ផ្កា​ដល់​ខ្ញុំ​ដោយ​ស្រួល​ចុះ បុរស​អ្នក​រក្សា​ស្រះ​ឈូក​ក៏​តប​ថា អ្នក​ទាំង​ពីរ​នាក់​នោះ​ពោល​ពាក្យ​មុសាវាទ ឯ​អ្នក​នេះ​ពោល​ពាក្យ​តាម​សភាវៈ​ពិត ខ្ញុំ​នឹង​ឱ្យ​ផ្កា​ដល់​អ្នក ថា​ហើយ​ក៏​កាច់​ផ្កា​យក​មក​ចង​ជា​បាច់​ហុច​ឱ្យ​ទៅ។

បុគ្គល​អ្នក​ប្រព្រឹត្ត​ពោល​ពាក្យ​មុសាវាទ​ហើយ នឹង​ខាត​លាភ​ដូច​រឿង​សេដ្ឋី​បុត្រ​ទាំង​ពីរ​នាក់​នោះ​ឯង អ្នក​លះ​ចោល​មិន​ពោល​ពាក្យ​មុសាវាទ​ហើយ នឹង​បាន​លាភ​ចម្រើន​ដូច​សេដ្ឋី​បុត្រ​ជា​គម្រប់​បី ដែល​នាំ​មក​ក្នុង​រឿង​ជា​មួយ​គ្នា​នេះ។

 

ចប់​រឿង​សេដ្ឋី​បុត្រ៣​នាក់

 

ទោសបិសុណាវាចា

មាន​រឿង​ក្នុង​គម្ពីរ​ធម្មបទ បច្ឆិម​ភាគ

សេចក្ដី​ថា កាល​ក្នុង​សាសនា​ព្រះ​សម្ពុទ្ធ ព្រះ​នាម​កស្សបៈ មាន​ព្រះ​ថេរៈ​ពីរ​អង្គ​ជា​សម្លាញ់​នឹង​គ្នា មាន​ព្រះ​ទ័យ​ស្មើ​ដូច​ជា​បង​ប្អូន​កើត​ក្នុង​ផ្ទៃ​មាតា​ជា​មួយ​គ្នា។ ថ្ងៃ​មួយ​មាន​ភិក្ខុ​ជា​ធម្មកថិក​មួយ​រូប ទៅ​ពោល​ពាក្យ​ញុះញង់​បំបែក​ព្រះ​ថេរៈ​ទាំង​ពីរអង្គ​ឱ្យ​បែក​ចាក​សេចក្ដី​រាប់អាន លុះ​ភិក្ខុ​ធម្មកថិក​នោះ​ធ្វើ​កាល​កិរិយា​ស្លាប់​ទៅ ក៏​ទៅ​រង​ទុក្ខ​ក្នុង​អវីចី​នរក​អស់​កាល​ដ៏​យូរ​រវាង​មួយ​ពុទ្ធន្តរ លុះ​រួច​ពី​នរក​មក​ទៅ​កើត​ជា​សូករ​ប្រេត គឺ​ប្រេត​មាន​សណ្ឋាន​ដូច​ជា​ជ្រូក មាន​ខ្លួន​ជា​មនុស្ស ក្បាល​ជា​ជ្រូក​រង​ទុក្ខ​លើ​ភ្នំ​គិជ្ឈកូដ​ក្នុង​ពុទ្ធកាល​នេះ ទោស​ទាំង​នេះ​ជា​ទោស​ព្រោះ​ពោល​បិសុណា​វាចា​នោះ​ឯង។

ព្រះ​វង្គិ​សត្ថេរ​លោក​ដឹង​សេចក្ដី​នេះ​ពិត​ហើយ ទើប​លោក​សម្ដែង​ជា​បទ​គាថា​ដែល​រាប់​បញ្ចូល​មក​ក្នុង​សុភាសិត​សូត្រ​ដូច្នេះ​ថា

 

តមេវ វាធំ ភាសេយ្យ យាយត្តានំ ន តាបយេ

បរេ ច ន វិហឹសេយ្យ សា វេ វាចា សុភាសិតា។

 

ប្រែ​ថា បុគ្គល​មិន​គប្បី​ធ្វើ​ខ្លួន​ឱ្យ​ក្ដៅ​ក្រហាយ​ផង មិន​គប្បី​បៀត​បៀន​អ្នក​ដទៃ​ផង ដោយ​វាចា​ណា គប្បី​ពោល​តែ​វាចា​នោះ​ចុះ វាចា​នោះ​ឯង​ហើយ​ជា​សុភាសិត។

 

ចប់​រឿង​សូករ​ប្រេត

 

ទោស​ផរុសវាចា

សេចក្ដី​ថា គ្រា​កាល​ព្រះ​សាស្ដា​គង់​ព្រះ​ជន្ម​នៅ​ឡើយ ព្រះ​អង្គ​ទ្រង់​តិះដៀល​ឆព្វគ្គិយ​ភិក្ខុ​ទាំងឡាយ​ដោយ​បរិយាយ​ថា ភិក្ខវេ ផរុសវាចា នាម អនត្ថការិកា។ល។ សហស្សេន បរាជយេត‍ិ។

ប្រែ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ផរុស​វាចា​នេះ ​ជា​វាចា​អាច​ធ្វើ​ប្រយោជន៍​ឱ្យ​វិនាស​ទៅ​បាន មួយ​ទៀត​សោត ជា​វាចា​ជូរ ចត់ ហឹរ ល្វីង ក្ដៅ ផ្សា កម្រ​អ្នក​នឹង​អត់​ធន់​ទ្រាំ​បាន ដោយ​ហោច​ទៅ​ សូម្បី​តែ​សត្វ​តិរច្ឆាន​ក៏​គង់​មិន​គាប់​ចិត្ត​នឹង​ផរុស​វាចា​នោះ​ដែរ រឿង​នេះ​សម​ដូច​និទាន​ដែល​មាន​ក្នុង​ជាតក​សម្ដែង​ថា ៖

កាល​ក្នុង​អតីតកាល​កន្លង​ទៅ​យូរ​ហើយ ព្រះ​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់​នៃ​យើង​នៅ​ជា​ពោធិសត្វ​នៅ​ឡើយ ទៅ​កើត​ជា​គោ​ឈ្មោះ​នន្ទិវិសាល​ក្នុង​ក្រុង​តក្កសិលា។

ថ្ងៃ​មួយ ព្រាហ្មណ៍​ម្នាក់​បាន​នាំ​យក​កូន​គោ​មក​អំពី​សម្នាក់​ទក្ខិណ​ទាយក​ព្រាហ្មណ៍ ហើយ​ឱ្យ​ឈ្មោះ​គោ​នោះ​ថា នន្ទិវិសាល ព្រាហ្មណ៍​តែង​ចិញ្ចឹម​ដោយ​បបរ​និង​បាយ​ស្រួយ គោ​នោះ​ក៏​បាន​ធំ​ចម្រើន​ឡើង​ដោយ​លំដាប់ មាន​កម្លាំង​អាច​អូស​រទេះ​ដ៏​ធ្ងន់ៗ បាន​មួយ​រយ​រទេះ លុះ​ចំណេរ​មក​ខាង​ក្រោយ ព្រាហ្មណ៍​ជា​ម្ចាស់​បាន​ភ្នាល់​នឹង​គោ​វិន្ទសេដ្ឋី​ ដាក់១ពាន់​កហាបណៈ ដើម្បី​ឱ្យ​គោ​នន្ទិវិសាល​អូស​រទេះ​ដ៏​ធ្ងន់ ចំនួន១រយ​រទេះ ថា​ហើយ​ក៏​កើប​ក្រួស​ខ្សាច់​ផ្ទុក​ឱ្យ​ពេញ​រទេះ​មួយ​រយ​ចង​​​បន្ត​​​គ្នា​បង្ហែៗទៅ ​ទើប​ទឹម​គោ​នន្ទិវិសាល​ឱ្យ​អូស​រទេះ​ទាំងនោះ​ឱ្យ​បាន​ឃ្លាត​ពី​ក្រោយ​មក​ដល់​កន្លែង​កង់​រទេះ​មុខ​ប៉ុណ្ណោះ ចាំ​យក​ចាញ់​ឈ្នះ​គ្នា​ក្នុង​ពេល​អូស​រួច​ឬ​មិន​រួច​នោះ ឯ​ព្រាហ្មណ៍​ក៏​ឡើង​ទៅ​អង្គុយ​លើ​ទូក​រទេះ លើក​ជន្លួញ​ឡើង​ស្រែក​ហៅ​ថា នែ​គោ​កៀច គោ​កោង​កាច ចូរ​ឯង​អូស​រទេះ​ទៅ គោ​ស្ដាប់​ពាក្យ​មិន​ពីរោះ​គាប់​ចិត្ត​ខ្លួន​សោះ ក៏​អស់​កម្លាំង​អូស​រទេះ​មិន​រួច​ឡើយ ព្រាហ្មណ៍​ជា​ម្ចាស់​ក៏​ចាញ់​បង់​ទ្រព្យ​រាប់​ដោយ​ពាន់​កហាបណៈ​ក្នុង​កាល​នោះ ព្រោះ​ភ្នាល់​ចាញ់​គោ​វិន្ទ​សេដ្ឋី​នោះ។ ពោធិសត្វ​ឃើញ​ព្រាហ្ម៍​កើត​ទុក្ខ​ដូច្នោះ ទើប​និយាយ​ថា នែ​ព្រាហ្មណ៍ ចូរ​ព្រាហ្មណ៍​ឯង​ទៅ​ភ្នាល់​ទៅ​ភ្នាល់​នឹង​គោ​វិន្ទ​សេដ្ឋី​ម្ដង​ទៀត ដាក់​ពីរ​ពាន់​កហាបណៈ​វិញ តែ​ថា​ព្រាហ្មណ៍​ឯង​កុំ​ពោល​ពាក្យ​​ផរុសវាទ​ជា​ពាក្យ​ទុព្ភាសិត​ដូច​មុន​ទៀត​ឡើយ ត្រូវ​ពោល​តែ​ពាក្យ​ជា​សុភាសិត អ្នក​នឹង​ឈ្នះ​គោ​វិន្ទ​សេដ្ឋី​មិន​ខាន​ឡើយ ព្រាហ្មណ៍​ទៅ​ធ្វើ​តាម​បង្គាប់​នោះ ក៏​បាន​ឈ្នះ​គោវិន្ទ​សេដ្ឋី​វិញ។

ពោធិសត្វ​ក៏​ត្រេកអរ​ដោយ​ព្រាហ្មណ៍​ជា​ម្ចាស់​ខ្លួន បាន​លាភ​ផង ដោយ​ខ្លួន​បាន​អូស​រទេះ​នោះ​រួច​ផង។

បុគ្គល​អ្នក​ពោល​ពាក្យ​ផរុសវាទ​ហើយ តែង​នឹង​បាន​ប្រទះ​សេចក្ដី​ក្ដៅ​ក្រហាយ​ដូច​ព្រាហ្មណ៍​នោះ លុះ​តែ​លះ​ចោល​មិន​ពោល​ពាក្យ​ផរុសវាទ ទើប​នឹង​បាន​លាភ បាន​ប្រទះ​សេចក្ដី​រីករាយ​ជា​ខាង​ក្រោយ។

សម​ដូច​ព្រះ​ពុទ្ធ​ដីកា​ដែល​ទ្រង់​សម្ដែង​ទុក​ក្នុង​គម្ពីរ​អង្គុត្តរនិកាយ ឯកនិបាត​ដូច្នេះ​ថា

មនុញ្ញមេវ ភាសេយ្យ នាមនុញ្ញំ កុទាចនំ មនុញ្ញំ ភាសមានស្ស គរុភារំ ឧទទ្ធរិ[២] ធនញ្ច នំ អលាភេសិ តេន អត្តមនោ អហុ។

ប្រែ​ថា បុគ្គល​គប្បី​ពោល​ពាក្យ​ពីរោះ​ជាទី​គាប់​ចិត្ត កុំ​គប្បី​ពោល​ពាក្យ​ពីរោះ​មិន​ជាទី​គាប់​ចិត្ត​ឱ្យ​សោះ កាល​ដែល​ព្រាហ្មណ៍​ពោល​ពាក្យ​ពីរោះ​ជាទី​គាប់​ចិត្ត គោនន្ទវិសាល​រើ​ឡើង​នូវ​រទេះ​ដ៏​ពេញ​ដោយ​ក្រួស​ខ្សាច់​ទៅ​បាន ហើយ​ធ្វើ​ព្រាហ្មណ៍​ឱ្យ​បាន​ទ្រព្យ​សម្បត្តិ​ច្រើន គោ​នន្ទិវិសាល​ក៏​ត្រេកអរ​ព្រោះ​ខ្លួន​អូស​រទេះ​រួច​ផង ព្រោះ​ធ្វើ​ព្រាហ្មណ៍​ឱ្យ​បាន​ទ្រព្យ​សម្បត្តិ​ផង។

 

ចប់​នន្ទិវិសាល​ជាតក

 

មាន​រឿង​មួយ​ទៀត​ក្នុង​គម្ពីរ​អង្គុត្តរនិកាយ​ឯកនិបាត​ដូច​គ្នា និយាយ​អំពី​ពោធិសត្វ កើត​ជា​គោ​ឈ្មោះ​សារម្ភៈ​នៅ​ក្នុង​សម្នាក់​ព្រាហ្មណ៍​ម្នាក់ ក្នុង​ក្រុង​តក្កសិលា សេចក្ដី​ដូច​គ្នា​នឹង​នន្ទិវិសាល​ជាតក​នោះ​ដែរ។

លុះ​ព្រះ​សម្ពុទ្ធ​ទ្រង់​នាំ​រឿង​សារម្ភ​ជាតក​នេះ​ចប់​ហើយ ទើប​ទ្រង់​សម្ដែង​ជា​បទ​គាថា ថា

កល្យាណិមេវ មុញ្ចេយ្យ ន ហិ មុញ្ចេយ្យ បាបិកំ មោក្ខោ កល្យាណិយា សាធុ តបត‍ិ បាបិកំ។

ប្រែ​ថា បុគ្គល​គប្បី​ពោល​បញ្ចេញ​នូវ​ពាក្យ​ពីរោះ រួច​ចាក​ទោស៤ប្រការ​ មាន​មុសាវាទ​ជាដើម កុំ​គប្បី​ពោល​បញ្ចេញ​នូវ​ពាក្យ​ដ៏​លាមក​អាក្រក់​មិន​ជាទី​គាប់​ចិត្ត​នៃ​អ្នក​ទាំងឡាយ​ឡើយ។

កិរិយា​ពោល​បញ្ចេញ​នូវ​ពាក្យ​ពីរោះ​ជា​គុណ​ធ្វើ​ឱ្យ​សម្រេច​ប្រយោជន៍​ល្អ បើ​ពោល​បញ្ចេញ​នូវ​ពាក្យ​ដ៏​លាមក​អាក្រក់​ហើយ នឹង​បាន​សេចក្ដី​សោកសៅ​ទុក្ខ​លំបាក​មិន​ខាន​ឡើយ។

 

ចប់​រឿង​គោ​ឈ្មោះ​សារម្ភៈ (ចប់​ក្រុម​ទី ២)

 

ទោសសម្ផប្បលាប

សេចក្ដី​ថា បុគ្គល​ឯ​ណា​ពោល​ពាក្យ​ឥត​ប្រយោជន៍​ឥត​ផល បុគ្គល​នោះ​ឯង​ឈ្មោះ​ថា អធម្ម​វាទី អធម្ម​វាទី​បុគ្គល​នោះ​ឈ្មោះ​ថា ជា​អ្នក​ធ្វើ​ព្រះ​សទ្ធម្ម​គឺ​សាសនា​ព្រះ​ពុទ្ធ​ឱ្យ​វិនាស​ទៅ​ឆាប់។

ហេតុ​ដូច្នោះ បាន​ជា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​សម្ដែង​កបិល​សូត្រ​ក្នុង​គម្ពីរ​ឯក​និបាតង្គុត្តរ​ដូច្នេះ​ថា

 

យេបិ តេ ភិក្ខវេភិក្ខ អធម្មំ ធម្មោតិ ទីបេន្តិ តេបិ ភិក្ខវេ ភិក្ខូ ពហុជនាហិតាយ បដិបន្នា ពហុជនាសុខាយ ពហុនោ ជនស្ស អនត្ថាយ អហិតាយ ទុក្ខាយ ទេវមនុស្សានំ ពហុញ្ច តេ ភិក្ខវេ ភិក្ខូ អបុញ្ញំ បសវន្តិ តេបិ មំ សទ្ធម្មំ អន្តរធាបេន្តិ

 

ប្រែ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ណា​សម្ដែង​សភាវៈ​​មិន​មែន​ធម៌​ថា​ជា​ធម៌[៣] (សម្ដែង​ធម៌​ពិត​ថា​មិន​មែន​ជា​ធម៌​វិញ) ម្នាល​ភិក្ខុ​ទាំងឡាយ​ភិក្ខុ​ទាំង​នោះ​ឈ្មោះ​ថា ជា​អ្នក​ប្រតិបត្តិ​ដើម្បី​មិន​ឱ្យ​ជា​ប្រយោជន៍​នឹង​សេចក្ដី​សុខ​ដល់​ជន​ច្រើន ឈ្មោះ​ថា ជា​អ្នក​ប្រតិបត្តិ​ដើម្បី​មិន​ឱ្យ​ជា​ប្រយោជន៍​នឹង​មិន​បាន​ជា​គុណ​ដល់​ជន​ច្រើន (គ្រាន់​តែ​ជា​អ្នក​ប្រតិបត្តិ) ដើម្បី​សេចក្ដី​ទុក្ខ​ដល់​ទេវតា​និង​មនុស្ស​ទាំងឡាយ ម្នាល​ភិក្ខុ​ទាំងឡាយ​ភិក្ខុ​នោះ​តែង​សោយ​នូវ​ទោស​មាន​ប្រមាណ​ច្រើន (មិន​តែ​ប៉ុណ្ណោះ​សោត) ភិក្ខុ​នោះ​ឈ្មោះ​ថា ធ្វើ​ព្រះ​សទ្ធម្ម​គឺ​សាសនា​របស់​តថាគត​ឱ្យ​សាប​សូន្យ​ទៅ។ ដូច​រឿង​កបិល​ភិក្ខុ​ដែល​នាំ​មក​សម្ដែង​ក្នុង​គម្ពីរ​ធម្មបទ​នោះ។

សេចក្ដី​ថា កាល​ក្នុង​សាសនា​ព្រះ​ពុទ្ធ​ព្រះ​នាម​កស្សបៈ មាន​ភិក្ខុ​មួយ​រូប​ឈ្មោះ​កបិល​ភិក្ខុ អ្នក​ចេះ​ចាំ​ព្រះ​ត្រៃបិដក​មាន​បរិវារ​ច្រើន​ផង មាន​លាភ​ច្រើន​ផង ក៏​មាន​ចិត្ត​ស្រវឹងដោយ​ការ​នៃ​ខ្លួន​ជា​ពហុស្សូត ប្រកាន់​មានះ​​រឹង​ត្អឹង ព្រោះ​តណ្ហា​គ្រប​សង្កត់​ក៏​ពោល​ពាក្យ​ញាំ​ញី​បង្កាច់​បង្កិន​របស់​គួរ​ក្នុង​ធម៌​វិន័យ ត្រឡប់​ថា​មិន​គួរ របស់​មិន​គួរ​ក្នុង​ធម៌​វិន័យ ត្រឡប់​ថា​គួរ​វិញ ភិក្ខុ​ដែល​ត្រឹម​ត្រូវ​ក្នុង​​​វិន័យ​ ពោល​ហាម​ប្រាម​ក៏​មិន​ស្ដាប់​ ប្រែ​ជា​ជេរ​ប្រទេច​ដល់​ភិក្ខុ​ទាំង​នោះ​វិញ ដោយ​ពាក្យ​ផរុសវាទ លុះ​ច្យុត​អំពី​មនុស្ស​លោក​នេះ ក៏​ទៅ​ឆេះ​ក្នុង​អវិចី​នរក​អស់​កាល​ដ៏​យូរ​រវាង​មួយ​ពុទ្ធន្តរ សេស​ផល​ពី​នោះ​មក​កើត​ជា​ត្រី​ឆ្ពិន​មាស​ក្នុង​ស្ទឹង​អចិរវតី មាន​មាត់​ស្អុយ​អាក្រក់ ព្រោះ​ជេរ​ប្រទេច​ភិក្ខុ​ផង​គ្នា មាន​សម្បុរ​ល្អ​ដូច​មាស ព្រោះ​ទ្រទ្រង់​ព្រះ​ត្រៃ​បិដក​ក្នុង​កាល​នោះ។

ហេតុ​ដូច្នេះ​ពាក្យ​ពោល​ជា​សម្ផប្ប​លាប ដែល​អ្នក​ប្រាជ្ញ​មិន​រាប់​ថា​ជា​ធម៌ បុគ្គល​គប្បី​លះ​ចោល​ចេញ ពាក្យ​ពោល​ជា​អសម្ផប្ប​លាប​ដែល​អ្នក​ប្រាជ្ញ​រាប់​ថា​ជា​ធម៌ បុគ្គល​គប្បី​ពោល​ចុះ។

 

ចប់​រឿង​កបិល​ភិក្ខុ

 

អធិប្បាយ​អំពី​ទោស​នៃ​ទុព្ភាសិតា​វាចា​ក៏​អស់​សេចក្ដី​តែ​ត្រឹម​នេះ។

 

គុណ​នៃ​សុភាសិតា​វាចា
 

លំដាប់​ត​អំពី​នេះ​នឹង​សម្ដែង​គុណ​នៃ​សុភាសិតា​វាចា​វិញ។ គុណ​នៃ​សុភាសិតា​វាចា​នោះ ប្លែក​គ្នា​ដូច្នេះ​ខ្លះ​ក៏​មាន

១- ពាក្យ​សច្ច​វាចា ជា​ហេតុ​ដក​ចោល​នូវ​ទោស​គឺ​មុសាវាទ

២- ពាក្យ​សុភាសិតាវាចា ជា​ហេតុ​ដក​ចោល​នូវ​ទោស​គឺ​បិសុណាវាចា

៣- ពាក្យ​បិយវាចា ជា​ហេតុ​ដក​ចោល​នូវ​ទោស​គឺ​ផរុសវាចា

៤- ពាក្យ​ថា​ធម៌ ជា​ហេតុ​ដក​ចោល​នូវ​ទោស​គឺ​សម្ផប្បលាប។

 

ន័យ​ដទៃ​ទៀត​ថា

 

១- មិន​ពោល​ពាក្យ​មុសាវាទ រាប់​ថា​ពោល​ពាក្យ​ពិត​គឺ​សច្ចវាចា

២- មិន​ពោល​ពាក្យ​បិសុណាវាទ រាប់​ថា​ពោល​ពាក្យ​ជា​សុភាសិត

៣- មិន​ពោល​ពាក្យ​ផរុសវាទ រាប់​ថា​ពោល​ពាក្យ​បិយវាចា

៤- មិន​ពោល​ពាក្យ​សម្ផប្បលាប រាប់​ថា​ពោល​ពាក្យ​ជា​ធម៌។

ន័យ​ទាំង​ពីរ​នេះ មាន​សេចក្ដី​រួម​ចុះ​ជា​មួយ​គ្នា ប្លែក​តែ​ដោយ​ការ​អធិប្បាយ​ប៉ុណ្ណោះ។

 

គុណ​អ្នក​មិន​ពោល​ពាក្យ​មុសាវាទ
 

បុគ្គល​អ្នក​មិន​ពោល​ពាក្យ​មុសាវាទ​ហើយ ជា​គុណ​នឹង​ឱ្យ​រួច​អំពី​មរណ​ភ័យ​បាន ដូច​សត្វ​កិន្នរ[៤] មួយ​គូរ​ញី​ឈ្មោល ដែល​មាន​សចក្ដី​មក​ក្នុង​គម្ពីរ​តេរ​សនិបាត តក្ការិយ​ជាតក។

មាន​រឿង​ដំណាល​ថា គ្រា​កាល​នោះ​មាន​ព្រាន​ព្រៃ​ម្នាក់​នៅ​ក្នុង​ក្រុង​ពារាណសី ដើរ​ទៅ​ព្រៃ​ហេមពាន្ត​ដើម្បី​បាញ់​ម្រឹគ ព្រាន​នោះ​បាន​ចាប់​យក​សត្វ​កិន្នរ​មួយ​គូ​ញី​ឈ្មោល នាំ​មក​ថ្វាយ​ព្រះ​បាទ​ពារាណសី ៗ ទ្រង់​ត្រាស់​សួរ​ថា កិន្និរ​នេះ​មាន​គុណ​ដូច​ម្ដេច​ខ្លះ ព្រាន​ព្រៃ​ក្រាប​ទូល​ថា កិន្នរ​នេះ​ចេះ​រាំ​ផង ចេះ​ច្រៀង​ផង រាំ​ក៏​ល្អ​មើល ច្រៀង​ក៏​ពីរោះ​ស្ដាប់ មនុស្ស​យើង​ចេះ​មិន​ដូច​ឡើយ ស្ដេច​ទ្រង់​ព្រះ​សណ្ដាប់​កិត្តិគុណ[៥] ដូច្នោះ​ហើយ មាន​ព្រះ​ទ័យ​ត្រេក​អរ​ទ្រង់​ប្រទាន​ទ្រព្យ​សម្បត្តិ​ដល់​ព្រាន​ព្រៃ​មាន​ប្រមាណ​ច្រើន ហើយ​ទ្រង់​ត្រាស់​ប្រើ​ឱ្យ​កិន្នរ​ទាំង​ពីរ​ឱ្យ​ច្រៀង​រាំ​និង​ទត​កម្សាន្ត​ព្រះ​ទ័យ។

ទើប​កិន្នរ​ទាំង​ពីរ​គិត​ថា កាល​យើង​ច្រៀង​ក៏​មិន​ពីរោះ​ពីសា​អ្វី​កាល​រាំ​សោត​ក៏​មិន​ល្អ​មើល​អ្វី នឹង​ទៅ​ជា​រាំ​ជា​ច្រៀង​តែ​ផ្ដេស​ផ្ដាស ទោស​មុសាវាទ​ក៏​នឹង​កើត​មាន​ដល់​យើង ព្រោះ​តែ​ពោល​ច្រើន ​ព្រោះ​តែ​ធ្វើ​ច្រើន សុទ្ធ​តែ​មិន​ពិត។ កិន្នរ​ទាំង​ពីរ​គិត​ដូច្នោះ​ហើយ ក៏​មិន​ច្រៀង​មិន​រាំ ស្ដេច​ប្រើ​ហើយ​ប្រើ​ទៀត សត្វ​កិន្នរ​ទាំង​ពីរ​នៅ​តែ​មិន​ច្រៀង​មិន​រាំ​ទើប​ទ្រង់​ខ្ញាល់​ប្រើ​គេ​ឱ្យ​យក​ទៅ​សម្លាប់ មេ​កិន្នរ​បាន​ស្ដាប់​ព្រះ​រាជឱង្ការ​ដឹង​ថា ស្ដេច​ទ្រង់​ខ្ញាល់​នឹង​ឱ្យ​សម្លាប់​អាត្មា​ដូច្នោះ ក៏​មិន​គិត​ថា គួរ​អញ​នឹង​ពោល​ពាក្យ​ល្អ​ក្នុង​កាល​ឥឡូវ​នេះ​ចុះ មេ​កិន្នរ​គិត​ហើយ​ទើប​សូត្រ​ជា​បទ​គាថា​ថា

 

សតំ សហស្សានំទុព្ភាសិតានំ

កល្លម្បិនាគ្ឃតិសុភាសិតស្ស

ទុព្ភាសិតំ សង្កមានោ កិលេសេ

តស្មា តុណ្ហី កឹ បុរិសោ ន ពាល្យាតិ

 

ប្រែ​ថា រយ​ពាន់​គុណ​ន័យ​វាចា​ជា​ទុព្ភាសិត គង់​មិន​ដល់​មួយ​ចំណិត​នៃ​វាចា​ជា​សុភាសិត កាល​បុគ្គល​ពោល​ពាក្យ​ឱ្យ​យាង​ចុះ​កាន់​គន្លង​ទុព្ភាសិត​ហើយ នឹង​បាន​សោយ​ទុក្ខ​លំបាក​និង​សៅ​ហ្មង​មិន​លែង​ឡើយ។

ហេតុ​នោះ​បាន​ជា​កិន្នរ​ឈ្មោល​នៅ​ស្ងៀម​មិន​ច្រៀង​មិន​រាំ ព្រោះ​ខ្លាច​ទុព្ភាសិត មិន​មែន​ស្ងៀម​នៅ​ដោយ​ការ​ល្ងង់​ខ្លៅ​ទេ។

ព្រះ​បាទ​ពារាណសី ទ្រង់​ព្រះ​សណ្ដាប់​ពាក្យ​មេ​កិន្នរ​ហើយ មាន​ព្រះ​ទ័យ​រីករាយ ក៏​ទ្រង់​មាន​ព្រះ​រាជ​ឱង្ការ​បង្គាប់​ឱ្យ​នាំ​មេ​កិន្នរ​ទៅ​លេង​ឯ​ព្រៃ​ហិមពាន្ត ទ្រង់​ព្រះ​បង្គាប់​ឱ្យ​យក​កិន្នរ​ឈ្មោល​ទៅ​សម្លាប់​ធ្វើ​ព្រះ​ស្ងោយ​ក្នុង​ពេល​ព្រឹក។ កិន្នរ​ឈ្មោល​បាន​ឮ​ហើយ​នឹក​ក្នុង​ចិត្ត​ថា ទំនង​ជា​ស្ដេច​ឱ្យ​សម្លាប់​អញ​ដោយ​ពិត បើ​ដូច្នោះ​គួរ​អញ​នឹង​ពោល​ពាក្យ​ពីរោះ​ខ្លះ​ក្នុង​កាល​ឥឡូវ​នេះ​ចុះ កិន្នរ​ឈ្មោល​គិត​ហើយ ក៏​ពោល​ពាក្យ​ជា​វេយ្យាករណ៍[៦]ថា បណ្ដា​សត្វ​ទ្វេ​បាទ​ទាំង​អស់ តែង​បរិភោគ​ស្មៅ​ជា​ចំណី​មាន​ផ្ទៃ​មេឃ​ជា​ទី​ពឹង​ពំនាក់ បណ្ដា​មនុស្ស​ទាំង​អស់ មាន​សត្វ​ចិញ្ចឹម​ជា​ទី​ពឹង​ទី​ពំនាក់ ព្រោះ​ថា មនុស្ស​តែង​រស់​នៅ​បាន ក៏​អាស្រ័យ​នឹង​បញ្ចគោរស [៧] ចំណែក​ខ្លួន​ខ្ញុំ​មាន​ព្រះ​អង្គ​ជា​ទី​ពឹង​ទី​ពំនាក់ ប្រពន្ធ​ខ្ញុំ​មាន​ជា​ទី​ពឹង​ទី​ពំនាក់ កាល​ខ្ញុំ​ទាំង​ពីរ​នាក់​មាន​ជីវិត​រស់​នៅ​ដរាប​ណា នឹង​មិន​បាន​លះ​ចោល​គ្នា​ដរាប​នោះ ហេតុ​ដូច្នោះ បើ​ព្រះ​អង្គ​ប្រាថ្នា​នឹង​លែង​មេ​កិន្នរ​ ឱ្យ​មេ​កិន្នរ​ឱ្យ​ទៅ​ឯ​ព្រៃ​ហិមពាន្ត ត្រូវ​តែ​ព្រះ​អង្គ​ឱ្យ​សម្លាប់​ខ្ញុំ​ឱ្យ​ហើយ​ជា​មុន​ទៅ សឹម​លែង​មេ​កិន្នរ​ឱ្យ​ទៅ​ជា​ខាង​ក្រោយ​ចុះ។

ព្រះ​បាទ​ពារាណសី បាន​ទ្រង់​ស្ដាប់​សម្ដី​នៃ​សត្វ​ទាំង​ពីរ ពីរោះ​ដូច្នោះ ក៏​ត្រឡប់​ជា​ស្រួល​ព្រះ​ទ័យ ទ្រង់​ប្រើ​ព្រាន​ព្រៃ​ឱ្យ​នាំ​យក​កិន្នរ​ទាំង​ពីរ​ទៅ​លេង​ឯ​ព្រៃ​ហិមពាន្ត ហើយ​ទ្រង់​ហាម​មិន​ឱ្យ​អ្នក​ណា​មួយ​សម្លាប់​កិន្នរ​ទាំង​ពីរ ចាប់​ដើម​តាំង​ពីរ​ថ្ងៃ​នោះ​ទៅ សត្វ​កិន្នរ​ទាំង​ពីរ​បាន​រួច​ពី​មរណ​ភ័យ ព្រោះ​ខ្លាច​មុសាវាទ មិន​ហ៊ាន​ពោល​ពាក្យ​ទុព្ភា​សិត​តាំង​នៅ​នឹង​តែ​ក្នុង​ពាក្យ​ជា​សុភាសិត​តែ​ម្យ៉ាង សម​ដូច​បត​គាថា​ថា

 

តស្មា មរណតោ មោក្ខំ បត្ថយន្តេន ជន្តុនា បហាយ អលិកំ សច្ចំ ភាសិតព្វំ សុធិមតា

 

ប្រែ​ថា ជន​ជា​បណ្ឌិត​អ្នក​មាន​បញ្ញា កាល​ប្រាថ្នា​ចង់​ឱ្យ​រួច​ចាក​មរណ​ភ័យ​នោះ គប្បី​លះ​ចោល​ពាក្យ​កុហក ហើយ​ពោល​តែ​ពាក្យ​សច្ចៈ [៨]មួយ​ផ្នែក​ប៉ុណ្ណោះ។

ព្រះ​វង្គីសត្ថេរ​លោក​ដឹង​សេចក្ដី​នេះ​ពិត​ហើយ ទើប​លោក​សម្ដែង​ជា​បទ​គាថា​ដរាប​ចូល​ក្នុង​សុភាសិត​សូត្រ​ដូច្នេះ​ថា

 

សច្ចំ វេ អមតា វាចា ឯស ធម្មោ សនន្តនោ សច្ចេ អត្ថេ ច ធម្មេ ច អហុ សន្តោ បតិដ្ឋិតា

 

ប្រែ​ថា វចីសច្ច​ជា​វាចា​មិន​ស្លាប់​ពិត វចីសច្ច​នេះ​ជា​ធម៌​គឺ​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​តែង​សន្សំ​ហើយ​ពី​មុនៗ អ្នក​ប្រាជ្ញ​ទាំងឡាយ​មាន​ព្រះ​ពុទ្ធ​ជា​ដើម តែង​ស្ថិត​នៅ​ក្នុង​សច្ចធម៌ គឺ​ធម៌​ជា​ប្រយោជន៍​ខ្លួន​ផង ប្រយោជន៍​អ្នក​ដទៃ​ផង តាម​ធម្មតា​មិន​ឃ្លៀង​ឃ្លាត​ឡើយ។

 

ចប់​រឿង​កិន្នរ

 

ពាក្យ​ដែល​ជា​សច្ច​វាទ តែង​មក​នូវ​ប្រយោជន៍​ខ្លួន នឹង​ប្រយោជន៍​អ្នក​ដទៃ​នោះ បាន​សេចក្ដី​ដូច​រឿង​អធិមុត្តក​សាមណេរ​ក្នុង​គម្ពីរ​ធម្មបទ នឹង​រឿង​មហា​សុត្តសោម​បណ្ឌិត ក្នុង​គម្ពីរ​អសីតិ-និបាត និង​រឿង​មនុស្ស​ស្រ្តី​ម្នាក់​ក្នុង​គម្ពីរ​ធម្មបទ​ដែរ។

 

គុណបិយវាចា

សេចក្ដី​ថា កាល​ក្នុង​អតីត​កាល​កន្លង​ទៅ​យូរ​ហើយ ក្នុង​ក្រុង​ពារាណសី មាន​សេដ្ឋី​បុត្រ៤នាក់​នាំ​គ្នា​ចេញ​ទៅ​ពី​ផ្ទះ​អង្គុយ​ជុំ​គ្នា​ក្រោម​ដើម​ឈើ​មួយ​ដើម ក្រឡេក​ឃើញ​ព្រាន​ម្រឹគ​ម្នាក់​ផ្ទុក​សាច់​ក្នុង​រទេះ​ដឹក​ទៅ​លក់ ក៏​នាំ​គ្នា​សូម​សាច់​អំពី​ព្រាន​នោះ សេដ្ឋី​បុត្រ​ជា​បឋម​ពោល​សូម​ថា​នែ​ចៅ​ព្រាន​ចង្រៃ អ្នក​ឯង​ដឹក​សាច់​ទៅ​លក់​ឯ​ណា ឱ្យ​មក​អញ​មួយ​ដុំ ​ព្រាន​ម្រឹក​គិត​ថា អ្នក​នេះ​សូម​អញ គួរ​តែ​ពោល​ពាក្យ​ល្អ គិត​ហើយ​ទើប​តប​ថា អើ​សម្ដី​អ្នក​នេះ​ជា​ផរុស​វាចា មិន​ឆ្ងាញ់​ពិសា​ប្រហែល​ដូច​សាច់​វាវ បើ​ដូច្នោះ ខ្ញុំ​នឹង​ឱ្យ​សាច់​វាវ​ដល់​អ្នក ថា​ហើយ​ក៏​ឱ្យ​សាច់​វាវ​មួយ​ដុំ​ទៅ។

សេដ្ឋី​បុត្រ​ជា​គម្រប់​ពីរ ពោល​សូម​ថា អើ​អ្នក​បង អ្នក​ដឹក​សាច់​ទៅ​លក់​ឯ​ណា ចូរ​ឱ្យ​ខ្ញុំ​សូម​មួយ​ដុំ ព្រាន​ម្រឹគ​គិត​ថា អើ​សម្ដី​អ្នក​នេះ​គួរ​សម​ហ៊ាន​ហៅ​អាត្មា​អញ​ថា​បង ហាក់​ដូច​ជា​បង​ប្អូន​របស់​ខ្លួន សម្ដី​នេះ​ពីរោះ​ប្រហែល​ដូច​សាច់​ចំឡក​ដ៏​ឆ្ងាញ់ គិត​ហើយ​ទើប​តប​ថា អើ​សម្ដី​របស់​អ្នក​គួរ​ហើយ ប្រហែល​ដូច​សាច់​ចំឡក បើ​ដូច្នោះ ខ្ញុំ​នឹង​ឱ្យ​សាច់​ចំឡក​ដល់​អ្នក ថា​ហើយ​ក៏​ឱ្យ​សាច់​ចំឡក​មួយ​ដុំ​ទៅ។

សេចដ្ឋី​បុត្រ​ជា​គម្រប់​បី​ពោល​សូម​ថា បពិត្រ​បិតា​អ្នក​ដឹក​សាច់​ទៅ​លក់​ឯ​ណា ចូរ​អ្នក​ឱ្យ​សាច់​ខ្ញុំ​មួយ​ដុំ​ផង ព្រា​ន​ម្រឹគ​គិត​ថា សម្ដី​ដែល​ហៅ​ថា​បពិត្រ​បិតា​ដូច្នេះ មាន​តែ​កូន​ហៅ​ឪពុក ញ៉ាំង​បេះ​ដូង​នៃ​​ឪពុក​ឱ្យ​ញាប់​ញ័រ គិត​ហើយ​ទើប​តប​ថា ​អើ​សម្ដី​របស់​អ្នក​ពីរោះ​ហើយ ប្រហែល​ដូច​សាច់​បេះ​ដូង បើ​ដូច្នោះ ខ្ញុំ​នឹង​ឱ្យ​សាច់​បេះ​ដូង​ដល់​អ្នក ថា​ហើយ​ក៏​ឱ្យ​សាច់​បេះ​ដូង​មួយ​ដុំ​ទៅ​ព្រម​ទាំង​សាច់​ឆ្ងាញ់​ឯ​ទៀត​ខ្លះ​ផង។

សេចដ្ឋី​បុត្រ​ជា​គម្រប់៤ ពោល​សូម​ថា នែ​សម្លាញ់ អ្នក​ដឹក​សាច់​ទៅ​លក់​ឯ​ណា ចូរ​សម្លាញ់​ឯង​ចែក​ឱ្យ​យើង​ខ្លះ​ផង ព្រាន​ម្រឹគ​គិត​ថា​មនុស្ស​ប្រុស បើ​គ្មាន​មិត្រ​សម្លាញ់​ក្នុង​ស្រុក​នឹង​គេ​ហើយ ក៏​ដូច​ជា​គ្មាន​ស្រុក​នៅ ឧបមា​ដូច​ព្រៃ​មិន​មាន​មនុស្ស​ជ្រក​ពួន​នៅ​ដូច្នោះ​ដែរ ឥឡូវ​អ្នក​នេះ គាត់​នៅ​អាត្មា​អញ​ថា សម្លាញ់ ៗ ហាក់​ដូច​ជា​ស្និទ្ធ​ស្នាល​នឹង​គ្នា​មក​យូរ​ហើយ គិត​ហើយ​ទើប​តប​ថា អើ​សម្ដី​របស់​អ្នក​ដែល​ពោល​មក​នេះ ប្រហែល​ដោយ​សម្បត្តិ​របស់​ខ្លួន​ទាំង​អស់​នេះ បើ​ដូច្នោះ ខ្ញុំ​នឹង​ឱ្យ​សាច់​ព្រម​ទាំង​រទេះ​របស់​ខ្ញុំ​នេះ​ទាំង​អស់​ដល់​អ្នក​ជា​សម្លាញ់ ថា​ហើយ​ក៏​បរ​រទេះ​ដឹក​សាច់​ទៅ​ឱ្យ​សេដ្ឋី​បុត្រ​ជា​គម្រប់៤នោះ​ទៅ។

សេដ្ឋី​បុត្រ​នោះ​ក៏​រាប់​អាន​ស្មោះ​ស្មើ ប្រាប់​ប្រពន្ធ​កូន​ឱ្យ​រាប់​អាន​ស្មើ​ទៅ ហើយ​ហាម​លែង​ឱ្យ​ធ្វើ​អំពើ​បាណាតិបាត​ត​ទៅ​ទៀត ឱ្យ​នៅ​ដោយ​សម្បត្តិ​របស់​ខ្លួន​ដរាប​ដល់​អស់​ជីវិត សេដ្ឋី​បុត្រ​មាន​លាភ​បាន​សាច់​ច្រើន​ជាង​សេដ្ឋីបុត្រ​ឯ​ទៀតៗ ក៏​ព្រោះ​គុណ​គឺ​ពោល​បិយវាចារ​នោះ​ឯង។

ព្រះ​វង្គី​សត្ថេរ​លោក​ដឹង​សេចក្ដី​នេះ​ពិត​ហើយ ទើប​លោក​សម្ដែង​ជា​បទ​គាថា​ថា

 

បិយវាចមេវ ភាសេយ្យ យា វាចា បដិនន្ទិតា

យំ អនាទាយ បាបានិ បរេសំ ភាសតេ បិយំ

 

ប្រែ​ថា សម្ដី​ឯ​ណា​ដែល​គេ​ត្រេក​អរ​រីក​រាយ​ហើយ បុគ្គល​គប្បី​ពោល​សម្ដី​ជា​បិយវាចា​នោះ​កុំ​ខាន។

មួយ​វិញ​ទៀត បុគ្គល​បើ​ពោល​ពាក្យ​ឯ​ណា​ក្ដី កុំ​កាន់​ពាក្យ​ដ៏​លាមក​ដែល​ជា​ផរុស​វាចា​មិន​ជា​ទី​ស្រឡាញ់​នោះ​ឡើយ ត្រូវ​ពោល​តែ​ពាក្យ​ជា​បិយវាចា​ដែល​ជា​ទី​ស្រឡាញ់​នៃ​អ្នក​ទាំង​ឡាយ។

 

ចប់​រឿង​សេដ្ឋី​បុត្រ៤នាក់

 

អធិប្បាយ​អំពី​គុណ​នៃ​សុភាសិតាវាចា​អស់​សេចក្ដី​តែ​ត្រឹម​នេះ។

ត​ពី​នេះ​នឹង​អធិប្បាយ​ក្នុង​គុណ​របស់​អ្នក​ស្ដាប់​សុភាសិត​ចំពោះ​ព្រះ​ភក្រ្ត​វិញ។

សេចក្ដី​ថា ពុទ្ធ​ភាសិត​ដែល​ព្រះ​ពុទ្ធ​ទ្រង់​សម្ដែង​ទាំង​ប៉ុន្មាន អ្នក​ប្រាជ្ញ​តែង​រាប់​ថា​ជា​សុភា​សិតា​វាចា​ទាំង​អស់ ព្រោះ​ថា ព្រះ​អង្គ​ពោល​សំដៅ​សេចក្ដី​ក្សេម​ក្សាន្ត​គឺ​ព្រះ​និព្វាន សំដៅ​សេចក្ដី​ផុត​ចាក​វដ្ដ​ទុក្ខ គឺ​ព្រះ​និព្វាន សំដៅ​សេចក្ដី​មិន​កើត​មិន​ចាស់ មិន​ឈឺ​មិន​ស្លាប់ គឺ​ព្រះ​និព្វាន។

បាន​ជា​ព្រះ​វង្គី​សត្ថេរ​លោក​ដឹង​សេចក្ដី​នេះ​ពិត​ហើយ ទើប​លោក​សម្ដែង​ជា​បទ​គាថា​ដូច្នេះ​ថា

 

យំ ពុទ្ធោ ភាសតី វាចំ ខេបំ និព្វានបត្តិយា

ទុក្ខស្សន្តកិរិយាយ សា វេវាចានមុត្តមា

 

ប្រែ​ថា ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់​សម្ដែង​នូវ​វាចា​ណា​ជា​ក្សេម​ក្សាន្ត វាចា​នោះ​ហើយ​ខ្ពស់​វិសេស​ផុត​ជាង​វាចា​ទាំងឡាយ​នានា ព្រោះ​សំដៅ​សេចក្ដី​ដែល​ដល់​នូវ​ព្រះ​និព្វាន ជា​ដែន​ធ្វើ​ឱ្យ​អស់​ទុក្ខ​ទៅ​បាន។

ឯ​អ្នក​ស្ដាប់​សុភាសិត​ចំពោះ​ព្រះ​ភក្រ្ត​ហើយ បាន​លុះ​មគ្គផល​ដូច​មាន​សេចក្ដី​ទៅ​នេះ

កាល​ទ្រង់​សម្ដែង​ព្រះ​ធម្ម​ចក្កប្បវត្តន​សូត្រ ព្រះ​អញ្ញាកោណ្ឌញ្ញត្ថេរ​និង​ព្រហ្ម១៨កោដិ បាន​ក្រេប​ផឹក​អម្រឹត​រស គឺ​រស​ក្នុង​ព្រះ​និព្វាន។

កាល​ទ្រង់​សម្ដែង​អនត្ត​លក្ខណ​សូត្រ បញ្ចវគ្គិយ​ភិក្ខុ​ទាំង៥រូប​ បាន​តម្កល់​នៅ​ក្នុង​ទី​ជា​ព្រះ​អរហន្ត។

ថ្ងៃ​ជា​ខាង​ក្រោយ​ទៀត បុរស៥៥នាក់ មាន​យស​កុល​បុត្រ​ជា​ដើម បាន​លុះ​ព្រះ​អរហត្ត​ផល ក៏​ព្រោះ​បាន​ស្ដាប់​ទេសនា​នេះ។

កាល​ទ្រង់​សម្ដែង​អាទិត្ត​បរិយាយ​សូត្រ ក្នុង​គយាសីស​ប្រទេស[៩] ជដិល​មួយ​ពាន់​នាក់ បាន​លុះ​ព្រះ​អរហត្ត​ផល។

កាល​ទ្រង់​សម្ដែង​តិរោកុឌ្ឌ​សូត្រ ពួក​ជន៨ម៉ឺន៤ពាន់​នាក់​ បាន​ក្រេប​ផឹក​អម្រឹត​រស គឺ​រស​ក្នុង​ព្រះ​និព្វាន។

កាល​ទ្រង់​សម្ដែង​ខទិរង្គារ​ជាតក សត្វ៨ម៉ឺន៤ពាន់ បាន​ក្រេប​ផឹក​អម្រឹត​រស គឺ​រស​ក្នុង​ព្រះ​និព្វាន។

កាល​ទ្រង់​សម្ដែង​បារាយន​សូត្រ សត្វ១៤កោដិ បាន​ក្រេប​ផឹក​អម្រឹត​រស គឺ​រស​ក្នុង​ព្រះ​និព្វាន។

កាល​ទ្រង់​សម្ដែង​ព្រះ​អភិធម្ម សត្វ៨០កោដិ បាន​ក្រេប​ផឹក​អម្រឹត​រស គឺ​រស​ក្នុង​ព្រះ​និព្វាន។

កាល​ទ្រង់​សម្ដែង​សក្កបញ្ហាសូត្រ ទេវតា៨ម៉ឺន បាន​ក្រេប​ផឹក​អម្រឹត​រស គឺ​រស​ក្នុង​ព្រះ​និព្វាន។

នៅ​មាន​ច្រើន​ជាង​នេះ ដោយ​សែន​កោដិ លើស​កម្លាំង​បញ្ញា​នឹង​រាប់​សត្វ​ទាំង​នោះ​បាន។

 

គុណ​អ្នក​ស្ដាប់​សុភាសិត​ចំពោះ​ព្រះ​ភក្ត្រ​ចប់។

 

គុណ​អ្នក​ស្ដាប់​សុភាសិត​ជា​សាធារណៈ


សេចក្ដី​ថា កិរិយា​ស្ដាប់​ធម៌​ទេសនា​ទាំងអស់​ក្ដី ស្ដាប់​ចម្រៀង​ដែល​ប្រកប​ដោយ​ធម៌​ក្ដី ក៏​រាប់​ថា ស្ដាប់​សុភាសិត​ទាំងអស់​នោះ សម​ដូច​មាន​និទាន​ថា កាល​ព្រះ​សម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់​បរិនិព្វាន​ហើយ មាន​ភិក្ខុ៦០រូប​ក្នុង​សីហលទ្វីប ជា​អ្នក​រៀន​វិបស្សនា បាន​ឮ​ចម្រៀង​មនុស្ស​ស្រី​ម្នាក់​អ្នក​រក្សា​ស្រែ​ក្នុង​ស្រុក​លង្កា ច្រៀង​ប្រកប​ដោយ​សំវេជ្ជនីយ​ធម៌៤ម៉ាត់​គឺ កើត ចាស់ ឈឺ ស្លាប់ ភិក្ខុ​ទាំង​នោះ​កាន់​យក​មក​ពិចារណា​ជា​អារម្មណ៍ ក៏​លុះ​ព្រះ​អរហត្ត​ផល​ក្នុង​ពេល​នោះ។

មាន​ភិក្ខុ​មួយ​រូប​ទៀត ឈ្មោះ​តិស្សៈ ជា​អ្នក​រៀន​វិបស្សនា​ដែរ បាន​ឮ​ចម្រៀង​មនុស្ស​ស្រី​ម្នាក់ ចុះ​កាច់​ផ្កា​ឈូក​ក្នុង​ស្រះ​ច្រៀង​ដោយ​ទំនុក​ថា​ផ្កា​ឈូក​អើយ​រីក​ស្រស់​តែ​ពេល​ព្រឹក ល្គឹក​បើ​ពេល​ល្ងាច​ស្វិត​ស្រពោន​វិញ ដោយ​កំដៅ​ព្រះ​អាទិត្យ​មាន​ឧបមា​យ៉ាង​ណា មនុស្ស​សត្វ​ទាំងឡាយ​អើយ តែង​ស្វិត​ស្រពោន​ជ្រួញ​ជ្រីវ​ទន់​ទោរ​ទៅ​ដោយ​កម្លាំង​ជរា​ញាំញី​គ្រប​សង្កត់ ក៏​មាន​ឧបមេយ្យ​ដូច​ផ្កា​ឈូក​នោះ​ដែរ។ តិស្ស​ភិក្ខុ​កាន់​យក​មក​ពិចារណា​ជា​អារម្មណ៍ ក៏​បាន​លុះ​ព្រះ​អរហត្ត​ផល​ក្នុង​ពេល​នោះ។

មាន​រឿង​មួយ​ទៀត​ថា កាល​ក្នុង​ចន្លោះ​ពុទ្ធ​កាល​មាន​បុរស​ម្នាក់​នាំ​កូន​ប្រុស​របស់​ខ្លួន៧នាក់​ដើរ​មក​ពី​ព្រៃ លុះ​ដើរ​មក​ដល់​ស្រុក​បាន​ឮ​ចម្រៀង​មនុស្ស​ស្រី​ម្នាក់​កំពុង​ស្រិត​អង្ករ​ច្រៀង​ដោយ​ទំនុក​ថា សរីរាង​កាយ​យើង​នេះ គឺ​អំណាច​ជរា​ញាំញី​ឱ្យ​ស្វិត​ស្រពោន​ជ្រួញ​ជ្រីវ​ទៅ ពណ៌​សម្បុរ​ស្បែក​ដែល​អាស្រ័យ​សរីរាងកាយ យើង​នេះ​សោត ក៏​បែក​ធ្លាយ​ទៅ​ដោយ​កម្លាំង​មរណៈ សរីរាង​កាយ​យើង​នេះ តែ​ច្រឡំ​ដោយ​គ្រឿង​ចង្អៀត​ចង្អល់​នៃ​ម្រឹត្យុ​គឺ​សេចក្ដី​ស្លាប់ ជា​សម្បុក​នៃ​ហ្វូង​ដង្កូវ​ជា​កន្លែង​សម្រាប់​ដាក់​របស់​ស្មោក​គ្រោក​ផ្សេងៗ ជា​ភាជន៍​សម្រាប់​តម្កល់​របស់​មិន​ស្អាត ​សរីរាង​កាយ​នេះ​ប្រហែល​ដោយ​កំណាត់​ឈើ។

បុរស​ជា​បិតា​ព្រម​និង​កូន​ទាំង៧នាក់ បាន​កាន់​យក​មក​ពិចារណា​ជា​អារម្មណ៍ ក៏​បាន​សម្រេច​ពោធិញ្ញាណ​ជា​ព្រះ​បច្ចេក​ពុទ្ធ​ទាំងអស់​គ្នា​គ្រា​នោះ​ឯង។

និទាន​ទាំង​បី​រឿង​ដែល​នាំ​មក​នេះ អ្នក​ប្រាជ្ញ​រាប់​ថា ចម្រៀង​នោះ​ជា​សុភាសិតា​វាចា​ដោយ​ពិត។

 

គុណ​អ្នក​ស្ដាប់​សុភាសិត​សាធារណ​ចប់។

 

សុភាសិត​សូត្រ​ដ៏​ប្រកប​ដោយ​លក្ខណៈ៥ផង ៤ផង រួច​សម្ដែង​មក​ដោយ​សង្ខេប​នេះ បាន​ឈ្មោះ​ថា​មង្គល ព្រោះ​នាំ​មក​នូវ​សេចក្ដី​សុខ​ក្នុង​លោក​ទាំង​ពីរ គឺ​លោកិយ​និង​លោកុត្តរៈ។

បាន​ជា​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង​មាន​ព្រះ​ពុទ្ធ​ដីកា​ផ្ទួន​ទៀត​ថា 

 

ឥមេហិ ខោ ភីក្ខវេ ចត្វហិ អង្គេហិ សមន្នាគតា វាចា សុភាសិតា ហោតិ 

 

ដូច្នេះ​ជា​ដើម សេចក្ដី​ប្រែ​ដូច​មាន​មក​ខាង​ដើម​រួច​ហើយ។

សម្ដែង​មក​ខាង​ក្នុង​មង្គល​ជា​គម្រប់ ១០ អស់​សេចក្ដី​តែ​ប៉ុណ្ណេះ

លំ​ដាប់​ត​ពី​នេះ​នឹង​រៀប​រៀង​ក្នុង​តិរច្ឆានកថា ដែល​ជា​ពាក្យ​គឺ​អ្នក​ប្រាជ្ញ​ទាំងឡាយ​មាន​ព្រះ​ពុទ្ធ​ជា​ដើម តែង​តិះ​ដៀល​ថា ជា​ពាក្យ​មិន​ពីរោះ​មិន​ជា​ទី​នាំ​មក​នូវ​សម្បត្តិ​សួគ៌​និង​សម្បត្តិ​និព្វាន តាម​ន័យ​ដូច​មាន​ក្នុង​គម្ពីរ​ទសកង្គុត្តរ​ព្រម​ទាំង​អដ្ឋកថា និង​ពាក្យ​ដែល​មាន​ក្នុង​ទុព្ភាសិតវណ្ណនា​ប៉ែក​ខាង​វិន័យ និង​ពាក្យ​ដែល​មាន​ក្នុង​គម្ពីរ​ធម្មបទ​ដ្ឋកថា ដូច្នេះ​ជា​ដើម​ថា ៖

អ្នក​ជា​ចោរ អ្នក​ជា​ជន​ពាល អ្នក​ជា​មនុស្ស​វង្វេង អ្នក​ជា​ឱដ្ឋ អ្នក​ជា​គោ អ្នក​ជា​លា អ្នក​ជា​សត្វ​នរក អ្នក​ជា​សត្វ​តិរច្ឆាន អ្នក​មិន​មាន​សេចក្ដី​សុខ អ្នក​មាន​តែ​សេចក្ដី​ទុក្ខ បើ​ភិក្ខុ​ពោល​ឡក​ឡាយ ចំអក​ចំអន់​ជេរ​ប្រទេច​គេ​ដោយ​ពាក្យ​ទាំង១០ម៉ាត់​នេះ នឹង​ត្រូវ​អាបត្តិទុព្ភាសិត​រាល់ៗម៉ាត់ បើ​សាមណេរ​នឹង​ត្រូវ​ទណ្ឌកម្ម បើ​គ្រហស្ថ​នឹង​ត្រូវ​ទោស​ក្នុង​វចីកម្ម​មិន​លែង​ឡើយ។

ប៉ុន្តែ​ក្នុង​ទី​នេះ មាន​បំណង​នឹង​អធិប្បាយ​នូវ​តិរច្ឆានកថា២៦ម៉ាត់​ដែល​មាន​ក្នុង​គម្ពីរ​ទេសកង្គុត្តរ ព្រម​ទាំង​អដ្ឋកថា ដូច​មាន​សេចក្ដី​ទៅ​នេះ

១- រាជកថំ និយាយ​អំពី​ស្ដេច​ថា មាន​អានុភាព​ធំ​យ៉ាង​នេះៗ ឬ​និយាយ​ថា ស្ដេច​ឯ​ណោះ​មាន​រូប​ល្អ​គួរ​ជា​ទី​ពិត​ពិល​រមិល​មើល ដូច្នេះ​ជា​ដើម (ដោយ​តម្រេក មិន​គួរ បើ​និយាយ​ថា ស្ដេច​ទាំង​នោះ​មាន​បុណ្យ​គួរ​ជា​ទី​អស្ចារ្យ ហើយ​មាន​សទ្ធា​ជ្រះ​ថ្លា ឬ​និយាយ​ថា សូម្បី​មាន​បុណ្យ​ដល់​ម្ល៉ោះ ​គង់​ធន់​ទ្រាំ​នឹង​មច្ចុរាជ​មិន​បាន ដូច្នេះ​ទើប​គួរ)។

២- ចោរ​កថំ និយាយ​អំពី​មូល​ទេវចោរ មេឃ​មាល​ចោរ​ថា មាន​អានុភាព​ធំ​យ៉ាង​នេះៗជា​ដើម។

៣- មហាមត្តកថំ និយាយ​អំពី​មហា​មាត្យ​ខ្លាំង​ពូកែ​ជា​ដើម។

៤- សេនាកថំ និយាយ​អំពី​ពល​សេនា ឬ​និយាយ​អំពី​កង​ទ័ព​ជើង​គោក​មាន​អង្គ៤ គឺ ដំរី សេះ រថ ពល​ថ្មើរ​ជើង​ជា​ដើម។

៥- ភយកថំ និយាយ​អំពី​ភ័យ (អារម្មណ៍គួរ​ខ្លាច) ជា​ដើម។

៦- យុទ្ធកថំ និយាយ​អំពី​ចម្បាំង​ភារតៈ ដោយ​ពាក្យ​ថា ជន​ឈ្មោះ​ឯ​ណោះ គឺ​ជន​ឯ​ណោះ​សម្លាប់​ហើយជា​ដើម។

៧- អន្នកថំ និយាយ​អំពី​បាយ។

៨- បានកថំ និយាយ​អំពី​ទឹក​ថា ខ្ញុំ​ស៊ី​បាយ​ផឹក​ទឹក​មាន​សម្បុរ​យ៉ាង​នេះ មាន​រស​យ៉ាង​នេះ ឬ​ថា ទឹក​ប្រៃ សាប​ជា​ដើម។

៩- វត្ថកថំ និយាយ​អំពី​សំពត់។

១០- សយនកថំ និយាយ​អំពី​ទី​ដំណេក។

១១- មាលាកថំ និយាយ​អំពី​កម្រង​ផ្កា។

១២- គន្ធកថំ និយាយ​អំពី​គ្រឿង​ក្រអូប។

(បើ​និយាយ​ថា ខ្ញុំ​បាន​ថ្វាយបាយ ទឹក សំពត់ ដំណេក កម្រង​ផ្កា គ្រឿង​ក្រអូប ដល់​អ្នក​មាន​សីល ឬ​ដល់​ចេតិយ​ដូច្នេះ ទើប​គួរ។

១៣- ញាតិកថំ និយាយ​អំពី​ញាតិ​ថា ញាតិ​របស់​យើង​ក្លៀវ​ក្លា​ ឬ​ថាញាតិ​របស់​យើង​តែង​ត្រាច់​​ទៅ​ដោយ​យាន​ជំនិះ​ដ៏​វិចិត្រ​យ៉ាង​នេះៗ ដោយ​តម្រេក មិន​គួរបើ​និយាយ​ថា ញាតិ​របស់​យើង​តែង​ធ្វើ​កម្ម​ជា​ប្រយោជន៍ ឥឡូវ​លោក​ធ្វើ​កាល​កិរិយា​ស្លាប់​ទៅ​ហើយ ដូច្នេះ ទើប​គួរ។

១៤- យានកថំ និយាយ​អំពី​យាន​ជំនិះ​ថា ខ្ញុំ​តែង​ត្រាច់​ទៅ​ដោយ​យាន​ជំនិះ​យ៉ាង​នេះ ៗ ជា​ដើម បើ​និយាយ​ពាក្យ​ដូច្នេះ​ដោយ​តម្រេក មិន​គួរ​បើ​និយាយ​ថា ពី​មុន​ខ្ញុំ​បាន​ថ្វាយ​ស្បែក​ជើង​យ៉ាង​នេះ​ដល់​សង្ឃ​ដូច្នេះ​ជា​ដើម ទើប​គួរ។

១៥- តាមកថំ និយាយ​អំពី​អ្នក​ស្រុក ដូច​ពាក្យ​ថា អ្នក​ស្រុក​ឯ​ណោះ​ជា​អ្នក​ក្លៀវ​ក្លា​ដោយ​អំណាច​មាន​លំ​នៅ​ស្ដុក​ស្ដម្ភ មាន​បាយ​បរិភោគ​ងាយ អ្នក​ស្រុក​ឯ​ណោះ​មិន​ក្លៀវ​ក្លា ដោយ​អំណាច​មាន​លំដៅ​មិន​ស្ដុក​ស្ដម្ភ មាន​បាយ​ស៊ី​ក៏​ក្រ ពោល​ដូច្នេះ​ជា​ដើម​ដោយ​តម្រេក មិន​គួរ បើ​ពោល​ថា អ្នក​ស្រុក​ឯ​ណោះ​ធ្វើ​កម្ម​ជា​ប្រយោជន៍ មាន​សទ្ធា​ថា​ឥឡូវ​ធ្វើ​កាល​កិរិយា​ស្លាប់​ទៅ​ហើយ ដូច្នេះ​ទើប​គួរ។

១៦- និគមកថំ និយាយ​អំពី​អ្នក​និគមស្រុក​ដែល​មាន​ពួក​អ្នក​ជំនួញ​ជើង​គោក​ច្រើន។

១៧- នគរកថំ និយាយ​ពី​ក្រុង (ទី​ប្រជុំ​មនុស្ស​បរិបូណ៌)។

១៨- ជនបទកថំ និយាយ​អំពី​អ្នក​ជន​បទ ប្រទេស​ជាប់​ដោយ​មនុស្ស​ជាតិ​ដេរ​ដាស ឬ​ប្រទេស​ជា​ផ្លូវ​ដើរ​ចេញ​ចូល​របស់​ជន ពាក្យ​ទាំង៣ម៉ាត់ គឺ​និគមកថំ នគរកថំ នឹង​ជន​បទកថំ មាន​អធិប្បាយ​ដូច​តាមកថំ​ដែរ។

១៩- ឥត្ថីកថំ និយាយ​អំពី​ស្រី​ថា មាន​រូប​ល្អ ទ្រង់​ទ្រាយ​ល្អ​ជា​ដើម ដោយ​តម្រេក មិន​គួរ បើ​និយាយ​អំពី​ស្រី​ថា មាន​រូប​ល្អ ទ្រង់​ទ្រាយ​ល្អ​ជា​ដើម ដោយ​តម្រេក មិន​គួរ បើ​និយាយ​ថា ស្រី​មាន​សទ្ធា​ជ្រះ​ថ្លា ឥឡូវ​ធ្វើ​កាល​កិរិយា​ស្លាប់​ទៅ​ហើយ ដូច្នេះ ទើប​គួរ។

១១- សូរកថំ និយាយ​អំពី​យោធា​ឈ្មោះ​នន្ទមិគ​ដ៏​ក្លៀវ​ក្លា ដូច្នេះ​ជា​ដើម ដោយ​សេចក្ដី​តម្រេក មិន​គួរ បើ​និយាយ​ថា យោធា​នោះៗ មាន​សេចក្ដី​ជ្រះ​ថ្លា ឥឡូវ​ធ្វើ​កាល​កិរិយា​ស្លាប់​ទៅ​ហើយ ដូច្នេះ ទើប​គួរ​ឬ​និយាយ​អំពី​ទឹក​ស្រវឹង​ច្រើន​ប្រការ​ដោយ​តម្រេក មិន​គួរ បើ​និយាយ​ដោយ​អំណាច​ទោស​គួរ​ខ្លាច គួរ​រាង​ចាល ទើប​គួរ។

២១- វិសិខាកថំ និយាយ​អំពី​ច្រក​តូច​ច្រក​ធំ ដូច​ពាក្យ​ថា ច្រក​ឯ​ណោះ​មាន​មនុស្ស​ក្លៀវ​ក្លា ដោយ​អំណាច​មាន​ទី​លំ​នៅ​ស្ដុក​ស្ដម្ភ មនុស្ស​ក្នុង​ច្រក​ឯ​ណោះ មិន​ក្លៀវ​ក្លា ព្រោះ​មាន​ទី​លំ​នៅ​មិន​ស្ដុក​ស្ដម្ភ ពោល​ដូច្នេះ​ដោយ​តម្រេក មិន​គួរ បើ​ពោល​ថា មនុស្ស​ក្នុង​ច្រក​ឯ​ណោះៗ មាន​សទ្ធា​ជ្រះ​ថ្លា ឥឡូវ​ធ្វើ​កាល​កិរិយា​ស្លាប់​ទៅ​ហើយ ដូច្នេះ​ទើប​គួរ។

១២- កុម្ភទាសីកថំ និយាយ​អំពី​ខ្ញុំ​ស្រី​អ្នក​ដង​ទឹក ដោយ​ពាក្យ​ថា ស្រី​នេះ​ឈ្លាស​ក្នុង​ការ​រាំ​នឹង​ច្រៀង​គួរ​ជា​ទី​មើល​គួរ​ជា​ទី​មើល​គួរ​ជា​ទី​ស្ដាប់ ពោល​ដូច្នេះ​ជា​ដើម ដោយ​តម្រេក មិន​គួរ បើ​ពោល​ថា ទាសី​នោះ​មាន​សទ្ធា​ដូច្នេះ ទើប​គួរ។

២៣- បុព្វបេតកថំ និយាយ​អំពី​ញាតិ​ដែល​ធ្វើ​កាល​កិរិយា​ទៅ​កាន់​បរលោក​ហើយ សេចក្ដី​អធិប្បាយ​ដូច​ក្នុង​ញាតិ​ថា​ដែរ។

២៤- នានត្តកថំ និយាយ​ពាក្យ​ផ្សេងៗ ដែល​សេស​សល់​ចាកវិមុត្តិ គឺ​ពាក្យ​ផ្ដេស​ផ្ដាស​មិន​ជា​ប្រយោជន៍។

២៥- លោកក្ខាយិថំ និយាយ​ពាក្យ​រៀប​រាប់​នូវ​អាយតនៈរបស់​លោក​និង​ចំពុះ​របស់​សត្វ ដូច​ពាក្យ​ថា អ្នក​ណា​និម្មិត​លោក អ្នក​ឯ​ណោះ​និម្មិត​លោក ក្អែក​ស​ព្រោះ​មាន​ឆ្អឹង​ស កុក​ក្រហម [១០]ព្រោះ​មាន​ឈាម​ក្រហម​ដូច្នេះ​ជា​ដើម។

២៦- សមុទ្ទក្ខាយិកំ និយាយ​អំពី​សមុទ្ទ ដូច​ពាក្យ​ថា សមុទ្ទ​ជ្រៅ​យ៉ាង​ណា ដូច្នេះ​ជា​ដើម។

ពាក្យ​ទាំង ២៦ ម៉ាត់​នេះ​ជា​តិរច្ឆានកថា គ្រហស្ថ​និង​បព្វជិត​មិន​ត្រូវ​ពោល​ឡើយ។

កាល​បើ​គ្រហស្ថ​និង​បព្វជិត​ទាំងឡាយ បាន​វៀរ​ចាក​តិរច្ឆានកថា​ទាំង​នេះ​រួច​ហើយ ត្រូវ​ខំ​ព្យាយាម​ពោល​នូវ​កថា​វត្ថុ១០យ៉ាង​ចុះ ព្រោះ​កថា​វត្ថុ​ទាំង ១០ យ៉ាង​នេះ ជា​ទី​សប្បាយ​របស់​ព្រហ្មចារី​បុគ្គល ហើយ​ជា​ពាក្យ​រាប់​ចូល​ក្នុង​សុភាសិត​សូត្រ​ផង។

ឯ​កថា​វត្ថុ​ទាំង១០យ៉ាង​នោះ​គឺ អប្បិច្ឆកថា និយាយ​នូវ​ពាក្យ​ដែល​នាំ​មក​នូវ​គុណ​គឺ​សេចក្ដី​មិន​ប្រាថ្នា​ប្រការ ១ សន្ដុដ្ឋីកថា និយាយ​នូវ​ពាក្យ​នាំ​ឱ្យ​កើត​សេចក្ដី​សន្ដោស [១១]ប្រការ ១ បវិវេក [១២]កថា និយាយ​នូវ​ពាក្យ​ដែល​ដល់​នូវ​សេចក្ដី​វិវេក (ការ​ស្ងាត់) មាន​កាយ​វិវេក​ជា​ដើម ប្រការ ១ អសំសគ្គកថា និយាយ​សរសើរ​នូវ​សេចក្ដី​ប្រតិបត្តិ​ដែល​មិន​ច្រឡំ​ដោយ​ពួក​ដោយ​គណៈ ​ប្រការ ១ កិរិយា​រម្ភកថា និយាយ​នូវ​វិធី​ដែល​ប្រាថ្នា​នូវ​សេចក្ដី​ព្យាយាម​ប្រការ ១ សីលកថា និយាយ​អំពី​សីល​ប្រការ ១ សមាធិកថា និយាយ​អំពី​សមាធិ ​ប្រការ​១ បញ្ញាកថា និយាយ​អំពី​វិបស្សនា​បញ្ញា ​ប្រការ ១ វិមុត្តិកថា និយាយ​អំពី​អរហត្តផល​វិមុត្តិ​ ប្រការ ១ វិមុត្តិញ្ញាណទស្សនកថា និយាយ​អំពី​បច្ចវេក្ខណញ្ញាណ ​ប្រការ ១។

រួម​ជា​កថា​វត្ថុ១០ប្រការ កថា​វត្ថុ​ទាំង១០ប្រការ​នេះ​ឯង​ហើយ​ដែល​ហៅ​ថា សប្បាយ​កថា រាប់​ថា​ជា​សុភាសិត។

សុភាសិត​ដែល​រៀប​រៀង​មក​ក្នុង​ទី​នេះ ខ្ញុំ​បាន​ដក​ស្រង់​មក​អំពី​គម្ពីរ​មង្គលត្ថទីបនី​អដ្ឋកថា​មង្គល​សូត្រ​និង​គម្ពីរ​អង្គុត្តរ​និកាយ​ទសកនិបាត​​ ព្រម​ទាំង​គម្ពីរ​ធម្មបទ​ដ្ឋកថា​ខុន្ទកនិកាយ ​និង​គម្ពីរ​ព្រះ​វិសុទ្ធិមគ្គ ជា​សេចក្ដី​សង្ខេប​គ្រប់​អន្លើ មិន​បាន​ជា​សេចក្ដី​ពិស្ដារ​ទេ ក៏​សន្មត​ថា​ចប់​សុភាសិតកថា​តែ​ប៉ុណ្ណេះ។

កាល​បើ​ចប់​ហើយ សូម​ផ្សាយ​សេចក្ដី​សុខ​សេចក្ដី​ចម្រើន​គ្រប់​ប្រការ​ដល់​អស់​លោក​អ្នក​ដែល​បាន​មើល​បាន​ស្ដាប់​សព្វៗកាល​ទៅ​ហោង ៕

—————

ត្រង់​គ្នា​នឹង​ឧបក្កិលេស​ទី​៥ គឹមក្ខ ដែល​ហៅ​ថា​មក្ខ​នោះ​គឺ​រមិល​គុណ​គេ ឬ​វេរឃ្នើស​គុណ​គេ គឺ​វេរឃ្នើស​គុណ​របស់​គ្រហស្ថឬ​បព្វជិត ដែល​គេ​បាន​ធ្វើ​ល្អ​មក​ចំពោះ​ខ្លួន។ ដូច​យ៉ាង​គ្រហស្ថ​ខ្លះ​ដែល​ជា​អ្នក​ក្រីក្រ​លំបាក ហើយ​មាន​អ្នក​ណា​មួយ​គេ​មាន​សេចក្ដី​អនុគ្រោះ​ជួយ​ទំនុក​បម្រុង ផ្ចុង​ផ្ដើម​លើក​តម្កើង​ឱ្យ​​បាន​ខ្ពង់ខ្ពស់ ជា​មនុស្ស​មាន​ទ្រព្យ​សម្បត្តិ​គ្រាន់​បើ​ឡើង ស្រាប់​តែ​ដល់​ពេល​ក្រោយ គ្រហស្ថ​នោះ​ក៏​រំលុប​បំបាត់​អំពើ​ល្អ​ដែល​គេ​បាន​ធ្វើ​មក​ចំពោះ​ខ្លួន​នោះ​ថា << អ្នក​ឯង​ឥត​បាន​ធ្វើ​អ្វី​បន្តិច​បន្តួច​ដល់​ខ្ញុំ​ទេ យ៉ាង​នេះ​ទៅ​វិញ។ ឬ​ដូច​ជា​បព្វជិត​ខ្លះ តាំង​ពី​នៅ​ជា​សាមណេរ​តូច ហើយ​មាន​លោក​អង្គ​ណា​មួយ គឺ​អាចារ្យឬឧបជ្ឈាយ៍ លោក​បាន​ជួយ​ទំនុក​បម្រុង​ដោយ​បច្ច័យ​ទាំង​៤ ទាំង​បាន​បង្រៀន​បាលី​អដ្ឋកថា ហើយ​ថែម​ទាំង​បាន​ពន្យល់​ឱ្យ​មាន​សេចក្ដី​ឈ្លាសវៃ ក្នុង​គម្ពីរ​ដីកា​តាម​ផ្លូវ​ធម៌​ផង​ទៀត ស្រាប់​តែ​ដល់​ពេល​ក្រោយ​អ្នក​បួស​នោះ មាន​ស្ដេច​ឬ​រាជ​មហាមាត្យ ធ្វើ​សក្ការៈគោរព​រាប់អាន (ដល់​ខ្លួន ) ហើយ​ក៏​លែង​គោរព​កោត​ក្រែង​ចំពោះ​អាចារ្យនិង​ឧបជ្ឈាយ៍​របស់​ខ្លួន​វិញ ដោយ​ពោល​ថា កាល​ពី​ដើម​អាចារ្យ​និង​ឧបជ្ឈាយ៍​នេះ លោក​បាន​ជួយ​ទំនុក​បម្រុង​យ៉ាង​នេះ​ផង បាន​ឱ្យ​ដុះដាល​លូតលាស់​យ៉ាង​នេះ​ផង ក៏​ឥឡូវ​នេះ​លោក​លែង​មាន​សេចក្ដី​ស្នេហា​នឹង​ឯង​ហើយ ហើយ​ក៏​ស្រាប់​តែ​រំលុប​បំបាត់​អំពើ​ល្អ​របស់​អាចារ្យនិង​ឧបជ្ឈាយ៍​ទាំង​នោះ​ចេញ​ទៅ​ថា លោក​ទាំង​អស់​នេះ​គ្មាន​ធ្វើ​អ្វី​បន្តិច​បន្តួច​ដល់​អញ​ទេ ការ​បំបាត់​អំពើ​ល្អ​ដែល​គេ​ធ្វើ​មក​ចំពោះ​ខ្លួន​យ៉ាង​នេះ​ឯង ហៅ​ថា​មក្ខ (វេរឃ្នើសគុណគេ ) លុះ​មក្ខ​កើត​ឡើង​ហើយ​ក៏​ធ្វើ​ចិត្ត​ឱ្យ​​ប្រទុស្ត ​មិន​ឱ្យ​មាន​រស្មី​ភ្លឺ​បាន ព្រោះ​ហេតុ​នោះ​បាន​ជា​លោក​ពោល​ថា ចិត្ត​នោះ​ជា​ឧបក្កិលេស។ (បបញ្ចសូទនី អដ្ឋកថា​មជ្ឈិម​និកាយ )

ព្រះ​ថេរៈ១​អង្គ​ដែល​ជា​មហា​ថេរ​ លោក​មាន​វស្សា ៦០ ព្រះ​ថេរៈ១​អង្គ ដែល​ជា​អនុថេរ លោក​មាន​វស្សា​៥៩។

[២]ច្បាប់​ខ្លះ​ជា ឧទព្វហិ សេចក្ដី​ប្រែ​ដូច​គ្នា។

[៣]– ត្រង់​គ្នា​នឹង​ភេទករវត្ថុ ១៨ ប្រការ​គឺ ១ អធម្មំ ធម្មោតិ ទីបេតិ សម្ដែង​សភាវៈដែល​មិន​មែន​ធម៌​ថា​ជា​ធម៌ ២ ធម្មំ អធម្មោតិ ទីបេតិ សម្ដែង​ធម៌​ថា​មិន​មែន​ជា​ធម៌ ៣ អវិនយំ វិនយោតិ ទីបេតិ សម្ដែង​សភាវ​មិន​មែន​វិន័យ ៤ វិនយំ អវិនយោតិ ទីបេតិ សម្ដែង​វិន័យ​ថា​មិន​មែន​វិន័យ ៥ អភាសិតំ អលបិតំ តថាគតេន ភាសិតំ លបិតំ តថាគតេនាតិ ទីបេតិ សម្ដែង​ពាក្យ​ដែល​តថាគត​មិន​បាន​ពោល​មិន​បាន​ចរចា ថា​តថាគត​បាន​ពោល​បាន​ចរចា ៦ ភាសិតំ លបិតំ តថាគតេន អភាសិតំ អលបិតំ តថាគតេនាតិ ទីបេតិ សម្ដែង​ពាក្យ​ដែល​តថាគត​បាន​ពោល​បាន​ចរចា ថា​តថាគត​មិន​បាន​ពោល​មិន​បាន​ចរចា ៧ អនាចិណ្ណំ តថាគតេន អាចិណ្ណំ តថាគតេន ទិបេតិ សម្ដែង​កិច្ច​ដែល​តថាគត​មិន​បាន​សន្សំ ថា​តថាគត​បាន​សន្សំ ៨ អាចិណ្ណំ តថាគតេន អនាចិណ្ណំ តថាគតេនាតិ ទីបេតិ សម្ដែង​កិច្ច​ដែល​តថាគត​បាន​សន្សំ ថា​តថាគត​មិន​បាន​សន្សំ ៩ អប្បញ្ញត្តំ តថាគតេន បញ្ញត្តំ តថាគតេនាតិ ទីបេតិ សម្ដែង​សិក្ខា​បទ​ដែល​តថាគត​មិន​បាន​បញ្ញត្ត ថា​តថាគត​បាន​បញ្ញត្ត ១០ បញ្ញត្តំ តថាគតេន អប្បញ្ញត្តំ តថាគតេនាតិ ទីបេតិ សម្ដែង​សិក្ខាបទ​ដែល​តថាគត​បាន​បញ្ញត្ត ថា​តថាគត​មិន​បាន​បញ្ញត្ត ១១ អនាបត្តិ អាចត្តិតិ ទីបេតិ ទីបេតិ សំដែង​អនាបត្តិ ថា​ជាអាបត្តិ ១២ អាបត្តិ អនាបត្តិតិ ទីបេតិ សម្ដែង​អាបត្តិ ថា​ជា​អនាបត្តិ ១៣ លហុកំ អាបត្តិ គរុកា អាបត្តីតិ ទីបេតិ សម្ដែង​អាបត្តិ​ស្រាល​ថា​ជា​អាបត្តិ​ធ្ងន់ ១៤ គរុកំ អាបត្តិ លហុកា អាបត្តីតិ ទីបេតិ សម្ដែង​អាបត្តិ​ធ្ងន់ ថា​ជា​អាបត្តិ​ស្រាល ១៥ សាវសេសំ អាបត្តិ អនវសេសា អាបត្តីតិ ទីបេតិ សម្ដែង​អាបត្តិ​ដែល​ជា​សាវសេស ថា​ជា​អាបត្តិ​អនវ​សេស ១៦ អនវ​សេសំ អាបត្តិ​សាវសេសា អាបត្តីតិ ទីបេតិ សម្ដែង​អាបតិ​ដែល​ជា​អនវ​សេស ថា​អាបត្តិ​ជា​សាវ​សេស ១៧ ទុដ្ឋុល្លំ អាបត្តឹ អទុដ្ឋុល្លា អាបត្តីតិ ទីបេតិ សម្ដែង​ទុដ្ឋល្លាបត្តិ ថា​ជា​អទុដ្ឋុល្លាចត្ថិ ១៨ អទុដ្ឋុល្លំ អាបត្ថិ ទុដ្ឋុល្លា អាបត្តីតិ សម្ដែង​អទុដ្ឋុល្លាបត្តិ ថា​ជា​ទុដ្ឋុល្លាបត្តិ (កោសម្ពិកក្ខន្ឌកមហាវគ្គ និង​សង្ឃ​ភេទ​ក្ខន្ធកចុល្ល​វគ្គ)

[៤]– សត្វ​ចំពូក​មួយ​មាន​សណ្ឋាន​ទ្រង់​ទ្រាយ​ដូច​មនុស្ស​យើង​ដែរ ប្លែក​តែ​មាន​ស្លាប​ហោះ​ហើរ​ទៅ​តាម​អាកាស​បាន ហើយ​ច្រើន​មាន​តែ​នៅ​ព្រៃ​ធំៗ ដូច​យ៉ាង​ព្រៃ​ហេមពាន្ត​ជា​ដើម។

[៥]– គឺ​ពាក្យ​សរសើរ​អំពី​ចំណេះ​សត្វកិន្នរ​នោះ។

[៦]– របៀប​បាលី​ជា​ពាក្យ​រាយ​មិន​មាន​ឃ្លា​មិន​មាន​សង្កាត់​ជា​ក្រុមៗ គឺ ៨ អក្សរ​ឬ ១១ អក្សរ ១២ អក្សរ។ល។ ដូច​ជា​គាថា​ទេ ដូច​បាលីធម្មចក្កប្បវត្តន​សូត្រ​ពី​ដើម​រហូត​ដល់​ចប់ សុទ្ធ​តែ​ជា​វេយ្យាករណ៍​ជា​ពាក្យ​រាយ​ទាំង​អស់។

[៧]– រស់​ដោយ​ទឹក​ដោះ​គោ​មាន ៥ យ៉ាង​គឺ ខីរំ ទឹក​ដោះ​ស្រស់​ដែល​ទើប​នឹង​រូត​មក​ថ្មី ១ ទធិ ទឹក​ដោះ​ដែល​ក្លាយ​ទៅ​ជា​ទឹក​ដោះ​ជូរ ១ ឃតំ ទឹក​ដោះ​ដែល​រង​ថ្លា ១ តក្កំ ទឹក​ដោះ​ដែល​ឡើង​ប្រេង ១ នវណីតំ ទឹក​ដោះ​ខាប់ -ខាន់ ១។

[៨]– សច្ចៈ​មាន ៤ យ៉ាង​គឺ វចីសច្ច បាន​ដល់​ពាក្យ​សម្ដី​ពិត​ពាក្យ​សម្ដី​ទៀង ដូច​ពាក្យ​ថា​បុគ្គល​គប្បី​និយាយ​ពាក្យ​ពិត​ពាក្យ​ទៀង ១ សម្មតិសច្ច បាន​ដល់​ការ​សន្មត ដូច​ជា​គេ​សន្មត​ថា ជន​នេះ​ជា​ព្រាហ្មណ៍​ពិត ជន​នេះ​ជា​ក្សត្រ​ពិត​ជា​ដើម ទិដ្ឋិសច្ច បាន​ដល់​សេចក្ដី​យល់​ឃើញ ដូច​យល់​ឃើញ​ថា នេះ​ជា​របស់​ពិត ក្រៅ​ពី​នេះ​ជា​របស់​ខុស​ទទេ​មិន​ពិត​ឡើយ ១ បរមត្ថ​សច្ច បាន​ដល់​អរិយ​សច្ច​ទាំង ៤ ប្រការ​មាន​ទុក្ខ​អរិយ​សច្ច​ជា​ដើម ១។ (មគ្គវគ្គវណ្ណនា ធម្មបទដ្ឋកថា)។

[៩]– ជា​ឈ្មោះ​ស្រុក​មួយ​តំបន់ ប៉ែក​ខាង​ឥណ្ឌា ក្នុង​ពុទ្ធ​សម័យ។

[១០]– ក្នុង​អដ្ឋកថា​វិន័យ​ខ្លះ​ថា​កុក​ខ្មៅ ឯ​ក្នុង​ទី​នេះ​ថា កុក​ក្រហម​វិញ។ (មនោរដ្ឋបូរណី អដ្ឋកថា​អង្គុត្តរ​និកាយ​ទសក​និបាត)។ 

[១១]– មាន៣យ៉ាង​គឺ យថាលាភ​សន្ដោស ត្រេក​អរ​តាម​គួរ​ក្នុង​បច្ច័យ៤ ដែល​ស្វែង​រក​បាន​មក ១ យថាសា​រូប​សន្ដោស ត្រេក​អរ​ក្នុង​បច្ច័យ ៤ ដ៏​សមរម្យ​ដល់​ខ្លួន ១ យថាពល​សន្ដោស ត្រេក​អរ​ក្នុង​បច្ច័យ៤ តាម​គួរ​ដល់​កម្លាំង ១ សន្ដោស​ទាំង៣ប្រការ​នេះ ​ចែក​ចេញ​ជា​ប្រភេទ​មាន១២ប្រការ ដោយ​អំណាច​បច្ច័យ​ទាំង៤ គឺ​ចីវរ​បច្ច័យ បិណ្ឌបាត​បច្ច័យ សេនាសន​បច្ច័យ គិលាន​ភេសជ្ជ​បច្ច័យ មាន​ពិស្ដារ​ក្នុង​សន្ដុដ្ឋីកថា ទីបនី បើ​ជា​គ្រហស្ថ​វិញ​គួរ​សន្ដោស​តែ​ក្នុង​ភរិយា​របស់​ខ្លួន តាម​គួរ។

[១២]– វិវេក៣យ៉ាង​គឺ ១ កាយ​វិវេក​ស្លាត់​កាយ​គឺ​ចូល​ទៅ​នៅ​ក្នុង​ទី​ស្លាត់ ២ ចិត្ត​វិវេក ស្លាត់​ចិត្ត​ចាក​នីវរណៈ៣ ឧបធំវិវេក ស្លាត់​ចាក​ឧបធិកិលេស។

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៨ ខ្សែទី២-៥-៧ ~ ឆ្នាំ១៩៣៩ ខ្សែទី២-៣

No comments:

Post a Comment