គូស្វាមីភរិយាអមតៈ - Business Buddhism

Website

គូស្វាមីភរិយាអមតៈ

ចែករំលែកចំណេះដឹង
គូស្វាមីភរិយាអមតៈ
មនុស្សគឺជាសត្វសង្គម (Human Being is Social Animal: Aristotle (384-322 B.C)
មនុស្សរស់នៅតែម្នាក់ឯងមិនមែនជាមនុស្ស មនុស្សពីរនាក់ ឡើងទៅបង្កើតបាននូវសង្គម
ដូច្នេះបុរសនិងស្រ្តីបានគ្នាជាគូស្វាមីភរិយាបង្កើតបាននូវសង្គមគ្រួសារឡើងមកដើម្បីបំពេញ
តាមបំណងប្រាថ្នារបស់ខ្លួន។ពួកគេមានតម្រូវការរស់នៅជាមួយគ្នាជាយូរអង្វែង
គឺមានន័យថាកាលណាបានជួបជាមួយនឹងមនុស្សដែលពេញចិត្តសមតាមបំណងប្រាថ្នា
ហើយនោះ ពួកគេរមែងមិនចង់បែកបាក់គ្នាឡើយ ដូច្នេះដើម្បីប្រាថ្នាឲ្យជួបគ្នា
ក្នុងជាតិបច្ចុបន្ននេះផង ឲ្យជួបគ្នាក្នុងបរលោកផង លុះត្រាតែគូស្វាមីភរិយាទាំងពីរ
នាក់នោះមាននូវគោលធម៌ដូចខាងក្រោមនេះគឺ៖
សមជីវធម៌ ៤ (សុត្តន្តបិតក អង្គុត្តរនិកាយ ចតុក្កនិបាត តតិយភាគ ៤២)
១ សមសទ្ធា (To be matched in faith)មានសទ្ធាស្មើគ្នា គឺទុកចិត្តគ្នាទៅវិញទៅមក
ជឿលើច្បាប់នៃកម្ម កម្មសទ្ធា ជឿថាកម្មមានពិត គឺជឿថាពេលធ្វើអ្វីដោយចេតនា
គឺតាំងចិត្តធ្វើទាំងដឹងថាខ្លួនធ្វើ រមែងជាកម្ម គឺជាកម្មអាក្រក់ កម្មល្អ កើតឡើងក្នុងខ្លួន ជាហេតុបច្ច័យបណ្តាលឲ្យកើតផលល្អផលអាក្រក់ជាបន្តបន្ទាប់។ ទង្វើមិនមែន សូន្យទទេរ
ពីលោកនេះនោះទេ ហើយព្រមទាំងជឿថាផលដែលត្រូវការនឹងសម្រេចបានដោយទង្វើ
មិនដោយការបនស្រន ឬដាំចេក ដេកចាំជោគវាសនាបណ្តាលឡើង។ ជឿទុកចិត្តលើវិបាក,
ជឿផលនៃកម្ម, ជឿថាផលនៃកម្មមានពិត គឺជឿថាកម្មដែលធ្វើត្រូវតែមានផល
ហើយហេតុត្រូវ មានផលត្រូវ ផលល្អមកពីកម្មល្អ ផលអាក្រក់មកពីកម្មអាក្រក់។
កម្មស្សកតាសទ្ធា ជឿសភាវៈនៃសត្វដែលសត្វមានកម្មជារបស់ខ្លួន, ជឿថាមនុស្សម្នាក់ ៗ
ជាម្ចាស់កម្ម នឹងត្រូវទទួលខុសត្រូវសោយវិបាកទៅតាមកម្មរបស់ផងខ្លួន។ តថាគតពោធិសទ្ធា
ជឿការត្រាស់ដឹង របស់ព្រះពុទ្ធជាម្ចាស់, ជឿជាក់ថាព្រះអង្គជាព្រះសម្មាសម្ពុទ្ធ ទ្រង់បានត្រាស់ដឹង
នូវញេយ្យធម៌ទាំងពួងដោយប្រពៃ បញ្ញត្តិវិន័យទុកដោយល្អ។ ព្រះអង្គទ្រង់ជាអ្នកដឹកនាំដែល
សបញ្ជាក់ឲ្យឃើញច្បាស់ថា មនុស្សគឺយើងរាល់គ្នានេះ ប្រសិនបើហ្វឹកហាត់បានល្អហើយ
ក៏អាចចូលទៅដល់ភូមិធម៌ដ៏ខ្ពង់ខ្ពស់បរិសុទ្ធបាន អភិវឌ្ឍនឲ្យប្រសើរឡើងបាន
ដូចជាព្រះអង្គទ្រង់បំពេញជាតួយ៉ាង។
២ សមសីលា (To be matched in moral conduct)មានសីលស្មើគ្នា។ វិរតិចេតនា
ដែលវៀរចាកអំពើអាក្រក់, ការកាន់ឬប្រព្រឹត្តល្អដោយកាយវាចា, ការមិនប្រព្រឹត្តកន្លង
សិក្ខាបទឬច្បាប់បញ្ញតិ្ត គឺមានសីលធម៌ក្នុងការរស់នៅ។ សីលធម៌នេះគឺបញ្ចសីលាឬសីល៥
និងព្រហ្មវិហារធម៌ដូចគ្នា ក្នុងបញ្ចសីលាគេកត់សំគាល់ឃើញមានការមិនប្រមាថ ឬសំលាប់ជីវិតមិនលួចប្លន់មិនលួចលាក់មានសាហាយស្មន់ចេះគោរពសិទ្ធគ្នាទៅវិញទៅមក
មិនភូតភរកុហសបោកប្រាស់និងមិនភ្លើតភ្លើនបណ្តោយខ្លួនអោយលង់លក់ទៅដោយគ្រឿងស្រវឹង។
៣ សមចាគា (To be match in generosity)មានចាគ គឺការបរិច្ចាគស្មើគ្នា។ចេះលះបង់ទ្រព្យសម្បត្តិ
ឲ្យអ្នកដទៃដែលគួរឲ្យ មានទឹកចិត្តមានរង្វាន់លើកទឹកចិត្តគ្នានឹងគ្នា អាចលះបង់សេចក្តីសុខសម្រាន្ត
ជាទីគាប់ចិត្តដើម្បីគ្រួសារ គូស្វាមីភរិយារបស់ខ្លួនបានដូចជា លះបង់ពេលវេលាថែរក្សាគ្នា
នៅពេលណាមានជម្ងឺដម្កាត់ជាដើម ព្រមទាំងមានចិត្តជួយសង្គ្រោះដល់ញាតិមិត្ត
សំឡាញ់គូគ្រងដោយមិនចង្អៀតចង្អល់ចិត្ត។
៤ សមបញ្ញា (To be matched in wisdom)មានបញ្ញាស្មើគ្នា។ អ្នកស្គាល់ហេតុស្គាល់ផល
ស្គាល់ខុសស្គាល់ត្រូវ ស្គាល់ល្អអាក្រក់បាបបុណ្យគុណទោសច ដឹងអ្វីមានប្រយោជន៍មិនមានប្រយោ
ជន៍ ចេះយល់ចិត្តគ្នា មានគំនិតចេះគិតជួយគ្នារកដំណោះស្រាយក្នុងគ្រួសារដោយអហឹង្សា ។
ដោយ ភិក្ខុ បាលីយុត្ត (កល្យាណបាលិតោ)

 

No comments:

Post a Comment