យើងត្រូវតែមានការងារធ្វើទៅតាមកម្លាំងរបស់យើង ដូចព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងនូវសម្បទា ៤ យ៉ាង សម្រាប់គ្រហស្ថយើងអ្នកគ្រប់គ្រងផ្ទះ ឲ្យមានការប្រតិបត្តិ ដើម្បីសេចក្ដីសុខចម្រើនកើតសុភមង្គលក្នុងគ្រួសាររបស់យើងគឺ៖
១- ឧដ្ឋានសម្បទា
២- អារក្ខសម្បទា
៣- សមជីវិតា
៤- កល្យាណមិត្តតា
សេចក្ដីអធិប្បាយ
ឧដ្ឋានសម្បទា មានន័យថា ខ្លួនយើងត្រូវព្យាយាមរកស៊ីទាំងយប់ ទាំងថ្ងៃមិនខ្ចិលច្រអូស ប្រកបដោយឧបាយជាគ្រឿងពិចារណាក្នុងការងារទាំងនោះ ហើយគួរធ្វើ គួរចាត់ចែង។ កាលបើយើងខ្ចិលរកស៊ី គិតតែពីដើរលេងគ្មានស្គាល់ថ្ងៃយប់នេះ ជាប្រធាននៃសេចក្ដីវិនាស សុភមង្គលក្នុងគ្រួសាររបស់យើង មិនអាចចម្រើនរុងរឿងទៅបានឡើយព្រោះហេតុនោះ យើងត្រូវមានសតិដាស់តឿនខ្លួនឯងថា អាត្មាអញមិនមែននៅកម្លោះក្រមុំ ដូចពីមុនទេ គឺអញមានប្ដីប្រពន្ធហើយ ដូច្នេះអញត្រូវធ្វើខ្លួនឲ្យសមជាអ្នកមានគ្រួសារមួយដ៏ល្អ មិនគួរធ្វើជាអ្នកអាវ៉ាសែ ដូចបុគ្គលពាលឡើយ ត្រូវតែព្យាយាមរកស៊ីដើម្បីឲ្យមានទ្រព្យធន ដើម្បីចិញ្ចឹមប្រពន្ធកូន ប្ដីឲ្យបានសេចក្ដីសុខ។
អារក្ខសម្បទា បានន័យថា កាលយើងរកលុយកាក់បានមកហើយ ត្រូវសន្សំទុកឲ្យបានល្អ ត្រូវចេះបែងចែកឲ្យបានសមគួរ មានចំណាយលើម្ហូបប្រចាំថ្ងៃ របស់របរសម្រាប់ប្រើប្រាស់ក្នុងផ្ទះ ចិញ្ចឹមឪពុកម្ដាយ ធ្វើបុណ្យជាដើម។ កាលបើយើងបែងចែកបានល្អនោះ លុយកាក់របស់យើងនឹងគង់វង្សសម្រាប់តម្កល់ទុកនៅថ្ងៃខាងមុខ។ ដូច្នេះលុយកាក់ដែលយើងខំព្យាយាមរកមកទាំងយប់ទាំងថ្ងៃនោះ យើងត្រូវដឹងថាជាការលំបាកណាស់ទម្រាំបានមក បើយើងធ្វើការរាជការត្រូវដឹងថា វាហត់នឿយលំបាកខួរក្បាលដោយសារការគិត។ បើលក់ដូរក៏លំបាកក្នុងការចំណេញបានមួយពាន់ពីរពាន់ ដូច្នេះ យើងមិនគួរចំណាយទៅលើអ្វីៗ ដែលឥតប្រយោជន៍ដូចជា ខ្ជះខ្ជាយមិនដឹងប្រមាណឬយកទៅលេងល្បែងភ្នាល់ជាដើម។ ចំណែកយើងជាស្រីកុំឲ្យដូចជាពាក្យខ្មែរបុរាណពោលថា " ស្រីកញ្ជើធ្លុះ" ឡើយ។ ក្នុងរឿង "មៀយើង" មានពោលពីនាងកញ្ជើធ្លុះថានាងមិនបានថែរក្សានូវត្រី កំពឹស ដែលប្ដីរកបានមកនោះទេ គិតតែយកឈើចាក់កញ្ច្រែងឲ្យធ្លុះ ធ្លាក់ត្រីកំពឹសអស់ ដែលបានន័យថា ស្រីខ្លះក្នុងលោកនេះ ពេលដែលប្ដីរកទ្រព្យបានមកខ្លួនមិនខំថែរក្សាឲ្យបានល្អ គិតតែចាយវាយឥតដឹងមុខ ធ្វើឲ្យទ្រព្យនោះអស់រលីង ដល់ពេលមានកិច្ចចាំបាច់រកប្រាក់គ្មានព្រោះហេតុនោះចាស់ៗ តែងថា "មេស្រីកញ្ជើធ្លុះ"។ ហេតុនោះឯង មិនថា ស្ត្រីឬបុរសទេ យើងមានភារកិច្ចជួយគ្នា ថែរក្សាទ្រព្យសម្បត្តិដែលរកបានមក ហើយឲ្យនៅគង់វង្សមិនឲ្យវិនាស បាត់បង់ដោយប្រការណាមួយឡើយ។
កល្យាណមិត្តតា បានន័យថា ត្រូវចេះសេពគប់មិត្តណាមានប្រយោជន៍ ជាមិត្តនាំមកនូវសេចក្ដីសុខចម្រើន ដល់គ្រួសារយើង មិនមែនជាមិត្តប្លម មិត្តពាលជើងកាងអាវ៉ាសែនោះឡើយ។ បើក្នុងស្រុកភូមិណា មានអ្នកមានសីលបរិបូណ៌ដោយសទ្ធា បរិបូណ៌ដោយចាគៈ បរិបូណ៌ដោយបញ្ញា យើងត្រូវចូលទៅសាកសួរ សាកច្ឆាជាមួយជនទាំងនោះទោះជាក្មេងក៏ដោយ ចាស់ក៏ដោយ យើងត្រូវដឹងថា អ្នកទាំងនោះជាកល្យាណមិត្តដ៏ប្រសើររបស់យើង។
សមជីវិតា បានន័យថា ចិញ្ចឹមជីវិតស្មើ គឺថា យើងចេះដឹងការវិនាសទៅនៃភោគៈដោយហេតុនេះ ការសម្រើនភោគៈដោយហេតុនេះ ហើយចេះបរិភោគមិនត្បិតត្បៀតពេក មិនខ្ជះខ្ជាយពេក គួរបរិភោគឲ្យសមល្មមនឹងភោគៈដែលខ្លួនមាន មិនមែនខ្លួនជាអ្នកមាន តែទៅហូបរបស់សៅហ្មងមិនឆ្ងាញ់ ដូចជាមនុស្សថាំពេក មើលតែមិនមានលុយទិញហូប។ បើខ្លួនជាអ្នកទាល់ក្រ ហើយស្រាប់តែចំណាយហួសប្រមាណដូចសុភាសិត "ស៊ីដូចមូស ជុះដូចដំរី" នេះក៏មិនត្រូវដែរ។ កាលបើលុយកាក់មានដោយខំប្រឹងរកស៊ីអស់កម្លាំងល្ហិតល្ហៃទាំងថ្ងៃទាំងយប់ ហើយមានលុយកាក់ល្មមគ្រាន់បើហើយយើង មិនហ៊ានហូបចុកទៀត ហាក់ដូចជាអ្នកក្រមិនមានទ្រព្យសោះ អ្នកប្រាជ្ញលោកឲ្យឈ្មោះថា " អ្នកកំណាញ់ក្រៅតម្រា "។
ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌
ដោយ៥០០០ឆ្នាំ
No comments:
Post a Comment