មហាសតិបដ្ឋានសូត្រ - Business Buddhism

Website



មហាសតិបដ្ឋានសូត្រ

Share This
 
មហាសតិបដ្ឋានសូត្រ «ព្រះសូត្រសម្តែងអំពីការចម្រើនសតិបដ្ឋាន ៤»

សូត្រនេះព្រះអង្គទ្រង់សំដែងយ៉ាងពិស្តារនៅក្នុងសុត្តន្តបិដក ទីឃនិកាយ ចតុត្ថភាគ មហាវគ្គ បិដក លេខ១៧ ចាប់ពីទំព័រទី ២៤៤ ដល់ ៣០៤ ។ នៅក្នុងប្រកាសនេះ នឹងសូមលើកយកតែសេចក្តីសង្ខេបមកចែកជូនដល់សាធុជន ដើម្បីបានជាប្រទីបក្នុងការសិក្សាសតិបដ្ឋាន សម្រាប់ជាកិច្ចបដិបត្តិ។ បើសាធុជនមានបំណងចង់អានសេចក្តីពិស្តារ សូមទាញយកតាមតំណភ្ជាប់ខាងលើចុះ។ សេចក្តីសង្ខេបនៃសតិបដ្ឋានសូត្រមានដូចតទៅ៖
សម័យមួយ ខណៈដែលព្រះសម្មាសម្ពុទ្ធគង់នៅក្នុង កម្មាសទម្មនិគម របស់អ្នកដែនកុរុ ទ្រង់សម្តែងនូវការចម្រើនសតិបដ្ឋាន ឲ្យភិក្ខុទាំងឡាយស្តាប់ ដោយទ្រង់លើកយកមាតិកាធម៌ ឡើងជាឧទ្ទេសដូច្នេះ
ភាគឧទេ្ទស សតិបដ្ឋាន ៤
ម្នាលភិក្ខុទាំងឡាយ ផ្លូវនេះជាផ្លូវមូលតែមួយ ប្រព្រឹត្តទៅដើម្បី សេចក្តីបរិសុទ្ធនៃសត្វទាំងឡាយ ដើម្បីកំចាត់បង់នូវសេចក្តីសោក និង សេចក្តីខ្សឹកខ្សួល ដើម្បីរំលត់ទុក្ខ និង ទោមនស្ស ដើម្បីបានសម្រេចនូវញេយ្យធម៌ (អរិយមគ្គ) ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន ផ្លូវនេះគឺសតិបដ្ឋាន ៤ ប្រការ ។
សតិបដ្ឋានគឺ ការតាំងសតិ សម្បជញ្ញៈ ព្យាយាមពិចារណា កាយ វេទនា ចិត្ត និង ធម៌ ដើម្បីកំចាត់បង់អភិជ្ឈា និង ទោមនស្ស ក្នុងលោក ដោយបែងចែកការពិចារណាជា៤ ប្រការគឺៈ
១) កាយានុបស្សនា ពិចារណាឃើញកាយក្នុងកាយជាប្រក្រតី មានសេចក្តីព្យាយាម មានសម្បជញ្ញៈ មានសតិកំចាត់បង់អភិជ្ឈា និង ទោមនស្សក្នុងលោកបាន។
២) វេទនានុបស្សនា ពិចារណាឃើញវេទនា ក្នុងវេទនាទាំងឡាយជាប្រក្រតី មានសេចក្តីព្យាយាម មានសម្បជញ្ញៈ មានសតិកំចាត់បង់អភិជ្ឈា និង ទោមនស្សក្នុងលោកបាន ។
៣) ចិត្តានុបស្សនា ពិចារណាឃើញចិត្តក្នុងចិត្តជាប្រក្រតី មានសេចក្តីព្យាយាម មានសម្បជញ្ញៈ មានសតិកំចាត់បង់អភិជ្ឈា និង ទោមនស្សក្នុងលោកបាន ។
៤) ធម្មានុបស្សនា ពិចារណាឃើញធម៌ ក្នុងធម៌ទាំងឡាយជាប្រក្រតីមានសេចក្តីព្យាយាម មានសម្បជញ្ញៈ មានសតិកំចាត់បង់អភិជ្ឈា និង ទោមនស្សក្នុងលោកបាន ។
ភាគនិទ្ទេស
១-កាយានុបស្សនា
ការពិចារណាឃើញកាយ ក្នុងកាយចែកជា ៦ បព្វៈគឺៈ
១) អានាបាណបព្វៈ ការពិចារណាខ្យល់ដង្ហើមចេញចូល (អានាបាណស្សតិ) គឺភិក្ខុនៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងព្រៃដ៏ស្ងាត់ក្តី អង្គុយពែនភ្នែនតាំងកាយឲ្យត្រង់ តម្រង់សតិឆ្ពោះទៅរកកម្មដ្ឋាន មានសតិពេលដកដង្ហើមចូល មានសតិពេលដកដង្ហើមចូលវែង និង ដកដង្ហើមចេញវែង ក៏ដឹងថា អាត្មាអញដកដង្ហើមចូលវែង ដកដង្ហើមចេញវែង។ កាលដកដង្ហើមចូលខ្លី និង ដកដង្ហើម ចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលខ្លី ដកដង្ហើមចេញខ្លី ។ បុគ្គលគប្បីសិក្សាថា អាត្មាអញកំណត់ដឹងនូវខ្យល់ទាំងពួង ហើយដកដង្ហើមចេញ និង ចូល ។ បុគ្គលគប្បីសិក្សាថា អាត្មាអញ រម្ងាប់កាយសង្ខារ ទើបដកដង្ហើមចេញ និង ចូល ។ ការកំណត់ដឹងខ្យល់ក្នុងលក្ខណៈនេះ ប្រៀបដូចជាងក្រឡឹង ឬ កូនសិស្សនៃជាងក្រឡឹងដែលមានភាពជំនាញក្នុងការទាញខ្សែក្រឡឹងវែង ឬ ខ្លី ក៏ដឹងច្បាស់ថា អញទាញខ្សែក្រឡឹងវែង ឬ ខ្លី។
២) ឥរិយាបថបព្វៈ ការពិចារណាឥរិយាបថទាំង ៤ គឺ ពេលដើរក៏ដឹងច្បាស់ថាដើរ ពេលឈរក៏ដឹងច្បាស់ថាឈរ ពេលអង្គុយក៏ដឹងច្បាស់ថា អង្គុយ ពេលដេកក៏ដឹងច្បាស់ថា ដេក។ ពេលកាយ ស្ថិតនៅក្នុងឥរិយាបថណាក៏ដឹងច្បាស់ថា អាត្មាអញស្ថិតនៅក្នុងឥរិយាបថនោះ ឬថា ខ្លួនស្ថិតនៅក្នុងឥរិយាបថណាៗ ក៏កំណត់ដឹងកាយថា ស្ថិតនៅក្នុងឥរិយាបថនោះៗ។
៣) សម្បជញ្ញបព្វៈ ការពិចារណាដោយសតិសម្បជញ្ញៈ គឺសេចក្តីដឹងខ្លួនក្នុងការឈានទៅមុខ ការថយក្រោយ ការក្រឡេកមើល ការសម្លឹងមើល ការបត់ដៃចូល និង លាចេញ ការគ្រងសង្ឃាដី បាត្រ និង ចីវរ ការឆាន់ ការផឹក ការទំពារស៊ី ការលិទ្ធ ការបន្ទោរបង់ នូវឧច្ចារៈ និង បស្សាវៈ ការដើរ ការឈរ ការអង្គុយ ការដេក ការភ្ញាក់ ការនិយាយ ការនៅស្ងៀម។
៤) មនសិការបព្វៈ គឺការពិចារណាឃើញនូវអាការៈ ៣២ ប្រការ ដែលមានក្នុងកាយនេះ ចាប់តាំងពីបាតជើង រហូតដល់ចុងសក់ ពីចុងសក់ចុះមកដល់បាតជើង មានស្បែក ហ៊ុមព័ទ្ធជុំវិញពេញទៅដោយវត្ថុមិនស្អាត ដោយប្រការផ្សេងៗ គឺសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងនោម (ទាច) បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរ ទឹករំអិល និង ទឹកមូត្រ ។ ទ្រង់ប្រៀបធៀបថា ធញ្ញជាតិផ្សេងៗគឺស្រូវខ្សាយ ស ស្រូវខ្សាយក្រហម សណ្តែកខៀវ សណ្តែករាជមាស គ្រាប់ល្ង អង្ករ បុគ្គលដែលមានភ្នែកភ្លឺ ពេលស្រាយមាត់ការុង ចេញហើយក៏មើលឃើញថា នេះជាស្រូវខ្សាយ ស នេះជាស្រូវខ្សាយក្រហម នេះជាសណ្តែកខៀវជាដើមយ៉ាងណា បុគ្គលពិចារណាអាការៈ៣២ ក៏យ៉ាងនោះដែរ។
៥) ធាតុមនសិការបព្វៈ គឺពិចារណាឃើញកាយនេះតាមដែលតាំងនៅ តាមដែលស្ថិតនៅដោយភាពជាធាតុថា ក្នុងកាយនេះមាន ធាតុដី ទឹក ភ្លើង ខ្យល់ ។ ទ្រង់ប្រៀបធៀបថា ដូចបុគ្គលអ្នកសម្លាប់គោ ឬកូននៃអ្នកសម្លាប់គោមានភាពជំនាញ ពេលសម្លាប់គោរួចហើយ បានបែងអវយវៈគោនោះចេញជាផ្នែកៗ ហើយអង្គុយលក់នៅក្បែរផ្លូវបែកជា៤ យ៉ាងណា ព្រះយោគាវចរ ពិចារណានូវធាតុ ក៏យ៉ាងនោះដែរ។
៦) នវសីវតិកាបព្វៈ គឺពិចារណាសាកសពដែលមានលក្ខណៈផ្សេងៗគ្នា៩យ៉ាងបានដល់ៈ
១- សាកសពដែលគេចោលនៅក្នុងព្រៃស្មសាន ដែលស្លាប់ហើយ មួយ ពីរ បី ថ្ងៃ មានលក្ខណៈហើមប៉ោង ហៀរទឹករងៃ។
២- សាកសពដែលគេចោលនៅក្នុងព្រៃស្មសាន មានសត្វក្អែក សត្វត្រដក់ សត្វត្មាត សត្វឆ្កែជាដើម ខាំស៊ី។
៣- សាកសពដែលគេចោលនៅក្នុងព្រៃស្មសាននៅសល់តែគ្រោងឆ្អឹងប្រកបដោយសាច់ និង ឈាម មានសរសៃរួបរិត។
៤- សាកសពដែលគេចោលនៅក្នុងព្រៃស្មសាន នៅសល់តែគ្រោងឆ្អឹងដែលមិនមានស្បែក តែមានឈាមប្រឡាក់ប្រឡូស និងមានសរសៃរួបរិត។
៥- សាកសពដែលគេចោលនៅក្នុងព្រៃស្មសាន នៅសល់តែគ្រោងឆ្អឹងដែលមិនមានសាច់ និង ឈាម តែនៅមានសរសៃរួបរិត។
៦- សាកសពដែលគេចោលនៅក្នុងព្រៃស្មសាន នៅសល់តែគ្រោងឆ្អឹង ដែលមិនមានសរសៃរួបរិត ហើយខ្ចាត់ខ្ចាយទៅគ្រប់ទិសផ្សេងៗ។
៧- សាកសពដែលគេចោលនៅក្នុងព្រៃស្មសាន នៅសល់តែកំណាត់ឆ្អឹងពណ៌សដូចជាពណ៌នៃស័ង្ខ។
៨- សាកសពដែលគេចោលនៅក្នុងព្រៃស្មសាននៅសល់តែកំណាត់ឆ្អឹងដែលនៅជាគំនរ ដែលកន្លងទៅជាង ១ឆ្នាំហើយ។
៩- សាកសពដែលគេចោលនៅក្នុងព្រៃស្មសាននៅសល់ តែឆ្អឹងពុកផុយ ជាកំទេចតូចតាច ។
ក្នុងខនីមួយៗ ទ្រង់ប្រៀបធៀបឲ្យពិចារណាឃើញអាការៈរបស់សាកសពនីមួយៗថា មានអាការៈយ៉ាងណា ហើយឲ្យបង្អោនកាយរបស់ខ្លួនចូលទៅប្រៀបធៀបថា សូម្បីតែកាយយើងនេះក៏មាន សភាពយ៉ាងនោះ មានលក្ខណៈយ៉ាងនោះ មិនរួចផុតពីសភាពនោះបានឡើយ។
ម៉្យាងវិញទៀត ក្នុងកាយានុបស្សនានីមួយៗនៃបព្វៈទាំងនេះ ទ្រង់ប្រៀបធៀបឲ្យពិចារណាតទៅទៀតជា ៣ លំដាប់គឺៈ
១/ ឲ្យពិចារណាកាយខាងក្នុង កាយខាងក្រៅ កាយទាំងខាងក្នុង កាយទាំងខាងក្រៅ ។
២/ឲ្យពិចារណា ទាំងធម៌ដែលជាហេតុកើត និង ធម៌ដែលជាហេតុរលត់ ក្នុងកាយរបស់ខ្លួន ។
៣/ឲ្យពិចារណាចូលទៅតាំងសតិឆ្ពោះទៅមុខថា កាយមាននៅ ក៏ត្រឹមតែដើម្បីអាស្រ័យនូវការចម្រើនញាណ (សេចក្តីដឹង) ចម្រើនសតិ (សេចក្តីរព្ញក)ប៉ុណ្ណោះ មិនអាស្រ័យតណ្ហា និង ទិដ្ឋិ មិន ប្រកាន់មាំអ្វីៗក្នុងលោកឡើយ ។ ព្រះអង្គទ្រង់ត្រាស់សរុបថា “ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញកាយក្នុងកាយយ៉ាងនេះឯង”។
២-វេទនានុបស្សនា
ការពិចារណាវេទនាក្នុងវេទនាទាំងឡាយ គឺការពិចារណាការសោយនូវសេចក្តីសុខ ទុក្ខ មិនសុខ មិនទុក្ខក្នុងខ្លួនឯង ចែកចេញជា៩ ប្រភេទគឺៈ
១- ពេលសោយសុខវេទនា ក៏ដឹងច្បាស់ថា អាត្មាអញសោយសុខវេទនា។
២- ពេលសោយទុក្ខវេទនា ក៏ដឹងច្បាស់ថា អាត្មាអញសោយទុក្ខវេទនា។
៣- ពេលសោយអទុក្ខមសុខវេទនា ក៏ដឹងច្បាស់ថា អាត្មាអញសោយអទុក្ខមសុខវេទនា។
៤- ពេលសោយសុខវេទនាប្រកបដោយអាមិស ក៏ដឹងច្បាស់ថា អាត្មាអញ សោយសុខវេទនា ប្រកបដោយអាមិស ។
- ពេលសោយសុខវេទនាមិនប្រកបដោយអាមិស ក៏ដឹងច្បាស់ថា អាត្មាអញសោយសុខវេទនា មិនប្រកបដោយអាមិស។
៦- ពេលសោយទុក្ខវេទនាប្រកបដោយអាមិស ក៏ដឹងច្បាស់ថា អាត្មាអញសោយទុក្ខវេទនា ប្រកបដោយអាមិស។
- ពេលសោយទុក្ខវេទនា មិនប្រកបដោយអាមិស ក៏ដឹងច្បាស់ថា អាត្មាអញសោយទុក្ខវេទនា មិនប្រកបដោយអាមិស។
៨- ពេលសោយអទុក្ខមសុខវេទនាប្រកបដោយអាមិស ក៏ដឹងច្បាស់ថាអាត្មាអញ សោយអទុក្ខមសុខវេទនាប្រកបដោយអាមិស។
៩- ពេលសោយអទុក្ខមសុខវេទនាមិនប្រកបដោយអាមិសក៏ដឹងច្បាស់ថា អាត្មាអញ សោយអទុក្ខមសុខវេទនាមិនប្រកបដោយអាមិស។
ក្នុងវេទនាទាំង ៩ប្រការនេះ ទ្រង់បង្រៀនឲ្យភិក្ខុពិចារណា វេទនា ជា ៣ លំដាប់គឺៈ
១/ ឲ្យពិចារណាវេទនាខាងក្នុង ឲ្យពិចារណាវេទនាខាងក្រៅ ឲ្យពិចារណាវេទនាទាំងខាងក្នុង ទាំងខាងក្រៅ។
២/ ឲ្យពិចារណាទាំងធម៌ជាហេតុកើត ទាំងធម៌ជាហេតុរលត់ ក្នុងវេទនាទាំងឡាយ។
៣/ ឲ្យតាំងសតិឆ្ពោះទៅរកកម្មដ្ឋានថា វេទនា មានជាប្រក្រតីក៏ត្រឹមតែសម្រាប់ចម្រើនញាណ និងការចម្រើនសតិប៉ុណ្ណោះ មិនអាស្រ័យតណ្ហា និង ទិដ្ឋិ ឬប្រកាន់មាំអ្វីៗក្នុងលោកឡើយ ។
ព្រះអង្គត្រាស់សរុបថា “ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ វេទនាក្នុងវេទនាទាំងឡាយ ជាប្រក្រតី យ៉ាងនេះឯង” ។
៣-ចិត្តានុបស្សនា
ការពិចារណាឃើញចិត្តក្នុងចិត្ត គឺពិចារណាចិត្តរបស់ខ្លួន ឲ្យឃើញសភាវៈ ដែលប្រាកដក្នុងខណៈនោះ និងដឹងច្បាស់តាមសេចក្តីពិត ដោយការតាមដានចិត្ត ៨គូគឺៈ
១- ចិត្តប្រកបដោយរាគៈ ចិត្តប្រាសចាករាគៈ ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ចិត្តប្រាសចាករាគៈ។
២- ចិត្តប្រកបដោយទោសៈ ចិត្តប្រាសចាកទោសៈ ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយទោសៈ ចិត្តប្រាសចាកទោសៈ ។
៣- ចិត្តប្រកបដោយមោហៈ ចិត្តប្រាសចាកមោហៈ ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយមោហៈ ចិត្តប្រាសចាកមោហៈ ។
៤- ចិត្តប្រកបដោយថីនមិទ្ធៈ ចិត្តប្រាសចាកថីនមិទ្ធៈ ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយថីនមិទ្ធៈ ចិត្តប្រាសចាកថីនមិទ្ធៈ ។
៥- ចិត្តជាមហគ្គតៈ ចិត្តមិនមែនជាមហគ្គតៈ ក៏ដឹងច្បាស់ថា ចិត្តជាមហគ្គតៈ ចិត្តមិនមែនជាមហគ្គតៈ។
៦- ចិត្តមានចិត្តដទៃក្រៃលែងជាង ចិត្តមិនមានចិត្តដទៃក្រៃលែងជាង ក៏ដឹងច្បាស់ថា ចិត្តមានចិត្តដទៃក្រៃលែងជាង ចិត្តមិន មានចិត្តដទៃក្រៃលែងជាង។
៧- ចិត្តជាសមាធិ ចិត្តមិនមែនជាសមាធិ ក៏ដឹងច្បាស់ថា ចិត្តជាសមាធិ ចិត្តមិនមែនជាសមាធិ ។
៨- ចិត្តដែលរួចផុតហើយ និងចិត្តដែលមិនទាន់រួចផុត ក៏ដឹងច្បាស់ថា ចិត្តដែលរួចផុតហើយ និងចិត្តដែលមិនទាន់រួចផុត ។
នៅក្នុងចិត្តទាំង ៨ គូ នេះ ទ្រង់ឲ្យភិក្ខុពិចារណាចិត្តជា ៣ លំដាប់គឺៈ
១/ ឲ្យពិចារណាចិត្តខាងក្នុង ចិត្តខាងក្រៅ ចិត្តទាំងខាងក្នុង ចិត្តទាំងខាងក្រៅ ។
២/ឲ្យពិចារណាធម៌ជាហេតុកើត និង ធម៌ជាហេតុរលត់ក្នុងចិត្តរបស់ខ្លួន ។
៣/ឲ្យតាំងសតិឆ្ពោះទៅរកកម្មដ្ឋានថា ចិត្តមានជាប្រក្រតី ក៏ត្រឹមតែ ដើម្បីអាស្រ័យនូវការចម្រើនញាណ ចម្រើនសតិប៉ុណ្ណោះ មិនអាស្រ័យ តណ្ហា និង ទិដ្ឋិ មិនប្រកាន់ខ្ជាប់អ្វីៗក្នុងលោកឡើយ។ ហើយទ្រង់ត្រាស់សរុបថា “ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ ចិត្តក្នុងចិត្ត យ៉ាងនេះឯង” ។
៤-ធម្មានុបស្សនា
ការពិចារណាឃើញធម៌ក្នុងធម៌ទាំងឡាយជាប្រក្រតី គឺ ពិចារណាថា ក្នុងខណៈនេះ មានធម៌អ្វីនៅក្នុងចិត្តរបស់ខ្លួន ក៏ដឹងច្បាស់ធម៌នោះៗ ដោយពិចារណាធម៌ទាំងជាកុសល អកុសល និង អព្យា-ក្រិត ដោយបែងចែកការពិចារណាជា ៥ ពួកគឺៈ
ពួកទី ១ នីវរណបព្វៈ
នីវរណៈ គឺពួកធម៌ដែលរារាំងចិត្ត មិនឲ្យសម្រេចនូវកុសលធម៌ មាន ៥ប្រការគឺៈ
១) កាមច្ឆន្ទៈ ការត្រេកអរក្នុងកាម ។
២) ព្យាបាទៈ ការព្យាបាទ ។
៣) ថីនមិទ្ធៈ ការរុញរា ងោកងុយ ងុយដេក ។
៤) ឧទ្ធច្ចកុក្កុច្ចៈ សេចក្តីរាយមាយអណ្តែតអណ្តូង ។
៥) វិចិកិច្ឆា ការសង្ស័យមិនចេះចប់ ។
ទ្រង់បង្រៀនឲ្យភិក្ខុកំណត់ពិចារណានីវរណធម៌ តាមលំដាប់ដូច្នេះគឺៈ
១/ ពេលមាននីវរណធម៌ ខ ណាមួយនៅក្នុងចិត្ត ក៏ឲ្យដឹងច្បាស់នីវរណធម៌នោះ ។
២/ នីវរណធម៌ ខ នីមួយៗដែលមិនកើតឡើងដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ ។
៣/ នីវរណធម៌ ខ នីមួយៗដែលកើតឡើង និងលះបានដោយ ហេតុណា ក៏ឲ្យដឹងច្បាស់នូវហេតុនោះ។
៤/ នីវរណធម៌ ខ នីមួយៗដែលលះបង់បានហើយ មិនកើតឡើងតទៅទៀតដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ ។
ពួកទី ២ ខន្ធបព្វៈ
បញ្ចក្ខន្ធ (ខន្ធ ៥) គឺពួកធម៌ដែលពោលអំពីឧបាទានក្ខន្ធ ឲ្យពិចារណា កំណត់ដឹងខន្ធ៥ គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ តាមស្ថាន ៣ប្រការគឺ ១.ការមាន គឺមានយ៉ាងដូចម្តេច ២.ការកើត គឺកើតឡើងបានយ៉ាងដូចម្តេច ៣.ការរលត់ គឺរលត់ទៅបានយ៉ាងដូចម្តេច ?
ពួកទី ៣ អាយតនបព្វៈ
អាយតនៈ ១២ គឺពួកធម៌ ដែលពោលអំពីអាយតនៈខាងក្នុង ៦ បានដល់ ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត និង អាយតនៈ ខាងក្រៅ៦ បានដល់ រូប សម្លេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ ។
ទ្រង់សម្តែងកំណត់ជាវគ្គ ឲ្យពិចារណាអាយតនៈដូច្នេះគឺៈ
១/ ឲ្យកំណត់អាយតនៈខាងក្នុង អាយតនៈខាងក្រៅ គ្រប់ចំណុចនីមួយៗ ។
២/ ត្រូវដឹងឲ្យច្បាស់ថា សំយោជនៈកើតឡើង ព្រោះអាស្រ័យ អាយតនៈនោះៗ ។
៣/ ត្រូវដឹងឲ្យច្បាស់ថា សំយោជនកិលេសដែលមិនទាន់កើតឡើង កើតឡើងបានយ៉ាងដូចម្តេច ដែលកើតឡើងហើយ លះបង់ បានយ៉ាងដូចម្តេច ដែលលះបង់បានហើយ មិនកើតឡើងទៀត បាន យ៉ាងដូចម្តេច ។
ពួកទី ៤ ពោជ្ឈង្គបព្វៈ
ពោជ្ឈង្គៈ គឺអង្គធម៌ជាគ្រឿងត្រាស់ដឹងមាន ៧ ប្រការគឺៈ
១-សតិសម្ពោជ្ឈង្គៈ ធម៌ជាអង្គនៃការត្រាស់ដឹងគឺសតិ សេចក្តីរព្ញកបាន ។
២- ធម្មវិចយសម្ពោជ្ឈង្គៈ ធម៌ជាអង្គនៃការត្រាស់ដឹងគឺ ការពិចារណាធម៌ឲ្យល្អិតល្អន់ ។
៣- វិរិយសម្ពោជ្ឈង្គៈ ធម៌ជាអង្គនៃការត្រាស់ដឹងគឺ សេចក្តីព្យាយាម ។
៤- បីតិសម្ពោជ្ឈង្គៈ ធម៌ជាអង្គនៃការត្រាស់ដឹងគឺ សេចក្តីឆ្អែតស្កប់ស្កល់ក្នុងចិត្ត។
៥- បស្សទ្ធិសម្ពោជ្ឈង្គៈ ធម៌ជាអង្គនៃការត្រាស់ដឹងគឺ សេចក្តីស្ងប់កាយ ស្ងប់ចិត្ត ។
៦- សមាធិសម្ពោជ្ឈង្គៈ ធម៌ជាអង្គនៃការត្រាស់ដឹងគឺ ការតាំងចិត្តមាំ ចិត្តស្ងប់ ។
៧- ឧបេក្ខាសម្ពោជ្ឈង្គៈ ធម៌ជាអង្គនៃការត្រាស់ដឹងគឺ ការតាំងចិត្តជាកណ្តាល ។
វិធីពិចារណា គឺពិចារណាឲ្យដឹងច្បាស់ក្នុងខណៈនោះៗ ថា ពោជ្ឈង្គៈ ៧ ខ នីមួយៗ មាននៅក្នុងខ្លួនឬទេ ដែលមិនទាន់កើត កើតឡើងបានយ៉ាងដូចម្តេច ដែលកើតឡើងហើយ ចម្រើនឲ្យពេញបរិបូរណ៍ បានយ៉ាងដូចម្តេច ។
ពួកទី ៥ សច្ចបព្វៈ
សច្ចៈ ៤ ទ្រង់បង្រៀនឲ្យភិក្ខុឃើញធម៌ក្នុងធម៌ទាំងឡាយ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខ (ទុក្ខសច្ចៈ) នេះជាហេតុនៃសេចក្តីទុក្ខ(សមុទយសច្ចៈ) នេះជាទីរំលត់ទុក្ខ(និរោធសច្ចៈ) នេះជាផ្លូវបដិបត្តិដើម្បីចេញចាកទុក្ខ(មគ្គសច្ចៈ) ។
បន្ទាប់ពីនោះមកទ្រង់សម្តែងអំពីទុក្ខអរិយសច្ចនិទ្ទេសថា ទុក្ខអរិយសច្ច បានដល់ ជាតិ ជរា ព្យាធិ មរណៈ សោកៈ បរិទេវៈ ទុក្ខ ទោមនស្សៈ ឧបាយាសៈ ការជួបប្រទះនូវរបស់ មិនជាទីស្រឡាញ់ ក៏ជាទុក្ខ ការប្រាសចាកនូវរបស់ជាទីស្រឡាញ់ក៏ជាទុក្ខ ការមិនបានវត្ថុដែលជាទីស្រឡាញ់ ក៏ជាទុក្ខ និងទ្រង់សរុបថា ឧបាទានក្ខន្ធ ក៏ជាទុក្ខ យ៉ាងនេះ ។
ទ្រង់សម្តែងសមុទយអរិយសច្ចនិទ្ទេសថា ទុក្ខសមុទយអរិយសច្ចៈ ដូចម្តេច? អ្វីជា បិយរូប សាតរូប (សភាវៈដែលគួរឲ្យស្រឡាញ់ ពេញចិត្តនាំឲ្យកើតតណ្ហា) ក្នុងលោក? ទ្រង់អធិប្បាយ អាយតនៈ ខាងក្នុង មានចក្ខុជាដើម អាយតនៈខាងក្រៅ មានរូបជាដើម វិញ្ញាណ ៦ មានចក្ខុវិញ្ញាណជាដើម សម្ផស្ស ៦ មានចក្ខុសម្ផស្ស ជាដើម វេទនា ៦ មានរូបវេទនា ជាដើម សញ្ញា ៦ មានរូបសញ្ញាជាដើម សញ្ចេតនា ៦ មានរូបសញ្ចេតនាជាដើម តណ្ហា ៦ មានរូបតណ្ហា ជាដើម វិតក្កៈ ៦ មានរូបវិតក្កៈ ជាដើម វិចារៈ ៦ មានរូបវិចារៈជាដើម គ្រប់ចំណុចនីមួយៗ ជាបិយរូប សាតរូប ក្នុងលោក ។តណ្ហាពេលកើតឡើង ក៏កើតឡើង ក្នុងធម៌ទាំងនេះ ពេលតាំងនៅ ក៏តាំងនៅក្នុងធម៌ទាំងនេះ ។
ទ្រង់សម្តែងនិរោធអរិយសច្ចនិទ្ទេសថា ទុក្ខនិរោធអរិយសច្ចៈ ដូចម្តេច? អ្វីជាបិយរូប សាតរូប ក្នុងលោក? សេចក្តីអធិប្បាយនៃ ការរំលត់តណ្ហា (និរោធសច្ចៈ) នេះមានន័យផ្ទុយគ្នាពីសមុទយសច្ច និទ្ទេស ខាងដើម ។
ទ្រង់សម្តែងមគ្គសច្ចនិទ្ទេសថា តើទុក្ខនិរោធគាមិនីបដិបទា ដូចម្តេច? ទ្រង់អធិប្បាយថា បានដល់ អរិយមគ្គ ប្រកបដោយអង្គ ៨ មានសម្មាទិដ្ឋិ ជាដើម ។ បន្ទាប់ពីនោះ ទ្រង់អធិប្បាយ អរិយមគ្គ ប្រកបដោយអង្គ ៨ ប្រការគ្រប់ចំណុច ដូចជាសម្មាទិដ្ឋិ គឺការយល់ ដឹងក្នុងទុក្ខក្នុងសមុទ័យ ក្នុងទុក្ខនិរោធ និង ក្នុងទុក្ខនិរោធគាមិនីបដិបទា ជាដើម ។
បន្ទាប់មកទៀត ទ្រង់បង្រៀនឲ្យភិក្ខុឃើញធម៌ ក្នុងធម៌ទាំងឡាយ ក្នុងលក្ខណៈផ្សេងៗ ៣លំដាប់គឺៈ
១/ ឲ្យពិចារណាធម៌ខាងក្នុង ធម៌ខាងក្រៅ ធម៌ទាំងខាងក្នុងធម៌ទាំងខាងក្រៅ ។
២/ ឲ្យពិចារណាធម៌ជាហេតុកើតនិងធម៌ជាហេតុរលត់ ក្នុងធម៌ទាំងឡាយ ។
៣/ ឲ្យតាំងសតិ ឆ្ពោះទៅរកកម្មដ្ឋានថា ធម៌មាននៅជាប្រក្រតី ក៏ត្រឹមតែដើម្បីអាស្រ័យនូវការចម្រើនញាណ និង ការចម្រើនសតិប៉ុណ្ណោះ មិនអាស្រ័យតណ្ហា និង ទិដ្ឋិ មិនប្រកាន់ខ្ជាប់នូវអ្វីៗក្នុងលោកឡើយ ។ ហើយទ្រង់ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណា ឃើញធម៌ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី យ៉ាងនេះឯង” ។
ភាគនិគមន៍
អានិសង្សនៃ ការចម្រើនសតិបដ្ឋាន ៤
ព្រះសម្មាសម្ពុទ្ធ ទ្រង់សម្តែងអានិសង្សនៃការចម្រើនសតិបដ្ឋានជានិគមវចនៈ ថា បុគ្គលចម្រើនសតិបដ្ឋានអស់រយៈពេល ៧ ឆ្នាំ ៦ ឆ្នាំ ៥ ឆ្នាំ ៤ឆ្នាំ ៣ឆ្នាំ ២ឆ្នាំ ១ឆ្នាំ ។ អស់រយៈពេល ៧ខែ ៦ខែ ៥ខែ ៤ខែ ៣ខែ ២ខែ ១ខែ អស់រយៈពេល កន្លះខែ ឬអស់រយៈពេល ៧ ថ្ងៃ គង់នឹងបានសម្រេចផលណាមួយ បណ្តាផលទាំង ២យ៉ាងគឺ អរហត្តផលក្នុងបច្ចុប្បន្ន ឬ បើមានឧបាទានសល់នៅ ក៏នឹងបានជាព្រះអនាគាមី ។ ហើយទ្រង់ត្រាស់សរុបថា “ផ្លូវនេះជាផ្លូវមូលតែមួយ ប្រព្រឹត្តទៅដើម្បីសេចក្តីបរិសុទ្ធនៃសត្វទាំងឡាយ ដើម្បីកំចាត់បង់នូវសេចក្តីសោក និងសេចក្តីខ្សឹកខ្សួល ដើម្បីរំលត់ទុក្ខ និងទោមនស្ស ដើម្បីសម្រេចនូវញេយ្យធម៌ (អរិយមគ្គ) ដើម្បីធ្វើឲ្យជាក់ច្បាស់នូវ ព្រះនិព្វាន ។ ផ្លូវនោះ គឺសតិបដ្ឋាន ៤ ប្រការ តថាគតអាស្រ័យផ្លូវនេះឯង ទើបពណ៌នាដូចពោលមកនេះ។
កាលព្រះសម្មាសម្ពុទ្ធត្រាស់សម្តែងចប់ហើយ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះពុទ្ធភាសិតនេះក្រៃពេក ៕
ចំណុចគួរសង្កេត
សូមសង្កេតមើលថា ព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងសតិបដ្ឋាន ទុកក្នុងទីផ្សេងៗច្រើនកន្លែង ដូចមានប្រាកដក្នុងព្រះសុត្តន្តបិដក និង ព្រះអភិធម្មបិដក ប៉ុន្តែដែលត្រាស់សម្តែងទុកដោយពិស្តារ ដែលហៅ ថាព្រះសូត្រធំនោះ មានប្រាកដពីរកន្លែងប៉ុណ្ណោះ គឺក្នុងព្រះសូត្រនេះ និងក្នុងមជ្ឈិមកាយ មូលបណ្ណាសកៈ ។ ចំណុចដែលគួរសង្កេតតទៅទៀតនោះគឺ អដ្ឋកថា របស់ទីឃនិកាយ មហាវគ្គ និង អដ្ឋកថា របស់មជ្ឈិមនិកាយមូលបណ្ណាសកៈ កត់ត្រាទុកច្បាស់ថា សតិបដ្ឋាន ក្នុងមជ្ឈិមនិកាយ មូលបណ្ណាសកៈ មានឈ្មោះថា សតិបដ្ឋានសូត្រ រីឯក្នុងទីឃនិកាយ មហាវគ្គនេះ មានឈ្មោះថា មហាសតិប្បដ្ឋានសូត្រ ។ អដ្ឋកថាទាំងពីរក្បាលនេះ កត់ត្រាទុកច្បាស់ថា ព្រះសូត្រទាំង ២ នេះ ចាត់ចូលនៅក្នុងព្រះសូត្រ ដែលមានអត្ថជ្រាលជ្រៅ ទាំង៨ សូត្រគឺ នៅក្នុងទីឃនិកាយពីរសូត្រគឺ មហានិទានសូត្រ និង មហាសតិបដ្ឋានសូត្រ ក្នុងមជ្ឈិមនិកាយ ៦ សូត្រគឺ សតិបដ្ឋាន សូត្រ សារោបមសូត្រ រុក្ខោបមសូត្រ រដ្ឋបាលសូត្រ មាគណ្ឌិយសូត្រ និង អានេញ្ជសប្បាយសូត្រ ។ ព្រះសូត្រទាំងនេះ ព្រះសម្មាសម្ពុទ្ធ ទ្រង់សម្តែងដល់ពុទ្ធបរិស័ទដែនកុរុ ព្រោះពួកគេ មានការចាប់ អារម្មណ៍ ក្នុងការរៀនធម៌ និង បដិបត្តិធម៌យ៉ាងខ្លាំងក្លាណាស់ លោកឧបមាទុកថា បុរសដែលបានប្រអប់មាសហើយ យកផ្កាមាន ប្រភេទផ្សេងៗមកទុកក្នុងប្រអប់នោះ យ៉ាងណា ឬបុរសបានហិប មាសហើយ យករតនៈ ៧ប្រការ មកទុកក្នុងហិបនោះ យ៉ាងណា ព្រះសម្មាសម្ពុទ្ធ ទ្រង់បានពុទ្ធបរិស័ទអ្នកដែនកុរុ ហើយក៏ទ្រង់សម្តែង ព្រះធម៌ទេសនា ដែលមានអត្ថដ៏ជ្រាលជ្រៅ ដល់ពុទ្ធបរិស័ទនោះ យ៉ាងនោះ ដូចគ្នា ៕
ខ្លឹមសារដែលគួរសិក្សា សារសំខាន់ដែលគួរសិក្សាដោយលំអិតគឺៈ
-១-
វិភាគអត្ថន័យ និងគោលការណ៍ របស់សតិបដ្ឋាន ៤ ។
-២-
វិភាគសារៈសំខាន់នៃការចម្រើនសតិបដ្ឋាន ៤ ។
-៣-
ហ្វឹកហាត់ចម្រើនសតិបដ្ឋាន តាមដែលទ្រង់អធិប្បាយ ។
-៤-
វិភាគផលនៃការចម្រើនសតិបដ្ឋាន ៤ ៕

“ចប់មហាសតិបដ្ឋានសូត្រដោយសង្ខេប”

kh