ពុទ្ធឱវាទ​ស្តីពីការ​ចិញ្ចឹម​ជីវិត​ដោយ​សុចរិត​តាម​គន្លង​ធម៌ - Business Buddhism

Website

ពុទ្ធឱវាទ​ស្តីពីការ​ចិញ្ចឹម​ជីវិត​ដោយ​សុចរិត​តាម​គន្លង​ធម៌

ចែករំលែកចំណេះដឹង

 

ភ្នំពេញៈ ខណៈដែល​មនុស្ស​មួយ​ចំនួន​មិន​បាន​សិក្សា​ឲ្យ​ស៊ីជម្រៅ​នៃ​ព្រះពុទ្ធ​សាសនា ទើប​មាន​ការ​ចោទ​ប្រកាន់​ថា ព្រះពុទ្ធ​សាសនា និយាយ​តែ​ពីរឿង​បុណ្យ និង​បាប ម្ល៉ោះ​​ហើយ​ធ្វើ​ឲ្យអ្នក​គោរព​តាម បែរជា​មាន​សភាព​ក្រលំបាក និយាយ​កុហក​បោក​បញ្ឆោត ឬ ថា​ចេះ​របៀប​កោរ​មិនដាក់​ទឹក​ជាដើម ទើប​ទទួល​បាន​ជ័យជម្នះ​នៅ​ក្នុងការ​ប្រកប​មុខរបរ​នានា។

សួរថា​តើ​សប្បាយ​ណាស់​ឬ​ទ្រព្យសម្បត្តិ ដែល​បាន​មក​ដោយសារ​អំពើ​ទុច្ចរិត​នោះ? គ្មាន​មនុ​ស្សណា​ស្រឡាញ់​អ្វី​ខ្លាំង​ជាង​ស្រឡាញ់​ខ្លួនឯង​នោះ​ឡើយ។ ចុះ​ប្រសិនបើ​ដឹងខ្លួន​ថា ក្លាយជា​ចោរ ឬ​មនុស្ស​ទុច្ចរិត​ហើយ​នោះ តើ​មានអ្វី​ល្អ​សម្រាប់​ខ្លួន​ទៀត?

ការ​ត្រាស់ដឹង​របស់​ព្រះសម្មាសម្ពុទ្ធ​គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​ជីវិត​របស់​សត្វ​លោក ប៉ុន្តែ​សត្វលោក​ភាគ​ច្រើន​ចេះតែ​មើល​រំលង ឃើញ​លាមក​ថា​ជាផ្កា ឃើញ​របស់​ល្អ​ថាគ្មាន​តម្លៃ ក៏ខំ​បង្កើត​សេចក្ដី​លោភលន់​ឲ្យកាន់​តែច្រើន​ឡើងៗ រហូត​ភ្លេច​តួនាទី​របស់​ខ្លួន​ថាជា​មនុស្ស។

នៅក្នុង​សីលទី ២ ទ្រង់​ហាម​មិនឲ្យ​លួច​ទ្រព្យ​អ្នកដទៃ ហើយ​ឲ្យ​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត​ដោយ​អំពើ​សុចរិត​ត្រឹមត្រូវ​ទៅតាម​គន្លងធម៌ ដែល​ព្រះអង្គ​ហៅថា «សម្មាអាជីវោ»។

តាមរយៈ​ព្រះពុទ្ធ​សាសនា ព្រះសម្មាសម្ពុទ្ធ​បាន​បង្រៀន​មនុស្ស​ឲ្យ​ចេះដឹង​ពី​ប្រយោជន៍ ៣ យ៉ាង ដែល​ព្រះអង្គ​សម្តែង​ថា៖ «ប្រយោជន៍​ទី ១ សម្រាប់​ពេល​បច្ចុប្បន្ន ប្រយោជន៍​ទី ២ សម្រាប់​លោក​ខាងមុខ និង​ទី ៣ សម្រាប់​ជា​ប្រយោជន៍​ក្នុង​ព្រះនិព្វាន»។

បើតាម​ការដកស្រង់​ចេញពី​សៀវភៅ ជីវិត​ពិតជា​ត្រូវការ​ធម៌ ដោយ ៥០០០ ឆ្នាំ បាន​បើក​រង្វង់​ក្រចក​បន្តិច​ដើម្បី​លើក​យក​ធម៌​ខ្លះៗ ដែល​ទាក់ទង​នឹង​ជីវភាព​ប្រចាំថ្ងៃ និង​សេដ្ឋកិច្ច​សង្គម​ជា​ប្រយោជន៍​អាច​មើល​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ដោយ​ផ្នែក​ទី ១ ព្រះពុទ្ធ​ហៅថា ទិដ្ឋធម្មិកត្ថ​ប្រយោជន៍ ៤ យ៉ាង ជា​ប្រយោជន៍​បច្ចុប្បន្ន។

សៀវភៅ​ខាងលើ​ក៏បង្ហាញ​ថា៖ «ទិដ្ឋធម្មិកត្ថ​ប្រយោជន៍ ៤ យ៉ាង​ដែលជា​ប្រយោជន៍​នៅ​ក្នុង​បច្ចុប្បន្ន​នោះ​រួមមាន​ទី ១ ការព្យាយាម​ស្វែងរក​ទ្រព្យសម្បត្តិ ជា​កាតព្វកិច្ច​ដ៏សំខាន់​សម្រាប់​មនុស្ស​ម្នាក់ៗ​គឺទ្រព្យសម្បត្តិ​មិន​អាច​កើត​មាន​ដល់​មនុស្ស​ខ្ជិល​ច្រអូស​បាន​ទេ។

ទី ២ ការចេះ​ថែរក្សា​នូវ​ទ្រព្យ ដែល​ខំរក​បាន​មក​ហើយ​គឺការ​ចេះ​សន្សំសំចៃ​ទ្រព្យ​ទុកឲ្យ​ផុតពី​សេចក្ដី​អន្តរាយ​ផ្សេងៗ ហើយ​នឹង​ចេះ​កែខៃ​រកផល​កម្រៃ​ពីទ្រព្យ​នោះ ដូចជា​ក្នុង​ប្រទេស​នីមួយៗ តែងតែ​មាន​កន្លែង​ផ្ញើ​ប្រាក់​ហៅថា​ធនាគារ ដើម្បី​ឲ្យ​ប្រជាជន​ចេះ​សន្សំ​ទ្រព្យ និង​បាន​ថ្លៃ​ការប្រាក់​ថែម​ទៀត​ផង។

ទី ៣ ការសេព​គប់​រកមិត្ត​ល្អ​ត្រឹមត្រូវ​គឺការ​ជ្រើសរើស​ផ្លូវ​ដើរ​សម្រាប់​ជីវិត ប្រសិនបើ​សេពគប់​មិត្ត​អាក្រក់​រមែង​នាំមក​នូវ​សេចក្ដី​វិនាស​គ្រប់​ច្រកល្ហក បើ​សេពគប់​មិត្ត​ល្អ នឹងមាន​សេចក្ដីសុខ​ចម្រើន​កើន​នូវ​ប្រយោជន៍​ជារឿយៗ ព្រោះ​ថា​មិត្តល្អ​គេអាច​ជួយ​ពន្យល់​វិធី​ស្វែងរក​សេចក្ដីសុខ​ចម្រើន ទាំង​ផ្នែក​ទ្រព្យសម្បត្តិ ទាំង​ផ្នែក​គំនិត​ប្រាជ្ញា​ស្មារតី គេ​ស្ទាត់ជំនាញ​នៅ​ក្នុង​កិច្ចការ​ណា គេ​នឹងជួយ​ពន្យល់​មិត្ត​ក្នុង​កិច្ចការ​នោះ​មិន​ខាន។ ប្រសិន​មាន​មិត្ត​អាក្រក់​ប្រៀប​ដូចជា​មាន​លាមក ខណៈ​មាន​មិត្តល្អ​ប្រៀប​បីដូច​ជាមាន​កម្រងផ្កា​មាន​ក្លិន​ក្រអូប អ៊ីចឹង​តើ​យើង​គួរ​ជ្រើស​យក​លាមក ឬក៏​ផ្កា?

ទី ៤ គឺ​ការចេះ​ចាយវាយ​ទ្រព្យសម្បត្តិ​ឲ្យសម​ទៅ​តាម​ឋានៈ​របស់ខ្លួន បាន​សេចក្ដី​ថា ការចាយវាយ​មិន​ឲ្យ លើស​ចំនួន​ទ្រព្យ​ដែល​មាន​បើ​រកបាន​តិច​ចាយ​តាមតិច បើ​រកបាន​ច្រើន​កុំ​ភ្លើតភ្លើន​ចាយ​ទាល់តែ​អស់ ត្រូវ​វៀរចាក​ការចំណាយ​ណា​ដែល​គ្មានការ​ចាំបាច់ ឬគ្មាន​ប្រយោជន៍ ត្រូវតែ​សំចៃ​ទុក​ខ្លះ​សម្រាប់​ពេល​ណា​ដែល​ខ្លួន​រក​ទ្រព្យ​មិនបាន ឬ​មាន​គ្រោះថ្នាក់​ផ្សេងៗ​មាន​ជំងឺ​តម្កាត់​ជាដើម​ផងដែរ»។

ចំណែកឯ​លក្ខណៈ​នៃ​អ្នកធ្វើ​ជំនួញ​មាន ៣ យ៉ាង​ដែរ​ដោយ​ព្រះសម្មាសម្ពុទ្ធ​សម្តែង​ថា៖ «មួយ​ហៅថា បញ្ញា​ចក្ខុ គឺជា​អ្នកមាន​បញ្ញា​ឆ្លាត​នៅក្នុង​ការលក់​ចេញ​ទិញ​ចូល ដឹងថា​ធ្វើ​យ៉ាងណា​ខាត និង​ធ្វើយ៉ាងណា​ឲ្យ​ចំណេ​ញ​ស្គាល់​កាល​រដូវ​នៃ​មុខរបរ​នីមួយៗ ឬស្គាល់​ទីផ្សារ​សម្រាប់​លក់ថា​កន្លែង​ណា​លក់​បាន​ថ្លៃ ឬ​កន្លែង​ណា​លក់​បាន​ថោក និង​ស្គាល់​សេចក្ដី​ត្រូវការ​របស់​មនុស្ស។ ពីរគឺ វីរិយារ​ម្ភៈ សំដៅ​សេចក្ដី​ព្យាយាម គឺការ​ខិតខំ​សង្វាត​ធ្វើ​កិច្ចការ​ដែល​ខ្លួន​កំពុង​ធ្វើ​នោះ គឺ​មិន​ខ្ជិលច្រអូស​មិន​ឲ្យហួស​ពេលវេលា​នៃ​មុខរបរ និង​សេចក្ដី​ត្រូវការ​របស់​អ្នកទិញ។

ជា​ចុងក្រោយ​សនា​ថោ គឺ​អ្នកមាន​ទីពឹង មានការ​ប៉ិនប្រសប់​ទាក់ទង​មនុស្ស តែង​តែមាន​គេ​រាប់អាន ចេះ​ធ្វើ​ខ្លួន​ឲ្យគេ​រាប់អាន និង​ជាទី​ទុកចិត្ត​របស់​អ្នកដទៃ»៕


No comments:

Post a Comment