អត្ថន័យ ពិធីត្រស្ដិ សង្ក្រាន្ត ឆ្នាំថ្មី និងរបៀបប្រារព្ធពិធីនេះ ពីធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ជាពិធីបុណ្យប្រចាំឆ្នាំធំមួយ ក្នុងចំណោមបុណ្យជាតិមួយចំនួនទៀត ដូចជា ភ្ជុំ-បិណ្ឌ និងបុណ្យ អុំទូក ជាដើម។ ពិធីចូលឆ្នាំប្រពៃណីខ្មែរ មានចំនួនបីថ្ងៃ ដែលហៅថា មហាសង្ក្រាន្ត គឺរួមមានវារៈមហាសង្ក្រាន្ត រាប់ថាថ្ងៃទី១ វារៈវ័នបត ជាថ្ងៃទី២ និងវារៈឡើងស័ក ជាថ្ងៃទី៣ ដែលជាថ្ងៃបញ្ចប់ពិធីសង្ក្រាន្តឆ្នាំថ្មី។ កាលពីសម័យដើមព្រះរាជាបានដឹកនាំធ្វើពិធីសង្រ្កានទាំង ៣ថ្ងៃនេះ ធំជាងគេនៅក្នុងព្រះបរមរាជវាំង គឺវិសេស វិសាលជាងសង្ក្រាន្ត ដែលរៀបចំដោយប្រជារាស្រ្តសាមញ្ញ និងគេនិយមធ្វើនៅតាមភូមិ និងនៅតាមទីវត្តអារាម ឬទីប្រជុំជននានា។ ចាស់ទុំពីបុរាណ បានហៅពីធីនៅក្នុងព្រះរាជវាំងនោះថា «ពិធីត្រស្ដិ សង្ក្រាន្ត»។ តើពិធីត្រស្ដិ សង្ក្រាន្ត និងរបៀបរៀបចំ ប្រារព្វពិធីនេះ មានអត្ថន័យ យ៉ាងណាក្នុងជំនឿខ្មែរនោះ? វារៈមហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំ «ច» សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ចូលមកដល់នៅវេលាម៉ោង ៩: ១២ នាទី ព្រឹកថ្ងៃសៅរិ៍ ១៤រោច ដាច់ខែចេត្រ ដែលត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រឹស្តសករាជ ២០១៨។ ថ្ងៃទី២ នៃពិធី ហៅថា វារៈវ័នបត ចូលមកនៅថ្ងៃអាទិត្យ ១កើត ខែពិសាខ ត្រូវនឹងថ្ងៃទី១៥ មេសា និងថ្ងៃទី៣ ហៅថា ថ្ងៃវារៈឡើងស័ក ចូលមកនៅម៉ោង១២ និង ៥៩នាទី គឺប៉ះចំថ្ងៃចន្ទ ២កើត ខែពិសាខ ត្រូវនឹងថ្ងៃទី១៦ មេសា គម្រប់ជាសង្ក្រានបីថ្ងៃស្រេចដោយបរិបូណ៍ ចូលជាសកលឆ្នាំសំរឹទ្ធិស័ក មហាសករាជ ១៩៤០ និងចុល្លសករាជ ១៣៨០។ ទេវតាឆ្នាំថ្មីដែលនឹងចូលមកបន្តវេនថែរក្សាលោកក្នុងឆ្នាំថ្មីនេះមានព្រះនាម «មហោធរៈទេវី » ជាបុត្រីទី៧ របស់ កបិលមហាព្រហ្ម។ លោកសាស្ត្រាចារ្យបណ្ឌិត សួន ឱសថ អតីតទីប្រឹក្សា ក្រុមជុំនុំព្រះត្រៃបិដក មានប្រសាសន៍ថា ពីធីក្នុងសង្ក្រានទាំង ៣ថ្ងៃនេះ មានការប្រតិបត្តិខុសគ្នាខ្លះ រវាងខាងព្រះបរមរាជវាំង និងប្រជារាស្ត្រធម្មតា។ ព្រះបរមរាជវាំងនៅរដូវចូលឆ្នាំថ្មី តែងតែធ្វើពិធីទទួលទេវតាឆ្នាំថ្មី ឬហៅថា ពិធី ត្រស្ដិ សង្ក្រាន្ត៖ «សង្ក្រាន្ត លោកចែកចេញជាពីរ គឺសាមញ្ញសង្ក្រាន្ត និងអយ័ន្តសង្ក្រាន្ត។ សាមញ្ញសង្ក្រាន្ត គឺលោកសំដៅទៅលើព្រះអាទិត្យដើរត្រង់ទៅលើក្បាល នោះជាសង្ក្រាន្ត ចំណែកអយ័ន្តសង្ក្រាន្ត គឺសំដៅទៅលើព្រះអាទិត្យដើរចំហៀង។ ជាធម្មតា គេច្រើនយកតាមសាមញ្ញសង្ក្រាន្ត ដែលគេគិតតាមដំណើរសុរិយគតិ ហើយពាក្យថា ត្រស្ដិ សង្ក្រាន្ត គឺបានន័យថា ផ្លាស់សង្ក្រានចាស់ចូលកាន់សង្ក្រាន្តថ្មី រៀបចំឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ឲ្យឈ្មោះថា ត្រស្ដិ សង្ក្រាន្ត»។ វចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានសរសេរពន្យល់ថា ត្រស្ដិ (ត្រស់) សង្ក្រាន្ត គឺជាឈ្មោះព្រះរាជពិធីមួយប្រភេទ ធ្វើក្នុងវេលាយប់ ១៤រោច ខែផល្គុន; ក្នុងរជ្ជកាលពីបុរាណហៅថា ពិធីបញ្ជាន់ត្រស្ដិ, សម័យឥឡូវហៅថា ពិធីភាណយក្ខ ឬពិធីសូត្រភាណយក្ខ។ ពាក្យថា ត្រស្តិ នេះ ក្លាយមកពីភាសាសំស្រ្កឹតថា ត្រុដ ( កិ.) “កាត់, ផ្ដាច់”; ត្រុដិ ( ន ) “ដំណើរកាត់, ការផ្ដាច់”។ វចនានុក្រមដដែល បានពន្យល់ទៀតថា ក្នុងព្រះរាជពិធីនេះ សំដៅយកសេចក្ដីថា “ដំណើរផ្ដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី”; មានទំនងជាលំអានឲ្យយល់បានថា កាលពីក្នុងសម័យបុរាណលោកហៅព្រះរាជពិធីនេះថា ពិធីត្រុដិ ឬ ពិធីបញ្ជាន់ត្រុដិ ព្រោះសព្វថ្ងៃនេះ បណ្ដាជនក្នុងខែត្រសៀមរាប នៅហៅភ្លេង, ចម្រៀងមួយប្រភេទថា ភ្លេងត្រុដិ, ច្រៀងត្រុដិ (ត្រុត), ដែលគេលេងតែក្នុងឱកាសចូលឆ្នាំថ្មី, ដែលបញ្ជាក់ហេតុឲ្យយល់ច្បាស់ថា ត្រុដិ នេះហើយ ក្លាយមកជាពាក្យថា ត្រស្ដិ ។ ពិធីបញ្ជាន់ត្រស្ដិនេះពីបុរាណជាន់ដើមហៅថា “ពិធីផ្ដាច់ឆ្នាំ” ។ ឯកសារពីក្រុមជុំនុំទំនៀមទម្លាប់ខ្មែរស្តីពីពិធីប្រចាំទាំង ១២ខែ ដែលរៀបរៀងដោយអ្នកស្រី ពេជ្យ សល់ បានឲ្យដឹងថា ពិធី ត្រស្ដិ សង្ក្រាន្ត ពីបុរាណ គឺគេច្រើនធ្វើនៅចុងខែផល្គុណ គឺនៅពេលជិតចូលឆ្នាំថ្មី នៅក្នុងព្រះបរមរាជវាំង។ ឯកសារដដែលនេះបានបង្ហាញពីរបៀធ្វើពិធី ត្រស្ដិ សង្ក្រាន្ត គឺគេសង់រោង មណ្ឌលស្លឹក៥ គឺរោង ៤ខ្នងនៅក្រៅកំពែងព្រះបរមរាជវាំង ប្រចាំទិសទាំង៤ និងរោង ១ខ្នងទៀត នៅមុខព្រះទីនាំងទេវាវិនិច្ឆ័យ សម្រាប់ឲ្យបារគូព័ទ្ធខ្សែសីមាធ្វើដោយអំបោះ និងស្បូវភ្លាំងដែលក្រុមអាចារ្យព្រាហ្មណ៍ច្រើនប្រើក្នុងពិធីផ្សេងៗ។ អំបោះសីមានោះ ព័ទ្ធតាំងពីទ្វារខាងកើត នៃព្រះបរមរាជវាំង មកដល់មណ្ឌលនៃរោងទាំង៤ ហើយ ទើបបង្ហូតចូលទៅក្នុងព្រះបរមរាជវាំង តាមទ្វារខាងត្បូង រួចបញ្ចូលទៅព័ទ្ធ ១ជុំក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ទើបទៅព័ទ្ធស៊ុមទៀនជ័យ ៧ជុំ ហើយយកទៅព័ទ្ធកំពូលស៊ុមគ្រែព្រះរាជពិធី ៧ជុំទៀត ទើបបង្ហូតចុងអំបោះសីមានោះ ទៅប្រគេនព្រះសង្ឃកាន់សូត្រចម្រើនព្រះបរិត្តនៅពេលយប់។ ព្រះករុណា ទ្រង់យាងអុជទៀនជ័យ នៅចំពោះព្រះភក្រ្តសម្តេចព្រះសង្ឃរាជ ហើយទៀននោះ ត្រូវរក្សាឲ្យឆេះ ដរាបរហូតដល់ចប់ពិធី។ ចំណែកព្រះបញ្ចេក្សេត ព្រះខ័នរាជ លំពែងរបស់តាត្រសក់ផ្អែម និងគ្រឿងអាវុធរងដទៃៗ ទៀត និងសន្លឹកមាស ដែលមានចារិកប្រវត្តិព្រះករុណាដោយសង្ខេប ក៏ត្រូវអញ្ជើញមកតាំងក្នុងព្រះទីនាំងទេវាវិនិច្ឆ័យក្នុងឱកាសនោះរហូតដល់ចប់ពិធីផងដែរ។ ប៉ុន្តែ របស់ដែលមានលក្ខណៈប្លែកក្នុងពិធីនោះ គឺ «ដំបងពេជ្រ» សម្រាប់បណ្តេញខ្មោចបិសាចឲ្យវៀសជៀសឆ្ងាយទៅ។ «ដំបងពេជ្រ» នេះ ធ្វើពីកំពូលត្នោត កួចចុងម្ខាង និងមានសរសេរមន្តអាគមនៅលើសន្លឹកនោះផង។ គេធ្វើដំបងបែបនេះ រាប់រយដើមសម្រាប់ចែកជូនពួកនាម៉ឺនសព្វមុខមន្រ្តី និងភ្ញៀវអ្នកចូលរួមមួយម្នាក់។ លើសពីនេះទៀត ភ្ញៀវត្រូវបានទទួលខ្សែអភិសមរ ១ខ្សែម្នាក់ៗ មកពាក់ឈៀងលើស្មា។ ខ្សែនោះធ្វើដោយអំបោះឆៅ មានចងស្លឹកត្នោតបត់ជា ៤ជ្រុង ចងជា ៥អន្លើ ថែមទាំងសរសេរអក្សរមន្តផង។ វត្ថុទាំងពីរបែបនេះ មានប្រើតែក្នុងព្រះរាជពិធី ត្រស្ដិ សង្ក្រាន្តនេះទេ។ ឯអំបោះក្លុកមានរាងជារង្វេលសម្រាប់ពាក់នៅក្បាល ដែលគេចែកក្នុងពិធីនោះដែរ មិនមែនប្រើចំពោះតែក្នុងពិធីត្រស្ដិ សង្ក្រាន្តនោះទេ។ នៅក្នុងពិធីកំចាត់ចង្រៃ ឬពិធីកោជុកក៏មានប្រើច្រើនដែរ។ របស់ទាំង ៣មុខ គឺអំបោះក្លុក ដំបងពេជ្រ និងខ្សែអភិសមរ គេត្រូវចែកនៅយប់ទី២ នៃពិធី។ យប់នោះ ភ្ញៀវចូលរួមពិធីទាំងអស់ ត្រូវពាក់អំបោះក្លុក ពាក់ខ្សែអភិសមរ និងដំបងពេជ្រគ្រប់គ្នា ហើយអង្គុយស្តាប់ព្រះសង្ឃចំរើនព្រះបរិត្ត ដើម្បីបណ្តេញខ្មោចបិសាច។ សៀវភៅដដែលនេះ បានឲ្យដឹងទៀតថា តាំងពីដើមរៀងមក រហូតមកដល់ឆ្នាំ១៤៨៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងទ្រង់បាញ់កាំភ្លើង ដំបូងជាសញ្ញាដល់ពួកបាញ់កាំភ្លើងធំ ដែលត្រៀមចាំនៅខាងក្រៅវាំង ត្រូវបាញ់បន្តរហូតទាល់ព្រឹក។ នៅព្រឹកថ្ងៃបង្ហើយពិធី ព្រះករុណាទ្រង់យាងស្រង់ព្រះសុគន្ធវារីព្រះពុទ្ធមន្ត យ៉ាងមហោឡារិក ដោយមានក្រុមបារគូថ្វាយស័ង្ខផង។ បន្ទាប់ពីនោះមក ព្រះករុណាស្តេចយាងពន្លត់ទៀនជ័យ ជាមួយសម្តេចព្រះសង្ឃរាជ។ ដល់ល្ងាច ថ្ងៃដដែល ព្រះថេរៈ ដែលចាស់វស្សាជាងគេ ត្រូវនិមន្តបាចសាចទឹកព្រះពុទ្ធមន្ត ពេញព្រះបរមរាជវាំង ដើម្បីកម្ចាត់ឧបទ្រព្យចង្រៃ នៃឆ្នាំចាស់ចេញឲ្យអស់ អំពីផ្ទៃនៃព្រះបរមរាជវាំង។ សព្វថ្ងៃពិធិនេះ គេហៅថា ពិធីសូត្រ ភាណយក្ខ ។ អ្នកសិក្សាពីប្រពៃណី វប្បធម៌ខ្មែរ បានឲ្យដឹងថា ពិធីសាសនា ដែលប្រារព្ធធ្វើក្នុងព្រះបរមរាជវាំងមួយចំនួន គឺយកលំនាំតាមព្រហ្មញ្ញសាសនា និងមួយចំនួនទៀតគោរពតាមព្រះពុទ្ធសាសនា។ លោកសាស្ត្រាចារ្យបណ្ឌិត សួន ឱសថ មានប្រសាសន៍ថា ពិធីត្រស្ដិ សង្ក្រាន្ត ឃើញមានចែងក្នុងគម្ពីទសជាតក តាំងពីសម័យពុទ្ធកាលមកម្លេះ៖ «មានដំណើររឿងនិទានក្នុងជាតក ប៉ុន្តែមិនមែនជាតកក្នុងព្រះត្រៃយបិកតទូទៅនានា ដែលនិយាយពីដំណើរនៃសង្ក្រានតាំងពីសម័យពុទ្ធកាលមក គឺសម្តេចបសេទិកោសល្យ តែងតែបានរៀបចំសង្ក្រាន្ត ដែលប្រព្រឹត្តិទៅតាមប្រពៃណីព្រះពុទ្ធសាសនា»។ លោកបន្តថា ពិធីសំខាន់មួយនៅក្នុងព្រះបរមរាជវាំង ហើយមានលំនាំតាមបែបព្រះពុទ្ធសាសនានោះ គឺពិធីស្រង់ព្រះ និងពិធីពូនភ្នំខ្សាច់ ដែលគេធ្វើធំដំជាងនៅតាមវត្តអារាម នៅខាងក្រៅព្រះបរមរាជវាំង។ អ្នកជំនាញខាងវប្បធម៌ ទំនៀមទម្លាប់ ប្រពៃជាតិ លោក អាចារ្យ វ៉ាយ វិបុល មានប្រសាសន៍ឲ្យដឹងដែរថា អត្ថន័យរៀបចំបុណ្យចូលឆ្នាំថ្មី តាំងពីបុរាណកាលមក ពលរដ្ឋខ្មែរតែងតែគោរពស្រលាញ់ព្រហ្មញ្ញសាសនា ដែលមានជំនឿលើក្បួនហោរាសាស្ត្រ និងការផ្លាស់ប្ដូរទេវតាឆ្នាំថ្មី ហើយទេវតាឆ្នាំថ្មី នាំឱ្យពួកគេមានលាភជ័យ និងសុខទុក្ខតាមជំនឿឆ្នាំនីមួយៗ។ ក្នុងសម័យកាលបន្តមកទៀត ក្នុងរយៈពេលនៃសង្ក្រាន្តចូលឆ្នាំទាំងបីថ្ងៃប្រជាពលរដ្ឋនាំគ្នារៀបចំពិធីប្លែកៗ ពីគ្នាខ្លះ ទៅតាមជំនឿ និងប្រពៃណីតាមតំបន់ផ្សេងៗ ដូចជា នៅថ្ងៃវារៈមហាសង្ក្រាន្ត ដែលជាថ្ងៃទី១ ជាពេលទទួលទេវតាឆ្នាំថ្មី គេនាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃ បង្សុកូលឧទ្ទិសកុសលជូនដល់បុព្វការីជន ញាតិកាដែលបានចែកឋានទៅកាន់ទីបរលោកទៅហើយ។ សង្ក្រាន្តថ្ងៃទី២ ជាវារៈវ័នប័ត គេនាំគ្នាពូនភ្នំខ្សាច់ ដោយនៅពេលល្ងាច គេនាំគ្នាជញ្ជូនខ្សាច់សាងវាលុកចេតិយ នៅជុំវិញវិហារវត្ត ឬជុំវិញដើមពោធិ៍ណាមួយដែលមាននៅក្នុងបរិវេណវត្ត ដើម្បីរំដោះកម្មវេរា។ នៅពេលព្រលប់ គេប្រគេនភេសជ្ជៈដល់ព្រះសង្ឃ និមន្តព្រះសង្ឃចំរើនព្រះបរិត្ត និងសម្ដែងធម៌ទេសនា។ នៅថ្ងៃទីពីរនេះដែរ កូនចៅជូនសម្លៀកបំពាក់នំចំណី ប្រាក់កាសដល់អ្នកមានគុណ មានឪពុកម្តាយជីដូនជីតាជាដើម។ សង្ក្រាន្តថ្ងៃទី៣ ជាថ្ងៃវារៈឡើងស័ក គឺជាពេលដែលកូនចៅប្រុសស្រីធ្វើពិធីស្រង់ព្រះ និងឪពុកម្ដាយរបស់ខ្លួន ដើម្បីជម្រះចោលនូវគ្រឿងសៅហ្មងទាំងឡាយ។ នៅថ្ងៃទីបីនេះដែរ ពេលព្រឹកគេនិមន្តព្រះសង្ឃឆ្លងភ្នំខ្សាច់។ ពេលល្ងាចនិមន្តព្រះសង្ឃស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប។ អ្នកស្រុកខ្លះនិយមអញ្ជើញមាតាបិតា ជីដូនជីតាចាស់ទុំ ម៉ែ ឪ មកងូតទឹកឲ្យ ជាកិច្ចតបស្នងសងគុណចំពោះពួកគាត់ និងបុព្វការីជនរបស់គេផង។ ក្រៅពីពិធីសាសនា ក្នុងរយៈពេលបីថ្ងៃនៃបុណ្យចូលឆ្នាំនេះ មនុស្សម្នាទាំងចាស់ទាំងក្មេង ទាំងកំលោះ ទាំងក្រមុំ ប្រជុំគ្នាលេងល្បែងប្រជាប្រិយផ្សេងៗតាមចំណូលចិត្ត។ ល្បែងដែលគេនិយមលេងជាងគេ គឺល្បែងចោលឈូង ល្បែងបោះអង្គញ់ លាក់កន្សែង រាំវង់ និងល្បែងប្រជាប្រិយខ្មែរពេញនិយមជាច្រើនទៀត។ នៅតំបន់ខ្លះដូចជានៅខេត្តបាត់ដំបង សៀមរាប និងកំពង់ធំ ជាដើម គេនិយមសំដែងរបាំត្រុដិ។ នៅមុនពេលចូលឆ្នាំមកដល់គេនាំគ្នារៀបចំតុបតែងផ្ទះសម្បែង សម្អាតទីធ្លា វត្តអារាម ផ្លូវថ្នល់ ចេតិយ រមណីយដ្ឋាន សង់រានទេវតា និងត្រៀមសម្លៀកបំពាក់ថ្មីៗ ជាដើម។ ពេលចូលឆ្នាំ ពួកគាត់ភាគច្រើន តែងតែមានជំនឿថា ជាឱកាសជម្រះនូវឧបទ្រពចង្រៃនៅឆ្នាំចាស់អោយជ្រះស្រឡះ ដើម្បីទទួលយកអ្វីដែលប្រសើរ ដែលល្អ ជាមួយ ទេវតាឆ្នាំថ្មី ក្នុងក្តីសោមនស្សក្សេមក្សាន្តនិងសុភមង្គល។ ខ្ញុំបាទ សេក បណ្ឌិត និងក្រុមការងារអាស៊ីសេរីទាំងអស់ នៅឯនាយសមុទ្រ ក៏សូមចូលរួមអបអរសាទរឆ្នាំថ្មី ពីចម្ងាយ និងសូមជូនពរដល់លោកអ្នកនាង និងក្រុមគ្រួសារអោយមានសេចក្ដីរីករាយ និងសុភមង្គលក្នុងឆ្នាំនេះ និងក្នុងឆ្នាំខាងមុខៗទៀត។ ប្រសិនបើធ្វើដំណើរទៅកម្សាន្តសប្បាយនៅទីណា ក៏សូមអោយទេវតាឆ្នាំថ្មីជួយថែរក្សាលោកអ្នកនាងឲ្យមានសុវត្ថិភាពល្អតាមផ្លូវ និងមានសេចក្តីសុខគ្រប់ពេលវេលា...សួស្តីឆ្នាំថ្មី!៕
ចុចអានបន្ត:....https://en.wikipedia.org/wiki/Cambodian_New_Year
No comments:
Post a Comment