ជំពូកទី២ : វប្បធម៌សន្តិភាព
មេរៀនទី៤៖ ភាពជាបព្វជិតក្នុងព្រះពុទ្ធសាសនាថេរវាទ
មេរៀនសង្ខេប
ពុទ្ធសាសនាមានពីរផ្នែកគឺ ពុទ្ធសាសនាមហាយាន និងពុទ្ធសាសនាហីនយាន ឬថេរវាទ។ និកាយហីនយាន គោរពប្រតិបត្តិតាមពុទ្ធោវាទព្រះពុទ្ធសមណគោត្តមដែលមានចែងក្នុងគម្ពីរព្រះត្រៃបិដក។
១- ភិក្ខុសង្ឃ និងតួនាទីក្នុងព្រះពុទ្ធសាសនា
កាលបើបានបួសជាសាមណេរ ភិក្ខុ ឬបព្វជិតហើយត្រូវតែគោរពប្រតិបត្តិតាមព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់បានបញ្ញត្តិទុក។ បើបព្វជិតអង្គណាប្រព្រឹត្តខុសនឹងព្រះវិន័យត្រូវទទួលការព្រមានពីសង្ឃតាមកំរិតទោសដែលបានប្រព្រឹត្ត។ បព្វជិតពឹងផ្អែកលើកម្លាំងស្មង ដើម្បីស្វែងរកចង្ហាន់បិណ្ឌបាត។ ការឆាន់ចង្ហាន់របស់ព្រះសង្ឃបានរយៈពេលពីម៉ោង៦ព្រឹក ដល់១២ថ្ងៃត្រង់ប៉ុណ្ណោះ។ តួនាទីចម្បងរបស់ព្រះភិក្ខុសង្ឃ គឺការថែរក្សា និងការពារលិទ្ធិដែលមានចែងក្នុងព្រះពុទ្ធសាសនា។ ព្រះសង្ឃមានតួនាទី ៖
បរិយត្តិធម៌ គឺការសិក្សាជាសំខាន់(គម្ពីព្រះត្រៃបិដក)មានព្រះវិន័យ ព្រះសូត្រ និងព្រះអភិធម្ម។ ប៉ុន្តែបច្ចុប្បន្នការសិក្សានេះប្រែក្លាយជាការសិក្សាភាសាបាលី ប្រែបាលី ធម៌វិន័យ និងវិជ្ជាទូទៅដូចជា ការសិក្សានៅសាលាចំនេះទូទៅដែរ។
បដិបត្តិ គឺយកធម៌វិន័យដែលបានសិក្សាហើយមកបដិបត្តិតាមត្រៃសិក្ខា មានសីល សមាធិ បញ្ញា ពោលគឺស្វែងយល់គោលធម៌ទាំងឡាយដែលជាវិន័យបញ្ញត្តិជាសីល សិក្ខាបទ សំរាប់ភិក្ខុបដិបត្តិ។
ប្រោសសត្វ គឺការយកព្រះធម៌ដែលបានយល់ច្បាស់ ហើយទៅប្រៀនប្រដៅអប់រំដឹកនាំពុទ្ធបរិស័ទឲ្យប្រព្រឹត្តតែអំពើល្អ តាមរយៈការទេសនា។
២- សិក្ខាបទរបស់ព្រះភិក្ខុសង្ឃ
ភិក្ខុដែលជាបព្វជិតពេញលក្ខណៈត្រូវរក្សាសីល៤ឬហៅថាចតុប្បារិសុទ្ធិសីល។ សីលទាំង៤មាន៖
- បាតិមោក្ខសំវរសីល
ភិក្ខុសង្ឃត្រូវសិក្សានិងប្រតិបត្តិជាលំដាប់ដូចខាងក្រោម៖
អនុសាន គឺជាពាក្យប្រៀបប្រដៅសម្រាប់ភិក្ខុទើបបួសថ្មី ដើម្បីឲ្យបានយល់ដឹងនិងប្រតិបត្តិ
- ឥន្ទ្រិយសំវរសីល
ឥន្ទ្រិយសំវរសីល គឺការសង្រួមឥរិយាបថ ឬសង្រួមអាយតនៈខាងក្នុងទាំង៦ មានភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ និងចិត្ត ។
- អាជីវបារិសុទ្ធិសីល
អាជីវបារិសុទ្ធិសីល គឺការរក្សាសីលឲ្យបរិសុទ្ធល្អ តាមរយៈការចិញ្ចឹមជីវិតរបស់បុព្វជិត ដោយមិនធ្វើអំពើខុសពីព្រះវិន័យ ដែលព្រះសាមាសាពុទ្ធបានព្រះបញ្ញាទុក ។
4.បច្ច័យសនិស្សិតសីល គឺការធ្វើសីលឲ្យបរិសុទ្ធតាមរយៈការប្រើប្រាស់បច្ច័យទាំងបួន មានចីវ បិណ្ឌបាត សេនាសនៈ និង គិលានភេសជ្ជៈ ដោយពិចារណាជាមុនសិន មុននឹងប្រើប្រាស់បច្ច័យទាំងនេះ ។
៣- ភិក្ខុនី និងតួនានីក្នុងព្រះពុទ្ធសាសនា
ភិក្ខុនី គឺជាអ្នកបួសភេទស្រីនៃគណៈសង្ឃពុទ្ធសាសនិក ដែលបានឧទ្ទិសជីវិតចំពោះសាសនា រស់នៅក្នុងអាស្រម ឬកុដិ គ្មានកម្មសិទ្ធិផ្ទាល់ខ្លួន និងរក្សាព្រហ្មចរិយធម៌ជាអចិន្រ្តៃយ៍ ។ ភិក្ខុនី ក៏ដូចជាភិក្ខុដែរ គឺចិញ្ចឹមជីវិតដោយការដើរបិណ្ឌបាត ។
នៅប្រទេសកម្ពុជា តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន គេពុំដែលបានឃើញនៅក្នុងព្រះពុទ្ធសាសនាថា មានអ្នកបួសជាស្រី ជាភិក្ខុនី ឬជាសាមណេរី ពិតប្រាកដទេ ប្រសិនបើ អាចមានវិញនោះ គឺអ្នកបួសភេទស្រីហៅថា “ដូនជី ” ដែលច្រើនតែជាមនុស្សដែលមានវ័យចំណាស់ ស្លៀកពាក់ស នោះគឺជាអ្នកកាន់សីលភេទជាគ្រហស្ថ ដែលប្រាថ្នាកាន់សិក្ខាបទព្រះពុទ្ធសាសនាយ៉ាងតឹងរ៉ឹងដោយមិនបាច់បួស ។
៤- សិក្ខាបទសម្រាប់ភិក្ខុនី
ភិក្ខុនី ក៏ដូចភិក្ខុដែរ គឺត្រូវគោរពវិន័យបញ្ញត្តិ ឬបទបញ្ញត្តិផ្សេងៗដែលព្រះសម្មាសម្ពុទ្ធទ្រង់បានចងក្រងទុកមក ដើម្បីធ្វើខ្លួនឲ្យមានភាពបរិសុទ្ធ និងប្រាស់ចាកកំហុសធ្ងន់ធ្ងរ ភិក្ខុនីត្រូវតែគោរព សិក្ខាបទ ទាំង៨ប្រការដូចខាងក្រោម ៖
- ភិក្ខុនី មិនត្រូវបណ្ដែតបណ្ដោយខ្លួនក្នុងមេថុនកម្ម (ការរួមភេទ)
- ភិក្ខុនី មិនត្រូវលួចទ្រព្យសម្បត្តិគេ
- ភិក្ខុនី មិនត្រូវសម្លាប់សត្វ
- ភក្ខុនី មិនត្រូវពោលពាក្យអួតអាងហួសពីការពិត
- ភក្ខុនី មិនត្រូវបណ្ដោយខ្លួនក្នុងការព្រមព្រៀងសេពកាមជាមួយបុរស
- ភិក្ខុនី មិនត្រូវលាក់បាំងកំហុសធ្ងន់ធ្ងររបស់ភិក្ខុនីដទៃ
- ភិក្ខុនី មិនត្រូវទទួលយកការណែនាំរបស់ភិក្ខុដែលត្រូវសង្ឃព្យួរទោស
- ភក្ខុនី មិនត្រូវរំលោភបំពានដោយចេតនាលើសិក្ខាបទទាំងឡាយដោយមានបំណងអាក្រក់ ។
សិក្ខាបទខ្លះ ដែលបានកំណត់សម្រាប់ភិក្ខុនីដូចគ្នានឹងសិក្ខាបទកំណត់ឡើងសម្រាប់ភិក្ខុដែរ ។ សិក្ខាបទទាំងនោះ មានដូចជា ៖
- ភិក្ខុនីមួយអង្គ ត្រូវមានបាត្រតែមួយ
- វត្ថុណាមួយផ្ដល់ឲ្យភិក្ខុនីសម្រាប់គោលដៅណាមួយ គប្បីប្រើប្រាស់វត្ថុនោះ សម្រាប់គោលដៅនោះ ។
- ភិក្ខុនី មិនត្រូវបោះវត្ថុសៅហ្មងនៅលើផ្លូវសាធារណៈ ឬក្នុងស្រែចម្ការទេ
- ភិក្ខុនី មិនត្រូវនិយាយជាមួយនរណាម្នាក់ក្នុងទីងងឹត កន្លែងកៀន ក្រោមពន្លឺព្រះច័ន្ទ
- ភិក្ខុនីពីរអង្គ មិនត្រូវសឹងលើគ្រែជាមួយគ្នាទេ
- ភិក្ខុនី មិនត្រូវអង្គុយនៅចំពោះមុខភិក្ខុ ដោយគ្មានការអនុញ្ញាតពីភិក្ខុទេ
- ភិក្ខុនី មិនត្រូវចេញក្រៅនៅពេលយប់ ។ល។
ព្រះសម្មាសម្ពុទ្ធ ទ្រង់មានបន្ទួលថា កាលណាសិក្ខាបទ សម្រាប់ភិក្ខុនី មានខ្លឹមសារ ដូចគ្នានឹងសិក្ខាបទកំណត់ឡើងសម្រាប់ភិក្ខុ ភិក្ខុនីគប្បីប្រតិបត្តិតាមសិក្ខាបទាំងនោះ ។
សំណួរ
- តើមានលក្ខណៈខុសគ្នាដូចម្តេចខ្លះរវាងបុព្វជិត និងគ្រហស្ថ ?
- តើភិក្ខុសង្ឃមានតួនាទីក្នុងព្រះពុទ្ធសាសនា និងក្នុងសង្គមដូចម្ដេចខ្លះ ?
- តើជីវភាពប្រចាំថ្ងៃរបស់បុព្វជិតក្នុងព្រះពុទ្ធសាសនាថេរវាទ មានអ្វីខ្លះ ?
- ដើម្បីធ្វើខ្លួនឲ្យមានភាពបរិសុទ្ធក្នុងព្រះពុទ្ធសាសនា តើភិក្ខុនី ត្រូវគោរពប្រតិបត្តិសិក្ខាបទអ្វីខ្លះ ?
- តើភិក្ខុសង្ឃដែលបានប្រព្រឹត្តល្មើសនឹងសិក្ខាបទ«អករណីយកិច្ច៤យ៉ាង ឬបរាជិក៤» ត្រូវមានទោសដូចម្ដេច ?
- ក្នុងនាមជាពុទ្ធសាសនិកមួយរូប តើអ្នកដឹកនាំជីវិតអ្នកដោយរបៀបណា ? តើអ្នកប្រកាន់វិន័យយ៉ាងណាខ្លះក្នុងជីវភាពប្រចាំថ្ងៃ ?
- ប្រសិនបើព្រះសង្ឃប្រព្រឹត្តកំហុសឆ្គង តើមានផលវិបាកអ្វីខ្លះសម្រាប់សង្គម ?
No comments:
Post a Comment