សង្ខេប​រឿង​រាមកេរ្តិ៍ចម្លាក់​រឿង​រាមកេរ្តិ៍​នៅ​លើ​ហោជាង​នៅ​ប្រាសាទ​អង្គរវត្ត - Business Buddhism

Website

សង្ខេប​រឿង​រាមកេរ្តិ៍ចម្លាក់​រឿង​រាមកេរ្តិ៍​នៅ​លើ​ហោជាង​នៅ​ប្រាសាទ​អង្គរវត្ត

ចែករំលែកចំណេះដឹង

 

អារម្ភកថា

ថ្ងៃ​មួយ ឥសី​ឈ្មោះ វាល្មីកិ សួរ​ទៅ​ឥសី​ឈ្មោះ នារទៈ ដែល ​ចេះ​ចប់​ត្រៃភេទ​ប្រាជ្ញា​ខាង​វោហារ​ថា ៖ «បពិត្រ​លោក​នារទៈ ! ក្នុង​លោក​នេះ​តើ​នរណា​ជា​វីរបុរស​ប្រកប​ដោយ​គុណធម៌ យុត្តិធម៌ មាន​គតិ​បណ្ឌិត និង​ចរិយា​ថ្លៃថ្នូរ មាន​មុខ​ញញឹម​ស្រស់​ជានិច្ច មាន​ឥទ្ធិឫទ្ធិ​ផ្សាយ​ទូទៅ​ក្នុង​សកលលោក ទោះ​បី​ទេវតា​ក៏​មិន​អាច​បៀតបៀន​បាន ?» ឥសី​ទារទៈ​សម្លឹង​មើល​ត្រៃលោក ហើយ​ឆ្លើយ​ថា ៖

«ឱ​ព្រះមុនី ! ខ្ញុំ​ស្គាល់​ហើយ វីរបុរស​នោះ​គឺ ព្រះរាម ដែល​ជា​បុប្ផា​នៃ​វង្ស​ឥក្សាកុ (ភាសា​បាលី​ថា វង្ស​ឱកាកៈ) ព្រះអង្គ​មាន​ព្រះ​ប្រី​ជា​ញាណ ក្លាហាន វិទ្យាសាស្ត្រ និង​ប្រពៃណី​ដ៏​បរិសុទ្ធ​ត្រកាល​ឥត​ផ្ទឹម​ស្មើ មាន​ព្រះហស្ថ​រឹងមាំ ដើម​ព្រះឱរា​ធំ ព្រះនេត្រ​ចេញ​រស្មី​ផ្លេកៗ ព្រះទ័យ​សប្បុរស ព្រះវិចារណញ្ញាណ​ជ្រាលជ្រៅ​ដូច​មហាសារគរ ជំហរ​រឹងមាំ​ដូច​ភ្នំ​ហេមពាន្ត កម្លាំង​ដូច​ព្រះវិស្ណុ លម្អ​ដូច​ព្រះចន្ទ វិរយ​ដូច​ប្រឹថពី ឬ​នាង​គង្ហីង​ធរណី ទ្រង់​ចេះ​ចប់​ត្រៃវេទ ។

ព្រះបិតា​ព្រះរាម​គឺ​ព្រះបាទ ទសរថ គ្រងរាជសម្បត្តិ​នៅ​នគរ​អយុធ្យា ទ្រង់​មាន​ព្រះ​បំណង​នឹង​បង្វែរ​រាជ្យ​ព្រះរាជ​ទាន​ដល់​ព្រះរាម តែ​ដោយ​នាង កៃកេសី ព្រះទេពី​ទី​បី​​ច្រណែន​ដោយ​ចង់​ឲ្យ ព្រះភិរុត ជា​ឱរស​ព្រះនាង​សោយរាជ្យ​វិញ ក៏​ទ្រង់​បំបរបង់​ព្រះរាម​ចេញ​ចាក​ព្រះនគរ តែ​ ព្រះលក្សណ៍ ជា​ព្រះអនុជ​ និង​​ព្រះនាង​ សិតា ជា​ព្រះអគ្គមហេសី​សុំ​តាម​ទៅ​ផង ។ ព្រះរាម ព្រះលក្សណ៍ និង​ព្រះនាង​សិតា​ក៏​យាង​ទៅ​គង់​នៅ​ក្នុង​ព្រៃ​សីត្រាកុត​ ក្នុង​អស្រម​ប្រកប​ដោយ​ជោគជ័យ ល្អ​ស្មើ​នឹង​ទេវតា ។

ក្នុង​កាល​ក្រោយ​នោះ ដោយ​ហេតុ​ទ្រង់​ព្រះវិតក្ក​ខ្លាំង​ពេក ព្រះទសរថ​ក៏​ទ្រង់​សោយ​ទីវង្គត​ទៅ រាជសម្បត្តិ​បាន​ដល់​ព្រះភិរុត​ជា​ព្រះអនុជ​ទី​ពីរ ប៉ុន្តែ​ព្រះភិរុត​មិន​ព្រម​ទទួល ស្ដេច​ទៅ​អង្វរ​ព្រះរាម​ជា​ព្រះជេដ្ឋា​ឲ្យ​ត្រឡប់​មក​ទទួល​ម្កុដរាជ្យ​វិញ តែ​ព្រះរាម​ទ្រង់​ប្រកែក ទ្រង់​ប្រទាន​តែ​សុពណ៌បាទ​ដល់​ព្រះភិរុត​ជា​ភស្តុតាង​នៃ​អំណាច​ដែល​ទ្រង់​ ព្រះអនុញ្ញាត​ឲ្យ​គ្រង​ព្រះនគរ​ជំនួស​ទ្រង់ រួច​ទ្រង់​ស្ដេច​ចូល​កាន់​ព្រៃ​មួយ​ទៀត​ឈ្មោះ​ទណ្ឌកៈ ។ល។»

ឥសី​នារទៈ​អាន​រឿង​ព្រះរាម​ ចប់​ហើយ ឥសី​វល្មីកិ​ក៏​ឱន​សិរសី​គោរព​ឥសី​នារទៈ ហើយ​ថយ​ចេញ​ឆ្ងាយ​ទៅ​ឈប់​នៅ​ទី​មួយ​ឈ្មោះ​តមសៈ ជា​ទី​ប្រសព្វ​មុខ​ទន្លេ​ទាំង​៥ មាន​ទន្លេ​គង្គា​ជាដើម​និយាយ​ប្រាប់​សិស្ស​ម្នាក់​ដែល​តាម​ទៅ​ផង​ថា ៖ «នែ​ភារទ្វាជៈ ! ចូរ​អ្នក​មើល​ទន្លេ​ជាទីគោរព​នេះ ក៏​មាន​ពន្លឺ​នៅ​នឹង​ថ្កល់​ដូច​អាត្ម័ន​របស់​បណ្ឌិត​ម្នាក់ ចូល​អ្នក​ទៅ​យក​សំពត់​សម្បក​ឈើ​ពី​អាស្រម​ឲ្យ​ខ្ញុំ ហើយ​ឲ្យ​កុណ្ឌី​មួយ​មក​ខ្ញុំៗ​នឹង​មុជ​ក្នុង​ទន្លេ​នេះ ។»

ឥសី​វាល្មីកិ​បាន​ងូត​ទឹក​ដ៏​ថ្លា​ឆ្វង់ លាង​បាប​បាន​សម្រេច​មគ្គផល​ហើយ មុន​នឹង​ចូល​កាន់​អាស្រម​កណ្ដាល​ព្រៃ ឥសី​យាត្រា​តាម​មាត់​ច្រាំង​ទន្លេ​បាន​ឃើញ​ព្រានព្រៃ​ម្នាក់​បាញ់​ធ្នូ​ សម្លាប់​សត្វ​ក្រសារ​ឈ្មោល​មួយ​ដែល​កំពុង​ដើរ​ជាមួយ​នឹង​ក្រសារ​ញី​ ជាគូ ។ វាល្មីកិ​កើត​សង្វេគ​ក៏​ចង​ជា​ពាក្យ​ស្លោក គឺ​ពាក្យ​កាព្យ​និយាយ​ពី​ក្រសារ​និង​ព្រានព្រៃ ។

កាល​ឥសី​វាល្មីកិ​ចូល​ទៅ​ដល់​អាស្រម​ភ្លាម ស្រាប់​តែ​ឃើញ​ព្រះព្រហ្ម​មាន​ភក្ត្រ​បួន ជា​ព្រះអាទិទេព​អ្នក​សាង​លោក មាន​មហិទ្ធិឫទ្ធិ​មក​ប្រតិស្ឋាន​ចំពោះ​មុខ ។ ឥសី​វាល្មីកិ​ក្រោក​ឈរ​បង្អោន​កាយ ផ្គង​កាយ​ផ្គង​អញ្ជលី ហើយ​ថ្វាយ​ទឹក​ និង​អាសនៈ​ដល់​ព្រះព្រហ្ម រួច​អាន​ស្លោក​រឿង​ក្រសារ​នោះ​ចំពោះ​ព្រះភក្ត្រ​ព្រះព្រហ្ម​ថា ៖

ឱ ! អំពើ​នេះ​លាមក​ពិត បណ្ឌិត​ពោល​ថា​បាប​លើស​ខ្នាត
ឱ ! អ្នក​ប្រមាញ់​ចិត្ត​ប្រមាថ ម្ដេច​អ្នក​ពិឃាដ​សត្វ​ក្រសារ ។
សំឡេង​ពិរោះ​ល្អ​ប្រាកដ ឲ្យ​ព្រាត់​ប្រាសចាក​គូ​សង្សារ
អ្នក​បាន​ឈ្មោះ​ថា​មនុស្ស​ចិត្ត​មារ សម្លាប់​ក្រសារ​ដែល​ឥត​ទោស ។

ព្រះព្រហ្ម​បាន​ស្ដាប់​ក៏​ញញឹម ហើយ​ពោល​ថា «ឱ​ព្រះមុនី ! គ្រាន់​តែ​រឿង​ព្រានព្រៃ​បាញ់​ក្រសារ​ស្លាប់ លោក​អាច​ចង​ជា​ពាក្យ​ស្លោក​ពិរោះពិសា​ទៅ​បាន ខ្ញុំ​ឃើញ​ថា លោក​ជា​អ្នក​ប្រាជ្ញ​ខាង​វោហារ ដូច្នេះ​សូម​លោក​ថ្លែង​នូវ​សាវតារ​ និង​ថ្វីដៃ​នៃ​ព្រះរាម​តាម​ដែល​លោក​បាន​ស្ដាប់​ពី​សំណាក់​ឥសី​នារទៈ​មក​នោះ​ ជា​ពាក្យកាព្យ​ឲ្យ​ពិស្ដារ ពិរោះពិសា​ចុះ សូម​លោក​កុំ​ភ្លេច​បរិយាយ​រឿង​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​ដឹង មិន​អី​ទេ​បើ​លោក​ភ្លេច​ខ្ញុំ​នឹង​ជួយ​រឭក​លោក ។ រឿង​ព្រះរាម​នោះ​យូរ​ទៅ​នឹង​ក្រអូប សាយ​សព្វ​ក្រឡា​មហាប្រឹថពី ភ្នំ សមុទ្រ ទន្លេ ឋិតថេរ​នៅ​ដរាប​រលាយ​ទឹក​រលាយ​ដី ។ កាល​រឿង​ព្រះរាម​បាន​ក្រអូប​សាយ​ទៅ​សព្វ​ទិសានុទិស​ហើយ ខ្លួន​លោក​នឹង​បាន​ឋានៈ​ខ្ពស់​បន្ទាប់​ពី​ខ្ញុំ ។»

ពោល​ហើយ ព្រះព្រហ្ម​ក៏​បាត់​មួយ​រំពេច​ទៅ ។ ដើម្បី​គោរព​ដល់​បណ្ដាំ​របស់​ព្រះព្រហ្ម បន្ទាប់​ពី​នោះ ឥសី​វល្មីកិ​បាន​សរសេរ​សាវតារ​ព្រះរាម​ធ្វើ​ជា​គម្ពី​មួយ​ឲ្យ​ឈ្មោះ​ថា “រាមាយណៈ” (ដំណើរ​របស់​អាទិទេព​រ៉ាម៉ា ដែល​​ជា​អវតា​របស់​ព្រះនារាយណ៍ ឬ​វិស្ណុ) ជា​ពាក្យ​ស្លោក​សំស្ក្រឹត​ មាន​ស្លោក​ដល់ ២៤.០០០ ចែក​ជា​វគ្គ​មាន ៥០០ ជា​កណ្ឌ​មាន​ ៦ ជា​មហាកាព្យ​ដ៏​ពិរោះ ជា​ទី​គោរព​រាប់អាន​របស់​ប្រជាជន​ទូទៅ​សព្វ​ទិសានុទិស ។

រឿង “រាមាយណៈ” នៅ​ស្រុក​ខ្មែរ​ត្រូវ​បាន​គេ​ស្គាល់​ថា “រាមកេរ្តិ៍” (កេរដំណែល​របស់​រៀមច្បង) ជា​រឿង​ដែល​មាន​ប្រជាប្រិយភាព​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អក្សរសាស្ត្រ ​ខ្មែរ តាំង​ពី​សម័យ​នគរភ្នំ សម័យ​មហានគរ រហូត​មក​ទល់​នឹង​បច្ចុប្បន្នកាល ។ រាមកេរ្តិ៍​ខ្មែរ​ បាន​ទទួល​យក​ទស្សនៈ​ព្រហ្មញ្ញសាសនា​មក​បកស្រាយ​ក្នុង​បរិបទ​ពុទ្ធសាសនា​ដោយ​ បង្ហាញ​ពី​តុល្យភាព​រវាង​អំពើ​ល្អ និង​អំពើ​អាក្រក់​នៅ​ក្នុង​លោក​យើង​នេះ ពោល​គឺ​មិន​ឲ្យ​មាន​ខាងណា​ខុស​ឬ​ត្រូវ​ឡើយ ។ រឿង​រាមកេរ្តិ៍​ខ្មែរ​មាន​ចំណុច​ជាច្រើន​ខុស​ពី​រឿង​រាមាយណៈ​ឥណ្ឌា​ព្រោះ​ មាន​បញ្ចូល​វគ្គ​ឈុត​ឆាក​​មួយ​ចំនួន​ដែល​គ្មាន​ក្នុង​រាមាយណៈ​ដើម និង​បាន​សង្កត់​ធ្ងន់​ទៅ​លើ​សកម្មភាព​របស់​ហនុមាន និង​នាង​សុវណ្ណមច្ឆា ហើយ​រឿង​នេះ​មាន​ឥទ្ធិពល​ទៅ​លើ​រឿង​រ៉ាម៉ាគេន​របស់​សៀម និង​រឿង​ព្រះរាមព្រះលក្សណ៍​របស់​លាវ ។ ម្យ៉ាងទៀត រាមកេរ្តិ៍​ខ្មែរ​បាន​ឲ្យ​តម្លៃ​ទៅ​លើ​ពាក្យ​ពិត​សច្ចៈ​ជាង​ទំនៀមទម្លាប់​ប្រពៃណី​ ហូរហែ​តាំង​ពី​ដើម​ដល់​ចប់ ដែល​ពាក្យ​ពិត​សច្ចៈ​នេះ​​ជា​ការ​កាន់​គោរព​ជឿ​របស់​ខ្មែរ​ដើម ។

រឿង​រាមកេរ្តិ៍​បាន​ជ្រួតជ្រាប​ទៅ​គ្រប់​ទម្រង់​នៃ​ សិល្បៈ​ខ្មែរ ដូចជា ​កំណាព្យ​ចម្រៀង គំនូរ ចម្លាក់ របាំ និង​ល្ខោន ជាដើម ។ ជាក់​ស្ដែង​គេ​ឃើញ​​មាន​ការ​បង្ហាញ​ឈុត​ឆាក​​ស្ដីពី​រឿង​រាមកេរ្តិ៍​​​តាម​ រយៈ​ របាំព្រះរាជទ្រព្យ ល្ខោនខោល និង​ណាំស្បែក គំនូរ​នៅ​តាម​វត្តអារាម ព្រះបរមរាជវាំង និង​​​ចម្លាក់​នៅ​តាម​ប្រាសាទ​បុរាណ​នានា​ ដូចជា​ប្រាសាទ​បន្ទាយសំរែ ប្រាសាទ​អង្គរវត្ត និង​ប្រាសាទ​មួយចំនួន​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​សៀម​បច្ចុប្បន្ន ។ចម្លាក់​ពពួក​ស្វា​ក្នុង​រឿង​រាមកេរ្តិ៍​នៅ​ប្រាសាទ​អង្គរវត្ត

សេចក្ដី​សង្ខេប​រឿង​រាមកេរ្តិ៍​ខ្មែរ

ខ្សែ​ទី​១

ឥសី​ពិស្វាមិត្រ​បាន​រៀបចម​ហោម​ពិធី​ជា​កិត្តិយស​ដល់​សិស្ស​គឺ ព្រះរាម និង​ព្រះលក្សណ៍ ដែល​បាន​រៀប​ចេះ​ចប់​គម្ពីរវេទ ។

ថ្ងៃ​មួយ​មាន​យក្ស​កាឡា​ខ្លួន​ជា​ក្អែក​យ៉ាង​ធំ ឈ្មោះ​កាកណាសូរ មក​ឆាប​អាស្រម​ឥសី​ខ្ទេចខ្ទី​អស់ ។ ឥសី​ពិស្វាមិត្រ​ខឹង​យ៉ាងខ្លាំង​ហើយ​ក៏​ជប់​ធ្នូសរ​ឲ្យ​ព្រះរាម​បាញ់​ សម្លាប់​កាកណាសូរ ។ ក្រោយ​មក​ក៏​នាំ​ព្រះរាម និង​ព្រះលក្សណ៍​ចូល​រួម​ប្រឡង​លើក​ធ្នូសរ​ព្រះជនក​នៅ​នគរ​មិថិលា ដើម្បី​យក​នាង​សិតា​ ធ្វើ​ជា​មហេសី ។ ក្នុង​ឱកាស​នោះ មាន​បេក្ខជន​ចូលរួម​ជាច្រើន​ដែល​មក​ពី​ភព​ទាំង​បី សូម្បី​តែ​ព្រះឥសូរ​ក៏​មក​នឹង​គេ​ដែរ ក៏​ប៉ុន្តែ​គ្មាន​នរណា​លើក​ធ្នូសរ​រួច​ឡើយ គឺ​មាន​តែ​តួអង្គ​ព្រះរាម​មួយ​គត់​បាន​ទទួល​ជោគជ័យ​ដោយ​លើក​ធ្នូសរ​នោះ​ រួច ។

ពេល​នោះ​ព្រះជនក​រីករាយ​ណាស់​ផ្ដល់​ព័ត៌មាន​នេះ​ថ្វាយ​ទៅ​ព្រះបាទ​ទសរថ ដើម្បី ​យាង​មក​ជា​អធិបតី​ក្នុង​ពិធី​រាជាភិសេក​រវាង​ព្រះរាម និង​នាង​សិតា ។ កាលបើ​ពិធី​អភិសេក​ចប់​សព្វ​គ្រប់​ហើយ ក៏​នាំ​ព្រះរាជបុត្រ និង​ព្រះរាជធិតា​សុណិសា​វិល​ត្រឡប់​ទៅ​កាន់​នគរ​អយុធ្យា​វិញ ។ ពាក់​កណ្ដាល​ផ្លូវ​ក៏​បាន​ជួប​នឹង​យក្ស​កំណាច​មួយ​ឈ្មោះ រាមាសូរ ។ យក្ស​នេះ​បាន​ចោទ​ប្រកាន់​ព្រះរាម​ថា លួច​យក​ឈ្មោះ​រាមបរមសូរ​មក​ដាក់​ធ្វើ​ជា​ឈ្មោះ​ខ្លួន ដូច្នេះ​ត្រូវ​តែ​មក​ក្រាប​បង្គំ​សុំ​ទោស​ទើប​រួច​ខ្លួន ។ ព្រះរាម​ក៏​ផ្ចាញ់​រាមាសូរ​ប្រកប​ដោយ​ជោគជ័យ​ទៀត ។

លុះ​មក​ដល់​នគរ​ ព្រះបិតា​នាម​ទសរថ​មាន​បំណង​លើក​ព្រះរាម​ជា​រាជបុត្រ​ច្បង​ឲ្យ​ឡើង​គ្រោង​រាជ្យ​តាម​ប្រពៃណី​នៃ​ត្រកូល​ក្សត្រ តែ​នាង​កៃកេសី​ជំទាស់​ដោយ​សំអាង​លើ​ពាក្យ​សច្ចៈ​ព្រះទសរថ​បាន​សន្យា​ថា​នឹង​ឲ្យ​បុត្រ​របស់​ព្រះនាង​ឈ្មោះ ភិរុត ឡើង​គ្រង​រាជ្យ​វិញ នៅ​ពេល​ដែល​នាង​ជួយ​ព្រះអង្គ​ក្នុង​សង្គ្រាម​បាន​ឈ្នះ​ព្រះអាទិត្យ ។ ព្រះបាទ​ទសរថ​មាន​បំណង​ចែក​នគរ​ជា​២ ប៉ុន្តែ​ព្រះកៃកេសី​ពុំ​ព្រម ហើយ​ក៏​បណ្ដេញ​ព្រះរាម​ឲ្យ​ទៅ​នៅ​ព្រៃ​១៤​ឆ្នាំ​សឹម​មក​សោយរាជ្យ​វិញ ។ ព្រះលក្សណ៍​ក្រេវក្រោធ​ចង់​ធ្វើ​ឃាដ​នាង​កៃកេសី តែ​ព្រះរាម​ឃាត់ ហើយ​បន្ទាប់​មក​ក៏​ស្ម័គ្រ​តាម​ដង្ហែ​ព្រះរាម និង​ទេពី​សិតា​ទៅ​នៅ​ក្នុង​ព្រៃ ។ ទាំង​បី​អង្គា​នាំ​គ្នា​ចាក​ចេញ​ពី​នគរ​អយុធ្យា​ទៅ​ដល់​កណ្ដាល​ព្រៃ​បាន​ជួប ​នឹង​កូខ័ន ជា​ស្ដេច​ព្រៃ​មាន​រូប​អាក្រក់​តែ​ចិត្ត​ល្អ​ជា ចេះ​ជួយ​រំលែក​ទុក្ខ​ពី​ព្រះរាម ហើយ​ព្រះអង្គ​ទុក​កូខ័ន​នេះ​ជា​បងប្អូន​បង្កើត តែ​មិន​ព្រម​ទទួល​យក​ការ​អារាធនា​ពី​កូខ័ន​ឲ្យ​នៅ​ទីនោះ​ជាមួយ ហើយ​ក៏​ធ្វើ​ដំណើរ​ទៅ​កាន់​ភ្នំ​ចិត្តភូត​ដើម្បី​បួស​ជា​ឥសី ។






No comments:

Post a Comment