មុននឹងតាចឺម ហៀបនឹងស្លាប់ គាត់បានផ្ដល់ដំបូន្មានដល់ចៅចិត្រថា «អត្តាហិ អត្តនោ នាថោ» គឺខ្លួនទីពឹងខ្លួន។ ក្រោយពីឪពុកស្លាប់ ចៅចិត្រ ហាក់បីដូចជាចកនៅក្នុងមហាសមុទ្រឥតកោះឥតត្រើយ ប៉ុន្តែដោយលោកគ្រូពេទ្យស្អាតមានអធ្យាស្រ័យល្អ គាត់ក៏បានជួយឲ្យចៅចិត្របានធ្វើជាកម្មករជីក ត្បូងរបស់លោក ហ្លួង រតនសម្បត្តិ នៅឯស្រុកបប៉ៃលិន។ ថៅកែត្បូងនេះ មានកូនស្រីម្នាក់ឈ្មោះ ឃុន នារី ដែលមានសម្រស់ស្រស់ផូរផង់ និងមានចរិយាមារយាទល្អ ទាស់តែឆ្មើងឆ្មៃបន្តិចតាមចរិតកូនអ្នកមានស្ដុកស្ដម្ភ។ នាងតែងតែពេបជ្រាយឲ្យចៅចិត្រ ប៉ុន្តែយូរៗទៅក៏មានចិត្តខ្លះលើរូបគេ។ ថ្ងៃមួយនោះ ក្រោយពីបានទិញឥវ៉ាន់នៅផ្សារបាត់បំដងរួចហើយ ពួកគេក៏ធ្វើដំណើរត្រលប់ទៅប៉ៃលិនវិញ ចៃដន្យអីស្រាប់តែខូចឡានកណ្ដាលព្រៃ ហើយក៏ត្រូវដេកសម្រាកនៅក្នុងព្រៃនោះតែម្ដង។ គ្រានោះ មានចោរមួយក្រុម បានចូលមកឆក់ប្លន់រថយន្តនេះ មានតែចៅចិត្រទេដែលហ៊ានតតាំងនឹងក្រុមចោរនោះ ចំណែកឯលោកបាឡាត់ស្រុកសង្កែវិញបែរជារត់ពួននៅក្រោមឡានទៅវិញ។ នៅពេលកាំភ្លើងសល់តែមួយគ្រាប់ ចៅចិត្រក៏ដាច់ចិត្តសារភាពស្នេហ៍ទៅនាង ឃុននារី ហើយនាងក៏មានចិត្តស្រលាញ់ចៅចិត្រវិញដែរ។ ក្រោយមក ចៅចិត្រក៏ចេញទៅតតាំងម្ដងទៀត ហើយពេលនោះគ្រាប់កាំភ្លើងរបស់ចោរក៏បាញ់ចំចៅចិត្ររហូតដល់ដួលស្ងាត់មាត់ឈឹងតែម្ដង។
សំណាងណាស់ដែលមានគេមកជួយទាន់ពេល ហើយក៏យកចៅចិត្រទៅព្យាបាលរហូតដល់ជាសះស្បើយ។ ថ្ងៃមួយបាឡាត់ស្រុក បាននាំថៅកែផាន់ មកទិញត្បូងពីលោក ហ្លួងរតនសម្បត្តិ ក្រោយពីនិយាយគ្នារួចហើយ ហ្លួងរតនសម្បត្តិនិងចៅចិត្រក៏នាំថៅកែផាន់ចូលទៅមើលត្បូងនៅក្នុងបន្ទប់ ទុកឲ្យលោកបាឡាត់ស្រុកនៅខាងជាមួយនឹងនាង ឃុននារី។ បន្ទាប់មក បាឡាត់ស្រុកបានចែចង់នាងនិងប្រើពាក្យមិនសមគួរទៅលើនាង ហើយថែមទាំងមើលងាយមើលថោកចៅចិត្រទៀតផង រហូតធ្វើឲ្យនាងមានកំហឹង ចំណែកឯលោកបាឡាត់ស្រុកបានចាប់ដៃទាំងពីររបស់នាងយ៉ាងណែន នាងក៏រើបម្រះ ចៅចិត្រមកដល់ក៏ដាល់បាឡាត់ស្រុកដួលតែម្ដងផ្អើលពេញផ្ទះ។
យប់ឡើងស្រាប់តែមានហេតុការណ៍មួយបានកើតឡើង គឺចោរកម្ម ប្លន់ត្បូងនៅក្នុងផ្ទះលោកហ្លួងរតនសម្បត្តិ ប៉ុន្តែដោយសារភាពក្លាហានរបស់ចៅចិត្រ ទើបធ្វើឲ្យក្រុមចោរទាំងនោះទទួលបរាជ័យ បក្សពួករបស់វាគឺបាឡាត់ស្រុក និងថៅកែផាន់ នេះឯង។
ជាការតបស្នងសងគុណ លោក ហ្លួងរតនសម្បត្តិ ក៏បានផ្ទេរប្រាក់ពាក់កណ្ដាលឲ្យចៅចិត្រ ហើយរៀបចំផ្សំផ្គុំគេជាមួយនាងឃុននារីទៀតផង។
No comments:
Post a Comment