គំនូររឿងរាមកេរ្តិ៍នៅប្រាសាទទាវាវិនិច្ឆ័យ
ផ្ទាំងគំនូររឿងរាមកេរ្តិ៍
ផ្នែកខាងមុខព្រះស្វេតឆត្រ
(សាគូ សាមុត សរសេដោយ ឧុកញ៉ា វាំង ជួនឆ្នាំ១៩០៣)
រៀបរៀងដោយ លោក ឯក ច័ន្ទដារ៉ារិទ្ធ
មន្រ្តីអភិរក្យនៃក្រសួងព្រះបរមរាជវាំង
រូបទី១ ខាងឆ្វេង
នេះកាលព្រះបាទជនកបានរៀបអភិសេក ព្រះរាមជាមួយ
នាងសីតានៅនគរមិថិឡា ៚
ស្តេចក្តីពិស្តា
ព្រះជនកសោយរាជ្យនៅនគរមិថិឡាមានធ្នូមួយយ៉ាងធ្ងន់ព្រះអង្គបានប្រកាសរក អ្នកមានឫទ្ធិខ្លាំងពូកែឲ្យលើកធ្នូនោះរួចព្រះអង្គនឹងរៀបអភិសេកនាងសីតាឲ្យជាមហេសី។ មានស្តេចជាច្រើននគរ នាំគ្នាមកសាកល្បងលើកធ្នូនេះតែគ្មាននរណាម្នាក់លើករួចសោះឡើយ។ ឥសីព្រះវសិភៈនិងឥសីពិស្វាមិត្រក៏បាននាំព្រះរាមមកលើកធ្នូនេះរួចដូចបំណង។ព្រះជនកក៏បានរៀបអភិសេកព្រះរាមជាមួយ នាងសីតាធ្វើជាមហេសីនៅចំពោះព្រះភក្រ្តព្រះបាទទសរថជារាជបិតាហើយក៏វិលទៅនគរព្វយុធ្យាវិញ។
(អត្ថបទកែសម្រួលដោយ សាគូ សាមុត ទំព័រ២៤-២៥ចំណងជើងទី០៩សរសេដោយ ឧកញ៉ា វាំង ជួនឆ្នាំ១៩០៣)
រូបទី២ ខាងស្តាំ
នេះកាលព្រះរាម ព្រះលក្ម្សណ៍បាននាំនាងសីតាយាងចូលអយុធ្យាហើយ
បានប្រយុទ្ជជាមួយយក្យរាមឥសូរនៅពាក់កណ្តាល់ផ្លូវ ៚
ស្តេចក្តីពិស្តា
ក្រោយពិធីអភិសេកព្រះរាមហើយ ព្រះរាមបាននាំព្រះនាងសីតាជាមហេសីយាងចូលនគរ
ព្វយុធ្យាវិញ។លុះដល់ពាក់កណ្តាលផ្លូវក៏បានជួបនឹងយក្សមួយឈ្មោះរាមឥសូរដែលប៉ុនប៉ងដណ្តើម នាងសីតាពីព្រះរាមក៏កើតជាជម្លោះឲ្យមានការប្រយុទ្ធគ្នាកើតឡើងរាមឥសូរដឹងខ្លួនថាមិនអាចឈ្នះព្រះរាម ក៏ប្រគល់ធ្នូរបស់ខ្លួនថ្វាយព្រះរាមៗក៏លើកលែងទោសឲ្យរាមឥសូរ។
(សាគូ សាមុត ទំព័រ២៥ចំណងជើងទី១០ សរសេដោយ ឧុកញ៉ា វាំង ជួនឆ្នាំ១៩០៣)
រូបទី៣ ខាងឆ្វេង
នេះកាលព្រះរាមលាព្រះបិតាចេញទៅបួសនៅក្នុងព្រៃដោយរួមដំណើរជាមួយ
ព្រះលក្ម្សណ៍និងនាងសីតាទៅជាមួយផង ៚
សេចក្តីពិស្តា
លុះព្រះរាម ព្រះលក្ម្សណ៍បានមកដល់នគរហើយ ព្រះបាទទសរថលើកព្រះរាមឲ្យគ្រងរាជ្យស្នងព្រះអង្គ តែខណៈនោះ ព្រះនាងកៃកេសីបានឡើងមកជំទាស់ពុំព្រម ហើយស្នើសុំឲ្យព្រះរាជបុត្ររបស់ព្រះនាងគឺព្រះភិរុតឡើងសោយរាជ្យវិញទៅតាមការសន្យារបស់ព្រះបាទទសរថ។នាងសុំឲ្យបំបរ
បង់ព្រះរាមទៅនៅក្នុងព្រៃគំរប់១៤ឆ្នាំដើម្បីបួសជាឥសី។នាងកោសូរីយាជាមាតាបានយាងទៅឃាត់តែព្រះរាមមិនព្រមស្តាប់សោះ។ព្រះរាម ព្រះលក្ម្សណ៏និងព្រះនាងសីតាបានយាងចូលព្រៃតាមបំណងរបស់នាងកៃកេសីនិងរាជបិតា។ក្សត្រទាំងបីអង្គយាងទៅដល់អាស្រមមហាឥសី រួចបានជួបនឹងកូខ័នជាស្តេចថ្មើរព្រៃដែលបានជួយយកអាសារព្រះអង្គក្នុងការឆ្លងទន្លេយ៉ាងលំបាក។តមកក្សត្រទាំងបីព្រះអង្គយាងទៅដល់ព្រៃមួយនៅខាងនាយទន្លេគង្គា។
(សាគូ សាមុត ទំព័រ២៥ចំណងជើងទី១១ សរសេដោយ ឧុកញ៉ា វាំង ជួនឆ្នាំ១៩០៣)
រូបទី៤ ខាងស្តាំ
នេះកាលក្រុងរាពណ៍ចាប់នាងសីតាទៅនគរលង្កា
តាមផ្លូវ ក្រុងរាពណ៍បានប្រយុទ្ធជាមួយជតាយុ ៚
ស្តេចក្តីពិស្តា
ក្រុងរាពណ៍បាននាំយក្យមហារីកជាក្លើទៅកាន់អាស្រមព្រះរាម ហើយឲ្យមហារីកប្រែកាឡាជាប្រើសមាសបញ្ឆោតនាងសីតា។ពេលនាងសីតាឃើញប្រើស ក៏ចង់បានស្បែកមកក្រាលអង្គុយក៏សុំឲ្យព្រះរាមបាញ់ប្រើសនោះ។ពេលព្រះរាមកំពុងតាមប្រើសនោះ ក្រុងរាពណ៍ក៏កាឡាជាឥសីចូលទៅក្បែរនាងសីតារួចក៏ឆក់យកនាងសីតាដាក់លើរាជរថហោះទៅ។នៅពេលហោះបានបន្តិច ជួបនឹងជតាយុ(ជាសត្វស្លាប)ក៏ច្បាំងគ្នា ក្រុងរាពណ៍ដោះចិញ្ចៀនពីនាងសីតាចោលទៅលើជតាយុបាក់ស្លាបនិងរបួសធ្ងន់ ឯនាងសីតាបានទម្លាក់ស្បៃនិងផ្តាំឲ្យពួកស្វាជួយប្រាប់ព្រះរាមផង។ក្រុងរាពណ៍ទៅដល់នគរលង្កា យកនាងទៅទុកនៅប្រាសាទក្នុងសួនអសោកដោយមានអ្នកបំរើស្រីៗយ៉ាងច្រើន។ពេលក្រុងរាពណ៍ចូលទៅចែចង់នាងសីតា នាងមិនព្រំ ហើយក្រុងរាពណ៍ក៏មិនបង្ខំខ្លាចនាងសម្លាប់ខ្លួន។ពេលក្រុងរាពណ៍ចូលទៅជិតនាងម្តងៗចេះតែក្តៅក្រហាយក្នុងខ្លួនមិនអាចប៉ះពាល់នាងបានឡើយ។
(សាគូ សាមុត ទំព័រ២៧ចំណងជើងទី១៩ សរសេដោយ ឧុកញ៉ា វាំង ជួនឆ្នាំ១៩០៣)
រូបទី៥ ខាងឆ្វេង
នេះកាលហនុមាននិងសុគ្រីពមកថ្វាយបង្គុំព្រះរាម
ហើយសុំព្រះរាមឲ្យជួយច្បាំងនឹងពាលី ៚
សេចក្តីពិស្តា
ព្រះរាមធ្វើដំណើរទៅមុខទៀត ហើយក៏សំរាកក្រោមដើមឈើធំ ពេលនោះមានស្វាសមួយឈ្មោះហនុមានជាស្វាខ្លាំងពូកែ បានបូតស្លឹកឈើទម្លាក់លើព្រះរាម។ព្រះលក្ម្សណ៍បានយកធ្នូបាញ់ តែហនុមានចាប់សរជាប់រហូត។ពេលព្រះរាមដឹងខ្លួនឡើងបានហៅហនុមានឲ្យចុះមក។ហនុមានឃើញព្រះរាមមានកងចក្រនៅនឹងបាតដៃបាតជើងដឹងថាជាអ្នកមានបុណ្យ ក៏ចុះមកគោរព និងសុំនៅធ្វើជាសេនាព្រះរាម។គ្រានោះសុគ្រីពដែលជាឪពុកមាហនុមានបានសុំឲ្យព្រះរាមឲ្យជួយសម្លាប់ពាលី។
(សាគូ សាមុត ទំព័រ២៧-២៨ចំណងជើងទី២១ សរសេដោយ ឧុកញ៉ា វាំង ជួនឆ្នាំ១៩០៣)
រូបទី៦ ខាងស្តាំ
នេះកាលសូគ្រីពច្បាំងនឹងពាលីៗត្រូវព្រះរាមលួចបាញ់ស្លាប់ ៚
សេចក្តីពិស្តា
ព្រះរាមបានឲ្យសុគ្រីពចូលទៅប្រយុទ្ធជាមួយពាលីដែលជាបងនៅលើអាកាស។ព្រះរាមបានផ្លែងសរទៅពាលីចាប់សរបានដាក់លើជើងពានមាសហើយអង្វរសរឲ្យឈប់៧ថ្ងៃសិនដើម្បីរៀបចំពិធីបុណ្យសិន ពេលផ្តាំផ្ញើកូន ចៅ ក្មួយ និងរៀបចំពិធីរួចហើយ សរនោះក៏ស្ទុះមកចាក់ពាលីស្លាប់ទៅ ហើយសរហោះចូលទៅក្នុងបំពង់របស់ព្រះរាមវិញ។
(សាគូ សាមុត ទំព័រ២៧-២៨ចំណងជើងទី២១ សរសេដោយ ឧុកញ៉ា វាំង ជួនឆ្នាំ១៩០៣)
រូបទី៧ ខាងឆ្វេង
នេះកាលហនុមានជួយនាងសីតាកំពង់ធ្វើអត្តឃាតដោយចងកសម្លាប់
ខ្លួននៅដើមឈើក្នុងសួនឧស្យានអសោក ៚
សេចក្តីពិស្តា
នាងសីតានឹកខឹងនឹងក្រុងរាពណ៍ចេះតែមកចែចង់ជាច្រើនដងពេកក៏ចេញទៅចងកនឹងដើមឈើនៅក្នុងសួន។ទើបឡើងលើដើមឈើហើយយកសំពត់ចងកជាប់នឹងមែកឈើ ឯហនុមានក៏លបមើលឃើញនាងសីតាក៏ប្រុងចាំមើល លុះនាងសីតាទំលាក់ខ្លួនចុះពីចុងឈើមក ហនុមានស្ទុះទៅទ្រជើងនាងពីក្រោម រួចទូលប្រាប់នាងសីតាតាមដំណើររឿងសព្វគ្រប់ដោយបង្ហាញជចិញ្ចៀននិងស្បៃឲ្យនាងជឿ។នាងសីតាយំសោក ហើយផ្តាំឲ្យព្រះរាមមកជួយនាងផង។មុនហនុមានត្រឡប់ទៅវិញ ដើរបំផ្លាញសួនអសោកនោះខូចខ្ទេចខ្ទីអស់។
(សាគូ សាមុត ទំព័រ២៩ចំណងជើងទី២៩ សរសេដោយ ឧុកញ៉ា វាំង ជួនឆ្នាំ១៩០៣)
រូបទី៨ ខាងស្តាំ
នេះកាលហនុមានត្រូវឥន្រ្ទជិតចាប់បាន ៚
សេចក្តីពិស្តា
ហនុមានលានាងសីតា លោតបេះបោចបំផ្លាញអស់ផ្លែឈើក្នុងឧទ្យាន សេនាយក្យផ្អើលចាប់។
ហនុមានចាក់ពលយក្យស្លាប់ដួលគរលើគ្នា។ នាងសីតាចេញទៅឃាត់តែហនុមានពុំស្តាប់ព្រះនាងសោះ។សហស្សកុមារជាកូនរាពណ៏ចេញមកចាប់ ប៉ុន្តែហនុមានទាញរាជរថបោកបំបាក់ខ្ទេចរួចក៏សម្លាប់សហស្សកុមារនិងពលសេនាអស់ជាច្រើន។ក្រុងរាពណ៍ចាត់ឲ្យឥន្រ្ទជិតនិងអតិកាយឲ្យចេញមកចាប់។អតិកាយកាឡាខ្លួនយ៉ាងធំ ប៉ុន្តែត្រូវហនុមានលោតទៅធាក់ដូលត្មោលទាំងជំហរ។ឥន្រ្ទជិតថ្លែងសរជានាគចាប់ចងហនុមានបានដូចប្រាថ្នា។
(រឿងរាមកេរ្តិ៍ដោយ លាង ហាប់អាន ទំព័រ១៩)
រូបទី៩ ខាងឆ្វេង
នេះកាលក្រុងរាពណ៍ចាក់ប្រេងដុតហនុមានឆេះយ៉ាងសន្ធោសន្ធៅហនុមាន
ហោះទៅលើអាកាសហើយបេះបោចក្រណាត់ដែលឆេះនោះទម្លាក់មក
ក្រោមឆេះបុរីលង្កាមួយភាគធំ ៚
សេចក្តីពិស្តា
ក្រុងរាពណ៏ ប្រើឲ្យពេជ្ឈឃាដ នាំហនុមានទៅវាយ ប៉ុន្តែធ្វើអ្វីក៏ពុំស្កៀបហនុមានសោះ។ហនុមានប្រាប់ថាបើចង់ឲ្យស្លាប់ស្រួល ត្រូវយកសំពត់ជ្រលក់ប្រេងមករុំជុំវិញខ្លួនវាមួយសែនដុំ រួចយកភ្លើងមកដុត។រាពណ៏ក៏ធ្វើតាមដោយរុំខ្លួនហនុមានពុំជិតសោះ រាពណ៏ខឹងណាស់ ហើយឆក់យកស្បៃរុំកាយនាងបណ្ឌោគីរីទាំងកំហឹងបណ្តាលឲ្យនាងលេចកេរ្តិ៍ខ្មាសកណ្តាលវាល។នៅពេលដុតឆេះហនុមានក៏ស្ទុះហោះ ធ្វើឲ្យភ្លើងធ្លាក់មកឆេះក្រុងលង្កាខ្ទេចខ្ទីអស់។
(រឿងរាមកេរ្តិ៍ដោយ លាង ហាប់អាន ទំព័រ១៩-២០)
រូបទី១០ ខាងស្តាំ
នេះកាលនាងបុញ្ជកាយកាឡាខ្លួនជានាងសីតាស្លាប់បណ្តែតទឹកដើម្បីឲ្យ
ព្រះរាមឃើញ ៚
សេចក្តីពិស្តា
កាលក្រុងរាពណ៏ប្រើនាងបុញ្ញកាយជាកូនពិភេកឲ្យកាឡាខ្លួនជានាងសីតាស្លាប់បណ្តែតទឹកទៅក្បែរព្រះរាមដើម្បីឲ្យព្រះរាមលើកទ័ពដកថយ។
(សាគូ សាមុត ទំព័រ៣០ចំណងជើងទី៣៧ សរសេដោយ ឧុកញ៉ា វាំង ជួនឆ្នាំ១៩០៣)
រូបទី១១ ខាងឆ្វេង
នេះកាលព្រះរាមព្រះលក្ម្សណ៍ ឃើញសពអណ្តែតទឹក ស្គាល់ជាក់ជាព្រះនាងសីតា ស្មានថានាងស្លាប់មែន ក៏ទ្រង់ព្រះកន្សែង៚
សេចក្តីពិស្តា
ព្រះរាម ព្រះលក្ម្សណ៏ឃើញសពព្រះនាងសីតាអណ្តែតទឹកដូច្នេះ ព្រះអង្គទ្រង់ព្រះកន្សែងវិយោគ។ហនុមានសុំយកសពនេះទៅបូជាពិសោធន៍ ដោយចាត់នាយទាហានឲ្យព័ទ្ធជុំ រីឯហនុមានចាំនៅលើអាកាស។ពេលភ្លើងឆេះនាងបញ្ញកាយស្ទុះហោះឡើង ត្រូវហនុមានចាប់បានយកមកថ្វាយព្រះរាម ព្រះរាមឲ្យសុគ្រីពពិចារណា ទើបដឹងថាកូនពិភេកក៏លេងវិញ។ហនុមានជូននាងទៅដល់កណ្តាលផ្លូវ ក៏សាហាយនឹងនាងរហូតមានផ្ទៃពោះ។
(សាគូ សាមុត ទំព័រ៣០-៣១ចំណងជើងទី៣៧ សរសេដោយ ឧុកញ៉ា វាំង ជួនឆ្នាំ១៩០៣)
រូបទី១២ ខាងស្តាំ
នេះកាលព្រះរាម ព្រះលក្ម្សណ៍និងហនុមានធ្វើពិធីបូជាសព
នាងសីតា ៚
សេចក្តីពិស្តា
នេះកាលនាងបុញ្ញកាយត្រូវភ្លើងក៏ស្ទុះហោះរត់ទៅប្រទះនឹងហនុមានៗចាប់នាងបុញ្ញកាយបាន នាំមកថ្វាយព្រះរាមៗចាត់ឲ្យសុគ្រីពសង្កេតមើលទើបដឹងថាជាកូនពិភេក ក៏ទ្រង់លែងទោសឲ្យហនុមានជូននាងទៅវិញ។
(សាគូ សាមុត ទំព័រ៣០-៣១ចំណងជើងទី៣៧ សរសេដោយ ឧុកញ៉ា វាំង ជួនឆ្នាំ១៩០៣)
រូបទី១៣ ខាងឆ្វេង
នេះកាលព្រះរាមប្រើសុគ្រីពឲ្យលើកថ្នល់ឆ្លងសមុទ្រទៅក្រុងលង្កា ៚
សេចក្តីពិស្តា
ព្រះរាមប្រើសូគ្រីពឲ្យរៀបចំធ្វើធ្វើថ្នល់ដោយឲ្យពលស្វាទាំងអស់ទៅជញ្ជូនថ្មដាក់ក្នុងសមុទ្រ។ ពេលនោះសុគ្រីពប្រើហនុមាននិងនិលផាត់ឲ្យជញ្ជូនថ្ម និលផាត់បានទៅជញ្ជូនថ្មមក ឯហនុមាននៅចាំទទួល។ឯពលស្វាក៏ត្រូវជញ្ជូនថ្មទាំងអស់ដែរ។និលផាត់ហោះទៅយកថ្មមកឲ្យហនុមានទំលាក់ឲ្យហនុមានទទួល ហនុមានយកតែដៃមួយ ជើងមួយទទួលថ្ម ឯដៃមួយទៀតលេងបាស្ការ។និលផាត់ខឹងណាស់ឲ្យហនុមានទៅយកថ្មម្តងវិញ ហនុមានទៅយកថ្មបានច្រើនមកទំលាក់លើខ្លួននិលផាត់ៗខឹងក៏កើតមានការទាស់គ្នា។ទើបព្រះលក្ម្សណ៍មកឃាត់មិនឲ្យមានការទាស់គ្នា។
(សាគូ សាមុត ទំព័រ៣១ ចំណងជើងទី៣៩ សរសេដោយ ឧុកញ៉ា វាំង ជួនឆ្នាំ១៩០៣)
រូបទី១៤ ខាងស្តាំ
នេះកាលហនុមានយកព្រះពន្លាព្រះរាមដាក់ក្នុងមាត់ដើម្បីការពារ
ព្រះរាមពីការចាប់របស់វៃយរាពណ៍ ៚
សេចក្តីពិស្តា
នេះកាលពិភេកទួលព្រះរាមថា វៃយរាពណ៏ជាក្មួយក្រុងរាពណ៍នៅនគរបាតាលបានទៅតាំងវិធីស្លថ្នាំសន្តំនៅព្រៃសំសានដើម្បីចាប់ព្រះរាម។ព្រះរាមជ្រាបហើយឲ្យរៀបចំប្រយ័ត្នការ។លុះដល់ថ្ងៃកំណត់ ពិភេកទាយនោះ វេលាយប់ហនុមានកាឡាខ្លួនយ៉ាងធំយកព្រះពន្លាព្រះរាមដាក់ក្នុងមាត់ ហើយឲ្យសេនាចាំយាមខាងក្រៅរហូតដល់ផ្កាយព្រឹករះទើបផុតពីគ្រោះថ្នាក់។
ពេលវៃយរាពណ៍ស្លថ្នាំរួចបានកាឡាខ្លួនជាស្វា ចូលមកបន្លំស្តាប់ការសម្ងាត់ក្នុងកងទ័ពព្រះរាម ក៏ដឹងការទាំងអស់។កាលនោះ វៃយរាពណ៍ទៅផ្លុំកាំភ្លោះកែវបន្លំធ្វើជាផ្កាយព្រឹករះ ពេលនោះទ័ពស្វាស្មានថាផ្កាយព្រឹករះមែនក៏ដេកលក់អស់។ទើបវៃយរាពណ៍សែកមន្តសន្តំហើយចូលទៅបីព្រះរាមក្នុងព្រះពន្លាជ័យបានយកទៅឋានបាតាល។
(សាគូ សាមុត ទំព័រ៣២ ចំណងជើងទី៤៧សរសេដោយ ឧកញ៉ា វាំង ជួនឆ្នាំ១៩០៣)
រូបទី១៥ ខាងឆ្វេង
នេះកាលវៃយរាពណ៍ចាប់ព្រះរាមដាក់ទ្រុង ៚
សេចក្តីពិស្តា
នេះកាលវៃយរាពណ៍លួចយកព្រះរាមបានហើយលីហោះទៅនគរបាតាលរួចដាក់ទ្រុងជាមួយយក្យឈ្មោះវៃយវេតដើម្បីស្ងោរទាំងរស់ ព្រោះវៃយវេតជាអ្នកឃាត់វៃយរាពណ៍មិនឲ្យទៅច្បាំងនឹងព្រះរាម។វៃយរាពណ៍បានបង្គាប់សេនាឲ្យដាំទឹកក្តៅដើម្បីស្ងោរព្រះរាមនិងវៃយវេត។
(សាគូ សាមុត ទំព័រ៣២ ចំណងជើងទី៤៩សរសេដោយ ឧុកញ៉ា វាំង ជួនឆ្នាំ១៩០៣)
រូបទី១៦ ខាងស្តាំ
នេះកាលហនុមានហែកទ្រុងរំដោះយកព្រះរាមចេញ ៚
សេចក្តីពិស្តា
បន្ទាប់ពីហនុមានយកដួងចៃវៃយរាពណ៍បានហើយ ទើបសម្លាប់វៃយរាពណ៍បាន ហើយហនុមានឲ្យវៃយវេតនិងមច្ឆានុព្វទៅរក្សានគរបាតាល។ហនុមានហែកទ្រុងយកព្រះរាមចេញហើយហោះយកព្រះរាមមកដាក់ក្នុងព្រះពន្លាដូចដើមវិញ ដល់ព្រះរាមភ្ញាក់ឡើង ហនុមានបានក្រាបទូលតាមដំណើរ តែព្រះរាមមិនជឿសោះ។
(សាគូ សាមុត ទំព័រ៣៣ ចំណងជើងទី៥៥ សរសេដោយ ឧុកញ៉ា វាំង ជួនឆ្នាំ១៩០៣)
រូបទី១៧ខាងស្តាំ
នេះកាលព្រះរាម បានលើកទ័ពទៅច្បាំងនឹងកុម្ភការណ៍ ៚
សេចក្តីពិស្តា
ក្រុងរាពណ៏ចាត់ប្រើអាមាត្រឲ្យទៅអញ្ជើញកុម្ភការណ៍ជាប្អូនមកជួយសងសឹក។កុម្ភការណ៍និយាយរំលឹកបងថា រឿងហេតុនេះកើតឡើងមកតែពីនាងសូរបនខាទៅចង់ប្រុសខុសក្រមក្រឹត្យ ហើយខុសពីទសមុខលោភតណ្ហាទៅលួចយកព្រះនាងសីតាមកតែប៉ុណ្ណោះ។ក្រុងរាពណ៍និយាយបញ្ចុះបញ្ចូលលួងលោមប្អូនឲ្យស្លុងចិត្តរហូតដល់ព្រមលើកទ័ពចេញទៅច្បាំង។
(រឿងរាមកេរ្តិ៍ដោយ លាង ហាប់អាន ទំព័រ២៦)
រូបទី១៨ ខាងឆ្វេង
នេះកាលព្រះលក្ម្សណ៍ត្រូវលំពែង (មោង្គស័ក្ខ )កុម្ភការណ៌ ៚
សេចក្តីពិស្តា
កាលព្រះរាមប្រើព្រះលក្ម្សណ៍ឲ្យលើកទ័ពទៅច្បាំងនិងកុម្ភការណ៌ ហនុមាននិងអង្គទនាំគ្នាទៅពួនមាត់ទ្វារចូលក្រុងលង្កា ពេលឃើញកុម្ភការណ៌ដើរមកដល់ ហនុមានក៍ប្រយុទ្ធជាមួយកុម្ភការណ៌រហូតដណ្តើមសុគ្រីពបានមកវិញ។ក្រុងរាពណ៍ឲ្យកុម្ភការណ៌ជិះរាជរថទឹមរាជសីហ៍នាំទ័ពចូលច្បាំងនឹងព្រះរាមៗឲ្យព្រះលក្ម្សណ៍ជិះរាចរថទឹមសេះនាំទ័ពចូលទៅច្បាំងកុម្ភការណ៌។ ព្រះលក្ម្សណ៍ត្រូវលំពែង(មោង្គស័ក្ខ)របស់កុម្ភការណ៌រហូតដូលសន្លប់។
(សាគូ សាមុត ទំព័រ៣៤ ចំណងជើងទី៥៨ សរសេដោយ ឧុកញ៉ា វាំង ជួនឆ្នាំ១៩០៣)
រូបទី១៩ ខាងស្តាំ
នេះកាលកុម្ភការណ៌បញ្ឆោតសុគ្រីពឲ្យដកដើមរាំង ហើយកុម្ភការណ៌ក៏
ចាប់សុគ្រីពបាន ៚
ស្តេចក្តីពិស្តា
ព្រះរាមបញ្ជាឲ្យ សុគ្រីព អង្គទ ហនុមាន លើកទ័ពទៅច្បាំងនឹងកុម្ភកាណ៌។កុម្ភកាណ៌បញ្ឆោតឲ្យសុគ្រីពដកដើមរាំងកាល បើសុគ្រីពដករួច កុម្ភកាណ៌សុខចិត្តចាញ់។សុគ្រីពប្រឹងដកដើមរាំងកាលទាល់តែអស់កំលាំង ហើយកុម្ភកាណ៌ចាប់សុគ្រីពបាន។
(សាគូ សាមុត ទំព័រ៣៤ ចំណងជើងទី៥៦សរសេដោយ ឧុកញ៉ា វាំង ជួនឆ្នាំ១៩០៣)
រូបទី២០ ខាងស្តាំ
នេះកាលព្រះរាមឃើញព្រះលក្ម្សណ៍ត្រូវមោង្គស័ក្ខ
របស់កុម្ភកាណ៌ទ្រង់ក៏ព្រះកន្សែង ៚
សេចក្តីពិស្តា
ព្រះរាមឲ្យព្រះលក្ម្សណ៍ជិះរាជរថទឹមសេះនាំទ័ពចូលច្បាំងនឹងកុម្ភកាណ៌។ព្រះលក្ម្សណ៍ត្រូវកុម្ភកាណ៍ចោលនឹងមោងស័ក្ខដួលសន្លប់។
ព្រះរាមឃើញព្រះលក្ម្សណ៍សន្លប់ក៏ទ្រង់ព្រះកន្សែងហើយពិភេកទទួលថាត្រូវព្យាបាលឲ្យមុនព្រះអាទិត្យរះ បើមិនដូច្នោះទេនឹងត្រូវស្លាប់។ព្រះរាមឲ្យហនុមានទៅឃាត់ព្រះអាទិត្យកុំឲ្យរះហើយទៅរកវល្លិជណ្តើរស្វាមកព្យាបាលឲ្យព្រះលក្ម្សណ៍ជាទើបនាំចូលព្រះពន្លាវិញ។
(សាគូ សាមុត ទំព័រ៣៤ ចំណងជើងទី៥៨-៥៩សរសេដោយ ឧុកញ៉ា វាំង ជួនឆ្នាំ១៩០៣)
រូបទី២១ ខាងឆ្វេង
នេះកាលហនុមានហោះទៅឃាត់ព្រះអាទិត្យកុំឲ្យរះដើម្បី
ជួយព្យាបាលព្រះលក្ម្សណ៍ ៚
សេចក្តីពិស្តា
ពិភេកហោរាទូលព្រះរាមថា តែព្រះអាទិត្យរះឡើងកាលណាព្រះលក្ម្សណ៍នឹងក្ស័យ។ព្រះរាម
ឲ្យហនុមានទៅរកថ្នាំផ្សុំឲ្យព្រះលក្ម្សណ៍ ប៉ុន្តែនៅខ្វះថ្មរ័តន៍មួយដុំទៀតនៅក្រុងលង្កា ទើបព្រះរាមប្រើហនុមានហោះទៅឃាត់ព្រះអាទិត្យកុំអាលឲ្យរះ ហើយហនុមានរកថ្មរ័តន៍បានមកឲ្យពិភេកផ្សុំថ្នាំបង្កាត់មុខលំពែងរួចហើយព្រះរាមនាំព្រះលក្ម្សណ៍នូវសេនាយោធពលវិលទៅព្រះពន្លាជ័យវិញ។
(សាគូ សាមុត ទំព័រ៣៤ ចំណងជើងទី៥៨-៥៩សរសេដោយ ឧុកញ៉ា វាំង ជួនឆ្នាំ១៩០៣)
រូបទី២២ ខាងឆ្វេង
នេះកាលកុម្ភកាណ៌ច្បាំងជាមួយព្រះរាម ព្រះលក្ម្សណ៍ ៚
សេចក្តីពិស្តា
ក្រុងរាពណ៍បានបញ្ជាឲ្យកុម្ភកាណ៌លើកទ័ពមកច្បាំងនឹងព្រះរាមដោយជិះរាជរថទឹមរាជសីហ៍។
ហនុមានទៅកាឡាខ្លួនជាស្រីសួគ៌មករាំពីមុខកុម្ភកាណ៌ឲ្យដាច់ពិធី។កុម្ភកាណ៌លើកទ័ពចូលច្បាំងដោយជិះរាជរថទឹមរាជសីហ៍ឯព្រះរាមជិះរាជរថទឹមសេះផ្លែងសរព្រហ្មមាសត្រូវកុម្ភកាណ៌ស្លាប់ពេលនោះទៅ។
(សាគូ សាមុត ទំព័រ៣៤ ចំណងជើងទី៥៥,៦២សរសេដោយ ឧុកញ៉ា វាំង ជួនឆ្នាំ១៩០៣)
ផ្ទាំងគំនូររឿងរាមកេរ្តិ៍
ផ្នែកខាងលើឈាងខាងត្បូងនិងខាងជើងព្រះស្វេតឆត្រ
រូបទី២៣ ខាងស្តាំខាងត្បូងផ្នែកខាងត្បូងព្រះស្វេតឆត្រ
នេះកាលមហារីកកាឡាខ្លួនជាប្រើសសមាសដើម្បីបញ្ឆោតព្រះរាម
ហើយក្រុងរាពណ៍ក៏ចាប់ នាងសីតាហោះទៅលង្កា ៚
សេចក្តីពិស្តា
ក្រុងរាពណ៍បាននាំយក្យមហារីកដែលជាក្លើទៅកាន់អាស្រមព្រះរាមហើយឲ្យមហារីកប្រែកាឡាខ្លួនជាប្រើសមាសបញ្ឆោតនាងសីតា។ពេលនាងសីតាឃើញប្រើសក៏ចង់បានស្បែកយកមកក្រាលអង្គុយក៏សុំឲ្យព្រះរាមបាញ់ប្រើសនោះ។ពេលព្រះរាមកំពុងតាមប្រោសនោះក្រុងរាពណ៍ក៏កាឡាខ្លួនជាឥសីចូលទៅក្បែរនាងសីតារួចក៏ឆក់នាងដាក់លើរាជរថហោះយកទៅ។ចូលទៅក្បែរនាងសីតារួចក៏ឆក់នាងសីតាដាក់លើរាជរថហោះយកទៅ។
(សាគូ សាមុត ទំព័រ២៦-២៧ ចំណងជើងទី១៩ សរសេដោយ ឧុកញ៉ា វាំង ជួនឆ្នាំ១៩០៣)
រូបទី២៤ ខាងឆ្វេងផ្នែកខាងត្បូងព្រះស្វេតឆត្រ
នេះកាល នាងសីតាឲ្យព្រះលក្ម្សណ៍ចេញទៅជួយព្រះរាម ៚
សេចក្តីពិស្តា
កាលព្រះរាមបាញ់សម្លាប់ប្រើសមាសកាឡាខ្លួននោះហើយ ព្រលឹងអសុរៈនោះ ក៏ក្លែងជាសម្លេងស្រែកដង្ហើយហៅព្រះលក្ម្សណ៍ឲ្យចេញទៅជួយ។នាងសីតាឮច្បាស់ជាសម្លេងរបស់ព្រះស្វាមី ក៏បង្ខំព្រះលក្ម្សណ៍ចេញទៅតាម។ខណៈនោះដែលព្រះល្ម្សណ៍យាងចេញផុតពីអាស្រម ក្រុងរាពណ៍កាឡាជាឥសីហើយចាប់ នាងសីតាហោះទៅក្រុងលង្កាបាត់ទៅ។
(សាគូ សាមុត ទំព័រ២៦-២៧ ចំណងជើងទី១៩ សរសេដោយ ឧុកញ៉ា វាំង ជួនឆ្នាំ១៩០៣)
រូបទី២៥ ខាងឆ្វេង ខាងជើងព្រះស្វេតឆត្រ
នេះកាលហនុមានចែចង់ស្នេហាជាមួយនាងបញ្ញាកាយដែលជាកូនពិភេក ៚
សេចក្តីពិស្តា
ព្រះរាម ព្រះលក្ម្សណ៍ឃើញសពនាងសីតាអណ្តែតទឹកព្រះអង្គក៏ទ្រង់ព្រះកន្សែងវិយោគ។ហនុមានសុំយកសពនេះទៅបូជាពិសោធន៍ដោយចាត់នាយទាហានយាមព័ទ្ធជុំវិញ រីឯហនុមានចាំនៅលើអាកាស។ពេលភ្លើងឆេះ នាងបុញ្ញកាយហោះឡើងត្រូវហនុមានចាប់បានយកមកថ្វាយព្រះរាម។ព្រះរាមឲ្យសុគ្រីពពិចារណាដឹងថាជាកូនពិភេកក៏ដោះលែងទៅវិញ។ហនុមានជូននាងទៅដល់កណ្តាលផ្លូវក៏សាហាយនឹងនាងរហូតមានផ្ទៃពោះ។
(សាគូ សាមុត ទំព័រ៣០-៣១ ចំណងជើងទី៣៨ សរសេដោយ ឧុកញ៉ា វាំង ជួនឆ្នាំ១៩០៣)
រូបទី២៦ ខាងស្តាំ ផ្នែកខាងជើងព្រះស្វេតឆត្រ
នេះកាលជំពូពានបំផ្លាញពិធីឥន្រ្ទជិត ៚
សេចក្តីពិស្តា
នេះកាលឥន្រ្ទជិតទៅតាំងពិធីនៅក្រោមដើមនីរូចន្ទី ពិភេគហោរាក្រាបទួលព្រះរាមៗជ្រាបហើយប្រើជំពូពានទៅបំផ្លាញពិធីឥន្រ្ទជិត។ជំពូពានកាឡាខ្លួនជាខ្លាឃ្មុំខាំមែកឈើទំលាក់លើឥន្រ្ទជិតៗក៏ដាច់ពិធី។
(សាគូ សាមុត ទំព័រ៣៥ ចំណងជើងទី៦៥ សរសេដោយ ឧកញ៉ា វាំង ជួនឆ្នាំ១៩០៣)
ផ្ទាំងគំនូររឿងរាមកេរ្តិ៍
ផ្នែកខាងលើព្រះស្វេតឆត្រ
រូបទី២៧ លើព្រះស្វេតឆត្រខាងលិច
នេះកាលព្រះរាម ព្រះលក្ម្សណ៍៍ចម្បាំងនឹងគុជគីរីវ័ននិងគុជគីរីធ្ធរដែល
ជាកូនក្រុងរាពណ៍៚
សេចក្តីពិស្តា
មានយក្យពីរជាកូនក្រុងរាពណ៍គឺគជគិរីវ័ននិងគជគិរីធរដែលមានច្រមុះជាប្រមោយដំរីនៅឯឋានបាតាលដឹងថាក្រុងរាពណ៍មានចម្បាំងជាមួយនឹងព្រះរាមក៏លាអស្សកាន្ទដែលជាឪពុកធម៌ឡើងមកគាល់ក្រុងរាពណ៍ដែលជាបិតា។ក្រុងរាពណ៍បានឲ្យនាងមន្ទោគិរីតាំងសិល្ប៍បង្កើតជាពលនិងប្រស់ពលដែលស្លាប់ឲ្យរស់ឡើងវិញ។ហនុមានកាឡាខ្លួនជាក្រុងរាពណ៍ទៅដឹកដៃនាងមន្ទោគិរីពីរោងពិធី ទៅចែចង់ហើយឲ្យជម្ពូពាននិងនិលនន្ទបំផ្លាញកន្លែងពិធីនោះចោល។ព្រះលក្ម្សណ៍ផ្លែងសរសម្លាប់គជគិរីវ័ននិងគជគិរីធរស្លាប់ ឯក្រុងរាពណ៍វិលចូលនគរវិញ។
(សាគូ សាមុត ទំព័រ៤១-៤២ ចំណងជើងទី១១២,១១៦សរសេដោយ ឧកញ៉ា វាំង ជួនឆ្នាំ១៩០៣)
រូបទី២៨ លើស្វេឆត្រខាងកើត
នេះកាលព្រះរាម ព្រះលក្ម្សណ៍ច្បាំងនឹងយក្យអស្សកាន្ទ ៚
សេចក្តីពិស្តា
យក្យមួយឈ្មោះអស្សកាន្ទនៅនគរចក្រវាឡជាសម្លាញ់នឹងក្រុងរាពណ៍ដឹងថាក្រុងរាពណ៍ស្លាប់ក៏លើកទ័ពមកច្បាំងនឹងព្រះរាម។អស្សកាន្ទជិះរាជរថចូលមកប្រយុទ្ធជាមួយព្រះរាម ព្រះលក្ម្សណ៍។ហនុមានហោះទៅប្រយុទ្ធនឹងអស្សកាន្ទលើរាជរថរហូតបាក់រាជរថអស់ ហើយព្រះរាមផ្លែងសរត្រូវអស្សកាន្ទស្លាប់ទៅ។
(សាគូ សាមុត ទំព័រ៤៤ ចំណងជើងទី១៣២,១៣៣សរសេដោយ ឧកញ៉ា វាំង ជួនឆ្នាំ១៩០៣)
រូបទី២៩ លើព្រះស្វេតឆត្រខាងជើង
នេះកាលអង្គត ហនុមាននិងពលស្វាចងថ្នល់ទៅនគរលង្កា ៚
សេចក្តីពិស្តា
ព្រះរាមចាត់ឲ្យសុគ្រីពទៅពិនិត្យនិងរៀបចំធ្វើថ្នល់កាត់សមុទ្រទៅនគរលង្កា ដោយឲ្យពលស្វាទាំងអស់ជញ្ជូនថ្មទៅទំលាក់ក្នុងសមុទ្រ។និលផាត់បានទៅជញ្ជូនថ្មមក ឯហនុមានយកដៃម្ខាងទទួលថ្ម ឯដៃម្ខាងទៀតរវល់លេងបាស្កា ធ្វើឲ្យនិលផាត់ខឹងនឹងហនុមានៗក៏ទៅជញ្ជូនថ្មម្តង។ហនុមានជញ្ជូនថ្មជាច្រើនទម្កាក់លើនិលផាត់ ធ្វើឲ្យនិលផាត់ខឹងយ៉ាងខ្លាំងកើតជាការឈ្លោះគ្នាឮដល់ព្រះលក្ម្សណ៍ៗក៏មកឃាត់ទើបឈប់ឈ្លោះគ្នា។
(សាគូ សាមុត ទំព័រ៣១ ចំណងជើងទី៣៩ សរសេដោយ ឧុកញ៉ា វាំង ជួនឆ្នាំ១៩០៣)
រូបទី៣០ ខាងលើព្រះស្វេតឆត្រខាងត្បូង
នេះកាលហនុមានចាប់បាននាងសុវណ្ណមច្ឆាហើយ
ចាប់ចិត្តមេត្រីស្នេហាជាមួយនាង ៚
សេចក្តីពិស្តា
មានស្តេចត្រីមួយឈ្មោះនាងសុវណ្ណមច្ឆាដែលមួយកំណាត់ខ្លួនខាងលើជាមនុស្ស ឯមួយកំណាត់ខ្លួនខាងក្រោមជាត្រី បាននាំពលត្រីមកជញ្ជូនថ្មដែលដាក់ឃាំងសមុទ្រនោះចេញវិញ។ហនុមានឃើញបាត់ថ្មច្រើន ក៏ចុះទៅមើលក្នុងសមុទ្រ ឃើញនាងសុវណ្ណមច្ឆាក៏ចាប់ហើយស្រឡាញ់គ្នារហូតដល់នាងនាំពួកត្រីទាំងឡាយឲ្យជួយពាំថ្មមកដាក់វិញ។នាងសុវណ្ណមច្ឆាមានផ្ទៃពោះជាមួយហនុមានរហូតដល់កើតជាកូនមួយមានខ្លួនជាស្វាកន្ទុយជាត្រីដាក់ឈ្មោះថាមច្ឆានុព្វ។ស្តេចយក្យឈ្មោះវៃយរាពណ៍បានសុំមច្ឆានុព្វពីនាងសុវណ្ណមច្ឆាទៅធ្វើជាកូនធម៌ដោយយកទៅនៅជាមួយនៅឋានបាតាល។
(សាគូ សាមុត ទំព័រ៤១ ចំណងជើងទី៣៩ សរសេដោយ ឧុកញ៉ា វាំង ជួនឆ្នាំ១៩០៣)
ផ្ទាំងគំនូររឿងរាមកេរ្តិ៍
ផ្នែកខាងក្រោយព្រះស្វេតឆត្រ
រូបទី៣១ ខាងឆ្វេង
នេះកាល នាងសីតាយាងចូលព្រះនគរវិញបន្ទាប់ព្រះរាមបានសម្លាប់
ក្រុងរាពណ៍ហើយ ៚
សេចក្តីពិស្តា
បន្ទាប់ពីក្រុងរាពណ៏ស្លាប់ហើយ ពិភេកនិងមហោធរដង្ហែរនាងសីតា នាងមន្ទោគិរីនិងនាងអគ្គីនាគទៅថ្វាយព្រះរាមនៅឯព្រះពន្លា។លុះដល់ហើយនាងទាំងបីអង្គថ្វាយបង្គំព្រះរាម។ព្រះរាមមិនព្រមទទួលនាងសីតាព្រោះទៅនៅនគរយក្យអស់រយៈពេល១២ឆ្នាំ ព្រះរាមសង្ស័យក្រែងនាងសីតាមិនស្មោះនឹងព្រះអង្គ។
(សាគូ សាមុត ទំព័រ៤៤ចំណងជើងទី១២៨ សរសេដោយ ឧុកញ៉ា វាំង ជួនឆ្នាំ១៩០៣)
រូបទី៣២ ខាងស្តាំ
នេះកាល នាងសីតាដើរជាន់ភ្លើងនៅចំពោះមុខព្រះរាម ៚
សេចក្តីពិស្តា
ព្រះរាមឲ្យនាងសីតាដើរលុយភ្លើងពិសោធន៍មើល ពេលនោះព្រះឥន្រ្ទហោះនាំស្រីសួគ៌ចុះមក។នាងសីតាដើរលុយក្នុងភ្លើង ស្រាប់តែមានផ្កាឈូកមាសដុះឡើងទ្រជើងនាងមិនឲ្យក្តៅ។ស្រីសួគ៌ទាំងអស់នាំគ្នារាំរបាំអបអរនាងសីតា ទើបព្រះរាមយកនាងសីតាធ្វើជាព្រះមហេសីវិញ។
(សាគូ សាមុត ទំព័រ៤៤ចំណងជើងទី១២៩ សរសេដោយ ឧុកញ៉ា វាំង ជួនឆ្នាំ១៩០៣)
រូបទី៣៣ ខាងឆ្វេង
នេះកាល នាងសីតាយាងទៅស្រង់ទឹកស្រះហើយបានជួបព្រលឹងយក្ខិនីអាតុល័យកាឡាខ្លួនជាស្រីស្នំព្រះនាងដើម្បីសងសឹក ៚
សេចក្តីពិស្តា
គ្រាមួយ ព្រះរាមយាងទៅប្រពាតព្រៃ ឯនាងសីតាទុកនៅក្នុងនគរ។ពេលនោះមានបិសាចយក្យមួយឈ្មោះអាតុល័យជាត្រកូលក្រុងរាពណ៍ តំណែងខ្លួនធ្វើជាស្រីស្នំចូលទៅអង្វរនាងសីតាឲ្យគូររូបក្រុងរាពណ៍ឲ្យនាងបានឃើញ។ពេលនាងសីតាគូរហើយលុបមិនជ្រះសោះ ព្រះរាមយាងមកវិញឃើញរូបនោះក៏ខ្ញាល់យ៉ាងខ្លាំង ដោយចោទថានាងសីតានៅស្រឡាញ់ក្រុងរាពណ៍ ហើយបញ្ជាឲ្យព្រះលក្ម្សណ៍យកនាងសីតាទៅសម្លាប់ចោល។ពេលនោះនាងកំពុងមានផ្ទៃពោះ ពេលដែលព្រះលក្ម្សណ៍លើកព្រះខ័នកាប់ ស្រាប់តែក្លាយជាកម្រងផ្កា ព្រះលក្ម្សណ៍ក៏ឈប់សម្លាប់នាង ហើយឲ្យនាងចាកចេញទៅ។ពេលព្រះលក្ម្សណ៍ត្រឡប់មកវិញ ឃើញសត្វទ្រាយមួយស្លាប់ ក៏វះយកថ្លើមមកថ្វាយព្រះរាមទត។ (សាគូ សាមុត ទំព័រ៤៩ចំណងជើងទី១៥៨ សរសេដោយ ឧកញ៉ា វាំង ជួនឆ្នាំ១៩០៣)
រូបទី៣៤ ខាងឆ្វេង
នេះកាលព្រះរាមឲ្យហនុមានទៅតាម នាងសីតានៅឋានភុជង្គនាគ ៚
សេចក្តីពិស្តា
នាងសីតាបានទៅស្នាក់នៅឯឋានទៅស្នាក់នៅជាមួយស្តេចភុជង្គនាគនាឋានបាតាល។ព្រះរាមប្រើហនុមានឲ្យទៅតាមរកនាងសីតា។ពេលជួបហើយ ហនុមានអង្វរនាងយ៉ាងណាក៏នាងមិនស្តាប់ហើយស្តីជេរហនុមានថែមទៀត។ហនុមានត្រឡប់មកជួបព្រះរាមវិញ។
(សាគូ សាមុត ទំព័រ៥២ ចំណងជើងទី១៧៥ សរសេដោយ ឧកញ៉ា វាំង ជួនឆ្នាំ១៩០៣)
រូបទី៣៥ ខាងស្តាំ
នេះកាលព្រះឥសូរទៅជួប នាងសីតានៅឋានភុជង្គនាគ
សុំឲ្យនាងជួបជុំព្រះរាមវិញ ៚
សេចក្តីពិស្តា
ព្រះរាម ព្រះលក្ម្សណ៍នាំសេនាទាំង១៨ វិលចូលនគរអយុធ្យាវិញ។ឯព្រះឥសូរនៅឯឋានកៃលាសប្រើទេវតា៤អង្គឲ្យយករាជរថទៅអញ្ជើញព្រះរាម ព្រះលក្ម្សណ៍ ព្រះភិរុត ព្រះសុត្រុតពីនគរអយុធ្យាទៅយាងនាងសីតាពីឋានពិភពនាគមកប្រជុំគ្នានៅឋានកៃលាស។
(សាគូ សាមុត ទំព័រ៥៣ ចំណងជើងទី១៨៥ សរសេដោយ ឧកញ៉ា វាំង ជួនឆ្នាំ១៩០៣)
រូបទី៣៦ ខាងស្តាំ
នេះកាលព្រះឥសូឲ្យពរព្រះរាមនិងព្រះនាងសីតាឲ្យជាព្រះរាមហេសីដូចដើមវិញ ៚
សេចក្តីពិស្តា
ព្រះឥសូរនិយាយលួងលោមនាងសីតារហូតដល់នាងសុខចិត្តព្រមជានឹងព្រះរាមវិញ។ព្រះឥសូរប្រទានពរដល់ព្រះរាមនិងនាងសីតាដែលបានជួបជុំគ្នាដូចដើមវិញ។ព្រះរាម ព្រះលក្ម្សណ៍ ព្រះភិរុត ព្រះសុត្រុតលាព្រះឥសូរនាំនាងសីតាវិលចូលនគរអយុធ្យាវិញ។
(សាគូ សាមុត ទំព័រ៥៣ ចំណងជើងទី១៨៦-៨៧ សរសេដោយ ឧកញ៉ា វាំង ជួនឆ្នាំ១៩០៣)
ចប់
ឯកសារយោង
រឿងរាមកេរ្តិ៍ សរសេដោយ ឧកញ៉ា វាំង ជួនឆ្នាំ១៩០៣កែរសម្រួលដោយសាគូ សាមុត
(អត្ថបទកែសម្រួលដោយ សាគូ សាមុត )
ទំព័រ២៤-២៥ចំណងជើងទី០៩, ១០, ១១
ទំព័រ២៧ចំណងជើងទី១៩ ,២១
ទំព័រ២៩ចំណងជើងទី២៩
ទំព័រ៣០-៣១ចំណងជើងទី៣៧, ៣៩
ទំព័រ៣២ ចំណងជើងទី៤៧ ,៤៩
ទំព័រ៣៣ ចំណងជើងទី៥៥
ទំព័រ៣៤ ចំណងជើងទី៥៨
ទំព័រ៣៤ ចំណងជើងទី ៥៥ ,៥៦, ៥៨-៥៩, ៦២
ទំព័រ២៦-២៧ ចំណងជើងទី១៩
ទំព័រ៣០-៣១ ចំណងជើងទី៣៨
ទំព័រ៣៥ ចំណងជើងទី៦៥
ទំព័រ៤១-៤២ ចំណងជើងទី១១២,១១៦
ទំព័រ៤៤ ចំណងជើងទី១៣២,១៣៣
ទំព័រ៣១ ចំណងជើងទី៣៩
ទំព័រ៤១ ចំណងជើងទី៣៩
ទំព័រ៤៤ចំណងជើងទី១២៨, ១២៩
ទំព័រ៤៩ចំណងជើងទី១៥៨
ទំព័រ៥២ ចំណងជើងទី១៧៥
ទំព័រ៥៣ ចំណងជើងទី១៨៥ ,១៨៦-៨៧
(រឿងរាមកេរ្តិ៍ដោយ លាង ហាប់អាន ទំព័រ១៩-២០;២៦)
No comments:
Post a Comment