ការផ្សាព្វផ្សាយព្រះធម៌បានឈានដល់ដំណាក់កាលទី៤ ឬ Buddhist Propagation 4.0
គឺការធ្វើឲ្យមានការទទួលបានព្រះធម៌ជាសកល ដែលមានវិវឌ្ឍនាការពីដំណាក់កាលមុនៗ
គឺការសូត្រចាំមាត់ (ទី១) ការចារជាគម្ពីរដីកា (ទី២)
និងការធ្វើគម្ពីរដីកាឲ្យជាឌីជីថល (ទី៣) ។ នៅក្នុងសម័យកាលនេះ
ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបទាន់សម័យកាល គឺជារឿងចាំបាច់ (ទី៤) ។
បណ្ដាញទំនាក់ទំនងសង្គមកំពុងតែពេញនិយាយ សម្រាប់មនុស្សទូទៅគ្រប់មជ្ឈដ្ឋាន ។
ធម្មទូតធម្មកថិក
ឬអ្នកផ្សព្វផ្សាយព្រះធម៌ត្រូវតែដើរឲ្យទាន់នូវរលកនៃបម្លាស់ប្តូរឬបម្រែបម្រួលទំនាក់ទំនងសង្គម
ពីទំនាក់ទំនងផ្ទាល់ (face-to-face communication)
ទៅជាទំនាក់ទំនងប្រយោលតាមអនឡាញ (online communication) ។
បើប្រជាជនគេដើរទៅមុខ ហើយព្រះសង្ឃបែរជាដើរថយក្រោយទៅ២៥០០ឆ្នាំមុន
ស្ថាប័នសាសនាប្រាកដជាត្រូវនៅឯកោ និងនៅដាច់ដោយឡែកពីសង្គមជាក់ជាមិនខាន ។
ម្យ៉ាងទៀត វាហួសសម័យទៅហើយដែលសួរថា តើព្រះសង្ឃគួរប្រើប្រាស់បណ្ដាញសង្គមឬអត់ ។
សំណួរដែលត្រឹមត្រូវហើយទាន់សភាពការណ៍គឺគួរតែសួរថា
តើព្រះសង្ឃគួរប្រើប្រាស់បណ្ដាញសង្គមបែបណាឲ្យមានប្រសិទ្ធភាពខ្ពស់
ក្នុងការផ្សព្វផ្សាយព្រះធម៌ ។ ការសួរថា ព្រះសង្ឃគួរតែប្រើរបស់ទំនើបឬទេ
ក៏ដូចជាហួសសម័យដែរ ។ របស់របរគ្រាន់តែជាគ្រឿងប្រើប្រាស់ជួយសម្រួលដល់ការរស់នៅ
និងកិច្ចការងារផ្សេងៗដែលត្រូវការរបស់អស់ទាំងនោះ ។ នៅប្រទេសជឿនលឿន
សម្បត្តិត្រឹមទូរស័ព្ទអាយហ្វូន (iPhone) ភ្នែកពីរភ្នែកបី
គ្មាននរណាទៅចាប់អារម្មណ៍ទេ ។
ផ្ទុយទៅវិញ នៅប្រទេសដែលមានប្រជាជននៅមានជីវភាពនៅមានកម្រិតដូចកម្ពុជា
គេតែងតែវាយតម្លៃមនុស្សទៅលើរបស់ប្រើប្រាស់ខាងក្រៅ ។ ក្នុងកាលៈទេសៈបែបនេះ
អ្នកបួសត្រូវប្រើវាប្រកបដោយសតិសម្បជញ្ញៈ
មិនសម្ញែងមិនលុះក្នុងអំណាចនៃតណ្ហាក្រាស់ពេក ។ ដូច្នេះ
ព្រះឧបជ្ឈាយ៍ឬពហុស្សូតទាំងឡាយមិនគួររិះគន់លោក
ដោយសារការប្រើប្រាស់បណ្ដាញសង្គមឬសម្ភារទំនើបទេ
គួរតែជួយអប់រំលោកឲ្យប្រើប្រាស់យ៉ាងណាឲ្យបានសមរម្យជាសមណភេទ
និងបានជាប្រយោជន៍ដល់ព្រះពុទ្ធសាសនានិងពុទ្ធបរិស័ទ ។
នៅក្នុងសម័យកូវីដ១៩នេះទៀតសោត ដែលតម្រូវឲ្យមានការរក្សាគម្លាតសង្គម
បណ្ដាញសង្គមរឹតតែចាំបាច់ណាស់ទៅទៀត សម្រាប់ព្រះសង្ឃខ្មែរ
ក៏ដូចជាព្រះសង្ឃអន្តរជាតិ ដើម្បីផ្សព្វផ្សាយព្រះធម៌ និងផ្តល់សេវាកម្មសាសនា
ដល់ពុទ្ធបរិស័ទ ។ ពិតណាស់ បណ្ដាញសង្គមនេះគឺត្រូវការប្រើប្រាស់សម្ភារទំនើប
ទើបអាចភ្ជាប់ទំនាក់ទំនងបានល្អ និងមានប្រសិទ្ធភាពខ្ពស់ ។
តាមការតាមដានការប្រើប្រាស់បណ្ដាញសង្គមគឺហ្វេសប៊ុក
យើងខ្ញុំព្រះករុណាសង្កេតឃើញថា
ព្រះសង្ឃធម្មកថិកនិងព្រះសង្ឃធ្វើការងារសង្គមជាច្រើនបានប្រើប្រាស់វា
ដើម្បីផ្សព្វផ្សាយសកម្មភាព និងធ្វើសកម្មភាពសាសនាផ្សេងៗ
តាមរយៈការឡាយផ្ទាល់ជាធម្មសាកច្ឆា និងការបង្ហោះវីដេអូ រូបភាពឯកសារ
និងអត្ថបទមានប្រយោជន៍ផ្សេងៗ ។ តាមការត្រួតពិនិត្យលើចំនួនអ្នកតាមដាន
(followings) អ្នកចូលចិត្ត (likes) លើទំព័រហ្វេសប៊ុក (pages)
យើងខ្ញុំព្រះករុណាសូមធ្វើការជ្រើសរើសពិសេសនូវព្រះសង្ឃល្បីៗចំនួន ១៣
អង្គសិនដែលមានប្រជាប្រិយភាពជាងគេ ក្នុងឆ្នាំ២០២០នេះ ។
ដូច្នេះសូមព្រះតេជព្រះគុណញាតិញោមបងប្អូនតាមដានទាំងអស់
ថាតើលោកមានអ្នកតាមដានប៉ុន្មាននាក់ អ្នកចូលចិត្តប៉ុន្មាននាក់
និងថាតើលោកធ្វើសកម្មភាពអ្វីខ្លះនៅលើបណ្ដាញសង្គមហ្វេសប៊ុក
គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២០នេះ ។
០១. ព្រះភិក្ខុធម្មសេនា ហាក់ សៀងហៃ
https://www.facebook.com/Hak-Sienghai-815337198488902
បង្កើតទំព័រហ្វេសប៊ុកនៅថ្ងៃទី៨ ខែវិច្ឆកា ឆ្នាំ២០១៤
ព្រះអង្គមានអ្នកតាមដានចំនួន៖ ១៥.៥១១ នាក់ និងអ្នកចូលចិត្តចំនួន៖ ១៥.៤៤៥
នាក់ ។ ព្រះអង្គជាអតីតសមណនិស្សិតពីប្រទេសស្រីលង្កា
បច្ចុប្បន្នជាស្ថាបនិកនិងប្រធានអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា
ហៅកាត់ថា ពអក ដែលមានទីតាំង៖ ភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង
ខេត្តបាត់ដំបង ។
ព្រះអង្គសកម្មច្រើននៅលើបណ្ដាញសង្គម
ដោយឃើញមានការបង្ហោះចែករំលែកជាប់ស្ទើររាល់ថ្ងៃ
ប៉ុន្តែភាគច្រើនព្រះអង្គចែករំលែកការបង្ហោះរបស់ទំព័រហ្វេសប៊ុកអង្គការពអក
ដែលមានអ្នកតាមដានចំនួន៖ ៤៤៦.៣៦១ និងអ្នកចូលចិត្តចំនួន៖ ៣៨១.១៣៦ ។
ព្រះអង្គក៏មានប្រជាប្រិយណាស់ដែរនៅលើបណ្ដាញសង្គមហ្វេសប៊ុក
ដែលព្រះតេជព្រះគុណញាតិញោមបងប្អូនតែងតាមដាន
ដែលភាគច្រើននៅទំព័រហ្វេសប៊ុករបស់អង្គការពអក ។
ដូច្នេះសកម្មរបស់ពអកបង្ហាញពីសកម្មរបស់ព្រះអង្គផ្ទាល់
តាមរយៈការអប់រំសីលធម៌ប្អូនៗសិស្សានុសិស្ស
និងការផ្ដល់អំណោយទានសង្គ្រោះដល់ជនទីទាល់ក្រនិងជនចាស់ជរាជាដើម ។
ព្រះអង្គជាព្រះសង្ឃខ្មែរដែលអាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញផងដែរ
ហើយបានបង្រៀនធម៌ជាភាសាអង់គ្លេស ដល់ព្រះសង្ឃក្នុងវត្ត
និងឡាយផ្ទាល់តាមហ្វេសប៊ុកទៀតផងតាមរយៈកម្មវិធី «ព្រះធម៌អង់គ្លេស» ឬ Dhamma
in English ។ ពិសេសជាងនេះ ក្នុងសម័យកូវីដ១៩នេះ ព្រះអង្គ (ពអក)
បានសហការជាមួយទំព័រហ្វេសប៊ុក៖ ធម្មិកជីវិត Dhammika Life
ធ្វើកម្មវិធីផ្សព្វផ្សាយព្រះធម៌ជាភាសាអង់គ្លេស
ផ្សាយផ្ទាល់តាមបណ្ដាញសង្គមផងដែរ ។
០២. ព្រះវិបុលវេទី ពេញ វិបុល (ឥន្ទធម្មញាណ)
https://www.facebook.com/VibolPenh.PUC
បង្កើតទំព័រហ្វេសប៊ុកនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧
ព្រះអង្គមានអ្នកតាមដានចំនួន៖ ២១.៨០៥ នាក់ និងអ្នកចូលចិត្តចំនួន៖ ១៩.៧៨២
នាក់ ។ ព្រះអង្គជាព្រះរាជាថ្នាក់កិត្តិយស និងជាព្រះធម្មធរគណរាជធានីភ្នំពេញ
គង់នៅវត្តបទុមវតី ។
ព្រះអង្គជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា (PUC)
ជាសាកលវិទ្យាល័យឯកជនដ៏ល្បីល្បាញមួយ និងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
រាជធានីភ្នំពេញ ។
តាមការត្រួតពិនិត្យទំព័រហ្វេសប៊ុក ព្រះអង្គមិនសូវជាសកម្មប៉ុន្មានទេ ។
នៅថ្ងៃទី១១ ខែមករា ព្រះអង្គបានធ្វើការឡាយវីដេអូដែលមានរយៈពេលជាង ២៧ នាទី
ដើម្បីសម្ដែងធម៌អំពីគុណប្រយោជន៍នៃការធ្វើធុតង្គ ។ នៅថ្ងៃទី២៩ មករា
ព្រះអង្គបានបង្ហោះវីដេអូខ្លីគួរឲ្យចាប់អារម្មណ៍ ក្នុងនាទីសមណនិស្សិត និង
និស្សិត ប្រធានបទ៖ គុណតម្លៃសីលធម៌ក្នុងសង្គម ។ រំលងទៅដល់ថ្ងៃទី ៣០ មីនា
ព្រះអង្គបានចែលរំលែកវីដេអូរបស់ទូរទស្សន៍បាយ័ន
ដែលព្រះអង្គនិមន្តធ្វើជាវាគ្មិន ក្រោមប្រធានបទ៖ វិស័យព្រះពុទ្ធសាសនា
នៅអំឡុងការរីករាលដាលមេរោគ Covid-19 ។ នៅថ្ងៃទី ២១ មេសា
ព្រះអង្គបានចូលរួមក្នុងកម្មវិធីផ្សាយផ្ទាល់
សំណួរចម្លើយដោះស្រាយចម្ងល់និស្សិត នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា
ជាមួយលោកតាបណ្ឌិត កុល ផេង ។ នៅថ្ងៃទី៧ មិថុនា
ព្រះអង្គបាននិមន្តចូលរួមក្នុងកម្មវិធីពុទ្ធសាសនារបស់ពុទ្ធិកសមាគមព្រះសង្ឃខ្មែរ-សហរដ្ឋ
ក្រោមប្រធានបទ៖ សិល្បៈនៃសុភមង្គល (The Art of Happiness) ជាភាសាអង់គ្លេស ។
ជាញឹកញាប់ ព្រះអង្គផ្ដល់បទសម្ភាសន៍ដល់វិទ្យុផ្កាឈូកផងដែរ ។
នៅលើផ្នែករឿងរ៉ាវរបស់យើង ឬ Our Story
នៃទំព័រហ្វេសប៊ុករបស់ព្រះអង្គមានដាក់បង្ហាញទស្សនៈរបស់ព្រះអង្គផ្ទាល់គួរឲ្យចាប់អារម្មណ៍មួយគឺ
«ចេះដោះទុក្ខអ្នកដទៃ ទុក្ខផ្ទាល់ខ្លួននុះន័យនឹងរសាត់» ។
០៣. ព្រះសង្ឃាភិរ័ត ភិន វុទ្ធី (ភទ្ទបិណ្ឌិតោ)
https://www.facebook.com/Phin-Vouthy-ភិន-វុទ្ធី-1049463651806906/
បង្កើតទំព័រហ្វេសប៊ុកនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦
ព្រះអង្គមានអ្នកតាមដានចំនួន៖ ២២.៩៨៧ នាក់ និងអ្នកចូលចិត្តចំនួន៖ ២០.៥៥៥
នាក់ ។ ព្រះសង្ឃាភិរ័ត ភិន វុទ្ធី ជាព្រះរាជាគណៈថ្នាក់កិត្តិយស
(តាមនាមខាងដើម) ជាព្រះគ្រូចៅអធិការវត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ
និងជាថ្នាក់ដឹកនាំស្ថានីយ៍វិទ្យុពន្លឺត្រៃរតន៍ (តាកែវ ត្បូងឃ្មុំ
និងព្រះសីហនុ) ដែលមានព្រះធម្មវិជ្ជា ជួន កក្កដា ជាសហធម្មិក ។ បច្ចុប្បន្ន
ព្រះអង្គមានវត្តមាននៅវត្តខ្មែរសាមគ្គីសន្តិការាម រដ្ឋម៉ាសាឈូសេត
(Massachusetts) សហរដ្ឋអាម៉េរិក ។
វីដេអូសកម្មភាពនៅលើទំព័រហ្វេសប៊ុករបស់ព្រះអង្គ
គឺភាគច្រើនជាការផ្សាយផ្ទាល់នូវធម្មទេសនាតាមកម្មវិធីបុណ្យនានា
និងការផ្សាយផ្ទាល់របស់វិទ្យុពន្លឺត្រៃរតន៍ ។
ព្រះអង្គត្រូវបាននិមន្តឲ្យចូលជាវាគ្មិនក្នុងនាទី៖ ទស្សនព្រះពុទ្ធសាសនា
និងសង្គម ប្រធានបទ៖ កម្មក្កិលេស (សិង្គាលកសូត្រ) (១១ ឧសភា) និងប្រធានបទ៖
គុណវិបត្តិនៃការដើរខុសកាលរឿយៗ (សិង្គាលកសូត្រ) (២៥ ឧសភា)
របស់ពុទ្ធិកសមាគមព្រះសង្ឃខ្មែរ-សហរដ្ឋអាម៉េរិក ។
០៤. ព្រះតេជព្រះគុណ បណ្ឌិត ហុក សាវណ្ណ
https://www.facebook.com/venhoksavann.phd
បង្កើតទំព័រហ្វេសប៊ុកនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥
ព្រះតេជព្រះគុណបណ្ឌិតមានអ្នកតាមដានចំនួន៖ ៣២.៩៩៥ នាក់
និងអ្នកចូលចិត្តចំនួន៖ ៣២.២០៧ នាក់ ។
ព្រះតេជព្រះគុណបណ្ឌិតជាអតីតសមណនិស្សិតថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យដែល្លី
ប្រទេសឥណ្ឌា ។ ព្រះអង្គបានកសាងវត្តខ្មែរកាណាដា នៅទីក្រុងម៉ុងរេអាល់
និងបានបើកសាលាបង្រៀនអក្សរសាស្ត្រជាតិ សិល្បៈខ្មែរ ដល់កុមារា-កុមារី
ជាច្រើនឆ្នាំ ក្នុងគោលដៅបណ្ដុះបណ្ដាល «ទំពាំងស្នងឫស្សី»
ឲ្យមានឧត្តមគតិរក្សាតម្លៃជាតិមាតុភូមិ ។
ព្រះតេជព្រះគុណបណ្ឌិតគង់នៅទីនោះជាអចិន្ត្រៃយ៍ ។
នៅទីនោះព្រះអង្គបានរៀបរៀងសៀវភៅធម៌ជាច្រើនក្បាលទៀតផង ។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក
ព្រះតេជព្រះគុណបណ្ឌិតធ្លាប់សរសេរជាអត្ថបទវិភាគព្រះធម៌និងបញ្ហាសង្គមនិងនយោបាយ
នៅលើទំព័រហ្វេសប៊ុករបស់ព្រះអង្គជាប្រចាំ ។
ប៉ុន្តែបច្ចុប្បន្នព្រះតេជព្រះគុណបណ្ឌិតបានធ្វើការផ្សាយផ្ទាល់ប្រចាំថ្ងៃតែម្ដង
ដើម្បីស្របតាមនិន្នាការអ្នកប្រើប្រាស់ ។
ព្រះតេជព្រះគុណបណ្ឌិតបានតែងនិពន្ធនិងរៀបចំថតចម្រៀងព្រះពុទ្ធសាសនាបានជាច្រើនបទផងដែរ
។ ព្រះតេជព្រះគុណបណ្ឌិតមានគេហទំព័រផ្ទាល់ខ្លួន៖ http://www.hoksavann.org ។
០៥. ព្រះគ្រូចុល្លនាគវិជ្ជា ឆន ម៉ៅមេត្តា (មេត្តារក្ខិតោ)
https://www.facebook.com/ven.chhanmaometta
បង្កើតទំព័រហ្វេសប៊ុកនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥
ព្រះគ្រូមានអ្នកតាមដានចំនួន៖ ៣៨.៦២១ នាក់ និងអ្នកចូលចិត្តចំនួន៖ ៣៣.២៣៩
នាក់ ។ ព្រះអង្គនៅវត្តឯឡការាម (ពពែក្រោម) រាជធានីភ្នំពេញ ។
ព្រះគ្រូជាព្រះប្រធានអង្គការមេត្តា ដែលធ្វើសកម្មភាពសប្បុរសធម៌ផ្សេងៗ
មានការចែកទានដល់ជនទីទល់ក្រនិងជនចាស់ជរាគ្មានទីពឹងជាដើម
និងជាអគ្គនាយកវិទ្យុមេត្តា FM 96.70 MHz ។
នៅទំព័រហ្វេសប៊ុករបស់ព្រះគ្រូ
ភាគច្រើនជាការចែករំលែកខ្សែវីដេអូធម្មទេសនាពីបណ្ដាញយូធូប
និងការផ្សាយផ្ទាល់ពីស្ថានីយវិទ្យុមេត្តា FM 96.70 MHz
និងការផ្សាយផ្ទាល់ធម្មទេសនាតាមកម្មវិធីបុណ្យផ្សេងៗ ។
០៦. ព្រះភិក្ខុអត្តគារវតោ ឡុង សុភាព
https://www.facebook.com/Long-Sopheap-313328802190800
បង្កើតទំព័រហ្វេសប៊ុកនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤
ព្រះអង្គមានអ្នកតាមដានចំនួន៖ ៤៦.៦៧០ នាក់ និងអ្នកចូលចិត្តចំនួន៖ ៣៣.៤៦២
នាក់ ។ ព្រះអង្គជាព្រះធម្មកថិកមានឈ្មោះល្បីមួយអង្គ គង់នៅវត្តសំពៅមាស
រាជធានីភ្នំពេញ ។
ព្រះអង្គសកម្មណាស់នៅលើបណ្ដាញសង្គម ដោយមានការផ្សាយផ្ទាល់ពីវត្ត
ពីស្ថានីយវិទ្យុ ពីរោងបុណ្យ និងពីលើឡានតាមផ្លូវ
និងការបង្ហោះរូបភាពផ្សេងៗជាប្រចាំជារៀងរាល់ថ្ងៃ ។
ព្រះអង្គក៏ជាធម្មវាគ្មិនផ្សព្វផ្សាយព្រះធម៌តាមវិទ្យុសំឡេងព្រះធម៌
FM102.70MHz ជាប្រចាំ ដែលមានព្រះធម្មវិបស្សនា ម៉ុន សាយ ជាអគ្គនាយក
ដែលត្រូវបានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់ព្រះអង្គផងដែរ ។
យើងសង្កេតឃើញថា
ចំនួនអ្នកតាមដាននិងចំនួនអ្នកចូលចិត្តទំព័រហ្វេសប៊ុករបស់ព្រះអង្គមានគម្លាតគ្នាឆ្ងាយរហូតដល់ចំនួនជាង
១០០០០ នាក់ ។ តាមរយៈការតាមដានសកម្មភាពលើទំព័រហ្វេសប៊ុករបស់ព្រះអង្គ
យើងអាចសន្និដ្ឋានបានថា ចំនួនអ្នកតាមដានជាច្រើនគឺជាពួកមកពីបក្សនយោបាយមួយ
ដែលគេមើលឃើញថាជាបក្សប្រឆាំងសាសនា
ដែលតាមវាយប្រហារព្រះអង្គរាល់ពេលដែលព្រះអង្គធ្វើការផ្សាយផ្ទាល់ម្ដងៗ ។
ដូច្នេះក្រៅពីការសម្ដែងធម៌ដល់ញាតិញោមទូទៅ ព្រះអង្គត្រូវទូន្មានពួកនេះផងដែរ ។
០៧. ព្រះភិក្ខុធម្មាលង្ការោ ចាន់ សុជន
https://www.facebook.com/ven.chansochun
បង្កើតទំព័រហ្វេសប៊ុកនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៤
ព្រះអង្គមានអ្នកតាមដានចំនួន៖ ៧៥.៥៧៧ នាក់ និងអ្នកចូលចិត្តចំនួន៖ ៦៣.១៤៥
នាក់ ។ ព្រះអង្គជាស្ថាបនិកនិងជាព្រះចៅអធិការវត្តប្រាសាទស្រះកណ្តាល
(ខ្ចាស់) ខេត្តបន្ទាយមានជ័យ ។ ព្រះអង្គជាអតីតសមណនិស្សិតពីប្រទេសស្រីលង្កា
ជាព្រះធម្មកថិក ជាវាគ្មិនប្រកបដោយទេពកោសល្លមួយអង្គ
និងជាអ្នករៀបរៀងសៀវភៅធម៌ខ្លីៗផងដែរ ។
ព្រះអង្គក៏ជាព្រះប្រធានស្តីទីសមាគមធម្មកថិកកម្ពុជាផងដែរ ។
ទំព័រហ្វេសប៊ុករបស់ព្រះអង្គក៏សកម្មណាស់ដែរ
ដែលភាគច្រើនជាសកម្មភាពភិក្ខុសាមណេរប្រតិបត្តិកិច្ចវត្តព្រឹកល្ងាច
និងសមណសិស្សសិក្សារៀនសូត្រជាដើមដែលផ្សាយចេញពីវត្តខ្ចាស់
ដែលមានទិដ្ឋភាពជាពុទ្ធបូជនីយដ្ឋានគួរជាទីជ្រះថ្លា ។
ព្រះអង្គបង្កើតវីដេអូអប់រំខ្លីៗឬ «គតិធម៌អប់រំ» ហើយបង្ហោះលើទំព័រហ្វេសប៊ុក
ដែលមានអ្នកគាំទ្រនិងចែកចាយបន្តច្រើនផងដែរ ។
ធម្មទេសនារបស់ព្រះអង្គតែងភ្ជាប់ដោយគំនិតបំផុសឲ្យមានស្មារតីស្នេហាជាតិ
និងការឈឺឆ្អាលរឿងសង្គម និងបញ្ហាប្រតិបត្តិក្នុងព្រះពុទ្ធសាសនា ។
ព្រះអង្គមានគេហទំព័រផ្ទាល់ខ្លួន៖ http://www.chansochun.org ។
០៨. ព្រះធម្មវិបស្សនា ម៉ុន សាយ
https://www.facebook.com/MunSay.Radio
បង្កើតទំព័រហ្វេសប៊ុកនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨
ព្រះអង្គមានអ្នកតាមដានចំនួន៖ ៨៨.២៧១ នាក់ និងអ្នកចូលចិត្តចំនួន៖ ៧៤.៩០៦
នាក់ ។ ព្រះធម្មវិបស្សនា ម៉ុន សាយ ជាព្រះរាជាគណៈថ្នាក់ចត្វា ជាព្រះធម្មកថិក
ជាអនុប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា
និងជាអគ្គនាយកវិទ្យុសំឡេងព្រះធម៌ FM102.70MHz
វិទ្យុព្រះពុទ្ធសាសនាទូទាំងប្រទេស ។
ព្រះអង្គក៏ជាមគ្គទេសក៍ដឹកនាំធម្មយាត្រាទៅកាន់ដែនដីពុទ្ធភូមិ
ប្រទេសឥណ្ឌា-នេប៉ាល់ ភូមា និងស្រីលង្កាផងដែរ ។
ទំព័រហ្វេសប៊ុករបស់ព្រះអង្គមានអ្នកតាមដានច្រើន និងមានសកម្មភាពជាប្រចាំ ។
សកម្មភាពលើទំព័រហ្វេសប៊ុកភាគច្រើនគឺការផ្សាយផ្ទាល់ធម្មទេសនារបស់ព្រះអង្គពីរោងបុណ្យនានា
និងការផ្សាយផ្ទាល់នូវការផ្សាយរបស់វិទ្យុសំឡេងព្រះធម៌ ។
យើងឃើញមានការបង្ហោះវីដេអូសកម្មភាពមនុស្សធម៌
ចែកទេយ្យទានដល់ជនទីទាល់ក្រតាមនិគមជនបទជាញឹកញាប់ផងដែរ ។
០៩. ព្រះភិក្ខុ លួន សុវ៉ាត
https://www.facebook.com/sovathluon
បង្កើតទំព័រហ្វេសប៊ុកនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣
ព្រះអង្គមានអ្នកតាមដានចំនួន៖ ១៥០.២២០ នាក់ និងអ្នកចូលចិត្តចំនួន៖ ១០១.៨៣៩
នាក់ ។ កាលពីឆ្នាំ ២០១២ ព្រះភិក្ខុ លួន សុវ៉ាត
បានទទួលរង្វាន់អ្នកការពារសិទ្ធិមនុស្សអន្តរជាតិឈ្មោះ Martin
Ennels Award ដ៏ល្បីល្បាញ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ។
តាមការត្រួតពិនិត្យទំព័ររបស់លោកឃើញថា
សកម្មភាពភាគច្រើនក្នុងមួយរយៈចុងក្រោយនេះគឺផ្តោតលើការអភិវឌ្ឍសង្គមដូចជាការកសាងផ្លូវថ្នល់
ការដាំដើមឈើ ការកសាងកុដិសាលា ការកសាងពាងទឹក
ការកសាងបន្ទប់ទឹកនិងបង្គន់អនាម័យ នៅក្នុងវត្តស្លែង នៅខេត្តសៀមរាប
ជាស្រុកកំណើតរបស់ព្រះអង្គ
ដោយការរៃអង្គាសប្រាក់ពីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ។
ព្រះអង្គធ្លាប់ធ្វើសកម្មភាពផ្សព្វផ្សាយព័ត៌មានសង្គមយ៉ាងសកម្មផងដែរ ។
១០. ព្រះគ្រូធម្មាចារ្យ ផលធរោ ផុន ភក្តី
https://www.facebook.com/phunpheakdey2017
បង្កើតទំព័រហ្វេសប៊ុកនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៥
ព្រះគ្រូធម្មាចារ្យមានអ្នកតាមដានចំនួន៖ ១៥២.៨០២
និងអ្នកចូលចិត្តចំនួន១៣៧.៧៧១ ។ ព្រះគ្រូធម្មាចារ្យគង់នៅបទុមវតី
រាជធានីភ្នំពេញ ។
ទំព័រហ្វេសប៊ុករបស់ព្រះគ្រូធម្មាចារ្យហាក់ពុំសូវសកម្មប៉ុន្មានទេ
ដោយឃើញមានការបង្ហោះលើកចុងក្រោយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០
ហើយភាគច្រើនគឺជាការចែករំលែកបន្តពីគណនីហ្វេសប៊ុក Phun Pheakdey (ផុន ភក្តី)
ដែលមានការបង្ហោះលើកចុងក្រោយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ។
ទំព័រហ្វេសប៊ុកនេះមានអ្នកតាមនិងចូលចិត្តច្រើនជាង ១៥ ម៉ឺននាក់
តែហាក់ដូចជាមិនមែនកាន់ដោយព្រះសង្ឃសាមីខ្លួននិងអសកម្ម
មានតំណគេហទំព័រមិនដំណើរការ (lsopheap.com)
និងចំណាត់ថ្នាក់ប្រភេទទំព័រមិនត្រឹមត្រូវ [Computers (brand)] ។ ទោះយ៉ាងណា
វីដេអូធម្មទេសនាដែលត្រូវបានចែករំលែកឬបង្ហោះលើទំព័រហ្វេសប៊ុកមានអ្នកទស្សនាដល់ថ្នាក់ម៉ឺននាក់
ការចូលចិត្តនិងចែករំលែកបន្តមានច្រើនជាមធ្យម ។
ព្រះគ្រូធម្មាចារ្យមានព្រះនាមល្បីក្នុងចំណោមសិស្សានុសិស្ស
តាមរយៈកម្មវិធីអប់រំសីលធម៌ផ្សេងៗនៅតាមសាលារៀន ។
១១. ព្រះធម្មវិជ្ជា ជួន កក្កដា (មុនីបាលោ)
https://www.facebook.com/chounkakada07
បង្កើតទំព័រហ្វេសប៊ុកនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤
ព្រះអង្គមានអ្នកតាមដានចំនួន៖ ៣៩៥.៧៧៧ នាក់ និងអ្នកចូលចិត្តចំនួន៖ ៣១០.០៥៨
។ ព្រះធម្មវិជ្ជា ជួនកក្កដា ជាព្រះរាជាគណៈថ្នាក់កិត្តិយស ជាព្រះវិន័យធរ
និងជានាយកពុទ្ធិកបឋមសិក្សាវត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ ។
ព្រះអង្គក៏ជាព្រះធម្មកថិកមានឈ្មោះល្បីមួយអង្គផងដែរ ។
ទំព័រហ្វេសប៊ុករបស់ព្រះអង្គជាទីពេញនិយមសម្រាប់ព្រះសង្ឃនិងពុទ្ធបរិស័ទជាង ៣៩
ម៉ឺននាក់ ។ ភាគច្រើនទំព័រហ្វេសប៊ុកនេះបង្ហោះពីសកម្មភាពរបស់ព្រះអង្គ
ដូចជាការសម្ដែងធម្មទេសនាតាមកម្មវិធីបុណ្យ
ការផ្ដល់ឱវាទភិក្ខុសាមណេរក្នុងវត្ត សកម្មភាពភិក្ខុសាមណេរក្នុងវត្ត
និងការទទួលទេយ្យទានពីញាតិញោមពុទ្ធបរិស័ទ ។ល។
ព្រះអង្គតែងបង្ហោះវីដេអូអប់រំខ្លីៗអំពី «លំហាត់ជីវិត» ជាប្រចាំ ។
ក្រៅពីការចិញ្ចឹមព្រះសង្ឃគង់រៀនសូត្រជាច្រើនអង្គក្នុងវត្ត
ព្រះអង្គតែងបរិច្ចាគទេយ្យទានដល់ស្មូមយាចក និងជនទីទល់ក្រជានិច្ចកាលផងដែរ ។
១២. ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា
https://www.facebook.com/www.sansochea.org
បង្កើតទំព័រហ្វេសប៊ុកនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣
ព្រះអង្គគ្រូមានអ្នកតាមដានចំនួន៖ ៩២២.៥៧៣ នាក់ និងអ្នកចូលចិត្តចំនួន៖
៨៦២.១៥១ នាក់ ។ ព្រះអង្គគ្រូជាស្ថាបនិកវត្តមណីរតនារាម ខេត្តពោធិ៍សាត់ ។
ព្រះអង្គគ្រូធ្លាប់ធ្វើជាគ្រូក្របខណ្ខសាលាពុទ្ធិកបឋមសិក្សា
នៅខេត្តពោធិ៍សាត់
និងក្រោយមកជាធម្មាចារ្យបង្រៀនព្រះអភិធម្មដ៏មានឈ្មោះល្បីនៅក្នុងប្រទេសកម្ពុជា
ថែមទាំងជាអ្នករៀបរៀងសៀវភៅវមួយចំនួនទៀតផង ។
ព្រះអង្គគ្រូជាព្រះប្រធានសមាគមធម្មកថិកកម្ពុជា ។
បច្ចុប្បន្នព្រះអង្គគ្រូគង់នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ។
ទំព័រហ្វេសប៊ុករបស់ព្រះអង្គគ្រូក៏សកម្មណាស់ដែរ
ដោយភាគច្រើននៅក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវដី១៩នេះ
ព្រះអង្គគ្រូផ្សាយផ្ទាល់បង្រៀនព្រះអភិធម្ម
និងដោះស្រាយសំណួរញាតិញោមជាពុទ្ធបរិស័ទអ្នកតាមដាន ជាប្រចាំស្ទើររាល់ថ្ងៃ ។
វីដេអូពេលកំពុងឡាយផ្ទាល់មានអ្នកចូលមើលពី១០០០ទៅ៤០០០នាក់
ក្រោយពេលឡាយមានអ្នកមើលរាប់ម៉ឺននាក់ និងចែករំលែកបន្តរាប់ពាន់នាក់
មិនគិតដល់អ្នកចម្លងយកទៅផ្សាយបន្តរាប់មិនអស់ផង ។
ព្រះអង្គគ្រូពុំឃើញមានធ្វើវីដេអូខ្លីៗទេ
ភាគច្រើនជាវីដេអូវែងៗជាមធ្យមរយៈពេលកន្លះម៉ោងទៅមួយម៉ោង ។
ព្រះអង្គគ្រូតែងតែពន្យល់ឲ្យបរិស័ទមានមនសិការស្នេហាជាតិ
និងឲ្យលះបង់ជំនឿគ្មានហេតុផលផងដែរ ។
ពុទ្ធបរិស័ទខ្មែរជុំវិញពិភពលោកទទួលបានប្រយោជន៍
ពីការផ្សព្វផ្សាយព្រះធម៌តាមបណ្ដាញសង្គមហ្វេសប៊ុករបស់ព្រះអង្គគ្រូ ។
ព្រះអង្គគ្រូប្រហែលជាអ្នកជម្រុញទឹកចិត្តឲ្យបង្កើតក្រុម «យុវជន និងព្រះធម៌»
ក្នុងការធ្វើឲ្យយុវជនមានទម្លាប់ពិភាក្សាធម៌អាទ៌ផ្សេងៗ ។
ព្រះអង្គគ្រូមានគេហទំព័រផ្ទាល់ខ្លួន៖ http://www.sansochea.org ។ ជាអកុសល
គណនីយូធូបផ្សព្វផ្សាយព្រះធម៌របស់ព្រះអង្គ (San Sochea Official)
ដែលមានវីដេអូជាង ២ ពាន់វីដេអូ និងអ្នកភ្ជាប់បណ្ដាញជាង ៩៣ ម៉ឺននាក់
ត្រូវបានជនខិលខូចលួចចូលទៅគ្រប់គ្រងពីរបីថ្ងៃកន្លងទៅនេះ ។
សូមជួយភ្ជាប់បណ្ដាញ (subscribe) យូធូបថ្មីរបស់ព្រះអង្គផង៖ San Sochea VJ ។
១៣. ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព
https://www.facebook.com/kousopheapcam
បង្កើតទំព័រហ្វេសប៊ុកនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥
ព្រះអង្គមានអ្នកតាមដានចំនួន៖ ២.១៨៤.៨៩២ នាក់ និងអ្នកចូលចិត្តចំនួន៖
១.៧៣៨.៩៤៩ ជាចំនួនដែលច្រើនជាងគេបំផុត ។ ព្រះអង្គជាព្រះធម្មកថិក
គង់នៅវត្តនិគ្រោធវ័ន (គល់ទទឹង) ភូមិកោះក្របី សង្កាត់ព្រែកថ្មី
ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ជាពិសេស
ព្រះអង្គជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាទៀតផង
និងជាអ្នកនិពន្ធសៀវភៅអប់រំចិត្តផងដែរ ។
តាមរយៈចំនួនអ្នកតាមដាននិងអ្នកចូលចិត្តសបញ្ជាក់ឲ្យឃើញថា
ព្រះអង្គជាធម្មតារាហ្វេសប៊ុកដ៏ពេញនិយមបំផុត
ក្នុងចំណោមអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ។
នៅលើទំព័រហ្វេសប៊ុករបស់ព្រះអង្គគ្រូមានធម្មរសសម្បូរបែប ។
ទំព័រហ្វេសប៊ុករបស់ព្រះអង្គគ្រូមានការបង្ហោះផ្សព្វផ្សាយព្រះធម៌អប់រំផ្លូវចិត្ត
និងដំណោះស្រាយវិបត្តិសង្គម
ប្រកបដោយខ្លឹមសារខ្លីៗងាយយល់ចូលចិត្តសម្រាប់ជនានុជនទាំងឡាយគ្រប់កម្រិត ។
ក្នុងចំណោមវីដេអូទាំងអស់ វីដេអូពំនោលអប់រំខ្លីៗជាទីពេញនិយមជាងគេ
មានអ្នកចូលមើលក្បែរលាននាក់ អ្នកចូលចិត្តរាប់ម៉ឺននាក់
អ្នកចែករំលែកបន្តដល់ម៉ឺននាក់
សម្រាប់វីដេអូដែលបានបង្ហោះចាប់ពីមួយឬពីរអាទិត្យឡើងទៅ
និងវីដេអូរឿងអប់រំខ្លីក៏មានអ្នកទស្សនាដល់ថ្នាក់លាននាក់ដែរ ។
ក្រៅពីនេះព្រះអង្គក៏បានចែករំលែកវីដេអូសន្ទនាធម៌តាមកម្មវិធីវិទ្យុនិងទូរទស្សន៍ផងដែរ
។ បន្ថែមលើនេះ
ទំព័រហ្វេសប៊ុករបស់ព្រះអង្គគ្រូតែងធ្វើការផ្សាយផ្ទាល់នូវសកម្មភាពក្នុងវត្តគល់ទទឹង
មានកិច្ចវត្តព្រឹកល្ងាចរបស់ព្រះសង្ឃជាដើម ។
ពុទ្ធបរិស័ទច្រើនណាស់ដែលជ្រះថ្លានិងយល់ចូលចិត្ត
ចំពោះការផ្សព្វផ្សាយព្រះធម៌របស់ព្រះអង្គគ្រូ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនេះ
។
ក្រៅពីការបង្ហោះវីដេអូនិងការផ្សាយផ្ទាល់
ព្រះអង្គគ្រូតែបង្ហោះគំនិតឬទស្សនៈខ្លីៗជាពាក្យស្លោកឬភាសិតប្រកបដោយអត្ថន័យអប់រំ
។ នៅលើផ្នែករឿងរ៉ាវរបស់យើង ឬ Our Story នៃទំព័រហ្វេសប៊ុករបស់ព្រះអង្គគ្រូ
យើងឃើញមានដំបូន្មានខ្លីមួយថា «ជីវិតខ្ញុំជួបទុក្ខច្រើនម្ល៉េះ ត្រឹមត្រូវហើយ
ជីវិតមានទុក្ខអ៊ីចឹងឯង គ្មាននរណាជៀសរួចទេ ។ គេជួបរឿងគេ យើងជួបរឿងយើង
មិនដូចគ្នាទេ កុំប្រៀបធៀបគ្នាអី ។ ប្រឹងដោះឲ្យអស់ពីសមត្ថភាពទៅ
កុំត្អូញពេកអី ត្អូញទៅបានតែកើតទុក្ខថែម ។» ម្យ៉ាងទៀត
គោលបំណងនៃការបង្កើតទំព័រហ្វេសប៊ុកនេះត្រូវបានបង្ហាញនៅទីនេះដែរគឺ
«ចែករំលែកបញ្ញាញាណដើម្បីសេចក្តីសុខក្នុងជីវិត» ។
ព្រះអង្គគ្រូមានគេហទំព័រផ្ទាល់ខ្លួន៖ https://kousopheap.org ៕
សូមបញ្ជាក់ថា៖ ការជ្រើសរើសនេះពុំទាន់បានគ្រប់ជ្រុងជ្រោយទេ
ដោយមានទំព័រហ្វេសប៊ុកផ្សព្វផ្សាយព្រះធម៌របស់ព្រះសង្ឃជាច្រើនអង្គទៀតដែលមានអ្នកតាមដាននិងចូលចិត្តច្រើនជាងមួយម៉ឺននាក់ដែរ
តែមិនត្រូវបានរាប់បញ្ចូលក្នុងទីនេះ ។
លើកក្រោយយើងខ្ញុំព្រះករុណានឹងជ្រើសរើសយកតែ ៥ ឬ ១០ ទំព័រហ្វេសប៊ុកប៉ុណ្ណោះ
ដែលអាចគិតពីចំនួនអ្នកតាមដានពី ៥ ម៉ឺនឡើងទៅ ។
Website
ទំព័រហ្វេសប៊ុកល្បីឈ្មោះទាំង១៣ព្រះសង្ឃខ្មែរ
ចែករំលែកចំណេះដឹង
Subscribe to:
Post Comments (Atom)
ព័ត៌មានអ្នកនិពន្ធ
សូមព្រះករុណាគុណម្ចាស់គ្រប់ព្រះអង្គ សម្តេចទ្រង់ ឯកឧត្តម លោកឧកញ៉ា អ្នកឧកញ៉ាលោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ប្រិយមិត្ត បងប្អូន ពូមីងមាអ៊ំ លោកយាយ លោកតា និងញាតិញោមពុទ្ធបរិស័ទទាំងឡាយដែលបានចូលទស្សនា ក្នុងយូធូប ខ្ញុំព្រះករុណាខ្ញុំបាទ សូមមេត្តាចូលរួមចុចលើពាក្យ Subscribe ដើម្បីទទួលបាននូវវីដេអូ(Videos)ព្រះធម៌ល្អៗ ថ្មីៗដទៃទៀតពីឆានែល(Channel) របស់ខ្ញុំបាទ។
No comments:
Post a Comment