ចង់ឱ្យជីវិតមានសិរីសួស្ដី រាសីឡើងខ្ពស់ - Business Buddhism



ចង់ឱ្យជីវិតមានសិរីសួស្ដី រាសីឡើងខ្ពស់

សូមជួយចែករំលែកចំណេះដឹង

ចង់ឱ្យជីវិតមានសិរីសួស្ដី រាសីឡើងខ្ពស់ មិនបាច់ពឹងលើការបញ្ចុះអាគមគាថាឡើយ ព្រះពុទ្ធសាសនាបានបង្រៀននូវ "ក្បួនលើករាសី" ដ៏ពិតប្រាកដ ដែលធានាថាធ្វើហើយជីវិតនឹងរីកចម្រើនខ្ពស់ត្រដែត
នេះគឺធម៌លើករាសីឱ្យខ្ពស់ត្រដែតតាមផ្លូវព្រះពុទ្ធសាសនា
💠 ១. មង្គលសូត្រ (មង្គល ៣៨ ប្រការ) ក្បួនបង្កើតសិរីសួស្ដីដោយខ្លួនឯង
ព្រះពុទ្ធមិនឱ្យយើងស្វែងរកមង្គល (សេចក្ដីសុខចម្រើន) ពីវត្ថុក្រៅខ្លួន ឬការទស្សន៍ទាយឡើយ តែមង្គលពិតប្រាកដកើតចេញពីការរស់នៅប្រចាំថ្ងៃ ចំណុចសំខាន់ៗដែលធ្វើឱ្យរាសីឡើងខ្ពស់ខ្លាំងមានដូចជា...
៙ ការរៀបចំមូលដ្ឋានគ្រឹះជីវិត (ការជ្រើសរើសបរិយាកាសសង្គម)
១. មិនសេពគន់បុគ្គលពាល (មនុស្សអាក្រក់)
២. ការសេពគន់បណ្ឌិត (អ្នកមានប្រាជ្ញា និងសីលធម៌)
៣. ការគោរពបូជាដល់បុគ្គលដែលគួរគោរពបូជា (ដូចជា មាតាបិតា គ្រូបាធ្យាយ អ្នកមានគុណធម៌)
៙ ការរៀបចំខ្លួនឯង និងបរិស្ថានរស់នៅ
៤. ការរស់នៅក្នុងទីដី ឬមជ្ឈដ្ឋានដ៏សមរម្យល្អ
៥. ភាពជាអ្នកបានសាងបុណ្យកុសលទុកពីមុនមក
៦. ការតម្កល់ខ្លួនប្រកបដោយធម៌ត្រឹមត្រូវ
៙ការសិក្សាអប់រំ និងការងារ
៧. ភាពជាអ្នកមានចំណេះដឹងជ្រៅជ្រះ (ពហុស្សូត)
៨. ការចេះសិល្បៈ ឬមានជំនាញវិជ្ជាជីវៈច្បាស់លាស់
៩. ភាពជាអ្នកមានវិន័យដែលបានសិក្សាល្អហើយ
១០. ការនិយាយពាក្យពីរោះ សច្ចៈ និងមានប្រយោជន៍
៙ ការកសាងគ្រួសារ និងសង្គម
១១. ការទំនុកបម្រើមាតា និងបិតា
១២. ការសង្គ្រោះ (ចិញ្ចឹមបីបាច់) កូន
១៣. ការសង្គ្រោះភរិយា (និងស្វាមី)
១៤. ការធ្វើការងារមិនឱ្យកកស្ទះ ឬច្របូកច្របល់
៙ ការកសាងសីលធម៌ និងជួយសង្គម
១៥. ការបរិច្ចាគទាន
១៦. ការប្រព្រឹត្តធម៌ (ការរស់នៅប្រកបដោយធម៌)
១៧. ការសង្គ្រោះញាតិសន្តាន
១៨. ការប្រកបការងារដែលគ្មានទោស (សុចរិត)
៙ ការចៀសវាងពីអំពើបាប និងអបាយមុខ
១៩. ការជៀសវាង និងវៀរចាកពីអំពើបាបទាំងពួង
២០. ការតម ឬមិនសេពគ្រឿងស្រវឹង និងគ្រឿងញៀន
២១. ការមិនប្រមាថក្នុងធម៌ទាំងឡាយ (មានស្មារតីជានិច្ច)
៙ ការអប់រំគុណធម៌ និងភាពស្ងប់ក្នុងចិត្ត
២២. ការមានសេចក្ដីគោរពចំពោះអ្នកដទៃ
២៣. ការមានភាពសុភាពរាបសា មិនវាយឫកខ្ពស់
២៤. ការមានសេចក្ដីសន្តោស (ស្កប់ស្កល់ត្រេកអរតាមមានតាមបាន)
២៥. ការដឹងគុណ និងតបស្នងគុណគេ
២៦. ការស្ដាប់ធម៌តាមកាលកំណត់
៙ ការអភិវឌ្ឍន៍បញ្ញា និងភាពចាស់ទុំ
២៧. ការមានសេចក្ដីអត់ធ្មត់
២៨. ភាពជាអ្នកងាយប្រដៅ ឬទទួលយកការរិះគន់ស្ថាបនា
២៩. ការបានជួបនឹងសមណៈ (អ្នកស្ងប់រម្ងាប់ពីរាគៈ)
៣០. ការសន្ទនា ឬពិភាក្សាធម៌តាមកាលកំណត់
៙ ការប្រតិបត្តិដើម្បីរំលត់ទុក្ខ (ផ្លូវលះបង់)
៣១. ការដុតកម្លោចកិលេស (សេចក្ដីព្យាយាមដកចោលនូវបាប)
៣២. ការប្រព្រឹត្តធម៌ដ៏ប្រសើរ (ការរស់នៅបរិសុទ្ធ)
៣៣. ការឃើញច្បាស់នូវអរិយសច្ចៈ (សេចក្ដីពិតដ៏ខ្ពង់ខ្ពស់)
៣៤. ការធ្វើឱ្យជាក់ច្បាស់នូវព្រះនិព្វាន (ការរំលត់ទុក្ខទាំងស្រុង)
៙ លទ្ធផលចុងក្រោយនៃការប្រតិបត្តិ (ចិត្តរឹងមាំបរិសុទ្ធ)
៣៥. ចិត្តមិនញាប់ញ័រពេលប៉ះទង្គិចនឹងលោកធម៌ (មានលាភ-អត់លាភ មានយស-អត់យស សរសើរ-និន្ទា សុខ-ទុក្ខ)
៣៦. ចិត្តមិនសោកសៅ
៣៧. ចិត្តប្រាសចាកធូលី (អស់រាគៈ ទោសៈ មោហៈ)
៣៨. ចិត្តក្សេមក្សាន្ត ស្ងប់ត្រជាក់រហូតរៀងទៅ។
មង្គលទាំង ៣៨ ប្រការនេះ គឺជាជណ្ដើរនៃការអភិវឌ្ឍជីវិតដោយចាប់ផ្ដើមពីកម្រិតសាមញ្ញ (ការជ្រើសរើសមិត្ត) ឈានទៅរកការជោគជ័យក្នុងជីវិតគ្រួសារ ការងារ សង្គម និងទីបំផុតគឺការរំដោះខ្លួនចេញពីសេចក្ដីទុក្ខទាំងពួង (ព្រះនិព្វាន)។ នេះហើយជា "ក្បួនលើករាសី" ដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះពុទ្ធសាសនា។
💠 ២. ឥទ្ធិបាទ ៤ (ធម៌នាំទៅរកភាពជោគជ័យខ្ពស់ត្រដែត)
បើចង់ឱ្យរាសីការងារ មុខរបរ ឬការសិក្សាឡើងខ្ពស់ ត្រូវមានធម៌ ៤ យ៉ាងនេះជាប្រចាំ
១. ឆន្ទៈ (សេចក្ដីស្រឡាញ់) ស្រឡាញ់ និងពេញចិត្តនូវអ្វីដែលខ្លួនកំពុងធ្វើ។
២. វិរិយៈ (សេចក្ដីព្យាយាម) តស៊ូ មិនបោះបង់ ពេលជួបឧបសគ្គ កាលណាមានការព្យាយាម រាសីនៃការងារប្រាកដជាភ្លឺស្វាង។
៣. ចិត្តៈ (ការយកចិត្តទុកដាក់) ផ្ដោតអារម្មណ៍ ដាក់ចិត្តដាក់កាយ មិនធ្វើបែបប្រឡំប្រកូវ។
៤. វិមំសា (ការត្រិះរិះពិចារណា) ប្រើបញ្ញាដើម្បីកែលម្អការងារឱ្យកាន់តែប្រសើរឡើងជានិច្ច។
(អ្នកដែលមានឥទ្ធិបាទ ៤ ពេញលេញ ធ្វើអ្វីក៏ជោគជ័យ ដែលមនុស្សទូទៅតែងសរសើរថាជា "អ្នកមានរាសីខ្ពស់" តែការពិតគឺជាផលនៃការព្យាយាម)។
💠 ៣. ព្រហ្មវិហារធម៌ ៤ (មន្តស្នេហ៍លើករាសីឱ្យមនុស្សទេវតាស្រឡាញ់)
រាសីខ្ពស់ ក៏អាស្រ័យលើបរិយាកាសជុំវិញខ្លួនដែរ បើយើងមានធម៌ ៤ យ៉ាងនេះ ទៅណាមកណាមានតែគេត្រេកអរទទួលរាក់ទាក់
១. មេត្តា : ក្ដីស្រឡាញ់ បំណងល្អចង់ឱ្យអ្នកដទៃមានក្ដីសុខ មុខមាត់នឹងស្រស់បោះ ជាសិរីសួស្ដីដល់អ្នកបានឃើញ។
២. ករុណា : ក្ដីអាណិត ជួយសង្គ្រោះអ្នកដទៃពេលគេមានទុក្ខ។
៣. មុទិតា : ក្ដីត្រេកអរ មិនច្រណែនឈ្នានីស ពេលឃើញគេបានល្អ។
៤. ឧបេក្ខា : ការតម្កល់ចិត្តជាកណ្ដាល មិនលម្អៀង មិនរើសអើង។
(អ្នកដែលមានធម៌នេះ គឺមាន "មេត្តាមហានិយម" ពីធម្មជាតិ ដោយមិនបាច់សាក់យ័ន្ត ឬប្រសិទ្ធិអ្វីឡើយ)។
💠 ៤. សច្ចវាចា និង សីល ៥ (ខែលការពាររាសី)
- សីល ៥ ជាប្រព័ន្ធការពារគ្រោះថ្នាក់ អ្នកដែលមិនសម្លាប់សត្វ មិនលួចទ្រព្យគេ មិនក្បត់ចិត្តគូស្រករ មិនកុហកបោកប្រាស់ និងមិនសេពគ្រឿងស្រវឹង គឺជាអ្នកដែលកាត់ផ្ដាច់ "ហេតុនៃសេចក្ដីវិនាស" ទាំងពួង ពេលគ្មានសេចក្ដីវិនាស រាសីក៏មិនអាចធ្លាក់ចុះបានដែរ។
- សច្ចវាចា (ការនិយាយពាក្យពិត) សម្ដីគឺជាឫក្សពារដ៏សំខាន់ ការនិយាយពាក្យពិត ពាក្យពីរោះ ពាក្យមានប្រយោជន៍ ធ្វើឱ្យអ្នកស្ដាប់ជឿជាក់ និងគោរព ដែលជាការលើកតម្កើងតម្លៃនិងរាសីរបស់ខ្លួនឯង។
នៅក្នុងព្រះពុទ្ធសាសនា "រាសី" គឺជារបស់ដែលយើងអាចបង្កើតឡើងបានដោយខ្លួនឯង តាមរយៈទង្វើ (កម្ម) ទោះបីជាជោគជាតាក្នុងអតីតកាលផ្ដល់ផលយ៉ាងណាក៏ដោយ តែប្រសិនបើក្នុងបច្ចុប្បន្នយើងជាមនុស្សមានសីលធម៌ ឧស្សាហ៍ព្យាយាម កត្តញ្ញូចំពោះមាតាបិតា និងមានមេត្តាចំពោះអ្នកដទៃ នោះហើយគឺជា "រាសីដ៏ខ្ពស់ត្រដែត" ដែលគ្មានគ្រោះកាចណាមួយអាចមកបំផ្លាញបានឡើយ
💠 ធម៌ដែលគួរយកមកប្រតិបត្តិជំនួសការជឿលើរាសី (ឬជោគជាតា)
ព្រះពុទ្ធសាសនាបង្រៀនឱ្យយើងប្រកាន់យក ៣ យ៉ាងនេះជំនួសវិញ
១. “កម្មបច្ចុប្បន្ន”
ធ្វើល្អឥឡូវនេះ = អាចផ្លាស់ប្តូរអនាគតបានភ្លាមៗ
២. “សតិ”
ដឹងទាន់គំនិត មិនបណ្ដោយខ្លួនតាមការភ័យខ្លាចរាសី
៣. “បញ្ញា”
យល់ដឹងថា អ្វីៗទាំងអស់សុទ្ធតែមិនទៀង (អនិច្ចំ)
១. កម្មបច្ចុប្បន្ន (ថាមពលនៃការ "កំណត់ដោយខ្លួនឯង")
ស្របពេលដែលជំនឿលើរាសីតែងតែប្រាប់ថា "អ្វីៗដែលនឹងកើតឡើងត្រូវបានកំណត់ទុកជាមុនរួចហើយ" ប៉ុន្តែគោលការណ៍នៃកម្ម (ជាពិសេសកម្មបច្ចុប្បន្ន) បានប្រាប់ថា "យើងគឺជាស្ថាបត្យករដែលជាអ្នកសាងជីវិតដោយខ្លួនឯង"។
ផ្លាស់ប្តូរជំនឿ ពីការគិតថា "មកពីរាសីមិនល្អទើបស៊យ" ទៅជា "មកពីហេតុបច្ច័យក្នុងអតីតកាលនិងបច្ចុប្បន្នមិនអំណោយផល ដូច្នេះយើងត្រូវសាងហេតុថ្មីដែលល្អជាងមុន"។
កម្មមិនមែនគ្រាន់តែជារឿងជាតិមុននោះទេ ប៉ុន្តែវាគឺជា "ចេតនា" ក្នុងការធ្វើសកម្មភាព (កាយ វាចា ចិត្ត) នៅវិនាទីនេះ បច្ចុប្បន្ននេះ។
ទិដ្ឋធម្មវេទនីយកម្ម គឺជាកម្មដែលហុចផលក្នុងជាតិបច្ចុប្បន្ន ប្រសិនបើយើងឧស្សាហ៍ព្យាយាម ហ្វឹកហាត់ និងរៀបចំផែនការបានល្អច្បាស់លាស់ លទ្ធផលល្អរមែងកើតមានឡើងតាមហេតុបច្ច័យ ដោយមិនបាច់រង់ចាំតារាផ្លាស់ទីឡើយ។
ចំណុចផ្ដោត.... ជំនួសឱ្យការសួរថា "តើឆ្នាំនេះនឹងមានបានឬទេ?" គួរតែសួរខ្លួនឯងថា "តើថ្ងៃនេះយើងបានសាងហេតុនៃភាពមានបាន (ដូចជា ភាពឧស្សាហ៍ ការសន្សំ ការប្រើបញ្ញា) ហើយឬនៅ?"
២. សតិ (ហ្វ្រាំងបន្ទាន់របស់ចិត្ត)
សតិ គឺជាឧបករណ៍ដែលជួយមិនឱ្យយើងក្លាយជា "ជនរងគ្រោះ" នៃទំនាយ នៅពេលយើងមានសតិ យើងនឹងឃើញដំណើរការនៃចិត្តដែលធ្វើការជាមួយជំនឿលើរាសី។
ដឹងទាន់ភាពភ័យខ្លាច.... ពេលគ្រូទាយទាយថា "នឹងមានគ្រោះអាក្រក់" ចិត្តនឹងកើតការតាក់តែង (សង្ខារ) ក្លាយជាក្ដីកង្វល់។ សតិនឹងជួយឱ្យយើងមើលឃើញក្ដីកង្វល់នោះថា "អូ! នេះគឺជាការភ័យខ្លាចដែលកើតឡើង" ប៉ុន្តែវាមិនទាន់ជាការពិតនោះទេ។
ជាច្រើនដងដែលមនុស្សធ្លាក់រាសីដោយសារ "បាក់ទឹកចិត្ត" រហូតធ្វើអ្វីៗខុសឆ្គងដោយខ្លួនឯង។ សតិនឹងជួយតម្រង់ចិត្តឱ្យរឹងមាំ ទោះជាទទួលបានការទស្សន៍ទាយបែបណាក៏ដោយ ក៏យើងនៅតែអាចសម្រេចចិត្តដោយផ្អែកលើមូលដ្ឋាននៃការពិតបានជានិច្ច។
នៅពេលទទួលបានព័ត៌មាន ត្រូវប្រើសតិបែងចែករវាង "ព័ត៌មានដែលទទួលបាន" និង "ភាពភ្ញាក់ផ្អើលភ័យខ្លាចដែលកើតមានក្នុងចិត្ត"។
៣. បញ្ញា (ពន្លឺបំភ្លឺបំបាត់ភាពងប់ងល់)
បញ្ញាក្នុងទីនេះគឺការយល់ដឹងពី ព្រះត្រៃលក្ខណ៍ (ច្បាប់ធម្មជាតិ) ដែលជាខែលការពារភាពខកចិត្តបានយ៉ាងល្អបំផុត។
អនិច្ចំ (ភាពមិនទៀង) ប្រសិនបើរាសីប្រាប់ថានឹងល្អ ក៏កុំប្រហែស ព្រោះភាពសំណាងក៏មិនទៀងទាត់ ប្រសិនបើរាសីប្រាប់ថានឹងអាក្រក់ ក៏កុំបាក់ទឹកចិត្ត ព្រោះភាពស៊យតូចធំក៏មិនទៀងទាត់ដូចគ្នា។ អ្វីៗកើតឡើងហើយរមែងកន្លងផុតទៅវិញ។
យោនិសោមនសិការ (ការគិតពិចារណាដោយត្រឹមត្រូវ) ជំនួសឱ្យការជឿតាមអ្វីដែលគេថាតៗគ្នា បញ្ញានឹងដាស់តឿនយើងឱ្យស្វែងរកមូលហេតុពិតប្រាកដ។ ឧទាហរណ៍ "ការងាររាំងស្ទះ តើមកពីផ្កាយព្រហស្បតិ៍ផ្លាស់ទី ឬដោយសារប្រព័ន្ធការងាររបស់យើងនៅមានចន្លោះប្រហោង?"
ច្បាប់នៃហេតុផល ព្រះពុទ្ធសាសនាបង្រៀនពីរឿង ឥទប្បច្ចយតា (នៅពេលមានរបស់នេះ របស់នេះក៏មាន) បញ្ញានឹងប្រាប់យើងថា រាល់ "ផល" សុទ្ធតែមាន "ហេតុ" បើចង់ដោះស្រាយផល ត្រូវដោះស្រាយនៅឯហេតុ មិនមែនដោះស្រាយនៅចុងហេតុដោយការធ្វើពិធីកម្មបួងសួងនោះទេ។
ព្រះពុទ្ធបរមគ្រូធ្លាប់បានត្រាស់សម្ដែងទុកក្នុង នក្ខត្តជាតក ថា...
"ប្រយោជន៍រមែងកន្លងហួសជនពាលដែលរវល់តែរង់ចាំឫក្សពារ (ពេលយាមល្អ)។ ប្រយោជន៍គឺជាឫក្សពារនៃប្រយោជន៍ខ្លួនឯងស្រាប់ទៅហើយ តើផ្កាយទាំងឡាយនឹងធ្វើអ្វីបាន។"
"សេចក្ដីល្អដែលសាងដោយកាយ វាចា ចិត្ត គឺជាគ្រឿងលម្អ និងជាសិរីសួស្ដីដ៏ប្រពៃបំផុតរបស់មនុស្ស"
_____សុវត្ថន៍-Sovathn
ប្រភពឯកសារយោង:
- មង្គល ៣៨ ប្រការ. សុត្តន្តបិដក ខុទ្ទកនិកាយ ខុទ្ទកបាឋៈ (បិដកលេខ ៥៤)
- ឥទ្ធិបាទ ៤. សុត្តន្តបិដក សំយុត្តនិកាយ មហាវារវគ្គ (បិដកលេខ ៣៩)
- ព្រហ្មវិហារធម៌ ៤. សុត្តន្តបិដក អង្គុត្តរនិកាយ ចតុក្កនិបាត (បិដកលេខ ៤២)
- សីល ៥. សុត្តន្តបិដក អង្គុត្តរនិកាយ បញ្ចកនិបាត (បិដកលេខ ៤៤)
- សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក បឋមភាគ
- សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត
- សុត្តន្តបិដក អង្គុត្តរនិកាយ បញ្ចកនិបាត
- សុត្តន្តបិដក សំយុត្តនិកាយ សគាថវគ្គ 

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត