តើ “ឈាន ឬ ធ្យាន ឬ ជ្ឈាន” នៅក្នុងសមាធិ គឺជាអ្វី? - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

តើ “ឈាន ឬ ធ្យាន ឬ ជ្ឈាន” នៅក្នុងសមាធិ គឺជាអ្វី?

ចែករំលែកចំណេះដឹង

តើ ឈាន ឬ ធ្យាន ឬ ជ្ឈាននៅក្នុងសមាធិ គឺជាអ្វី?

ដោយមើលឃើញថា មួយរយៈចុងក្រោយនេះ សម្បូរមនុស្សនាំគ្នាលើកនិយាយពី ឈានច្រើននៅគ្រប់ទិសទី ហើយដែលអ្នកនាំគ្នាលើកមកវែកញែកនោះ ប្រហែលជាភាគច្រើន ជាមនុស្សមិនធ្លាប់បានពាល់ត្រូវសមាធិឈាន សូម្បីប៉ុនល្អងធូលី ម្ដងណាផងក៏មិនដឹង ទើបបណ្ដាលឱ្យមានការបញ្ចេញគំនិតយល់ឃើញផ្ដេសផ្ដាស និងអ្នកជឿតាមម្ចាស់គំនិតផ្ដេសផ្ដាសទាំងនោះយ៉ាងគួរសង្វេគបំផុត។ក្នុងភាសាបាលីរ៉ូម៉ាំង សរសេរថា “Jhāna” រីឯភាសាបាលីសំស្ក្រឹត សរសេរថា “Dhyāna” ភាសាខ្មែរ អាចសរសេរថា ឈាន ឬ ធ្យាន ឬ ជ្ឈាន មានន័យថាជាភាវៈមួយនៅក្នុងអប្បនាសមាធិ ឬ សមថកម្មដ្ឋាន ដែលចិត្តបានរួចចាក នីវរណធម៌ ៥ រួមមាន កាមច្ឆន្ទ ព្យាបាទ ថីនមិទ្ធ ឧទ្ធច្ចកុក្កុច្ច និងវិចិកិច្ឆា។

ឈាន អាចសម្គាល់បាននៅពេលដែល ការតម្កល់ចិត្ត បានស្ងប់ស្ងៀមនិងជ្រៅទៅក្នុងការចម្រើនសមថភាវនា។ ឬអាចពន្យល់ថាជា សភាវៈនៃការស្មឹងស្មាធិ៍សតិឱ្យរំហូរនៃចិត្តវេញឡើងចុះនៅតែក្នុងរាងកាយ មិនចេញឆ្ងាយទៅណាផ្សេង ដើម្បីឱ្យចិត្តមានថាមពលខ្លាំងជាងធម្មតា។ ឈាន ត្រូវបានប្រើជាឧបករណ៍ជំរុញដល់ការត្រាស់ដឹង និងរំដោះទុក្ខ តាមរយៈការធ្វើសមាធិ។

ក្នុងសម័យបុរាណ តាំងពីមុនកកើតព្រះពុទ្ធសាសនាថេរវាទ ដែលដឹកនាំដំបូងដោយ ព្រះពុទ្ធ សាមណៈ សិទ្ធត្ថ គោត្ដម មកម្ល៉េះ ឈានគឺជាអ្វីដែលក្រុមតាបសឬអ្នកបួស នៅក្នុងព្រហ្មញ្ញសាសនា និងសាសនាបុរាណផ្សេងទៀត យកធ្វើជាគ្រឿងសម្គាល់ថា ខ្លួនឯងបានសម្រេចការត្រាស់ដឹង ដែលតាមការពិត ក្រោយការត្រាស់ដឹងរបស់ព្រះពុទ្ធ ទើបព្រះអង្គវែកឃើញការពិតថា ឈានមិនមែនជា ចំណុចត្រាស់ដឹងទេ ហើយក៏មិនអាចរំដោះចេញចាកទុក្ខបានដែរ។ វាជាចំណុចបោកបញ្ឆោតចិត្តមនុស្សក្នុងសមាធិ តាមរយៈវិញាណទាំង៦ ឱ្យវង្វេងវង្វាន់ និងអាចបណ្ដាលឱ្យទៅជាមានសតិវិបល្លាសថែមទៀតផង បើប្រើមិនត្រឹមត្រូវ។

**ថ្នាក់នៃឈាន

ក្នុងគម្ពីរព្រះត្រៃបិដក មានចែងថា​ ឈានមាន៨ថ្នាក់។ ឈាន ៤ ដំបូងជាសមាធិមានរូប ហៅថា រូបជ្ឈាន និង​ឈាន​ ៤ ​ទៀត​ជាសមាធិឥតរូប ហៅថា អរូបជ្ឈាន 

* រូបជ្ឈាន (Rūpa-jhāna) ចែកចេញជា៤ដំណាក់កាល៖

#ដំណាក់កាលទី១.| បឋមជ្ឈាន (មានអង្គ៥) គឺ៖ វិតក្កៈ វិចារៈ បីតិ សុខៈ ឯកគ្គតា (ទាំង៥នេះ ជាអារម្មណ៍ដែលស្ងប់ស្ងាត់ចាកផុតពីកាមគុណ)

#ដំណាក់កាលទី២.| ទុតិយជ្ឈាន (មានអង្គ៣) គឺការលះនូវ វិតក្កៈ វិចារៈ នៅសល់តែ បីតិ និង សុខៈដែលវាជាប់គ្នាជាមួយនឹង បឋមជ្ឈាន ហើយចាប់តាំងពីទុតិយជ្ឈានឡើងទៅ អ្នកបដិបត្តិមិនអាចមានគំនិតរាយមាយឡើយ

#ដំណាក់កាលទី៣.| តតិយជ្ឈាន (មានអង្គ២) គឺការលះនូវ បីតិ នៅសល់តែ សុខៈ និង ឯកគ្គតា

#ដំណាក់កាលទី៤.| ចតុត្ថជ្ឈាន (មានអង្គ២) គឺលះ សុខៈ ចេញ ចិត្តក្លាយជា ឧបេក្ខា

ឆ្លងផុតដំណាក់កាលទាំង៤នេះ ហៅថា រូបជ្ឈានមានរូបធម៌ជាអារម្មណ៍ រាប់បញ្ចូលក្នុង រូបាវចរភូមិ។

*អរូបជ្ឈាន (Arūpa-jhāna) ក៏មាន៤ថ្នាក់ដែរ

#ដំណាក់កាលទី១.| កាសានញ្ចាយតនៈ ឬ បឋមារូបចិត្ត (ទំហំអាកាសគ្មានដែនកំណត់)

មានអង្គប្រកប គឺ ឯកគ្គតាចិត្ត និង ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខៈ វិរិយៈ សតិ ឧបេក្ខា និងមនសិការៈ ។

#ដំណាក់កាលទី២.| វិញ្ញាណញ្ចាយតនៈ ឬ ទុតិយារូបចិត្ត (អនុភាពសតិសម្បជញ្ញៈគ្មានដែនកំណត់)

មានអង្គប្រកប គឺ ឯកគ្គតាចិត្ត និង ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខៈ វិរិយៈ សតិ ឧបេក្ខា និងមនសិការៈ ។

#ដំណាក់កាលទី៣.| អាកិញ្ចញ្ញាយតនៈ ឬ តតិយារូបចិត្ត (វិមាឌនៃចន្លោះទទេ)

មានអង្គប្រកប គឺ ឯកគ្គតាចិត្ត និង ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខៈ វិរិយៈ សតិ ឧបេក្ខា និងមនសិការៈ ។

#ដំណាក់កាលទី៤.| នេវសញ្ញានាសញ្ញាយតនៈ ឬ ចតុត្ថារូបចិត្ត (សញ្ញាអ្វីតិចតួចមិនមានឡើយ គឺជាភពរបស់អ្នកចូលឈាននោះខ្លួនឯង)

អរូបជ្ឈានទាំង៤ថ្នាក់នេះ ព្រះពុទ្ធមិនបានរាប់បញ្ចូលថាជាឈានទេ ។ ព្រះពុទ្ធ បានសិក្សាអរូបជ្ឈាន ទី៣ និង ទី៤ ពីព្រាហ្ម២នាក់ដែលជាគ្រូរបស់ព្រះអង្គ មុនពេលដែលព្រះអង្គ បានសម្រេចការត្រាស់ដឹង ។ ទោះយ៉ាងណាក៏ដោយ ព្រះពុទ្ធទ្រង់ជ្រាបថា អរូបជ្ឈានដំណាក់កាលទី៣ និងទី៤ នឹងមិនអាចនាំផ្លូវទៅកាន់ពន្លឺត្រាស់ដឹង និងរួចចាកទុក្ខឡើយ ហើយព្រះអង្គក៏ចាកចេញ ពីគ្រូទាំង ២ នោះទៅ។

ដោយសារតែព្រះសម្មាសម្ពុទ្ធអាចឆ្លងផុត ទាំងរូបជ្ឈាន និង អរូបជ្ឈាន ៨ថ្នាក់ ហើយឡើងដល់កម្រិតមួយខ្ពស់ជាងនោះទៅទៀត គេក៏បានចងក្រងទុកក្នុងគម្ពីរថា ព្រះអង្គបានសម្រេចដល់ ជ្ឈាន ទី៩ គឺដំណាក់កាលនៃការត្រាស់ដឹង ដែលព្រះអង្គបានរកឃើញដោយខ្លួនព្រះអង្គឯង នោះគឺជាព្រះអរហន្ត។

តើឫទ្ធិនៃឈាន មានផលតបដូចម្ដេចចំពោះអ្នកបានទទួល?

អ្នកដែលសម្រេចឈាន អាចប្រើថាមពលចិត្ត ដើម្បីប្រាស្រ័យទាក់ទងជាមួយសភាវៈអរូបនានា នៅក្នុងភពឋានផ្សេងៗ ដែលមនុស្សធម្មតាមិនអាចពាល់ត្រូវ ដូចជា​ ទេវលោក ព្រហ្មលោក ឋានសួគ៌ ឋាននរកប្រេត គ្រប់ជាន់ថ្នាក់ និងគ្រប់សភាវៈបាតុភូតនានាក្នុងនិងក្រៅចក្រវាល នៅនាគ្រា អតីត បច្ចុប្បន្ន និងអនាគត។

ពេលវេលា គឺជាពន្លឺ ហើយអ្នកដែលសម្រេចឈាន គឺអ្នកដែលឆ្លងផុតពន្លឺ (ចិត្តដែលលឿនជាងល្បឿនពន្លឺ) ដូច្នេះការនិម្មិតនៅក្នុងគំហើញនៃឈាន គ្មានពេលវេលាទេ។ វាហាក់ស្មុគ្រស្មាញនឹងពន្យល់ណាស់ក្នុងបរិបទនេះ។ ប្រសិនបើយើងយល់ដឹងបានថា ផ្កាយជាច្រើនដែលយើងមើលឃើញនឹងភ្នែកទទេនៅក្នុងលំហអាកាសពេលយប់ តាមពិតគឺភាពទទេ (គ្មានផ្កាយទេ នោះជាចំហាយដែលសល់តាំងពីរាប់លានឆ្នាំមុន) នោះយើងក៏អាចនឹងយល់ដល់និម្មិតកម្មនានាដែលអ្នកចូលឈាន និងអ្នកសម្រេចឈាន បានឃើញ ដូចគ្នាដែរ។ ចំណុចនេះ អ្នកសិក្សាពីផ្កាយ ទើបយល់អ្វីដែលខ្ញុំនិយាយ។សព្វថ្ងៃនៅមិនទាន់មានទេ ការសិក្សាស្រាវជ្រាវពី ឈានតាមទ្រឹស្ដីវិទ្យាសាស្ត្រ ដោយសារតែវាពិបាកកំណត់និយមន័យទាក់ទងនឹងសភាវៈនីមួយៗនៅក្នុងសភាពដែល អ្នកវិទ្យាសាស្ត្រខ្លួនឯងក៏មិនអាចពាល់ត្រូវ។ ហើយអ្នកវិទ្យាសាស្ត្ររូបណា ដែលហ្វឹកហាត់សមាធិ និងពាល់ត្រូវឈានកម្រិតបឋម ក៏នៅតែគ្មានលទ្ធភាពយកទៅលាតត្រដាងពន្យល់មនុស្សសាមញ្ញធម្មតាបាន។នៅក្នុងខ្សែភាពយន្តរឿងព្រះពុទ្ធ ដែលគេបានផលិតឡើង មានឈុតមួយ ដែលព្រះពុទ្ធកំពុងធ្វើសមាធិ ដើម្បីទទួលបានពន្លឺនៃការត្រាស់ដឹង គឺអ្នកដឹកនាំរឿងខ្លួនឯងក៏គ្មានលទ្ធភាព បង្កើតរូបភាពធ្វើយ៉ាងណាឱ្យអ្នកទស្សនាអាចយល់បានដែរ។

ប្រសិនបើ លោកអ្នក ធ្លាប់បានទស្សនាខ្សែភាពយន្តនោះ លោកអ្នកនឹងឆ្ងល់ ត្រង់ថា តើមារនោះមកពីណា ស្ត្រីដ៏ស្រស់ស្អាតទាំងអស់មកពីណា បិសាចមកពីណា។ល។ នោះវាគ្រាន់តែជាការប្រៀបធៀប ដើម្បីពន្យល់អ្នកទស្សនា តែអ្នកទស្សនាជាមនុស្សសាមញ្ញធម្មតា មើលមិនយល់ទេ។ តាមពិត នោះជាការដុតនូវកិលេសក្នុងខ្លួនរបស់ព្រះអង្គខ្លួនឯង។ ព្រះអង្គមិនជាប់ជំពាក់ វង្វេងក្នុងដំណាក់កាល ឈាន ណាទាំងអស់ គឺព្រះអង្គដុតកម្ទេចចោលនូវ នីវរណធម៌ បានសម្រេច ហើយឆ្លងផុត និងចូលដល់លោក្កុតរបញ្ញា ដែលជាញាណកំពូលមួយ គឺ ការត្រាស់ដឹង។ អ្នកត្រាស់ដឹងនោះហើយ ដែលយើងហៅថា ព្រះពុទ្ធ

តើគេប្រើ ឈានដើម្បីអ្វី?

សភាវៈនៃ ឈាន មិនអាចនាំទៅ ដល់ការត្រាស់ដឹងបាន ដោយខ្លួនឯងទេ ព្រោះឈាន​គ្រាន់តែអាចជួយកំចាត់បង់នូវកិលេសតែប៉ុណ្ណោះ ។ អ្នកចម្រើនឈាន ត្រូវចេះប្រើឈាន ជាឧបករណ៍ សម្រាប់បណ្តុះបញ្ញា និងប្រើសម្រាប់ចូលជ្រៅទៅក្នុង សេចក្តីពិតនៃបាតុភូតធម្មជាតិ តាមរយៈការយល់ដឹងផ្ទាល់ខ្លួន ដែលនឹងនាំទៅកាន់ការផ្តាច់បង់កិលេស និងសម្រេចព្រះនិព្វាន តាមរយៈការឆ្លងផុត ឈាន ទាំង៨ដំណាក់កាល។

ពន្យល់ឱ្យងាយយល់ គឺ ឈាន ប្រៀបដូចជា កាហ្វេ។ យើងមិនអាចផឹកកាហ្វេ ហើយសម្រេចកិច្ចការងារធំដុំបាននោះទេ។ យើងផឹកកាហ្វេ ដើម្បីជំរុញថាមពលរាងកាយឱ្យមានភាពភ្លឺស្វាងក្នុងការបំពេញការងារ ហើយវាលុះត្រាតែយើងជាមនុស្សមានវីរិយពលៈ នៅក្នុងសន្ដាននិស្ស័យថែមទៀត គឺមានកម្លាំងហើយប្រឹងធ្វើការផង ទើបសម្រេចកិច្ចការបាន។ បើមានកម្លាំងថាមពលហើយ គិតតែសប្បាយរីករាយនឹងកម្លាំងនោះ វាមិនខុសពីពួកអ្នកញៀនថ្នាំ Amphetamine ទេ លេបឱ្យមានកម្លាំងដើម្បីដេកសើចសប្បាយ ចុងក្រោយ បើមិនឆ្កួតក៏ឡប់សតិដែរ។

ដូចគ្នា គេប្រើឈាន ដើម្បីជាកម្លាំងថាមពលក្នុងការធ្វើឱ្យសមាធិរឹតតែស្ងប់និងថ្លាល្អ ដើម្បីតាមមើលបាតុភូតចិត្តខ្លួនឯង ដែលកំពុងតែមានសភាពញ័រខ្លាំងដូចកម្លាំងរ៉េអាក់ទ័រយន្ដហោះ វាវិលលឿនណាស់ ញាប់ណាស់ មើលមិនទាន់ទេ។ ដូច្នេះ ដើម្បីមើលចិត្តខ្លួនឯងទាន់ លុះត្រាតែសមាធិនោះ ជាសមាធិ កម្រិតអាចគ្រប់គ្រងចិត្តបាន មិនមែនចិត្តថ្នាក់ទាបៗអន់ៗធម្មតា ដូចចិត្តមនុស្សយើងសាមញ្ញនេះទេ។

 អ្នកណាដែលនិយាយថា ខ្ញុំចង់សមាធិឱ្យចិត្តស្ងប់គឺជាមនុស្សដែលឥតទាន់បានយល់អ្វីសោះពីសមាធិ។ គ្មាននរណា ងាយគ្រប់គ្រងចិត្តខ្លួនឯងស្ងប់បានឡើយ ទោះបីជាកំពុងដេកលក់ក៏ដោយ។ សូម្បីតែស្លាប់បាត់រលាយរូបកាយហើយ ក៏កម្លាំងថាមពលចិត្តនៅតែវិលខ្ញាល់ដូចម៉ាស៊ីនគ្រឿងចក្រអ៊ីចឹងដែរ ហើយប្រើពេលយូរណាស់ ទម្រាំតែរលត់បាត់ទៅវិញ ខ្លះ៣ថ្ងៃ ខ្លះ៧ថ្ងៃ ខ្លះ១០០ថ្ងៃ ខ្លះវិញរាប់សិបឆ្នាំ អាចដល់រាប់ពាន់ឆ្នាំក៏មាន។ មនុស្សយើងតែងហៅថានោះជា ខ្មោច ឬអមនុស្ស។ តាមពិតវាជាថាមពលចិត្តរបស់មនុស្ស ដែលមិនទាន់រលត់បាត់ក្រោយការស្លាប់។ មនុស្សដែលសិក្សាជ្រៅជ្រះដល់ចំណុចនេះ មានមិនច្រើននាក់ទេក្នុងពិភពលោក។

ដូច្នេះ ប្រសិនបើ មានបុគ្គលរូបណា ដែលជាជនសាមញ្ញធម្មតា ធ្លាប់ចម្រើនភាវនា វិបស្សនាកម្មដ្ឋានក្នុងរយៈពេលយូរ ដោយគ្មានទម្រសីលជាបង្គោលធម៌ មិនដែលសិក្សា រូបបរមត្ថ មិនដែលសូម្បីតែអប់រំខ្លួនឯងឱ្យស្ថិតនៅក្នុងឧបេក្ខាធម៌ណាមួយ ហើយបែរជាចេញមុខប្រកាសអួតថាខ្លួន បានឈាន យ៉ាងនេះមួយ យ៉ាងនោះមួយ មានន័យថា បុគ្គលនោះ បែកកម្មដ្ឋានហើយ។ បែកកម្មដ្ឋាន​ មានន័យថា ជាការអន្តរាយទៅនៃបរិកម្ម គឺការចម្រើនភាវនាក្នុងផ្លូវខុស មិនត្រឹមត្រូវ។ ដូច្នេះ ប្រសិនបើឃើញថា មាននរណាម្នាក់ បែកកម្មដ្ឋាន សូមបញ្ជូនគាត់ទៅមន្ទីរពេទ្យ ដើម្បីទទួលការព្យាបាលដោយថ្នាំរម្ងាប់សរសៃប្រសាទ តាមក្បួនវេជ្ជបណ្ឌិតវិទ្យាសាស្ត្រវិញ ទើបអាចជួយបាន។

រឿងការប្រើឈានខុសនេះ ប្រៀបដូចជាការប្រើថ្នាំខុសបច្ចេកទេសដែរ បើលេបត្រឹមត្រូវតាមក្បួន យើងនឹងជាដាច់ពីជំងឺ តែបើលេបខុសក្បួន នឹងមានគ្រោះថ្នាក់ដល់ជីវិត។ អ្នកខ្លះ ពេលឈឺក្បាលម្ដងៗ មិនដែលរកថ្នាំព្យាបាលសរសៃប្រសាទក្នុងក្បាលឱ្យជាទេ បែរជាលេបថ្នាំសង្កត់សរសៃប្រសាទ ដើម្បីបំបាត់ការឈឺចាប់ទៅវិញ លុះលេបយូរទៅ ខូចសរសៃរប្រសាទខ្ទេចអស់ គ្រប់គ្រងសតិស្មារតីលែងបានតែម្ដង។

 អាថ៌កំបាំងក្នុងសមាធិក៏ដូចគ្នាដែរ ពេលជីវិតជួបទុក្ខសោក មិនព្រមទៅរៀនឈ្វេងយល់ពីសច្ចៈធម៌ដែលជាថ្នាំព្យាបាលទេ វាបែរជាចង់បានសមាធិចិត្តស្ងប់ឯណាឆ្កុយ អាហ្នឹងថ្នាំញៀនបំផ្លាញជីវិតទេតើ។ បើចង់ទៅសមាធិដើម្បីបានចិត្តស្ងប់ នៅផ្ទះដេកស្ដាប់ព្រះធម្មទេសនាតាមយូធូបវិញទៅ វាល្អជាង!

 

 

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត