សម្តែងអំពីអរិយមគ្គមានអង្គ៨ប្រការ
ពាក្យថា អរិយមគ្គ ប្រែថា ជាមាគា៌ដ៏ប្រសើរ ប្រព្រឹត្តទៅ
ដើម្បីរួចចាកទុក្ខ ។
អរិយមគ្គនេះមានអង្គ ៨ ប្រការគឺ
១ - សម្មាទិដ្ឋិ > ប្រាជ្ញាយល់ឃើញត្រូវ
២ - សម្មាសង្កប្បៈ > សេចក្តីត្រិះរិះត្រូវ
៣ - សម្មាវាចា > សម្តីត្រូវ
៤ - សម្មាកម្មន្តៈ > ការងារត្រូវ
៥ - សម្មាអាជីវៈ > ការចិញ្ចឹមជីវិតត្រូវ
៦ - សម្មាវាយាមៈ > ព្យាយាមត្រូវ
៧ - សម្មាសតិ > ការរលឹកត្រូវ
៨ - សម្មាសមាធិ > ការតម្កល់ចិត្តឲ្យនឹងត្រូវ ។
អធិប្បាយ
១- សម្មាទិដ្ឋិ គឺប្រាជ្ញាយល់ឃើញត្រូវ បានដល់ប្រាជ្ញា
ដឹងក្នុងអរិយសច្ចៈ ៤ យ៉ាងគឺ
១.ទុក្ខ ជាធម្មជាតិដែលនាំឲ្យលំបាកព្រួយមានជាតិ
ជរា ព្យាធិ មរណៈជាដើម ។
២.ទុក្ខសមុទយ ជាហេតុបណ្តាលឲ្យកើតទុក្ខ បានដល់
តណ្ហា ទាំង៣ ។
៣. ទុក្ខនិរោធ គឺព្រះនិព្វានរលត់តណ្ហា ដែលជាហេតុបណ្តាលឲ្យកើតទុក្ខ ។
៤. ទុក្ខនិរោធគាមិនីបដិបទា ជាមាគា៌នាំឲ្យទៅកាន់ទី
រលត់ទុក្ខ ។
២- សម្មាសង្កប្ប គឺសេចក្តីត្រិះរិះត្រូវ បានដល់ សេចក្តី
ត្រិះរិះត្រូវ៣ យ៉ាងគឺ
១.នេក្ខម្មសង្កប្ប គឺសេចក្តីត្រិះរិះក្នុងការចេញចាកកាម
២.អព្យាបាទសង្កប្ប គឺសេចក្តីត្រិះរិះក្នុងការមិនព្យាបាទ
៣.អវិហឹសាសង្កប្ប គឺសេចក្តីត្រិះរិះក្នុងការមិនបៀតបៀន
៣- សម្មាវាចា គឺសម្តីត្រូវ បានដល់ ការវៀរចាក
វចីទុច្ចរិត៤ យ៉ាងគឺ
១.មុសាវាទា វេរមណី គឺវៀរចាកសម្ដីកុហក
២.បិសុណាយ វាចាយ វេរមណី គឺវៀរចាកសម្តីញុះញង់
៣.ផរុសាយ វាចាយ វេរមណី គឺវៀរចាកសម្តីទ្រគោះ
៤.សម្ផប្បលាបា វាចាយ វេរមណី គឺវៀរចាកសម្តីឥតប្រយោជន៍។
៤- សម្មាកម្មន្ត គឺការងារត្រូវ បានដល់ ការវៀរចាកកាយទុច្ចរិត ៣ យ៉ាងគឺ
១. បាណាតិបាតា វេរមណី គឺវៀរចាកការសម្លាប់សត្វ
២. អទិន្នាទានា វេរមណី គឺវៀរចាកការលួចទ្រព្យអ្នកដទៃ
៣. កាមេសុមិច្ឆាចារា វេរមណី គឺវៀរចាកការប្រព្រឹត្តខុស
ក្នុងកាមទាំងឡាយ ។
៥- សម្មាអាជីវៈ គឺកិរិយាចិញ្ចឹមជីវិតត្រូវ សម្រាប់គ្រហស្ថ
បានដល់ វៀរចាកជំនួញខុស៥យ៉ាងគឺ ការជួញមនុស្ស១
ការជួញគ្រឿងសាស្ត្រាវុធ១ ការចិញ្ចឹមសត្វកាប់យកសាច់
ទៅលក់១ ការជួញថ្នាំពិស១ ការជួញគ្រឿងស្រវឹង១ ។
និងកិរិយាលះបង់ការបំបាត់ដោយជញ្ជីង ការធ្វើជាសាក្សីកោងជាដើម ។ សម្រាប់បព្វជិត បានដល់ ការលះបង់មិច្ឆាអាជីវៈដោយអនេសនៈ បាបធម៌ជាដើម ។
៦- សម្មាវាយាម គឺព្យាយាមត្រូវ បានដល់សម្មប្បធាន
៤យ៉ាងគឺ
១.សំវរប្បធាន គឺព្យាយាមប្រយ័ត្នមិនឲ្យបាបកើតឡើង
២.បហានប្បធាន គឺព្យាយាមលះបាបដែលកើតឡើង
៣.ភាវនាបធាន គឺព្យាយាមញុំាងកុសលឲ្យកើតឡើង
៤.អនុក្ខនាបធាន គឺព្យាយាមរក្សាកុសលដែលកើតឡើងហើយ មិនឲ្យសាបសូន្យទៅវិញ ។
៧- សម្មាសតិ គឺការរលឹកត្រូវបានដល់សតិប្បដ្ឋាន៤គឺ
១.កាយានុបស្សនាសតិប្បដ្ឋាន គឺកិរិយាតម្កល់សតិ
ខ្ជាប់ខ្ជួន ពិចារណារឿយៗក្នុងកាយ
២.វេទនានុបស្សនាសតិប្បដ្ឋាន គឺកិរិយាតម្កល់សតិ
ខ្ជាប់ខ្ជួន ពិចារណារឿយៗក្នុងវេទនា
៣.ចិត្តានុបស្សនាសតិប្បដ្ឋាន គឺកិរិយាតម្កល់សតិ
ខ្ជាប់ខ្ជួន ពិចារណារឿយៗក្នុងចិត្ត
៤.ធម្មានុបស្សនាសតិប្បដ្ឋាន គឺកិរិយាតម្កល់សតិ
ខ្ជាប់ខ្ជួន ពិចារណារឿយៗក្នុងធម៌ ។
៨- សម្មាសមាធិ គឺសមាធិត្រូវ បានដល់ឈាន៤ ដែល
ភិក្ខុស្ងប់ស្ងាត់ចាកកាមទាំងឡាយ ចាកអកុសលធម៌ទាំងឡាយហើយបានសម្រេចគឺ
១.បឋមជ្ឈាន ប្រកបដោយ វិតក្កៈ វិចារៈ មានបីតិ សុខៈ កើតអំពីវិវេក.
២.ទុតិយជ្ឈាន រម្ងាប់វិតក្កៈ វិចារៈ មានបីតិ សុខៈ
កើតអំពីវិវេក.
៣.តតិយជ្ឈាន ប្រាសចាកបីតិ មានសុខៈ និងឧបេក្ខា.
៤.ចតុត្ថជ្ឈាន លះបង់សុខនិងទុក្ខ មិនមានសោមនស្ស ទោមនស្ស ជាអទុក្ខមសុខៈ មានសតិប្រកបដោយ
ឧបេក្ខាដ៏បរិសុទ្ធ ។
ចប់សេចក្តីអធិប្បាយអំពីអរិយមគ្គប្រកបដោយអង្គ៨
ប្រការ,សូមសប្បុរសទាំងឡាយ គប្បីរស់នៅក្នុងមាគា៌
នៃព្រះធម៌ ដ៏ឧត្តមប្រសើរ ។
សាធុ!សាធុ!សាធុ!ខ្ញុំព្រះករុណា អាត្មា ជ្រះថ្លាយ៉ាងក្រៃ
លែងចំពោះព្រះធម្មរតនដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។
សូមអនុមោទនា!...មហាបុណ្យកុសលធម្មទាន........។
សូមអនុមោទនា!!!
ការចែករំលែក (Share) របស់លោកអ្នកជាចំនែក
នៃធម្មទានក្នុងការផ្សព្វផ្សាយព្រះពុទ្ធសាសនា ។
No comments:
Post a Comment