បុណ្យវិសាខបូជា ជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនា រាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏ សំខាន់សម្រាប់ រំលឹកដល់ព្រះពុទ្ធសមណគោត្តមបរមគ្រូ នាថ្ងៃពេញបូណ៌មី ថ្ងៃ១៥កើត ខែសាខ ដែលពុទ្ធសាសនិកទាំងព្រះសង្ឃ និងគ្រហស្ថតែងធ្វើសក្ការបូជាប្រកបដោយជំនឿថាជា មហាកុសលដ៏ប្រសើរ ។
ការដែលប្រារព្ធពិធីបូជានាថ្ងៃ១៥កើត ខែវិសាខនេះ អាស្រ័យដោយលោកអ្នកប្រាជ្ញខាងព្រះពុទ្ធសាសនាបានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិថា ជាមហាមង្គលអភិលក្ខិតកាល គឺជាថ្ងៃមហាមង្គល ត្រូវនឹងថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូទ្រង់ប្រសូតចាកឧទរមាតា, ទ្រង់ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ និងទ្រង់រំលត់ខន្ធចូលកាន់ព្រះនិព្វាន ។
សម្តេចព្រះបរមសាស្ត្រចារ្យរបស់យើងទ្រង់ប្រសូត ត្រាស់ដឹង និងទ្រង់បរិនិព្វានសុទ្ធតែក្នុងថ្ងៃពេញបូណ៌មី ខែវិសាខទាំងអស់ប្លែកគ្នាតែឆ្នាំប៉ុណ្ណោះ ។ ព្រោះហេតុនោះហើយបានជាអ្នកប្រាជ្ញចងក្រងជាគាថាទុកដូច្នេះថា អាសាឡ្ហបុណ្ណមោក្កន្តោ វិសាខេ យេវ និក្ខមិ វិសាខបុណ្ណមី សម្ពុទ្ធោ វិសាខេ បរិនិព្វុតោ ។ សេចក្តីថា ព្រះពុទ្ធទ្រង់យាងចុះកាន់គភ៌នៃព្រះវរមាតា ក្នុងថ្ងៃពេញបូណ៌មី ខែអាសាធ ទ្រង់ប្រសូតក្នុងថ្ងៃពេញបូណ៌មី ខែវិសាខ បានត្រាស់ជាព្រះពុទ្ធក្នុងថ្ងៃពេញបូណ៌មី ខែវិសាខ និងទ្រង់ចូលបរិនិព្វានក៏ក្នុងថ្ងៃពេញបូណ៌មី ខែវិសាខ ផ្សេងតែឆ្នាំប៉ុណ្ណោះ ។
ព្រះអង្គទ្រង់ប្រសូតនៅថ្ងៃសុក្រ ពេញបូណ៌មី ខែវិសាខ ឆ្នាំច វេលាជិតថ្ងៃត្រង់ មុនពុទ្ធសករាជ ៨០ឆ្នាំ នៅឧទ្យានលុម្ពិនី ព្រៃសាលព្រឹក្ស ចន្លោះនគរទាំងពីរគឺ នគរកបិលពស្តុ និងទេវទហៈ ។ ឧទ្យានលុម្ពិនីសព្វថ្ងៃនេះស្ថិតនៅក្នុងប្រទេសនេប៉ាល់ មានចម្ងាយ២៧គីឡូវម៉ែត្រពីព្រំដែននៃប្រទេសឥណ្ឌា ។
ព្រះអង្គទ្រង់ត្រាស់ដឹងនៅថ្ងៃពុធ ពេញបូណ៌មី ខែវិសាខ ឆ្នាំរកា វេលាជិតភ្លឺ មុនពុទ្ធសករាជ៤៥ឆ្នាំ ក្នុងព្រះជន្ម៣៥ឆ្នាំ ។ ទីស្ថានដែលព្រះអង្គបានត្រាស់ដឹងជាសព្វញ្ញូពុទ្ធ ហៅថាពុទ្ធគយាស្ថិតនៅក្នុងរដ្ឋពីហាប្រទេសឥណ្ឌាសព្វថ្ងៃ ។
ព្រះអង្គទ្រង់បរិនិព្វានក្នុងថ្ងៃអង្គារ ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់ វេលាជិតបែកបច្ចូសម័យ មុនពុទ្ធសករាជ១ថ្ងៃក្នុងព្រះជន្ម៨០ឆ្នាំ គត់ ត្រង់ចន្លោះដើមសាលព្រឹក្សទាំងគូក្នុងក្រុងកុសិនារា ។ សព្វថ្ងៃនេះទីក្រុងកុសិនារាត្រូវបានគេហៅថា ក្រុងកុសិនាហ្គារ៍ (កុសិនគរ) ឬហៅថាក្រុងកាស្យា ស្ថិតនៅក្នុងរដ្ឋឧត្តរប្រទេសរបស់ឥណ្ឌា ៕ សាន សារិន
https://kohsantepheapdaily.com.kh/article/1310822.html
No comments:
Post a Comment