នៅនគរសាមលមានព្រះមហាក្សត្រមួយព្រះអង្គមានព្រះនាមថា
ព្រះបាទសាមលរាជមានមហេសីព្រះនាមសាមលទេវី និងបុត្រីប្រាំពីរអង្គ
ដែលមានរូបឆោមស្រស់ប្រិមប្រិយដូចស្រីសួគ៌។
ដោយទ្រង់យល់ឃើញថាបុត្រទាំងអស់នាំគ្នារើសស្វាមីទ្រង់បានកំណត់ថាបើបុត្រីពេញចិត្តបុរសណាត្រូវយកកម្រងផ្កាទៅបំពាក់ឲ្យបុរសនោះ។
ពិធីរើសស្វាមីបានប្រព្រឹត្តទៅដោយព្រះនាងទាំងប្រាំមួយអង្គបានរើសស្វាមីម្នាក់មួយៗលើកលែងតែបុត្រីពៅដែលរើសមិនបានស្វាមីនឹងគេ។
ដោយទ្រង់យល់ឃើញថា
បុត្រីពៅរបស់ព្រះអង្គមិនបានពេញចិត្តលើបុរសណាមួយក្នុងចំណោមបុរសទាំងអស់នោះ។
អាស្រ័យហេតុនេះហើយទើបព្រះអង្គបញ្ជាឲ្យមន្ត្រីអាមាត្យប៉ាវគងប៉ាវឃ្មោះ
និងលេងភ្លេងផង
ប្រសិនបើបុត្រីពៅពេញចិត្តបុរសណាត្រូវយកកម្រងផ្កាទៅបំពាក់ឲ្យបុរសនោះ
ប៉ុន្តែព្រះនាងនៅតែមិនពេញចិត្តដដែល។ ដោយទាល់តម្រិះ
ព្រះអង្គក៏ឲ្យអាមាត្យទៅហៅអស់រាស្ត្របុរស ទាំងចាស់ ទាំងក្មេង
ឲ្យមកចូលរួមពិធីជ្រើសរើសព្រះស្វាមី
ប៉ុន្តែទោះបីជាយ៉ាងណាក៏ព្រះនាងនៅតែមិនពេញព្រះទ័យនឹងនរណាម្នាក់ឡើយ។
ដោយនៅក្នុងនគរទាំងមូលនៅសល់តែបុរសតែម្នាក់គត់ជាបុរសដែលមានមុខមាត់អាក្រក់គួរឲ្យខ្លាច។
នៅពេលនោះព្រះបាទសាមលរាជបានចាត់ឲ្យសេនាមាត្យទាំងឡាយទៅហៅមនុស្សងោះនោះមក។
គ្រាដែលមនុស្សងោះនៅទល់នឹងព្រះភ័ក្រ្ក ព្រះនាងពៅរចនាទេវី
មនុស្សងោះបានអធិដ្ឋានថា "ប្រសិនបើអត្មាអញ
និងព្រះនាងពៅរចនាទេវីជាគូនឹងគ្នាពិតពីអតីតជាតិមកសូមឲ្យនាងយល់នូវអង្គអញនៅក្នុងស្រោមងោះ"។
ពេលនោះព្រះនាងពៅរចនាទេវីបានយល់នូវរូបព្រះអង្គដែលនៅក្នុងស្រោមងោះជាបុរសដែលមានរូបឆោមលោមពណ៌ស្រស់ត្រកាល
ព្រះនាងទ្រង់យាងទៅកាន់ព្រះអង្គជាមួយការកាន់នូវកម្រងផ្កាយកទៅបំពាក់លើដៃចៅងោះ។
ប្រការនេះបានធ្វើឲ្យសព្វមុខមន្ត្រី ស្តេចចម្រុះ
និងរាស្ត្រមានការភ្ញាក់ផ្អើល និងសើចចំអកជាខ្លាំង
នឹងព្រះនាងរហូតដល់ហូរព្រះជលនេត្រដោយពុំចេញវាចា។
ដោយខ្មាស់គេខ្លាំងពេកទ្រង់ក៏បានបញ្ជាឲ្យអាមាត្យសង់លំនៅដ្ឋានឲ្យអ្នកទាំងពីរនៅក្រៅនគរ។
ចំណែកខ្យងស័ង្ខជារៀងរាល់យប់ស្ងាត់តែងតែដោះស្រោមងោះដើម្បីផ្ទំជាមួយភរិយា
លុះព្រឹកឡើងទើបពាក់ស្រោមងោះដូចដើមវិញ។
ដោយទ្រាំនឹងការដៀលត្មិះពីសំណាក់មាតាបិតា និងបងៗមិនបាន
ព្រះនាងពៅរចនាទេវីទ្រង់ព្រះរាជតម្រិះថា
ព្រះស្វាមីអញជាបុរសដែលមានរូបសម្រស់ស្រស់ស្អាត
ហើយអ្វីដែលគេឃើញនេះគ្រាន់តែជាស្រោមដែលព្រះអង្គពាក់ពីក្រៅតែប៉ុណ្ណោះ
ហេតុនេះនៅរាត្រីនេះពេលទ្រង់ឡើងមកផ្ទំជាមួយអញស្កប់ស្កល់ហើយ
អញនឹងលួចយកស្រោមងោះនោះទៅដុតបំផ្លាញចោល។
ពេលរាត្រីបានមកដល់ព្រះនាងពៅរចនាបានយកស្រោមងោះទៅវាយនឹងអង្រែ
រួចហើយយកទៅដុតចោល ប៉ុន្តែដោយតេជះនៃស្រោមងោះមិនបានធ្វើឲ្យស្រោមងោះវិនាសទេ
នៅពេលព្រះស័ង្ខភ្ញាក់ពីដំណេកដូចសព្វមួយដងព្រះអង្គរកស្រោមងោះរបស់ព្រះអង្គ
ប៉ុន្តែអ្វីដែលធ្វើឲ្យព្រះអង្គនឹកស្មានមិនដល់គឺការទតឃើញពៅរចនាកំពុងបំផ្លាញនូវស្រោមងោះនោះចោល
ចាប់ពីថ្ងៃនោះមកមិនថាយប់ ឬថ្ងៃព្រះស័ង្ខពុំដែលដោះស្រោមងោះម្តងណាឡើយ។
ចំណែកព្រះបាទសាមលរាជ ដោយភាពស្អប់ខ្ពើមចំពោះចៅងោះខ្លាំងពេក
ព្រះអង្គបានរិះរកគ្រប់មធ្យោបាយដើម្បីសម្លាប់ចៅងោះចោល
ដើម្បីឲ្យព្រះនាងពៅរចនាអាចទទួលបានស្វាមីថ្មីដែលសក្តិសមនឹងព្រះនាង។
ព្រះអង្គបានឲ្យបុត្រាសុណិសារបស់ព្រះអង្គទាំងអស់ចេញទៅរកសត្វព្រៃ
បើបុត្រាណារកសត្វពុំបាននឹងត្រូវទទួលទោសស្លាប់។
បុត្រប្រសារទាំងប្រាំមូយម្នាក់ៗសុទ្ធតែមានពលសេនា
លើកលែងតែចៅងោះស្វាមីពៅរចនាដែលគ្មានពលសេនាសូម្បីតែម្នាក់។
នៅពេលដឹងដំណឹងនេះភ្លាម
ព្រះនាងពៅរចនាបានពានាំដំណឹងនេះមកថ្លាថ្លែងប្រាប់ស្វាមី។
ដោយក្តីអាណិតចំពោះភរិយា ព្រះស័ង្ខក៏ដោះនូវស្រោមងោះចេញ
ហើយហោះសំដៅទៅកណ្តាលទីព្រៃ។ ក្រោមម្លប់ជ្រៃ
ព្រះអង្គបានសូត្រមន្តដើម្បីអន្ទងហៅនូវសត្វម្រឹកដើម្បីយកទៅថ្វាយព្រះបិតាក្មេក។
ចំណែកបុត្រប្រសារផ្សេងៗសុទ្ធតែរកសត្វព្រៃបានតែម្នាក់មួយ
ហើយខ្លះក៏ខូចស្អុយរលួយអស់ទៅហើយ ព្រមទាំងត្រូវចាញ់ប្រាជ្ញរបស់ចៅងោះ
ដោយសុខចិត្តកាត់ច្រមុះខ្លួនឯងដើម្បីប្តូរយកសត្វព្រៃ។
ដោយសារការអសមត្ថភាពរបស់បុត្រប្រសារទាំងប្រាំមួយធ្វើឲ្យព្រះបាទសាមលរាជទ្រង់ខ្ញាល់យ៉ាងខ្លាំង។
លើកទីពីរ ទ្រង់បានបញ្ជាឲ្យបុត្រប្រសារទាំងអស់ចេញទៅរកត្រីម្តង។
លើកនេះបុត្រប្រសារទាំងប្រាំមួយទទួលបានសុទ្ធតែត្រីងាប់ទាំងអស់
ហើយថែមទាំងកាត់ស្លឹកត្រចៀករបស់ខ្លួនឯងដែលជាហេតុធ្វើឲ្យព្រះបាទសាមលរាជខ្ញាល់នឹងបុត្រប្រសារទាំងប្រាំមួយរបស់ព្រះអង្គម្តងទៀត។
លុះព្រឹកស្អែកឡើង
ព្រះបាទសាមលរាជទ្រង់ចេញព្រះរាជបញ្ជាឲ្យអាមាត្យទៅប្រាប់ដល់បុត្រទាំងអស់រៀបចំស្វាមីរបស់ខ្លួនឲ្យបានស្អាតបាទប្រដាប់ដោយគ្រឿងអលង្កការផ្សេងៗ។
ក្រោយពីទទួលដំណឹងនេះភ្លាមបុត្រីទាំងប្រាំមួយក៏ប្រញាប់ប្រញាល់រៀបចំឲ្យស្វាមីរបស់ខ្លួនរៀងៗខ្លួន។
ព្រះស័ង្ខដែលស្ថិតក្នុងស្រោមងោះ មិនខ្ចីខ្វាយខ្វល់នឹងសេចក្តីស្លាប់
ឬទោះជាព្រះនាងពៅរចនាទេវីយំសោកអង្វរយ៉ាងណាក៏ព្រះអង្គពុំយកព្រះទ័យទុកដាក់ដែរ។
ដោយមិនអាចធ្វើឲ្យស្វាមីយល់ និងធ្វើតាមបំណងរបស់ខ្លួនបាន
ព្រះនាងពៅរចនាទេវីក៏បានទៅក្រាបសុំក្តីសន្តោសពីព្រះបិតា។ ផ្ទុយទៅវិញ
ព្រះបាទសាមលរាជទ្រង់ខ្ញាល់នឹងព្រះនាងពៅរចនា
និងស្វាមីកាន់តែខ្លាំងឡើងៗរហូតដល់ចង់សម្លាប់ព្រះនាង និងស្វាមីចោល។
ពេលព្រះនាងវិលមកលំនៅដ្ឋានវិញ
ព្រះនាងបានរៀបរាប់នូវព្រឹត្តិការណ៍ទាំងអស់ប្រាប់ទៅស្វាមី។
ទោះបីព្រះស័ង្ខមានក្តីអាណិតអាសូរដល់ព្រះមហេសីទ្រង់យ៉ាងណាក៏ដោយ
តែដោយកាតព្វកិច្ច
និងគោលបំណងរបស់ព្រះអង្គមិនទាន់បានសម្រេចទ្រង់ក៏លាក់នូវក្តីអាណិតនោះទុកហើយទ្រង់ព្រះតម្រិះ។
ចំណែកព្រះនាងពៅរចនាទេវី ដោយមិនអាចសុំសេចក្តីសន្តោសពីព្រះស្វាមីបាន
ចាប់តាំងពីពេលនោះមកអស់រយៈពេលប្រាំពីរថ្ងៃ
ប្រាំពីរយប់ព្រះនាងមិនបានបរិភោគអាហារ
ព្រះនាងព្រះកន្សែងរៀងរាល់ថ្ងៃរហូតដល់សន្លប់
នៅពេលភ្ញាក់ពីការសន្លប់ព្រះនាងមានព្រះបន្ទូលថា "ព្រះស្វាមីអូនលាហើយ"
មានព្រះបន្ទូលតែប៉ុណ្ណោះ ព្រះនាងក៏ក្ស័យជន្មាបាត់ទៅ។
នៅពេលដែលព្រះនាងពៅរចនាទេវីសោយទីវង្គត ភាពកក្រើក
និងក្តៅក្រហាយកើតមានដល់ព្រះឥន្ទ្រ។
ព្រះឥន្ទ្រក៏បើកទិព្វចក្ខុទតមកកាន់សាមលបុរីរួចក៏យល់អស់នូវសេចក្តី។
ព្រះឥន្ទ្ររិះរកនូវដំណោះស្រាយដើម្បីស្រាយចំណងក្នុងចិត្តរបស់ព្រះស័ង្ខ
និងធ្វើឲ្យព្រះនាងពៅរចនាមានព្រះជន្មឡើងវិញ។
ព្រះឥន្ទ្របានត្រាស់បង្គាប់ឲ្យព្រះពិស្ណុកាប្រែកាឡាជាទូតទៅសុំប្រកួតល្បែងវាយឃ្លីជាមួយព្រះបាទសាមលរាជ
រីឯលក្ខខណ្ឌគឺដាក់ព្រះរាជនគរ។
ព្រះបាទសាមលរាជមានការភិតភ័យជាខ្លាំងចំពោះដំណឹងនេះ។
ព្រះបាទសាមលរាជបានគម្រាមបុត្រប្រសារទាំងឡាយថានឹងទទួលទោសស្លាប់
បើពុំបានទទួលជោគជ័យក្នុងការប្រកួត។ ថ្ងៃប្រកួតបានមកដល់។
ដោយអំណាចតេជះរបស់ព្រះឥន្ទ្រ
បុត្រប្រសាររបស់ព្រះបាទសាមលរាជទាំងប្រាំមួយគ្មានម្នាក់ណាអាចយកឈ្នះព្រះឥន្ទ្រឡើយ។
ដោយក្តីអាម៉ាស់ចំពោះអាណាប្រជានុរាស្ត្រ
សេចក្តីអស់សង្ឃឹមបានចូលមកគ្របដណ្តប់លើព្រះភ័ក្ត្ររបស់ព្រះបាទសាមលរាជ។
កាលនោះព្រះអគ្គមហេសីសាមលរាជក្សត្រីពុំភិតភ័យឡើយ
និងលើកទឹកចិត្តព្រះស្វាមីកុំឲ្យអស់សង្ឃឹម
ហើយក៏បានរំលឹកដល់កម្លាំងពលំរបស់ចៅងោះបុត្រប្រសារពៅ
និងស្នើសុំឲ្យព្រះអង្គហៅចៅងោះមកសាកស្នាដៃជាមួយក្សត្រអង្គនេះ (ព្រះឥន្ទ្រ)។
ដោយគ្មានជម្រើស ព្រះបាទសាមលរាជក៏អនុញាតឲ្យអគ្គមហេសីទៅកោះហៅបុត្រប្រសារពៅ
គឺចៅងោះមកសាកល្បងប្រកួត។ ពេលទៅដល់លំនៅរបស់ព្រះនាងពៅរចនា
ព្រះអគ្គមហេសីមានការរន្ធត់ជាពន់ពេក
ដោយសារការចូលទិវង្គត់របស់បុត្រីជាទីស្រឡាញ់។
ក្រោយពេលនាងពៅរចនាដឹងព្រះកាយវិញ
ព្រះមាតាទ្រង់បានរៀបរាប់ពីព្រឹត្តិការណ៍នៃការប្រកួតវាយឃ្លី
ហើយសុំស្នើឲ្យព្រះស័ង្ខទៅចូលរួមប្រកួតវាយឃ្លីនោះ។
ព្រោះតែភាពស្មោះត្រង់របស់ព្រះនាងពៅរចនា រួមនឹងក្តីអាណិតអាសូរផង
ហើយនឹងភាពវឹកវរដល់ព្រះនគរផង
ព្រះស័ង្ខក៏យល់ព្រមទទួលយកសំណើររបស់ព្រះនាងពៅរចនា និងព្រះមាតា
ដោយព្រមដោះស្រោមងោះចេញ ហើយទៅប្រកួតវាយឃ្លីនោះ។ ក្នុងរូបរាងពិបប្រាកដ
ព្រះស័ង្ខបានចេញទៅប្រកួតវាយកូនឃ្លីយ៉ាងអង់អាចបំផុត។
ក្នុងការប្រកួតនេះអស់បណ្តាទេវតាទាំងពួងបានចុះមកអបអរសាទរជាច្រើន។
ជ័យជំនះធ្លាក់ទៅលើព្រះស័ង្ខ។ ក្រោយការប្រកួត ដោយសារភាពអង់អាច
និងរូបសម្បត្តិដ៏ល្អល្អះរបស់ព្រះស័ង្ខធ្វើឲ្យព្រះបាទសាមលរាជមានការពេញចិត្តជាខ្លាំងទៅលើព្រះស័ង្ខ
ទ្រង់បានប្រគល់រាជសម្បត្តិទៅព្រះស័ង្ខជាបុត្រប្រសារ
ហើយអភិសេកព្រះនាងពៅរចនាជាព្រះរាជអគ្គមហេសីដែលមានកិត្តិយសលើសអស់បងៗព្រះនាង។
ថ្លែងពីព្រះបាទវិមលរាជនៅនគរសោឡស ក្នុងរាត្រីថ្ងៃមួយ
ព្រះឥន្ទ្របានតំណែងខ្លួនជាអសុរទៅពន្យល់សប្តិព្រះបាទយសវិមលរាជ
ដៃកាន់ដំបងប៉ុនដើមត្នោត
ស្រែកសន្ធប់ទៅកាន់ព្រះបាទវិមលរាជថាជាស្តេចល្ងង់ខ្លៅ មិនស្គាល់ខុសត្រូវ
ជឿតាមពាក្យញុះញង់នាងឆន្ទាកំណាច។
បើស្តេចមិនទៅយាងព្រះនាងចន្ទទេវីចូលព្រះនគរវិញទេ
៧រាត្រីទៀតនឹងវាយបំបែកក្បាលជា៧ចំណែក។
ហើយព្រះឥន្ទ្រប្រាប់ថាខ្យងស័ង្ខកុមារមិនស្លាប់ទេ
ឥឡូវកំពុងសោយរាជ្យនៅសាមលមហានគរ។
លុះព្រឹកឡើង
ព្រះបាទយសវិមលរាជរូតរះម្នីម្នារៀបចំជាក្បួនដង្ហែទៅទទួលព្រះនាងចន្ទទេវីមកកាន់ព្រះរាជនគរវិញ។
ដោយសារការពុំទទួលយល់ព្រមក្នុងការយាងចូលព្រះរាជនគរវិញរបស់ព្រះនាងចន្ទទេវី
ព្រះបាទយសវិមលរាជទ្រង់ឆ្វេងយល់ថា ដោយសារតែនាងឆន្ទា និងយាយស្មេធា
ដែលរួមគំនិតគ្នាក្នុងការធ្វើស្នេហ៍ដាក់ទ្រង់
និងមានគំនិតមិនល្អចំពោះព្រះនាងចន្ទទេវី
ទ្រង់បានបញ្ជាឲ្យសេនាចាប់ខ្លួនអ្នកទាំងពីរយកទៅប្រហារជីវិតដោយឲ្យដំរីចុះប្រេងជាន់ស្លាប់។
ព្រះបាទយសវិមលរាជបានទៅទទួលព្រះនាងចន្ទទេវីម្តងទៀត ដោយការអង្វរករ
ព្រះនាងចន្ទទេវីក៏យល់ព្រមយាងចូលព្រះរាជនគរវិញ តែមុននឹងព្រះនាងយាងចូលនគរវិញ
ព្រះនាងបានធ្វើការសម្តែងនូវភាពបរិសុទ្ធរបស់ទ្រង់ចំពោះព្រះស្វាមី
ដោយទ្រង់ធ្វើដំណើរកាត់ភ្លើងដែលកំពុងឆេះរងំ។ ភាពអស្ចារ្យបានកើតឡើង
ភ្លើងក្លាយទៅជាផ្កាឈូកទ្រព្រះបាទព្រះនាង
ព្រះកាយព្រះនាងបានប្រែជាស្រស់ស្អាតដូចស្រីសួគ៌។
ឃើញភាពអស្ចារ្យបែបនេះព្រះបាទយសវិមលរាជរឹតតែមានចិត្តអាណិត
និងស្រឡាញ់ព្រះមហេសីកាន់តែខ្លាំងឡើង។ ក្នុងដំណើរវិលមកកាន់ព្រះរាជនគរវិញ
ព្រះបាទយសវិមលរាជ និងព្រះមហេសី
បានក្លែងព្រះកាយជារាស្ត្រដើម្បីចូលទៅនគរដែលព្រះស័ង្ខទ្រង់គ្រងរាជ្យ
ហើយដើម្បីជួបបុត្រកំសត់របស់ទ្រង់ផង។
ដោយសារតែមានការលំបាកក្នុងការទៅជួបព្រះស័ង្ខ
ព្រះនាងចន្ទទេវីបានបន្លំធ្វើជាចុងភៅ។
សម័យថ្ងៃមួយ ព្រះនាងចន្ទទេវីបានរៀបចំព្រះស្ងោយសម្រាប់ព្រះស័ង្ខ
ដោយទ្រង់បានចិតបន្លែជាដំណើររឿងដែលទ្រង់បានបែកពីបុត្រ។
កាលបើបានឃើញនូវព្រះស្ងោយហើយ
ព្រះស័ង្ខបានប្រញាប់ទៅជួបព្រះមាតាភ្លាមមដោយក្តីនឹករលឹក
ទ្រង់ទាំងពីរបានក្ស័យព្រះជន្មាទៅ។
ឃើញដូចនេះព្រះនាងពៅរចនាទេវីបានសោយសោករហូតដល់ក្ស័យព្រះជន្មាទៅតាមដែរ។
ស្ថានភាពនេះបានធ្វើឲ្យមានភាពរង្គោះរង្គើ និងក្តៅក្រហាយដល់ព្រះឥន្ទ្រាធិរាជ
ហើយទ្រង់ក៏បានយាងចុះមកប្រស់ព្រំជីវិតក្សត្រទាំងបីឲ្យមានព្រះជន្មវិញ។
ក្រោយទ្រង់ដឹងព្រះកាយវិញ
ព្រះនាងចន្ទទេវីបាននាំព្រះស័ង្ខទៅជួបព្រះបាទយសវិមលរាជជាបិតា
ហើយបានពន្យល់នូវហេតុការណ៍ផ្សេងៗឲ្យព្រះស័ង្ខបានយល់នូវដំណើររឿងទាំងឡាយ។
រឿងរ៉ាវទាំងឡាយត្រូវបានស្រាយបំភ្លឺ
ព្រះស័ង្ខត្រូវឡើងគ្រងរាជ្យបន្តពីព្រះបិតា។
ក្រោយឡើងគ្រងរាជ្យរបស់ព្រះស័ង្ខ
ព្រះបាទយសវិមលរាជបានរៀបចំឲ្យទ្រង់រៀបអភិសេកជាមួយព្រះនាងឆន្ទីជាមហេសីទីពីរ
ទ្រង់បានឲ្យព្រះនាមទៅព្រះនាងឆន្ទីថា សុវណ្ណធីតា។
ក្រោមការគ្រប់គ្រងរបស់ព្រះស័ង្ខ
ឬព្រះបរមឧត្តមពោធិសត្វនគរទាំងពីរទទួលបាននូវក្តីសុខសន្តិភាព ទាំងនគរ
ទាំងក្រុមគ្រួសារ។ បីឆ្នាំក្រោយមកព្រះមហសីទាំងពីរបានប្រសូតបុត្រម្នាក់មួយ
ព្រះនាងពៅរចនាទេវីប្រសូតបានបុត្រាមួយព្រះអង្គប្រកបដោយរូបឆោមលោមពណ៌ដ៏ត្រកាល
រីឯព្រះនាងសុវណ្ណធីតាប្រសូតបានបុត្រីមួយព្រះអង្គដែលប្រកបដោយរូបឆោមស្រស់សោភាប្រៀបបានស្រីសួគ៌ា។
ក្រោយមកព្រះស័ង្ខបានរៀបអភិសេកទ្រង់ទាំងពីរ
ហើយប្រគល់រាជសម្បត្តិនៅសាឡសមហានគរឲ្យបុត្រទាំងពីរ។
ព្រះខ្យងស័ង្ខក៏បានរៀបអភិសេកព្រះរាជអគ្គមហេសីរចនាទេវីជាធំលើសក្សត្រី។
សោយរាជ្យអស់កាលយ៉ាងយូរ ព្រះជន្មបានមួយរយដប់ព្រះវស្សាទ្រង់បានសោយទិវង្គត់
ហើយបានឡើងទៅកាន់វិមានតុសិតសួគ៌ាជួបជុំព្រះមហេសី និងព្រះមាតារបស់ទ្រង់។
ការយោនយកកំណើត នាងឆន្ទាចាប់ជាតិជាប្រពន្ធទេវទត្ត។ ស្មេធាចាប់ជាតិជាសាត្រី
ឬសារវន្ទ្រីយ៍។ យក្សពន្ធរសចាប់ជាតិជានាងពៃសាខា។
ព្រះបាទសាមលរាជចាប់ជាតិជាព្រះមហាអានន្ត។
ព្រះបាទយសវិមលរាជចាប់ជាតិជាព្រះសុទ្ធោទន៍។
ចន្ទទេវីយកជាតិជាព្រះនាងសិរិមហាមាយា។ រចនាទេវី យកជាតិជានាងពិម្ពា។
សុវណ្ណធីតាយកជាតិជានាងសុជាតា។ សុវណ្ណកុមារយកជាតិជារាហុលកុមារ។
នាងសុវណ្ណទេវីយកជាតិជាឧប្ឃលវណ្ណា។ ឯសុវណ្ណខ្យងស័ង្ខ យកជាតិជាព្រះសិទ្ធាថ៌
គឺព្រះសម្មាសម្ពុទ្ធ៕
- ប្រធានរឿង៖ និយាយពីដំណើរជីវិត របស់ព្រះពោធិសត្វដែលបានយោនយកកំណើតជាខ្យងស័ង្ខ។
- មូលបញ្ហារឿង៖ រឿងនេះមានបញ្ហាសំខាន់ៗដូចជា៖
- ស្នេហា និងការប្រកាន់វណ្ណៈ
- ព្រហ្មវិហាធម៌ និងកតញ្ញូ
- ការលោភលន់នឹងអំណាចបុណ្យសក្តិ
- ការសរជាតិនៃតួអង្គ៕
No comments:
Post a Comment