ឱវាទថ្ងៃឧបោសថសីល!!

១. ពេលអ្នកកើតមក តើអ្នកយកអ្វីមកជាមួយដែរ? ចុះពេលស្លាប់ទៅវិញ តើអ្នកយកអ្វីទៅវិញដែរ? មនុស្សកើតមកដោយខ្លួនទទេ ហើយស្លាប់ទៅវិញក៏ដូចគ្នាដែរ។ មនុស្សកើតនាំមកនូវជីវិតមួយ ហើយស្លាប់ទៅវិញក៏នាំយកជីវិតដដែលមួយនោះទៅវិញដែរ។ ដូចនេះ ស្លាប់ទៅយកអ្វីទៅវិញមិនសំខាន់នោះទេ សំខាន់តេីអ្នកបានបន្សល់ទុកអ្វីខ្លះ?
២. កើតមកជាអ្វីមិនសំខាន់ទេ ហើយរស់នៅក្នុងស្ថានភាពបែបណាក៏មិនសំខាន់ដែរ ហើយស្លាប់ទៅវិញក៏គ្មានអ្វីសំខាន់ដែរ។ ប៉ុន្តែអ្វីដែលសំខាន់ តើអ្នករស់ដើម្បីអ្វី? បង្កើតបានអ្វីខ្លះ? ពិសេសបានបន្សល់ទុកអ្វីខ្លះ ដ្បិតស្លាប់ទៅវិញ គ្មានអ្វីដែលត្រូវយកទៅជាមួយផងនោះ។ ដូចនេះមានរបស់តែមួយគត់ដែលមនុស្សបន្សល់ទុកនៅ គឺកេរ្តិ៍ឈ្មោះរបស់ខ្លួន។
៣. ល្អឬអាក្រក់ គឺយើងជាអ្នកកសាងឡើង ក្នុងពេលដែលយើងប្រើប្រាស់ជីវិតរបស់យើង។ បើអ្នកសាងអាក្រក់ ប្រាកដណាស់ថា ភាពអាក្រក់នោះឯងដែលត្រូវបន្សល់ទុករស់ ក្រោយពេលអ្នកស្លាប់។ បើអ្នកធ្វើល្អ នោះកេរ្តិ៍ឈ្មោះល្អក៏ស្ថិតស្ថេរនៅ ទោះបីអ្នកស្លាប់។ មនុស្សម្នាក់អាចរស់នៅយ៉ាងយូរបំផុត១០០ឆ្នាំ ហើយកេរ្តិ៍ឈ្មោះអាក្រក់ ក៏អាចសាយភាយក្នុងរយៈពេលច្រើនជាងនេះដែរ។
៤. បើអ្នកធ្វើអំពើអាក្រក់ច្រើន ហើយអាក្រក់ខ្លាំង នោះក្លិនអាក្រក់របស់វាក៏អាចសាយភាយខ្លាំង ឆ្ងាយ និងយូរអង្វែងដែរ។ អ្នកស្លាប់ទៅមិនអីទេ ពីព្រោះអ្នកមិនបានហិតក្លិនអាក្រក់នៃទង្វើរបស់អ្នកទេ ប៉ុន្តែកូនចៅឬចៅទូត និងញាតិមិត្តជាច្រើនសណ្តានរបស់អ្នកទេតើ ដែលត្រូវបន្តហិតក្លិនអាសោចទាំងនោះ។ លើលោកនេះគ្មានអ្វីដែលស្មុគស្មាញនោះទេ ហើយភាពពិតក៏មិនស្មុគស្មាញដែរ។ បើអ្នកសាងអាក្រក់ វានឹងភាយក្លិនមិនល្អ ហើយបើអ្នកសាងអំពើល្អ នោះក្លិនក្រហូបឈ្ងុយឈ្ងុបនឹងសាយភាយដូចគ្នាដែរ។
៥. អ្នកប្រាជ្ញ លេាកបានពេាលថា “កុំព្យាយាមក្លាយខ្លួនជាមនុស្សជោគជ័យ ប៉ុន្តែត្រូវក្លាយជាមនុស្សមានតម្លៃ”។ ត្រង់ន័យនេះ លោកពិតជាបានឱ្យតម្លៃលើគុណតម្លៃដែលមនុស្សបានសាង ជាជាងភាពដែលគ្រាន់តែជាជោគជ័យតែមួយមុខ៕
……………………………….……………………….

No comments:
Post a Comment