សុភូតិសូត្រ ទី៤ - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

សុភូតិសូត្រ ទី៤

ចែករំលែកចំណេះដឹង
🍃សុភូតិសូត្រ ទី៤
គ្រានោះ ព្រះសុភូតិ​ដ៏មានអាយុ ចូលទៅគាល់​ព្រះមានព្រះភាគ ជាមួយ​នឹង​សទ្ធភិក្ខុ លុះចូល​ទៅដល់​ហើយ ក៏ថ្វាយ​បង្គំ​ចំពោះ​ព្រះមានព្រះភាគ ហើយ​អង្គុយ​ក្នុងទី​សមគួរ។ លុះ​ព្រះសុភូតិ​ដ៏មានអាយុ អង្គុយ​ក្នុងទីសម​គួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាល​សុភូតិ ភិក្ខុនេះ​ឈ្មោះអ្វី។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុនេះ​ឈ្មោះ​សទ្ធៈ ជា​កូន​ឧបាសក អ្នកមាន​សទ្ធា បានចេញ​ចាកផ្ទះ ចូលមក​កាន់ផ្នួស ដោយ​សទ្ធា។
ម្នាល​សុភូតិ សទ្ធភិក្ខុ​នេះ ជាកូន​ឧបាសក​អ្នក​មានសទ្ធា បាន​ចេញ​ចាកផ្ទះ ចូលមក​កាន់​ផ្នួស​ដោយសទ្ធា និង​ប្រាកដ​ក្នុង​សទ្ធាចរិត​ទាំងឡាយ​ដែរឬ។ បពិត្រ​ព្រះមានព្រះភាគ កាលនេះ​ជាកាលគួរ ដល់​ព្រះអង្គ​ហើយ បពិត្រ​ព្រះសុគត កាលនេះ ជាកាល​គួរ ដល់​ព្រះអង្គ​ហើយ ព្រះមានព្រះភាគ គួរសំដែង​សទ្ធាចរិត​ទាំងឡាយ របស់​បុគ្គល​អ្នកមាន​សទ្ធា ទោះភិក្ខុ​នេះប្រាកដ​ក្នុង​សទ្ធាចរិតទាំងឡាយ​ក្តី មិន​ប្រាកដក្តី ខ្ញុំព្រះអង្គ​នឹង​ដឹង​ក្នុង​កាល​ឥឡូវ​នេះ។ ម្នាល​សុភូតិ បើដូច្នោះ អ្នកចូរ​ស្តាប់ ចូរធ្វើ​ទុកក្នុងចិត្ត ឲ្យ​ប្រពៃចុះ តថាគត​នឹង​សំដែង​ប្រាប់។ ព្រះ​សុភូតិដ៏​មានអាយុ ទទួល​ព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ​ត្រាស់​ដូច្នេះថា ម្នាលសុភូតិ ភិក្ខុ​ក្នុង​សាសនា​នេះ អ្នកមានសីល សង្រួម​ក្នុង​បាតិមោក្ខសំវរៈ បរិបូណ៌​ដោយ​អាចារៈ និង​គោចរៈ ឃើញភ័យ​ក្នុងទោស​ទាំងឡាយ សូម្បី​បន្តិចបន្តួច ហើយ​សមាទាន សិក្សា​ក្នុង​សិក្ខាបទ​ទាំងឡាយ។ ម្នាល​សុភូតិ ព្រោះជា​ភិក្ខុ ជាអ្នកមានសីល។បេ។ សមាទាន​សិក្សា ក្នុង​សិក្ខាបទ​ទាំងឡាយ ម្នាល​សុភូតិ នេះជា​សទ្ធាចរិត​របស់​បុគ្គល​អ្នក​មានសទ្ធា។
ម្នាលសុភូតិ មួយទៀត ភិក្ខុជាពហូសូត អ្នកទ្រទ្រង់​នូវពុទ្ធវចនៈ ដែលខ្លួន​បានស្តាប់​ហើយ សន្សំទុក​ពុទ្ធវចនៈ ដែលខ្លួន​បានស្តាប់​ហើយ ធម៌ទាំង​ឡាយណា មាន​លំអបទ​ដើម លំអបទកណ្តាល លំអបទចុង ប្រកាស​ព្រហ្មចរិយធម៌ ព្រមទាំងអត្ថ ទាំង​ព្យញ្ជនៈ​ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌​ទាំងឡាយ​មាន​សភាព​ដូច្នោះ ភិក្ខុនោះ ក៏បាន​ស្តាប់​ច្រើន បាន​ទ្រទ្រង់ ចាំស្ទាត់ រត់មាត់ ត្រិះរិះ​ដោយចិត្ត ត្រាស់ដឹង​ល្អដោយទិដ្ឋិ។ ម្នាល​សុភូតិ ភិក្ខុ​ជា​ពហូសូត។បេ។ ត្រាស់ដឹងល្អ​ដោយទិដ្ឋិ ម្នាល​សុភូតិ នេះជា​សទ្ធាចរិត របស់​បុគ្គល​អ្នកមាន​សទ្ធា។
ម្នាលសុភូតិ មួយវិញទៀត បុគ្គលជាភិក្ខុ តែងជា​អ្នកមាន​មិត្តល្អ មាន​សំឡាញ់ល្អ បែរឈម​ទៅរកមិត្តល្អ។ ម្នាល​សុភូតិ ព្រោះថាភិក្ខុ ជាអ្នក​មានមិត្តល្អ មាន​សំឡាញ់ល្អ បែរទៅ​រកមិត្តល្អ ម្នាល​សុភូតិ នេះជា​សទ្ធាចរិត របស់​បុគ្គល​អ្នក​មានសទ្ធា។
ម្នាលសុភូតិ មួយទៀត ភិក្ខុដែលគេ​ប្រដៅងាយ ប្រកប​ដោយធម៌​ទាំងឡាយ ជាគ្រឿង​ធ្វើនូវភាព​ជាអ្នក​ប្រដៅងាយ ជាអ្នក​អត់ធន់​ ទទួលយក​ពាក្យប្រៀន​ប្រដៅ ដោយ​ចំណែក​ខាងស្តាំ។ ម្នាល​សុភូតិ ព្រោះភិក្ខុ​ដែលគេ​ប្រដៅងាយ ប្រកប​ដោយ​ធម៌ទាំងឡាយ ជាគ្រឿង​ធ្វើនូវ​ភាពជា​អ្នកប្រដៅ​ងាយ ជាអ្នក​អត់ធន់ ទទួល​យក​ពាក្យ​ប្រៀន​ប្រដៅ ដោយ​ចំណែក​ខាងស្តាំ ម្នាល​សុភូតិ នេះជា​សទ្ធាចរិត របស់បុគ្គល​អ្នក​មានសទ្ធា។
ម្នាលសុភូតិ មួយទៀត កិច្ចទាំងឡាយ​ណាមួយ ធំ ឬតូច​របស់​សព្រហ្មចារីបុគ្គល​ទាំង​ឡាយ ភិក្ខុជា​អ្នក​ប៉ិនប្រសប់ មិនខ្ជិល​ច្រអូស ក្នុង​កិច្ច​ទាំងនោះ ប្រកប​ដោយ​ការ​ពិចារណា​ដោយ​ឧបាយ​ក្នុង​កិច្ច​ទាំងនោះ ជាបុគ្គល​អាចធ្វើ​បាន អាចចាត់​ចែងបាន។ ម្នាល​សុភូតិ ព្រោះ​កិច្ចទាំង​ឡាយណា របស់ស​ព្រហ្មចារីបុគ្គល​ទាំងឡាយ។បេ។ ភិក្ខុ​ជាអ្នក​អាច​ធ្វើបាន អាចចាត់​ចែងបាន ម្នាល​សុភូតិ នេះជា​សទ្ធាចរិត​របស់​បុគ្គល​អ្នកមាន​សទ្ធា។
ម្នាលសុភូតិ មួយទៀត ភិក្ខុជាអ្នក​ប្រាថ្នាធម៌ មាន​ការ​ហៅរក​ដោយ​ពាក្យ​ជាទី​ស្រឡាញ់ មាន​សេចក្តី​រីករាយ​ដ៏លើសលុប ក្នុង​អភិធម៌ និង​អភិវិន័យ។ ម្នាល​សុភូតិ ព្រោះភិក្ខុ​ជាអ្នក​ប្រាថ្នាធម៌ មាន​ការហៅ​រក​ដោយ​ពាក្យជា​ទីស្រឡាញ់ មាន​សេចក្តី​រីករាយ​ដ៏លើសលុប ក្នុង​អភិធម៌ និង​អភិវិន័យ ម្នាល​សុភូតិ នេះជា​សទ្ធាចរិត របស់​បុគ្គល​អ្នកមាន​សទ្ធា។
ម្នាលសុភូតិ មួយទៀត ភិក្ខុអ្នក​ប្រារព្ធ​ព្យាយាម ដើម្បី​លះបង់​អកុសលធម៌​ទាំង​ឡាយ ដើម្បី​ធ្វើកុសលធម៌​ទាំងឡាយ ឲ្យបរិបូណ៌ ជាអ្នក​មានកំឡាំង មាន​សេចក្តី​ប្រឹងប្រែង​មាំមួន មិនដាក់ធុរៈ ក្នុង​កុសលធម៌​ទាំង​ឡាយចោល។ ម្នាលសុភូតិ ព្រោះ​ភិក្ខុអ្នក​ប្រារព្ធ​ព្យាយាម។បេ។ ម្នាល​សុភូតិ នេះជា​សទ្ធាចរិត​របស់​បុគ្គល​អ្នក​មានសទ្ធា។
ម្នាលសុភូតិ មួយទៀត ភិក្ខុជាអ្នក​បានតាម​ប្រាថ្នា បាន​ដោយមិន​លំបាក បាន​ដោយងាយ​នូវ​ឈានទាំង ៤ ដែល​ប្រព្រឹត្តទៅ ក្នុងចិត្ត​ដ៏ថ្លៃថ្លា ជាគ្រឿង​នៅ​សប្បាយ ក្នុង​បច្ចុប្បន្ន។ ម្នាល​សុភូតិ ព្រោះភិក្ខុ​ជាអ្នកបាន​តាមប្រាថ្នា បានដោយ​មិនលំបាក បាន​ដោយ​ងាយ​នូវ​ឈានទាំង ៤ ដែល​ប្រព្រឹត្តទៅ​ក្នុង​ចិត្ត​ដ៏ថ្លៃថ្លា ជាគ្រឿង​នៅ​សប្បាយ ក្នុង​បច្ចុប្បន្ន ម្នាល​សុភូតិ នេះជា​សទ្ធាចរិត របស់​បុគ្គល​អ្នក​មានសទ្ធា។
ម្នាលសុភូតិ មួយទៀត ភិក្ខុរលឹក​ឃើញ​នូវជាតិ ដែលខ្លួន​ធ្លាប់​អាស្រ័យនៅ ក្នុង​កាល​មុន​ជាច្រើន​ជាតិ គឺរលឹក​ឃើញ​បាន ១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ មួយពាន់ជាតិ មួយសែនជាតិក៏បាន រលឹក​ឃើញ​បាន​ច្រើន​សំវដ្តកប្ប ច្រើន​វិវដ្តកប្ប ច្រើន​សំវដ្តវិវដ្តកប្ប​ក៏បាន ថា​អាត្មាអញ បាន​កើត​ក្នុងភព​ឯនោះ មានឈ្មោះ​យ៉ាងនេះ មានគោត្រ​យ៉ាងនេះ មាន​សម្បុរ​យ៉ាងនេះ មាន​អាហារ​យ៉ាងនេះ បានទទួល​សុខទុក្ខ​យ៉ាងនេះ មាន​កំណត់​អាយុ​ត្រឹមប៉ុណ្ណេះ លុះ​អាត្មាអញ​នោះ ច្យុតចាក​អត្តភាព​នោះ​ហើយ បានទៅ​កើតក្នុង​ទីណា លុះ​អាត្មាអញ​ទៅកើត​ក្នុង​ទីនោះហើយ មាន​ឈ្មោះយ៉ាង​នេះ មានគោត្រ​យ៉ាងនេះ មាន​សម្បុរ​យ៉ាង​នេះ មានអាហារ​យ៉ាងនេះ បាន​ទទួល​សុខទុក្ខ​យ៉ាងនេះ មាន​កំណត់អាយុ​ត្រឹម​ប៉ុណ្ណេះ លុះ​អាត្មាអញ​នោះ ច្យុតចាក​អត្តភាព​នោះហើយ ទើបបាន​មកកើត​ក្នុងទីនេះ (ភិក្ខុ) រលឹក​ឃើញ​ជាតិ​ដែលខ្លួន​ធ្លាប់​អាស្រ័យនៅ ក្នុងកាល​មុន បាន​ច្រើនជាតិ ព្រមទាំង​អាការ ទាំង​ឧទ្ទេស ដោយ​ប្រការ​ដូច្នេះ។
ម្នាលសុភូតិ ព្រោះភិក្ខុរលឹក​ឃើញ​ជាតិ ដែលខ្លួន​ធ្លាប់អាស្រ័យ​នៅ ក្នុង​កាលមុន គឺរលឹក​ឃើញ​បាន ១ជាតិ ២​ជាតិ។បេ។ រលឹក​ឃើញ​ជាតិ​ដែលខ្លួន​ធ្លាប់​អាស្រ័យនៅ ក្នុង​កាល​មុន​បានច្រើន​ជាតិ ព្រមទាំង​អាការ ទាំង​ឧទ្ទេស ដោយ​ប្រការ​ដូច្នេះ ម្នាល​សុភូតិ នេះជា​សទ្ធាចរិត​របស់​បុគ្គល​អ្នក​មានសទ្ធា។
ម្នាលសុភូតិ មួយទៀត ភិក្ខុមាន​ទិព្វចក្ខុ​ដ៏បរិសុទ្ធ កន្លង​ចក្ខុរបស់​មនុស្សធម្មតា បាន​ឃើញ​ពួកសត្វ​ដែលច្យុត និងការ​ចាប់​បដិសន្ធិ ជាសត្វ​ថោកទាប និងខ្ពង់ខ្ពស់ មាន​សម្បុរល្អ និង​សម្បុរអាក្រក់ ទៅកាន់​សុគតិ និងទុគ្គតិ ដឹងច្បាស់​នូវពួកសត្វ ដែល​អន្ទោល​ទៅតាម​យថាកម្ម (របស់ខ្លួន) ថា អើហ្ន៎ សត្វទាំងនេះ ប្រកប​ដោយ​កាយទុច្ចរិត ប្រកប​ដោយ​វចីទុច្ចរិត ប្រកប​ដោយ​មនោទុច្ចរិត ជាអ្នក​និយាយ​តិះដៀល នូវ​ព្រះអរិយបុគ្គល​ទាំង​ឡាយ មានសេចក្តី​យល់ខុស ប្រកាន់​មាំនូវ​អំពើដែល​យល់ខុស សត្វ​ទាំងនោះ លុះ​ដល់​បែកធ្លាយ​រាងកាយ​ស្លាប់ទៅ ក៏ទៅកើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក ពុំខាន អើហ្ន៎ ចំណែក​ពួកសត្វ​ទាំង​អម្បាលនេះ ប្រកប​ដោយ​កាយសុចរិត ប្រកប​ដោយ​វចីសុចរិត ប្រកប​ដោយ​មនោសុចរិត ជាអ្នក​មិននិយាយ​តិះដៀល​ព្រះអរិយបុគ្គល​ទាំងឡាយ មាន​សេចក្តី​យល់​ត្រូវ ប្រកាន់មាំ​នូវអំពើ​ដែល​យល់ត្រូវ សត្វ​ទាំងនោះ លុះបែក​ធ្លាយរាងកាយ ស្លាប់​ទៅ ក៏ទៅ​កើត​ក្នុងសុគតិ សួគ៌ ទេវលោក ភិក្ខុមាន​ទិព្វចក្ខុ​ដ៏​បរិសុទ្ធ កន្លង​នូវចក្ខុ​របស់​មនុស្ស​ធម្មតា មើលឃើញ​នូវពួក​សត្វដែល​ច្យុត និងការ​ចាប់​បដិសន្ធិ ជាសត្វ​ថោកទាប និង​ឧត្តម មាន​សម្បុរល្អ និង​សម្បុរ​អាក្រក់ ទៅកាន់​សុគតិ និងទុគ្គតិ ដឹងច្បាស់​នូវ​ពួកសត្វ​ដែល​អន្ទោលទៅ​ តាម​យថាកម្ម (របស់ខ្លួន) ដោយ​ប្រការ​ដូច្នេះ។ ម្នាល​សុភូតិ ព្រោះ​ភិក្ខុ​មាន​ទិព្វចក្ខុ​ដ៏បរិសុទ្ធ។បេ។ ដឹងច្បាស់​នូវពួកសត្វ​ដែល​អន្ទោល​ទៅ តាម​យថាកម្ម (របស់ខ្លួន) ម្នាល​សុភូតិ នេះជា​សទ្ធាចរិត​របស់​បុគ្គល​អ្នកមាន​សទ្ធា។
ម្នាលសុភូតិ មួយវិញទៀត ភិក្ខុបាន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ដែល​មិនមាន​អាសវៈ ព្រោះអស់​ទៅ​នៃអាសវៈ​ទាំងឡាយ ដោយ​បញ្ញា​ដ៏ឧត្តម​របស់ខ្លួន ក្នុង​បច្ចុប្បន្ន ហើយ​សម្រេច​សម្រាន្តនៅ។ ម្នាល​សុភូតិ ព្រោះភិក្ខុ​បានធ្វើ​ឲ្យជាក់​ច្បាស់។បេ។ ព្រោះអស់​ទៅ​នៃអាសវៈ​ទាំងឡាយ ហើយ​សម្រេច​សម្រាន្តនៅ ម្នាល​សុភូតិ នេះ​ជា​សទ្ធាចរិត​របស់​បុគ្គល​អ្នក​មានសទ្ធា។
កាលដែលព្រះមានព្រះភាគ ទ្រង់សំដែង​យ៉ាងនេះ​ហើយ ព្រះ​សុភូតិ​ដ៏មាន​អាយុ ក្រាប​ទូល​ចំពោះ​ព្រះមានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន សទ្ធាចរិត​ទាំងឡាយ​ណា​របស់​បុគ្គល​អ្នក​មានសទ្ធា ដែលព្រះមាន​ព្រះភាគ​បាន​ទ្រង់​សំដែង​ហើយ សទ្ធាចរិត​ទាំង​នោះ រមែង​មានប្រាកដ​ដល់ភិក្ខុ​នេះ ទាំង​ភិក្ខុនេះ ក៏នឹង​ប្រាកដ​ក្នុង​សទ្ធាចរិត​ទាំង​នុ៎ះ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុនេះ​ជាអ្នក​មានសីល​ សង្រួម​ក្នុង​បាតិមោក្ខសំវរៈ បរិបូណ៌​ដោយ​អាចារៈ និង​គោចរៈ ឃើញ​ភ័យ​ក្នុងទោស​ទាំងឡាយ សូម្បី​បន្តិចបន្តួច សមាទាន​ សិក្សា​ក្នុង​សិក្ខាបទ​ទាំងឡាយ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុនេះ​ជា​ពហូសូត អ្នក​ទ្រទ្រង់​នូវ​ពុទ្ធវចនៈ ដែល​ខ្លួនបាន​ស្តាប់ហើយ សន្សំទុក​នូវ​ពុទ្ធវចនៈ ដែល​ខ្លួនបាន​ស្តាប់ហើយ ធម៌ទាំង​ឡាយណា មាន​លំអបទ​ដើម លំអបទកណ្តាល លំអ​បទចុង ប្រកាស​នូវ​ព្រហ្មចរិយធម៌ ព្រមទាំង​អត្ថ ទាំង​ព្យញ្ជនៈ​ដ៏បរិសុទ្ធ បរិបូណ៌​ទាំងអស់ ធម៌​ទាំងឡាយ មាន​សភាព​ដូច្នោះ ភិក្ខុនោះ ក៏បាន​ស្តាប់ច្រើន បាន​ទ្រទ្រង់ ចាំទុក​រត់មាត់ ត្រិះរិះ​ដោយ​ចិត្ត ត្រាស់ដឹង​ល្អ​ដោយទិដ្ឋិ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុនេះ ជាអ្នក​មាន​មិត្រល្អ មាន​សំឡាញ់ល្អ បែរឈម​ទៅរក​មិត្រល្អ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុនេះ ជាបុគ្គល​ដែលគេ​ប្រដៅងាយ ប្រកប​ដោយធម៌​ទាំងឡាយ ជាគ្រឿង​ធ្វើនូវភាព​ជាអ្នក​ប្រដៅងាយ ជាអ្នក​អត់ធន់ ទទួល​យកពាក្យ​ប្រៀនប្រដៅ ដោយ​ចំណែក​ខាងស្តាំ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ករណីយកិច្ច​ទាំងឡាយ​ណាមួយ ធំ ឬតូច របស់​សព្រហ្មចារី​បុគ្គល​ទាំងឡាយ ភិក្ខុនេះ ជាអ្នក​ប៉ិន​ប្រសប់ មិនខ្ជិល​ច្រអូស ក្នុង​កិច្ច​ទាំងនោះ ប្រកប​ដោយ​ការពិចារណា ដោយ​ឧបាយ ក្នុងកិច្ច​ទាំងនោះ ជាបុគ្គល​អាចធ្វើបាន អាចចាត់​ចែងបាន។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុនេះ ជាអ្នក​ប្រាថ្នា​នូវធម៌ ហៅរក​ដោយពាក្យ​ជាទីស្រឡាញ់ មាន​សេចក្តី​រីករាយ​ដ៏លើសលុប ក្នុង​អភិធម៌ និង​អភិវិន័យ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុនេះ ជាអ្នក​ប្រារព្ធ​ព្យាយាម មានកំឡាំង មាន​សេចក្តី​ប្រឹងប្រែង​ដ៏មាំមួន មិនដាក់ធុរៈ ក្នុង​កុសលធម៌​ទាំងឡាយ​ចោល។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុនេះ ជាអ្នក​បានតាម​ប្រាថ្នា បានដោយ​មិន​លំបាក បាន​ដោយ​ងាយ​នូវឈានទាំង ៤ ដែល​ប្រព្រឹត្តទៅ ក្នុងចិត្ត​ដ៏ថ្លៃថ្លា ជាគ្រឿង​នៅ​សប្បាយ ក្នុង​បច្ចុប្បន្ន។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុនេះ រលឹក​ឃើញ​នូវជាតិ ដែល​ខ្លួនធ្លាប់​អាស្រ័យ​នៅ ក្នុង​កាលមុន​ច្រើនជាតិ គឺ​រលឹក​ឃើញ​បាន ១ជាតិ ២ជាតិ។បេ។ រលឹក​ឃើញ​ជាតិ ដែលខ្លួន​ធ្លាប់​អាស្រ័យនៅ ក្នុងកាល​មុនជា​ច្រើនជាតិ ព្រម​ទាំងអាការ ព្រមទាំង​ឧទ្ទេស ដោយ​ប្រការ​ដូច្នេះ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុនេះ មាន​ទិព្វចក្ខុ​ដ៏បរិសុទ្ធ​ កន្លង​នូវចក្ខុ​របស់​មនុស្ស​ធម្មតា។បេ។ ដឹងច្បាស់​នូវពួកសត្វ​ដែល​អន្ទោល​ទៅ តាម​យថាកម្ម។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុនេះ បានធ្វើ​ឲ្យជាក់​ច្បាស់។បេ។ ព្រោះអស់​អាសវៈ​ទាំងឡាយ ហើយ​សម្រេច​សម្រាន្តនៅ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សទ្ធាចរិត​ទាំងឡាយ​ណា របស់​បុគ្គល​អ្នកមាន​សទ្ធា ដែល​ព្រះមានព្រះភាគ ទ្រង់​សំដែង​ហើយ សទ្ធាចរិត​ទាំងនោះ រមែង​មាន​ប្រាកដ ដល់ភិក្ខុនេះ ទាំង​ភិក្ខុនេះ នឹង​ប្រាកដ​ក្នុង​សទ្ធាចរិត​ទាំងនុ៎ះ។ ម្នាល​សុភូតិ ប្រពៃហើយ ប្រពៃហើយ ម្នាល​សុភូតិ បើដូច្នោះ អ្នក​គប្បីនៅជា​មួយនឹង​សទ្ធ​ភិក្ខុ​នេះចុះ ម្នាល​សុភូតិ កាលណា​បើ​អ្នកប្រាថ្នា​ដើម្បី​ជួប​តថាគត អ្នក​គប្បី​ចូលមក​ជាមួយ​នឹង​សទ្ធភិក្ខុ ដើម្បី​ជួប​តថាគត (ក្នុង​កាលនោះ​ចុះ)។
(ព្រះត្រៃបិដក ភាគ ៥១ ទំព័រទី ៣១១ ដល់ ៣២៤ សុត្តន្តបិដក អង្គុត្តរនិកាយ ឯកាទសកនិបាត)
……………………………….……………………….
🍃ធម្មទាន FB: សច្ចធម៌- ចិរំ តិដ្ឋតុ ពុទ្ធសាសនំ

 

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត