មហាត្មៈគន្ធី៖ចង្រៃ ៧យ៉ាង - Business Buddhism

Website

មហាត្មៈគន្ធី៖ចង្រៃ ៧យ៉ាង

ចែករំលែកចំណេះដឹង
“លេងនយោបាយដោយប្រាសចាកគោលការសំខាន់ ស្វែងសុខសម្រាន្តដោយមិនរំពឹងគិត មាន​បាន​​ពេកពិតដោយមិនបានធ្វើការងារ មានចំណេះដឹងឥតគណនាតែប្រព្រឹត្តិមិនល្អ ជាឈ្មួញជួញ​ដូរ​តែគ្មានសីលធម៌បវរ វិទ្យាសាស្រ្តខ្ពង់ខ្ពស់អស្ចារ្យតែគ្មានធម៌ដែលជាភាពថ្លៃថ្នូរបស់មនុស្ស ចេះបូជាដ៏ខ្ពង់ខ្ពស់តែគ្មានការលះបង់” នេះគឺជាបាប ៧ អង្គតាមមុំគំនិតរបស់មហាត្មៈ គន្ធី។ មហាត្មៈ គន្ធី៖ ចង្រៃទាំង ៧យ៉ាង ដែលមនុស្សមិនគួរធ្វើ លោក មហាត្មៈ គន្ធី ដែលត្រូវបានមនុស្សទូទាំងសកលលោកស្គាល់ថាជាដ្ឋបុរសរបស់ប្រទេសឥណ្ឌា និងជាមនុស្សអច្ឆរិយៈមួយរូបរបស់ពិភពលោកផង។ លោកបានបានលើកទស្សនៈចង្រៃទាំង ៧យ៉ាង ដែលមនុស្សយើងមិនគួរប្រតិបត្តិឡើយ៖
 – ចង្រៃទី១ : មានទ្រព្យសម្បត្តិ ដោយគ្មានការងារ៖ ទ្រព្យសម្បត្តិ ដែលបានមកដោយគ្មានការប្រើកម្លាំង បញ្ញា ឬកម្លាំង ញើសឈាម គឺពិតជាគ្មានតម្លៃនោះទេ ហើយវាក៏មិនអាចស្ថិតស្ថេរបានគង់វង្សយូរអង្វែងនោះដែរ បើយើងគ្មានតម្រិះវិជ្ជាដើម្បីថែរក្សាវាទេ។
 – ចង្រៃទី២ : សប្បាយ ដោយគ្មានមនសិការ៖ កំហុសឆ្គងដ៏ធ្ងន់បំផុតរបស់មនុស្ស គឺការសប្បាយដោយភ្លេចខ្លួន ទាំងដែល ខ្លួនមិនបានស្គាល់ខ្លួនឯងច្បាស់នៅឡើយថាជានរណា។ អ្នកខ្លះតែងគិតថាការធ្វើជាមនុស្សល្ងង់ដោយមិនខ្វល់ខ្វាយរឿងរ៉ាវអ្វី ទាំងអស់គឺជាសេចក្ដីសុខសុភមង្គលរបស់ខ្លួន តែតាមពិតទៅការបំភាន់ខ្លួនឯងបែបនេះ គឺជាការយល់ខុសប៉ុណ្ណោះ ព្រោះមនុស្សមានកាព្វកិច្ចនិងតួនាទីរៀងខ្លួន បើយើងគ្មានមនសិការទេនឹងត្រូវក្លាយជាមនុស្សមិបានការ។
 – ចង្រៃទី៣ : មានចំណេះដឹង ដោយគ្មានចរិយា៖ ចំណេះដឹងដែលមានក្នុងខ្លួន ប្រសិនបើមិនព្រមយកទៅប្រើប្រាស់ទេ នោះ គឺស្មើនឹងគ្មានចំណេះដឹង។ ដូច្នេះហើយ មិនយូរមិនឆាប់ក៏គង់តែបាត់បង់ទៅវិញពុំខានឡើយ។ មនុស្សដែលចេះចែករំលែកចំណេះដឹងគឺ គេកាន់តែរីកធំធាត់នូវចំណេះដឹងរបស់គេបន្ថែមទៀត ប្រៀបបាននឹងការចាក់បំពេញបន្ថែមចំណុចខ្វះខាត តែបើយើងចេះមិនប្រើការទេ វានឹងនាំឲ្យភ្លេចបាន។
 – ចង្រៃទី៤ : ធ្វើជំនួញ ដោយគ្មានសីលធម៌៖ មនុស្សយើង ដើម្បីផលចំណេញ អាជីវករមួយចំនួនមិនបានគិតគូរពីផលប៉ះ ពាល់ផ្នែកសុខភាពរបស់អតិថិជននោះទេ ជាពិសេសទៅទៀតនោះពួកគាត់រកស៊ីលក់ដូរប៉ែងជើងគ្នា ហើយជួនកាលលក់កោរអតិថិជនរបស់ខ្លួនក៏មាន។
– ចង្រៃទី៥ : វិទ្យាសាស្រ្តជឿនលឿន ដោយគ្មានមនុស្សធម៌៖ ការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត ដែលបង្ករឲ្យមានផលប៉ះពាល់ដល់សុខភាពនិងអាយុជីវិតរបស់មនុស្ស សត្វ និងរុក្ខជាតិទាំងឡាយក្នុងភពផែនដីឬក៏អាចធ្វើឲ្យពិភពលោកទាំងមូលជួបនឹង វិនាសកម្មដ៏ធ្ងន់ធ្ងរនៅពេលអនាគត។ ដូច្នេះខណៈពេលវិទ្យាសាស្រ្តកំពុងរីកចម្រើនជឿនលឿន អ្នកវិទ្យាសាស្រ្តក៏គួរតែគិតគូរពីជីវិតមនុស្សផងដែរ ជៀសវាងជាការបំផ្លាញដល់ជីវិតមនុស្ស សត្វ និងរុក្ខជាតិ ទៅវិញ។
 – ចង្រៃទី៦ : គោរពសាសនា ដោយគ្មានការលះបង់៖ ការគោរពថ្វាយបង្គំ តែពុំបានដាក់ចិត្តដាក់កាយឲ្យជ្រះថ្លានិងលះបង់ សេចក្ដីលោភលន់នានាដែលខ្លួនមាន គឺជាការគោរពក្លែងក្លាយប៉ុណ្ណោះ។ ​
– ចង្រៃទី៧ : ធ្វើនយោបាយ ដោយគ្មានគោលការណ៍៖ នយោបាយដែលមិនសមស្របទៅនឹងបទដ្ឋានឬសង្គម គឺជា នយោបាយដែលនាំមនុស្សទៅរកក្ដីវិនាសអន្តរាយនិងបាក់បែកសាមគ្គីភាពជាតិទៅវិញទេ៕

No comments:

Post a Comment