មង្គល ៣៨ ប្រការ - Business Buddhism

Website

មង្គល ៣៨ ប្រការ

ចែករំលែកចំណេះដឹង


មង្គល ៣៨ ប្រការ

ពាក្យថា “មង្គល” មានន័យថា ការរីកចម្រើន, សេចក្តីសុខចម្រើនសួស្តីដែលជាទីប្រាថ្នារបស់មនុស្ស ។ ដោយហេតុ តែចង់បានមង្គលគឺក្តីសុខចំរើននេះមនុស្សមានការប្រព្រឹត្តិផ្សេងៗគ្នា ដោយអ្នកខ្លះបួងសួងពពួកទេវតា អ្នកខ្លះបូជាដល់អាទិទេព ឬព្រះរបស់ពួកគេ អ្នកខ្លះបួងសួងអារក្ស អ្នកតា ខ្មោចព្រាយបិសាច ជីដូនជីតាជាដើម ។ចំពោះព្រះពុទ្ធសាសនា ការបួងសួងទាំងនេះជាទង្វើមិនត្រឹមត្រូវឡើយ។នៅក្នុងគម្ពីរមង្គលត្ថទីបនី មានដំណាលថា មុនពេលព្រះពុទ្ធបានត្រាស់ដឹងនិងជំនាន់ពុទ្ធកាល នៅប្រទេសឥណ្ឌា ដែលជាប្រទេសរុងរឿងនោះពួកលោកអ្នកប្រាជ្ញ មានការមិនចុះសម្រុងគ្នាអំពីគោលការណ៍ដែលនឹងនាំមកនូវក្តីចំរើន ឬ មង្គល រហូតដល់មានការទាស់ទែងខ្វែងគំនិតគ្នាតាំងពីពួកអ្នកប្រាជ្ញរហូតដល់មន្ត្រីរាជការ ប្រជារាស្ត្រ និង ដល់ពពួកទេវតា ។ លុះដល់ព្រះពុទ្ធត្រាស់ដឹងក្នុងលោក ពួកគេបាននាំគ្នាចូលគាល់ និងសួរព្រះសម្មាសម្ពុទ្ធអំពីមង្គល ។ព្រះសម្មាសម្ពុទ្ធបានសម្តែងថា មង្គលបានមកពីការប្រតិបត្តិដ៏ត្រឹមត្រូវនិងមានគោលការណ៍ច្បាស់លាស់ ប្រកបដោយភាពវៃឆ្លាត និង ម៉ឺងម៉ាត់ ទៀងទាត់មិនមែនបានមកពីការបួងសួង អធិដ្ឋានចំពោះព្រះ ចំពោះអាទិទេព ឬទេវតាអង្គណាឬរង់ចាំ វាសនា ពីបុព្វជាតិឡើយ ។ ព្រះអង្គបានបង្រៀនថាផ្លូវដែលនាំទៅរកក្តីសុខប្រាស ចាកកង្វល់អោយបានដល់នូវការចំរើនលូតលាស់រុងរឿង និង សន្តិភាពនោះមាន ៣៨ប្រការគឺ៖

                ១. កិរិយាមិនសេពគប់នូវបុគ្គលពាលទាំងឡាយ (អសេវនា ចពាលានំ ) ។ព្រះសម្មាសម្ពុទ្ធ បានបង្រៀនថាបុគ្គលពាលមាន៣ជំពូកគឺ ក. បុគ្គលលង់ខ្លៅ គ្មានគំនិតប្រាជ្ញា ហើយមិនគិតកសាងសមត្ថភាព និង គំនិតប្រាជ្ញាជាបុគ្គលរីករាយក្នុងភាពលង់ខ្លៅ មិនស្តាប់ដំបូន្មានលោកអ្នកប្រាជ្ញ ឬ ចាស់ព្រឹទ្ធាចារ្យ ចាត់ទុកជាបុគ្គលពាលជំពូកមូយ ដោយហេតុធ្វើខ្លួនអោយជាបុគ្គលមិនមានប្រយោជន៍ ឬធ្វើខ្លួនអោយបាត់បង់ឱកាសក្នុងការសាងគុណតម្លៃក្នុងពេលដែលខ្លួនមានឱកាសកើតជាមនុស្ស។ ខ. បុគ្គលស្វែងរកក្តីសុខ ឬប្រយោជន៍ខ្លួនឯងដោយការធ្វើអោយខូចប្រយោជន៍ អ្នកដទៃ ខូចក្តីសុខអ្នកដទៃឬស្វែងរក ក្តីសុខអោយខ្លួនឯងដោយការបៀតបៀតក្តីសុខអ្នកដទៃ។ គ. បុគ្គលធ្វើអោយខូចប្រយោជន៍អ្នកដទៃផង ខ្លួនឯងផង ។ ព្រះពុទ្ធបង្រៀនថា ដើម្បីញ៉ាំងជីវលោកអោយបានប្រសើរបុគ្គលគ្រប់រូបត្រូវតែមានទំនាក់ទំនងល្អជាមួយមនុស្សផងគ្នាប៉ុន្តែការសេពគប់ត្រូវតែធ្វើឡើងដោយបញ្ញា ត្បិតថាបើសេពគប់ជាមួយមនុស្សប្រភេទណា យើងនឹងក្លាយជាមនុស្សប្រភេទ នោះដែរ។ បុគ្គលពាលទាំង៣ជំពូកនេះ ជាប្រភេទមនុស្សគួរអោយខ្លាចជាងអ្វីៗទាំងអស់ហើយមិនគប្បី សេពគប់ជាដាច់ខាត ព្រោះការសេពគប់ជាមួយបុគ្គលប្រភេទនេះក្រៅពីធ្វើអោយយើងវិនាសប្រយោជន៍ អាសោចិកេរ្តិ៍ឈ្មោះ អស់ទ្រព្យសម្បត្តិខាតពេលវេលា គំនិតប្រាជ្ញាទៅថែមទាំងនាំអោយយើងក្លាយជាបុគ្គលពាលជាមួយគេផងទៀត ។ ព្រះពុទ្ធបានបង្រៀនថាប្រសិនបើក្នុងលោកនេះ មានតែមនុស្សពីរនាក់ គឺម្នាក់ជារូបអ្នកហើយម្នាក់ទៀតជាបុគ្គលពាលក្តី ក៏មិនគប្បីទៅសេពគប់ជាមួយបុគ្គលនោះឡើយហើយគប្បី នៅតែម្នាក់ឯងដោយរឹងមាំចុះ ។ ការចេះប្រុងប្រយ័ត្នហើយចៀសវាងបាននូវការសេពគប់បុគ្គលពាលយ៉ាងណា នេះជាមង្គលដ៏ឧត្តម ។២. កិរិយាសេពគប់នូវបុគ្គលជាបណ្ឌិតទាំងឡាយ (បណ្ឌិតានញ្ច សេវនា ) ។ បណ្ឌិត គឺលោកអ្នកដែលមានចំណេះវិជ្ជាជ្រាលជ្រៅ ហើយមានគុណធម៌ខ្ពង់ខ្ពស់និងសីលធម៌ថ្លៃថ្នូរ មិនបំផ្លាញប្រយោជន៍ និង ក្តីសុខរបស់ខ្លួននិងមិនធ្វើអោយអ្នក ដទៃខូចប្រយោជន៍ ឬ ខូចក្តីសុខមិនធ្វើអោយគេឈឺចាប់ទាំងផ្លូវកាយ និង ចិត្ត ។ ម្យ៉ាង ទៀតបុគ្គលដែលជាបណ្ឌិតតែងប្រកបដោយគុណធម៌ពីរយ៉ាងគឺ៖ជាបុគ្គលខ្មាសអៀនមិនហ៊ានធ្វើអំពើអាក្រក់ (ហិរិ ) និងខ្លាចក្តីអាក្រក់មិនហ៊ានធ្វើអំពើអាក្រក់ទាំងឡាយ ទាំងក្នុងទីកំបាំងនិងទីចំហរ (ឱត្តប្បៈ )។ ព្រះពុទ្ធ បង្រៀនថា ដើម្បីបានក្តីចំរើនទាំងគំនិត ប្រាជ្ញាទាំងក្នុងសេដ្ឋកិច្ច ជីវភាព និង ដើម្បីបានជាប្រយោជន៍ទាំង ឡាយពួកបុគ្គលគប្បីខ្នះខ្នែង ស្វែងរកការសេពគប់ជាមួយបុគ្គលជាបណ្ឌិត ។ដូច្នេះកិរិយាសេពគប់នូវបុគ្គលដែលមានគតិបណ្ឌិត ជាមង្គលដ៏ឧត្តម ។

                ៣. កិរិយាបូជាដល់បុគ្គលដែលគួរបូជា (បូជា ចបូជនីយានំ )។ បូជាគឺការអោយ ឬ ការគោរពប្រតិបត្តិមានពីរយ៉ាងគឺ៖ ក. បូជាដោយការអោយសម្ភារៈផ្សេងៗ (អាមិសបូជា ) ខ. បូជាដោយការគោរពត្រង់ត្រាប់ ស្តាប់គំនិត យោបល់និង អនុវត្តតាម (បដិបត្តិបូជា )។ ការបូជា ជាការប្រសើរប៉ុន្តែបើបូជាដល់បុគ្គលពាល គ្មានគុណធម៌ គ្មានសីលធម៌ក្រៅពីមិនបានផលល្អដល់ខ្លួនឯង និង សង្គមទៅ ក៏នៅរមែងបាននូវក្តីអន្តរាយក្តៅ ក្រហាយដោយសារបុគ្គលពាលនោះថែមទៀតផងជាពិសេសនឹងក្លាយជាអ្នកលើកតំកើងសភាវៈអាក្រក់ ។ ហេតុនេះការបូជាត្រូវតែធ្វើឡើងដោយបញ្ញា គឺធ្វើចំពោះបុគ្គលដែលគួរគោរពបូជាគឺជាបុគ្គលដែលមានគុណធម៌ខ្ពស់ មានសីលធម៌ដ៏ប្រពៃតែងធ្វើនូវសេចក្តីសុខចម្រើន ដល់សង្គមមនុស្សជានិច្ច ។ បូជនីបុគ្គលទាំងនេះមានជាអាទិ៍ ព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ, មាតា, បិតា, គ្រូអាចារ្យ និងអ្នកដែលមានគុណូ បក្ការៈចំពោះខ្លួន ឬ ចំពោះសង្គមជាតិជាដើម ។ដូច្នេះការគោរពបូជាដល់បូជនីយ បុគ្គលទាំងនេះ ជាមង្គលដ៏ឧត្តម ។

                ៤. កិរិយារស់នៅក្នុងប្រទេសដ៏សមគួរ (បដិរូបទេសវាសោច )។ ប្រទេសដ៏សមគួរគឺប្រទេស ដែលមានសុខសន្តិភាពគ្មានសង្គ្រាមកាប់សំលាប់គ្នា និងបរិបូណ៌ដោយធម៌វិន័យ ច្បាប់ទម្លាប់ល្អប្រពៃនិងសម្បូរ ដោយអ្នកប្រាជ្ញ រាជបណ្ឌិត្យ អ្នកមានគុណធម៌ និង សីលធម៌ថ្លៃថ្នូរប្រព្រឹត្តប្រតិបត្តិច្បាប់រដ្ឋ និងធម៌វិន័យត្រឹមត្រូវជាប្រទេសដែលមានអ្នកដឹកនាំ និង មន្ត្រីប្រកបដោយធម៌ ដឹកនាំសង្គមជាតិដោយការគោរពច្បាប់ ដោយយុត្តិធម៌ និង ជាហេតុនាំឱ្យមានក្តីចម្រើនរុងរឿង ។ការរស់នៅក្នុងប្រទេសបែបនេះជាការប្រពៃព្រោះជាគ្រឹះក្នុង ការអភិវឌ្ឍន៍គំនិតប្រាជ្ញាជាដើម ។ កិរិយារស់នៅក្នុងប្រទេសដ៏សមគួរបែបនេះជាមង្គលដ៏ឧត្តម ។

                ៥. ភាវៈនៃអ្នកបានធ្វើបុណ្យទុកហើយក្នុងកាលមុន ( បុព្វេ កតបុញ្ញតា ) ។ ធម្មតាអ្នកដែលបានយល់ច្បាស់នូវផលល្អនៃអំពើសុចរិត និងផលអាក្រក់នៃអំពើទុច្ចរិតតែងប្រញាប់ប្រញាល់វៀរចាកអំពើអាក្រក់គ្រប់យ៉ាង ហើយ រួតរះធ្វើបុណ្យរាល់ៗជាតិព្រោះអំពើល្អតែងផ្តល់ផលជាសុខ ។ ន័យនេះក៏បានដល់ការកសាង ឬការខិតខំប្រឹងប្រែងកសាងសមត្ថភាព និង លក្ខណៈសម្បត្តិគ្រប់យ៉ាង ដូចជាការត្រៀមធនធានទុកជាមុន លុះពេលត្រូវការ ក៏អាចយកសមត្ថភាព លក្ខណៈសម្បត្តិ និងធនធាននោះប្រើការបានប្រកបដោយប្រសិទ្ធភាព ។ ដូច្នេះការខិតខំលះបង់បាននូវអំពើអាក្រក់ហើយព្យាយាមធ្វើឱ្យបាននូវអំពើល្អក្នុងកាលមុន ជាមង្គលដ៏ឧត្តម ។

                ៦. កិរិយាតម្កល់ខ្លួនទុកដោយប្រពៃ (អត្តសម្មាបណីធិ ច )។ តំកល់ខ្លួន មានន័យថាការធ្វើខ្លួននៅក្នុងប្រភេទណាមួយ ។ ប្រការនេះ បានដល់កិរិយាចេះពិចារណាឱ្យយល់ច្បាស់លាស់ថា អំពើល្អពិតជាផ្តល់ផលល្អ ឯអំពើអាក្រក់ពិតជាផ្តល់ផលអាក្រក់ ហើយក៏កើតមានសទ្ធាជឿកម្មផល យ៉ាងមុតមាំព្រមទាំងញ៉ាំងខ្លួន ឱ្យព្យាយាម ធ្វើតែអំពើល្អ មានធ្វើទាននិងរក្សាសីលជាដើម ។ កិរិយាយល់ច្បាស់អំពីវិបាកនៃកម្មហើយប្រញាប់តម្កល់ខ្លួនក្នុងទានសីល ភាវនា សមាធិអោយនៅតែក្នុងសេចក្តីព្យាយាម មិនខ្ជឹលច្រអូស តាំងខ្លួនអោយនៅក្នុងសត្តិអោយនៅ ឆ្ងាយពីការធ្វេសប្រហែស ឬមិនយកខ្លូនទៅជាប់ពាក់ព័ន្ធនឹងអំពើអាក្រក់ណាមួយ យ៉ាងនេះជាមង្គលដ៏ឧត្តម។

                ៧. ភាវៈជាបុគ្គលបានស្តាប់បានរៀនសូត្រចេះដឹងច្រើន (ពាហុសច្ច )។ ប្រការនេះបានដល់ការស្តាប់ ការអាននិងសិក្សារៀនសូត្រចំណេះវិជ្ជាទាំងផ្ញូវលោក និង ផ្លូវធម៌ស្តាប់ឱវាទរបស់បណ្ឌិតទាំងឡាយ និងដំបូន្មាន របស់ព្រឹទ្ធាចារ្យ មាតា បិតា គ្រូនិង រៀមច្បងជាដើម ដើម្បីក្លាយជាបុគ្គលមានចំណេះវិជ្ជាខ្ពង់ខ្ពស់ មានសមត្ថភាពនិង មានគំនិតប្រាជ្ញាភ្លឺត្រចះត្រចង់ ដែលជាហេតុញ៉ាំងប្រយោជន៍និងសេចក្តីសុខចម្រើនដល់ខ្លួនឯង និងអ្នកដទៃយ៉ាងពិតប្រាកដ ។ ការខិតខំស្តាប់អាន និងសិក្សារៀនសូត្រឱ្យបានចេះដឹងជ្រៅជ្រះយ៉ាងនេះ ជាមង្គលដ៏ឧត្តម ។

                ៨. សេចក្តីឆ្លៀវឆ្លាតប៉ិនប្រសប់ក្នុងសិល្បៈទាំងពួង ( សិប្បៈ )។ ប្រការនេះបានដល់ការចេះដឹង និង ការប៉ិនប្រសប់ស្ទាត់ជំនាញក្នុងសិប្បកម្ម បច្ចេក ទេសទាំងឡាយ យ៉ាងហោចណាស់អោយស្ទាត់ជំនាញនូវ មុខវិជ្ជាណា ដែលខ្លួនបានសិក្សា (ឬ នៅក្នុងមុខតំណែងដែលខ្លួនប្រកបធ្វើ ) ដែលនាំមកនូវប្រយោជន៍ និងសេចក្តីសុខចម្រើនដល់ខ្លួនឯង និងអ្នកដទៃ ។ ដូច្នេះកិរិយាឆ្លៀវឆ្លាត ឆ្លាសវៃ ប៉ិន ប្រសប់ក្នុងសិប្បកម្ម ហត្ថកម្មទាំងពួងជាមង្គលដ៏ឧត្តម ។

                ៩. វិន័យដែលបុគ្គលបានសិក្សាហើយដោយប្រពៃ ( វិនយោ ចសុសិក្ខិតោ ) ។ វិន័យគឺជាច្បាប់ទម្លាប់របស់ប្រទេសនិងរបស់ព្រះពុទ្ធសាសនា ។សម្រាប់គ្រហស្ថបានដល់សីល៥ សីល៨ និងច្បាប់របស់រដ្ឋជាដើម ។ សម្រាប់បព្វជិតបានដល់វិន័យរបស់អ្នកបួស និងច្បាប់របស់រដ្ឋជាដើម ។បុគ្គលដែលមានចំណេះវិជ្ជា មានទ្រព្យ សម្បត្តិ យសស័ក្តមានត្រកូលខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ ប្រសិនបើគេជាបុគ្គលអាណាចារ គ្មានវិន័យគ្មានសីលធម៌ រស់នៅដោយការបំពាន លើច្បាប់នោះគេនឹងមិនទទួលបានការគោរពកោតសរសើរឡើយ ប្រសិនបើទទួលបានវិញគឺបានតែពួកមនុស្សអែបអបរណេបរណបប៉ុណ្ណោះហើយមិនយូរប៉ុន្មានគេនឹងទទួលបាននូវក្តី វិនាសជាមិនខាន ។ហេតុនេះកិរិយារៀនវិន័យនិងច្បាប់រដ្ឋ និងព្យាយាមប្រព្រឹត្តប្រតិបត្តិឱ្យបានត្រឹមត្រូវ ជាមង្គលដ៏ឧត្តម ។

               ១០. វាចាដែលបុគ្គលពោលដោយប្រពៃ ( សុភាសិតា ច យា វាចា )។ មនុស្សតែងប្រើការនិយាយជាមធ្យោបាយទំនាក់ទំនង និងផ្តល់ព័ត៌មានដល់គ្នា នឹងគ្នា ប៉ុន្តែព្រះពុទ្ធបានបង្រៀនអោយយើងចេះជ្រើសរើសពាក្យសំដីសម្រាប់និយាយស្តីអោយដូចជាកសិករជ្រើសរើសគ្រាប់ពូជសម្រាប់ ដាំដុះសាបព្រួសយ៉ាងនោះដែរ ហើយព្រះអង្គតែងបានបង្រៀនយើងកុំអោយពោលពាក្យណាដែលធ្វើអោយអ្នកដទៃឈឺចាប់ ខូចប្រយោជន៍បែកបាក់សាមគ្គី ឬពាក្យរោយរាយឥតប្រយោជន៍ ។ ពាក្យល្អ ពីរោះមានប្រយោជន៍សូម្បីតែមួយឃ្លា មួយប្រយោគ ក៏ប្រសើរជាងពាក្យរោយរាយឥតប្រយោជន៍រាប់ពាប់ប្រយោគដែរ ។ ពាក្យដ៏ប្រពៃសំដៅដល់កថាវត្ថុគឺពាក្យដែលបុគ្គលគប្បីពោល ១០យ៉ាង គឺពោលអំពីការមិនលោភលន់១, អំពីការសណ្តោស១, អំពីការសប់សាត់កាយនិងចិត្ត១, អំពីការនៅមិនច្របូកច្របល់ដោយពួកក្រុម១, អំពីការព្យាយាម១, អំពីសីល១, អំពីសមាធិ១, អំពីបញ្ញា១, អំពីព្រះនិព្វាន១ និងអំពីធម៌រំលត់ទុក្ខ១ ។កិរិយាពោលនូវពាក្យដ៏ប្រពៃយ៉ាងនេះ ជាមង្គលដ៏ឧត្តម ។

                ១១-១២. កិរិយាបម្រើ ឬ ទំនុកបម្រុងមាតានិងបិតា (មាតាបិតុ ឧបដ្ឋានំ ) ។ កូនប្រុស-ស្រី មានកាតព្វកិច្ចត្រូវចិញ្ចឹម មាតា បិតាធ្វើការងារជំនួសគាត់រក្សាវង្សត្រកួលឱ្យគង់វង្ស និងខ្ពង់ខ្ពស់ធ្វើខ្លួនឱ្យសមរម្យជា អ្នកទទួលមរតកពីគាត់ ធ្វើបុណ្យជូនគាត់ជាដើម ។ព្រោះថា កូនដែលដឹងគុណមាតា បិតា ហើយប្រព្រឹត្តប្រតិបត្តិគោរពមាតា បិតាដូចពោលមកនេះ រមែងមិនច្យុតឡើយ ។ ដូច្នេះកិរិយាបម្រើ ទំនុកបម្រុង មាតា បិតាជាមង្គលដ៏ឧត្តម ។

                ១៣. កិរិយាសង្គ្រោះបុត្រ និងភរិយា (បុត្តទារស្សសង្គហោ )។ មាតាបិតាដែលបានបំពេញកាតព្វកិច្ច៥ប្រការចំពោះកូនគឺហាមឃាត់កូនកុំឱ្យប្រព្រឹត្តអំពើអាក្រក់១, ណែនាំកូនឱ្យធ្វើតែអំពើល្អ (ទាំងការគិតទាំងសកម្មភាពនិងពាក្យសំដី )ជាអំពើមានតែប្រយោជន៍មិននាំផលក្តៅក្រហាយ១, ទំនុកបម្រុងកូនឱ្យបានរៀនសូត្រអោយមានចំណេះដឹងមានសមត្ថភាពអាចរស់នៅដោយថ្លៃថ្នូរ១, ទុកដាក់កូនឱ្យមានគូស្រករត្រឹមត្រូវ១, និងចែកទ្រព្យសម្បត្តិឱ្យកូនបានសមរម្យ១, ឈ្មោះថាជាមាតាបិតាសង្គ្រោះបុត្រយ៉ាងល្អ។ឯស្វាមីដែលបានបំពេញកាតព្វកិច្ច៥ប្រការចំពោះភរិយាគឺនិយាយពាក្យផ្អែមល្ហែមនឹងភរិយា១, មិនមើលងាយភរិយា១, មិនក្បត់ភរិយា១, ផ្គត់ផ្គង់ភរិយា១និងផ្តល់សិទ្ធិក្នុងផ្ទះឱ្យភរិយា១ឈ្មោះថាស្វាមីសង្គ្រោះភរិយា។បុរសដែលបានធ្វើកិច្ចនេះដោយពេញលេញនិងទៀងទាត់ឈ្មោះថាជាអ្នកបានកសាងគ្រឺះសុភមង្គលទាំងក្នុងគ្រួសារនិងសម្រាប់សង្គមជាតិ។ដូច្នេះកិរិយាព្យាយាមប្រព្រឹត្តឱ្យបានល្អក្នុងការសង្គ្រោះបុត្រនិង ភរិយាជាមង្គលដ៏ឧត្តម។

                ១៤. ការងារទាំងឡាយដែលមិនច្របូកច្របល់ ( អនាកុលា ចកម្មន្តា )។ នេះបានដល់ការចេះបែងចែកប្រភេទការងារអោយដាច់ដោយឡែកពីគ្នា និងបំពេញស្រេចរួចរាល់មិនទុកចោលកណ្តាលទី ។ អ្នកដែលធ្វើការ មិនច្របូកច្របល់គឺជាអ្នកដែលមានសេចក្តីព្យាយាម ហ្មឺងម៉ាត់ដែលអាចឱ្យសម្រេចបានរាល់ការងារបានយ៉ាងល្អ ។ ធ្វើបានយ៉ាងនេះពិតជានាំមកសេចក្តីចម្រើនជាលំដាប់ ។ ដូច្នេះការងារទាំងឡាយដែលមិនច្របូកច្របល់ ជាមង្គលដ៏ឧត្តម ។

                ១៥. កិរិយាបរិច្ចាគទាន (ទានំ ) ។ ទានគឺការអោយហើយគោលដៅនិងបំណងនៃការអោយនេះគឺមិនមែនក្នុងបំណងដើម្បីទទួលបានការតបពីគេមកវិញឡើយ។បុគ្គលដែលបានអោយរបស់អ្វីម្យ៉ាងទៅបុគ្គលណាហើយរំពឹងចង់បានការតបស្នងដោយប្រការណាមួយបុគ្គលនោះមិនមែនជាអ្នកធ្វើទានទេគឺជាអ្នកធ្វើវិនិយោគ។ការធ្វើទានគឺដើម្បីកាត់បន្ថយនូវគំលាតគ្នារវាងអ្នកមាននិងអ្នកក្រនិងជាការលើកស្ទួយវប្បធម៌ចែករំលែកក៏ជាវិធីដើម្បីកុំអោយមនុស្សគិតតែពីការបានដែលជាហេតុបង្កអោយមានទំនាស់ផ្សេងៗដោយសារដណ្តើមផលប្រយោជន៍។ធ្វើទានបានដល់ការធ្វើអំណោយពីរយ៉ាងគឺការឱ្យសម្ភារៈសម្រាប់ទ្រទ្រង់ជីវិតដូចជាសម្លៀកបំពាក់ចំណីអាហារផ្ទះសម្បែងនិងថ្នាំព្យាបាលរោគជាដើម ហៅថាអាមិសទានគឺការអោយវត្ថុសម្ភារៈ១ និងការឱ្យចំណេះវិជ្ជាគំនិតយោបល់ល្អដើម្បីគេបានស្គាល់ខុសត្រូវស្គាល់ផ្លូវទៅរកប្រយោជន៍និងភាពជោគជ័យល្អអាក្រក់បុណ្យបាបជាដើមហៅថាធម្មទានគឺការអោយចំណេះវិជ្ជាគំនិតប្រាជ្ញា១។កិរិយាដែលបានធ្វើនូវទានទាំងពីរប្រការនេះជាមង្គលដ៏ឧត្តម។

                ១៦. កិរិយាប្រព្រឹត្តធម៌ដ៏ប្រសើរ (ធម្មចរិយា ) ។ បានដល់ធម៌១០យ៉ាងគឺ កិរិយាមិនសម្លាប់១, កិរិយាមិនលួចប្លន់១, កិរិយាមិនប្រព្រឹត្ត ល្មើសក្នុងកាមតណ្ហា១, កិរិយាមិនកុហកឆបោកកេងប្រវ័ញ្ច១, កិរិយាមិនពោលពាក្យញុះញង់ អុចអាលបំបែកបំបាក់១, កិរិយាមិនពោលពាក្យអាក្រក់អសុរោះ១, កិរិយាមិនពោលពាក្យរោយរាយឥតប្រយោជន៍១, កិរិយាមិនលោភលន់លើទ្រព្យអ្នកដទៃ១, កិរិយាមិនគុំគួនព្យាបាទអ្នកដទៃ១ និងកិរិយាយល់ត្រឹមត្រូវគឺយល់ថាធ្វើល្អបានល្អ ធ្វើ អាក្រក់បានអាក្រក់ និងយល់តាមសភាវៈពិតនៃធម្មជាតិ និង លោកិយ១ ។កិរិយាដែលចេះពិចារណាឱ្យបានជាក់ច្បាស់ហើយប្រព្រឹត្តឱ្យបានត្រឹមត្រូវតាមធម៌ទាំង១០ ប្រការនេះ ជាមង្គលដ៏ឧត្តម។

                ១៧. កិរិយាសង្គ្រោះញាតិទាំងឡាយ ( ញាតកានញ្ច សង្គហោ ) ។ ដែលហៅថាញាតិ បានដល់បងប្អូនជាញាតិសន្តានទាំងពីរខាងគឺតាំងពីដូនតាជំនាន់ទី៧ខាងមាតាចុះមក និងតាំងពីដូនតាទី៧ខាងបិតាចុះមក (ដែលហៅថា ញាតិប្រាំពីរ សន្តាន )។ មនុស្សល្អតែងស្រឡាញ់រាប់អាន និងសង្គ្រោះយិតយោង លើកស្ទួយ ផ្ចុង ផ្តើម អោយញាតិសន្តានរបស់ខ្លួនអោយ បានសិក្សាអប់រំមានមុខរបរការងារសុចរិត និង ជួយដាស់តឿនដឹកនាំអោយពួកគេដើរលើផ្លូវល្អផ្លូវត្រឹមត្រូវយ៉ាងប្រពៃ ចូរប្រយ័ត្ន ប្រយែងក្រែងក្លាយជាជនអគតិគឺលំអៀងប្រព្រឹត្តប្រាសចាកច្បាប់ និង គុណធម៌ (ដោយសារតែការយោគយល់ថា ជាសាច់ញាតិ ) ។ដូច្នេះការចេះស្រឡាញ់រាប់អាននិងសង្គ្រោះញាតិសន្តានរបស់ខ្លួនដោយ ប្រពៃជាមង្គលដ៏ឧត្តម ។

                ១៨. កិរិយាប្រកបការងារទាំងឡាយដែលមិនមានទោស ( អនវជ្ជានិ កម្មានិ ) ។ ការងារទាំងឡាយដែល ផ្ទុយនឹងអំពើអាក្រក់ទុច្ចរិត អយុត្តិធម៌ទាំងឡាយ លោកហៅថា ការងារបរិសុទ្ធ ឬសម្មាអាជីវៈ ។ការងារដែលមិន មានទោសដូចជា ការ ចិញ្ចឹមមាតា បិតា គ្រូអាចារ្យចាស់ព្រឹទ្ធាចារ្យ កុមារកំព្រា ជនពិការ អ្នកកម្សត់ទុគ៌ត ការកសាងសម្បត្តិសាធារណៈមាន ស្ពាន ផ្លូវថ្នល់ សាលារៀនជាដើម និងការចែកចាយសៀវភៅធម៌អាថ៌ ក្បួនច្បាប់ឬពន្យល់ផ្សព្វផ្សាយនូវចំណេះវិជ្ជាដ៏ល្អនូវធម៌ដ៏ប្រពៃដល់អ្នកដទៃដើម្បីឱ្យគេបានយល់ស្គាល់ខុសត្រូវ ល្អអាក្រក់ហើយព្យាយាមប្រព្រឹត្តតែអំពើល្អជាដើម ។ ទាំងនេះគឺជាការងារមិនមានទោស ។ការប្រព្រឹត្តតែការងារមិនមានទោស ជាមង្គលដ៏ឧត្តម ។

                ១៩. កិរិយាមិនត្រេកអរក្នុងបាបនិងកិរិយាវៀរចាកបាប ( អារតី វិរតីបាបា ) ។ ការមិនត្រេកអរក្នុងបាប បានដល់ចិត្តដែលមិនត្រេកអរនៅពេលដឹង ឬឮ ឬឃើញគេគិត ឬកំពុងធ្វើអំពើអាក្រក់ អំពើបាបទាំងឡាយ មានការប្រព្រឹត្តខុសក្នុងុកាម ការកុហកកេងប្រវ័ញ្ច ឆបោក និងធ្វើអំពើទាំងឡាយជាអបាយមុខ ឬ មានការកាប់សម្លាប់ជីវិត ធ្វើទុក្ខបុកម្នេញបៀតបៀតក្តីសុខដល់គ្នានឹងគ្នាជាដើមផង ថែមទាំងមានក្តីសង្វេគតក់ស្លុតចំពោះអំពើទាំងនោះទៀតផង ។ឯការវៀរចាកបាបបានដល់ការចៀសវាងមិនប្រព្រឹត្តធ្វើនូវអំពើបាប ទាំងឡាយដូចដែលបានពោលមកហើយជាដើម ព្រោះមានសទ្ធាជឿជាក់ថា ធ្វើល្អពិតជាបានល្អធ្វើអាក្រក់ពិតជា បានអាក្រក់ ។ ដូច្នេះកិរិយាដែលមិនត្រេកអរក្នុងបាបនិងកិរិយា វៀរចាកបាបយ៉ាងនេះ ជាមង្គលដ៏ឧត្តម ។

                ២០. សេចក្តីសង្រួមចាកកិរិយាផឹកនូវទឹកស្រវឹង ( មជ្ជបានា ច សញ្ញាមោ ) ។ នេះបានដល់ការតមសុរានិងមេរ័យគ្រប់ប្រភេទព្រោះបានយល់ច្បាស់នូវផលអាក្រក់នៃការផឹកទឹកស្រវឹងនេះ ដូចជាអស់ប្រាក់កាសខាតពេល វេលា ខូចសុខភាព ធ្វើអោយខ្សោយគំនិតប្រាជ្ញា និងជួនកាលបណ្តាលឱ្យមានកិរិយាថោកទាបនិងឈ្លោះ ទាស់ទែងគ្នាទៀតផង ។ ដូច្នេះការពិចារណាឱ្យឃើញច្បាស់ នូវទោសនៃសុរាហើយ តាំងចិត្តព្យាយាមចៀសវាងឱ្យបាននូវការផឹកទឹកស្រវឹងគ្រប់ប្រភេទ ជាមង្គលដ៏ឧត្តម ។

                ២១. ការមិនប្រមាថក្នុងធម៌ទាំងឡាយ ( អប្បមាទោ ចធម្មេសុ ) ។ នេះបានដល់ការមិនធ្វេសប្រហែស ភ្លេចខ្លួនព្រោះថាការបណ្តោយខ្លួនឱ្យលង់លក់ទៅក្នុងអំពើអកុសលនិងអបាយមុខមាន ស្រី ស្រានិងល្បែងស៊ីសងជាដើម គឺជាមូល ហេតុនៃសេចក្តីវិនាសអន្តរាយគ្រប់យ៉ាង ។បុគ្គលមិនប្រមាថរមែងមិនភ្លេចខ្លួន ហើយតែងភ្ញាក់រលឹក យល់ត្រូវជានិច្ចដែលជាកត្តានាំមកនូវសេចក្តីចម្រើនដល់ខ្លួនឯងនិងសង្គម សមដូចពុទ្ធភាសិតថា “អប្បមាទោ អមតំបទំ” ការមិនប្រមាទ ជាផ្លូវនៃក្តីមិនស្លាប់ ។ដូច្នេះការមិនប្រមាថភ្លេចខ្លួន ហើយភ្ញាក់រលឹកព្យាយាមធ្វើតែអំពើ ល្អ សុចរិតយុត្តិធម៌ ជាមង្គលដ៏ឧត្តម ។

                ២២. កិរិយាគោរពចំពោះបុគ្គលដែលគួរគោរព ( គាររោ ច ) ។ ការគោរពត្រូវប្រកបដោយអង្គបី គឺដោយ កាយគឺឱនលំទោនលើកដៃសំពះ១, ដោយវាចា គឺពោលពាក្យទន់ភ្លន់សុភាពរាបសា១និងដោយចិត្ត គឺមិនប្រមាថ មើលងាយ១ ។ ឯបុគ្គលដ៏ជាទីគោរពនោះគឺបានដល់បុគ្គលដែលមានគុណធម៌ខ្ពង់ខ្ពស់ទាំងឡាយ មានព្រះពុទ្ធ ព្រះធម៌ព្រះសង្ឃ មាតា បិតា គ្រូអាចារ្យជាដើម១បុគ្គលដែលមានជាតិត្រកូលនិងគុណធម៌ខ្ពង់ខ្ពស់ដូចជាលោកជា អ្នកប្រាជ្ញ និងអ្នកដឹកនាំរដ្ឋ មានមន្ត្រី រាជការ ដែលមានភាពសុចរិតទៀងត្រង់តាំងនៅក្នុច្បាប់ជាដើម១ និងបុគ្គលដែលមានអាយុច្រើនដូចជារៀមច្បងនិងចាស់ព្រឹទ្ធាចារ្យ ជាដើម១ ។ ការធ្វើនូវសេចក្តីគោរពចំពោះគារវបុគ្គលទាំងនេះ ជាមង្គលដ៏ឧត្តម ។

                ២៣. កិរិយាប្រព្រឹត្តបន្ទាបខ្លួន( និវាតោ ច )។ នេះបានដល់ការខិតខំជម្រុះនូវគំនិតដែលសម្គាល់ខ្លួនឯងជាតិសាសន៍ខ្លួន ជាតិត្រកូលខ្លួន ពូជអម្បូរខ្លួនថាប្រសើរជាងគេ ។ព្រោះថាគំនិតនេះ នឹងនាំឱ្យកើតអស្មិមានៈក្នុងខ្លួន ហើយមើលងាយអ្នកដទៃដែលជាមូលហេតុអោយមានការប្រជែងវាសនា និងជាហេតុនៃសេចក្តីវិនាសអន្តរាយគ្រប់យ៉ាង ។ បុគ្គលទោះមានឋានៈ យសស័ក្តទ្រពសម្បត្តិ ចំណេះវិជ្ជា យ៉ាងណាក្តី បើជាបុគ្គលក្រអឺតក្រទម មិនសង្រួមទេនោះនឹងមិនទទួលបានការគោរពរាប់អាន និង កោតសរសើរឡើយប៉ុន្តែបើបែរជាបានវិញគឺបានតែពីសំណាក់ពួកជនប្លមប្រចុបប្រចែង និងជនពាលតែប៉ុណ្ណោះ ។ ដរាបណាគំនិតប្រកាន់ពូជសាសន៍ជាតិ ត្រកូលនិងអស្មិមានៈបានត្រូវលះបង់អស់ ហើយ ហើយប្រព្រឹត្តធ្វើតែអំពើល្អព្រោះក្តីមិនប្រមាថ ដរាបនោះសេចក្តីសុខចម្រើននឹងកើតមានជាមិនខាន ។ ដូច្នេះការប្រព្រឹត្តបន្ទាបខ្លួនជាមង្គលដ៏ឧត្តម ។

                ២៤. សេចក្តីសណ្តោសត្រេកអរចំពោះរបស់ដែលមាន (សន្តុដ្ឋី ច ) ។ នេះបានដល់សភាពនៃចិត្តដែលត្រេកអរទៅតាមមានតាមបាន គឺទៅតាមសមត្ថភាព និងលទ្ធភាពរបស់ខ្លួនដែលមាន ។ព្រះពុទ្ធបានបង្រៀនមនុស្ស អោយចេះខិតខំប្រងប្រែងព្យាយាមបំពេញការងារអោយយ៉ាងអស់ពីសមត្ថភាព និងសក្តានុពលរបស់ខ្លួន ប៉ុន្តែ ការដែលបានសម្រេចសម តាមបំណងប៉ុណ្ណាក៏តោងចេះអោយតម្លៃ និង ពេញ ចិត្តរបស់ទាំងនោះ ព្រោះថាក្នុងលោកនេះ ប្រសិនបើមនុស្សប្រាថ្នាអ្វីបានហ្នឹងនោះពិភពលោកមុខជាមិនបានគង់វង្សមកដល់ថៃ្ងនេះទេ ។ ម្យ៉ាងសោតរឿងពិតក្នុងលោកតែងតែមានការមិនសមបំណងជារឿយៗ ហេតុនេះដើម្បីរស់នៅដោយចុះសម្រុងនិងមានក្តីសុខនោះ គឺត្រូវចេះទទួលស្គាល់ការពិតនិង ស្កប់ស្កល់ ចំពោះអ្វីដែលបានមកពីការខិតខំរបស់ខួន ។ បុគ្គលដែលមានសណ្តានចិត្តសណ្តោស រមែងមិនភ្លើតភ្លើន លោភលន់ ភ្លេចខ្លួនរហូតមើលងាយ ឬច្រណែននឹងអ្នកដទៃ នៅពេលដែលខ្លួនមានលាភយសស័ក្តិទ្រព្យសម្បត្តិក្តី ឬធ្លាក់ខ្លួនក្រខ្សត់ បាត់យសស័ក្តិក្តី ។ ដូច្នេះការព្យាយាមអប់រំចិត្តខ្លួនឱ្យបានជាចិត្តសណ្តោសយ៉ាងនេះ ជាមង្គលដ៏ឧត្តម។

                ២៥. ភាពជាអ្នកដឹងឧបការគុណដែលអ្នកដទៃធ្វើហើយដល់ខ្លួន ( កតញ្ញូតា ) ។ បុគ្គលបែបនេះឈ្មោះថា កតញ្ញូបុគ្គល ។ បុគ្គលកតញ្ញូដែលបានតបស្នងសងឧបការ គុណគេវិញឈ្មោះថា កតញ្ញូតកត្តវេទីបុគ្គល ។ឯបុគ្គលដែល បានធ្វើឧបការគុណ គឺសេចក្តីល្អគ្រប់យ៉ាងដល់អ្នកដទៃឈ្មោះថាបុព្វការី ។ មាតា បិតា ជាបុព្វការីរបស់កូន ព្រោះលោកបានបង្កើតព្រោះលោកបានបង្ហាត់បង្រៀនបុត្រ ។ ព្រះសម្មាសម្ពុទ្ធជាបុព្វការីរបស់ពុទ្ធបរិស័ទ និងមនុស្ស សត្វទាំងឡាយព្រោះព្រះអង្គបានព្យាយាមរកឃើញនូវមាគ៌ារំដោះទុក្ខ គឺអដ្ឋង្គិកមគ្គដើម្បីមនុស្ស សត្វ ទេព្តាទាំងអស់ ៘ បើមិនមាន បុព្វការីជន មានមាតា បិតាជាដើមទេនោះ សង្គមមនុស្សក៏មិនអាចស្ថិតស្ថេររីកចម្រើនបានឡើយ តោងប្រយ័ត្នបុគ្គល ខ្លះដឹងថាយើងជាមនុស្សមិនបំភ្លេចគុណ និងតែងតបស្នងសងគុណគេវិញជាប្រក្រតីនោះ ក៏បានឆ្លៀតឱកាសបង្កហេតុហើយធ្វើជាមកជួយយកអាសារយើង ដើម្បីអោយយើងជំពាក់គុណគេ (ទើបគេអោយយើងធ្វើអ្វីម្យ៉ាងដែលនាំមកនូវផលអាក្រក់ណាមួយ ) ។ ដូច្នេះការខិតខំកសាងខ្លួនឱ្យបានជា កតញ្ញូតកវេទីបុគ្គលផងទាំងបុព្វការីបុគ្គលផង ជាមង្គលដ៏ឧត្តម ។

                ២៦. កិរិយាស្តាប់នូវធម៌តាមកាល ( កាលេន ធម្មស្សវនំ ) ។ ធម៌ជាផែនទីសម្រាប់ស្វែងរកកំណប់គឺផលប្រយោជន៍ និងក្តីសុខក្នុងជីវិត ។ ប្រការនេះបានដល់ការខិតខំឆ្លៀតពេលដ៏មមាញឹកនៃជីវិតប្រចាំថៃ្ង ទៅស្តាប់ព្រះធម៌យ៉ាង ហោចណាស់មួយអាទិត្យបានម្តងព្រោះថាធម៌គឺជាគុណជាតិ បំភ្លឺបង្ហាញប្រាប់ឱ្យ ស្គាល់ខុស ស្គាល់ត្រូវគុណទោស ល្អអាក្រក់ បុណ្យបាប យ៉ាងសត្យានុម័តដែលអាចយកទៅប្រព្រឹត្តបានសេចក្តីសុខខ្លួន ឯងនិងសង្គមជាតិ (ចំពោះទស្សនៈដែលថា ចាំដល់ចាស់ ឬ ពេលចូលនិវត្តន៍ពីការងារ សឹមស្តាប់ធម៌នោះជាទស្សនៈមិនទាន់ត្រឹមត្រូវឡើយ ) ។ ដរាបណាមានអ្នកប្រព្រឹត្តប្រតិបត្តិធម៌គឺសេចក្តីល្អកាន់តែច្រើន ដរាបនោះសង្គមជាតិនិងពិភព លោកកាន់តែរីកចម្រើននិងសុខសាន្ត ។ ដូច្នេះការព្យាយាមស្តាប់ធម៌តាមកាល ជាមង្គលដ៏ឧត្តម ។

                ២៧. សេចក្តីអត់ធ្មត់ (ខន្តិ ច ) ។ ខន្តីគឺសភាពនៃចិត្តស្ងៀមស្ងាត់ស្ងប់រំងាប់នឹងនរទោះត្រូវរងនូវអំពើអាក្រក់បែបណាមួយដូចជារងការប្រមាថមើលងាយ ឬភាពអយុត្តិធម៌ជាដើម ។ តាមធម្មតាក្នុងស្ថានភាពបែបនេះ អ្នកដែលគ្មានខន្តីរមែងមានសេចក្តីក្រោធខឹងក្តៅក្រហាយជាប្រាកដហើយតែងតបទៅវិញដោយអំពើហិង្សា ឬ ពាក្យទ្រគោះ ដោយប្រការណា មួយមិនខានដែលជាហេតុនាំមកនូវជម្លោះគ្រប់ប្រភេទ ។ ចំណែក ឯអ្នកមានខន្តីធម៌វិញពេលរងនូវអំពើអាក្រក់បែបណា រមែងមិនក្រោធខឹង មិនក្តៅក្រហាយផ្តេសផ្តាសឡើយហើយតែងមានប្រតិកម្មទៅវិញដោយអហិង្សាប្រកបដោយវិចារណញ្ញាណយ៉ាងថ្លៃថ្នូរបំផុត ដែលជាហេតុនាំមកនូវសុខសន្តិភាពយ៉ាងប្រពៃ ប្រការនេះគួរតែមិនមែនមានន័យថា ទោះជាត្រូវរងគ្រោះអយុត្តិធម៌យ៉ាងណាក៏មិនអើពើឡើយ ។ តាមពិតបើឃើញថាគួរតែឆ្លើយតបនោះគឺតោងតែឆ្លើយតបប៉ុន្តែធ្វើដោយចិត្តស្ងប់ មិនមែនធ្វើតាមកំហឹង ។ដូច្នេះការព្យាយាមកសាងអប់រំខ្លួនឱ្យមានសណ្តានចិត្តប្រកបដោយខន្តីគឺសេចក្តី អត់ធន់ដ៏ប្រពៃហើយ ជាមង្គលដ៏ឧត្តម ។

                ២៨. ភាវៈនៃបុគ្គលដែលទូន្មានប្រៀនប្រដៅបានដោយងាយ (សោវចស្សតា ) ។ មនុស្សប្រដៅដោយងាយគឺជាអ្នកដែលឆាប់ទទួលយកនូវដំបូន្មានឪពុកម្តាយ គ្រូ អាចារ្យចាស់ព្រឹទ្ធាចារ្យ និងមតិយោបល់របស់បណ្ឌិតទាំងឡាយព្រោះភាពខ្លួនជាអ្នកឈ្លាសវៃមានការចេះដឹងច្រើនឆាប់ពិចារណាឃើញនូវហេតុផលច្បាស់លាស់ ថែមទាំងជាបុគ្គលមាន ចិត្តបើកទូលាយបន្ទាបខ្លួន មិនប្រកាន់មានៈ តែ ទោះយ៉ាង ណាតោងតែធ្វើដោយបញ្ញាប្រយ័ត្នត្រូវជនពាលបញ្ចុះបញ្ចូល អូសទាញអោយលុះក្នុងគំនិត គិតខុស។ឯអ្នកដែលមិនលុះតាមដំបូន្មានមាតាបិតានិងបណ្ឌិតជាដើមក៏ព្រោះតែភាពនៃខ្លួនជា អ្នកមិនឆ្លៀសវៃ មិនមានការចេះដឹងម្ល៉ោះហើយក៏មានការងងឹតងងល់ក្នុងអស្មិមានៈយ៉ាងធ្ងន់ធរ ។មានតែការខិតខំរៀនសូត្រ និងស្តាប់ធម៌ ទេសនាជាដើមទេទើបអាចធ្វើខ្លួនឱ្យទៅជាបុគ្គលងាយប្រដៅបាន ។ ដូច្នេះការខិតខំកសាងខ្លួនឱ្យបានក្លាយជាបុគ្គល ដែលគេងាយប្រដៅ ជាមង្គលដ៏ឧត្តម ។

                ២៩. កិរិយាបានឃើញ បានជួបនូវសាមណៈទាំងឡាយដែលមានឥន្ទ្រីយ៍ស្ងប់រំងាប់ហើយ (សមណានញ្ច ទស្សនំ )។ សមណៈគឺជាបព្វជិតដែលលះបង់ផ្ទះទៅបួសហើយខិតខំប្រព្រឹត្តប្រតិបត្តិធម៌ធ្វើកាយវាចាចិត្តឲ្យសប់សាត់ចាកកិលេសគឺលោភៈទោសៈមោហៈមានឥរិយាបថសប់សាត់ស្រគត់ស្រគំគួរជាទីគោរពជ្រះថ្លានៃជនទាំងពួង។លើសពីនេះទៅទៀតសមណៈទាំងឡាយលោកតែងឲ្យដល់អ្នកដែលបានមកជួបនូវដំបូន្មានដ៏ប្រពៃជាមាគ៌ា សម្រាប់ប្រព្រឹត្តប្រតិបត្តិឲ្យបានសុខចម្រើនក្នុងជាតិនេះនិងជាតិខាងមុខ។ដូច្នេះការបានជួបនឹងសាមណៈទាំងឡាយជាមង្គលដ៏ឧត្តម។

                ៣០. កិរិយាសន្ទនាសាកសួរនូវធម៌តាមកាល (កាលេនធម្មសាកច្ឆា) ។នេះបានដល់ការចេះបែងចែកពេលវេលាឲ្យមានឱកាសសម្រាប់ជួបជុំគ្នាញឹកញាប់ ដើម្បីពិក្សាផ្លាស់ប្តូរយោបល់គ្នាអំពីធម៌វិន័យក្រោមអធិបតីភាពនៃ លោកអ្នកចេះដឹងជ្រៅជ្រះ ដែលជាអ្នកមានគុណធម៌និងសីលធម៌ខ្ពង់ខ្ពស់ ដើម្បីអាចបំបាត់នូវចមល់គ្រប់យ៉ាងបាន ។ មួយសោតដើម្បីពិភាក្សាដោះស្រាយនូវបញ្ហានានា និងស្វែងរកនូវការចុះសម្រុងគ្នា ។ទង្វើបែបនេះ ក៏ជាការសាបព្រួសនូវវប្បធម៌អហឹង្សា និងសន្តិភាពផងដែរ ។ធ្វើយ៉ាងនេះគឺពិតជាបានបង្កើតនូវការចេះដឹងរបស់ខ្លួនឲ្យបានទូលំទូលាយច្បាស់លាស់ជាបន្តបន្ទាប់ដែលអាចយកទៅប្រព្រឹត្តប្រតិបត្តិបានត្រឹមត្រូវនិងកើតផលប្រយោជន៍ដល់ខ្លួនឯង និងសង្គមជាតិពិតប្រាកដ ។ដូច្នេះកិរិយាចូលរួមក្នុងការសន្ទនាសាកសួរសីលធម៌តាមកាលជាមង្គលដ៏ ឧត្តម។

                ៣១. សេចក្តីព្យាយាមដុតនូវបាបធម៌ ( តបោ ច ) ។ បាបធម៌បានដល់លោភៈគឺការជាប់ចិត្តលោភលន់ហួសហេតុទៅលើសម្ភារៈគ្រប់យ៉ាង១, ទោសៈគឺចិត្តប្រទូសរ៉ាយស្អប់ក្រោធខឹងគ្រប់យ៉ាង១និងមោហៈគឺក្តីងងឹតងងល់វង្វេងវង្វាន់មានកាប់សម្លាប់លួចបន់និងកុហកឆបោកកេងប្រវ័ញ្ចជាដើម។រីឯតបៈធម៌បានដល់ការព្យាយាមដុតបំផ្លាញនូវកិលេសទាំងបីខាងលើផងនិងព្យាយាមកសាងនូវអំពើល្អគ្រប់យ៉ាងមានទានសីលភាវនាសាងផ្លូវថ្នល់សាលារៀនជាដើមផងដែលសុទ្ធតែមានប្រយោជន៏ដល់ខ្លួនឯងនិងសង្គមជាតិយ៉ាងពិតប្រាកដ។ដូច្នេះសេចក្តីព្យាយាមដុតនូវបាបធម៌ជាមង្គលដ៏ឧត្តម។

                ៣២. កិរិយាប្រព្រឹត្តនូវធម៌ដ៏ប្រសើរ (ព្រហ្មចរិយញ្ច ) ។ នេះបានដល់កិរិយាព្យាយាមប្រព្រឹត្តសីលធម៌ដ៏ប្រសើរទាំង៨យ៉ាងគឺ៖មិនសម្លាប់ជីវិតសត្វ១, មិនលួចប្លន់១, មិនប្រព្រឹត្តស្នេហា១, មិនភូតកុហក១, មិនផឹកទឹកស្រវឹង១, មិនបរិភោគពេលរសៀលនិងយប់១, មិនរាំច្រៀងលេងភ្លេងនិងមិនតុបតែងកាយដោយគ្រឿងអលង្ការ១, មិនប្រើប្រាស់សម្ភារៈអង្គុយនិងដេកក្នុងទីដ៏ប្រសើរពេក១។នេះគឺជាការប្រព្រឹត្តសង្រួមកាយវាចាចិត្តយ៉ាងប្រពៃដែលមានប្រយោជន៍ដល់ខ្លួនឯងព្រោះបានធ្វើចិត្តឲ្យបានស្ងប់ស្ងាត់និងមានប្រយោជន៍ដល់សង្គមជាតិព្រោះមិនបានរំខាននិងបៀតបៀនសង្គមជាតិ។ដូច្នេះកិរិយាប្រព្រឹត្តនូវព្រហ្មចរិយាធម៌ជាមង្គលដ៏ឧត្តម។

                ៣៣. កិរិយាឃើញនូវអរិយសច្ចធម៌ទាំងឡាយ(បរិយសច្ចាន ទស្សនំ )។ អរិយសច្ចធម៌បានដល់ធម៌ពិតដ៏ខ្ពង់ខ្ពស់៤យ៉ាងគឺទុក្ខសច្ចៈសេចក្តីទុក្ខ១, សមុទយសច្ចៈហេតុនៃសេចក្តីទុក្ខ១, និរោធសច្ចៈទីដែលក្តីទុក្ខត្រូវបានរំលត់១, និងមគ្គសច្ចៈវិធីរំលត់ទុក្ខ១។សេចក្តីពិតនៃជីវិតមនុស្សសត្វទេព្តាក្នុងត្រៃភពគឺពោរពេញទៅដោយសេចក្តីទុក្ខប្រែប្រួលឥតខ្លឹមសារទាំងអស់។មូលហេតុនៃសេចក្តីទុក្ខនេះគឺបណ្តាលមកពីជីវិតដែលពោរពេញដោយកិលេសតណ្ហាគ្រប់បែបយ៉ាង។ដរាបណាកិលេសតណ្ហាត្រូវបានរំលត់អស់ហើយដរាបនោះសេចក្តីទុក្ខក៏មិនមានទៀតឡើយ។ព្រះអរិយបុគ្គលទាំងឡាយមានព្រះពុទ្ធជាប្រធានសុទ្ធតែបានយល់ច្បាស់នូវអរិយសច្ចធម៌នេះហើយព្យាយាមប្រព្រឹត្តប្រតិបត្តិតាមមគ្គសច្ចដែលជាមាគ៌ាដើម្បីរំលត់ទុក្ខប្រកបដោយអង្គ៨គឺអដ្ឋង្គិកមគ្គទើបបានរំលត់កិលេសតណ្ហាឆ្លងផុតពីសេចក្តីទុក្ខគ្រប់យ៉ាង។ដូច្នេះកិរិយាឃើញនូវអរិយសច្ចធម៌ជាមង្គលដ៏ឧត្តម។

                ៣៤. កិរិយាធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វានដោយបញ្ញាដ៏ខ្ពង់ខ្ពស់ ( និព្វានសច្ឆិរិយា ច ) ។ នេះបានដល់ការប្រព្រឹត្តប្រតិបត្តិនូវវិធីក្បួនច្បាប់ សីល សមាធិបញ្ញា ឲ្យចេញជាលទ្ធផលច្បាស់លាស់ ។ ព្រះនិព្វានគឺជាលទ្ធផលនៃការប្រព្រឹត្តប្រតិបត្តិសីល សមាធិ បញ្ញាតាមអរិយមគ្គប្រកបដោយអង្គ៨គឺសម្មាទិដ្ឋិ ការយល់ឃើញត្រឹមត្រូវពិតប្រាកដ ១, សម្មាសង្កប្បៈ ការត្រិះរិះត្រឹមត្រូវគឺគិតនិងរំលត់តណ្ហា១, សម្មាវចាពោលតែពាក្យត្រឹមត្រូវ១, សម្មាកម្មន្តៈ ប្រព្រឹត្តធ្វើការងារត្រឹមត្រូវតាមធម៌ និងច្បាប់រដ្ឋ១, សម្មាអាជីវៈប្រកបមុខរបរត្រឹមត្រូវ ដោយចៀសវាងនូវអំពើបាប៥ យ៉ាងមានការលក់មនុស្សជាដើម១, សម្មាវាយាមៈ ខំព្យាយាមត្រឹមត្រូវគឺព្យាយាមលះបង់អំពើអាក្រក់ដែលធ្លាប់ធ្វើឲ្យអស់និងព្យាយាមចៀសវាងមិនធ្វើអំពើអាក្រក់ជាថ្មីទៀត, ព្យាយាមរក្សាគុណធម៌និងសេចក្តីដែលមានស្រាប់អោយតាំងនៅ និងកាន់តែ ចម្រើនឡើង, ព្យាយាមសាងគុណធម៌និងក្តីល្អដែលមិនទាន់មាន អោយមានជាប្រាកដ១, សម្មសតិ ការរលឹកដ៏ត្រឹមត្រូវមានការរលឹកនូវ វេទនាខាងក្នុង និងវេទនាខាងក្រៅជាដើម១, និងសម្មាសម្មាធិ ការតម្កល់ចិត្តឲ្យនឹងខ្ជាប់ខ្ជួនក្នុងអារម្មណ៍តែមួយ១ ។ដូច្នេះការប្រព្រឹត្តប្រតិបត្តិក្នុងមាគ៌ាប្រកបដោយអង្គ៨ រហូតធ្វើឱ្យជាក់ច្បាស់នូវព្រះនិព្វាន ដែលជាគោលដៅចុងក្រោយនៃជីវិតក្នុងលោកជាមង្គលដ៏ឧត្តម ។

                ៣៥. ចិត្តនៃបុគ្គលដែលមិនញាប់ញ័រដោយលោកធម៌ ( ផុជ្ឋស្ស លោកធម្មេហិចិត្តំ យស្ស ន កម្បតិ ) ។ លោកធម៌គឺជាធម្មជាតិជាទីប្រាថ្នានិងជាទីស្អប់របស់មនុស្សនិងជាធម៌ដែលតែងកើតមាននៅក្នុងលោក ដល់មនុស្សគ្រប់រូបមិនថាបុគ្គលនោះជាអ្នកចេះដឹងធម៌ ឬ មិនចេះធម៌ឡើយ ហើយក៏មិនរើសមុខថាជាពុទ្ធសាសនិក ឬ ជាសាសនិករបស់សាសនា ណាមួយឡើយ ។ លោកធម៌មាន៨ប្រការគឺការមានលាភសក្ការៈ១, ការបាត់បង់យសស័ក្តិ១, ការបាននូវការសរសើរ១, ការបានសុខសប្បាយ១, ការបាត់បង់លាភសក្ការៈ១, ការបាត់បង់យសស័ក្តិ១, ការបាននូវការនិន្ទារិះគន់១, ការបាននូវទុក្ខទោស១ ។ អរិយបុគ្គលទាំងឡាយមានព្រះពុទ្ធជាប្រធាន រមែងមិនញាប់ញ័រ គឺមិនសប្បាយភ្លើតភ្លើនទាំងមិនទោមនស្សដោយលោកធម៌ទាំង ៨ នេះឡើយទើបពួកលោករមែងរស់នៅជាក្សេមក្សាន្តជានិច្ច ។ ដូច្នេះការព្យាយាមអប់រំចិត្តឲ្យបានទៅជាចិត្ត ដែលមិនញាប់ញ័រដោយលោកធម៌ទាំង ៨ នេះជាមង្គលដ៏ឧត្តម ។

                ៣៦. ចិត្តនៃបុគ្គលមិនសោយសោកចំពោះអារម្មណ៍ (អសោកំ ) ។ មនុស្សគ្រប់រូបតែងតែជួបនូវអារម្មណ៍គឺហេតុការណ៍គ្រប់យ៉ាងរាល់នាទីនៃជីវិតរបស់ខ្លួន។ជាការពិតណាស់តាំងពីភ្ញាក់ពីដំណេកដឹងខួនឡើងត្រចៀកជួបនឹងសម្លេងភ្នែកជួបនឹងរូបច្រមុះជួបនឹងក្លិនអណ្តាតជួបនឹងរសជាតិកាយប៉ះនឹងវត្ថុគ្រប់យ៉ាង។អារម្មណ៍ទាំងនេះខ្លះជាទីពេញចិត្តនាំឲ្យសប្បាយខ្លះជាទីស្អប់ខ្ពើមនាំឲ្យខឹងមួម៉ៅក្តៅក្រហាយ។ប៉ុន្តែព្រះអរិយបុគ្គលដែលជាមនុស្សដ៏ប្រសើរមានចិត្តស្អាតបរិសុទ្ធចាកកិលេសតណ្ហាលោភៈទោសៈមោហៈហើយនោះលោកមិនសោយសោកក្តៅក្រហាយនឹងអារម្មណ៍ទាំងឡាយនោះឡើយ។ដូច្នេះការព្យាយាមអប់រំចិត្តរហូតបានជាចិត្តមិនសោកសៅជាមង្គលដ៏ឧត្តម។

                ៣៧. ចិត្តដ៏បរិសុទ្ធ ស្អាតចាកកិលេស ( វីរជំ ) ។ នេះបានដល់ប្រភេទនៃចិត្តជាន់ខ្ពស់ដែលមិនប្រឡាក់ដោយកិលេសទាំងបីគឺលោភៈចិត្តស្អប់ជាប់នឹងសម្ភារៈនិងអសម្ភារៈគ្រប់យ៉ាងដែលនាំឲ្យមានសេចក្តីលោភលន់គ្មានទីបំផុត១, ទោសៈចិត្តថ្នាំងថ្នាក់ស្អប់ខ្ពើមក្រោធខឹងទោមនស្សប្រទូស្តនឹងសម្ភារៈគ្រប់យ៉ាងដែលនាំឱ្យកើតជាអំពើហិង្សាជាដើម១, មោហៈចិត្តវង្វេងក្នុងអារម្មណ៍ប្រកបដោយសេចក្តីសង្ស័យនិងរាយមាយឥតខ្មាសឥតខ្លាចអំពើទុចរឹត១។ដូច្នេះកិរិយាអប់រំចិត្តឲ្យបានទៅជាចិត្តបរិសុទ្ធស្អាតចាកកិលេសជាមង្គលដ៏ឧត្តម។

                ៣៨. ចិត្តក្សេមក្សាន្ត (ខេមំ) ។ នេះបានដល់សន្តានចិត្តរបស់ព្រះអរិយបុគ្គលទាំងឡាយដែលមានព្រះពុទ្ធ ជាប្រធានដែលបានឆ្លងផុតពីអន្លង់ទាំង៤គឺ៖អន្លង្ល់គឺកាមតណ្ហា១, អន្លង់គឺភពទាំងបី១, អន្លង់គឺទិដ្ឋិយល់ខុស១និងអន្លង់គឺអវិជ្ជាការមិនយល់មិនដឹងនូវសច្ចធម៌១។ចិត្តដែលបានឆ្លងផុតអន្លង់ទាំង៤ហើយគឺជាចិត្តស្អាតបរិសុទ្ធនិងស្ងប់ក្សេមក្សាន្តក្រៃលែង។ដូច្នេះកិរិយាខំកសាងខ្លួនគឺអប់រំចិត្តឲ្យបានទៅជាចិត្ត ក្សេមក្សាន្តយ៉ាងនេះជាមង្គលដ៏ឧត្តម។បុគ្គលទាំងឡាយណាបានខិតខំកសាងខ្លួនដោយខិតខំប្រព្រឹត្តិប្រតិបត្តិនូវមង្គលទាំង៣៨ប្រការនេះឲ្យបរិបូ ណ៌ហើយរមែងមិនចាលចាញ់ក្នុងទីទាំងពួងរហូតសម្រេចមគ្គផលនិព្វានជាទីអវសាន៕

No comments:

Post a Comment