ទិដ្ឋធម្មិកធម៌ គឺហេតុឲ្យកើតផលប្រយោជន៍ក្នុងពិភពលោកនេះ មាន ៤ គឺ៖
១. ការប្រឹងប្រែងធ្វើការងារ មិនខ្ជិលច្រអូសជានិច្ច ឈ្មោះថា ឧដ្ឋានសម្បទា ។
២. ការថែរក្សាដោយយកចិត្តទុកដាក់ជានិច្ច ឈ្មោះថា អារក្ខសម្បទា ។
៣. ភាពជាអ្នកគប់មិត្តល្អ ឈ្មោះថា កល្យាណមិត្តតា ។
៤. ភាពនៃការចិញ្ចឹមជីវិតតាមលទ្ធភាព ឈ្មោះថា សមជីវីតា ។
ធម៌ទាំងនេះឯង ជាប្រភព
និងជាគ្រឹះយ៉ាងមាំ សម្រាប់បណ្ដុះបណ្ដាល និង
ទ្រទ្រង់នូវអង្គការពិភពលោក អង្គការរដ្ឋ និងអង្គការគ្រួសារមួយៗ
ឲ្យបានប្រកបដោយវឌ្ឍនធម៌ ចម្រើនរុងរឿង ។ បើខ្វះធម៌ណាមួយ អង្គការនោះៗ
ត្រូវមានវិបត្តិមិនខាន ។ ក្នុងរដ្ឋមួយៗ មានអង្គការជាច្រើន ដូចជា
សេដ្ឋកិច្ច សង្គមកិច្ច និងនយោបាយ ជាដើម ។
ផ្នែកសេដ្ឋកិច្ច
ដូចខាងឧស្សាហកម្ម និងពាណិជ្ជកម្ម បើអ្នកកាន់ការទាំងឡាយ ក្នុងពិភពលោក
ខ្វះធម៌ទី ១ គឺ ឧដ្ឋានសម្បទា កម្ជិលមិនប្រឹងប្រែងចំពោះករណីយកិច្ច
រវល់តែប្រចាំគ្នា ច្រណែនគ្នា អំពីប្រយោជន៍ផ្ទាល់ខ្លួន មិនខំរវៃឧស្សាហកម្ម
និងពាណិជ្ជកម្មឲ្យដើរទាន់សម័យទេ សេដ្ឋកិច្ចមិនត្រូវអមតៈបានឡើយ
ព្រោះនៅមានការកុហកបោកប្រាស នៅមានអំពើពុករលួយ លួចប្លន់កេងកិប សូកស៊ីសំណូក
ច្របូកច្របល់ក្នុងដំណើរជីវិត
ត្រូវសិក្សាបង្កើតថ្នាក់ឲ្យដល់កម្រិតសីលសិក្ខា
បានដល់ការសិក្សាតាមមគ្គសច្ចវិទ្យា ត្រង់ទី ៣ ទី ៤ និងទី ៥ គឺ
សម្មាវាចា សម្មាកម្មន្គៈ សម្មាអាជីវៈ ជាច្រើនឆ្នាំទៀតដរាប
ដល់អប់រំចរិយាមារយាទឲ្យបានថ្លៃថ្នូរ ស្អាតបរិសុទ្ធ ដែលហៅថា អរិយចរិយា ។
បើមានឧដ្ឋានសម្បទា
ហើយខ្វះអារក្ខសម្បទា មានការខ្ជះខ្ជាយ មិនត្រួតពិនិត្យឲ្យដល់ទីកន្លែង
ចេះតែប្រចាំ បណ្ដាក់គ្នា ម្នាក់អាងលើម្នាក់ នៅតែក្នុងការិយាល័យ
រំពឹងតែលើក្រដាស លើបញ្ជីនោះ ផលនៃឧស្សាហកម្ម និងពាណិជ្ជកម្មត្រូវខូចខាត
សេដ្ឋកិច្ចត្រូវធ្លាក់ចុះ ។
បើមានធម៌ទាំងពីរនេះហើយ
ប៉ុន្តែខ្វះធម៌ទី ៣ គឺកល្យាណមិត្តតា មានការទាក់ទងជាមួយអ្នកលក់ អ្នកទិញ
ជាមនុស្សទុច្ចរិត មានការគៃបន្លំ និងនាំគៃបន្លំដោយហេតុណាមួយ
ឬក៏មានសហការីរបស់ខ្លួន ជាមនុស្សពុករលួយ ត្រូវជើងនឹងអ្នកទិញ ឬអ្នកលក់
ធ្វើឲ្យខូចខាតផលឧស្សាហកម្ម ពាណិជ្ជកម្មនោះ សេដ្ឋកិច្ចត្រូវធ្លាក់ចុះ ។
បើមានធម៌ទី ១ ទី ២ ទី ៣ នេះគ្រប់គ្រាន់ហើយ នៅខ្វះធម៌ទី ៤ គឺ សមជីវិតា មានការចំណាយច្រើនជាងចំណូល ដោយការខ្ជះខ្ជាយ ឬដោយប្រើបុគ្គលិកច្រើនហួសដែលបណ្ដាលមកពីមិនចេះប្រើ គឺអំពើដែលគេធ្វើតែម្នាក់កើត យើងធ្វើ ៤ ឬ ៥ នាក់ទើបកើត ហើយមិនល្អទៀត ឬទិញរបស់មួយមុខៗ ចូលច្រើនហួស ដើម្បីបានភាគរយអំពីអ្នកលក់ ឯរបស់ដទៃទៀតគ្មានលុយទិញគ្រប់គ្រាន់ ដែលនាំឲ្យរអាក់រអួលដំណើរឧស្សាហកម្ម ពាណិជ្ជកម្មនោះ សេដ្ឋកិច្ចត្រូវធ្លាក់ចុះ ។
កាលបើសេដ្ឋកិច្ចធ្លាក់ចុះ
ព្រោះខ្លួនខ្វះសមត្ថភាព ឬព្រោះខ្លួនទុច្ចរិតហើយ
ខំតម្លើងតម្លៃទំនិញដើម្បីទប់ទល់នោះ រឹតតែនាំឲ្យចង្រៃធំដល់សង្គមជាតិ
អ្នកប្រើប្រាស់ថែមទៀត ។
ទិដ្ឋធម្មិកធម៌នេះ មានន័យធំទូលាយគ្រប់ករណីកិច្ចទាំងអស់របស់អ្នកពិភពលោក ដូចបាននាំកូនចំណុចតូចមួយខាងលើនេះជានិទស្សនៈស្រាប់ ។
អត្ថបទដែលទាក់ទង ៖ ជីវិតជាមួយនឹងទ្រព្យសម្បត្តិ,
គុណ និងទោសនៃការប្រើប្រាស់ទ្រព្យសម្បត្តិ
ដកស្រង់ពី វត្តបិដកត្យារាម ក្នុងស្រុក
No comments:
Post a Comment