ឧកញ៉ាក្រឡាហោមប៉ាន - Business Buddhism

Website

ឧកញ៉ាក្រឡាហោមប៉ាន

ចែករំលែកចំណេះដឹង

 

រី​ឯ​ហ្លួង​នរោត្តម​ទ្រង់​បាន​ជ្រាប​ថា ឧក​ញ៉ា​អរជូន​ស៊ូ​ទទួល​អនិច្ច​កម្ម​ហើយ ស្តេច​ប្រារព្ធ​ទៅ​កាន់​នា​ម៉ឺន​សព្វ​មុខ​មន្រ្តី អស់​លោក​សេនា​បតី! អញ​មិន​នឹក​ស្មាន​ថា អាចារ្យ​លាក់​អ្នក​ចេះ​សិល្ប ដែល​លើក​ខ្លួន​ជា​ពោធិ​កំបោរ​ល្បី​ឫទ្ធិ​មាន​ចិត្ត​ថ្លើម​ធំ​ពាស​មេឃ​ ដោយ​ហ៊ាន​បំបះ​បំបោរ​រាស្រ្ដ​ដេញ​បារាំង​ចេញ​ពី​ស្រុក​។ មិន​តែ​ប៉ុណ្ណឹង​ទេ​ឥឡូវ​នេះ​វា​ឡើង​ចាង​ដល់​ទៅ​លើក​គ្នា​បាញ់​សម្លាប់​អរជូន​ស៊ូ​តាម​ទំនើង​ចិត្ត​។ អំពើ​ក្បត់​នឹង​ព្រះ​រាជ​បល្លង្ក​ដូច្នេះ​ យើង​ចាំ​បាច់​កំចាត់​ចោល​​ជា​ប្រញាប់ បើ​ពុំ​នោះ​សោត​ទេ​ បណ្ដោយ​ទុក​ឲ្យ​យូរ​បន្ដិច​ទៅ ច្បាស់​ជា​រាល​ដាល​វាល​គុម្ព​កាន់​តែ​ធំ​ពិបាក​បង្រ្កាប​មិន​ខាន​។

មាន​បន្ទូល​តែ​ប៉ុណ្ណេះ ហ្លួង​យាង​បាទា​ចុះ​ឡើង​ដោយ​ទម្លាក់​ក្រ​សែ​ព្រះ​នេត្រ​ឈ្ងោក​កម្រាល​រោង​ជំនុំ​ហាក់​ខ្វាយ​ខ្វាល់​អំពល់​ព្រះ​ទ័យ​ ព្រោះ​នឹក​ភ័យ​រអើល​ក្រោយ នឹង​សកម្ម​ភាព​តស៊ូ​របស់​ពោធិ​កំបោរ ដែល​ប្រយុទ្ធ​ទាម​ទារ​រំដោះ​ប្រ​ទេស ចេញ​ពី​នឹម​ ដែក​អាណា​និ​គម​និយម​បារាំង​សែស ។ ឋិត​ក្នុង​បរិ​យា​កាស​ស្ងប់​ស្ងាត់​មួយ​សន្ទុះ ទើប​ឧក​ញ៉ា​ពិ​ភក្ដិ​ទិព្វ​រាជ​រស់ឱន​កាយ​ថ្វាយ​យោ​បល់៖
- សូម​ក្រាប​បង្គំ​ទូល​ព្រះ​ករុណា​ថ្លៃ​វិសេស ! ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​យល់​តាម​ព្រះ​រាជ​តម្រិះ​របស់​ព្រះ​អង្គ​ទាំង​ស្រុង​ដោយ​ឆ្លៀត​ឱ​កាស​នេះ ដើម្បី​សម្ដែង​សា​ជា​ថ្មី​នូវ​សេច​ក្ដី​ស្វាមី​ភក្ដិ​ចំពោះ​ព្រះ​រាជ​បល្លង្ក។

នៅ​ក្នុង​ចំណោម​មន្រ្ដី​ទាំង​អំបាល​នោះ គង់​មាន​ខ្លះ​នឹក​ឃើញ​ផ្លូវ​ត្រូវ​ដែរ។ ឱ! មុខ​គួរ​ឲ្យ​ស្ដាយ​ក្រោយ​ពន់​ពេក​ណាស់​ប្រជា​រាស្រ្ដ​ខ្មែរ ទូ​ទាំង​ប្រទេស​សុទ្ធ​សឹង​ជា​ពុទ្ធ​សាស​និក​ជន​ប្រកប​ដោយ​សន្ដាន​ ចិត្ត​ស្លូត​បូត​ក​​សាង​កុសល​ផល​បុណ្យ​ ព្រោះ​ចង់​បាន​ សេច​ក្ដី​សុខ​ចំរើនគ្រប់​ៗ​ជាតិ តែ​អកុ​សល​ត្រង់​ផ្ញើ​វាសនា​របស់​ខ្លួន នឹង​រាជ​បល្លង្ក​ជា​ខែល​បិទ​បាំង រឿង​រ៉ាវ​ពុក​រលួយ ដែ​ល​មុនស្ស​ឈ្មោះ​​ថា​ស្ដេច​ប្រ​ព្រឹត្ត​ប្រាស​ចាក​គន្លង​ធម៌​។ តើ​នរ​ណា​ហ៊ាន​ហា​មាត់​ទំលាយ​អាថ៌​កំ​បាំង​ក្នុង​វាំង​? មួយ​ថ្ងៃ​ៗ ហ្លួង​រវល់​តែ​សោយ​អា​ភៀន​ញៀន​អភ័ព្វ​ស្រវា​ឱប​ក្រ​សោប​យក​ទ្រព្យ​ បាន​មកពី​ញើស​ឈាម​រាស្រ្ដ​សា​មញ្ញ​ដើម្បី​បំប៉ន​ ការ​សប្បាយ​មាន​ស្រី​ស្រា និង​ល្បែង​ពាលា ដោយ​គ្មាន​នឹក​នា​បញ្ហា​ទឹក​ដី​បុរី​នគរ​ឲ្យ​ដិត​ដល់​សោះ​។ ម្ល៉ោះ​ហើយ​ទៅ​ជា​លង់​ទ្រ​នេស ដាក់​ ប្រ​ទេស​ក្រោម​អាណា​ព្យា​បាល​បារាំង​សែស រួច​អាង​នឹង​យក​លេស​ថា គេ​មក​ជួយ​ការ​ពារ​យើង​។ ឯ​ធាតុ​ពិត​វិញ ពុំ​មែន​ដូច្នោះ​ទេ មាន​ ជាតិ​សាសន៍​ដទៃ​ណា​ស្នេហា​ស្មោះ​ត្រង់​នឹង​ខ្មែរ​ជាង​រូប​យើង​រាល់​គ្នា​?​​។

ខណ:នោះ ហ្លួងទ្រង់ព្រះសម្រួលទើងយ៉ាងសោះកក្រោះ ហើយមានបន្ទួល៖
- ពិភក្តិទិព្វរាជរស់ ឯង​ស្មោះ​ត្រង់​នឹង រាជ​បល្លង្ក​អ៊ី​ចឹង​ប្រាកដ​ជា​មិន​អត់​ប្រយោជន៍​ទេ អញ​តម្លើង​យស​សក្តិ​ជា​អរ​ជូន ហើយ​ចាត់​ឲ្យ​ទៅ​ឈរ​រក្សា​ខេត្ត​ត្បូង​ឃ្មុំ តើ​ឯង​ពេញ​ចិត្ត​ទេ ​?។
ឧកញ៉ាពិភក្តិទិព្វរាជ​រស់ ដែល​ទើប​នឹង​បាន​ឡើង​បុណ្យ​អរ​ជូន​ក្នុង​ពេល​នេះ មាន​សេចក្ដី​សោមន​ស្ស​ឥត​ឧបមា​​។
- ទូលបង្គំជាខ្ញុំ សូមទទួលតាមទ្រង់ព្រះមេត្តាប្រោស!
កាលបើនឹកដើមដល់អាចារ្យលាក់ ស្ដេចប្រែព្រះភក្រ្ដមួយរំពេច ទ្រង់បន្លឺសូរសៀងឡើង
- ចំណែកក្រឡាហោមប៉ានវិញ ចូរឯងលើកទ័ពទៅបង្កា្របអាលាក់ឲ្យរាបទាបកុំបីខាន !
លុះឮព្រះរាជបញ្ជាដូច្នេះហើយ ឧកញ៉ាក្រឡាហោមប៉ាន លើកករកំបង់អញ្ជលីដាក់លើសិរសា
- ព្រះករុណាថ្ងៃវិសេស ! ទូលបង្គំនឹងប្រតិបត្តិតាមព្រះរាជឱង្ការ ដរាបដល់តំណក់ឈាមចុងក្រោយបង្អស់!
មួយ​ស្របក់​ក្រោយ​មក នា​ម៉ឺន​គ្រប់​តំណែង​ការ​ក្រាប​ថ្វាយ​បង្គំ​លា​ហ្លួង នាំ​អាត្មា​ដើរ​ទា​ត្រុនៗ​ចេញ​ទៅ​បំពេញ​ករ​ណឹយ​កិច្ច​រៀង​ៗ​ខ្លួន​។ និយាយ​ពី​ឧកញ៉ា​ក្រឡា​ហោម​ប៉ាន ដែល​បរ​ពល​សកល​យោធា​តាម​រក​ច្បាំង​នឹង ពោធិ​កំបោរ​ពេល​ទៅ​ដល់​ខេត្ត​បាភ្នំ ស្រាប់​តែ​ភ្ញាក់​ផ្អើល​នឹង​កង​ទ័ព​មួយ​ចំនួន​យ៉ាង​ធំ​ដែល​ផ្គុំ​គ្នា​កក​កុញ​ដាច់​ស្រ​យាល​ពី​ស្រុក​ភូមិ។
- នាយជើងការពិសេស ប្រញាប់ក្លែងខ្លួនទៅស៊ើបមើល៍ តើពួកពលខាងណាហ្នឹង ?
សូមគោរពតាមបញ្ជា !
ទាហានម្នាក់នោះ លំទោន​កាយ​ចេញ​ទៅ​បាត់ មួយ​ស្របក់​ធំ​ទម្រាំ​តែ​ឃើញ អើត​ក្បាល​ត្រឡប់​មក​វិញ ដោយ​ធ្វើ​សេច​ក្ដី​រាយ​ការណ៍​ប្រាប់​ចៅ​ហ្វាយ​នាយ​យ៉ាង​ក្បោះ​ក្បាយ។
- រេហ៍​ពល​ប៉ុន្មាន​កង​នោះ​មិន​មែន​សត្រូវ​នឹង​យើង​ទេ​ការ​ពិត​ត្រឡប់​ជា​មិត្ត​រួម​ស្លាប់​រស់ ដែល​ដឹក​នាំ​ដោយ​ឧក​ញ៉ា​ធម្មា​តេជោ​ហែន ឧក​ញ៉ា​ចក្រី​ពេជ្រ​ ឧក​ញ៉ា​ជ័យ​យោ​ធា​សង្រ្គាម​ទុំ​។ អស់​លោក​ទាំង​នេះ ក៏​មាន​បំណង​នឹង​កម្ចាត់​អាចារ្យ​លាក់​ដែរ​!​។ គ្រាន់​តែ​កូន​ចៅ​ក្រោម​បង្គាប់​ម្នាក់​នេះ ពោល​ចប់​ភ្លាម​ក្រឡា​ហោម​ប៉ាន​បន្ទរ​សំណើច​ជាប់​រដឹក ហាក់​សប្បាយ​រីក​រាយ​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង។ បើ​ដូច្នេះ​មែន​យើង​ចាំ​បាច់​រួប​រួម​កម្លាំង​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ពង្រឹង​ជំហរ​ប្រ​យុទ្ធ​ឲ្យ​បាន​មុត​មាំ​រហូត​ដល់​ចាញ​ជ័យ​ លើ​អាចារ្យ​លាក់​យ៉ាង​ងាយ​លើ​គោក​។ នៅ​ក្នុង​ចម្បាំង រាំង​ដល់​លើក​នេះ មនុស្ស​ក្បាល​ខ្មៅ​ក្រ​យៅ​ខូច​តាំង​ខ្លួនជា​ពោធិ​កំបោរ មិន​អាច​ជៀស​ផុត​ពី​ស្លាប់​ខ្លួន​​អសារ​បង​ទេ។ សេនា​ទាហាន​របស់​ឧក​ញ៉ា​ក្រឡា​ហោម​បាន​ឮ​ដូច្នេះ​ក៏​ទម្រើស​ខ្លួន​ឡើង​ចាង​អាង​ថា៖
- អញមានគ្នីគ្នាច្រើនហើយ ត្រូវតែឈ្នះលើកង កម្លាំងពោធិកំបោរ ដែលសុទ្ធសឹង ជារាស្ដ្រចុងកាត មាត់ញក​គ្មាន​ចំណេះ​វិជ្ជា​គុន​កាន់​អា​វុធ​ឲ្យ​បាន​ដិត​ដល់​។
អាស្រ័យដោយក្ដីរំពឹងឥតសមហេតុផល និងធម៌ប្រមាថដៃគូ ទើបគេនាំគ្នាស្រែកហ៊ោកញ្រ្ជៀវខ្ញៀវខ្ញា ៖
- ជយោកងទ័ពឧកញ៉ាក្រឡាហោម ! ! . . . .
ក្សិណនោះ ក្រឡាហោម ប៉ាននាំក្បួន យោធាទៅជួបជុំនឹង ពួកពលធម្មា​​តេ​ជោ​​ហែន​ចក្រី​ពេជ្រ​ជ័យ យោធា​សង្រ្គាម​ទុំ ព្រម​ទាំង​បើក​សម័យ​ប្រជុំ​មួយ​រវាង​មេទ័ព​ទាំង​អស់។ យោល​តាម​សុភា​សិត​ចែង​សេចក្ដី​ថា នៅ​ផ្ទះ​ម្ដាយ​ទី​ទៃ​នៅ​ព្រៃ​ម្ដាយ​ជា​មួយ យើង​គប្បី​សាមគ្គី​សាមគ្គា​នឹង​គ្នា ក្នុង​វត្ថុ​បំណង​កាច់​បំបាក់​សត្រូ​វរួម​ត្រា​តែ​វា​វិនាស​បង់​ផុត​ពី​ទឹក​ដី។
ឧកញ៉ាទាំងបីញញឹមញញែម ហាក់ពេញចិត្តនឹងយោបល់ក្រឡាហោមណាស់ ចក្រីពេជ្របញ្ចេញវាចាភ្លាម ៖
- ពួកខ្ញុំមិនជំទាស់នឹងការយល់ឃើញរបស់លោកទេ !
ឯជ័យយោធាសង្គ្រាមទុំ គឺមានប្រសាសន៍ចាកបណ្ដោយតាមបក្សពួដែរ ៖
- បើយើងបានបងបាច់គ្នាអីចឹងហើយ អាចារ្យលាក់អ្នកសិល្បះលើកខ្លួនថា ពោធិ​កំបោរ​ច្បាស់​ជា​អស់​លក្ខណ៍​ត្រឹម​ណេះ​មិន​ខាន​។
ធម្មាតេជោហែនសើចឡើង ទំនងជាចូលធ្លុងជាមួយគេឯងឥតទាស់។
- កាលណាយើង​ទទួល​ជោគ​ជ័យ​លើ​សត្រូវ​ធំ​ម្ដង​នេះ កេរ្តិ៍​ឈ្មោះ​បោះ​សម្លេង​គ្រប់​គ្នា នឹង​អណ្ដែត​ត្រសែត​ច្រាស​ខ្យល់​ពាស​ពេញ​ផ្ទៃ​នគរ តើ​យើង​សប្បាយ​ចិត្ត​ប៉ុនណា ​?… ព្រះ​ករុណា​ជា​អម្ចាស់​មិន​ព្រងើយ​កន្តើយ​ទេ ព្រះ​អង្គ​ពិត​ជា​ចាប់​អារម្មណ៍​នឹង​ជ័យ​ជម្នះ​នេះ​យ៉ាង​ខ្លាំង​​។
ប្រមុខទ័ព​ទាំង​ឡាយ​រីក​រាយ​ក្នុង​ក្ដី​ស្រមៃ​ប៉ុណ្ណោះ តែ​បាន​ជា​កម្លាំង​ចិត្ត​បង្រួប​បង្រួម​យោធិន​ឲ្យ​ចូល​គ្នា​រួច​លើក​ចេញ​ពី​ខេត្ត​បាភ្នំ​ទៅត្បូង​ឃ្មុំ​។ ដល់​ខ័ណ្ឌ​ព្រៃ​ស្វាយ​ខេត្ត​ពារាំង ឧក​ញ៉ា​ក្រឡា​ហោម​ប៉ាន​ពិគ្រោះ​នឹង​មេ​ទ័ព​ឯទៀត៖
- អស់លោក ! យើងគួរសម្រាកនៅទីនេះសិនឬមួយទៅរកកន្លែងឈប់ខាងមុខវិញ?
សំណួរនេះសមហេតុផលហើយ ឧកញ៉ាធម្មាតេជោហែនរហ័សតប។
- លោកសាកសួរ​មក​ដូច្នេះ ត្រូវ​ចិត្ត​ខ្ញុំ​ណាស់ ព្រោះ​ខ្ញុំ​ក៏​កំពុង​តែ​ចាប់​អារម្មណ៍ នឹង​ទឹក​ដី​ភូមិ​ព្រៃ​ស្វាយ​នេះ​ដែរ ក្រៅ​ពី​វិសាល​ភាព​ធំ​ទូ​លំ​ទូ​លាយ នៅ​មាន​ដើម​ឈើ​ច្រើន​ឲ្យ​ម្លប់​ត្រឈឹ​ងត្រ​ឈៃ​ថែម​ទៀត។
ឆ្លៀតយកឱកាសនោះ ឧកញ៉ាជ័យយោធាសង្រ្គាមទុំបញ្ចេញយោបល់។
- ឥឡូវ​នេះ យើង​បាន​បរ​ពល​មក​ដល់​ទី​ល្អ​ប្រពៃ​សម​ដូច​ប្រសាសន៍​លោក​ធម្មា​តេ​ជោ​មែន យើង​ចាំ​បាច់​បោះ​ទ័ព​ឈប់​សិន ដើម្បី​ប្រុង​ប្រៀប​រៀប​រយ​ជើង​សឹក​ឲ្យ​បាន​ស្រួល​បួល​ពី​ចម្ងាយ​។
ឧកញ៉ាចក្រីពេជ្រលូកមាត់ចូលភ្លាម។
ខ្ញុំទុកដូចជើងក្រោយដោយជើងមុខទៅចុះ ព្រោះអស់លោកសុទ្ធសឹងតែមានយោបល់សមសួន ហើយមិនខ្វែងគំនិតគ្នា។
លុះបានទទួលចម្លើយសព្វគ្រប់ដូច្នេះហើយ ក្រឡាហោមប៉ានកាត់សេចក្ដីឲ្យខ្លី។
- បើអស់លោកយល់ស្របអ៊ីចឹង សូមបញ្ជាពួកពលឲ្យឈប់សម្រាកនៅភូមិព្រៃស្វាយនេះចុះ !។
ទីព​ហ្លួង​បោះ​ជំរំ​រកេត​រកូត មេ​កោយ​ចាត់​ចែង​គ្នី​គ្នា​ដើរ​លុយ​​ល្បាត​ជុំ​វិញ​ទី​ស្នាក់​អា​ស្រ័យ បណ្ដោះ​អាសន្ន​ដោយ​កិរិ​យា​ប្រយ័ត្ន​ប្រ​យែង​ណាស់​ដែរ​។ រាត្រី​កាល​ឈាន​ចូល​សន្សឹម​ៗ​មក​ដល់ នៅ​ក្នុង​ជំរំ​ភូមិ​ព្រៃ​ស្វាយ យោ​ធិន​ដុត​បង្គរ​ភ្នក់​ភ្លើង ពាស​វាល​ពាស​កាល​ចោល​ពន្លឺ​ក្រហម​ឆ្អិន​ឆ្អៅ កម្ចាត់​នូវ​អន្ធ​ការ​ដោយ​អន្លើ​។ ពី​ក្បាល​ព្រលប់ មាន​ទាហាន​ជា​ច្រើន​ស៊ី​ផឹក​លេង​សើច​សប្បាយ ហាក់​ចង់​ជម្រុះ​ចោល​ឲ្យ​អស់​ការ​នឿយ​ហត់​ក្នុង​រវាង​ប៉ុន្មាន​ថ្ងៃនេះ​​។ ចំណែក​អ្នក​ខ្វះ​ទៀត ដែល​មាន​​នាទី​យាម​ល្បាត​ ដូច​ជា​ខំ​ធ្វើ​ការ​យក​ចិត្ត​ទុក​ដាក់​ណាស់​ព្រោះ​ចៅ​ហ្វាយ​នាយ​ឋិត​នៅ​អែ​អុក​នឹង​មុខ​មាត់​។

យាម​មួយ​កន្លង​ផុត​ទៅ ​រេហ៍​ពល​ទាំង​អំបាល​ម៉ាន​ចូល​និទ្រា​ជា​បន្ដ​បន្ទាត់​គ្នា​រហូត​ដល់​ស្ងាត់​បាត់​ ប្រៀប​បាន​នឹង​ចោរ​លួច​សេះ​។ នៅ​សល់តែ​ស្នូរ​ជើង​អ្នក​យាម​ដើរ​ស្រ​ចុះ​ឡើង ចោល​ភ្នែក​ក្រឡេក​ក្រឡាប់​មើល​ឆ្វេង​ស្ដាំ​ក្រែង​មាន​ស្ម័គ្រ​បក្ស​ពួក​ខាង​ក្រុម​តស៊ូ​មក​យាយី​។ ពេល​នោះ សេនា​បួន​ប្រាំ​នាក់​ត្រចៀក​វៃ​គ្រាន់​បើ​ក្រ​សែ​ចក្ខុ​បាញ់​ឆ្ពោះ​ទៅ​រក​ទិស​ទាំង​បួន​ហាក់​ឮ​សូរ​សម្រិប​ប្លែក ម្នាក់​ចាប់​ផ្ដើម​ឧទាន​ឡើង​មុន​គេ។

- ប្រយ័ត្ន នាំគ្នាជួយស្ដាបមើល៍ឲ្យមែនទែន !
នៅស្ងៀមស្ងាត់មួយសន្ទុះ ស្រាប់តែម្នាក់ទៀតបន្លឺសម្លេងទាំងក្ដីបារម្ភ៖
- ច្បាស់ជាមានហេតុការណ៍មិនស្រួលកើតឡើងហើយ។
ពោលផុតពីមាត់សឹងមិនទាន់ ស្នូរ​គ្រាប់​កាំ​ភ្លើង​អាថ៌​កំបាំង​បាញ់​ទៅលើ​មេឃ​បី​ណាក់​ផ្ទួន​គ្នា​យក​ជ័យ សម្រែក​ហ៊ោក​ញ្រ្ជៀក​គម្រាម​ស្មារ​តី​ផ្ទុះ​ឡើង​។
- ជយោពោធិកំបោរ ! !
- បរាជ័យទ័ពហ្លួង . . .
ពិតមែន​តែឋិត​ក្នុង​ការ​ឡោម​ទ័ព​របស់​កង​កម្លាំង​ពោធិ​កំបោរ​ដូច្នេះ​ក៏​ដោយ ក៏​យោធា​ទាំង​ប៉ុន្មាន​ពុំ​សូវ​តក់​ស្លុត​ដែរ ​ព្រោះ​អាង​មាន​គ្គី​គ្នា​ច្រើន​លើស​លប់​ ប្រដាប់​ដោយ​អាវុធ​យុទ្ធ​ភ័ណ្ឌ​បរិបូណ៌​។ កាល​បើ​ពេល​អា​សន្ន​អន់​ក្រ​មក​ដល់​ដូច្នេះ មេ​ទ័ព​ធំ​បី​បួន​នាក់​ស្ទុះ​ស្ទាប​ញ្ជា​ពួក​ពល​អឹង​កង ។
- ចាប់អាវុធគ្រប់ដៃឡើង ! ប្រុងខ្លួនតស៊ូភ្លាម
- កុំធ្វេសប្រហែសឲ្យសោះ យើងមុខជានឹងបានឈ្នះហើយ!
ឯខាងកងទ័ពប្រជារាស្រ្ដវិញ អាចារ្យលាក់អ្នក​បាន​សិល្ប​ពេញ​ខ្លួន​គ្រវី​ភ្លើង​គល់​ឲ្យ​សញ្ញា​ដល់​មេ​កោយ​ឯ​ទៀត​ៗ បរពល​សម្រុក​ចូល​លុក​យ៉ាង​ក្លៀវ​ក្លា ហាក់​គ្មាន​ខ្លាច​រអា​នឹង​សេចក្ដី​ស្លាប់​សោះ ដើម្បី​ចាតិ​រស់​ជា​អង្វែង​ត​ទៅ​។ ភ្លេង​អាវុធ​ប្រគំ​ប្រ​កួត​បង្អួត​ផ្លែ​ដែក វែក​សរ​សៃ​ខ្យល់​រណ្ដំ​មុខ​គ្នា​ប្រេវ​ប្រាវ ប្រៀប​ឧប​មេយ្យ​ទៅ​នឹង​លាជ​ផ្ទុះ​លើ​អំបែង​ក្ដៅ​។ សម្រែក​សប្បដិ​ភ័យ លាយ​ឡំ​ជា​មួយ​រលក​សម្លេង​លាច​រក​ពិភព​លោក​លាន់​ឮ​ទ្រ​ហឹង សឹង​រក​ស្ដាប់​ទិស​តំបន់​អ្វី​ពុំ​បាន​ឡើយ​។ ជា​លទ្ធ​ផល​ឆ្លើយ​តប​នឹង​សង្រ្គាម​បង្ហូរ​ឈាម គឺ​ក្ដី​វិនាស​ក្សីណ​ក្ស័យ​គ្មាន​ថ្ងៃ​វិល​ត្រឡប់​មក​វិញ។
- អូ៎យ . . . .លោកអើយជួយផង . . .

- អ្ហាក ! អញសុំចងពៀរនឹងឯងប្រាំរយជាតិ ! . .
នរ​ណា​គេច​មិន​ទាន់ ព្រោះ​ភ័ន្ដ​ក្បាច់​ភាំង​ស្មារ​តី​សល់​តែ​សម្ដី​ពីរ​បី​ម៉ាត់​នេះ​ប៉ុណ្ណោះ ក៏​ដល់​នូវ​ក្ដី​មរណ:​រដូក​រណែល ត្រា​សាក​សព​ក្នុង​ថ្លុក​លោ​ហិត​ពណ៌​ក្រហម​ក្រមៅ​គួរ​ឲ្យ​ព្រឺ​ក្បាល​។ សកម្ម​ភាព​ប្រយុទ្ធ​ចេះ​តែ​បន្ដ​ទៅ​មុខ​ជា​ដរាប ប្រកប​ដោយ​ល្បិច​កិច្ច​កល​ស៊ី​សាច់​ហុត​ឈាម​គ្នា​ខ្លាំង​ក្លា​ឡើង​ម្នាក់​ៗ​ ហាក់​ក្រពុល​មុខ​សម្បើម​ណាស់ គេ​ប្រើ​ផ្លែ​ដាវ​លំ​ពែង​ចាក់​សម្លាប់​កាប់​សម្លេះ​របេះ​អាយុ​ជីវិត​ឲ្យ​រពុយ​ គឺ​គិត​យ៉ាង​ណា​យក​តែ​ខាង​ឈ្មះ​ដៃ​រៀង​ៗ​ខ្លួន​។ អាចារ្យ​លាក់​នឹក​ប្រយោគ​ដល់​ជីវិ​តិន្រ្ទីយ៍​មនុស្ស​ជាតិ​ដូច​គ្នា កាត់​គុន​ដាវ​វែក​ផ្លូវ​សំដៅ​ទៅ​ចរចា​នឹង​ឧក​ញ៉ាក្រឡា​ហោម​ប៉ាន ដោយ​ទឹក​ចិត្ត​អង់​អាច​ក្លា​ហាន​ពន់​ពេក។
- ក្រឡាហោម ! បើអាណិតអាសូរជីវិតរេហ៍ពល មិន​ចង់​ឲ្យ​ស្លាប់​អសារ​បង់​ត​ទៅ​ទៀត​លោក​បញ្ជា​ទ័ព​ចេញ​ចុះ​ក្រែង​នៅ​រស់​រាន​បាន​ច្រើន​។ ផ្ទុយ​ទៅ​វិញ កាល​ណា​លោក​រឹង​ទទឹង​នឹង​ពាក្យ​នេះ កុំ​ប្រកាន់​ថា ស្ម័គ្រ​បក្ស​ពួក​យើង​កាច​សាហាវ​មិន​យល់​មុខ​ជាតិ​សាសន៍​ឯង . . .។
ឧកញ៉ា​ក្រឡា​ហោម សើច​ចំអក​កាត់​ប្រយោគ​ពោធិ​កំបោរ​បែប​គ្រាន់​បើ ព្រម​ជា​មួយ​សម្ដី​ទ្រ​គោះ​បោះ​បោក​ដូច​ចោល​ដឹង​ទាំង​ដង។
- ហ៊ឹះ! អាលាក់. . .មុខ​គួរ​ឲ្យ​អស់​សំណើច​ណាស់ ដែល​ឯង​លើក​ខ្លួន​ជា​ពោធិ​កំបោរ អ្នក​មាន​ឫទ្ធិ​ចេស្ដា​គ្មាន​នរណា​បង្រ្កាប​បាន​! នៅ​គ្រា​ជួប​គ្នា​លើក​ដំបូង​នេះ ទើប​អញ​ដឹង​ថា ឯង​ជា​មនុស្ស​អួត​អាង​វ៉ាង​ទី រហូត​ដល់​ទៅ​ហ៊ាន​ចេញ​ សម្ដី​ឲ្យអញ​ដក​ទ័ព​ថយ​ងាយ​ៗ លើ​គោក​មិន​ចេះ​ខ្មាស​មាត់​ខ្លួន​ឯង​សោះ​។ អញ​ចង់​ដឹង​ណាស់​ថា​អាលាក់​ឯង​ពូ​កែ​ប៉ុនណា​ទៅ ​?។
- យើងមិនកំណាញ់នឹងបញ្ចេញថ្វីដៃទេ ! សូមអញ្ជើញហក់ចូលលមើល៍តាមចិត្តចុះ !
- ហា៎ ! ហា៎ ! . . .អញត្រូវតែសម្លាប់ឯងយកល្បីឈ្មោះ នៅឯណាមិនស្គាល់ឧកញ៉ាក្រឡាហោមប៉ាន ?
ទន្ទឹម​នឹង​កន្ទុយ​ពាក្យ​តម្កល់​តម្កើង​ខ្លួន​ឯង កំពស់​កប់​ពពក ក្រឡា​ហោម​ហក់​កាប់​ក្បាល គូប​ដិបក្ដ​អស់​ទំហឹង ពោធិ​កំបោរ​ស្ទុះ​វឹង​លើក​ដាវ​ឡើង​រង​ឮ សូរ​ឆាំង ! វិស័យ​រន្ទះ​ខែ​ប្រាំង​គម្រា​មេឃ អាវុធ​ទាំង​ពីរ​ប្រឡូក​គ្នា​រស់​រវើក​ចោល​ស្នូរ​ស្ទើរ​ពុំ​ដាច់​រយ:​ កន្រ្ដាក់​ស្មារ​តី​អ្នក​លេង​ល្បែង​​ភ្នាល់​ដាក់​ជីវិត​មួយ​គូ​នេះ ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្លួន​សែន​ទ្វី​ ព្រោះ​បើ​ធ្វេស​ប្រហែស​តែ​បន្តិច ប្រាកដ​ជា​ទទួល​គ្រោះ​ថ្នាក់​មិន​លែង​។ ម្នាក់​ៗ​សុទ្ធ​សឹង​មាន​វិជ្ជា​គុន​ស្ដុក​ស្ដម្ភ​ដូច​គ្នា ម្ល៉ោះ​ហើយ​ពិបាក​នឹង​ដណ្ដើម​យក​ជោគ​ជ័យ​ណាស់ ឯ​មេ​ទ័ព​បី​នាក់​ទៀត​យល់​ថា ឱកាស​ល្អ​កម្រ​រក​បាន​ហុច​ឲ្យ​ហើយ ក៏​តាំង​ម្នី​ម្នា​ដោះ​ដៃ​ដើម្បី​ទៅ​ជួយ​ជា​កម្លាំង​ដល់​ឧកញ៉ា​ក្រឡា​ហោម​ប៉ាន ដោយ​មាន​បំណង​ព្រួត​គ្នា​ផ្ដួល​អាចារ្យ​លាក់​តែ​ម្ដង​។ ធម្មា​តេ​ជោ​ហែន​ ហក់​បោះ​ពួយ​ដល់​ទី​ដៅ​មុន​គេ គាត់​មិន​ភ្លេច​នឹង​ងាក​មក​ស្រែក​ប្រាប់​មិត្ត​ភក្ដិ​ទេ។

- ប្រញាប់ឡើងអស់លោក តែយើងព័ទ្ធជាប់ហើយសត្រូវច្បាស់ជាទាល់ច្រកមិនខាន !
ជាបន្ទាន់នោះ ប្រមុខ​ទ័ព​ពីរ​នាក់​ទៀត ប្រាកដ​កាយ​ក្នុង​លាន​បង្ហូរ​ឈាម​ក្បែរ​ខ្លួន​ធម្មា​តេជោ​មួយ​រំពេច​។ ឧក​ញ៉ា​ជ័យ​យោធា​សង្រ្គាម​ទុំ​ផ្ដុំ​ប្រយោគ ទ្រង់​មាន​សង្ឃឹម​ទុក​ក្នុង​ពោះ​ជា​ស្រេច។ ម្ដង​នេះ អាចារ្យ​លាក់​​អ្នក​​សិល្ប​​ប្រ​ទូស្ដ​នឹង​ព្រះ​រាជ​បល្លង្ក ទោះ​បី​ចេះ​ជិះ​ស្បូវ​កណ្ដប​ហោះ ក៏​គេច​ទៅ​ណា​មិន​រួច​មួយ​ជំហាន​ដែរ​!​។ ឧក​ញ៉ា​ចក្រី​ពេជ្រ​លេច​មុខ​មក ដោយ​ពាំ​នាំយក​សម្ដី​ក្ដៅ ដូច​ជា​មាន​គំនុំ​គុំ​គួន​ពី​អង្កាល់​ក៏​មិន​ដឹង​។
- ពោធិកំបោរ! ស្ម័គ្រ​បក្ស​ពួក​របស់​ឯង​បាន​កាប់​សម្លាប់​កូន​ចៅ​យើង​ស្លាប់​អស់​មួយ​គំនរ​ហើយ បំណុល​ឈាម​នោះត្រូវ​តែ​ជម្រះ​គ្នា​ឲ្យ​ជ្រះ​ស្រឡះ​ជា​ដាច់​ខាត!​។
ឥតបង្អង់ ប្រមុខ​យោធា​ទាំង​បី​ពួក ដៃ​ជួយ​រ៉ាប់​រង​ឧកញ៉ា​ក្រឡា​ហោម​ប៉ាន​ត​ទប់​នឹង​គ្រូ​ពៅ​លាក់​ឈ្មោះ​ហៅពោធិ​កំបោរ​យ៉ាង​សកម្ម​។ អាវុ​ធ​ខ្លាំង​ប៉ះ​ទង្គិច​គ្នា​បែក​ផ្កា​ភ្លើង​ព្រាត ក្នុង​ស្នៀត​វាយ​ប្រហារ​សាហាវ​លើស​លែង ជា​ភ្លេង​ដាវ​កម្រ​នឹង​រក​បាន​ក្រោម​មេឃ​លើ​ដី​នេះ​។ ចម្បាំង​ជាប់​តាំង​ពី​យប់​ទល់​ភ្លឺ តើ​នរណា​នឹក​ស្មាន​បាន​ ជា​នៅ​ថ្ងៃ​អង្គារ ៥​កើត​ ខែ​អាសាធ ឆ្នាំ​ខាល​អដ្ឋ​ស័ក​នេះ​កង ទ័ព​ប្រជា​រាស្រ្ដ​យើង​ឡោម​ព័ទ្ធ ឧក​ញ៉ា​ក្រឡា​ហោម​ប៉ាន​ជាប់​រួច​លុក​សម្លាប់​គាត់​កណ្ដាល​ទី​ប្រយុទ្ធ​មួយ​រំពេច​ ។ កាល​បើ​បាត់​បង់​ជីវិត​មេ​ទ័ព​ធំ​ដែល​ជា​ទី​ទំនុក​ទុក​ចិត្ត​របស់​ខ្លួន​ហើយ សេនា​ទាហាន​ ទាំង​ឡាយ​ធ្លាក់​ក្នុង​ក្ដី​អស់​សង្ឃឹម ក៏​នាំ​គ្នា​រត់​ខ្ចាត់​ខ្ចាយ​ឲ្យ​តែ​រួច​រស់​ជីវិត​។ រី​ឯ​ឧក​ញ៉ា​ធម្មា​តេ​ជោ​ហែន ឧក​ញ៉ា​ចក្រី​ពេជ្រ ឧក​ញ៉ា​ជ័យ​យោ​ធា​សង្រ្គា​ទុំ​ត្រូវ​ចាប់​បាន​ជា​ឈ្លើស​។ ពួក​ពល​យើង​ស្នើ​នឹង​ពោធិ​កំបោរ​ថា៖

- ចំពោះមនុស្សទោសទាំងបីនាក់នេះ តើលោកអាចារ្យគិតយ៉ាងណាដែរ ?
ដោយមានសន្ដានចិត្តសន្ដោស ប្រោសប្រាណជាតិខ្មែរដូចគ្នា អាចារ្យលាក់ឆ្លើយថា ៖
- កុំធ្វើបាប កម្មអីគេ គ្រាន់តែយកទៅឃុំទុកមួយកន្លែងសិនបានហើយ !


សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!

No comments:

Post a Comment