ប្រាសាទ​នាគព័ន្ធ (ឈ្មោះ​ដើម៖ រាជ​ស្រី សំដៅ​ដល់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧) - Business Buddhism

Website

ប្រាសាទ​នាគព័ន្ធ (ឈ្មោះ​ដើម៖ រាជ​ស្រី សំដៅ​ដល់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧)

ចែករំលែកចំណេះដឹង

ទីតាំង ៖ ខាង​កើត​ប្រាសាទ​ព្រះខ័ន ៣០០​ម៉ែត្រ តាម​ផ្លូវ​កៅស៊ូ
ច្រក​ចូល ៖ ចូល​និង​ចេញ​តាម​ច្រក​ខាង​ជើង
កាលបរិច្ឆេទ ៖ ពាក់​កណ្ដាល​ទី​២ នៃ​សតវត្ស​ទី​១២ និង​ដើម​សតវត្ស​ទី​១៣ នៃ​គ្រិស្តសករាជ
​រាជ្យ ៖ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧
ឧទ្ទិស​ជូន ៖ ព្រះពុទ្ធសាសនា​មហាយាន និង​​គ្រូ​ពេទ្យ​ទាំង​បី​ឋាន
រចនាបថ ៖ បាយ័ន
១. ប្រវត្តិ​ប្រាសាទ
ប្រាសាទ​នាគព័ន្ធ មាន​ទីតាំង​ឋិត​នៅ​ចំ​កណ្ដាល​បារាយណ៍ “ជ័យតដាក” (Jayatataka) ដែល​បារាយណ៍​នេះ​មាន​ទំហំ​ស្មើ​នឹងទទឹង ៩០០​ម. និង​បណ្ដោយ​ប្រវែង ៣,៥០០ម ។ ប្រាសាទ​នេះ​សាងសង់​ឈរ​លើ​អ័ក្ស​តែ​មួយ​នឹង​ប្រាសាទ​ព្រះខ័ន​ ។ វា​ត្រូវ​គេ​សាងសង់​ឡើង​នៅ​លើ​កោះ​សិប្បនិម្មិត​​ដែល​មាន​ទំហំ ៣៥០ម. ក្នុង​មួយ​ជ្រុង​ៗ​ ព្រមទាំង​មាន​កាំជណ្ដើរ​ថ្ម​បាយ​ក្រៀម​និង​រចនា​ដោយ​បង្កាន់ដៃ ។ កំពែង​ដី​ ដែល​មាន​ប្រវែង ៣៤០ម. ក្នុង​មួយ​ជ្រុង បាន​ត្រូវ​គេ​សង់​ព័ទ្ធ​ជុំវិញ​ប្រាសាទ ។ រូប​សំណាក​ដំរី​តូច​ៗ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​តាម​ជ្រុង​នីមួយៗ ប៉ុន្តែ​បច្ចុប្បន្ន​គ្មាន​នៅ​សេសសល់​នឹង​កន្លែង​ទៀត​ទេ ។
នាគព័ន្ធ​ជា​ប្រាសាទ​តូច​មួយ​ដែល​មាន​ស្រះ​ប្រាំ ស្រះ​តូច​បួន​នៅ​ជុំវិញ ស្រះ​ធំ​មួយ​​ដែល​សង់​នៅ​ចំ​កណ្ដាល ។ វា​ផ្ដល់​នូវ​ការ​ទស្សនាចរ​ដ៏​ស្រស់ស្រាយ​ដល់​ភ្ញៀវ​ទេសចរ​ ដោយសារ​លក្ខណៈ​ពិសេស​តែមួយ​គត់​របស់​វា ។ មាន​ជំនឿ​មក​ថា​វា​ជា​កន្លែង​ឧទ្ទិស​ដល់​ព្រះពុទ្ធ​​ដែល​​បាន​ពន្យារ​ពេល​ ចូល​​​និវ៌ាណ​នាម «ភេសជ្ជៈ​គុរុ»​​ ។ យោង​តាម​សម្ដី​របស់​លោក George Sodes, លោក Finot, និង​លោក Victor Goloubew បាន​ផ្ដល់​សម្មតិកម្ម​ថា “ស្រះ​ធំ​កណ្ដាល​គឺជា​តំណាង​ស្រះ «អនវតប្តៈ» ដែល​ជា​ស្រះ​បរិសុទ្ធ​នៅ​ភ្នំ​មេរុ​ ជា​ចំណុច​កណ្ដាល​នៅ​ពិភពលោក ។ ស្រះ​នេះ​បាន​ផ្ដល់​កំណើត​ដល់​ទន្លេ​ស័ក្ដិសិទ្ធិ​​ធំ​ៗ​ទាំង​​បួន​គឺ៖ «ទន្លេ​គង្គា, ទន្លេ​ព្រហ្ម​បុត្រ, ទន្លេ​យមនា, ទន្លេឥណ្ឌុ»​ ស្រះ​ទាំងអស់​នេះ​មាន​ទំហំ ២៥​ម.​ ក្នុង​មួយ​ជ្រុង​ៗ ដែល​នៅ​ប្រាសាទ​នាគព័ន្ធ​គេ​កំណត់​យក​រូប​សំណាក​មក​តំណាង​ឲ្យ​ទន្លេ​ទាំង​ នេះ​ ហើយ​រូប​សំណាក​ទាំង​នោះ​គឺជា​តំណាង​ធាតុ​​ទាំង​បួន៖ «ធាតុ​ទឹក, ដី, ភ្លើង, ខ្យល់» (ធាតុ​ទឹក​តំណាង​ដោយ​ក្បាល​ដំរី​​នៅ​ទិស​ខាង​ជើង, ធាតុ​ខ្យល់​តំណាង​ដោយ​ក្បាល​សេះ​នៅ​ទិស​ខាង​លិច, ធាតុ​ភ្លើង​តំណាង​ដោយ​ក្បាល​តោ​នៅ​ទិស​ខាង​ត្បូង, និង​ធាតុ​ដី​តំណាង​ដោយ​ក្បាល​មនុស្ស​នៅ​ទិស​ខាង​កើត) ។ ស្រះ​អនវតប្តៈ ត្រូវ​បំពេញ​ដោយ​ទឹក​ក្ដៅ​ផុស​​ពី​ដី និង​ត្រូវ​បាន​គេ​គោរព​ណាស់​នៅ​ឥណ្ឌា ចំពោះ​អំណាច​នៃ​ការ​កែ​រោគ​របស់​ទឹក​នោះ ។ គោល​បំណង​ធំ​នៃ​ការ​កសាង​ប្រាសាទ​នេះ​គឺ​សម្រាប់​លាង​ជម្រះ​បាប​​ឬ​មន្ទិល​ របស់​ពួក​ព្រាហ្មណ៍​និង​សាសនិក​​ទាំងអស់​ឲ្យ​បរិសុទ្ធ​ឥត​ហ្មង​កាល​ពី​សម័យ​ កាល​នោះ ។
២. ទ្រង់ទ្រាយ​សំណង់
ស្រះ​ធំ​មាន​ទំហំ ៧០​ម៉ែត្រ​ក្នុង​មួយ​ជ្រុង​ ​មាន​ជណ្ដើរ និង​ហ៊ុមព័ទ្ធ​ដោយ​ស្រះ​តូច​រាង​បួនជ្រុង​ស្មើ​ចំនួន​បួន ។ កោះ​សិប្បនិម្មិត​រាង​មូល​តូច​មួយ​សង់​ក្នុង​កម្ពស់​១៥ ត្រង់​ទៅ​លើ មាន​គ្រឹះ​ជា​កាំ​ជណ្ដើរ​ថ្ម​ភក់​ប្រាំពីរ​ជាន់​ស្មើ​នឹង​ ៣.៥ម៉ែត្រ ទ្រ​តួ​ប៉ម​កណ្ដាល ដែល​មាន​បី​ថ្នាក់​រចនា​ដោយ​ផ្កា​ឈូក​នៅ​ខាង​លើ ។ ពី​ដើម​ប៉ម​កណ្ដាល​នេះ​បើ​ចំហ​នៅ​ទិស​ខាង​កើត ចំណែក​បី​ជ្រុង​ទៀត​ត្រូវ​បិទ​ខ្ទប់​ដោយ​រូប​សំណាក​ «អវលោកិតេស្វរ» និង​មាន​រូប​ចម្លាក់​លៀន​នៃ​សត្វ​ដំរី​តូច​ៗ​នៅ​លើ​​ជ្រុង​នីមួយៗ ។​
នៅ​លើ​ហោជាង​នៃ​តួ​ប៉ម​មាន​ពិពណ៌នា​ពី​ជីវិត​របស់​ព្រះពុទ្ធ៖
- ហោជាង​ខាង​កើត ៖ ព្រះពុទ្ធ​កាត់​ព្រះ​កេសា
- ហោជាង​ខាង​លិច ៖ ព្រះពុទ្ធ​ទទួល​ការ​ការពារ​ពី​នាគរាជ មុជ្ជលិន
- ហោជាង​ខាង​ជើង ៖ ការ​ចាកចោល​រាជវាំង​របស់​ព្រះពុទ្ធ
- ហោជាង​ខាង​ត្បូង ៖ ព្រះពុទ្ធ​ធ្វើ​សមាធិ​នៅ​ក្រោម​ដើម​ពោធិព្រឹក្ស​
តួ​ប៉ម​កណ្ដាល​ធ្លាប់​​បាន​កាច់​បំបាក់​ដោយ​ដើម​ជ្រៃ​ តែ​ត្រូវ​រន្ទះ​បាញ់​ដួល​កាល​ពី​ឆ្នាំ​១៩៣៥ ហើយ​បន្ទាប់​មក​ប៉ម​កណ្ដាល​នេះ​ត្រូវ​លោក Maurice Glaize ជួសជុល​សង់​ឡើង​វិញ​នៅ​ឆ្នាំ​១៩៣៨ ហើយ​លោក Henri Marchal ជា​ជាតិ​បារាំង​បាន​ធ្វើ​ការ​សម្អាត​ប្រាសាទ​នេះ​ទាំង​មូល​​ពី​ឆ្នាំ ១៩២២-១៩២៤ បូក​រួម​ទាំង​ទីធ្លា​និង​បរិវេណ​ប្រាសាទ​ទាំង​មូល ។
៣. តួ​ប៉ម​កណ្ដាល
តួ​ខ្លួន​នាគរាជ​ពីរ (នន្ទ និង ឧបនន្ទ) បាន​ឆ្វាយ​ជា​រង្វេល​ជុំវិញ​គ្រឹះ​កោះ​ ហើយ​កន្ទុយ​របស់​នាគ​ព័ទ្ធព័ន្ធ​គ្នា​នៅ​​ទិស​ខាង​លិច នេះ​ជា​ការ​សន្មត​ហៅ​ប្រាសាទ​នេះ​ថា «ប្រាសាទ​នាគព័ន្ធ» ។ តួអង្គ​ពិសេស​នៅ​ក្នុង​ស្រះ​ធំ​គឺ​ចម្លាក់​លោត​សេះ​ឈ្មោះ «ពលហ៍» កំពុង​ហែល​សំដៅ​កោះ​ព្រមទាំង​មាន​ឆ្លាក់​រូប​មនុស្ស​តោង​ខ្លួន​សេះ​ទាំង​ មូល ។ សេះ​នេះ​ជា​ការ​និម្មិត​ខ្លួន​របស់​អវលោកិតេស្វារ​ ដើម្បី​ជួយ​សង្គ្រោះ​ឈ្មួញ​សំពៅ​​ឈ្មោះ «សិហាល» និង​សហសេវិក​របស់​គាត់​ពី​គ្រោះ​កំណាច ។ ពួក​គេ​បាន​លិច​សំពៅ​​នៅ​សិរីលង្កា ហើយ​ត្រូវ​ចាប់​ទុក​ជា​ចំណី​ដោយ​យក្ខិនី​​ដែល​មាន​ចង្កូម​វែង ។
៤. អគារ​តូច​ទាំង​បួន
អគារ​តូច​ទាំង​បួន​ជា​កន្លែង​ស្រោច​ទឹក ជម្រះ​មន្ទិល​និង​បាប​ឲ្យ​អស់​ពី​ខ្លួន ។ ពួកគេ​ត្រូវ​ដុស​ខាត់​ខ្លួន​ដោយ​ទឹក​ពិសិដ្ឋ​ដែល​ហូរ​ចេញ​ពី​ទរ​បង្ហូរទឹក តភ្ជាប់​ពី​ស្រះ​ធំ ។ ទរ​បង្ហូរ​ទឹក​​ទាំង​បួន​នេះ​មា​​​ន​លក្ខណៈ​ខុស​ៗ​គ្នា​គឺ៖
- ខាង​ជើង ៖ ជា​ក្បាល​ដំរី
- ខាង​ត្បូង ៖ ជា​ក្បាល​តោ
- ខាង​កើត ៖ ជា​ក្បាល​មនុស្ស
- ខាង​លិច ៖ ជា​ក្បាល​សេះ
ដំបូល​អគារ​តូច​ទាំង​បួន​នេះ​មាន​រាង​កោង​ក្រឡូម ដែល​មាន​លម្អ​ដោយ​ក្បាច់​ត្របកឈូក ។
ស្រះ​ខាង​ជើង ជា​ស្រះ​សម្រាប់​លទ្ធិព្រាហ្មណ៍ ដែល​គេ​សន្មត​ថា​ទឹក​ចេញ​ពី​ក្បាល​ដំរី​​នេះ​បាន​បង្កើត​ទន្លេ​ព្រះ​ម៉ែ​ គង្គា​សម្រាប់​ប្រើ​លាង​បាប ។
ស្រះ​ខាងកើត ជា​ស្រះ​ហូរ​បង្កើត​ទន្លេ​ព្រហ្ម​បុត្រ​ ។ គេ​ជឿ​ថា​​ទឹក​ហូរ​ពី​ក្បាល​មនុស្ស​នេះ​ ជួយ​បង្កើន​ឫទ្ធិ​អំណាច​ មាន​ប្រាជ្ញា​ដូច​អង្គ​ព្រះពោធិសត្វ​ភេទ​ស្រី​នាម «ប្រាជ្ញាបារមីតា» និង​ផ្ដល់​ភាព​បរិសុទ្ធ​ដល់​មនុស្ស ។
ស្រះ​ខាង​ត្បូង តំណាង​អំណាច​ស្ត្រី តំណាង​អំណាច​របស់​ស្ដេច​សត្វ ។ ពេល​ចង់​បាន​​ឫទ្ធ​អំណាច​ចេញ​ច្បាំង​ឲ្យ​បាន​ជោគជ័យ​ គេ​​ធ្វើ​ពិធី​នៅ​ស្រះ​ខាង​ត្បូង​ ស្រះ​ដែល​បង្កើត​ទន្លេ​ឈ្មោះ «ឥណ្ឌុ» ហេតុ​ដែល​គេ​បង្កើត​ទន្លេ​ឥណ្ឌុ​និង​ក្បាល​តោ​នេះ ព្រោះ​តោ​នេះ​មាន​កំណើត​នៅ​ឋាន​ត្រៃត្រិង្ស ។ តោ​មាន​កំណើត​ចេញ​ពី​អណ្ដាត​ភ្លើង​កំហឹង​នៃ​ពួក​អាទិទេព​​​កួច​បញ្ចូល​គ្នា​ ​បង្កើត​បាន​ជា​សត្វ​តោ​មួយ​នាម «ទុគ៌ា» ។ ទទួល​ទាន​ទឹក​ពី​ក្បាល​តោ គេ​ជឿ​ថា​ទទួល​បាន​អំណាច និង​ពរ​ជ័យ​ពី​ព្រះនាង​ «ទុគ៌ា» ដែល​​នាង​បាន​សម្លាប់​យក្ស​ក្បាល​ក្របី​ឈ្មោះ «មហិង្សាសុរៈ» ។
ស្រះ​ខាង​លិច ទទួល​ទាន​ទឹក​ចេញ​ពី​ក្បាល​សេះ គេ​ជឿ​ថា​នឹង​ទទួល​បាន​អំណាច​អមត អំណាច​កម្លាំង​ដ៏​មហាសាល​នៃ​អង្គ​ព្រះពាយ ព្រោះ​សេះ​នេះ​មាន​កំណើត​នៅ​ឋាន​ទេវលោក ដែល​ព្រះវិស្ណុ​បាន​ប្រទាន​ទៅ​ព្រះពាយ​ធ្វើ​ជា​ជំនិះ ។ ទឹក​ស្រះ​ខាង​លិច​នេះ​ហូរ​បង្កើត​ជា​ទន្លេ​ «យមនា» ។

No comments:

Post a Comment