ទស្សនៈអប់រំសីលធម៌របស់ ព្រះពុទ្ធសាសនា - Business Buddhism

Website

ទស្សនៈអប់រំសីលធម៌របស់ ព្រះពុទ្ធសាសនា

ចែករំលែកចំណេះដឹង

 

ទស្សនៈអប់រំសីលធម៌របស់ ព្រះពុទ្ធសាសនា
មនុស្សលោកទូទៅ ដែលកំពុងរស់នៅលើពិភពលោក មានជាតិសាសន៍ ពណ៌សម្បុរប្រពៃណី វប្បធម៌ ភាសា សាសនា ជំនឿផ្សេងៗគ្នាក៏ពិតមែន ប៉ុន្តែពួកគេមានបំណងដូចគ្នាតែមួយគត់ គឺរស់នៅដោយមានអាហារបរិភោគ ខោអាវស្លៀកពាក់ ជម្រកស្នាក់នៅ និងឧបករណ៍ប្រើប្រាស់ រួមទាំងភាវៈទ្រទ្រង់ជីវិតសមរម្យ ដើម្បីមានកម្លាំង សេរីភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការរស់នៅ ។ ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ជ្រាបច្បាស់ ហើយបានសម្ដែងនូវការទូន្មាន ប្រៀនប្រដៅដល់មនុស្សគ្រប់ស្រទាប់វណ្ណៈឲ្យបានដឹងនូវឥទ្ធិពលនៃ កម្មផល ។ ព្រះសម្មាសម្ពុទ្ធជាមនុស្សដ៏អស្ចារ្យក្នុងលោក ទ្រង់បានកំណត់ដឹងនូវជាតិកំណើតរបស់ព្រះអង្គទាំងអតីតជាតិ បច្ចុប្បន្នជាតិ និងអនាគតជាតិទាំងអស់ ។ ដោយពុំមានមនុស្សលោកណាអាចធ្វើបាន ដឹងបានដូចព្រះអង្គឡើយ។ ព្រះអង្គជាលោកវិទូ ដែលពោរពេញទៅដោយគ្រប់កាលៈទេសៈ រហូតដល់សព្វថ្ងៃនេះ(៧) ។
ទ្រឹស្ដីអប់រំសីលធម៌យុវជន ដែលជាសមញ្ញធម៌ ដែលព្រះអង្គបានប្រៀនប្រដៅដល់សត្វលោកទូទៅនោះគឺៈ
១ បញ្ចសីល ឬ សីលប្រាំ
១.១ ហាមកាប់សម្លាប់ជីវិតមនុស្ស និង សត្វ
បាណាតិាតា វេរមណី ហាមកាប់សម្លាប់គា្ន។សត្វលោកគ្រប់គ្នា តែងតែប្រាថ្នាចង់រស់ ប្រកបដោយភាពសុខសាន្ត មិនចង់ជួបប្រទះនឹងសេចក្ដីទុក្ខលំបាក ការបៀតបៀន ការសម្លុតគម្រាមកំហែង ឬនិរាសព្រាត់ប្រាសឃ្លាតចាកនូវរបស់ជាទីស្រលាញ់ពេញចិត្តខ្លួនឡើយ (៨)លើកលែងតែមនុស្សវិកលចរិតបាត់បង់នូវសតិបញ្ញាស្មារតីប៉ុណ្ណោះ។ គ្មាននរណាម្នាក់អាចស្លាប់ហើយរស់ឡើងវិញទេ ហើយក៏គ្មានឱសថណាអាចព្យាបាលមនុស្សដែលស្លាប់អោយរស់ឡើងវិញបានដែរ ដូចច្នេះហើយជីវិតសម្រាប់មនុស្ស សត្វគឺសំខាន់ជាងអ្វីៗទាំងអស់។ ដូច្នេះហើយទើបព្រះសម្មាសម្ពុទ្ធ បានបញ្ញត្តិនូវការហាមមិនអោយបៀតបៀនជីវិតសត្វនេះនៅលំដាប់ទី១។
១.២ ហាមលួចឆក់ប្លន់ កេងប្រវ័ញ្ចទ្រព្យសម្បត្តិអ្នកដទៃ
អទិន្នាទានា វេរមណី ហាមកាន់យកនូវទ្រព្យសម្បត្តិ មាស ប្រាក់ ដែលគេមិនបានឲ្យដោយកាយ ដោយវាចា ឬដោយការសរសេរជាលាយលក្ខណ៍អក្សរ ល្មមអាចយកជាផ្លូវការបាន ដោយគ្មានការបង្ខិតបង្ខំ ការសម្លុតគម្រាមកំហែង ឬ ប្រើនូវល្បិចកិច្ចកលផ្សេងៗ ។ ទ្រព្យសម្បត្តិគឺជាវត្ថុសំខាន់ចាំបាច់ទី២របស់មនុស្ស បន្ទាប់ពីអាយុជីវិត ។ កាលណាមានអាយុជីវិតរស់នៅហើយ មនុស្សលោកគ្រប់គ្នា តែងប្រាថ្នាការចង់បានទ្រព្យសម្បត្តិ ពីព្រោះជីវិតរបស់ពួកគេត្រូវពឹងផ្អែកទៅលើទ្រព្យសម្បត្តិ មាសប្រាក់ ទៅលើការមានអាហារហូបចុកគ្រប់គ្រាន់ មានសម្លៀកបំពាក់ មានផ្ទះសំបែងជ្រកកោនត្រឹមត្រូវ និងមានថ្នាំសម្រាប់ព្យាបាលរោគជាដើម ។
ការខំប្រឹងប្រែងស្វែងរកទ្រព្យសម្បត្តិចិញ្ចឹមជីវិត ដើម្បីជីវភាពរស់នៅឲ្យសម្បូរណ៍ធូរ
ធារ ជាការលំបាកពន់ពេកណាស់។ កាលណាខំស្វែងរកទ្រព្យសម្បត្តិបានមកហើយ មនុស្សតែងមានការហួងហែង ថែរក្សាការពារមិនចង់ឲ្យទ្រព្យសម្បត្តិ ដែលខ្លួនខំស្វែងរកបានមកដោយសេចក្ដីលំបាកនោះ វិនាសអន្តរាយទៅដោយប្រការណាមួយឡើយ។ ដោយឡែកនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់ជំពូកទី ៣ មាត្រា ៤៤ ក៏បានចែងដែរថា “ជនណាក៏ដោយ ទោះជាបុគ្គលក្ដី ជាសមូហភាពក្ដី មានសិទ្ធិជាម្ចាស់កម្មសិទ្ធិ” (៩)។
១.៣ ហាមប្រព្រឹត្តខុសក្នុងផ្លូវកាមទាំងពួង
កាមេសុ មិច្ឆាចារា វេរមណី ហាមប្រព្រឹត្តខុសក្នុងផ្លូវកាមទាំងឡាយ មនុស្សលោក កាលណាមានជីវិតរស់នៅ និងមានទ្រព្យសម្បត្តិហើយ ជាធម្មតាតែងតែមានក្រុមគ្រួសារ ស្វាមី ភរិយា បុត្រា បុត្រីជាដើម ហើយតែងប្រាថ្នាចង់រួមរស់នៅជួបជុំគ្នាជាសុខសាន្ត ប្រកបដោយសុភមង្គល មិនចង់បាននូវការបែកបាក់ ឈ្លោះទាស់ទែងខ្វែងគំនិតគ្នា ការផិតក្បត់ និងការរំលោភបំពានសោះឡើយ(១០)។ យើងស្រលាញ់ហួងហែងកូន ប្រពន្ធ និងមនុស្សដែលខ្លួនស្រលាញ់យ៉ាងណា គេក៏ស្រលាញ់ហួងហែងកូន ប្រពន្ធ និងមនុស្សដែលខ្លួនគេស្រលាញ់យ៉ាងនោះដែរ ។ ដូច្នេះក្នុងការយកគ្នាជាគូស្វាមី ភរិយា ត្រូវប្រព្រឹត្តទៅច្បាប់ តាមប្រពៃណីរបស់ប្រទេស ។
១.៤ ហាមនិយាយកុហក
មុសាវាទា វេរមណី ហាមនិយាយកុហក។ សង្គមមនុស្ស មិនអាចខ្វះភាសានិយាយបានទេ ទោះបីជាមនុស្សគថ្លង់ ក៏គង់មានភាសាកាយវិការជាគ្រឿងសំគាល់ដែរ ។ ដោយហោចទៅ សូម្បីតែសត្វតិរច្ឆាន ក៏មានភាសាវាដែរ ។ ភាសា ឬសម្ដីនិយាយគឺជាមធ្យោបាយមួយដ៏សំខាន់ក្នុងការទំនាក់ទំនងរវាងបុគ្គលនិងបុគ្គល សហគមន៍និងសហគមន៍ ប្រទេសនិងប្រទេសជាដើម ។ បើសិនជាគ្មានភាសាទេ សង្គមមនុស្ស នឹងជួបនូវវិបត្តិមួយយ៉ាងធ្ងន់ធ្ងរ ឬ អាចនិយាយបានថា សង្គមមនុស្សប្រៀបបានទៅនឹងរុក្ខជាតិ ដែលគ្មានចិត្តវិញ្ញាណដូច្នោះ ។ ប៉ុន្តែ ប្រសិនបើមានភាសាហើយ មនុស្សមិនបានយកវាទៅប្រើប្រាស់នៅក្នុងផ្លូវល្អទេនោះពិតជានឹងនាំមកនូវគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរទៅវិញ មានការបាត់បង់ទំនុកចិត្តគ្នា បែកបាក់សាមគ្គីគ្នា ការចាញ់បោកគ្នា អំពើអយុត្តិធម៌ជាដើម។ ហេតុនេះ ទើបព្រះពុទ្ធបរមគ្រូ បានរៀបចំនូវច្បាប់សម្រាប់គ្រប់គ្រងភាសា ឬការនិយាយនេះឲ្យប្រព្រឹត្តទៅដោយប្រពៃមានសណ្ដាប់ធ្នាប់ និងស្ថិតនៅក្នុងក្រមសីលធម៌ខ្ពស់ (១១)។
១.៥ ហាមប្រើបាសគ្រឿងញៀន និង គ្រឿងស្រវឹង
សុរាមេរយមជ្ជប្បមាទដ្ឋានា វេវមណី ហាមផឹកទឹកស្រវឹង ជក់គ្រឿងញៀន។ មនុស្សលោក គឺជាប្រភេទសត្វលោកដ៏វិសេស និង ប្រសើរខ្ពង់ខ្ពស់ជាងសត្វតិរច្ឆាន។ គ្រឿងញៀន និងគ្រឿងស្រវឹង អាចធ្វើឲ្យមនុស្សលោក បាត់បង់នូវសតិសម្បជញ្ញៈ ហ៊ានប្រព្រឹត្តនូវអំពើគ្រប់បែបយ៉ាង មានអំពើអមនុស្សធម៌ដូចជាសត្វតិរច្ឆានជាដើមផងដែរ ។ ហេតុនេះ គប្បីចេះថែរក្សានូវឋានៈ និងភាពជាមនុស្សជាតិឲ្យស្ថិតនៅគង់វង់ល្អ ការពារកុំឲ្យឋានៈនេះ ធ្លាក់ទៅនៅទាបស្មើនិងសត្វតិរច្ឆាន ។
ដូចនេះសីលប្រាំ ជាសក្ខាបទដែលជួយឲ្យមនុស្សម្នាក់ៗ ក្រុមគ្រួសារ និងសង្គមជាតិទាំងមូលមានសុខសន្តិភាព សុវត្ថិភាព សេចក្ដីថ្លៃថ្នូរ សណ្នាប់ធ្នាប់ និង សីលធម៌ខ្ពស់។
២ អំពើល្អ១០យ៉ាងក្នុងការអប់រំសីលធម៌
អំពើល្អ ១០យ៉ាងនេះ ត្រូវបានព្រះពុទ្ធបរមគ្រូចាត់ទុកថា ជាគោលការណ៍គ្រឹះ ឬជាឬសគល់នៃធម្មទាំងឡាយនៃព្រះពុទ្ធសាសនាក្នុងការស្វែងរកសុខសន្តិភាព សុវត្ថិភាព សេចក្ដីថ្លៃថ្នូរ កិត្តិយស និងការអភិវឌ្ឍន៍ដល់បុគ្គលខ្លួនឯង រង្វង់គ្រួសារ និងសង្គមជាតិទាំងមូល។ អំពើល្អទាំង១០ ប្រការនោះគឺៈ
២.១ អំពើប្រព្រឹត្តល្អដោយកាយ៣ (កាយសុចរិត)
- ការវៀរចាកអំពើកាប់សម្លាប់ មនុស្ស ឬសត្វមានជីវិតគឺមិនបៀតបៀន មិនធ្វើទុក្ខទោស មិនធ្វើបាបដោយឥតមេត្តា មិនវាយសំពងដោយប្រណង មិនកាប់សម្លាប់ប្រហារបាញ់ ចាក់ដោយសាស្រ្តាវុធធ្វើ ឲ្យជីវិតបង់។
- ការមិនគេងបន្លំយកទ្រព្យសម្បត្តិរបស់អ្នកដទៃ ឬក៏ប្រើឲ្យអ្នកដទៃលបលួច លាក់ ឆក់ដណ្តើមដោយកាយ១។
- ការមិនប្រព្រឹត្តខុសក្នុងកាម មិនប្រព្រឹត្តទៅលើប្តី ឬប្រពន្ធ អ្នកដទៃដែលគេហួងហែងរក្សានិងធ្វើឲ្យគេអាប់កិត្តិយសកេរ្តិ៍ឈ្មោះកើតសេចក្តីអៀនខ្មាស១។ ទាំង៣នេះហៅ
ថាអំពើដោយកាយ ឬដោយសេចក្តីបរិសុទ្ធដោយកាយ។
អំពើទាំង ៣នេះព្រះអង្គស្វែងយល់ថា គឺជាការងារត្រូវ (សម្មាកម្មន្តៈ) និងការចិញ្ចឹមជិវិតត្រូវ (សម្មាអាជីវៈ) ហើយនៅក្នុងនោះក៏មានការហាមមិនឲ្យធ្វើនូវជំនួញ ៥ប្រការដែរគឺជំនួញមនុស្ស ជំនួញសាច់សត្វដែលសម្លាប់ដោយដៃឯង ជំនួញអាវុធសម្រាប់សង្រ្គាម ជំនួញគ្រឿងស្រវឹង និងជំនូញថ្នាំមានពិសពុល ឬរស់នៅក្នុងរបរមានអយុត្តិធម៌។
២.២ អំពើប្រព្រឹត្តល្អដោយវាចា៤ (វិចីសុចរិត)
- វៀរចាកនូវការមិនពោលពាក្យកុហកបោកប្រាសបំភាន់ភ្នែកអ្នកដទៃ ។
- ការមិនពោលនូវពាក្យញុះញង់ បំបែកបំបាក់អ្នកដទៃ ។ពាក្យសម្តីផ្សែផ្សំប្រមែប្រមុំផ្តុំឲ្យកើតជាសាមគ្គីសេចក្តីព្រមព្រៀង ការនិយាយផ្សះផ្សារជនដែលមានវិវាទឲ្យជានឹងគ្នាវិញ ការនិយាយបន្ថែមកម្លាំងនាំឲ្យពួកជនដែលរាប់អានគ្នា ហើយរិតតែមានភាពស្និទ្ធស្នាល ស្រឡាញ់គ្នាជាងមុនទៅទៀត។
- ការនិយាយតែពាក្យផ្អែមល្ហែមទន់ភ្លន់ពិរោះដែលជាទីគាប់ត្រចៀក ត្រូវចិត្ត នៃ អ្នក ដទៃគឺការមិននិយាយទ្រគោះបោះបោកចាក់ដោតបញ្ឈឺចិត្តគេមិនជេរប្រទេចផ្តាសា ឲ្យកេរ្តិ៍អាស្រូវដល់ត្រចៀក និងចិត្តអ្នកដទៃ។
- ការនិយាយអំពីប្រយោជន៍ និងសេចក្តីចម្រើនទាំងពីប្រការគឺផ្លូវលោកមួយ ផ្លូវធម៌មួយ មិននិយាយពោលពាក្យរោយរាយឥតប្រយោជន៍។ ការនិយាយអំពីផ្លូវលោកគឺនិយាយអំពីវិជ្ជា ការចេះដឹងនិងការងារដែលឥតទោសនាំឲ្យចម្រើនធនធានអាជីវកម្មផ្សេងៗចម្រើនសេចក្តី សុខឥតមានទោស ឥតមានសត្រូវ។
ទាំងនេះព្រះសម្មាសម្ពុទ្ធបានចាត់ទុកថា ការនិយាយត្រូវ (សមា្មវាចា) ។ ការនិយាយត្រូវនេះជាកាំជណ្ដើ មួយទៀតឈានឡើងទៅកាន់ការប្រតិបត្តិដើម្បីគ្រប់គ្រងរក្សាខ្លួនឯង។ ការនិយាយដោយប្រាសចាកស្មារតីប្រុងប្រយ័ត្ន ការនិន្ទាឈ្នានីស មើលងាយ ស្ដីបង្អាប់ជេរប្រទេចផ្ដាសានាំឲ្យស្លែងចិត្តអ្នកដទៃ។ សម្ដីទាំងអស់នេះត្រូវលះបង់ ត្រូវតមកុំនិយាយ។ ត្រូវនិយាយតែសម្ដីដែលប្រកបដោយចិត្តមេត្តា ករុណាយ៉ាងបរិសុទ្ធ ស្ថិននៅក្នុងក្របខ័ណ្ឌយុត្តិធម៌គ្រប់ពេលវេលា ។
២.៣ អំពើប្រព្រឹត្តល្អដោយចិត្ត៣ (មនោសុចរិត)
- មិនតាំងចិត្តគិតសម្លឹងរំពៃយកទ្រព្យអ្នកដទៃមកជាទ្រព្យរបស់របស់ខ្លួន។ គំនិតប្រកបដោយសេចក្តីសន្តោស ត្រេកអរតាមមានតាមបាន គំនិតប្រកបដោយ សេចក្តីខ្មាសបាប គំនិតលះបង់អំពើចង់បានឥតខ្មាស់ គំនិតស្មោះត្រង់ មិនត្រូវការទ្រព្យសម្បត្តិ គេមកធ្វើជាទ្រព្យរបស់ខ្លួន។ តម្រិះត្រូវ (សម្មសង្កប្បៈ) គឺតម្រិះមិនព្យាបាទអ្នកដទៃ មិនបៀតបៀនអ្នកដទៃ មិនដក់ត្រាំក្នុងកាម។ សេក្ដីត្រិះរិះត្រូវ សេចក្ដីតាំងចិត្តយ៉ាងប្ដូរផ្ដាច់ក្នុងការទ្រទ្រង់នូវជីវិតជាមួយនឹងការពង្រីកពង្រឹងនូវជីវភាពដោយអាស្រ័យសេចក្ដីចេះដឹងជាមូលដ្ឋាននៅក្នុងការគ្រប់គ្រងខ្លួនឲ្យបានសុខជាបុគ្គលមើលឃើញបានវែងឆ្ងាយដឹងថាមានផ្លូវបែបណាខ្លះអាចនឹងដឹកនាំខ្លួនទៅកាន់សេចក្ដីសុខចម្រើនបាន។
- មិនចងគំនុំគុំគួនធ្វើឲ្យអ្នកដទៃវិនាស និងការមិនបៀតបៀនអ្នកដទៃគឺតម្រិះត្រូវ(សម្មសង្កប្បៈ)។គំនិតប្រកបដោយមេត្តា គឺស្រឡាញ់រាប់អានសព្វទូទៅ ដូចជាមាតាស្រឡាញ់បុត្រ មិន បានព្យាបាទដល់ជនមួយណាឡើយ ប្រកបដោយករុណាសេចក្តីអាណិតអាសូរចំពោះសត្វ ទូទៅដែលមានសេចក្តីទុក្ខ ចង់ឲ្យសត្វបានរួចផុតអំពីសេចក្តីទុក្ខ គំនិតមិនត្រូវការបៀតបៀន មនុស្ស សត្វណា ឲ្យមានសេចក្តីទុក្ខលំបាកឡើយ (១២)។
- សេចក្ដីយល់ឃើញត្រូវ (សម្មាទិដ្ឋិ) គឺឃើញថា ធ្វើបុណ្យបានបុណ្យ ធ្វើបាបបានបាប។ ទស្សនៈត្រូវពិត ភាពសន្សំមានទស្សនៈខុសត្រឹមតែជាសេចក្ដីគិតឃើញទៅលើផ្លូវខុសនីមួយៗ ។ បុគ្គលគប្បីដឹងដល់សេចក្ដីផ្សេងៗនៅក្នុងចន្លោះនៃសេចក្ដីស្ថិតស្ថេរ និងសេចក្ដីមិនស្ថិតស្ថេរ។ ត្រូវឃើញភាពពិតដែលមាននៅក្នុងភាពមិនពិតមុននឹងធ្វើនូវសេចក្ដីសម្រេចចិត្ត ឬមុននឹងដាក់ចិត្តជឿទៅក្នុងរបស់ណា ត្រូវធ្វើការបកស្រាយជាមួយនឹងការស្រាវជា្រវរកហេតុផលក្នុងរបស់នោះឲ្យគ្រប់គ្រាន់សិន។
នៅក្នុងមនោសុចរិតនេះដែរ ព្រះសម្មាសម្ពុទ្ធក៏បានប្រៀនប្រដៅអោយមនុស្សទាំងឡាយ អោយភ្ញាក់រឮកឲ្យបានត្រឹមត្រូវ (សម្មាសតិ) គឺរឭកដល់ការងារដែលមិនទាន់បានធ្វើ រឮកដល់ការងារដែលកំពុងធ្វើ រឮកដល់ការងារដែលបានធ្វើរួចមកហើយ រឮកដល់កាយវេទនា ចិត្ត ធម្មៈ ដែលកំពុងប្រព្រឹត្តទៅ។ តម្កល់ចិត្តត្រូវ (សម្មាសមាធិ) គឺតម្កលនៅក្នុងអារម្មណ៍ល្អ តម្កល់នៅក្នុងមុខការល្អ តម្កល់នៅក្នុងទង្វើដែលកំពុងធ្វើ តម្កល់នៅក្នុងធម្មៈដែលកំពុងតែសិក្សាហ្វឹកហាត់ ដើម្បីស្វែងរកសុខសន្តិភាព និងកំចាត់បង់នូវសេចក្ដីទុក្ខទាំងពួង។
ដូច្នេះគឺត្រូវធ្វើការព្យាយាមឲ្យបានត្រឹមត្រូវ (សម្មាវាយាមៈ) ព្យាយាមត្រូវ គឺខំធ្វើទង្វើល្អ មានកាយសុច្ចរិត, វិចីសុចរិត និង មនោសុចរិត ដែលមិនទាន់បានធ្វើ រួចហើយ និងខិត ខំរក្សាទុកនូវទង្វើល្អដែលបានធ្វើពីមុនមក ហើយកុំប្រព្រឹត្តអំពើអាក្រក់ ខំលះបង់នូវទង្វើ
អាក្រក់ដែលបានធ្វើទាំងប៉ុន្មាន (១៣)។
៣ ទ្រឹស្ដីអប់រំសីលធម៌តាមរយៈការយល់ដឹងពីតួនាទី
៣.១ តួនាទីមាតាបិតា៥យ៉ាង
មាតាបិតាជាមនុស្សសំខាន់នៅក្នុងគ្រួសារ ជាអ្នកដើរតួយ៉ាងសកម្មក្នុងការទទួលខុសត្រូវអប់រំនិងថែទាំកូន ដោយបំពេញនូវកាតព្វកិច្ច ៥ប្រការសម្រាប់សង្រ្គោះបុត្រធីតាគឺ៖
ទី១៖ មាតាបិតាគប្បីហាមកូនឲ្យវៀរអំពើបាប ក្នុងពេលដែលកូនធ្វើអំពើអាក្រក់ ត្រូវហាមឃាត់កូនយ៉ាងម៉ឺងម៉ាត់ មិនបណ្ដែតបណ្ដោយឲ្យកូនធ្វើតាមអំពើចិត្ត ឧស្សាហ៍ព្យាយាមពន្យល់ណែនាំឲ្យជឿផលនៃទោសទុច្ចរិតក្នុងបច្ចុប្បន្ន និងបរលោកឲ្យឃើញជាក់ស្ដែង ឲ្យកូនរាងចាលរួញរអា ខ្លាចអំពោះអាក្រក់លែងហ៊ានប្រព្រឹត្តទៅទៀត ចេះបីបាច់ចិញ្ចឹមកូន ឲ្យបានល្អ មិនថ្នាក់ថ្នមកូនហួសពេក ឲ្យទាល់តែកូនបានចិត្តមិនកោតក្រែងត្រកូលរៀបច្បង ។
ទី២៖ ញ៉ាំងកូនឲ្យតម្កល់នៅក្នុងកុសលធម៌ ឲ្យចេះរៀនកាន់រៀនប្រព្រឹត្តអំពើសុចរិតតាមគន្លងធម៌ ពន្យល់អំពីផលនៃការប្រព្រឹត្តល្អឲ្យច្បាស់លាស់ ឲ្យដកចិត្តផ្លាស់ចំណងក្នុងផ្លូវអាក្រក់ ខ្លាចទោសបច្ចុប្បន្ននិងបរលោក ។
ទី៣៖ គប្បីអប់រំកូនឲ្យពេញចិត្តក្នុងការសិក្សារៀនសូត្រ មុនដំបូងត្រូវបង្រៀនកូនឲ្យចេះនិយាយសម្ដីត្រឹមត្រូវច្បាស់លាស់សមរម្យ ឲ្យស្គាល់ឋានៈស្គាល់វិន័យ វៀរចាកពាក្យអាក្រក់ពាក្យជេរប្រទេច អា មឹងជាដើម តាំងពីកូននៅតូច មិនបណ្ដោយឲ្យកូនរត់លេងផ្ដេសផ្ដាស់លុះកូនមានវ័យធំល្មម ត្រូវចំណាយលុយកាក់កាត់គ្រឿងសំលៀកបំពាក់ និងគ្រឿងសិក្សាមានក្ដាឆ្នួនសៀវភៅខ្មៅដៃជាដើម បញ្ជូនឲ្យទៅរៀនអក្សរសាស្រ្តផ្សេងៗ ក្នុងសាលាតាមគួរដល់កាលៈទេសៈ និងសម័យនិយម មិនបណ្ដោយទុកឲ្យកូននៅល្ងង់ទាំងប្រុសទាំងស្រី ។
ទី៤៖ រៀបចំគូស្រករទៅតាមប្រពៃណី ។ លុះកូនមានវ័យធំល្មមផុតពីការសិក្សាហើយ មាតាបិតាគប្បីរៀបចំឲ្យមានផ្ទះសម្បែងគូរស្វាមីភរិយា តាមសេចក្ដីស្ម័គ្រចិត្តនៃសាមីរូបទាំងពីរខាងផង តាមគួរដល់ពូជពង្សវង្សត្រកូលនិងទ្រព្យធនជាដើមផង ។
ទី៥៖ ចែកទ្រព្យសម្បត្តិឲ្យជាដើមទុន ។ លុះរៀបចំកូនហើយ មាតាបិតាគប្បីចែកចាយទ្រព្យសម្បត្តិតាមកម្លាំងធនធាន ទោះទ្រព្យមានវិញ្ញាណក្ដី ឥតវិញ្ញាណក្ដី ក្នុងនិច្ចសម័យ១ ក្នុងកាលសម័យ១ ដើម្បីជួយបណ្ដុះបណ្ដាលឲ្យបានកើតកាលវាលគុម្ពក្នុងគ្រួសាររបស់កូនឲ្យហើយជាស្រេច ឲ្យត្រឹមត្រូវតាមលក្ខណៈច្បាប់របស់រដ្ឋ កុំឲ្យកូនមានវិវាទឈ្លោះទាស់ទែងដណ្ដើមគ្នាទៅថ្ងៃក្រោយ ។ ហេតុនេះសូមមាតាបិតានៃបុត្រធីតាទាំងឡាយគប្បីសង្រ្គោះចំពោះបុត្រដោយលក្ខណៈ ៥យ៉ាងនេះចុះ(១៤) ។
៣.២ តួនាទីកូនល្អ៥យ៉ាង
កូនប្រុសស្រី កាលណាមាតាបិតាបានបំពេញល័ក្ខខ័ណ្ឌសព្វគ្រប់ហើយ ត្រូវឆ្លើយ
តបសេចក្ដីល្អរបស់ឪពុកម្ដាយ ដោយកិច្ច ៥ យ៉ាងគឺៈ
ទី១៖ ត្រូវចិញ្ចឹមបីបាច់ថែរក្សាមាតាបិតា ។បុត្រធីតាគប្បីសិក្សាថា មាតាបិតាចិញ្ចឹមរក្សាអាត្មាអញ ហើយអាត្មាអញនឹងចិញ្ចឹមមាតាបិតាវិញ កើតមកជាមនុស្សបើគ្រាន់តែរឭកដល់អំពើល្អដែលអ្នកដទៃបានធ្វើលើខ្លួនមិនឃើញហើយនោះ ចាំបាច់និយាយធ្វើអ្វី សេចក្តីល្អផ្សេងទៀតថាអាចនឹកឃើញដើម្បីពូនសន្សំក្នុងសន្តានទៅបាន។ បក្សីស៊ីផ្លែពោធិ៍ជ្រៃអស់ហើយហើរចេញមិនបែរក្រោយ រឿងនេះមិនគួរឲ្យតិះដៀលទេ ព្រោះវាជាធម្មតារបស់សត្វតិរច្ឆាន ប៉ុន្តែមនុស្សយើងវិញបើធ្វើបែបហ្នឹង ពោលគឺមិនបែរក្រោយដោយការនឹករំឭកដល់គុណអ្នកដទៃមានមាតាបិតាជាដើមបានធ្វើហើយនូវប្រយោជន៍សុខចម្រើនកើតមានដល់ខ្លួននោះវាគួរឲ្យតិះដៀលខ្លាំងណាស់ ព្រោះយើងមិនមែនជាសត្វតិច្ឆានឯណា។
ធ្វើបុណ្យដាក់បាត្រក្រាបសំពះនៅវត្តគឺពិតជាល្អ មានចិត្តស្មោះសសន្សំនូវគុណធម៌ក្នុងសន្តាន ប៉ុន្តែកុំភ្លេចព្រះនៅផ្ទះព្រោះមានគុណធ្ងន់ជាងព្រះអរហន្តគឺមាតាបិតា សូមកូនប្រុសស្រីចិញ្ចឹមបីបាច់ថែរក្សាក្រាបសំពះមាតាបិតា គប្បីកុំអៀនអន់ កុំឲ្យក្តៅក្រហាយ ស្តាយក្នុងកាលជាក្រោយ។
ទី២៖ ជួយធ្វើការដែលមាតាបិតាត្រូវការ។បុត្រធីតាគប្បីសិក្សាថា អាត្មាអញនឹងជួយ នឹងធ្វើការឲ្យមាតាបិតា ដោយក្តីមិនខ្ជិលច្រអូសឡើយ សេចក្តីខ្ជិលជាអបាយមុខប្រការ១ គឺជាប្រធាននៃសេចក្តីវិនាសនូវប្រយោជន៍ គ្រប់យ៉ាងដូច្នេះបើយើងធ្វើការឲ្យអ្នកដទៃ ប៉ុន្តែមិនគួរខ្ជិលធ្វើសេចក្តីល្អដល់ខ្លួនឯងឡើយ។សត្វឆ្មាយំទាចំណីគឺចង់ឲ្យយើងធ្វើសេចក្តីល្អជាមួយវា គឺសុនខជាដើមក៏ដូចគ្នា ចំណែកឯខ្លួនយើងវិញ តើយំទាឲ្យអ្នកណាធ្វើសេចក្តីល្អឲ្យ?
មនុស្សគ្រប់គ្នាប្រាថ្នាបានសេចក្តីល្អពីអ្នកដទៃ ប៉ុន្តែសូមកុំភ្លេចថា មិនមែនអ្នកណា ស្រឡាញ់យើង ជួយយើងជាងខ្លួនយើងឡើយ ដូច្នេះយើងត្រូវប្រាថ្នាសេចក្តីល្អគ្រប់យ៉ាងអំពីខ្លួនឯង ការបម្រើអ្នកមានគុណគឺជាសម្បត្តិដ៏ប្រពៃ ជាសេចក្តីល្អមួយដែលអ្នកធ្វើត្រូវបានទទួលខ្លួនឯងយ៉ាងពិតប្រាកដ។
ការងារប្រពៃគឺជាព្រះស្ថិតនៅក្នុងសន្តានចិត្ត ពិតជាមួយសត្វលោកឲ្យរួចផុតពីបាបកម្ម និងពៀរវេរាមានផលផុតចាកពីទុក្ខភ័យ សូមកូនប្រុសស្រីរក្សាព្រះនៅក្នុងផ្ទះ និងព្រះនៅក្នុងសន្តានចិត្ត កុំគប្បីធ្វេសប្រហែសឡើយ។
ទី៣៖ រក្សាកេរ្តិ៍ឈ្មោះលើកតម្កើងពូជពង្សវង្សត្រកូល។បុត្រធីតាគប្បីសិក្សាថា អាត្មាអញនឹងតម្កើងនូវវង្សត្រកូលឲ្យបានល្អ។ចរិយាមារយាទ ជារឿងសំខាន់ណាស់ បុត្រធីតាគប្បីរក្សាខ្លួនឯងដោយសីលធម៌ រក្សាសីលជាការធ្វើសេចក្តីល្អដល់ខ្លួនឯង ដោយមិនចាំបាច់អស់ទុនឡើយ គ្រាន់តែអធ្យាស្រ័យលើស្មារតីថែទាំខ្លួនឯង ការសិក្សាស្វែងយល់អំពីសុជីវធម៌ សណ្តាប់ធ្នាប់ល្អព្រមដោយការបដិបត្តិដោយប្រពៃ ក៏បានសម្រចផលកម្រៃដ៏ប្រសើរ គឺបានមនុស្សល្អម្នាក់លើកស្ទួយវង្សត្រកូលផង ប្រទេសជាតិរបស់ខ្លួនផង សង្គមមនុស្សទាំងមូលផង។
កូនប្រុសស្រីទាំងឡាយ អ្នកទាំងឡាយកុំភ្លេចសីលឡើយ កុំគិតថាសីលជារឿងលំបាក ឲ្យសោះ សីលមិនមែនជាសត្រូវរបស់កូនទេ កិលេសក្នុងខ្លួនរបស់កូនទេតើដែលជាសត្រូវធ្វើ នូវការបៀតបៀនដល់កូននោះ ចំណែកឯសីលគឺជាមិត្តល្អគ្រប់ពេលជាសេរីមង្គលពិតប្រាកដ សូមកូនពិចារណាផងចុះ។ ការតម្កល់តម្កើងនូវវង្សត្រកូលគឺជាការដែលកូនប្រុសស្រីតម្កល់ ខ្លួនឯងឲ្យប្រពៃខ្មីឃ្មាតសិក្សារៀនសូត្រផ្លូវលោក ផ្លូវធម៌ចេះជួយសង្គ្រោះអ្នកដទៃ សាងស្នាដៃ ប្រកបដោយសីលធម៌។
ទី៤៖ បម្រើមាតាបិតាដោយសុចរិតអោនលំទោន ។បុត្រធីតាគប្បីសិក្សាថា អាត្មាអញនឹងបដិបត្តិឲ្យបានសមគួរជាអ្នកទទួលនូវទ្រព្យមរតក ។ មាតាបិតា ទោះបីជាមានទ្រព្យតិចច្រើនប៉ុណ្ណាៗក្តី គ្មានអ្វីដែលគួរសង្ស័យឡើយ បើថាគាត់កំណាញ់ក៏តែជាមួយនិងអ្នកដទៃប៉ុណ្ណោះ ឯចំណែកខាងកូនរបស់គាត់វិញនោះមានប៉ុន្មានទុក ឲ្យទាំងអស់ដោយចិត្តរីករាយកក់ក្តៅជាទីបំផុត។ ដូច្នេះចូរកូនប្រុសស្រីគប្បីធ្វើសេចក្តីសង្ឃឹម ដល់មាតាបិតា ត្រូវខិតខំបដិបត្តិខ្លួនឲ្យរឹងមាំ មានមារយាទល្អសម្តែងនូវការសមគួរជាទីទុកចិត្ត ដល់មាតាបិតា ដាច់ខាតកុំមើលងាយទ្រព្យមរតកនោះឲ្យសោះ ទោះបីតិចតួច ឬមិនប្រណិត យ៉ាងណាក្តី ព្រោះក្នុងមរតកនោះបានបង្កប់ទៅដោយមនោសញ្ចេតនា ដ៏ជ្រាលជ្រៅប្រកប ដោយព្រហ្មវិហារធម៌ អាណិតស្រឡាញ់ និងមេត្តាដ៏ខ្លាំងក្លា កាយវិការរឹងមាំ តែចិត្តទន់ភ្លន់ ស្រឡាញ់ដូចមេឃស្រទុំចំពោះបុត្រភ្ងាស្ងួនពិសី។ សូមកូនប្រុសស្រីទទួលបាននូវមរតក ពិសេសព្រហ្មវិហារធម៌របស់មាតាបិតាហើយគប្បីពង្រីកចែកចាយដល់ជនដទៃដោយក្តីមេត្តា
ករុណាធំទូលាយ។
ទី៥៖ បុត្រធីតាគប្បីសិក្សាថា អាត្មាអញត្រូវធ្វើបុណ្យឧទ្ទិសទក្ខិណាទានដល់មាតាបិតាដែល ធ្វើកាលកិរិយាទៅកាន់បរលោក។ ទក្ខិណាទានគឺទានដែលអ្នកធ្វើជឿកម្ម ជឿផល ហើយបានធ្វើដល់ទក្ខិណេយ្យបុគ្គល។ ទក្ខិណេយ្យបុគ្គលគឺបុគ្គលមានគុណធម៌ខ្ពង់ខ្ពស់ ដូចជាសីលគុណជាដើម ជាបុគ្គលសមគួរទទួលនូវទក្ខិណាទាន ចំណែកពាក្យថាទក្ខិណានុប្បទានគឺជា អំណោយបុណ្យ បានដល់ការឧទ្ទិសដល់នូវទក្ខិណាទានឲ្យដល់អ្នកដែលទៅកាន់បរលោក។ ការធ្វើបុណ្យឧទ្ទិសទៅដល់អ្នកដទៃជាសេចក្តីល្អពីរយ៉ាង ម្យ៉ាងបុណ្យថ្នាក់ទានមានឥស្សរភាពលើកិលេស ម្យ៉ាងទៀតគឺបុណ្យបត្តិទានមានចិត្តល្អប្រកបដោយមេត្តា ឬការដឹងគុណ ចែកបុណ្យ ឧទ្ទិសកុលសអំពើល្អទាំងពីរយ៉ាងនេះ គឺអ្នកធ្វើបានឧទ្ទិសដល់ខ្លួនឯងទាំងស្រុង សម្រាប់ជួយខ្លួនឲ្យរួចពីភាពជាអំពើអាក្រក់។ បើកូនចៅប្រាថ្នាពរគឺវត្ថុដ៏ប្រសើរ សូមកូនចៅបំពេញហេតុបានដល់កុសលឲ្យសមគួរដល់ផលទើបអាចទទួលពរបាន (១៥)។
៣.៣ តួនាទីស្វាមី៥យ៉ាង
បុរសទាំងឡាយណា ដែលទទួលនារីណាមកធ្វើជាភរិយារបស់ខ្លួនហើយ ត្រូវសង្រ្គោះនាងដោយកិច្ច ៥យ៉ាងគឺៈ
ទី១៖ ប្រដៅសព្វសារពើ ពោលពាក្យពិរោះសរសើរ ដោយលក្ខណៈប្រព្រឹត្តជាប្រយោជន៍ដល់ភរិយា ។ ស្រលាញ់រាប់អានថាជាភរិយា យើងជាស្វាមីរបស់ស្រ្តីណា គប្បីសង្រ្គោះស្រ្តីនោះដោយទំនុកបំរុង គ្រឿងប្រើប្រាស់មិនឲ្យខ្វះខាត បានដល់សំលៀកបំពាក់ជាដើម ។
ទី២៖ មិនមើលងាយ ជេរវាយភរិយា ដូចទាសា ទាសី កម្មករឡើយ ។ មិនត្រូវប្រមាទមើលងាយដូចជាខ្ញុំកំដរ “បាវព្រាវ” ការនិយាយចំពោះភរិយា គប្បីប្រើពាក្យសម្ដីផ្អែមល្ហែមពិរោះពិសារមិនពោលពាក្យរោយរាយឥតប្រយោជន៍ ភរិយាមានកំហុសបន្តិចបន្តួចក៏គួរអត់ឱនឲ្យ ហើយទូន្មានដោយសេចក្ដីល្អ ។ កាលណាបើយើងប្រើតែ មធ្យោបាយត្រជាក់ដាក់ភរិយាទៅយើងនឹងទទួលផលល្អពីភរិយាវិញ ដោយគេនឹកឃើញថាជាដំបូន្មានល្អគួរឲ្យប្រតិបត្តិតាម ។
ទី៣៖ មិនប្រព្រឹត្តកន្លងភរិយា មិនត្រូវប្រព្រឹត្តគំនិតក្បត់ ព្រំដែនជាប្ដី យកកំពូលស្នេហារបស់ខ្លួនទៅបូជា ដល់ស្រ្តីដែលមិនមែនជាកម្មសិទ្ធិនៃភរិយា ត្រូវប្រកាន់ខ្ជាប់នូវនាទី
ថាជាស្វាមីរបស់គេដោយពិត ។
ទី៤៖ ប្រគល់នូវរបស់របរទាំងពួង ឲ្យមានឥស្សរភាពដល់ភរិយា ប្រគល់អំណាចឲ្យជាធំ ជាស្រ្តីមេផ្ទះ ជាស្រ្តីរៀបចំទុកដាក់ទ្រព្យសម្បត្តិ រក្សាថែទាំលំអរគេហស្ថាន ព្រោះភរិយាទុកជានាយកស្ដីទីខាងក្រសួងបោសសំអាតលំនៅស្ថាន សមនិងស្លោកថាៈ
ទ្រព្យគង់ត្បឹតស្រី ចេះសំចៃទុក
មានផ្ទះស្រណុក ត្បឹតភរិយាជា
ទី៥៖ស្វាមីគប្បីរៀបចំឲ្យមានអលង្ការដល់ភរិយាសម្រាប់ប្រើប្រាស់គ្រប់គ្រាន់ តាមកាលៈទេសៈនិងសម័យនិយម ។ រីឯភរិយាយ៉ាងល្អឯក គាប់ភ្នែកខ្លួនឯង និងអ្នកផង បុរសស្វាមីត្រូវឃុំគ្រង កុំបីរំលងការរក្សា ។
៣.៤ តួនាទីភរិយា៥យ៉ាង
ភរិយាត្រូវគោរពប្រតិបត្តិស្វាមីដោយកិច្ច ៥ យ៉ាងគឺៈ
ទី១៖ ចាត់ចែងការងារផ្ទះដោយផ្ចឹតផ្ចង់ ។ ភរិយាគប្បីចាត់ចែងការងារមានម្ហូបចំណីជាដើម ដោយផ្ចិតផ្ចង់សម្រាប់ស្វាមីឲ្យបានត្រឹមត្រូវ តាមពេលវេលា ។
ទី២៖ សង្រ្គោះញាតិខាងស្វាមី នឹងខាងខ្លួនឯងដោយប្រពៃ ។ ត្រូវមានចិត្តស្មើ មិនត្រូវលំអៀងម្ខាងៗឡើយ ហើយព្យាយាមជួយគ្នាតាមការគួរ ។
ទី៣៖គប្បីថែទាំទ្រព្យសម្បត្តិដែលប្ដីរកបានមិនឲ្យវិនាសខូចខាត បាត់បង់ដោយការមិនគួរ ។
ទី៤៖ មិនប្រព្រឹត្តកន្លងចិត្តប្ដី គឺមិនត្រូវយកកំពូលស្នេហាទៅប្រគល់ឲ្យបុរសដទៃក្រៅពីស្វាមីខ្លួនឡើយ ។
ទី៥៖ភរិយាគប្បីឈ្លាសវៃក្នុងការងារទាំងឡាយរបស់ស្រ្តី មិនត្រូវខ្ជិលច្រអូស កិច្ចការណាមិនទាន់បានសម្រេច ត្រូវប្រញាប់រវាសរវៃធ្វើបង្ហើយ ពន្យាពេលថាថ្ងៃនោះ “ធ្វើអ្វីធ្វើឲ្យហើយ កុំទុកឡើយបន្សល់កេរ្តិ៍ ។
នាទីស្វាមីភរិយា ប្រាំៗដូចគ្នាធម៌សង្រ្គោះ
សម្រាប់ឲ្យយើងកាន់រួមរស់ សន្ដោសដល់គ្នាជាប្រក្រតី។
បើមានខាតខុសខាងភរិយា តាំងចិត្តឲ្យជាកុំជេរស្ដី
ពុំនោះមានខុសខាងប្រុសក្ដី ភរិយាជាស្រីទូន្មានបាន ។
ព្រោះខ្លួនទាំងពីរជីវិតមួយ កុំឲ្យមានព្រួយកើតរំខាន
អត់ឃ្លានមានស៊ីត្រូវក្លាហាន សាងគ្រួសារឋានឲ្យសុខអើយ ។
៣.៥ តួនាទីគ្រូបាអាចារ្យ
នាទីគ្រូអាចារ្យដែលត្រូវបំពេញដល់សិស្សមាន ៥ យ៉ាងគឺៈ
ទី១៖ ដឹកនាំសិស្សឲ្យល្អដោយសុទ្ធចិត្ត ។ គ្រូគប្បីទូន្មានសិស្សឲ្យបានបទល្អ ឲ្យចេះប្រើឥរិយាបទទាំង ៤ គឺដេក ដើរ ឈរ អង្គុយ ជាដើមឲ្យមានរបៀបរៀបរយសមរម្យល្អក្នុងទីប្រជុំជន មិនឲ្យឆ្គាំឆ្គងនិងភ្នែកអ្នកដទៃ។
ទី២៖ បង្ហាត់បង្រៀនសិស្សដោយល្អ ញ៉ាំងសិស្សឲ្យរៀនល្អ គឺបង្ហាត់បង្រៀននូវអត្ថ និងព្យញ្ជនៈ ឲ្យបានត្រឹមត្រូវចេះប្រើរបៀបសេចក្ដី រៀបពាក្យល្អងអធិប្បាយពន្យល់ហេតុផលឲ្យចូលចិត្តយល់បានពិតប្រាកដ ។
ទី៣៖គ្រូអាចារ្យគប្បីបង្ហាត់សិល្បៈវិទ្យាឲ្យអស់ចំណេះ មិនលាក់ទុក មានមកប៉ុន្មាន ក៏បង្ហាត់បង្រៀនសិស្ស ឲ្យអស់តាមចំណេះវិជ្ជាចេះចាំរបស់ខ្លួន ដោយមានឆន្ទៈដ៏ល្អ គឺចង់ឲ្យសិស្សចេះចាំដូចខ្លួន ឬលើសទៅទៀតរឹតតែប្រសើរ ។
ទី៤៖ លើកតម្កើងសិស្សក្នុងទីប្រជុំ បើយល់ឃើញថាសិស្សណាមួយ មានចំណេះវិជ្ជា មានចរិយាសណ្ដាប់ធ្នាប់សមរម្យល្អ គួរយកគុណសម្បត្តិនោះមកបង្ហាញសរសើរក្នុងទីចំពោះមុខមិត្រអាមាត្រ ជាសម្លាញ់របស់ខ្លួន ដើម្បីឲ្យមិត្តរបស់ខ្លួនមានសេចក្ដីទុកចិត្តស្និតស្នាលរាប់អាននិងការទំនុកបំរុងជាដើមដល់សិស្ស។
ទី៥៖ ធ្វើសេចក្ដីការពារសិស្សគ្រប់ទិសទាំងឡាយ បើសិស្សទៅទីណាមិនឲ្យលំបាក ដូចជាការចេញទៅរៀនសូត្រចំណេះវិជ្ជា ផ្លូវលោក ផ្លូវធម៌ជាដើម ចេះពន្យល់ណែនាំហេតុផល ឲ្យយល់ពីប្រយោជន៍នៃការសិក្សា ទាល់តែសិស្សមានចិត្តជ្រះថ្លាព្យាយាមក្នុងការសិក្សាហើយ ត្រូវជួយទំនុកបំរុងសិស្សដោយគ្រឿងសិក្សា តាមបានល្មមឲ្យសិស្សមានសេចក្ដីរីករាយស្រលាញ់ពេញចិត្តក្នុងការសិក្សា (១៦)។
៣.៦ តួនាទីសិស្ស៥យ៉ាង
សិស្សមានតួនាទី ៥ យ៉ាងដែលត្រូវគោរពប្រតិបត្តិគ្រូអាចារ្យគឺៈ
ទី១៖ក្រោកឈរទទួលក្នុងវេលាដែលគ្រូបាអាចារ្យដើរមក គឺថាបើខ្លួនអង្គុយក្នុងទីកន្លែងណា មួយហើយស្រាប់តែគ្រូធ្វើដំណើរមកកាន់ទីកន្លែងនោះ យើងត្រូវក្រោកឈរឡើងដោយគោរព បើមានវត្ថុអ្វីកាន់នឹងដៃ គប្បីយកដាក់តាមទីកន្លែងសមគួរ ហើយរៀបចំទីសេនាសនៈឲ្យសម រម្យប្រគេនជូន បើលោកបានទីកន្លែងគួរសមហើយ យើងអង្គុយចុះលុះដល់គ្រូធ្វើដំណើរ ត្រឡប់ទៅវិញ ត្រូវជូនដំណើរឲ្យផុតពីរបងផ្ទះទើបគួរហើយចាំត្រឡប់ទៅវិញ­(១៧) ។
ទី២៖ គាល់បម្រើគ្រូអាចារ្យដោយចិត្តស្មោះស ។ចូលទៅចាំបម្រើលោក បម្រើព្រឹកល្ងាចនោះបានការរៀបចំគ្រឿងចង្ហាន់ ពុំនោះ សោតប្រសិនបើលោកមានការរវល់អ្វី សិស្សមិនត្រូវព្រងើយកន្តើយគេចវេស ដោះដៃឡើយត្រូវតែជួយបំពេញធុរៈនោះឲ្យបានសម្រច។
“ផ្គាប់គ្រូមិនសូវមានគ្រោះខ្លួន បើផ្គាប់មិនឲ្យមួនកុំសង្ស័យ
ខុសពីរបីដងលោកអភ័យ បើមានចំណីទុកឲ្យស៊ី” (១៨)។
ទី៣៖ជឿស្តាប់ឳវាទលោកទូន្មានប្រៀនប្រដៅដោយល្អចំពោះបញ្ហាណាមួយ យើងគួរគូសចំណាំក្នុងចិត្ត ហើយត្រូវត្រិះរិះមើលផងបើឃើញថាត្រូវល្អប្រញាប់ប្រតិបត្តិធ្វើតាម។
គតិភាសិត ក៏បានបញ្ជាក់ប្រាប់យើងថាៈ
“ពុតគ្រូកុំត្រាប់ច្បាប់គ្រូឲ្យយក”
ពុតគឺចរិយាមិនប្រសើរ គ្រូធ្វើដំណើរដូចម្ដេចក្ដី
កុំយកតម្រាប់អ័ប្បរាសី ត្រាប់ថ្វីព្រោះផ្ទុយក្បួនតម្រា ។
ច្បាប់ក្បួនដែលល្អដ៏ត្រឹមត្រូវ គ្រូលោកប្រដៅគួរជ្រះថ្លា
ឲ្យរើសទុកដាក់ក្នុងចិន្ដា យកតែផ្លូវណាដែលប្រណិត ។
ទី៤៖ ប្រណិប័តន៍ដោយធ្វើការងារជួយគ្រូអាចារ្យ។សិស្សត្រូវយកចិត្តទុកដាក់បម្រើគ្រូ ធ្វើវត្តប្រតិបត្តិដូចជាសិស្សដែលនៅ ក្នុងសំណាក់គ្រូ ត្រូវឧស្សាហ៍បោសសំអាតកន្លែងរៀន ឬផ្ទះទីកន្លែងនៅ និងគក់ច្របាច់ជាដើម ។សិស្សគប្បីសិក្សាថាការប្រតិបត្តិគ្រូដោយធ្វើការងារទោះបីការងារនោះតូចតាចបន្តិចក៏ដោយ ក៏មិនត្រូវឲ្យលោកគ្រូអាចារ្យធ្វើខ្លួនឯងដែរ។ ការជ្រោមជ្រែងការគាំទ្រការសម្តែងសេចក្តីគោរព ជាការអនុមោទនាចំពោះគុណបុណ្យ ជាការបម្រើដោយប្រសើរដោយចិត្តទន់ភ្លន់ លើកស្ទួយរបស់ធ្ងន់បម្រើប្រយោជន៍ដល់ជនទាំងពួង។ មនុស្សឆ្លាតរមែងស្វែងរកគុណធម៌មកទុកក្នុងខ្លួន សាងគុណចម្រើនប្រយោជន៍ដល់សង្គមមនុស្ស សង្គមសត្វប្តេជ្ញាតាំងចិត្តមិនដុតសង្គម ពោលគឺមិនធ្វើឲ្យសត្វលោកក្តៅក្រហាយដោយសារខ្លួនឯងម្នាក់ឯងឡើយ ហើយគោរពស្រលាញ់ គាំទ្រនូវបុគ្គលណាដែលមានសម្ថភាពអាចផ្តល់ផលប្រយោជន៍ដល់សង្គមតូចធំសុខក្សេមក្សាន្ត។ សូមមនុស្សលោកគ្រប់គ្នា លើកនូវទង់ជ័យរបស់មនុស្សគឺគុណធម៌។ តាមពិតមានតែគុណធម៌ប៉ុណ្ណោះដែលធ្វើឲ្យមនុស្សយើងមានជីវិតប្រសើរជាងពពួកសត្វតិរច្ឆាន។
ទី៥៖ សិស្សគប្បីសិក្សាថា អាត្មាអញត្រូវរៀនសិល្ប៍វិជ្ជាអំពីលោកគ្រូអាចារ្យដោយសេចក្តីគោរព។ មិនចំពោះតែវិជ្ជាអ្វីនោះ បើសិស្សមានសមត្ថភាពរៀនបានច្រើនមុខវិជ្ជា គឺរិតតែល្អ ទោសរបស់មុខវិជ្ជានៅលើអ្នកប្រើជាសំខាន់ បើប្រើក្នុងផ្លូវត្រូវគឺជាគុណ តែបើប្រើក្នុងផ្លូវខុស គឺជាទោស។ ការប្រកបនូវមុខវិជ្ជាអ្វីមួយដើម្បីចិញ្ចឹមជីវិតក្តី ដើម្បីជាប្រយោជន៍ដល់សង្គមជាតិក្តី ត្រូវមើលឆន្ទៈខ្លួនឯងឲ្យជាក់ច្បាស់ ព្រោះឆន្ទៈគឺសេចក្តីពេញចិត្តក្នុងការងារជាកម្លាំងអាចញុំាងសេចក្តីព្យាយាមឲ្យប្រព្រឹត្តជាប់មិនដាច់ជាហេតុឲ្យសម្រេចនូវប្រយោជន៍ បើមិនដូច្នេះ វាជួបប្រទះនូវការឥតប្រយោជន៍អស់ទាំងក្នុងរឿងផ្សេងៗទៀតផង។
លោកគ្រូនិងសិស្សតោងមានធម៌ ៥យ៉ាងនេះល្អសង្រ្គោះគ្នា
ពន្យល់ហេតុផលការសិក្សា ឲ្យសិស្សជ្រះថ្លាយល់ចូលចិត្ត។
វិជ្ជាផ្លូវលោកនិងផ្លូវធម៌ ជួយលុយអង្ករកុំរឹតត្បិត
ឲ្យគ្នាបានចេះស្គាល់ក្រមក្រឹត្យ ព្រោះត្បឹតលោកគ្រូសង្រ្គោះសិស្ស។
ឯសិស្សវិញសោតត្រូវយល់ការ កុំអាងបញ្ញាថាបំផ្លើស
ស្គាល់នាទីយើងជាសិស្ស កុំឆ្កើសដេញដោលតែគ្រូឯង។
ត្រូវចេះគោរពប្រតិបត្តិគ្រូ អង្គសព្វញ្ញូទ្រង់សម្ដែង
ថាត្រូវតបគុណចេះកោតក្រែង លោកបង្រៀនឯងផុតអវិជ្ជា(១៩)។
៣.៧ តួនាទីចៅហ្វាយនាយ៥យ៉ាង
ចៅហ្វាយនាយ ក៏ត្រូវមានចិត្តករុណាសណ្ដោសសង្រ្គោះដល់កម្មករកិច្ច៥យ៉ាងគឺៈ
ទី១៖ ចាត់ចែងការងារឲ្យធ្វើតាមសមគួរដល់កម្លាំង, ចៅហ្វាយនាយកាលបើប្រើទាសៈ “កម្មករ” ឲ្យធ្វើការណាមួយគប្បីប្រមើលមើលសមត្ថភាពគ្នាសិនបើទាសៈនោះមានប្រាជ្ញាស្មារតីមានកម្លាំងមាំមួនល្មមទទួលការងារចង្អៀត ការងារធ្ងន់ៗទៅបានទើបចាត់ចែងឲ្យធ្វើតាមសមគួរនៃសមត្ថភាព, ព្រោះបុព្វបុរសបានរំឭកយើងថាៈ “មើលមាត់សឹមឲ្យស្លា មើលស្មាសឹមឲ្យអម្រែក” ។ មែន! កុំអាងតែចៅហ្វាយនាយហើយចេះតែប្រើទៅក៏មិនកើត, រីឯកិច្ចការនោះក៏មិនអាចសម្រេចផលល្អបានដែរ ។
ទី២៖ ឲ្យភោជនាហារ និងថ្លៃឈ្នួល និងរង្វាន់ដោយត្រឹមត្រូវដល់អ្នកបម្រើ ។ ចៅហ្វាយនាយគប្បីទំនុកបំរុងខាងភោជនាហារ សម្រាប់កម្មករបរិភោគឲ្យបានគ្រប់គ្រាន់ តាមពេលវេលាមិនឲ្យខ្វះខាត ។
ប្រើបាវមើលចិត្តវា កុំពុះពារឥតប្រណី
សត្វបម្រើសោតខ្មី ត្រូវមេត្រីឲ្យស្មៅទឹក។
មនុស្សឥឡូវដូច្នោះដែរ គួរណាស់តែចៅហ្វាយនឹក
បើឲ្យរង្វាន់ញឹក នោះគ្នានឹកអរពេកក្រៃ។
មានកម្លាំធ្វើការ ហត់យ៉ាងណាមិនថាអី
ប្រឹងប្រែងធ្វើអស់ដៃ គ្មានដេកថ្ងៃធ្វើម៉ត់ចត់។
បើចៅហ្វាយគ្នាយោគយល់ មុខជាបបួលគ្នាថាស្បថ
ទោះការនោះមិនសូវហត់ ក្រោយថាស្បថលែងដាក់ដឺម៉ង់ ។
ទី៣៖ ព្យាបាលក្នុងវេលាមានជម្ងឺ, កាលបើកម្មករមានជម្ងឺតម្កាត់កើតឡើង ចៅហ្វាយត្រូវប្រញាប់ប្រញាល់ទិញថ្នាំព្យាបាលរោគ ថែទាំរក្សាជម្ងឺកម្មករឲ្យទាល់តែជាសះស្បើយ ។
ទី៤៖ចែកភោជនាហារដែលមានឱជារសប្លែកៗឲ្យបរិភោគ ភោជនាហារគាប់ប្រសើរប្លែកៗ ជួនមានម្ដងម្កាល ចៅហ្វាយនាយគួរតែចែករំលែកដល់កម្មករឲ្យបានបរិភោគខ្លះៗផងវត្ថុទាំងនេះ ទុកជាទិព្វមន្តពិសេសសម្រាប់លើកកម្លាំងចិត្តកម្មករ ឲ្យស្រលាញ់ការងាររបស់យើង ។
ទី៥៖ បើកឲ្យសប្បាយក្នុងការគួរ ដូចជាមានពិធីបុណ្យអ្វីមួយ មានល្បែងមហោស្រព ឬ ក្នុងពេលបុណ្យចូលឆ្នាំជាដើម ចៅហ្វាយនាយត្រូវបើកឱកាសឲ្យកម្មករបានទៅលេងសប្បាយនឹងគេ និងបើករង្វាន់ប្រាក់កាសសម្រាប់ចាយវាយក្រៅខ្លះផង ចេះសម្ដែងទឹកចិត្តរីករាយចំពោះកម្មករឲ្យគ្នាសប្បាយចិត្ត មិនធុញទ្រាន់នឹងយើងជាចៅហ្វាយនាយ ។
បើចង់ឲ្យគេស្រលាញ់យើង យើងសម្ដែងទឹកមុខរីករាយ គេមិនសប្បាយចិត្តនឹងយើងពាក់មុខយក្ខដាក់គេទេ ។
៣.៨ តួនាទីទាសកម្មករឬអ្នកបម្រើការ៥យ៉ាង
ទាសកម្មករត្រូវប្រតិបត្តិនាទីរបស់ខ្លួនមាន ៥យ៉ាងគឺៈ
ទី១៖ ក្រោកឡើងធ្វើការមុនចៅហ្វាយនាយ កិច្ចការដែលចៅហ្វាយនាយដែលចាត់ចែងឲ្យធ្វើនោះ ត្រូវស្ទុះស្ទារប្រញាប់ប្រញាល់ធ្វើឲ្យបានមុនៗចៅហ្វាយនាយ ។
ទី២៖ លែងធ្វើការងារក្រោយចៅហ្វាយនាយ កិច្ចការរបស់ចៅហ្វាយនាយ ត្រូវធ្វើឲ្យដល់ទីបំផុតដល់ពេលវេលា មិនត្រូវឈប់ក្នុងពេលវេលា ចាំចៅហ្វាយនាយឈប់ចាំឈប់តាមជាដំណឹង ។
ទី៣៖កាន់យកតែរបស់ណាដែលចៅហ្វាយនាយឲ្យប៉ុណ្ណោះ, ត្រូវមានសច្ចៈទៀងត្រង់និងចៅហ្វាយនាយរបស់ខ្លួន មិនត្រូវមានចិត្តគំនិតប្រព្រឹត្តលួចលាក់របស់ចៅហ្វាយ
នាយឡើយ។
ទី៤៖ ធ្វើការងារដោយយកចិត្តទុកដាក់ ពោលគឺធ្វើការងារឲ្យបានល្អ ។ ការងារណាដែលចៅហ្វាយនាយបញ្ជាឲ្យធ្វើ ត្រូវមានឆន្ទៈខំប្រឹងប្រែងធ្វើមិនធុញទ្រាន់មិនខ្ជីខ្ជារធ្វើឲ្យតែរួចពីដៃ ចេះសំអាតដូចជារបស់ខ្លួនធ្វើទាល់តែបានសម្រេចជាបំផុត ។
ទី៥៖នាំកិត្តិគុណចៅហ្វាយនាយទៅពោលសរសើរក្នុងទីដទៃ, កិត្តិគុណ គឺគុណសម្បត្តិ ចរិយាសម្បត្តិ សុភាពស្លូតបូតទៀងត្រង់ ឬ គុណសម្បត្តិដែលល្បីខ្ទរខ្ទាយ, ទាសកម្មករគប្បីនាំគុណវិសេសនេះទៅពោលប្រាប់ជនដទៃ សរសើរថាចៅហ្វាយរបស់ខ្លួនមានអធ្យាស្រ័យល្អយ៉ាងនេះមួយយ៉ាងនោះមួយ ពោលពាក្យសម្ដីផ្អែមល្ហែមទៅកាន់ជនតូចតាចមិនរើសមុខ មិនដែលប្រមាថមើលងាយជាដើមដល់ជនដទៃ ដើម្បីលើកកិត្តិគុណរបស់ចៅហ្វាយនាយ ។
បណ្ដាលកិច្ចទាំងឡាយសម្រាប់សង្គមគ្រួសារ គឺមាតាបិតាសង្រ្គោះដល់បុត្រធីតាៗតបស្នងសងគុណមាតាបិតា, ស្វាមីសង្រ្គោះដល់ភរិយាៗចេះប្រតិបត្តិស្វាមី, គ្រូសង្រ្គោះដល់សិស្សៗចេះគោរពប្រតិបត្តិចំពោះគ្រូ, ចៅហ្វាយនាយសង្រ្គោះដល់ទាសកម្មករ ទាសកម្មករប្រតិបត្តិចំពោះចៅហ្វាយនាយ តាមកិច្ចដែលត្រូវសង្រ្គោះគ្នាទៅវិញទៅមក ដូចបានពោលមកហើយនោះក្នុងសង្គមគ្រួសារនោះៗ តែងបានជួបប្រទះនូវសេចក្ដីសុខ ចម្រើនសប្បាយរីករាយ ដែលមិនអាចនឹងមានឧបសគ្គណាមួយមកធ្វើឲ្យសង្គមនេះប្រេះឆាឬអន្តរាយដោយវិធីណាបាន (២០)។
៣.៩ តួនាទីមិត្តល្អ៥យ៉ាង
ទី១៖ ឲ្យដែលអ្វីដែលគួរឲ្យដល់មិត្តសម្លាញ់ ។មិត្តល្អគប្បីសិក្សាថា អាត្មាអញត្រូវធ្វើទានគឺអ្វីដែលគួរធ្វើ ឲ្យដល់មិត្តសម្លាញ់។ បុគ្គល ដែលបានលះបង់នូវទ្រព្យសម្បត្តិទំនុកបម្រុងអ្នកដទៃ ហ៊ានបែងចែកសេចក្តីសុខសប្បាយផ្លូវ កាយដល់អ្នកដទៃបាន រមែងទទួលបាននូវការលើកតម្កើង និងការរាប់អានពីបុគ្គលទូទៅច្រើនប៉ុណ្ណា បុគ្គលដែលបានបង្ករសេចក្តីទុក្ខលំបាកដល់អ្នកដទៃដើម្បីប្រយោជន៍សុខខ្លួនឯងក៏រមែងទទួលបានការតិះដៀល និងការរង្កៀសចិត្តអំពីអ្នកដទៃទូទៅច្រើនប៉ុណ្ណោះដូចគ្នាដែរ។
ចំពោះសត្វលោក ពិតមែនតែមិនអាចជ្រើសរើសកំណើតឲ្យខ្លួនឯងបាន ប៉ុន្តែបានកើត ជាមនុស្សហើយ យើងអាចជ្រើសរើសផ្លូវដើរដោយខ្លួនឯងបាន គឺគេចចៀសវាងឲ្យផុតពីផ្លូវ មានបន្លា ផ្លូវចោរ ផ្លូវសត្វសាហាវ ពោលគឺផ្លូវអកុសល បែរមករកផ្លូវកុសលជាផ្លូវស្អាត ផ្លូវគ្មាន ភ័យអំពីអ្វីៗ ជាផ្លូវនាំឲ្យបានដល់ទីបំផុតទុក្ខ។ ការធ្វើទានគឺជាផ្លូវសង្គ្រោះមួយដ៏ប្រសើរក្រៃ លែងជាស្បៀងក្នុងការដើរផ្លូវឆ្ងាយ។
ទី២៖ មិត្តល្អគប្បីសិក្សាថា អាត្មាអញគប្បីនិយាយពិរោះ មិនទ្រគោះគម្រោះគម្រើយទៅរកមិត្តសម្លាញ់ខ្លួនឡើយ។ សេចក្តីចម្រើនយ៉ាងពិតប្រាកដនៅក្នុងជីវិតមនុស្សយើង គឺសេចក្តីចម្រើនផ្នែកកុសលធម៌ អ្នកចម្រើនដោយគុណធម៌ ឈ្មោះថាជាអ្នកទំនុកបម្រុងព្រះពុទ្ធ សាសនាធ្វើឲ្យចម្រើនលូតលាស់ក្នុងសន្តានចិត្តរបស់ខ្លួន។
សេចក្តីចម្រើននៃព្រះពុទ្ធសាសនាពិតប្រាកដ គឺសេចក្តីចម្រើនផ្លូវចិត្តនៃពុទ្ធបរិស័ទ ហ្នឹងឯង ចិត្តរបស់ពុទ្ធបរិស័ទនឹងចម្រើនរុងរឿងនោះ ក៏អាស្រ័យនិងព្រះធម៌ក្នុងសាសនាជា គ្រឿងចិញ្ចឹមបីបាច់រក្សាជានិច្ចកាល ដូចទារកតូចអាស្រ័យនឹងទឹកដោះម្តាយដែរ គឺថាបើយើងយកសីលធម៌ព្រះពុទ្ធសាសនាមកធ្វើជាអាហារ ជគ្រឿងបីបាច់រក្សាខ្លួន ចិត្តរបស់មនុស្សក៏នឹង ចម្រើនដោយសេចក្តីស្អាត ចម្រើនដោយពន្លឺភ្លឺស្វាង និងចម្រើនដោយសេចក្តីស្ងប់។ វាចាដ៏ពិរោះគួរដល់សង្គ្រោះចិត្ត គឺជាវាចាររបស់អ្នកដែលមានចិត្តស្អាត ចិត្តភ្លឺស្វាង ចិត្តស្ងប់។
ទី៣៖ មិត្តល្អគប្បីសិក្សាថា អាត្មាអញត្រូវធ្វើប្រយោជន៍ដល់មិត្ត។ ការមិនបៀតបៀនគ្នា គឺជាការមិនបៀតបៀនទាំងខ្លួនឯង ទាំងអ្នកដទៃជាហេតុនៃសេចក្តីសុខ ចំណែកការបៀតបៀនគ្នាជាហេតុនៃការភ័យខ្លាច មិនស្ងប់ក្នុងជីវិត ព្រោះអាស្រ័យនូវបុគ្គលអ្នកប្រថ្នាឲ្យការរស់នៅមានសេចក្តីប្រសើរ ត្រូវកុំធ្វើអំពើបៀតបៀនផ្សេងៗ កុំព្យាបាទ ហើយត្រូវរក្សាខ្លួនដោយស្មារតី ត្រេកអរក្នុងសេចក្តីមិនប្រមាថ។
ការបៀតបៀនខ្លួនឯងដោយការប្រព្រឹត្តអំពើអបាយមុខដូចជាការលេងស្រី បរិភោគទឹកស្រវឹង ប្រព្រឹត្តល្បែងស៊ីសង និងខ្ជិលជាដើម ទោះមិនបានបៀតបៀនអ្នកដទៃដោយផ្ទាល់ក៏ដោយ តែវាបានបៀតបៀនដោយផ្ទាល់ឬដោយប្រយោល ដូចជាការធ្វើឲ្យទន់ខ្សោយស្មារតី សង្គមមិនចម្រើនលូតលាស់ បញ្ចុះតម្លៃវង្សត្រកូលក្រុមគ្រួសាររបស់ខ្លួន មានវិវាទញឹកញាប់ រវាងប្តីប្រពន្ធជាដើម ស្រែកឡូឡារំខានអ្នកជិតខាងព្រោះហេតុដូច្នេះ ដើម្បីឲ្យបានជាមនុស្ស ល្អ មិត្តល្អត្រូវប្រព្រឹត្តអំពើជាប្រយោជន៍ផ្ទុយអំពីការបៀតបៀននេះ គឺជា
មង្គលដ៏ឧត្តម។
ទី៤៖ មិត្តល្អគប្បីសិក្សាថា អាត្មាអញត្រូវសង្គ្រោះមិត្តសម្លាញ់ដោយមិនលើកតម្កើងខ្លួន គឺត្រូវ ធ្វើជាមនុស្សប្រកបដោយចរិយាមារយាទថ្លៃថ្នូរ។ ជីវិតសព្វថ្ងៃមានសេចក្កីដឹងខ្លួន ដឹងអារម្មណ៍ ដឹងរឿងគឺជានាទីនៃសភាវធម៌ពិតម្យ៉ាង បានដល់វិថីចិត្តដែលប្រព្រឹត្តតគ្នាមិនដាច់ ពាក្យថា ប្រព្រឹត្តតគ្នាមិនដាច់ គឺជាវិថីចិត្តតាមទ្វារណាមួយ ក្នុងទ្វារ៦កើតឡើងហើយរលត់ក្នុងវិថីចិត្ត ក្នុងទ្វាដទៃកើតឡើងជាថ្មីបន្តអំពីវិថីចិត្តមុនមានការកើតរលត់បន្តគ្នារហូត។ ពុទ្ធបរិស័ទត្រូវ ដឹងថាអ្វីជាជីវិត អ្វីជាការកើតរស់ជីវិតមិនទៀងយ៉ាងណា លោកបែកធ្លាយយ៉ាងម៉េចទើបរំលត់ ឬកាត់បន្ថយនៃការប្រកាន់នៃមិត្តសម្លាញ់ព្រោះជាអ្នកមិនប្រកាន់ខ្លួន។
ទី៥៖ មិត្តល្អគប្បីសិក្សាថា អាត្មាអញមិននិយាយបោកបញ្ឆោត ដោយការនិយាយ
កុហក់ ឲ្យ ខុសអំពីសេចក្តីពិតដល់មិត្តសម្លាញ់ឡើយ។ វាចាមាន៣យ៉ាងគឺ វាចាលាមក១ វាចាផ្កា១ វាចា ទឹកឃ្មុំ១។ វាចាលាមកបានដល់ការនិយាយកុហក់ វាចាផ្កាបានដល់ការមិននិយាយកុហក់ វាចាទឹកឃ្មុំបានដល់ការនិយាយពិរោះមានប្រយោជន៍។ ដូច្នេះមនុស្សល្អគប្បីសិក្សាថា អាត្មា អញមិនគួរពោលពាក្យកុហក់ឡើយ។ មនុស្សនិយាយកុហក់ ជាអ្នកខ្វះគុណធម៌ ជាបុថុជ្ជនអន់ ។ ឈើអណ្តែតទឹកប្រសើរជាងមនុស្សនិយាយកុហក់ ប្រសើរជាងមនុស្សគ្មានគុណធម៌ទាំង ឡាយ។


No comments:

Post a Comment