តើឆព្វណ្ណរង្សីទាំង ៦ ពណ៌ - Business Buddhism

Website

តើឆព្វណ្ណរង្សីទាំង ៦ ពណ៌

ចែករំលែកចំណេះដឹង

តើឆព្វណ្ណរង្សីទាំង ៦ ពណ៌នៅក្រោយព្រះកេសព្រះពុទ្ធអង្គមានអត្ថន័យអ្វីខ្លះ?ចុចអានខាងក្រោម 

ខាងក្រោយ​ព្រះកេស​ព្រះពុទ្ធ​ព្រះអង្គ​ គឺ​មាន​ឆព្វណ្ណរង្សី​ទាំង​ ៦ ពណ៌​បញ្ចេញ​រស្មី​យ៉ាង​ចិញ្ចែងចិញ្ចាច ហើយ​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​ជា​ពុទ្ធសាសនិកជន​មួយ​ចំនួន​ក៏​បាន​ដឹង​អំពី​អត្ថន័យ​ឆព្វណ្ណរង្សី​ទាំង​ ៦​នោះ។ ​ចំណែក​ឯ​មួយ​ចំនួន​ក៏​មិន​ទាន់​បាន​ដឹង​អំពី​អត្ថន័យ ថា​តំណាង​ឱ្យ​អ្វី​ខ្លះ​នោះ​ទេ​។ ខាង​ក្រោម​នេះ​ជា​អត្ថន័យ​ នៃ​ឆព្វណ្ណរង្សី​ទាំង​ ៦ពណ៌៖

១. ​ពណ៌​ខៀវ៖ តំណាង​កាល​ព្រះពុទ្ធ​យោន​​យក​កំណើត​ជា ស្ដេច​ស្រី​ពិ​រាស្ត្រ មាន​ឥន្រ្ទ​ព្រាហ្មណ៍​មក​សុំ​ព្រះនេត្រ​ទាំង​គូ​របស់​ព្រះអង្គ​។ ទ្រង់​បាន​ខ្វេះ​ឆ្កៀល​ភ្នែក​ទាំង​គូ​នោះ ដាក់​ជា​ទាន​ដល់​ឥន្រ្ទ​ព្រាហ្មណ៍​។

២. ​ពណ៌​លឿង៖ តំណាង​កាល​ព្រះអង្គ​យោន​យក​កំណើត​ជា​វៃ​បណ្ឌិត មាន​ព្រះ​ឥន្រ្ទ​និមិត្ត​ធ្វើ​ជា​ជាង​ទង​មក​សុំ​សាច់​ព្រះអង្គ​ ដើម្បី​បិទ​បំពេញ​ពុទ្ធដិមាករ​ ដែល​ខ្វះ​ខាត​។ វៃ​បណ្ឌិត​បាន​កាត់​សាច់​របស់​ខ្លួន ឱ្យ​ជាង​ទង​នោះ​យក​ទៅ​ឆ្នៃ​ប្រើ​តាម​បំណង​។

៣. ​ពណ៌​ក្រហម៖ តំណាង​កាល​ព្រះអង្គ​យោន​យក​កំណើត​ជា​មាណព​ឈ្មោះ​បទុម​កុមារ មាន​មាតា​ត្រូវ​ពស់​ចិក​ជិត​មរណា ហើយ​គ្រូពេទ្យ​ប្រាប់​ថា មាន​តែ​ឈាម​ចេញ​ពី​បេះដូង​មនុស្ស​មួយ​មុខ​គត់​ ដែល​អាច​ព្យាបាល​ជំងឺ​បែប​នេះ​បាន​។ បទុម​កុមារ​សុខ​ចិត្ត​បូជា​បេះ​ដូង​របស់​ខ្លួន ដើម្បី​បិទ​ពិស​ពស់​ខាំ​មាតា ឱ្យ​មាន​ជីវិត​រស់​ឡើង​វិញ​។

៤. ពណ៌ស​៖ តំណាង​កាល​ព្រះអង្គ​យោន​យក​កំណើត​ជា ព្រះវេស្សន្ដរ​ ហើយ​បាន​ឱ្យ​ដំរី​ស (បច្ច័យ​នាគ) ជា​ទាន​ដល់​ព្រាហ្មណ៍​។

៥. ​ពណ៌​ហង្សបាទ៖ តំណាង​កាល​ព្រះ​អង្គ​យោន​យក​កំណើត​ជា វិជ្ជាធរ មាន​យក្ស​មាតា​យក​ទៅ។ វិជ្ជាធរ ក៏​អារ​សាច់​របស់​ខ្លួន​ឱ្យ​យក្ស​ស៊ី ដើម្បី​លោះ​យក​មាតា​មកវិញ​។

៦. ​ពណ៌​ឥន្ទនូ (​ពណ៌​ផ្លេក ឬ​ចម្រុះ)៖ តំណាង​កាល​ព្រះអង្គ​យោន​យក​កំណើត​ជា​សត្វ​ទន្សាយ មាន​ឥន្រ្ទ​ព្រាហ្មណ៍​មក​សុំ​សាច់​ជា​អាហារ។ ទន្សាយ​ពោធិសត្វ​ ឱ្យ​សាច់​ជា​ទាន់​ដល់​ឥន្រ្ទ​ព្រាហ្មណ៍​ ដោយ​លោត​ចូល​ទៅ​ក្នុង​ភ្នក់​ភ្លើង​៕​​​​​ ​​​​

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

ប្រភព៖ ប្រជុំទំនៀមទម្លាប់ខ្មែរ


 


No comments:

Post a Comment