សេចក្ដីសុខ​របស់​គ្រហស្ថ​ ៤​ យ៉ាង - Business Buddhism

Website

សេចក្ដីសុខ​របស់​គ្រហស្ថ​ ៤​ យ៉ាង

ចែករំលែកចំណេះដឹង

 

សេចក្ដីសុខ​របស់​គ្រហស្ថ​ ៤​ យ៉ាង

សេចក្ដី​សុខ​របស់​យើង​អ្នក​គ្រប់​គ្រង​ផ្ទះ​មាន ៤ ប្រការ​ដែល ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង ហើយ​យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​គឺ៖

១- អត្ថិសុខ សុខ​កើត​អំពី​ការ​មានទ្រព្យ​
២- ភោគ​សុខ សុខ​ចេះ​ប្រើ​ប្រាស់​ចាយ​វាយ​ទ្រព្យ
៣- អនណសុខ សុខ​មិន​ជំពាក់​បំណុល​គេ
៤- អនវជ្ជសុខ សុខ​ការងារ​ប្រាស​ចាក​ទោស។

នេះ​ជា​សេចក្ដី​សុខ​ ៤ ប្រការ សម្រាប់​យើង​ជា​គ្រហស្ថ​ដែល​ព្រះសម្ពុទ្ធ​ទ្រង់​ជា​សព្វញ្ញូ ទ្រង់​ជ្រាប​ច្បាស់​នូវ​សច្ចធម៌​ប្រកាស​សម្ដែង​ជា​ប្រយោជន៍​ដល់​យើង មាន​អធិប្បាយ​ថា៖

អត្ថិសុខ បាន​សេចក្ដី​ថា យើង​ជា​អ្នក​នៅ​គ្រប់​គ្រង​ផ្ទះ ការ​មាន​ទ្រព្យ​ចាត់​ជា​សេចក្ដី​សុខ​មួយ​យ៉ាង​សំខាន់ ដែល​មនុស្ស​គ្រប់​រូប​ប្រាថ្នា​ចង់​បាន​ គ្រប់​ពេល​វេលា បើ​មិន​មាន​ទ្រព្យ​ហើយ សេចក្ដី​សុខ​ក៏​គ្មាន​ដែរ តែ​ក៏​គប្បី​យល់​ដែរ​ថា​ការ​បាន​ទ្រព្យ​នោះ​មិន​មែន​បាន​មក​ដោយ​ងាយៗ​ឬ ដោយ​លួច​ ឆក់​ ប្លន់ ដណ្ដើម កេងប្រវ័ញ្ច​គេ​នោះ​ទេ ត្រូវ​តែ​ព្យាយាម​ពោល​គឺ​ខ្នះ​ខ្នែង​ដោយ​កម្លាំង​ដៃ មាន​ញើស​ហូរ​ចេញ​គួប​ផ្សំ​នឹង​បញ្ញា​របស់​យើង ដែល​បាន​សិក្សារ​មក​ហើយ​រហូត​មាន​ជំនាញ​ក្នុង​ការ​ងារ​រកស៊ី​គ្រប់​មុខ ឬ​ មុខ​របរ​ណា​មួយ​ដែល​មាន​សមត្ថភាព​យើង​អាច​ធ្វើ​បាន ហើយ​ទ្រព្យ​នោះ​ឯង យើង​តែង​បាន​មក​ដោយ​ធម៌​សុចរិត​ទៀង​ត្រង់ ធ្វើ​ឲ្យ​យើង​មាន​សុខ​សោមនស្ស​ថា ទ្រព្យ​ទាំង​ឡាយ​ ដែល​បាន​មក​ដោយ​សេចក្ដី​ព្យាយាម​របស់​យើង ជា​ទ្រព្យ​ប្រកប​ដោយ​ធម៌ បាន​មក​ដោយ​ធម៌ របស់​អាត្មាអញ មិន​មែន​បាន​មក​ដោយ​ទុច្ចរិត​នោះ​ទេ នេះ​ហៅ​ថា អត្ថិសុខ។

ភោគសុខ មាន​ន័យ​ថា ខុស​កើត​ពី​ការ​ចេះ​ប្រើ​ប្រាស់​ចាយ​វាយ​ទ្រព្យ ដែល​ខ្លួន​រក​បាន​មក​នោះ ត្រូវ​បែង​ចែក​ទៅ​ក្នុង​ផ្លូវ​ជា​កុសល​ដូច​ចិញ្ចឹម​មាតា​បិតា បុត្រភរិយា ទាសា​ទាសី កម្មករ​ដែល​រួម​រស់​ក្នុង​បន្ទុក​របស់​ខ្លួន​ឲ្យ​មាន​សេចក្ដី​សុខ​ព្រោះ​អាស្រ័យ​ទ្រព្យ​ដែល​ខ្លួន​មាន​នោះ។ ម្យ៉ាង​ទៀត ចេះ​ចែករំលែក​ឲ្យ​ទាន​ដល់​បុព្វជិត​អ្នក​បួស និង​អ្នក​កំសត់​ទុគ៌ត ហៅ​ថា​ធ្វើ​បុណ្យ។ ត្រូវ​ចៀស​វាង​យ៉ាង​ដាច់​ខាត នូវ​ការ​ប្រើ​ប្រាស់​ទ្រព្យ​ក្នុង​ផ្លូវ​ខុស គឺ ចំណាយ​ទៅ​លើ​ស្រី ស្រា ល្បែង ជាអំពើ​អបាយ​មុខ នាំ​ឲ្យ​វិនាស​ទ្រព្យ​សម្បត្តិ។

អនណសុខ មាន​សេចក្ដីថា សុខ​កើត​ពី​ការ​មិន​ជាប់​ជំពាក់​បំណុល​គេ​ធម្មតា​អ្នក​ជាប់​ជំពាក់​បំណុល​គេ ទោះ​តិច​ក្ដី​ច្រើន​ក្ដី​តែង​មាន​សេចក្ដី​ទុក្ខ​ព្រួយ​ភ័យ​ខ្លាច​ក្នុង​ចិត្ត​ជា​និច្ច ក្រែង​ម្ចាស់​បំណុល​គេ​មក​តឿន​ទារ។ ឯ​អ្នក​មិន​ជាប់​បំណុល​គេ​នេះ តែង​មាន​សេចក្ដី​សុខ​សោមនស្ស​ដូច្នេះ​ថា អាត្មា​អញ​មិន​ជំពាក់​បំណុល​ ទោះ​តិច​ក្ដី​ ច្រើន​ក្ដី របស់​បុគ្គល​ណា​មួយ​ឡើយ នេះ​ហៅ​ថា អនណសុខ។

អនវជ្ជសុខ មាន​ន័យ​ថា សុខ​កើត​ពី​ការងារ​ប្រាស​ចាក​ទោស រាល់​ការងារ​ដែល​យើង​ប្រកប​ក្នុង​ការ​រកស៊ី​ចិញ្ចឹម​ជីវិត​សព្វ​ថ្ងៃ មាន​ការងារ​ខ្លះ​អាច​ផ្ដល់​ទោស​កំហុស​ដល់​អ្នក​ធ្វើ​ដូច​ជា​ត្រូវ​ចូល​គុក ជាប់​ច្រវាក់ និង​ត្រូវ​គេ​ដាក់​ទោស​ទណ្ឌកម្ម​ផ្សេងៗ ផល​ទាំង​អស់​នេះ​បណ្ដាល​មក​ពី​ការងារ​មិន​សុចរិត។ បុគ្គល​អ្នក​ប្រាថ្នា​សេចក្ដី​សុខ ត្រូវ​វៀរចាក​ ការ​សម្លាប់ ការលួច​ ឆក់ ប្លន់ ការ​ប្រព្រឹត្តិ​ខុស​ក្នុង​កាម​និយាយ​ពាក្យ​កុហក ផឹក​ទឹក​ស្រវឹង ហើយ​បែរ​មក​ប្រកប​ធម៌​ល្អ​មាន​ការ​ស្រលាញ់​ចំពោះ​មនុស្ស​និង​សត្វ​ទូទៅ រកស៊ី​ក្នុង​ផ្លូវ​សុចរិត ត្រេកអរ​តែ​នឹង​ភរិយា​របស់​ខ្លួន មាន​ភាព​ស្មោះ​ត្រង់​ចំពោះ​គ្នា​នឹង​គ្នា​ចម្រើន​សតិ​វៀរ​ចាក​គ្រឿង​ស្រវឹង និង​ការងារ​ឲ្យ​ស្អាត​ដោយ​កាយ ដោយវាចា និង​ដោយ​ចិត្ត ការ​ពិចារណាឃើញ​អំពើ​ដែល​ខ្លួន​ធ្វើ​សុទ្ធ​តែ​ល្អ ដូច្នេះ​ក៏​រមែង​ត្រេកអរ​រីក​រាយ​អ្នក​ដទៃ​ក៏​រាប់​អាន​ស្រលាញ់​ចូលចិត្ត​សេចក្ដី​សុខ​សោមនស្ស​ក៏​កើត​ឡើង​ព្រោះ​ការងារ​មិន​មាន​ទោស​យ៉ាង​នេះ។ យើង​ជា​អ្នកស្រលាញ់​កិត្តិយស​កេរ្តិ៍ឈ្មោះ យើង​ត្រូវ​តែ​ជា​អ្នក​មាន​កាយកម្ម​សុចរិត វចីកម្មសុចរិត មនោកម្មសុចរិត។ នៅ​ក្នុង​អដ្ឋកថា​មនោរថបូរណី អដ្ឋកថា​ចារ្យ​សម្ដែង​ថា សុខ​បី​ខាង​ដើម​មិន បាន​ចម្រៀក​ទី​១៦ នៃ​សុខ ដែល​កើត​អំពី​ការងារ​ប្រាស​ចាក​ទោស​ឡើយ។

ព្រោះ​ហេតុ​នោះ សូម្បី​តែ​យើង​មិន​មាន​ទ្រព្យ​សម្បត្តិ​ជា​សុខ​ក៏​ដោយ ក៏​យើង​មិន​ត្រូវ​ទៅ​ធ្វើ​អំពើ​លាមក​មាន​លួច​ប្លន់​ជាដើម​ឡើយ យើង​ត្រូវ​គិត​ឃើញ​ថា ទ្រព្យ​ដែល​មាន​វា​កើត​មក​អំពី​បុណ្យ បើ​យើង​ខ្វះ​បុណ្យ​ហើយ តើ​ទ្រព្យ​សម្បត្តិ​បាន​អំពី​ទីណា។

ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌
ដោយ​៥០០០​ឆ្នាំ

No comments:

Post a Comment