​អារីស្តូត និងទស្សនវិជ្ជា (​៣៨៤-៣២២ មុន គ.ស.) - Business Buddhism

Website

​អារីស្តូត និងទស្សនវិជ្ជា (​៣៨៤-៣២២ មុន គ.ស.)

ចែករំលែកចំណេះដឹង

អារីស្តូត (Aristotle) ជាទស្សនវិទូក្រិច ​(៣៨៤-៣២២) ​មុនគ្រឹះសករាជ​។​ ចំពោះទស្សនវិជ្ជា​ លោកក៏បានចាប់អារម្មណ៍ផងដែរទៅលើបញ្ហានយោបាយ​។ ​លោកបានពោលថា​ “វិទ្យាសាស្រ្តនយោបាយ​ គឺជាកិច្ចការរបស់រដ្ឋ​ ឬសង្គម​។” ​តាមគំនិតរបស់អារីស្តូត ​រដ្ឋ​គឺជាសង្គម​ ​ហើយរដ្ឋកើតឡើង​ដោយសារតែពលរដ្ឋរួមផ្តុំគ្នាជាច្រើន។

អារីស្តូត​បាន​បន្សល់ទុក​នូវ​ស្នាដៃ​ជា​សំណេរ​រហូតដល់​ទៅ​ប្រមាណ​ជា ២០០ ហើយ​ស្នាដៃ​អស់ទាំងនេះ​ត្រូវ​បាន​រក្សា​ទុក​នៅ​​ក្នុង​បណ្ណាល័យ​នៃ​សាលារៀន​របស់​អារីស្តូត ដែលត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​បណ្ណាល័យ​ដ៏ធំ​ជាងគេ​បង្អស់​នៅលើ​ពិភពលោក នៅ​ក្នុង​សម័យកាល​នោះ។ នៅ​ក្នុង​ចំណោម​ស្នាដៃ​របស់​អារីស្តូត​ទាំង ២០០​នេះ មាន​តែ​ប្រមាណ​ជា ៣១​ប៉ុណ្ណោះ ដែល​សេសសល់​មក​ទល់​នឹង​សម័យកាល​បច្ចុប្បន្ន ហើយ​ក្នុង​ចំណោម​នោះ ​ភាគច្រើនលើសលុប គឺ​ជា​កំណត់ត្រា​ផ្ទាល់​ខ្លួន ដែល​អារីស្តូត​តាក់តែងឡើង​ សម្រាប់​ការ​បង្រៀន​​នៅ​សាលា ជាជាង​ជា​សៀវភៅ ឬ​ឯកសារ សម្រាប់​ផ្សព្វផ្សាយ​ជា​សាធារណៈ។

អារីស្តូត​​​បាន​ធ្វើការ​បែងចែក​ចំណេះដឹង​ទៅតាម​ផ្នែក​ផ្សេងៗ​គ្នា រួមមាន ចំណេះដឹង​ខាង​ផ្នែក​សីលធម៌, នយោបាយ, គណិតវិទ្យា, ជីវវិទ្យា ។ល។ និង​។ល។ ហើយទ្រឹស្តី​របស់​អារីស្តូត​​ក៏​មាន​លក្ខណៈទូលំទូលាយ​​គ្របដណ្តប់​ទៅលើ​ស្ទើរតែ​គ្រប់ផ្នែក​ផងដែរ ចាប់តាំង​ពី​ទស្សនវិជ្ជា​នយោបាយ សីលធម៌ សិល្បៈ​និង​កំណាព្យ រហូតដល់​ខាង​ផ្នែកវេជ្ជសាស្រ្ត ជីវវិទ្យា តក្កវិទ្យា និង​វិទ្យាសាស្រ្ត​ទូទៅ គឺ​គណិតវិទ្យា និង​រូបវិទ្យា។

ទាក់ទង​នឹង​ទស្សនវិជ្ជា​នយោបាយ គេ​អាច​រកឃើញ​នូវ​គោលគំនិត​សំខាន់ៗ​របស់​អារីស្តូត នៅ​ក្នុង​សៀវភៅ ដែល​មាន​ចំណងជើង​​ថា “នយោបាយ” (ឬ​ជា​ភាសាបារាំង La Politique ឬជាភាសាអង់គ្លេស Politics)​។ ជាទូទៅ គេ​សង្កេតឃើញ​​មាន​សម្តី​មួយឃ្លា​របស់​អារីស្តូត ដែល​មាន​នៅ​ក្នុង​សៀវភៅ​នេះ ហើយ​ដែល​​ត្រូវ​បាន​គេ​លើក​យក​មក​និយាយ​ញឹកញាប់​ជាងគេ​រហូតមកទល់​នឹង​ពេល​បច្ចុប្បន្ន​ គឺ​ឃ្លា​ជា​ភាសាបារាំងថា “L’homme est un animal politique” ឬជាភាសាអង់គ្លេស “Man is a political animal” ដែល​មានន័យ​​ជារួម​ថា ធម្មជាតិ​របស់​មនុស្ស​គឺ​​ត្រូវ​ផ្សាភ្ជាប់​ដោយ​មិន​អាច​កាត់ផ្តាច់បាន​ពី​​​នយោបាយ ហើយ​ “នយោបាយ” ​នៅ​ត្រង់កន្លែងនេះ គឺ​សម្តៅលើ​​នយោបាយ​ក្នុង​ន័យ​ទូលាយ ពោលគឺសំដៅទៅលើ​ជីវិត​ជា​សហគមន៍​ ឬ​រដ្ឋ។

តាមគំនិតរបស់អារីស្តូត បង្ហាញថា​ “មនុស្សលោក​ គឺជាសត្វចេះធ្វើនយោបាយពីធម្មជាតិមក​ដែលជាលក្ខណៈវិសេសរបស់មនុស្ស​ មានលក្ខណៈវិសេសមួយទៀត ​គឺមនុស្សព្យាយាមរស់នៅក្នុងសង្គមរួមទាំងអស់គ្នា ​ពោលគឺរស់នៅក្នុងរដ្ឋតែមួយ។” តាមទស្សនៈរបស់អារីស្តូតបង្ហាញថា​ “រដ្ឋ​កកើតឡើងដោយសារតែហេតុផលចាំបាច់មួយ ​គឺធ្វើយ៉ាងណា​ឲ្យជីវិតរស់នៅរបស់ពលរដ្ឋ មានភាពប្រសើរជាងមុន​។ ​ហើយមានតែនៅមជ្ឈមណ្ឌលខាងក្នុងរដ្ឋទេ​ ដែលបង្កលក្ខខណ្ឌល្អៗឲ្យមនុស្សរស់នៅក្នុងភាពសុខដុមរម្យនា ​និងសុភមង្គល ​ពីព្រោះភាពយុត្តិធម៌​ និងសិទ្ធិដែលបានបម្រើផលប្រយោជន៍​ឲ្យប្រជាពលរដ្ឋគ្រប់រូប​ដែលនៅក្នុងរដ្ឋប៉ុណ្ណោះ​។”

អារីស្តូត ជាសិស្សម្នាក់ក្នុងចំណោមសិស្សជាច្រើនរបស់ផ្លាតូ (Plato)។ ​ភាពខុសគ្នា​របស់អារីស្តូត​ទៅនឹងលោកគ្រូរបស់ខ្លួន​ គឺមកពីប្រភពមូលដ្ឋាននៃទស្សនវិជ្ជាផ្សេងៗ​គ្នា​ ដែលជាមូលហេតុ​ធ្វើឲ្យគំនិតនយោបាយរបស់មហាទស្សនវិទូទាំងពីរនេះ​ ក៏មិនដូចគ្នាដែរ។ ​អារីស្តូត​ បានកំណត់នូវគោលការណ៍បួនយ៉ាងដំបូងបង្អស់នៃការកកើតគំនិត​រូបធាតុ​ មូលហេតុ​ និងគោលបំណង​។ ​អារីស្តូត ​ខុសពី ផ្លាតូ ​ត្រង់គិតថា “រូបធាតុកើតមុន​ រីឯគំនិត​កើតក្រោយ​។” ​រូបធាតុ​ និងគំនិត​ មានលក្ខណៈឯកភាពគ្នា​ មិនអាចកាត់ផ្តាច់ពីគ្នាបានទេ។ ​សម្រាប់អារីស្តូត​ រូបធាតុ​ជាដំបូងមានលក្ខណៈអសកម្ម​ ចំណែកគំនិត​មានលក្ខណៈសំខាន់ជាង ​ហើយគំនិតដែលអាចកើតឡើងបាន ​ទាល់តែមានសកម្មភាពជាមួយរូបធាតុ​។​ ម្យ៉ាងទៀត​ សម្រាប់អារីស្តូត​ ខ្លឹមសារ ​និងបាតុភូតដែលបានកើតឡើង​ គឺលោកបានបង្ហាញថា​ “ខ្លឹមសារ​ កើតមានឡើងតាមរយៈរូបធាតុនិយម។”

ស្នាដៃដ៏សំខាន់របស់អារីស្តូត​ បានបង្ហាញនូវទស្សនៈទានរបស់ខ្លួនជាច្រើន​ពាក់ព័ន្ធនឹងនយោបាយ​។ ​ដូចជាផ្លាតូដែរ ​អារីស្តូត បានចាប់ផ្តើមនូវការបែងចែកលក្ខណៈ​នៃរបបនយោបាយ​ និងទម្រង់គ្រប់គ្រងរដ្ឋ​។ ការបែងចែកទម្រង់គ្រប់គ្រងរដ្ឋរបស់ផ្លាតូ​ មានលក្ខណៈខុសគ្នាខ្លះៗ​ អំពីការបែងចែកទម្រង់គ្រប់គ្រងរដ្ឋរបស់អារីស្តូត។ ​ទស្សនៈទានរបស់ផ្លាតូ បានគិតថា “​គោលការណ៍សំខាន់របស់រដ្ឋ​ គឺគុណធម៌​។” ​អារីស្តូត ​បានកំណត់នូវរចនាសម្ព័ន្ធនយោបាយ​ដែលមានសម្បទានមានបីប្រភេទ​ ដោយអាស្រ័យនឹងគុណធម៌ ​ហើយកំណត់ទម្រង់នយោបាយ​ដែលមិនមានសម្បទាន​ ៣ ប្រភេទទៀត​។ ​ប្រភេទរបបនយោបាយ​មានសម្បទាន ​តាមទស្សនៈអារីស្តូត​ គឺរបបរាជានិយម (Monarchy) ​របបអភិជនាធិបតេយ្យ​ ឬពួកវណ្ណៈខ្ពស់ (Aristocracy) និងមជ្ឈិមវិថីអធិបតេយ្យ (Polity) ។​ ហើយរបបនីមួយៗ​ នៃរបបទាំង ៣ នេះ​ សុទ្ធតែមានលក្ខណៈអវិជ្ជមានរបស់វា។​ តាមទស្សនៈអារីស្តូត​ បើរបបរាជានិយម​មិនប្រកាន់គោលការណ៍របស់ខ្លួន ​គឺក្លាយជារបបផ្តាច់ការ (Tyranny) ​ចំណែកឯរបបអភិជនាធិបតេយ្យ​ អាចកើតមានឡើងនូវរបបគណាធិបតេយ្យ (Oligarchy) រីឯ Polity វាអាចក្លាយទៅជារបបប្រជាធិបតេយ្យ (Democracy) ។​ ភាពខុសគ្នានៃរបបនយោបាយរបស់ផ្លាតូ​ និងអារីស្តូត​បានរកឃើញនូវរបបនយោបាយមួយទៀត​គឺ​ Polity ។​ Polity គឺជារបបនយោបាយមួយ​ដែលអំណាចស្ថិតនៅក្នុងដៃវណ្ណៈកណ្តាល​។​ ការកំណត់របស់អារីស្តូតនេះ​ បានចេញជារូបរាងនៅក្នុងរបបប្រជាធិបតេយ្យ (Democracy) នៃប្រទេសលោកខាងលិច​ ដែលសព្វថ្ងៃនេះ​គេអាចចាត់ទុកថា​ ជារបបប្រជាធិបតេយ្យមួយដ៏ខ្ពង់ខ្ពស់នៅក្នុងលោក ដែលប្រឹងប្រែង​ដើម្បីសេចក្តីចម្រើនលើគ្រប់វិស័យនៃសង្គមមនុស្ស (Human Society)​ ។ ការបែងចែករបបនយោបាយ​ដែលអារីស្ដូត​បានបង្ហាញនៅក្នុងស្នាដៃរបស់ខ្លួន​ ឃើញថា​ការបែងចែកនេះ ​អារីស្តូត ​បានចាប់អារម្មណ៍​ចំពោះរចនាសម្ព័ន្ធរដ្ឋ​ពីរប្រភេទ ​គឺទម្រង់រដ្ឋសម្បទាន​ និងទម្រង់រដ្ឋមិនសម្បទាន​ (សម្រាប់អារីស្តូត ​របបនយោបាយ​ និងទម្រង់គ្រប់គ្រងរដ្ឋ ​ពុំទាន់មានលក្ខណៈច្បាស់នៅឡើយទេ)​ លោកគិតថា “ទម្រង់រដ្ឋសម្បទាន ​មានលទ្ធភាពដើម្បីបង្កើតនូវគុណធម៌មួយចំនួន ​រីឯទម្រង់រដ្ឋមិនសម្បទានវិញ​មិនអាច។” អារីស្តូត​ បានកំណត់នូវរបបនយោបាយ​ និងទម្រង់គ្រប់គ្រងរដ្ឋ​ គឺស្ថិតនៅលើអំណាចពិតប្រាកដរបស់រដ្ឋ​។​ អារីស្តូត បានធ្វើការអះអាងថា “ភាពខុសគ្នារវាងរបបនយោបាយផ្សេងៗ​គ្នា​ គឺនៅត្រង់ចំនួនមេដឹកនាំរដ្ឋ​។” ​អារីស្តូត បានបង្ហាញ​នូវរបបនយោបាយ​ និងទម្រង់គ្រប់គ្រងរដ្ឋ​ ដែលស្ថិតនៅក្នុងការកំណត់​ និងការបែងចែកប្រភេទទាំងពីរផ្សេងពីគ្នា​នៃរចនាសម្ព័ន្ធរដ្ឋគំរូ​។

រដ្ឋគំរូទី១​ អារីស្តូត​ ចាប់អារម្មណ៍ទៅនឹងរដ្ឋគំរូដែលមានលក្ខណៈខុសពីគេទាំងអស់​។ ​រដ្ឋគំរូ​ បានផ្តល់ការបំពេញជូនសង្គមនូវស្ថេរភាពយូរអង្វែង​ ជាអតិមរមា​ រដ្ឋបែបនេះ​ សម្រាប់អារីស្តូត​ ជារដ្ឋគំរូនៅក្នុងការអនុវត្តនយោបាយ​។ ​អារីស្តូត បានគិតថា ‍”Polity ​ជារបបនយោបាយគំរូ​ ព្រោះនៅក្នុងរបបនេះ​ អំណាចស្ថិតនៅក្នុងការគ្រប់គ្រងដោយវណ្ណៈកណ្តាល​។” ​តាមទស្សនៈរបស់អារីស្តូត ​Polity គឺចំពោះរដ្ឋណា​ដែលដឹកនាំប្រកបដោយគតិវិញ្ញូ​ និងភាពទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន ​ហើយអំណាចស្ថិតនៅក្រោមការគ្រប់គ្រងរបស់មនុស្សភាគច្រើន​។​ ហើយទោះជាយ៉ាងណាក្តី ​ក៏ទម្រង់​ Polity នេះ​ខ្លាំងជាងប្រព័ន្ធចុងម្ខាងៗ ​​មានន័យថា​​ ចុងទាំងសងខាង ​គឺមានកម្លាំងស្មើគ្នា ​ហើយអាចរារាំងសត្រូវបាន។

រដ្ឋគំរូទី២ ​អារីស្តូត​ បានឲ្យតម្លៃដោយគិតថា​ប្រសើរបំផុតចំពោះទស្សនៈប្រកបដោយសីលធម៌ ​នៅក្នុងរបប​ដែលនៅទីនោះ ​ប្រជាពលរដ្ឋប្រឹងប្រែងដើម្បីបានទទួលនូវកិត្តិយស ​និងគុណធម៌នៅក្នុងជីវិត។​រចនាសម្ព័ន្ធរដ្ឋដែលល្អបំផុត​ គឺជាអង្គការមួយ​ដែលផ្តល់នូវលទ្ធភាព​ដល់មនុស្ស​ ដើម្បីរស់ក្នុងភាពរុងរឿង ​និងសុភមង្គល​។​ រដ្ឋគំរូ​ អារីស្តូត បានចាប់អារម្មណ៍ជាខ្លាំង​ចំពោះស្ថានភាពខាងក្រៅនៃអត្ថិភាពរបស់រដ្ឋ​ ជាបឋម គឺចំនួនប្រជាពលរដ្ឋ​ ស្ថានភាពរស់នៅ ជាមួយនឹងការឧបត្ថម្ភគ្រប់បែបយ៉ាង​ និងស្ថានភាពទឹកដី​ ដើម្បីការពារ​ និងទប់ទល់សត្រូវឈ្លានពាន​។​ តាមទស្សនៈរបស់អារីស្តូត​ ដែលបានចារនៅក្នុងរបបនយោបាយ​ បានឲ្យយើងដឹងថា ​ក្នុងចំណោមប្រជាជន​ ត្រូវបានបែងចែកចេញពួកសិប្បករ ​និងឈ្មួញ ​ព្រោះក្នុងកិច្ចការជីវិតរបស់គេ​ មិនឆ្លើយតបទៅនឹងគុណធម៌ទេ ​ដើម្បីមានតួនាទីជាពលរដ្ឋចំតួ ​គឺមានតែពួកកសិករទេ។​ ប្រជាពលរដ្ឋទាំងអស់​ ត្រូវតែចូលរួមជួយគ្នាទៅវិញទៅមកក្នុងគ្រប់សកម្មភាព ​និងគ្រប់មធ្យោបាយទាំងអស់​ ដែលជាកិច្ចការកសិកម្មក្នុងសង្គម​។ ​អារីស្តូត បានគិតថា​ “នៅក្នុងរដ្ឋគំរូ​ ត្រូវតែបែងចែកដីធ្លី​ ជាសម្បត្តិរួម​ និងជាសម្បត្តិឯកជន​។”​ ចំពោះដីរួម​ អារីស្តូត បានគិតថា ​”ត្រូវតែបែងចែកជាពីរផ្នែក​។ ​ប្រាក់ចំណូលដែលបានមកពីចំណែកមួយក្នុងចំណោមនេះ ​ត្រូវគេប្រើសម្រាប់សេចក្តីត្រូវការនៅក្នុងសាសនា​ រីឯចំណែកទីពីរ ​គឺសម្រាប់មូលនិធិសង្គម (Social​ foundation)។”​

ដូច្នេះ ភាពខុសគ្នាជាមូសដ្ឋាននៃទស្សនទាននយោបាយរបស់អារីស្តូត​ និងផ្លាតូ ស្ថិតនៅត្រង់ថា​ អារីស្តូត​មានទស្សនៈផ្ទុយនឹងលោកគ្រូរបស់ខ្លួន ​ត្រង់កន្លែងតថភាព​ និងលក្ខណៈ​ជាគំរូ ដែលបាន​កំណត់តម្លៃ​ និងទិសដៅ​ជាក្រឹតក្រមចំពោះការស្រាវជ្រាវបញ្ហានយោបាយ​។ ​រដ្ឋគំរូរបស់អារីស្តូត​ អាចកើតឡើងបាន អាស្រ័យកត្តាពីរយ៉ាង​ កត្តាទីមួយ គឺ​ស្ថេរភាព ​និងកត្តាទីពីរ ​គឺក្រមសីលធម៌​។​ ដូច្នេះ សម្រាប់អារីស្តូត​ មានរចនាសម្ព័ន្ធរដ្ឋគំរូពីរយ៉ាង។ ​ម្យ៉ាង ​គឺរដ្ឋដែលគិតគូរដល់ប្រយោជន៍រួមនៃវណ្ណៈកណ្តាលជាអតិបរមា ​ម្យ៉ាងទៀត​ គឺរចនាសម្ព័ន្ធ​ សំដៅទៅលើគោលការណ៍បុគ្គលិកភាព ​ដែលជាមនុស្សប្រកាន់ខ្ជាប់នូវគុណធម៌​ ដែលជាទិសដៅនយោបាយសង្គមដ៏សំខាន់បំផុត ​ជាពិសេស​ គឺនយោបាយទំនាក់ទំទងគ្នា​របស់ប្រជាជនដែលរស់នៅក្នុងរដ្ឋ​។​ និយាយអំពីរដ្ឋ​អារីស្តូតបានបង្ហាញថា​ “មនុស្ស​ គឺជាសត្វចេះធ្វើនយោបាយពីធម្មជាតិ​ ហើយដឹកនាំខ្លួន​ការប្រឹងប្រែងជាសភាវគតិ​ ដើម្បីរស់នៅជាមួយគ្នា ​រីឯការរីកចម្រើនសង្គម ​គឺចេញពីគ្រួសារ ទៅជាសង្គម ​និងពីសង្គមទៅជារដ្ឋ។”

បើតាមទស្សនៈរបស់អារីស្តូត​ ដែលបាននិយាយនៅក្នុងស្នាដៃនៃនយោបាយ​ គឺរដ្ឋ​បើតាមលក្ខណៈធម្មជាតិរបស់ខ្លួននាំមុខបុគ្គល​ ពីព្រោះលក្ខណៈធម្មជាតិរបស់រដ្ឋ​មានទីតាំងនៅមុនលក្ខណៈធម្មជាតិរបស់គ្រួសារ ​ និងបុគ្គល​។ ​កត្តាចាំបាច់ ដើម្បីឲ្យរដ្ឋនាំមុខបុគ្គល ​តាមអារីស្តូតថា​ “រដ្ឋត្រូវបង្កលក្ខខណ្ឌល្អប្រសើរ​សម្រាប់ជីវិតពលរដ្ឋ។ ​មានតែនៅក្នុងរដ្ឋទេ​ ទើបមនុស្សអាចមានការជឿនលឿន​ ពីព្រោះរដ្ឋ​នាំមក នូវយុត្តិធម៌ ​និងសីលធម៌​ ដែលបម្រើផលប្រយោជន៍រួម​របស់ប្រជាជន។” ​ត្រង់នេះ អារីស្តូត​ បាននិយាយអំពីរដ្ឋ ដូចជាការចុះកិច្ចព្រមព្រៀងសង្គមរបស់ប្រជាពលរដ្ឋ​ ដែលជាទស្សនទាននៃការកកើតសង្គមពលរដ្ឋ​ និងនីតិរដ្ឋ​។​ ថ្វីបើអារីស្តូត​ពុំបានបែងចែកឲ្យដាច់រវាងរដ្ឋ​ និងសង្គមពលរដ្ឋយ៉ាងណាក៏ដោយ​ ក៏អារីស្តូតបាននិយាយថា​ “រដ្ឋត្រូវតែឆ្លុះបញ្ចាំងនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋ​។” ​នៅក្នុងទ្រឹស្តីរបស់អារីស្តូត​ ក៏ដូចជានៅក្នុងទ្រឹស្តីរបស់ផ្លាតូដែរ ​មានបង្កប់នូវលក្ខណៈផ្តាច់ការនិយម​។ ​មនុស្ស​គឺជាផ្នែកមួយរបស់រដ្ឋ​ ផលប្រយោជន៍បុគ្គល​ មិនត្រូវធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍រួម​ទេ។​ នៅក្នុងការវាយតម្លៃរបស់អារីស្តូត​ ពលរដ្ឋគឺជាផ្នែកមួយនៃនយោបាយរួម​។ ​អារីស្តូតបានហៅពាក្យថា​ ពលរដ្ឋ​ គឺជាមនុស្សដែលមានសេរីភាព​ ប៉ុន្តែសេរីភាពមានអត្ថន័យត្រឹមតែពាក្យផ្ទុយនឹងទាសភាព​ប្រជាពលរដ្ឋ​ មិនមែនជាទាសករទេ​ គ្មាននរណាដឹកនាំគេទេ​។​ ពលដ្ឋ​ធ្វើការងារ តែជាយោធា​ និងការងារទាក់ទងនឹងតុលាការ ​រីឯការងារធ្វើស្រែចំការ ​និងផលិតកម្ម​ គឺជាការងារទាសករ។ ​អារីស្តូត​ បានកំណត់គោលការណ៍​របស់អភិជនាធិបតេយ្យ​ គឺគុណធម៌​។​ គោលដៅរបស់អភិជនាធិបតេយ្យ ​គឺទ្រព្យសម្បត្តិ​។​ គោលដៅរបស់ប្រជាធិបតេយ្យ​ គឺសេរីភាព​។ ​គឺមានតែ​ Polity ទេ​ ដែលចាត់ទុកដូចជាទម្រង់គ្រប់គ្រងរដ្ឋគំរូ​ មានអំណោយផលល្អ ​ហើយរបបនយោបាយគំរូដ៏ល្អ​បង្ខំទៅដោយសារធាតុបីយ៉ាងខាងលើនេះ​។ ហើយអ្វីទៅ​ដែលហៅថា​របបនយោបាយអភិជនាធិបតេយ្យត្រឹមត្រូវពិតប្រាដក ​គឺនៅពេលណា ​មានការដឹកនាំល្អ ​បានបង្រួបបង្រួមប្រយោជន៍​ទាំងអ្នកមាន​ ទាំងអ្នកក្រ​។ ​វណ្ណៈកណ្តាល ​ដែលកំណត់មុខមាត់របស់​ Polity គឺស្ថិតនៅចន្លោះ រវាងអ្នកមាន ​និងអ្នកក្រ​ ហើយថែមទាំងជួយថែរក្សាសង្គមឲ្យមានស្ថេរភាព​ និងគ្មានព្រឹត្តិការណ៍បដិវត្តន៍ ​ដូច្នេះហើយ របបនេះ​ គឺជារបបដ៏ល្អ​ រក្សាមិនឲ្យមានចលាចល ​អស្ថេរភាព ​ដែលអារីស្តូត​បានចាត់ទុកថា ​ជាទម្រង់គ្រប់គ្រងរដ្ឋគំរូ​ ត្រឹមត្រូវសម្រាប់ជម្រើសរបស់អ្នកដឹកនាំ​។

អារីស្តូត​មាន​ភាព​ល្បីល្បាញ​មិនមែន​តែ​​អំពី​ទស្សនវិជ្ជា​​​នយោបាយ​របស់​លោក​នោះទេ ក៏ប៉ុន្តែ រឹតតែ​ល្បីល្បាញ​ជាងនេះទៅទៀត គឺអំពី​​ទ្រឹស្តី​វិទ្យាសាស្រ្ត។

យោងតាម​អារីស្តូត និយមន័យ​ទូលាយ​នៃ​ទស្សនវិជ្ជា គឺ​ការ​ស្រឡាញ់ និង​ការ​ស្វែងរក​ចំណេះដឹង​គ្រប់សព្វបែបយ៉ាងទាំងអស់ ទាំង​ចំណេះដឹងខាង​សង្គម សីលធម៌ នយោបាយ និងវិទ្យាសាស្រ្ត (គឺ​ការ​សិក្សា​ទៅលើ​ធម្មជាតិ)។ ហេតុដូច្នេះហើយ​បានជាទស្សនវិជ្ជា​របស់​អារីស្តូត​មិនផ្តោត​ជា​ចម្បងតែ​ទៅលើ​​ការ​ត្រិះរិះ​ពិចារណា​ពី​ទស្សនទាន​អរូបិយនោះទេ។ ផ្ទុយ​ទៅវិញ អារីស្តូត​បាន​ចំណាយពេល​ជាច្រើន​ សិក្សា​ទៅលើ​ផ្នែក​វិទ្យាសាស្រ្ត។

ជាការពិតណាស់​ថា “វិទ្យាសាស្រ្ត” នៅ​ក្នុង​សម័យកាល​អារីស្តូតនោះ មិនមាន​លក្ខណៈ​វិទ្យាសាស្រ្ត​ដូចជា​នៅ​ក្នុង​សម័យកាល​បច្ចុប្បន្ន​នេះទេ ហើយ​ជាទូទៅ គេតែងតែចាត់​បញ្ចូល​ “វិទ្យាសាស្រ្ត” របស់​អារីស្តូត​ទៅ​ក្នុង​ផ្នែក​​ទស្សនវិជ្ជាមួយដែរ គឺ “ទស្សនវិជ្ជានៃធម្មជាតិ”។ ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះ​ក៏ដោយ ជាទូទៅ គេនៅតែ​ចាត់ទុក​អារីស្តូត​ថា​ជា “អ្នកវិទ្យាសាស្រ្ត​ដំបូងគេបង្អស់” នៅ​ក្នុង​ប្រវត្តិសាស្រ្ត។

នៅ​ក្នុង​ការ​សិក្សា​ទៅលើ​វិទ្យាសាស្រ្ត អារីស្តូត​បាន​បង្កើតឡើង​នូវ​វិធីសាស្រ្ត​ដ៏ថ្មីស្រឡាងមួយ ហើយ​ដែល​គេចាត់ទុក​ថា​ជា​ស្នាដៃ​ដ៏ចម្បងមួយ​របស់​អារីស្តូត គឺ​ តក្កវិទ្យា (Logique)។

“មនុស្សគ្រប់រូប​សុទ្ធតែ​ត្រូវ​ស្លាប់។

“សូក្រាត​គឺ​ជា​មនុស្ស។

“ដូច្នេះ សូក្រាត​គឺ​ត្រូវស្លាប់។

នេះ​គឺ​ជា​ពំនោល​ដែល​គេ​តែងតែ​ធ្លាប់​ឮ​ជា​ញឹកញយ ហើយ​​ពំនោល​នេះ ថ្វីដ្បិត​តែ​និយាយ​ពី​ឈ្មោះ​សូក្រាត តែ​តាមការពិត វា​គឺ​ជា​គោលការណ៍​តក្កវិទ្យា​ ដែល​បង្កើតឡើង​ដោយ​អារីស្តូត ដើម្បី​ទុក​ប្រើ​ជា​វិធីសាស្រ្ត​ក្នុងការ​សិក្សា ស៊ើបអង្កេត​ ទាំង​នៅ​ក្នុង​ផ្នែក​ទស្សនវិជ្ជា ក៏ដូចជា​វិទ្យាសាស្រ្ត។

តាមការពិត ឥទ្ធិពល​ខ្លាំងជាងគេ​នៃ​គោលគំនិត​របស់​អារីស្តូត ដែល​បាន​រីកសាយភាយ និង​អូសបន្លាយពេល​​រហូតដល់​ទៅ​​រាប់ពាន់ឆ្នាំ​ក្រោយ​មក​ទៀត​នោះ គឺ​ទ្រឹស្តី​ទាក់ទង​នឹង​វិទ្យាសាស្រ្ត​នេះឯង។ នៅ​ក្នុង​ការ​សិក្សា​ខាង​ផ្នែក​វិទ្យាសាស្រ្ត​នេះ អារីស្តូត​បាន​ប្រើ​តក្កវិទ្យា​ធ្វើ​ជា​មូលដ្ឋាន ដើម្បី​ធ្វើការ​ត្រិះរិះពិចារណា ​ទាញហេតុ​​និង​ផល ចេញ​ពី​ការ​សង្កេត​ទៅលើ​ធម្មជាតិ ហើយ​ឈាន​ទៅ​ធ្វើ​សេចក្តីសន្និដ្ឋាន​បង្កើត​ជា​ទ្រឹស្តី។ ក៏ប៉ុន្តែ ទ្រឹស្តី​វិទ្យាសាស្រ្ត​អស់ទាំងនេះ មិន​ត្រូវ​បាន​ឆ្លងកាត់​ការ​ផ្ទៀងផ្ទាត់​ដោយ​ការ​ធ្វើ​ពិសោធន៍​នោះទេ។ ហេតុដូច្នេះហើយ​​បាន​ជា​​រហូតមកទល់​នឹង​ពេលបច្ចុប្បន្ន​នេះ គេដឹង​ថា ទ្រឹស្តី​វិទ្យាសាស្រ្ត​​មួយ​ចំនួន​​របស់​អារីស្តូត​ជា​ទ្រឹស្តី​ខុសឆ្គង​ទាំងស្រុង។

អារីស្តូត​លើកឡើង​ថា គ្រប់អ្វីៗ​ទាំងអស់​ដែល​គេ​មើលឃើញ​នៅ​ក្នុង​ធម្មជាតិ​​សុទ្ធតែ​ផ្សំឡើង​ដោយ​សារធាតុ​ដើមតែ ៤ប៉ុណ្ណោះ គឺ​ ទឹក ដី ភ្លើង និង​ខ្យល់។ បូក​នឹង​សារធាតុដើម​ទី៥ ដែល​ជា​ធាតុផ្សំ​នៃ​អ្វីៗ​ដែល​នៅលើ​មេឃ ឬ​នៅស្ថានសួគ៌។ ក៏ប៉ុន្តែ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ការសិក្សា​​ស្រាវជ្រាវ តាមរយៈ​ការ​ធ្វើ​ពិសោធន៍ និង​ការ​សង្កេត​ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើបៗ​បង្ហាញ​ថា ទឹក ដី ភ្លើង និង​ខ្យល់ មិនមែន​ជា​សារធាតុដើម​នោះទេ។ ផ្ទុយ​ទៅវិញ ទាំងទឹក ដី ភ្លើង និង​ខ្យល់ ព្រមទាំង​អ្វីៗ​ផ្សេងទៀត​នៅ​ក្នុង​ចក្រវាល​យើងនេះ​សុទ្ធតែ​ផ្សំឡើង​ដោយ​សារធាតុ​ផ្សេង ដែល​រួមមាន​ដូចជា អ៊ីដ្រូសែន អុកស៊ីសែន កាបោន ព្រមទាំង​សារធាតុ​ដើម​​ផ្សេងទៀត ដែល​មាន​ចំនួន​ដល់​ទៅ​រាប់រយឯណោះ។

ទាក់ទង​នឹង​ផ្នែក​តារាសាស្រ្ត និង​ការ​សិក្សា​ពី​លោកធាតុ (Cosmologie) អារីស្តូត​អះអាង​ថា ផែនដី​មាន​រាង​ជា​ស៊្វែរ ដែល​ផ្ទុយ​ពី​ការ​យល់ឃើញ​​របស់​មនុស្ស​ទូទៅ​នៅពេលនោះ​ដែល​ថា​ផែនដី​មាន​រាង​សំប៉ែត ក៏ប៉ុ​ន្តែ អារីស្តូត​យល់ថា ផែនដី​ គឺ​ជា​ចំណុច​កណ្តាល​នៃ​ចក្រវាល ពោលគឺ ផែនដី​ស្ថិត​នៅ​ស្ងៀម​មួយ​កន្លែង ចំណែក​ឯ​ព្រះអាទិត្យ ព្រះចន្ទ ព្រមទាំង​ផ្កាយទាំងអស់​ដែល​នៅលើ​មេឃ​សុទ្ធតែ​ធ្វើ​ដំណើរ​វិល​ជុំវិញ​ភពផែនដី។

ម្យ៉ាងទៀត អារីស្តូត​បាន​កំណត់ថា គ្រប់​វត្ថុទាំងអស់​សុទ្ធតែ​មាន​ចលនា​សំដៅ​ទៅរក​ចំណុចកណ្តាល​នៃ​ចក្រវាល ហើយដោយសារតែ​ផែនដី​គឺ​ជា​ចំណុចកណ្តាល​នៃ​ចក្រវាល ដូច្នេះ​ហើយ​បាន​ជា​គ្រប់វត្ថុ​ទាំងអស់​ត្រូវ​ធ្លាក់​មក​លើ​ដី ហើយ​វត្ថុ​ដែល​មា​នទម្ងន់​​កាន់តែ​ធ្ងន់​ធ្លាក់​ចុះ​កាន់តែ​លឿន។

ក្រោយ​មក​ ទ្រឹស្តី​អស់ទាំងនេះ​របស់​អារីស្តូត​ត្រូវ​បាន​ច្រានចោល​ដោយ​អ្នក​វិទ្យាសាស្រ្តសម័យទំនើប ដោយ​ចាប់ផ្តើម​ចេញ​ពី​ នីកូឡា កូពែនិក ដែល​លើកឡើង​ថា ភពផែនដី​មិនមែន​ជា​ចំណុចកណ្តាល​នៃ​ចក្រវាល។ កាលីឡេ​បង្កើត​នូវ​ទ្រឹស្តី​ដែល​លើកឡើង​ថា រា​ល់​វត្ថុ​ទាំងអស់ មិនថា​ធ្ងន់​ឬ​ស្រាល សុទ្ធតែ​ធ្លាក់​ចុះ​ក្នុង​ល្បឿន​ស្មើគ្នា។ ទ្រឹស្តី​ដែល​ត្រូវ​បាន​គេ​បញ្ជាក់​តាម​រយៈ​ការ​ធ្វើ​ពិសោធន៍​ជាក់ស្តែង នៅលើ​ដី​ព្រះចន្ទ នៅ​ឆ្នាំ១៩៧១។ ចំណែក​ឯ​អ៊ីសាក់​ញូតុន​បាន​បង្កើត​នូវ​ទ្រឹស្តី​ដែល​ព​ន្យល់ថា វត្ថុ​ធ្លាក់​ចុះ​មក​លើ​ដី គឺ​ដោយសារ​តែ​កម្លាំង​ទំនាញ ហើយ​កម្លាំង​ទំនាញ​នេះ​ក៏​មិនមែន​មានតែ​នៅលើ​ផែនដី​នោះដែរ តែ​មាន​នៅ​គ្រប់ទីកន្លែង​ទាំងអស់​នៅ​ក្នុង​ចក្រវាលទាំងមូល ដែល​គេហៅ​ថា “កម្លាំងទំនាញសកល”។

ក៏ប៉ុន្តែ បើទោះបីជា​មាន​ការ​ខុសឆ្គង​ច្រើន​បែបនេះ​ក៏ដោយ ក៏​ទ្រឹស្តី​វិទ្យាសាស្រ្ត​របស់​អារីស្តូត​ត្រូវ​បាន​គេ​យក​មក​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​សិក្សា និង​មាន​ឥទ្ធិពល​ចាក់ឫស​នៅ​ក្នុង​សង្គម​​អស់រយៈពេល​រហូត​ទៅដល់​រាប់ពាន់​ឆ្នាំ ហើយ​នេះ​មិនមែន​ជា​កំហុស​របស់​អារីស្តូត​នោះទេ។

តាមការពិត តាមការ​សង្កេតមើល​ជាទូទៅ ទ្រឹស្តី​វិទ្យាសាស្រ្ត មិនថា​របស់​អារីស្តូត ឬ​របស់​អ្ន​កប្រាជ្ញ​ខាង​វិទ្យាសាស្រ្ត​ល្បីៗ​ណាមួយ​ផ្សេងទៀត​ក៏ដោយ មិនមាន​ទ្រឹស្តីណាមួយ​ដែល​ត្រឹមត្រូវ​ឥតខ្ចោះនោះទេ។ មាន​ទ្រឹស្តី​វិទ្យាសាស្រ្ត​ជាច្រើន​ដែល​ពីដំបូង​គេ​គិតថា​ត្រឹមត្រូវ តែ​ក្រោយ​មក​ត្រូវ​គេ​រកឃើញ​ថា​ជា​ទ្រឹស្តី​ខុសឆ្គង ឬ​មិនពេញលេញ ហើយ​ត្រូវគេ​ច្រានចោល ឬ​ធ្វើការកែលម្អ​ឲ្យ​កាន់តែ​សុក្រឹតឡើង​ពី​ជំនាន់មួយ​ទៅ​ជំនាន់មួយ។ ទាំងនេះ​គឺ​ជា​រឿង​ធម្មតា ហើយ​វា​ជា​ផ្នែកមួយ​នៃ​ដំណើរវិវឌ្ឍ​កាន់តែ​ប្រសើរឡើង​នៃ​ចំណេះដឹង​របស់​មនុស្សជាតិ។

ចំពោះ​ករណី​អារីស្តូតវិញ ទ្រឹស្តី​វិទ្យាសាស្រ្ត​របស់​អារីស្តូត​ (រួមទាំង​ទ្រឹស្តី​ខុសឆ្គង​ជាច្រើន​ផងនោះ) បាន​ជះ​ឥទ្ធិពល​យូរអង្វែង​ដោយ​គ្មាន​អ្នក​ប្រឆាំង ឬ​កែលម្អ ​ដោយសារ​តែ​ហេតុផល​ដ៏ចម្បងមួយ គឺ​អារីស្តូត​មាន​ទ្រឹស្តី​ស្រប​នឹង​គោលជំនឿ​របស់​​​វិហារ​កាតូលិក ដែល​ជា​ស្ថាប័ន​ដ៏​មាន​អំណាច​បំផុត​នៅ​​ចាប់តាំងពី​សម័យកាល​ចក្រភព​រ៉ូម និង​​នៅ​ក្នុង​សម័យកាល​ក្រោយៗ​មកទៀត។

ហេតុដូច្នេះហើយ​បាន​ជា បណ្តា​ជន​ទូទៅ​នៅ​តាម​បណ្តា​ប្រទេស​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល និង​ក្រោម​អំណាច​វិហារ​កាតូលិក តែងតែ​នាំគ្នា​ជឿ​ទាំងស្រុង​ទៅលើ​ទ្រឹស្តី​របស់​អារីស្តូត ហើយ​បើទោះជា​អ្នក​ដែល​មិនយល់ស្រប​តាម​អារីស្តូត​ក៏​ភាគច្រើន​មិនហ៊ា​ន​បង្ហាញ​នូវ​ទស្សនៈ​របស់​ពួកគេ​ជា​សាធារណៈ​នោះដែរ ពីព្រោះ​ថា​ ការ​បញ្ចេញ​​ទស្សនៈ​ផ្ទុយ​ពី​ទ្រឹស្តី​របស់​អារីស្តូត គឺ​មានន័យ​ស្មើ​នឹង​ការ​ប្រឆាំង​ទៅនឹង​សេចក្តីបង្រៀន​របស់​វិហារ​កាតូលិក ហើយ​អាច​នឹង​ត្រូវ​ជាប់ទោស​ពីបទ​ប្រមាថ​សាសនា។

ទ្រឹស្តី​វិទ្យាសាស្រ្ត​របស់​អារីស្តូត​​ក៏​បាន​ចាក់គ្រឹះ​​យ៉ាងយូរអង្វែង​អស់រយៈពេល​រហូតដល់​ទៅ​ប្រមាណ​ជា ២ពាន់​ឆ្នាំ គឺ​រហូត​ដល់​សតវត្សរ៍​ទី១៧​គ.ស ទើប​ចាប់ផ្តើម​មាន​ការកែប្រែ ដែល​គេហៅ​ថា​ជា “បដិវត្តន៍​នៃ​វិទ្យាសាស្រ្ត” ជាពិសេស គឺ​តាមរយៈ​ទ្រឹស្តី​​វិទ្យាសាស្រ្ត​សម័យទំនើប​របស់​កាលីឡេ។

 

No comments:

Post a Comment